សម្រង់ប្រសាសន៍សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត, ថ្លែងក្នុងពិធីសំណេះសំណាល និងផ្តល់ប្រាក់រង្វាន់ជ័យលាភីដល់កីឡាករ កីឡាការិនី ក្នុងការប្រកួតកីឡាជ្រើសរើសជើងឯកជាលក្ខណៈអន្តរជាតិ

CMF:

ឯកឧត្តម សមាជិករាជរដ្ឋាភិបាល
ឯកឧត្តម លោកជំទាវ លោក លោកស្រី;
ភ្ញៀវកិត្តិយស គ្រូបង្វឹក កីឡាករ កីឡាការិនី និងអង្គពិធីទាំងមូល ជាទីមេត្រី!

ថ្ងៃនេះ, ខ្ញុំមានសេចក្តីរីករាយ ដោយបានចូលរួមជាមួយ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដើម្បីអបអរសាទរកីឡាករ និងកីឡាការិនីរបស់យើង ក្នុងពិធី «ប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនជ័យលាភីនៅក្នុងការប្រកួតជើងឯកអាស៊ីអាគ្នេយ៍, ជើងឯកអាស៊ី, ជើងឯកពិភពលោក និងការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ីអាគ្នេយ៍ហ្គេមលើកទី ២០» នាពេលនេះ។ ស្ថិតក្នុងឱកាសដ៏វិសេសវិសាលនេះ ខ្ញុំសូមពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ជូនចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី គ្រូបង្វឹក កីឡាករ កីឡាការិនីទាំងអស់។

ខ្ញុំសូមយកឱកាសនេះ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងអប់រំ យុវជន និងកីឡា និងសហព័ន្ធកីឡាជាតិ ជាពិសេស គ្រូបង្វឹក កីឡាករ កីឡាការិនី ដែលបានសហការរួមកម្លាំងគ្នា ប្រកបដោយស្មារតីទទួលខុសត្រូវ និងការប្តេជ្ញាចិត្តខ្ពស់ រហូតទទួលបានជ័យជម្នះ និងសមិទ្ធផលលើវិស័យ កីឡាគួរជាទីមោទនៈ ជូនជាតិមាតុភូមិរបស់យើង ដែលនេះគឺជាការងារកើតចេញពីកម្លាំងសរុប និងការខិតខំរួមគ្នាគ្រប់អ្នកពាក់ព័ន្ធទាំងអស់។

ជាក់ស្តែង បន្ទាប់ពីកម្ពុជាបានបញ្ជូនប្រតិភូ មន្ត្រីបច្ចេកទេស គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី ទៅចូលរួមប្រកួតកីឡាជាលក្ខណៈអន្តរជាតិ ក្នុងព្រឹតិ្តការណ៍ប្រកួតជើងឯកអាស៊ីអាគ្នេយ៍ ជើងឯកអាស៊ី ជើងឯកពិភពលោក និងការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ីអាគ្នេយ៍ហ្គេមលើកទី២០ កន្លងមក កីឡាករ និងកីឡាការិនី ដ៏ឆ្នើមរបស់កម្ពុជាយើងទទួលបានមេដាយមាស មេដាយប្រាក់ និងមេដាយសំរឹទ្ធិជាច្រើនគ្រឿង ដែលបាននាំមកនូវកិត្ដិយស និងមោទនភាព ជូនជាតិមាតុភូមិ។

[ចាប់ផ្ដើមសេចក្តីអធិប្បាយ]

ខុសពីពេលខ្ញុំនៅជាយុវជន នៅរៀន។ កាលនោះ យើងបានត្រឹមតែមើលទូរទស្សន៍ទេ។ ឃើញកីឡាករប្រទេសគេផ្សេងចូលប្រកួតបានមេដាយ។ យើងមិនទាន់មានឱកាស។ សូម្បីតែចូលរួមប្រកួតក៏មិនទាន់មានឱកាសផង ដោយមិននិយាយពីចំនួនមេដាយមាស មេដាយប្រាក់ មេដាយសំរិទ្ធិដែលទទួលបាន។ (នេះ)គឺជាការវិវត្តសំខាន់ណាស់។ បានន័យថា នៅជំនាន់នេះ។ មិនបាច់និយាយច្រើនជំនាន់ផង។ មិនមែនថាជំនាន់ខ្ញុំមិនបាន (រហូតដល់)ជំនាន់កូនខ្ញុំ គឺជំនាន់យើងនេះតែម្ដង(ដែលយើងបានសម្រេចសមិទ្ធផលនិងកេរ្តិឈ្មោះវិស័យកីឡា) ដែលនេះហើយគឺជាផលជាផ្លែផ្កាដែលយើងបានពីឱកាសនៃសន្តិភាព។ យើងរួមគ្នា។ កីឡាករយើងនៅទីនេះក៏ដូចជាគណៈកម្មការ (និង)អ្នកពាក់ព័ន្ធទាំងអស់ ចាប់យកឱកាសដើម្បីបង្កើននូវកិត្តិយសជាតិរបស់យើង។

[ចប់អធិប្បាយ]

ទន្ទឹមនឹងនេះ តាមរយៈ ការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (SEA Games 2023) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកាលពីខែឧសភា ឆ្នាំ ២០២៣ កម្ពុជាទទួលបានមេដាយច្រើនលើសពីការរំពឹងទុក ក្នុងនោះ យើងទទួលបានមេដាយមាស ៨១ គ្រឿង មេដាយប្រាក់ ៧៤ គ្រឿង និងមេដាយសំរឹទ្ធ ១២៧ គ្រឿង។ បន្ថែមលើការទទួលបានជ័យជម្នះលើការប្រកួត ការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមនេះ បានលើកមុខមាត់ កិត្តិយស និងកិត្យានុភាពជាតិ លើឆាកអន្តរជាតិ ជាពិសេស ការរឹតចំណងការទូត និងការពង្រឹងកិច្ចសហប្រតិបត្តិការល្អរវាងបណ្តាប្រទេសជាមិត្ត ដើម្បីលើកកម្ពស់មិត្តភាព ពង្រឹង និងពង្រីកទំនាក់ទំនងអន្តរជាតិ និងជំរុញសកម្មភាពសេដ្ឋកិច្ច តាមរយៈវិស័យទេសចរណ៍។ លើសពីនេះ ឧត្តមប្រយោជន៍ជាតិធំមួយទៀត គឺការធ្វើឱ្យយុវជន និងប្រជាពលរដ្ឋ បង្កើនស្មារតីស្រឡាញ់ជាតិមាតុភូមិ ការពង្រឹងសាមគ្គីភាព និងមិត្តភាព ដែលការណ៍នេះ រួមចំណែកយ៉ាងសំខាន់ដល់ការពង្រឹងឯកភាពជាតិ និងសុខសន្តិភាពនៅកម្ពុជា។

វិស័យកីឡា ដើរតួនាទីយ៉ាងសំខាន់ ក្នុងវិស័យការទូត និងទំនាក់ទំនងអន្តរជាតិ។ ការចូលរួមក្នុងការប្រកួតកីឡា ឆ្លុះបញ្ចាំងនូវការរឹតចំណងមិត្តភាព សាមគ្គីភាព ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងរដ្ឋ និងប្រជាជននៃប្រទេសចូលរួមទាំងអស់។ ជាងនេះទៀត វិស័យកីឡាផ្តល់ឱកាសល្អលើការផ្លាស់ប្តូរលើវិស័យជាច្រើន ទាំងបច្ចេកទេសនៃការរៀបចំ និងបទពិសោធក្នុងការប្រកួត ដែលជាមរតកវប្បធម៌ ទំនៀមទម្លាប់ និងជាសិល្បៈការពារខ្លួនបែបប្រពៃណីរបស់ប្រជាជាតិនីមួយៗ។ ការចូលរួមការប្រកួតកីឡាក្នុងកម្រិតអន្តរជាតិ ជួយលើកកម្ពស់កិត្តិសព្ទកីឡារបស់ប្រទេសសមាជិកនីមួយៗ ឱ្យកាន់តែល្បីល្បាញ ក៏ដូចជាការធ្វើទីផ្សារអន្តរជាតិរបស់ប្រទេសចូលរួមនៅលើឆាកអន្តរជាតិ។

ទន្ទឹមនឹងនេះ កីឡាក៏រួមចំណែកដល់ការរក្សាបានកម្លាំងកាយរឹងមាំ និងលើកកម្ពស់សុខភាពល្អនៃធនធានមនុស្ស ដែលជាកត្តាកំណត់ដ៏សំខាន់នៃផលិតភាពពលកម្ម និងភាពរឹងមាំនៃសេដ្ឋកិច្ចជាតិ។ ប្រជាពលរដ្ឋដែលមានសុខភាពល្អ រស់នៅដោយភាពរីករាយ ងាយចាប់យកចំណេះដឹង និងបច្ចេកវិទ្យាថ្មីៗ មានការតាំងចិត្ត និងក្តីសង្ឃឹមខ្ពស់ក្នុងការបង្កើនមូលធនមនុស្ស តាមរយៈការបន្តការសិក្សាបន្ថែមពេញមួយជីវិត។ ជារួម វិស័យកីឡាដើរតួនាទីសំខាន់ ក្នុងការពង្រឹងសុខភាពផ្លូវកាយរឹងមាំ លើកកម្ពស់សុខភាពផ្លូវចិត្ត បង្កើនផលិតភាពការងារ បង្កើន បញ្ញាឈ្លាសវៃ លើកកម្ពស់គុណភាពជីវិត និងសុភមង្គលក្នុងក្រុមគ្រួសារ ព្រមទាំងរឹតចំណងមិត្តភាព និងសាមគ្គីភាព ដែលការណ៍នេះ រួមចំណែកដល់សុខដុមនីយកម្មរវាងប្រជាជន និង ប្រជាជន ប្រទេស និងប្រទេស សុវត្ថិភាព និងសុខសន្តិភាពក្នុងសង្គមទាំងមូល។

បច្ចុប្បន្ន វិស័យកីឡាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ និងបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងសង្គមកម្ពុជា។ កីឡាទទួលបាននូវការចាប់អារម្មណ៍ និងការគាំទ្រពីសំណាក់មហាជនខ្មែរគ្រប់ស្រទាប់វណ្ណៈ ដោយមិនគិតពីពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ ដោយប្រជាជនខ្មែរនាំគ្នាលេងកីឡា ដើម្បីសុខភាព ទាំងផ្លូវកាយ និងផ្លូវចិត្ត ដូចពាក្យស្លោកថា «កីឡាសាងមនុស្ស ហើយមនុស្សសាងសង្គម»។

ការកសាងធនធានមនុស្សក្នុងវិស័យកីឡា ត្រូវការរយៈពេលយូរ និងការវិនិយោគច្រើន ខណៈដែលកម្ពុជាមានអាទិភាពជាច្រើនដែលត្រូវយកចិត្តទុកដាក់ ដើម្បីជំរុញកសាងសង្គមកម្ពុជាឱ្យបានកាន់តែរឹងមាំដោយមានប្រជាជនប្រកបដោយចំណេះដឹង និងចំណេះធ្វើជាក់ស្ដែង។

ក្រោមម្លប់នៃសុខសន្តិភាព ឯកភាពផ្ទៃក្នុងជាតិ ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ច រាជរដ្ឋាភិបាលបន្តខិតខំយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍវិស័យកីឡាបន្ថែមទៀត ដើម្បីពង្រឹងសមត្ថភាពកីឡាករ និងកីឡាការិនីកម្ពុជាឱ្យកាន់តែខ្លាំងពូកែ ក្នុងការប្រកួតដណ្តើមយកជ័យជម្នះជូនជាតិមាតុភូមិបន្ថែមទៀត។ រាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងយកចិត្តទុកដាក់ខ្ពស់លើវិស័យអាទិភាពអប់រំកាយ និងកីឡា តាមរយៈការជំរុញលើកទឹកចិត្ត និងការផ្តល់ការឧបត្ថម្ភគាំទ្រគ្រប់រូបភាព ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តគាំទ្រការលេងកីឡា និងការបំពាក់ឧបករណ៍កីឡានៅតាមទីសាធារណៈ ដើម្បីបំផុសទឹកចិត្តប្រជាជនឱ្យស្រឡាញ់កីឡា ចូលចិត្តកីឡា និងលេងកីឡា។

ឈរលើសមិទ្ធផល និងជោគជ័យជាច្រើន ខ្ញុំសង្ឃឹមថា កីឡាករ និងកីឡាការិនីយើង នឹងបន្តខិតខំប្រឹងប្រែងជាប្រចាំជាប់មិនដាច់ ក្នុងការហ្វឹកហាត់បង្កើនសមត្ថភាព និងការត្រៀមខ្លួនក្នុងការប្រកួតលើកក្រោយៗទៀត ដើម្បីដណ្តើមយកមេដាយ និងជ័យជម្នះឱ្យបានកាន់តែច្រើនជូនជាតិមាតុភូមិយើង។ រាជរដ្ឋាភិបាល ដោយមានក្រសួងអប់រំ យុវជន និងកីឡា ជាសេនាធិការ បន្តគាំទ្រវិស័យកីឡា កីឡាករ និងកីឡាការិនីយើង ទាំងស្មារតី និងថវិកា និងសូមអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ សូមបន្តចូលរួមឧបត្ថម្ភគាំទ្រវិស័យកីឡាឱ្យកាន់តែរីកចម្រើន និងមាននិរន្តភាព ដោយបន្តពង្រឹងការប្រកួតជើងឯកជាតិ-អន្តរជាតិ និងការប្រកួតកីឡាថ្នាក់ជាតិ ដើម្បីអភិវឌ្ឍ សមត្ថភាពបន្ថែមឱ្យកាន់តែប្រសើរ និងទទួលបានជ័យជម្នះថែមទៀត។

ជាមួយនឹងការរីកចម្រើន និង ជ័យជម្នះយ៉ាងត្រចះត្រចង់ជូនជាតិមាតុភូមិ ខ្ញុំសូមផ្តល់អនុសាសន៍បន្ថែមមួយចំនួនដល់ស្ថាប័នពាក់ព័ន្ធ និងបងប្អូនកីឡាករ កីឡាការីនី សម្រាប់យកទៅអនុវត្ត ដូចខាងក្រោម៖

ទី១. ក្រសួងអប់រំ យុវជន និងកីឡា ដោយសហការជាមួយ សហព័ន្ធកីឡាជាតិ ត្រូវរៀបចំយន្តការគាំទ្រ បណ្តុះបណ្តាល និងលើកទឹកចិត្តដល់កីឡាករ និងកីឡាការីនី នៅគ្រប់កម្រិត ដើម្បីពង្រឹងសមត្ថភាព ក្នុងការប្រកួតប្រជែងឱ្យកាន់តែមានគុណភាពខ្ពស់ សម្រាប់លើកស្ទួយកីឡាជាតិទៅក្នុងតំបន់ និងសកលលោក។

ទី២. ក្រសួងអប់រំ យុវជន និងកីឡា និងសហព័ន្ធកីឡាជាតិ ត្រូវបង្កើនការយកចិត្តទុកដាក់ សម្រិតសម្រំាង និងបណ្តុះបណ្តាលធនធានយុវជន ដែលមានទេពកោសល្យក្នុងផ្នែកកីឡា ដើម្បីលើកកម្ពស់គុណភាព និងសមត្ថភាពកីឡា សម្រាប់ការប្រកួតក្នុងព្រឹត្តិការណ៍ថ្នាក់តំបន់ និង អន្តរជាតិ នាពេលអនាគត។

ទី៣. ខ្ញុំសូមលើកទឹកចិត្តឱ្យ គ្រូបង្វឹក បងប្អូនកីឡាករ កីឡាការិនីទំាងអស់ ខិតខំហ្វឹកហាត់កីឡាតាមជំនាញរបស់ខ្លួនជាប្រចាំឱ្យជាប់មិនដាច់ ពីព្រោះការកសាងសមត្ថភាពកីឡា ត្រូវការរយៈពេលយូរ និងត្រូវត្រៀមខ្លួនរួចជាស្រេចជាមុន ក្នុងការចូលរួមការប្រកួតប្រជែងនានា ទំាងកម្រិតជាតិ តំបន់ និងសកល។

ទី៤. គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាជាតិ ត្រូវបង្កើនកិច្ចសហការ ទាំងបច្ចេកទេស និងបទពិសោធ ជាមួយក្រុមប្រឹក្សាអូឡាំពិកអាស៊ី គណៈកម្មាធិការជាតិអូឡាំពិកនៃប្រទេសសមាជិក ក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ា និងស្ថាប័នកីឡាអន្តរជាតិ ក្នុងការបណ្តុះបណ្តាល និងការអភិវឌ្ឍកម្រិតបច្ចេកទេសកីឡា ដល់កីឡាករ និងកីឡាការិនីកម្ពុជា ឱ្យបានដល់កម្រិតខ្ពស់ដែលអាចធ្វើទៅបាន ដើម្បីឱ្យកីឡាករ និងកីឡាការីនីកម្ពុជា អាចចូលរួមកាន់តែទូលំទូលាយប្រកបដោយសមត្ថភាពកាន់តែប្រសើរ ក្នុងព្រឹត្តិការណ៍អន្តរជាតិនានា នៅថ្ងៃអនាគត។

មុននឹងបញ្ចប់ ជាថ្មីម្តងទៀត ខ្ញុំសូមថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធកីឡាជាតិ មន្ត្រីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ព្រមទាំងគ្រូបង្វឹក កីឡាករ កីឡាការិនី ដែលបាននាំមកនូវជ័យជម្នះដ៏ត្រចះត្រចង់ ក្នុងការប្រកួតកីឡាជាលក្ខណៈអន្តរជាតិ ជូនជាតិមាតុភូមិយើង។ ដើម្បីជាការលើកទឹកចិត្តដល់គ្រូបង្វឹក កីឡាករ កីឡាការិនី និងបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលលើវិស័យកីឡា ខ្ញុំសូមពាំនាំនូវប្រាក់រង្វាន់របស់រាជរដ្ឋាភិបាលចំនួន ៣ ១៩៩ លានរៀល (ប្រមាណជា ៧៨ម៉ឹនដុល្លារ) មកប្រគល់ជូនជ័យលាភីមេដាយមាស មេដាយប្រាក់ និងមេដាយសំរឹទ្ធិ ដែលទទួលបានពីការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ ជើងឯកអាស៊ី ជើងឯកពិភពលោក និងការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ីអាគ្នេយ៍ហ្គេមលើកទី២០នៅពេលនេះ។ ជាទីបញ្ចប់ ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយស គ្រូបង្វឹក កីឡាករ កីឡាការិនី សូមមានសុខភាពបរិបូណ៌ និងទទួលបានជោគជ័យគ្រប់ភារកិច្ច និងសូមប្រកបដោយពុទ្ធពរ និងពរទាំង ៥ ប្រការ គឺ ឤយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាត៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្ដេចមហាបវរធិបតី៖ កម្ពុជាមានសមត្ថភាពខ្ពស់ក្នុងការរៀបចំព្រឹត្តិការណ៍លំដាប់អន្តរជ...

នាព្រឹកថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានទទួលជំនួបសំណេះសំណាលជាមួយលោកអ្នកឧកញ៉ា