សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាល ខិតខំពង្រីកទីតាំងផ្តល់សេវាសុខភាពឱ្យកាន់តែស្ថិតនៅកៀកជិតប្រជាពលរដ្ឋ

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅពេលមានករណីគ្រោះថ្នាក់ចរាចរណ៍ត្រូវការចូលបន្ទប់សង្គ្រោះបន្ទាន់ ការដាក់ផ្លាកសង្គ្រោះបន្ទាន់ដាក់បានដូចគ្នា ប៉ុន្តែការជួយសង្គ្រោះប្រតិបត្តិជាក់ស្តែង គឺត្រូវការគ្រូពេទ្យជំនាញ និងឧបករណ៍ដែលត្រូវការធ្វើវិមជ្ឈការ និងជំរុញបង្កើនលទ្ធភាពបំពាក់នៅតាមមូលដ្ឋានឱ្យបានច្រើន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធមន្ទីរពេទ្យតេជោសែនកោះធំ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ពេលមានតម្រូវការសេវាសុខភាព គឺមិនចាំបាច់ទៅដល់មន្ទីរពេទ្យបង្អែក ឬខេត្តរាជធានីនោះទេ ដូចនេះតម្រូវការបំពាក់ឧបករណ៍ និងពេទ្យជំនាញត្រូវការច្រើនណាស់ ដែលមិនគិតតែពីបរិមាណនោះទេ ត្រូវគិតពីការបំពាក់ឧបករណ៍ពេទ្យ ហើយត្រូវផ្តើមចេញពីថ្នាក់តំបន់មានលទ្ធភាពជាជំហានចេញទៅតាមបណ្តាខេត្តផ្សេងៗទៀត។

នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា វិមជ្ឈការ និងសិទ្ធិការទទួលខុសត្រូវមានហើយ តែត្រូវវិមជ្ឈការសុវត្ថិភាពឧបករណ៍ត្រូវបំពាក់ឱ្យមានគ្រប់គ្រាន់ នេះជាការរៀបចំជាជំហាន និងស្ថិតនៅក្នុងគោលការណ៍ពង្រឹងវិស័យសុខាភិបាលឱ្យកាន់តែរឹងមាំថែមទៀត៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ