សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្នើដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តធានាឱ្យបាននូវសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពដែលជាមូលដ្ឋានគ្រឹះដ៏ចម្បងនិងសំខាន់បំផុត សម្រាប់ការកសាងទីក្រុងស្អាត ផ្សារភ្ជាប់នឹងទីក្រុងឆ្លាត ដែលមានលក្ខណៈប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច បរិស្ថានប្រកបដោយចីរភាព និងការទទួលខុសត្រូវសង្គម។
នៅក្នុងសារលិខិតអបអរសាទរនាឱកាសទិវាជាតិទីក្រុងស្អាតលើកទី១២ ឆ្នាំ២០២៤ ក្រោមប្រធានបទ «ទីក្រុងស្អាតដើម្បីទេសចរណ៍» នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា សម្តេចធិបតី ហ៊ុន ម៉ាណែត ប្តេជ្ញាបន្តតាមគំរូវីរភាពរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបន្តស្តារ លើកស្ទួយ និងអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។
នៅក្នុងសារលិខិតដដែលនេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យបន្តពង្រឹងនិងលើកកម្ពស់ភាពជាដៃគូរដ្ឋ-ឯកជន នៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិដើម្បីជំរុញការអភិវឌ្ឍនៅតាមគោលដៅទេសចរណ៍ ទីប្រជុំជន និងទីក្រុងប្រកបដោយនិរន្តរភាព ការទទួលខុសត្រូវ និងបរិយាប័ន្នព្រមទាំងជំរុញការផ្តល់សេវាកម្មប្រកបដោយសុវត្ថិភាពនិងបដិសណ្ឋារកិច្ចល្អ៕