ឯកឧត្តម ប៉ែន បូណា៖ ខ្ញុំសូមអបអរសាទរដោយមោទនភាពបំផុតចំពោះសមិទ្ធផល៦ខែនៃរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត

អ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ប៉ែន បូណា៖ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ ២០២៤ នេះគឺជាខួបគម្រប់៦ខែគត់របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ ៦ខែនៃអាណត្តិ៥ឆ្នាំរបស់ខ្លួនគឺជារយៈពេលខ្លីណាស់ដែលត្រូវនិយាយពីសមិទ្ធផលរបស់រាជរដ្ឋាភិបាល ជាពិសេសសម្រាប់រាជរដ្ឋាភិបាលថ្មីដែលទើបចាប់ផ្តើមដំណើរការដូចជារាជរដ្ឋាភិបាលកម្ពុជានាពេលនេះ។

ប៉ុន្តែ ពេលវេលាមិនមែនជាកត្តាកំណត់ដាច់ខាតសម្រាប់វាស់វែងពីសមិទ្ធផលឡើយ។ ការដាក់ចេញគោលនយោបាយច្បាស់លាស់ ត្រឹមត្រូវ សមត្ថភាពធនធានមនុស្ស និងឆន្ទៈការងារ អាចធ្វើឱ្យសម្រេចលទ្ធផលលើសពីការរំពឹងទុកធៀបនឹងពេលវេលា។ ជាក់ស្តែង ភាពស្វាហាប់ សកម្មក្លៀវក្លា របស់រាជរដ្ឋាភិបាលសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងរយៈពេល ៦ខែនេះ បានសម្រេចលទ្ធផលហួសពីការស្មាននិងធ្វើឱ្យមហាជនទូទៅចាប់អារម្មណ៍យ៉ាងខ្លាំង ហើយបានផ្តល់ការទុកចិត្តយ៉ាងឆាប់រហ័ស។

លក្ខណៈពិសេសរបស់រាជរដ្ឋាភិបាលបន្តវេនគណបក្សប្រជាជនកម្ពុជាគឺ៖ មេដឹកនាំវ័យក្មេងតែសមត្ថភាពចាស់ទុំ ក្រុមការងារថ្មីតែមានសាមគ្គីភាពផ្ទៃក្នុងរឹងមាំហើយដើរទៅមុខស្រុះគ្នាតាមការចង្អុលបង្ហាញប្រកបដោយភាពប្រាកដប្រជារបស់មេដឹកនាំ ផែនការដែលដាក់ចេញត្រូវតែមានលទ្ធផល ប្រើសមត្ថភាពឱ្យអស់សក្តានុពលដើម្បីចំណេញពេលវេលា។ នេះជាហេតុផលដែលរាជរដ្ឋាភិបាលប្រើពេលតិចតែសម្រេចបានការងារច្រើន និងអាចចាត់ទុកជាចំណុចខ្លាំងរបស់រាជរដ្ឋាភិបាលបន្តវេន។

ទោះយ៉ាងណា ការងារមិនអាចទៅមុខបានលឿនឡើយប្រសិនបើគ្មានគ្រឹះដ៏រឹងមាំដែលក្រាលដោយរៀមច្បងជំនាន់មុន និងគំរូដ៏ល្អដែលអ្នកជំនាន់ក្រោយបានរៀនសូត្រនិងដើរតាម។

ត្រឹមតែ៦ខែប៉ុណ្ណោះ ភាពមន្ទិលសង្ស័យទៅលើសមត្ថភាពដឹកនាំរបស់ក្រុមអ្នកបន្តវេនបានរសាត់បាត់យ៉ាងឆាប់រហ័ស។ ទាំងរៀមច្បងក្នុងបក្ស ទាំងប្រជាពលរដ្ឋម្ចាស់ឆ្នោតមានទំនុកចិត្តពេញលេញចំពោះរាជរដ្ឋាភិបាល។ នេះជាចំណុចគួរឱ្យសាទរប្រកបដោយមោទនភាព៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ