អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក) នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានណែនាំឲ្យយកចិត្តទុកដាក់បន្ថែម លើការគ្រប់គ្រង, ការតាមដាន, ការត្រួតពិនិត្យ និងការចាត់វិធានការចាំបាច់នានា តាមច្បាប់ជាធរមាន ឲ្យបានទាន់ពេល ចំពោះល្បែងផ្សងសំណាង នៅក្នុងប្រទេសកម្ពុជា។
ការណែនាំបែបនេះ ធ្វើឡើងក្នុងឱកាសដែល ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បើកកិច្ចប្រជុំពិភាក្សា ស្តីពី ការពង្រឹងការគ្រប់គ្រងល្បែងផ្សងសំណាងនៅព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសណ្ឋាគារសុខាភ្នំពេញ។
ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ថា «យើងទាំងអស់គ្នា ជាពិសេស អគ្គលេខាធិការដ្ឋាន នៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា, អគ្គស្នងការដ្ឋាននគរបាលជាតិ, គណៈបញ្ជាការឯកភាពរាជធានី-ខេត្ត, ក្រុង-ស្រុក-ខណ្ឌ ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ច ពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់បន្ថែម លើការគ្រប់គ្រង, ការតាមដាន, ការត្រួតពិនិត្យ និង ការចាត់វិធានការចាំបាច់នានា តាមច្បាប់ជាធរមាន ឱ្យបានទាន់ពេល ដើម្បីបង្ការ, ទប់ស្កាត់, បង្ក្រាប និង លុបបំបាត់ភាពមិនប្រក្រតីទាំងនោះ»។
លោកឧបនាយករដ្ឋមន្ត្រីបានថ្លែងថា រាជរដ្ឋាភិបាល បានអនុញ្ញាតឱ្យមានល្បែងពាណិជ្ជកម្មនៅកម្ពុជា ក្នុងគោលបំណង ដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច, លើកកម្ពស់វិស័យទេសចរណ៍, បង្កើតការងារ, ប្រមូលចំណូលក៏ដូចជា ចូលរួម ចំណែកនៅក្នុងមូលនិធិសង្គម តាមរយៈការកំណត់ឱ្យប្រតិបត្តិករល្បែងផ្សងសំណាង បំពេញកាតព្វកិច្ចសង្គមនានា។
បច្ចុប្បន្នប្រភេទល្បែងផ្សងសំណាង ដែលត្រូវបានអនុញ្ញាត ឱ្យដំណើរការនៅកម្ពុជា រួមមាន៖ ឆ្នោតកោស, ឆ្នោតសន្លឹក និង ឆ្នោតឡូតូ ដែលជាប្រភេទល្បែង មានប្រវត្តិដំណើរការ តាំងពីយូរលង់មកហើយ និង ជាប្រភេទល្បែងដែលផ្អែកលើសំណាងសុទ្ធសាធ ។
ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងថា បរិវត្តកម្មឌីជីថលដ៏រហ័សនាបច្ចុប្បន្ន បានផ្តល់ឱកាសដល់ក្រុម ជនមួយចំនួន ធ្វើប្រតិបត្តិការល្បែងផ្សេងសំណាង ក៏ដូចជា ល្បែងស៊ីសងជាច្រើនប្រភេទ ដោយខុសច្បាប់ ដោយបានប្រើប្រាស់វិធីសាស្រ្តជាច្រើនរូបភាព សំដៅបិទបាំងនូវការលួច-លាក់បង្កប់ល្បែងស៊ីសងខុសច្បាប់ មានជាអាទិ៍ ៖ ឆ្នោតកន្ទុយលេខ, ខេណូ (KENO) និង ឆ្នោតអនឡាញ ជាដើម, នៅតាមទីតាំងមួយចំនួន ដោយសម្ងំជ្រកក្រោមអាជ្ញាបណ្ណដែលគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានផ្តល់ការអនុញ្ញាត ស្របតាមច្បាប់ និង បទប្បញ្ញត្តិជាធរមាន។
ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់ថា ការណ៍នេះ មិនត្រឹមតែបានបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខ, សណ្តាប់ធ្នាប់សាធារណៈ, សីលធម៌ សង្គម, ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ, គោលនយោបាយភូមិ-ឃុំ/សង្កាត់ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល ព្រមទាំងប្រតិបត្តិការអាជីវកម្មល្បែងផ្សងសំណាងស្របច្បាប់ ដែលទទួលបានអាជ្ញាបណ្ណពីគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ដោយបានអនុវត្តយ៉ាងខ្ជាប់ខ្ជួន តាមច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម និង លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន ប៉ុណ្ណោះទេ, ប៉ុន្តែ ថែមទាំង ប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់រាជរដ្ឋាភិបាល ដោយបង្កឲ្យមានការរិះគន់ ពីសំណាក់ប្រជាពលរដ្ឋ និងសារព័ត៌មានជាតិ និង អន្តរជាតិ ផងដែរ។
ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានផ្តល់នូវអនុសាសន៍មួយចំនួន ដូចខាងក្រោម៖
ទី១៖ អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ត្រូវចាត់មន្រ្តីជំនាញ បង្កើនការចុះត្រួតពិនិត្យ និង តាមដានដល់ទីតាំងប្រតិបត្តិការល្បែងផ្សងសំណាង ដើម្បីធានាដល់ការ-អនុវត្ត ឲ្យបានត្រឹមត្រូវតាមសៀវភៅបន្ទុក និង រាល់លក្ខខណ្ឌនៃអាជ្ញាបណ្ណ រួមទាំងការដាក់តំាងបង្ហាញជាសាធារណៈ នូវអាជ្ញាបណ្ណ និង ឯកសារតម្រូវផ្សេងៗ ដែលចេញដោយគណៈកម្មការ គ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា និង ត្រូវធ្វើរបាយការណ៍ត្រួតពិនិត្យ និងវាយតម្លៃ លើប្រសិទ្ធភាពនៃការពង្រឹងការគ្រប់គ្រងល្បែងផ្សងសំណាងនេះ ជូនប្រធានគណៈកម្មការគ្រប់គ្រង ល្បែងពាណិជ្ជកម្មកម្ពុជា ពិនិត្យ និង ផ្ដល់ការណែនាំ តាមជាក់ស្តែង។
ទី២៖ អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ, ជាពិសេស អគ្គស្នងការដ្ឋាននគរបាលជាតិ និង គណៈបញ្ជាការឯកភាព រាជធានី-ខេត្ត, ក្រុង-ស្រុក-ខណ្ឌ ត្រូវពង្រឹងកិច្ច-សហការជិតស្និទ្ធ ជាមួយអគ្គលេខាធិការដ្ឋាននៃ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ដើម្បីចាត់វិធានការបង្ក្រាបរាល់ប្រតិបត្តិការល្បែងស៊ីសងខុសច្បាប់ រួមទាំងល្បែងផ្សងសំណាង ដែលមិនមានអាជ្ញាបណ្ណ និង/ឬ លិខិតអនុញ្ញាតពីគណៈកម្មការ គ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា នៅតាមមូលដ្ឋានភូមិ-ឃុំ/សង្កាត់ របស់ខ្លួន ប្រកបដោយប្រសិទ្ធភាព, ស័ក្តិសិទ្ធភាព និង ស្មារតីទទួលខុសត្រូវខ្ពស់ ស្របតាមគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល៕