រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការរៀបចំពិធីបុណ្យថ្វាយព្រះសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំកិច្ចប្រជុំដើម្បីពិភាក្សាអំពីការរៀបចំពិធីបុណ្យថ្វាយព្រះសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីសំណាក់ សម្តេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយកស្តីទី, សម្តេចព្រះវនរ័តកិត្តិបណ្ឌិត ណយ ច្រឹក, សម្តេចព្រះឧត្តមវង្សាកិត្តិបណ្ឌិត មួង រ៉ា, សម្តេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា, សម្តេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន, ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ, ឯកឧត្តម ឈិន កេតនា, ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា, ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន, ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត យូ ស៊ុនឡុង, ឯកឧត្តមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់, ឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង, ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ព្រមទាំងថ្នាក់ដឹកនាំផ្សេងទៀតនៃគណៈកម្មការ។
អង្គប្រជុំបានពិភាក្សា និងរៀបចំផែនការសកម្មភាពការងារសំខាន់ៗ ដើម្បីធានាឱ្យការរៀបចំពិធីបុណ្យថ្វាយព្រះសព ប្រព្រឹត្តទៅប្រកបដោយភាពខ្ពង់ខ្ពស់ និងជាទីសក្ការៈ ស្របតាមប្រពៃណីជាតិ ព្រមទាំងមានសន្តិសុខ សណ្តាប់ធ្នាប់ល្អប្រសើរបំផុត ឱ្យស័ក្តិសមនឹងព្រះកិត្តិនាម និងព្រះកិត្តិយសរបស់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើពលិកម្មគ្រប់បែបយ៉ាងក្នុងការទ្រទ្រង់ពុទ្ធប្បញ្ញត្តិ និងលើកកម្ពស់ព្រះពុទ្ធសាសនានៅកម្ពុជា៕