សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបង្កើតយន្តការវាយតម្លៃព្រមជាមួយនិងការកំណត់លក្ខខណ្ឌវិនិច្ឆ័យគោល និងលក្ខខណ្ឌវិនិច្ឆ័យលម្អិតច្បាស់លាស់ គឺរៀបចំឡើងក្នុងគោលដៅពង្រឹងអភិបាលកិច្ចសាលារៀន ចាប់ពីមត្តេយ្យសិក្សារហូតដល់ថ្នាក់វិទ្យាល័យ និងចាប់ពីមណ្ឌលសុខភាពរហូតដល់មន្ទីរពេទ្យបង្អែករាជធានី-ខេត្ត។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា មន្ទីរពេទ្យរដ្ឋ មណ្ឌលសុខភាព និងពេទ្យបង្អែកស្រុក ជាអ្នកដើរតួនាទីសំខាន់ណាស់ ដូច្នេះគុណភាពនៃការខិតខំមិនមែនជាការប្រមូលផ្តុំនោះទេ តែគឺការដាក់ពង្រាយនៅទូទាំងប្រទេស ដែលមិនត្រឹមតែបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់អ្នកទទួលជ័យលាភីប៉ុណ្ណោះទេ ប៉ុន្តែសាលាទាំងអស់នៅទូទាំងប្រទេសសុទ្ធតែបានដើរតួនាទីនេះរួចហើយ ទាំងគណៈគ្រប់គ្រងសាលា បុគ្គលិកសិក្សា និងលោកគ្រូអ្នកគ្រូ ទើបកូនខ្មែរយើងបានរីកចម្រើនមកដល់ពេលនេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធី «ប្រកាសជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងសុខាភិបាល» នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤៕