សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បន្តចាត់ទុកវិស័យទេសចរណ៍ជាវិស័យអាទិភាពដែលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ

នៅក្នុងពិធីបើកជាផ្លូវការ ពិធីបុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤ នៅខេត្តសៀមរាប ក្រោមប្រធានបទ «ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ» នៅល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល នីតិកាលទី៧ បន្តចាត់ទុកវិស័យទេសចរណ៍ជាវិស័យអាទិភាពដែលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ តាមរយៈការបង្កើតឱកាសការងារ ការបង្កើនប្រាក់ចំណូលជូនប្រជាជនដោយផ្ទាល់ និង ដោយប្រយោល ការជំរុញការនាំចេញនៅនឹងកន្លែង ការទ្រទ្រង់កំណើនសេដ្ឋកិច្ច ការបង្កើនចំណូលជាតិ ការចូលរួមដល់ការអភិរក្ស វប្បធម៌ និងការថែរក្សាការពារបរិស្ថាន ធនធានធម្មជាតិរបស់យើង ប្រកបដោយប្រសិទ្ធភាព និង ការទទួលខុសត្រូវខ្ពស់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធនាការ «ទស្សនាសៀមរាបឆ្នាំ២០២៤» និងបានកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន កម្ពុជា-ចិន និងឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌា លើកទី១ ដើម្បីលើកស្ទួយវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប និងជួយជំរុញឱ្យទេសចរណ៍ដ៏មានសក្តានុពលពីប្រទេសទាំងពីរ ចូលមកទស្សនានៅកម្ពុជាកាន់តែច្រើន។ 

ទន្ទឹមនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត នៅតែមានសុទិដ្ឋិនិយមថា វិស័យទេសចរណ៍នឹងនៅតែជាវិស័យចន្ទល់សេដ្ឋកិច្ចមួយដ៏សំខាន់ក្នុងការបង្កើតឱកាសការងារ មុខរបរ ប្រាក់ចំណូល និងរួមចំណែកការសម្រេចបានគោលដៅនៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ ជាពិសេសរួមចំណែកដល់ការសម្រេចបានចក្ខុវិស័យកម្ពុជាជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់ នៅឆ្នាំ២០៥០៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ