សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាលអាណត្តិទី៧ នេះ បានដាក់ចេញគោលនយោបាយអាទិភាពចំនួន៦ និងវិធានការគន្លឺះចំនួន៥

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រយៈពេលជាង ៤០ឆ្នាំមកនេះ រាជរដ្ឋាភិបាលកម្ពុជាបានដឹកនាំប្រទេសប្រកបដោយនិរន្តរភាព ជាពិសេសគឺមានលំនឹងនិងមានការកែច្នៃប្រឌិត តាមរយៈការដាក់ចេញនូវវិធីសាស្ត្រចាំបាច់នានា។ ជាក់ស្តែងនៅអាណត្តិទី៧ នេះ រដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីនយោបាយអាទិភាពចំនួន៦ និងវិធានការគន្លឹះចំនួន៥ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតី “ប្រកាសជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងសុខាភិបាល ឆ្នាំ២០២៣” ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្មវិធីនយោបាយអាទិភាពចំនួន៦ នោះរួមមាន ៖
១-ពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសាកល ពោលគឺ នៅពេលមានជំងឺ មន្ត្រីរាជការស៊ីវិល កម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ជាពិសេសពលរដ្ឋក្រីក្រនិងងាយរងគ្រោះ ត្រូវទទួលបាននូវសេវាថែទាំសុខភាពគ្រប់ៗគ្នា។
២-យុវជនដែលជាកូនអ្នកក្រីក្រ និងងាយរងគ្រោះ នឹងទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដើម្បីពួកគេអាចយកទៅប្រកបរបរចិញ្ចឹមជីវិតបានងាយស្រួល។ ការបណ្ដុះបណ្ដាលនេះធ្វើឡើងដោយឥតបង់ប្រាក់ហើយថែមទាំងទទួលបានការឧបត្ថម្ភកំឡុងពេលបណ្ដុះបណ្ដាលបន្ថែមទៀត។
៣-ពលរដ្ឋក្រីក្រ និងងាយរងគ្រោះ នឹងទទួលបាននូវភាពកក់ក្តៅតាមរយៈកម្មវិធីជាតិជំនួយសង្គមដែលនឹងត្រូវពង្រឹងឱ្យទៅជាកម្មវិធីជាតិរឹងមាំមួយ ពោលគឺ នៅពេលពលរដ្ឋជួបវិបត្តិ ឬហានិភ័យផ្សេងៗ កម្មវិធីជាតិជំនួយសង្គមនឹងរង់ចាំជួយពួកគេប្រកបដោយប្រសិទ្ធភាពខ្ពស់។
៤-អ្នកប្រកបរបរក្រៅប្រព័ន្ធនឹងទទួលបានការយកចិត្តទុកដាក់ ហើយពួកគេក៏អាចទទួលបានអត្ថប្រយោជន៍ដូចអ្នកប្រកបរបរក្នុងប្រព័ន្ធដែរនៅពេលដែលពួកគេជួបវិបត្តិ ឬហានិភ័យផ្សេងៗ។
៥-ប្រជាកសិករនឹងទទួលបាននូវការគាំពារតាមរយៈការដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន (ការផ្ដល់ប្រាក់កម្ចីដើម្បីប្រកបមុខរបរកសិកម្ម) ជាពិសេស គឺទទួលបាននូវការការពារតម្លៃកសិផលឱ្យបានសមរម្យ ដោយមិនឱ្យកសិករខាតបង់ឡើយ។
៦-រាជរដ្ឋាភិបាលនឹងបញ្ជូនមន្ត្រីបច្ចេកទេសកសិកម្មទៅជួយកសិករនៅគ្រប់ឃុំ-សង្កាត់ដែលមានពលរដ្ឋប្រកបរបរកសិកម្ម និងបង្កើតសហគមន៍កសិករនៅទូទាំងប្រទេសដើម្បីការពារផលប្រយោជន៍របស់កសិករ។

ទន្ទឹមនេះ ដើម្បីពង្រីកសមិទ្ធផលវិជ្ជមានបន្ថែម រដ្ឋាភិបាលបានដាក់ចេញនូវវិធានការគន្លឹះចំនួន៥ ដែលរួមមាន៖
១-ការដាក់ចេញនូវយុទ្ធសាស្រជាតិស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ (២០២៣-២០២៨)។
២-ការពង្រឹងមូលនិធិសមធម៌សុខាភិបាល ដល់គ្រួសារក្រីក្រ និងងាយរងហានិភ័យ។
៣-កម្មវិធីការបណ្ដុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យនៅទូទាំងប្រទេស ជាមួយនិងការពង្រីកវិសាលភាពរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ដល់បុគ្គលស្វ័យនិយោជន៍ និងអ្នកនៅក្នុងបន្ទុករបស់សមាជិក ប.ស.ស តាមគោលការណ៍ស្ម័គ្រចិត្ត។
៤-កម្មវិធីហិរញ្ញប្បទានសំដៅលើកស្ទួយផលិតកម្ម រកទីផ្សារ និង រក្សាលំនឹងថ្លៃកសិផលសំខាន់ៗក្នុងកម្រិតសមរម្យ។
៥-ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ ដែលមានសកម្មភាពកសិកម្មនៅទូទាំងប្រទេស និងការរៀបចំឱ្យមានសមាគមកសិកម្មបែបថ្មី៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ