ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា បានស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតសួរសុខទុក្ខ និងប្រោសប្រទានព្រះរាជអំណោយដល់បុគ្គលិក កម្មករផ្នែកប្រមូលសំរាម និងសំអាតទីក្រុងក្នុងរាជធានីភ្នំពេញ និងប្រកាសទិវាជាតិ នៃទីក្រុងស្អាត។
ក្នុងព្រះរាជពិធីដែលធ្វើនៅកោះនរា នាព្រឹកថ្ងៃទី១៤កុម្ភៈនេះ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញបានថ្វាយរបាយការណ៍ដោយគូស បញ្ជាក់ថា បច្ចុប្បន្ននេះ រដ្ឋបាលរាជធានីភ្នំពេញ មានភាពល្អប្រសើរ ធ្វើការងារគ្រប់គ្រង និងអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ដ ព្រមទាំងថែរក្សាអនាម័យ បរិស្ថានទីក្រុងស្អាត ពោលគឺ ក្រោយពេល ដែលរាជរដ្ឋាភិបាល បានធ្វើកំណែទម្រង់ លើការងារគ្រប់គ្រង សំរាមសំណល់រឹង ទៅទូទាំងប្រទេសក្នុងនោះនៅរាជធានីភ្នំពេញ បានរៀបចំនីតិវិធី ដេញថ្លៃប្រកួតប្រជែង ជាលក្ខណៈអន្តរជាតិ ដោយបានជ្រើសរើស បានក្រុមហ៊ុនចំនួន៣ ដើម្បីផ្ដល់ សេវាប្រមូល និងដឹកជញ្ជូនសម្រាម ក្នុងរាជធានី ។
ក្រុមហ៊ុនទាំង៣ បានចាប់ផ្តើមតាំងពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ រហូតមកដល់ពេលនេះ ដោយទទួលបានការសាទរ តម្លៃខ្ពស់ពីគ្រប់មជ្ឈដ្ឋានថា ផ្ដល់សេវាមានគុណភាពល្អប្រសើរជាងមុន មានមធ្យោបាយ សំភារៈប្រើប្រាស់ថ្មីទំនើប ចំនួនបុគ្គលិក កម្មករឆ្លើយតបទៅនឹងទំហំការងារ។ទោះជាយ៉ាងណា នៅមានបញ្ហាប្រឈមមួយចំនួនដែលប្រជាពលរដ្ឋមួយចំនួនទុកដាក់សំរាមមិនទាន់បានត្រឹមត្រូវដែលទាមទារឱ្យមានការចូលរួមទាំងអស់គ្នា។
ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ បានសព្វព្រះរាជហឫទ័យ រីករាយដែលរដ្ឋបាលរាជធានីភ្នំពេញបានប្រារព្ធព្រះរាជពិធីសួរសុខទុក្ខ និងប្រោសប្រទានព្រះរាជអំណោយដល់បុគ្គលិក កម្មករផ្នែកប្រមូលសំរាម និងសំអាតទីក្រុងក្នុងរាជធានីភ្នំពេញ និងប្រកាសទិវាជាតិនៃទីក្រុងស្អាតនៅថ្ងៃនេះ។
ជាមួយនឹងការនាំមកនូវ ព្រះរាជបណ្ដាំផ្ញើ សួរសុខទុក្ខនិងសេចក្តីនឹករលឹក ដ៏ជ្រាលជ្រៅបំផុត និងពរជ័យដ៏មហាប្រសើរពីសម្តេច ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតជូនឯកឧត្តម លោកជំទាវ លោកលោកស្រី បងប្អូន កម្មករ កម្មការនីទាំងអស់ព្រះអង្គសព្វព្រះរាជហឫទ័យដែលរដ្ឋបាលរាជធានីភ្នំពេញបានបង្ហាញពីការរីកចម្រើន រួមទាំងសកម្មភាព នៃការចូលរួមរបស់បងប្អូនកម្មករ កម្មការនីផ្នែកប្រមូលសំរាមក្នុងរយៈពេលជាច្រើនឆ្នាំមកនេះបានខិតខំចូលរួមសំអាតទីក្រុងបានយ៉ាងល្អថែរក្សាភាពស្អាតទីក្រុងជាពិសេស ក្នុងស្ថានភាពរីកចម្រើនក្នុងរាជធានីភ្នំពេញ។ ព្រះអង្គបានគូសរំលេចថា រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៧ខែកុម្ភៈជារៀងរាល់ឆ្នាំ ដើម្បីប្រារព្ធទិវាជាតិទីក្រុងស្អាត សំដៅរួមចំណែកបំផុស និងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេសព្រមទាំងជំរុញ និងយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់ការអភិវឌ្ឍបៃតង ការប្តូរនូវបដិសណ្ឋារកិច្ចល្អដែលរួមចំណែកដល់ការអភិវឌ្ឍវិស័យទេសចរណ៍ និងការរីកចម្រើនរបស់សង្គមជាតិ។ ទីក្រុងស្អាត ផ្សាភ្ជាប់ទៅនឹងទីក្រុងឆ្លាត ដែលមានភាពទាក់ទាញ មានលក្ខណៈប្រកួតប្រជែងទាំងសេដ្ឋកិច្ចបរិស្ថាន ប្រកបដោយចីរភាព និងការទទួលខុសត្រូវ ដើម្បីលើកកម្ពស់គុណភាពរស់នៅ របស់ប្រជាជនប្រកបដោយសុខមាលភាព សុខភាព សន្តិសុខ វិបុលភាព និងផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាពិសេសបំផុសឱ្យមានការចូលរួមយ៉ាងសកម្ម ពីប្រជាពលរដ្ឋគ្រប់រូបតាមរយៈការពង្រឹងការអនុវត្តនូវផែនការទីក្រុងស្អាត ប្រកបដោយបរិស្ថានល្អ ស្អាត ឆ្លាត និងបៃតង។
ក្រោមការដឹកនាំ ដ៏វៃឆ្លាតប្រកបដោយគតិបណ្ឌិត របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាក្នុងការប្រតិបត្តិការងារដ៏ល្អប្រពៃ និងប្រកបដោយនយោបាយដ៏ថ្លៃថ្លា រាជរដ្ឋាភិបាលបានដឹកនាំសង្គមជាតិយើងទាំង ទីក្រុងនិងជនបទ ទទួល បានសេចក្តីសុខ សន្តិភាពនិងការអភិវឌ្ឍ ចម្រើនលូតលាស់លើគ្រប់វិស័យ និងបានកោតសរសើរដល់អភិបាលរាជធានីភ្នំពេញដែលបានចូលរួមចំណែកដឹកនាំកែលម្អសោភណ្ឌភាព ទីក្រុងភ្នំពេញឲ្យមានភាពស្រស់បំព្រងល្អស្អាត តាមគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍជាតិនានារបស់រាជរដ្ឋាភិបាល។
ព្រះករុណាបាន អំពាវនាវឱ្យគ្រប់ក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ វិស័យឯកជន អង្គការសង្គមស៊ីវិល ព្រះសង្ឃ លោកគ្រូ អ្នកគ្រូសិស្ស និស្សិត យុវជន យុវនារី មន្ត្រីរាជការ និងបងប្អូន ជនរួមជាតិទាំងអស់ សូមចូលរួមឲ្យបានផុលផុសក្នុងស្មារតី ទទួលខុសត្រូវខ្ពស់ក្នុងការថែរក្សា បរិស្ថានឱ្យបានល្អស្អាត និងបៃតង ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ ដើម្បីឲ្យព្រះរាជាណាចក្រកម្ពុជាក្លាយជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព និងភាពទាក់ទាញខ្ពស់ សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាពិសេសការបំពេញទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់ជាផ្លូវរដ្ឋ ជាផ្លូវការ ជាមិត្តភាពជាមួយប្រទេសកម្ពុជា៕