ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធមន្ទីរពេទ្យតេជោសែនកោះធំ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មន្ទីរពេទ្យតេជោសែនកោះធំនេះ គឺជាសមិទ្ធផលដ៏ថ្លៃថ្លាមួយទៀតសម្រាប់ប្រជាជនកម្ពុជា ដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលនៅក្នុងការលើកកម្ពស់សុខភាពសាធារណៈនៅកម្ពុជា បន្ទាប់ពីបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវមន្ទីរពេទ្យជាតិតេជោសន្តិភាពកាលពីខែតុលា ឆ្នាំ២០២៣កន្លងទៅនេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា មន្ទីរពេទ្យទាំងនេះ គឺបានផ្តល់តម្លៃជាប្រវត្តិសាស្រ្តសម្រាប់វិស័យសុខាភិបាលកម្ពុជា ដែលបានលេចចេញជារូបរាងឡើងក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលតែងតែចាត់ទុកការវិនិយោគលើប្រព័ន្ធថែទាំសុខភាព និងសុខុមាលភាពរបស់ប្រជាជនជាអាទិភាពចម្បងនៅក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា ប្រកបដោយចីរភាព និងបរិយាបន្ន។
នៅក្នុងឱកាសនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេចអគ្គមហាសេនាបតីតេជោ ផ្ញើជូនប្រជាពលរដ្ឋនៅក្នុងស្រុកកោះធំ ខេត្តកណ្តាលទាំងអស់ ហើយក៏ពាំនាំនូវការផ្តាំផ្ញើថ្លែងអំណរគុណផងដែរចំពោះការផ្តល់សេចក្តីទុកចិត្ត ជឿជាក់ទៅលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាក្នុងរយៈពេល៤០ឆ្នាំមកនេះ ជាពិសេសតាមរយៈការបោះឆ្នោតគាំទ្រយ៉ាងច្រើនកុះករដែលផ្តល់ឱកាសដល់គណបក្សប្រជាជនកម្ពុជា បានបន្តដឹកនាំប្រទេស និងបម្រើប្រជាពលរដ្ឋ៕