សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី អញ្ជើញទទួលជួបឯកឧត្តមប្រធានរដ្ឋសភាថៃ

នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ១០:០០ នាទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលឯកឧត្តម វ៉ាន់មូហាម៉ាត់ណ មៈថា (Wan Muhamad Noor Matha) ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រថៃ ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា ក្នុងឱកាសដែលឯកឧត្តមដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។

សម្តេចប្រមុខរដ្ឋស្តីទីបានចាត់ទុកដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ នៅកម្ពុជានាឱកាសនេះ ពិតជាបានរួមចំណែកថែរក្សាពូនជ្រំចំណង មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជាប្រពៃណីដ៏ល្អដែលមានស្រាប់រវាងប្រជាជន និងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ នាំមកនូវផលប្រយោជន៍ដ៏ធំធេងទៅវិញទៅមក ទាំងពេលបច្ចុប្បន្ន និងពេលអនាគត។

ក្នុងឱកាសនោះ ឯកឧត្តម វ៉ាន់មូហាម៉ាត់ណ មៈថា បានកត់សម្គាល់ឃើញថា ការវិនិយោគទុនរវាងប្រទេសទាំងពីរមានការកើនឡើងជាលំដាប់ ព្រមទាំងមានទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរឡើងលើគ្រប់វិស័យ។ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនរបស់ប្រទេសកម្ពុជា ចាប់តាំងពីពេលមុន និងក្រោយវិបត្តិកូវីដ-១៩ ធ្វើឱ្យប្រទេសកម្ពុជាមានការរីកចម្រើនជាខ្លាំងខុសពីមុនប្រៀបដូចមេឃនិងដី។

ឯកឧត្ដមប្រធានរដ្ឋសភាថៃ បានគូសបញ្ចាក់ថា សភានៃប្រទេសទាំងពីរ មានក្រុមមិត្តភាព និងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរជាមួយគ្នា និងសូមឱ្យទំនាក់ទំនងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ បន្តពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការគ្នាឱ្យកាន់តែសកម្មថែមទៀត ដើម្បីបុព្វហេតុរួមនៃប្រទេស និងប្រជាជនទាំងពីរ។

ឯកឧត្ដមប្រធានរដ្ឋសភាថៃបានចាត់ទុកប្រទេសថៃ និងប្រទេសកម្ពុជា គឺជាបងប្អូន ជាអ្នកជិតខាងល្អ ជាមិត្តល្អ ដូចសុភាសិតថៃលើកឡើងថា មានមិត្តល្អម្នាក់នៅជិត ប្រសើរជាងមានមិត្តល្អ១០នាក់នៅឆ្ងាយ។

ក្នុងឱកាសដ៏ល្អប្រពៃនោះ សម្តេចប្រមុខរដ្ឋស្តីទីបានគូសបញ្ជាក់ថា ប្រទេសទាំងពីរមានទំនាក់ទំនងគ្នាល្អជាបន្តបន្ទាប់ និងបានដំឡើងកម្រិតទៅជា “ភាពជាដៃគូយុទ្ធសាស្រ្ត” ដើម្បីបម្រើផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនទាំងពីរ។ ប្រទេសទាំងពីរប្រកាន់របបនយោបាយរាជានិយម មានព្រះមហាក្សត្រគ្រងព្រះបរមសិរីរាជ្យសម្បត្តិ មានប្រពៃណី វប្បធម៌ មានព្រំដែនជាប់គ្នា និងប្រើប្រាស់ប្រភពទឹកទន្លេមេគង្គដូចគ្នា។ ភាពដូចគ្នាទាំងនេះ ធ្វើឱ្យប្រជាជនទាំងពីរ មានមនោសញ្ចេតនាស្រឡាញ់រាប់អានគ្នាដ៏ជ្រាលជ្រៅ។

សម្តេចប្រមុខរដ្ឋស្តីទីបានគូសបញ្ជាក់ថា ឆ្នាំ២០២៥ ខាងមុខនេះ គឺជាខួប ៧៥ឆ្នាំ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតកម្ពុជា-ថៃ។ សម្តេចបានអបអរសាទរចំពោះនាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរ បានឯកភាពគ្នាបង្កើតកម្មវិធីរួមគ្នាជាច្រើនដើម្បីអបអរសាទរខួបអនុស្សាវរីយ៍នៃប្រទេសទាំងពីរ។ ជាមួយគ្នានោះ សម្តេចបានប្រសិទ្ធពរជូនរដ្ឋាភិបាលថៃ ទទួលបានជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំ កីឡាស៊ីហ្គេម លើកទី៣៣ នៅឆ្នាំ២០២៥។

សម្តេចប្រមុខរដ្ឋស្តីទីបានថ្លែងនូវអំណរព្រះគុណដ៏ជ្រាលជ្រៅចំពោះព្រះរាជហឫទ័យ ដ៏ទូលំទូលាយ របស់ព្រះអង្គម្ចាស់ក្សត្រីមហាចក្រី សិរិនថន ដែលបានជួយបង្កើតវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល និងវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ និងបានផ្តល់អាហារូបករណ៍ជាបន្តបន្ទាប់ដល់និស្សិតកម្ពុជា ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ប្រមាណជាង៣ពាន់នាក់។

សម្តេចប្រមុខរដ្ឋស្តីទីបានអបអរសារចំពោះរដ្ឋាភិបាលទាំងពីរ និងគាំទ្រគំនិតផ្តួចផ្តើម “ព្រះរាជាណាចក្រពីរ គោលដៅតែមួយ” ហើយខិតខំជំរុញឱ្យអាជ្ញាធរខេត្តនៃប្រទេសទាំងពីរ បន្តសម្រួលការធ្វើដំណើរឆ្លងដែនរវាងប្រទេសទាំងពីរ និងអ្នកទេសចរមកពីប្រទេសទី៣ ហើយលើកកម្ពស់ទេសចរណ៍ តាមផ្លូវសមុទ្ររវាងប្រទេសទាំងពីរ។ សម្តេចបានវាយតម្លៃខ្ពស់ និងគាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់នាយករដ្ឋមន្រ្តីថៃ “ប្រទេស៥ គោលដៅតែមួយ” រួមមាន៖ ប្រទេសថៃ កម្ពុជា ឡាវ វៀតណាម និងម៉ាឡេស៊ី ដើម្បីលើកកម្ពស់ទេសចរណ៍ និងការតភ្ជាប់ប្រជាជននិងប្រជាជន ។

សម្តេចប្រមុខរដ្ឋស្តីទីបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ដែលបានយកចិត្តទុកដាក់ជួយសម្រួលបែបបទដល់ពលករកម្ពុជាដែលកំពុងរស់នៅ និងធ្វើការក្នុងប្រទេសថៃ តាមរយៈការបញ្ចុះតម្លៃទិដ្ឋាការពលករ និងថ្លៃបន្តទិដ្ឋាការសម្រាប់ពលករ ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៧ និងជួយបណ្តុះបណ្តាលភាសាថៃ បណ្តុះបណ្តាលវិជ្ជាជីវៈដល់ពលករកម្ពុជា។ សម្តេចមានជំនឿជាក់ថា ឯកឧត្តម ក៏ដូចជារាជរដ្ឋាភិបាលថៃនឹងបន្តជួយយកចិត្តទុកដាក់ ចំពោះពលករកម្ពុជាដែលកំពុងរស់នៅ និងបំពេញការងារនៅប្រទេសថៃ។ ការយកចិត្តទុកដាក់ លើបញ្ហាពលករកម្ពុជា គឺជានយោបាយ ឈ្នះ ឈ្នះ សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រទេសទាំងពីរ។

សម្តេចប្រមុខរដ្ឋស្តីទីបានសម្តែងនូវការពេញចិត្តចំពោះការរីកចម្រើន នៃកិច្ចសហប្រតិបត្តិការផ្នែកនីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ ដែលឆ្លុះបញ្ចាំងតាមរយៈទស្សនកិច្ច ក៏ដូចជាកិច្ចសហប្រតិបត្តិការអន្តរជាតិ ដូចជា សហភាពអន្តរសភា IPU, AIPA, វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក, ភាពជាដៃគូសភាអាស៊ី-អឺរ៉ុប (ASEP)។

ប្រភព៖ នាយកដ្ឋានព័ត៌មាន

      

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន
beylikdüzü escort escort beylikdüzü beylikdüzü escort