សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលបានប្រែក្លាយវិបត្តិទៅជាកាលានុវត្តភាពសម្រាប់ការស្តារនិងជំរុញវិស័យទេសចរណ៍

នៅក្នុងពិធីបើកជាផ្លូវការ ពិធីបុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤ នៅខេត្តសៀមរាប ក្រោមប្រធានបទ «ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ» នៅល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វិបត្តិនៃជំងឺកូវីដ-១៩ បានបង្អាក់ស្ទើរទាំងស្រុងនូវដំណើរការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា និងបានជះឥទ្ធិពលអវិជ្ជមានដល់សុខភាពសាធារណៈ និងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និង ពាណិជ្ជកម្មអន្តរជាតិនៅទូទាំងសកលលោក។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ-១៩ រាជរដ្ឋាភិបាល នីតិកាលទី៦ បានប្រែក្លាយវិបត្តិទៅជាកាលានុវត្តភាពសម្រាប់ការស្តារនិងការកែលម្អរចនាសម្ព័ន្ធចាំបាច់នានាសំដៅគាំទ្រដល់កិច្ចដំណើរការឡើងវិញនៃវិស័យទេសចរណ៍ដ៏មានសារៈសំខាន់របស់កម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចថា សម្រាប់ខេត្តសៀមរាប រាជរដ្ឋាភិបាល បានសម្រេចចិត្តជាយុទ្ធសាស្ត្រក្នុងការស្ថាបនាបណ្តាញផ្លូវ៣៨ខ្សែ និងការរៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងការស្ដារនិងកែលម្អស្ទឹងសៀមរាប ដែលបានធ្វើឱ្យខេត្តសៀមរាបកាន់តែមានភាពទាក់ទាញបន្ថែមទៀត។ សមិទ្ធផលថ្មីទាំងនេះបាននិងកំពុងបំពេញថាមពលបន្ថែមដល់វិស័យទេសចរណ៍នៅក្នុងខេត្តទេសចរណ៍វប្បធម៌និងប្រវត្តិសាស្ត្រដ៏រុងរឿងមួយនេះ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ