ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦

ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបន្តធ្វើបច្ចុប្បន្នភាពជូនជនរួមជាតិជ្រាបអំពីស្ថានការណ៍វិវត្តន៍ពាក់ព័ន្ធបញ្ហាព្រំដែនកម្ពុជា-ថៃ ដែលមានដូចតទៅ៖
ទី១. គណៈកម្មការផ្សះផ្សាដែលត្រូវបានបង្កើតឡើងក្រោមឧបសម្ព័ន្ធទី៥ នៃអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រ នឹងរៀបចំកិច្ចប្រជុំលើកទី៣ ជាមួយកម្ពុជានិងថៃ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី២៤ ដល់ ២៧ ខែវិច្ឆិកា ឆ្នាំ២០២៦។ នេះជាការប្រកាសឱ្យដឹងពីតុលាការមជ្ឈការអចិន្ត្រៃយ៍កាលពីថ្ងៃទី១៨ វិច្ឆិកា។ កិច្ចប្រជុំនេះ គឺជាជំហានវិជ្ជមានមួយទៀត នៅក្នុងដំណើរការដោយសន្តិវិធីដែលផ្ដួចផ្ដើមឡើងដោយកម្ពុជា ដើម្បីដោះស្រាយវិវាទលើដែនសមុទ្ររវាងប្រទេសទាំងពីរ។ ផ្អែកលើលទ្ធផលនៃកិច្ចប្រជុំលើកមុន គណៈកម្មការនិងភាគីទាំងពីរនឹងបន្តពិភាក្សាអំពីការកំណត់ព្រំដែនសមុទ្រដោយផ្ដោតសំខាន់លើទិដ្ឋភាពបច្ចេកទេស។ កិច្ចប្រជុំនេះក៏និងផ្ដល់ឱកាសក្នុងការស្វែងរកបន្ថែមទៀតនូវចំណុចរួម និងការឯកភាពគ្នា។
គណៈប្រតិភូកម្ពុជានឹងដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ជាតំណាងរាជរដ្ឋាភិបាល, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជាប្រធានក្រុមចរចា និងឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ជាតំណាងរងរបស់រាជរដ្ឋាភិបាល រួមទាំងក្រុមការងារផ្នែកច្បាប់មួយចំនួនទៀត។ តាមរយៈដំណើរការផ្សះផ្សានេះ កម្ពុជាមានគោលបំណងឈានទៅដល់ការចុះសន្ធិសញ្ញាជាមួយប្រទេសថៃ ដើម្បីកំណត់ព្រំដែនសមុទ្រតែមួយរវាងរដ្ឋទាំងពីរ ឬឈានទៅដល់កិច្ចព្រមព្រៀងស្ដីពីការអភិវឌ្ឍរួម និងការបែងចែកធនធាន ដោយសមធម៌ ក្នុងអំឡុងពេលរង់ចាំការព្រមព្រៀងជាស្ថាពរលើព្រំដែនសមុទ្រ។
ក្នុងករណីដែលជម្រើសទាំងនេះមិនអាចសម្រេចបាន កម្ពុជានឹងស្នើសុំឱ្យគណៈកម្មការរៀបចំអនុសាសន៍ដែលអាចប្រើប្រាស់ជាមូលដ្ឋានសម្រាប់ការចរចានៅពេលអនាគត ដោយអនុលោមតាមកាតព្វកិច្ចរបស់ប្រទេសទាំងពីរ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីពី នីតិសមុទ្រ។ កិច្ចប្រជុំខាងមុខនេះ គឺជាលើកទី៣ហើយ បន្ទាប់ពីកិច្ចប្រជុំលើកដំបូងនៅសិង្ហបុរី កាលពីខែកញ្ញា និងកិច្ចប្រជុំលើកទី២ នៅទីក្រុងឡាអេ ប្រទេសហូឡង់កាលពីខែតុលា។
កម្ពុជាសូមបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តយ៉ាងមុតមាំចំពោះវិធានការកសាងទំនុកចិត្ត ដែលបានព្រមព្រៀងគ្នា នៅក្នុងកិច្ចប្រជុំលើកទី២ នៅទីក្រុងឡាអេ ហើយកម្ពុជានឹងចូលរួមក្នុងកិច្ចប្រជុំនៅទីក្រុងគូឡាឡាំពួ ដោយឈរលើស្មារតីសុចរិតភាព កិច្ចសហប្រតិបត្តិការ និងការគោរពគ្នាទៅវិញទៅមក ហើយរំពឹងថា នឹងធ្វើការរួមគ្នាជាមួយគណៈកម្មការនិងភាគីថៃ ដើម្បីឈានទៅរកលទ្ធផលមួយដ៏យុត្តិធម៌ និងស្ថិតស្ថេរយូរអង្វែង។
ទី២. បញ្ហាព្រំដែនកម្ពុជា-ថៃ ក៏ត្រូវបានបន្តលើកឡើងដោយថ្នាក់ដឹកនាំកម្ពុជា ជាមួយដៃគូសន្ទនាបរទេសក្រោមអភិក្រម «ការពារអធិបតេយ្យ បូរណភាពទឹកដី និងប្រជាជនជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល»។ ជាក់ស្ដែង ក្នុងឱកាសអនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិកថ្មីប្រចាំកម្ពុជា Christopher Anderson ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះប្រធានាធិបតី ដូណាល់ ត្រាំ ក៏ដូចជារដ្ឋាភិបាលសហរដ្ឋអាម៉េរិក ដែលបានជួយសម្របសម្រួលឱ្យមានបទឈប់បាញ់រវាងកម្ពុជា-ថៃ ក៏ដូចជាសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ។
លើសពីនេះ ឯកឧត្តមប្រធានាធិបតីនៅតែបន្តយកចិត្តទុកដាក់ចំពោះការកសាងសន្តិភាពរវាងកម្ពុជានិងថៃ ក៏ដូចជាបន្តជំរុញការអនុវត្តនូវកិច្ចព្រមព្រៀងសន្តិភាពនេះ។ សម្តេចធិបតី ក៏បានសម្ដែងការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ កម្ពុជា និងសហរដ្ឋអាម៉េរិក និងបានគូសបញ្ជាក់ពីការបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅថែមទៀត។
សូមបញ្ជាក់ដែរថា ក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដែលទើបតែបិទបញ្ចប់កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ប្រធានាធិបតី ដូណាល់ ត្រាំ បានរម្លឹកឡើងវិញពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ រវាងកម្ពុជា-ថៃ និងជំរុញឱ្យភាគីទាំងពីរគោរពនិងអនុវត្តឱ្យមានប្រសិទ្ធភាព ដែលបញ្ជាក់ពីការបន្តយកចិត្តទុកដាក់ជានិច្ចរបស់លោកប្រធានាធិបតីចំពោះកិច្ចព្រមព្រៀងដ៏សំខាន់នេះ។ សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះប្រធានាធិបតី ដូណាល់ត្រាំ ចំពោះរឿងនេះដែរ។
សម្តេចធិបតី នាយករដ្ឋមន្ត្រី ក្នុងឱកាសអនុញ្ញាតឱ្យអនុប្រធានព្រឹទ្ធសភាម៉ាឡេស៊ី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នៅថ្ងៃទី១៨ វិច្ឆិកា ក៏បានជម្រាបជូនដៃគូសន្ទនាអំពីការវិវត្តថ្មីៗនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងបានសង្កត់ធ្ងន់លើការប្ដេជ្ញាចិត្ត និងជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ។
ការកាន់កាប់ទឹកដីកម្ពុជាមួយចំនួនដោយខុសច្បាប់ពីសំណាក់កងកម្លាំងយោធាថៃ នៅតាមបណ្ដោយព្រំដែន និងជនភៀសសឹកកម្ពុជាប្រមាណជា២ម៉ឺននាក់ ដែលមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញនៅឡើយ គឺជាប្រធានបទដែលត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នៅភ្នំពេញ ក៏ដូចជាកិច្ចប្រជុំកំពូលអាស៊ាន នៅទីក្រុងម៉ានីល កាលពីប៉ុន្មានថ្ងៃមុននេះ។ នេះសបញ្ជាក់ថា អភិក្រម «ការពារអធិបតេយ្យ បូរណភាពទឹកដី និងប្រជាជន គឺជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល» បាននិងកំពុងបន្តធ្វើយ៉ាងសកម្ម រហូតទាល់តែបញ្ហាព្រំដែនកម្ពុជា-ថៃ ត្រូវបានដោះស្រាយតាមមធ្យោបាយសន្តិវិធី តាមយន្តការទ្វេភាគីដែលបានព្រមព្រៀងគ្នា និងស្របតាមច្បាប់អន្តរជាតិ៕
សូមអរគុណ!

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

beylikdüzü escort escort beylikdüzü beylikdüzü escort