ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំអន្តរក្រសួងពិនិត្យពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល

ភ្នំពេញ៖ ព្រឹកថ្ងៃព្រហស្បតិ៍ទី២២ ខែកុម្ភៈឆ្នាំ២០២៤ នាទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដោយមានការចូលរួមពី ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល រួមទាំងសហការី ព្រមទាំងមន្ត្រីជាន់ខ្ពស់មកពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធជាច្រើនរូបទៀត។
ក្នុងប្រសាសន៍បើកកិច្ចប្រជុំនេះ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានមានប្រសាសន៍ថា សេចក្តីព្រាងអនុក្រឹត្យនេះ បានឆ្លងកាត់ការពិភាក្សាច្រើនលើកច្រើនសារជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងកិច្ចប្រជុំកម្រិតបច្ចេកទេសនៅទីស្តីការគណៈរដ្ឋមន្រ្តីផងដែរ។ ដូចនេះ សម្រាប់កិច្ចប្រជុំរបស់យើងនៅថ្ងៃនេះ គឺដើម្បីធ្វើការត្រួតពិនិត្យ និងពិភាក្សាចុងក្រោយ ក៏ដូចជាដើម្បីធ្វើការវះកាត់លើចំណុចចំនួនសេសសល់មួយចំនួនឱ្យបានដាច់ស្រឡះ ដោយរួមទាំងការរៀបចំរចនាសម្ព័ន្ធថ្មី ដើម្បីធានាសង្គតិភាព នីត្យានុកូលភាព គុណភាព និងប្រសិទ្ធភាពការងាររបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ពិសេសដើម្បីជៀសវាងកុំឱ្យមានការជាន់តួនាទី និងភារកិច្ច ឬសមត្ថកិច្ចក្រសួងស្ថាប័នផ្សេងទៀត ព្រមទាំងដើម្បីបង្កើនគុណភាព និងប្រសិទ្ធភាពនៃការអនុវត្តមុខងារ និងវិធានការផ្សេងៗពាក់ព័ន្ធនឹងការគ្រប់គ្រងវិស័យអាកាសចរស៊ីវិល សម្រាប់ដាក់ជូនគណៈរដ្ឋមន្រ្តីពិនិត្យ និងអនុម័តនាពេលខាងមុខ។
គួរបញ្ជាក់ដែរថា ការរៀបចំសេចក្តីព្រាងអនុក្រឹត្យនេះធ្វើឡើងក្នុងគោលបំណង៖ (ទី១). ដើម្បីស្របទៅនឹងបញ្ញត្តិនៃច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល (ទី២).ដើម្បីអនុវត្តស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា សំដៅជំរុញការអភិវឌ្ឍវិស័យអាកាសចរស៊ីវិលនៅក្នុងព្រះរាជាណាចក្រកម្ពុជាផង និងពង្រឹងការអភិឌ្ឍសមត្ថភាព និងការកែទម្រង់ស្ថាប័នផងដែរ (ទី៣).ដើម្បីដោះស្រាយនូវចំណុចខ្វះខាត ដែលរកឃើញដោយក្រុមសវនកររបស់អង្គការ ICAO (ទី៤).ដើម្បីកែសម្រួលបំពេញបន្ថែម តួនាទីភារកិច្ច និងរបៀបរបបអនុវត្តការងារតាមនាយកដ្ឋានបច្ចេកទេស ឱ្យស្របតាមស្តង់ដារជាតិ និងអន្តរជាតិ និង (ទី៥).ដើម្បីរៀបចំប្រមូលផ្តុំរាល់បទប្បញ្ញត្តិទាំងឡាយ ដែលពាក់ព័ន្ធនឹងការបង្កើត ការរៀបចំ និងការប្រព្រឹត្តទៅ នៃអង្គភាពនានាចំណុះរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលដាក់ក្នុងអនុក្រឹត្យតែមួយ។

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...