នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់ឧបករណ៍វេជ្ជសាស្រ្តសម្រាប់មន្ទីរពេទ្យបង្អែកស្រុកចំនួន ៦១កន្លែង នៅខេត្តកំពង់ចាម។
ថ្លែងក្នុងពិធីនោះ, សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា នៅក្នុងរយៈពេលជិត ៥០ឆ្នាំកន្លងមកនេះ កម្ពុជាសម្រេចបាននូវវឌ្ឍនភាពគួរជាទីមោទន និងឆ្លុះបញ្ចាំងតាមរយៈការពង្រីកបណ្ដាញពេទ្យជាតិ, មន្ទីរពេទ្យបង្អែកខេត្ត, មន្ទីរពេទ្យបង្អែកស្រុក, មណ្ឌលសុខភាព និងប៉ុស្ដិ៍សុខភាព ព្រមទាំងការបង្កើនសមត្ថភាពពិគ្រោះធ្វើរោគវិនិច្ឆ័យ, ការព្យាបាលជាលំដាប់។ សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានបន្តថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានចាត់ទុកសុខភាពប្រជាពលរដ្ឋ ជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍមូលធនមនុស្ស និង ជាការថែទាំសុខភាពសេដ្ឋកិច្ចជាតិ, តាមរយៈ ការពង្រឹងគុណភាព និង ប្រសិទ្ធភាពនៃសេវាសុខាភិបាល, ការពង្រីកលទ្ធភាពទទួលបានសេវាសុខាភិបាលប្រកបដោយសមធម៌, ការពង្រឹងប្រព័ន្ធគាំពារសុខភាពសាធារណៈ, ការលើកកម្ពស់សមត្ថភាពធនធានមនុស្សក្នុងវិស័យសុខាភិបាល និង ការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធ និង បច្ចេកវិទ្យាវេជ្ជសាស្ត្រ ។ ជាក់ស្ដែង, ក្នុរយៈពេល ជាង១ឆ្នាំមកនេះ, រាជរដ្ឋាភិបាលបានទម្លាក់ថវិកាប្រមាណ ៧៨លានដុល្លារ សម្រាប់ជួយជំរុញ និងលើកកម្ពស់សុខភាពប្រជាពលរដ្ឋ ដោយក្នុងនោះ ថវិកា ១៨លានដុល្លារសម្រាប់វិស័យសុខាភិបាលដោយផ្ដោតសំខាន់លើការពង្រឹងសមត្ថភាពមូលដ្ឋាន ពោលគឺមន្ទីរពេទ្យបង្អែកស្រុក និងមណ្ឌលសុខភាព និងថវិកា ប្រមាណ ៦០លានដុល្លារ សម្រាប់ការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋដើម្បីឱ្យប្រជាពលរដ្ឋមានសុខភាពល្អតាមរយៈការប្រើប្រាស់ និងទទួលទានទឹកស្អាត ។
សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលនឹងបន្តកែលម្អប្រព័ន្ធអេកូឡូស៊ីសុខាភិបាលកម្ពុជា, តាមរយៈ ការបន្តពង្រឹងសមត្ថភាពសុខាភិបាលនៅមូលដ្ឋាន, ជាពិសេស មន្ទីរពេទ្យបង្អែកស្រុក និង មណ្ឌលសុខភាព, ដើម្បីធានាថា ប្រជាពលរដ្ឋអាចទទួលបានសេវាសង្គ្រោះ និង ព្យាបាលនៅជិតលំនៅឋាន ប្រកបដោយគុណភាព, ប្រសិទ្ធភាព និង ឆាប់រហ័ស; អនុវត្តអភិក្រម «ពង្រឹងមូលដ្ឋានពីក្រោមឡើងលើ និង ធ្វើពិពិធកម្មសមត្ថភាពពីលើចុះក្រោម», ពោលគឺ ពង្រឹងមូលដ្ឋានសុខាភិបាល ចាប់ពីប៉ុស្តិ៍សុខភាព, មណ្ឌលសុខភាព និង ពេទ្យបង្អែកស្រុក ឡើងមក, ព្រមទំាងធ្វើពិពិធកម្មជំនាញដែលត្រូវការវិនិយោគធំ ដូចជា ពេទ្យមហារីក, ពេទ្យបេះដូង ។ល។ ពីថ្នាក់ជាតិចុះទៅ យើងក៏បន្តពង្រឹងប្រព័ន្ធសង្គ្រោះបន្ទាន់ និង វះកាត់, តាមរយៈ ការបង្កើនសមត្ថភាពសង្គ្រោះបឋម និង វះកាត់បន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុក។
ចំពោះការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី ២០ ដែលកម្ពុជាបានទទួលធ្វើជាម្ចាស់ផ្ទះ ដោយបានចំណាយថវិការជាតិប្រមាណ ១៥ លានដុល្លារ, សម្ដេចធិបតីបានលើកឡើងពីអត្ថប្រយោជន៍ ៤ ចំណុច រួមមាន៖ (ទី១) បង្ហាញសក្ដានុពល និងផ្សព្វផ្សាយពីកម្ពុជា ដែលមានសន្តិសុខ និងសុវត្ថិភាព សម្រាប់ទេសចរ និងការវិនិយោគ; (ទី២) ឯកភាពឯកច្ឆន្ទក្នុងការបង្កើតការិយាល័យសហប្រតិបត្តិការសេដ្ឋកិច្ចហ្វ្រង់កូហ្វូនី នៅប្រទេសកម្ពុជា ដែលការិយាល័យនេះ នឹងក្លាយជាស្ពានតភ្ជាប់ប្រទេស/រដ្ឋសមាជិកអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី និងប្រទេសជាសមាជិកអាស៊ាន; (ទី៣) បង្ហាញវប្បធម៌, សិល្បៈ, ភាពរាក់ទាក់ និងស្នាមញញឹមរបស់ពលរដ្ឋខ្មែរ; និង (ទី៤) ពង្រឹងនយោបាយការទូតរបស់កម្ពុជា លើឆាកអន្តរជាតិ។ ព្រមជាមួយគ្នានេះ, វេទិការហ្វ្រង់កូហ្វូនីនេះក៏បានផ្តល់ឱកាសដល់កម្ពុជាក្នុងការលើកបង្ហាញពីកម្មវិបាក ដោយសារតែបញ្ហាព្រំដែនកម្ពុជា-ថៃ ដែលកំពុងបន្ត ព្រមទាំងបញ្ជាក់ជំហររបស់កម្ពុជាក្នុងការដោះស្រាយដោយការខ្វែងគំនិតគ្នាជាមួយភាគីថៃ ដោយសន្តិវិធីផ្អែកលើកិច្ចព្រមព្រៀង និងច្បាប់អន្តរជាតិ។
ជាទីបញ្ចប់, សម្ដេចធិបតីបានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋក្នុង និងក្រៅប្រទេស, ក្រសួង-ស្ថាប័ន និងតួអង្គពាក់ព័ន្ធចំពោះបដិសណ្ឋារកិច្ចគណៈប្រតិភូបរទេស និងការលើកស្ទួយវប្បធម៌, ទេសចរណ៍ និងវិនិយោគ ដោយចាត់ទុកកិច្ចប្រជុំនេះជាប្រវត្តិសាស្ត្រ, ជាមោទនភាពជាតិ, និងជាកិត្យានុភាពជាតិ ដែលបង្ហាញថា កម្ពុជាមានលក្ខណសម្បត្តិ, មាន ស្ថិរភាព សន្តិភាព និងការអភិវឌ្ឍ ព្រមទាំងបញ្ជាក់ពីកេរដំណែលប្រវត្តិសាស្ត្ររបស់ព្រះបរមរតនកោដ្ឋ និងស្មារតីរួមគ្នារបស់ខ្មែរទាំងអស់គ្នា៕










