ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០២៤ របស់ក្រុមប្រឹក្សាអ្នកច្បាប់


នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាល C អគារមិត្តភាព នៃទីស្តីការគណៈរដ្ឋមន្ត្រី ក្រុមប្រឹក្សាអ្នកច្បាប់បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០២៤ ក្រោមប្រធានបទ «លើកកម្ពស់កិត្យានុភាពនិងប្រសិទ្ធភាពការងាររបស់ក្រុមប្រឹក្សាអ្នកច្បាប់» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់ ព្រមទាំងមានការចូលរួមពីឯកឧត្តម លោកជំទាវ ដែលជាទីប្រឹក្សា អនុប្រធាន សមាជិក សមាជិកបម្រុង និងជំនួយការក្រុមប្រឹក្សាអ្នកច្បាប់ ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់។

ក្នុងគោលបំណងលើកកម្ពស់កិត្យានុភាពនិងប្រសិទ្ធភាពរបស់ក្រុមប្រឹក្សាអ្នកច្បាប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់ បានណែនាំឱ្យបន្តគោរពវិន័យការងារ ពង្រឹងគោលការណ៍វិជ្ជាជីវៈនិង គោលការណ៍ច្បាប់ និងគុណភាពការងារតាមរយៈការពង្រឹងការអនុវត្តការងារឱ្យបានឆាប់រហ័ស និងលើកកម្ពស់គុណភាពនៃការផ្តល់យោបល់ ដើម្បីរួមចំណែកដល់ការគោរពនិងរក្សាឱ្យបាននូវគោលការណ៍សង្គតិភាពនិងសន្តិសុខគតិយុត្ត ព្រមទាំងទ្រទ្រង់ដល់ការអនុវត្តគោលនយោបាយសំខាន់ៗរបស់រាជរដ្ឋាភិបាល ប្រកបដោយប្រសិទ្ធភាពនិងស័ក្តិសិទ្ធភាព សំដៅរក្សាបាននូវតម្លៃគតិយុត្តនិងការអនុវត្តយូរអង្វែង រួមចំណែកដល់ដំណើរការពង្រឹងនីតិរដ្ឋស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្នុងមុំទី៤ «លើកកម្ពស់និងការពង្រឹងប្រសិទ្ធភាពនៃច្បាប់និងប្រព័ន្ធយុត្ដិធម៌»។ លើសពីនេះទៀត ក្រុមប្រឹក្សាអ្នកច្បាប់ ត្រូវបន្តលើកកម្ពស់កិត្យានុភាពនិងប្រសិទ្ធភាពការងារ តាមរយៈការពង្រឹងសមត្ថភាព ការសិក្សាស្រាវជ្រាវ ការបណ្តុះបណ្តាល សិក្ខាសាលា ទស្សនកិច្ចសិក្សាក្នុងនិងក្រៅប្រទេស និងការចែករំលែកបទពិសោធន៍។

គួរបញ្ជាក់ថា ក្រុមប្រឹក្សាអ្នកច្បាប់ ជាអង្គភាពអមទីស្ដីការគណៈរដ្ឋមន្ត្រីមួយដែលត្រូវបានបង្កើតឡើងតាមអនុក្រឹត្យលេខ១៣ អនក្រ ចុះថ្ងៃទី១០ ខែមីនា ឆ្នាំ១៩៩៤ ក្នុងគោលបំណងប្រមូលផ្ដុំនូវឥស្សរជន ដែលមានចំណេះដឹងខ្ពស់ មានជំនាញ និងមានបទពិសោធក្នុងវិស័យច្បាប់ ដើម្បីរៀបចំ ចងក្រង និងតាក់តែងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា។

សម្រាប់លទ្ធផលការងារនៅក្នុងឆ្នាំ២០២៣ ដើម្បីលើកកម្ពស់កិត្យានុភាពនិងប្រសិទ្ធភាពការងាររបស់ខ្លួន ក្រុមប្រឹក្សាអ្នកច្បាប់ បានពិនិត្យនិងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗ សរុបចំនួន១៧៧ នៅក្នុងកិច្ចប្រជុំចំនួន៣៣៤លើក ដែលក្នុងនោះមានសេចក្ដីព្រាងក្រមចំនួន១ (ក្រមបរិស្ថាននិងធនធានធម្មជាតិ) សេចក្ដីព្រាងច្បាប់ចំនួន១៨ សេចក្ដីព្រាងព្រះរាជក្រឹត្យចំនួន១២ សេចក្ដីព្រាងអនុក្រឹត្យចំនួន៨៩ សេចក្ដីព្រាងគោលនយោបាយចំនួន២ សេចក្ដីព្រាងសេចក្ដីសម្រេចចំនួន២ និងឯកសារផ្សេងៗចំនួន៥៣។

ក្នុងចំណោមការងារសំខាន់ៗខាងលើ ក្រោមការចង្អុលបង្ហាញនិងដឹកនាំដ៏ឈ្លាសវៃរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់ ក្រុមប្រឹក្សាអ្នកច្បាប់ បានរៀបចំ ពិនិត្យ និងកែសម្រួលគោលការណ៍ណែនាំស្តីពីនីតិវិធីនិងវិធាននៃការតាក់តែងសេចក្តីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត ដើម្បីជាមូលដ្ឋានសម្រាប់ក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាលក្នុងការតាក់តែងសេចក្តីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត ឱ្យមានសង្គតិភាពទាំងទម្រង់ទាំងគតិច្បាប់៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ព្រះមហាក្សត្រ ស្តេចយាងពន្លត់ភ្លើងជ័យ ខួបលើកទី៧១ ទិវាបុណ្យឯករាជ្យជាតិ ០៩ វិច្ឆិកា...

ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅរសៀល ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ព្រះអង្គទ្រង់ស្តេចយាងពន្លត់ភ្លើងជ័យ