ពិធីសម្ពោធស្តូបមិត្តភាពកម្ពុជា-វៀតណាមនៅខេត្តព្រះសីហនុ

(AKP) ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ –ឯកឧត្តម ង្វៀន ហ៊្វូជុង (Nguyen Phu Trong) អគ្គលេខាធិការគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្តវៀតណាម អញ្ជើញចូលរួមក្នុងពិធីសម្ពោធស្តូប មិត្តភាពកម្ពុជា វៀតណាមនៅខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ នៅភូមិ៣ សង្កាត់លេខ៣ ក្រុង ខេត្តព្រះសីហនុ។

ពិធីសម្ពោធស្តូបមិត្តភាពកម្ពុជា-វៀតណាមនៅខេត្តព្រះសីហនុ មានការអញ្ជើញចូលរួមពីសម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច អភិបាល អភិបាលរងខេត្ត ក្រុង ស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្ស និស្សិត និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុបានឱ្យដឹងថា ស្តូបមិត្តភាពកម្ពុជា-វៀតណាមទទួលរងការខូច ខាត ដោយកន្លែង រដ្ឋបាលខេត្តបានធ្វើការជួសជុល កែលម្អលើកកម្ពស់សោភណភាពជាថ្មីឡើងវិញតាម លក្ខណៈបច្ចេកទេសដូចខាងក្រោម តំណាក់កាលទី១ រៀបចំសួនច្បារ និងចាក់ដី កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦ លើផ្ទៃក្រឡា ២,៨៥៥ម៉ែត្រការ៉េ ចំណាយថវិកា ៣៩៨,៩២៤ដុល្លារអាម៉េរិក តំណាក់កាលទី២ លុបរណ្តៅ ចាក់ផ្លូវ ធ្វើភាជន៍ទឹក និងរៀបចំសួនច្បារ ចាប់ផ្តើមកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ លើផ្ទៃក្រឡា ៣,៩១១ម៉ែត្រការ៉េ ចំណាយថវិកា ២៧១,៣៤៨ ដុល្លារអាម៉េរិក ដែលបានដាក់សម្ពោធជាផ្លូវការនៅព្រឹកនេះ ។

ឯកឧត្តម ង្វៀន ហ៊្វូជុង អគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយ និស្តវៀតណាម មានប្រសាសន៍ថា ខេត្តព្រះសីហនុ ជាទីក្រុងកំពង់ផែដ៏ស្រស់ បំព្រងមានការអភិវឌ្ឍខ្លាំងក្លា ។ ការសម្ពោធស្តូបមិត្តភាព វៀតណាម-កម្ពុជា ជាផ្លូវការក្នុងចំណោមសំណង់ប្រវត្តិសាស្រ វប្បធម៌ ដែលជានិមិត្តរូបដ៏ពិសិដ្ឋនៃចំណង សាមគ្គីភាពវៀណាម កម្ពុជាលើទឹកដីអង្គរដ៏រុងរឿង។ សមិទ្ធផលដ៏មហិមាមានអន្ថន័យ ជាប្រវត្តិសាស្រ្ត រវាងប្រទេសទាំងពីរ ដែលឆ្លងកាត់សង្គ្រាមអស់ច្រើនទសវត្សរ៍មកហើយ។

ឯកឧត្តម ង្វៀន ហ៊្វូជុង បានបន្តថា ក្រោមការគ្រប់គ្រងរាជសម្បត្តិប្រកប ដោយសុភវិនិច្ឆ័យរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងក្រោមការដឹកនាំរបស់ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល កម្ពុជា បានជន្នះពុះពាររាល់ការលំបាក ទទួលបានសមិទ្ធផលថ្មីៗ ជាច្រើនលើមាគារកសាងប្រទេសកម្ពុជា  មាន សន្តិភាព ឯករាជ្យ ប្រជាធិបតេយ្យ និងវឌ្ឍនភាព។ វៀតណាម និងកម្ពុជា មានភ្នំជាប់គ្នា ទន្លេតភ្ជាប់ទន្លេ ហើយប្រជាជនប្រើប្រាស់ទឹកទន្លេមេគង្គជាមួយគ្នា ម្យ៉ាងវិញទៀត ការស្និទ្ធស្នាលខាងភូមិសាស្ត្រ ធ្វើឱ្យ ប្រជាជនប្រទេសទាំងពីរមានការយល់ដឹង ចែករំលែក ដើម្បីបង្កើនទំនាក់ទំនងក្នុងស្ថានភាពថ្មី។

ពិធីសម្ពោធស្តូបមិត្តភាពកម្ពុជា-វៀតណាម នៅតំបន់ពិសិដ្ឋដែលមាន ព្រះកិត្តិនាមព្រះករុណា ព្រះបរមរតន កោដ្ឋ  គឺជាការដឹងគុណរបស់បក្ស រដ្ឋ ប្រជាជន និងកងទ័ពនៃប្រទេសទាំងពីរចំពោះបណ្តាវីរបុរសដែល បានពលីជីវិត កងទ័ពស្ម័គ្រចិត្តវៀតណាម និងកម្មាភិបាល យុទ្ធជន កងយោធពលខេមរភូមិន្ទ ដែលពលីជីវិត ដើម្បីឯករាជ្យ សេរីភាព របស់ប្រទេសជាតិ និងសុភមង្គលរបស់ប្រជាជន ។ ប្រទេសទាំងពីរបង្កើតទំនាក់ ទំនងការទូតនៅឆ្នាំ(២៤ -៦-១៩៦៧) ឆ្លងកាត់ការប្រឈមជាច្រើននិងសម្រេចបាននូវសមិទ្ធផលលើគ្រប់ វិស័យយ៉ាងធំធេង។ ចំណងសាមគ្គីភាព មិត្តភាព ប្រពៃណី និងសហប្រតិបត្តិការលើគ្រប់វិស័យរវាងកម្ពុជា និងវៀតណាម គឺជាកត្តាមួយបង្កើតឡើងកម្លាំងខ្លាំងក្លាររបស់ប្រទេសទាំងពីរ ជាការធានារឹងមាំជូនកូន ចៅជំនាន់ក្រោយប្រកបដោយសុខដុមរមនា និង សុភមង្គល។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា មានប្រសាសន៍ថា ដោយមើលឃើញស្តូបមិត្តភាព កម្ពុជា-វៀតណាម នៅតាមបណ្តាខេត្តមួយចំនួន មានភាពទ្រុឌទ្រោម និងបាត់បង់ទ្រង់ទ្រាយដើម ទើបតម្រូវ  ឱ្យ មានការកសាង និងជួសជុលកែលម្អឡើងវិញ។ ដោយអនុវត្តន៍តាមស្មារតីនៃជំនួបរវាង សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន បានប្រគល់ភារកិច្ចជូនក្រុម ប្រឹក្សាជាតិរណសិរ្យសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា តំណាងភាគីកម្ពុជា សហការជាមួយក្រសួង ការពារជាតិនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ធ្វើ ការសិក្សា ត្រួតពិនិត្យវាយតម្លៃពីស្ថានភាពជាក់ស្តែង និងលើកគម្រោងសាងសង់ ជួសជុលកែលម្អ និងលើក សោភណភាពស្តូបមិត្តភាពកម្ពុជា-វៀតណាម នៅលើទឹក ដីកម្ពុជា។ តាមទិន្នន័យចាក់ស្តែង នៅព្រះរាជា ណាចក្រកម្ពុជា មានស្តូបមិត្តភាពកម្ពុជា វៀតណាមចំនួន១៧ នៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ចំនួន១៦។ គិតមកដល់ពេលនេះ យើងបានសាងសង់ជួសជុលឡើងវិញបានចំនួន ១២ស្តូប និងដាក់សម្ពោធ ឱ្យប្រើប្រាស់បានចំនួន ៦ស្តូប រួចហើយ។ ដោយឡែកថ្ងៃនេះ យើងកំពុងរៀបចំសម្ពោធដាក់ឱ្យប្រើប្រាស់ ស្តូបកម្ពុជា-វៀតណាមនៅខេត្តព្រះសីហនុ ជាស្តូបទី៧ ហើយនៅថ្ងៃ២៧ ខែកក្កដា ឆ្នាំ២០១៧ខាងមុខ យើងបន្តសម្ពោធស្តូបមិត្តភាពកម្ពុជា-វៀតណាមទី៨ នៅខេត្តបាត់ដំបងបន្តទៀត។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានបន្តទៀតថា កម្ពុជាមានទំនាក់ទំនង សាមគ្គីភាព មិត្តភាព កិច្ចសហ- ប្រតិបត្តិការរវាងកម្ពុជា- វៀតណាម មានរយៈពេលជាយូរ មកហើយ ជារៀងរាល់ឆ្នាំ យើងតែងតែមានការ ផ្លាស់ប្តូរគណៈប្រតិភូរវាងគ្នា នឹងគ្នា ព្រមទាំងមានសារលិខិតជូនពររបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក្នុងឱកាសពិធី បុណ្យជាតិ និងពិធីបុណ្យប្រពៃណីផ្សេងៗរបស់ប្រទេសទាំងពីរផងដែរ ។ ទំនាក់ទំនងបានរីក ធំធាត់ជាប្រចាំ ជាពិសេសនៅក្នុងដំណាក់កាលដែល ប្រទេសជាតិមានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ បានធ្វើឱ្យទំនាក់ទំនងទ្វេភាគីបានស្តែងចេញជាផ្លែផ្កាលើគ្រប់វិស័យ ពីវិស័យនយោបាយ រហូតដល់វិស័យ សេដ្ឋកិច្ច សង្គមកិច្ច ទេសចរណ៍ វប្បធម៌ និងវិទ្យាសាស្ត្រជាដើម។ ទន្ទឹមនោះទំនាក់ទំនងពាណិជ្ជកម្មរវាង ប្រទេសទាំងពីរកាន់តែមានការកើនឡើងជាលំដាប់ ចំពោះបញ្ហាព្រំដែនមានការរីកចម្រើនយ៉ាងខ្លាំងពិសេស ព្រំដែនគោកត្រូវបាន ដោះស្រាយស្ទើរតែចប់ទាំងស្រុង កត្តាទាំងនេះ បានផ្តល់នូវបរិស្ថានគ្របដណ្តប់ ដ៏ប្រសើរសម្រាប់ការពារសន្តិភាព ស្ថិរភាព ការបង្កើនល្បឿនអភិវឌ្ឍន៍សេដ្ឋកិច្ច លើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន នៃប្រទេសទាំងពីរកម្ពុជា-វៀតណាម៕

ដោយ ងូ សុមុនី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...