ឯកឧត្តម វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការងារគ្រប់គ្រងធនធានខ្សាច់ និងសេចក្តីព្រាងអនុក្រឹត្យស្តីពីការកែសម្រួលសមាសភាព និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់!

យោងតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃពុធ ៤រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើការងារគ្រប់គ្រងធនធានខ្សាច់ និងសេចក្តីព្រាងអនុក្រឹត្យស្តីពីការកែសម្រួលសមាសភាព និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល, ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងមន្រ្តីជាន់ខ្ពស់មកពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធផ្សេងទៀត។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម វង្សី វិស្សុត បានបញ្ជាក់ថា កិច្ចប្រជុំនេះមានគោលបំណងត្រួតពិនិត្យអំពីរបៀបរបប បទប្បញ្ញត្តិ និងនីតិវិធីទាំងឡាយពាក់ព័ន្ធនឹងការគ្រប់គ្រងធនធានខ្សាច់ ដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងសំដៅធានាបាននូវផលប្រយោជន៍សេដ្ឋកិច្ច សង្គម និងបរិស្ថាន ក្នុងតុល្យការដែលធានាបានប្រសិទ្ធភាព តម្លាភាព និងចីរភាពនៃការប្រើប្រាស់ធនធានខ្សាច់ ស្របតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី។ ជាមួយគ្នានេះ ឯកឧត្តម វង្សី វិស្សុត ក៏បានគូសបញ្ជាក់ថា អង្គប្រជុំទាំងមូលមានភារកិច្ចរិះរកវិធានការ យ៉ាងណាឱ្យយន្តការគ្រប់គ្រងធនធានខ្សាច់ជារួម រួមទាំងការផ្តល់អាជ្ញាបណ្ណធ្វើអាជីវកម្ម និងនីតិវិធីពាក់ព័ន្ធនានា មានប្រសិទ្ធភាពខ្ពស់បំផុត ដោយមានការគិតគូរជាលក្ខណៈប្រព័ន្ធ និងមានការថ្លឹងថ្លែងច្បាស់លាស់អំពីម្ខាងផលប្រយោជន៍សេដ្ឋកិច្ចសម្រាប់បម្រើឱ្យការអភិវឌ្ឍ និងចំណូលថវិកាជាតិ និងម្ខាងទៀតផលប៉ះពាល់លើបរិស្ថាន និងសហគមន៍ក្នុងមូលដ្ឋាន។
ក្នុងស្មារតីនេះ អង្គប្រជុំបានពិភាក្សាលើរាល់សមាសភាគសំខាន់ៗនៃយន្តការគ្រប់គ្រងធនធានខ្សាច់ក្នុងខ្សែច្រវាក់នៃនីតិវិធីនិងលក្ខខណ្ឌចាំបាច់ ជាពិសេសក្នុងការផ្តល់អាជ្ញាបណ្ណ យន្តការនៃការវាយតម្លៃហេតុប៉ះពាល់លើបរិស្ថាន (Environmental Impact Assessment – EIA) ការកំណត់អត្រាសួយសារជាដើម។ល។ ជាលទ្ធផល អង្គប្រជុំបានពិភាក្សាលើវិធានការកែទម្រង់មួយចំនួន និងមុខងារភារកិច្ចរបស់ក្រសួង ស្ថាប័ន ព្រមទាំងមុខសញ្ញាសម្រាប់ការកែទម្រង់ផ្សេងៗបន្ថែមទៀត ដើម្បីធានាប្រសិទ្ធភាព និងតម្លាភាព ក្នុងការគ្រប់គ្រងធនធានខ្សាច់ និងជាពិសេសឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាក់ស្តែង និងកាត់បន្ថយផលប៉ះពាល់លើសហគមន៍ក្នុងមូលដ្ឋានឱ្យនៅកម្រិតអប្បបរមា។

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ