សម្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីអបអរសាទរការបញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុកជាបេតិកភណ្ឌពិភពលោក

CNV: 

ជយោ! ព្រះរាជាណាចក្រកម្ពុជា!
ជយោ! ព្រះរាជាណាចក្រ នៃវប្បធម៌!

តើថ្ងៃនេះខ្ញុំជា ហ៊ុន សែន ពិត ឬមិនពិត?

មុននឹងខ្ញុំបន្តទៅទៀត ជាពិសេស ខ្ញុំចង់សួរក្មួយៗ ជាយុវជន យុវនារី ដែលចូលរួមនៅថ្ងៃនេះ តើថ្ងៃនេះខ្ញុំជា ហ៊ុន សែន ពិតប្រាកដ ឬទេ? តើជា ហ៊ុន សែន កំពុងស្ថិតនៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យនៅឯប្រទេសបារាំង និង ហ៊ុន សែន ដែលពេទ្យសាំងហ្គាពួរគ្មានសមត្ថភាពនឹងព្យាបាល កំពុងតែស្ថិតនៅមន្ទីរពេទ្យហុងកុងមែនទេ? តើជា ហ៊ុន សែន ពិតឬមិនពិត? មិនមែនជាការទះកំភ្លៀងអ្នកណាមួយទេ ក៏ប៉ុន្តែ យើងចង់ធ្វើអោយកាន់តែច្បាស់ថា មិនមានការក្លែងបន្លំ និងភាពអគតិណាមួយកើតឡើងនៅក្នុងសង្គម​របស់យើងនោះទេ។

ថ្ងៃនេះ យើងពិតជាមានសេចក្តីរីករាយ ដែលបានមករួមជាមួយគ្នា ដើម្បីអបអរសាទរនូវការដាក់តំបន់ប្រាសាទសំបូរព្រៃគុក គឺជាសម្បត្តិបេតិកភណ្ឌពិភពលោក។ នេះជាព្រឹត្តិការណ៍ថ្មីមួយទៀត នៃព្រះរាជាណាចក្រកម្ពុជា។ ជាដំបូងនេះ អនុញ្ញាតអោយខ្ញុំ និងភរិយា សម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តម លោកជំទាវ​ អស់លោក លោកស្រី នាងកញ្ញា ជាពិសេសក្នុងនោះក៏មានវត្តមាន នៃតំណាងអង្គការយូណេស្កូ និងប្រិយមិត្តជាអគ្គរដ្ឋទូត និង​តំ​ណាងស្ថាប័នអន្តរជាតិនានា ប្រចាំព្រះរាជាណាចក្រកម្ពុជាចូលរួមផងដែរ។ ជាមួយគ្នានេះ ខ្ញុំក៏សូមស្វាគមន៍ជាមួយនឹងវត្តមានរបស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ដែលបាននឹងកំពុងមើលការផ្សាយបន្តផ្ទាល់ នូវតាមរយៈ(ការ)មើល និងស្តាប់នូវការផ្សាយផ្ទាល់ចេញពីទីនេះ ទៅតាមប្រព័ន្ធវិទ្យុ និងទូរទស្សន៍នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជា អនឡាញផ្សេងៗ ព្រមទាំងហ្វេសប៊ុក នៃបណ្តាអង្គភាពផងដែរ។

ប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក ជាមោទនភាពជាតិ មិនមែនមោទនភាពរបស់បុគ្គល

ខ្ញុំក៏សូមយកឱកាសនេះ ដើម្បីសម្តែងនូវការអរគុណ និងកោតសរសើរ ចំពោះបងប្អូនជនរួមជាតិ ក្នុងនោះ ទាំងព្រះសង្ឃ ទាំងគ្រហស្ថ សិស្ស និស្សិត ក៏ដូចជា បណ្តាបក្សនយោបាយ សង្គមស៊ីវិល ដែលបានចូល​រួមនៅក្នុងការអបអរសាទរ កាលពីថ្ងៃទី ១០ ខែ កក្កដា កន្លងទៅនេះ ដោយនៅតាមគ្រឹះស្ថានសិក្សា ស្ថាប័ន ក៏ដូចជា ទីកន្លែងនានាដែលអាចធ្វើទៅបាន រួមគ្នាវាយគង​ ទូងស្គរ ទះប៉ោត វាយរគាំង ដើម្បីអបអរសាទរ នូវពិធីបញ្ចូលតំបន់សំបូរព្រៃគុកទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ជាមួយ(គ្នា)នោះ ក៏មាន(ការ)ផ្ញើសារអបអរសាទរ ជា​មួយ​នឹងការចូលបញ្ជីបេតិកភណ្ឌនេះ ដែលនេះបង្ហាញអោយឃើញនូវភាពស័ក្តិសម ដែលជាពលរដ្ឋនៅក្នុងព្រះរា​ជាណាចក្រនៃវប្បធម៌។ យើងពិតជាបានបង្ហាញអោយឃើញថា សម្បត្តិរួម សប្បាយរួម ហើយនេះជាមោទនភាពរបស់​ជាតិយើងទាំងមូល មិនមែនជារបស់ផ្តាច់មុខរបស់អ្នកណាមួយទេ។

កោតសរសើរ និងអរគុណ ចំពោះស្ថាប័នផ្សព្វផ្សាយនានា

ខ្ញុំក៏សូមយកឱកាសនេះ ដើម្បីកោតសរសើរ និងថ្លែងអំណរគុណ ចំពោះស្ថាប័នផ្សព្វផ្សាយទាំងអស់នៅ ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលយកចិត្តទុកដាក់ទៅលើបេតិកភណ្ឌជាតិរបស់ខ្លួន។ ថ្ងៃនេះ ចេញពីទីនេះ យើងបានសង្កេតឃើញថា យើងបានធ្វើការផ្សព្វផ្សាយបន្តផ្ទាល់ តាមរយៈវិទ្យុ និងទូរទស្សន៍ ព្រមទាំងអនឡាញផ្សេងៗចេញពីទីនេះ ទៅកាន់ប្រជាជាតិទាំងមូល និងទូទាំងពិភពលោក។ សូម្បីតែនៅក្នុងទូរស័ព្ទរបស់ខ្ញុំនេះ ក៏បានមើលឃើញនូវការផ្សាយបន្ទផ្ទាល់ ដែលយើងអាចធ្វើទៅបាន។ ហើយថ្ងៃនេះ ក៏សូមយកឱកាសនេះ សម្តែងនូវការកោតសរ​សើរ ចំពោះស្ថានីយ៍ទូរទស្សន៍បាយ័នដែលផ្សាយចេញពីទីនេះ ហើយអនុញ្ញាតផ្តល់នូវការផ្សព្វផ្សាយផ្សេងទៀត សម្រាប់ស្ថានីយ៍ទូរទស្សន៍នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

ខ្ញុំសូមសម្តែងនូវការកោតសរសើរដោយឡែក ចំពោះទូរទស្សន៍ CNC ដែលបានរៀបចំនូវវេទិកាតុមូល ដោយអញ្ជើញនូវអ្នកជំនាញ អ្នកជាប់ពាក់ព័ន្ធ​ អ្នកសិក្សាស្រាវជ្រាវ​ ដើម្បីធ្វើជាវេទិកាបកស្រាយយ៉ាងល្អ ដើម្បីការយល់ដឹងទាំងអស់គ្នា។ យើងត្រូវយល់អោយបានថា គ្មានអ្នកណាមួយអាចយល់អស់នូវបញ្ហានោះទេ ដូច្នេះ ការ​ផ្លាស់ប្តូរមតិសូម្បីតែពាក្យពេជន៍ទាក់ទងទៅនឹងសំបូរព្រៃគុក យើងត្រូវតែបន្តនូវការបកស្រាយ​ថា ហេតុអ្វីទៅ​បានជាយើងប្រើប្រាស់ពាក្យ “គុក” នៅទីនេះ? ដែលនេះជាកិច្ចការដែលយើងត្រូវធ្វើបន្តតាមប្រព័ន្ធផ្សព្វផ្សាយនានា។ មុននេះខ្ញុំបានឃើញថា CNC បានអញ្ជើញអ្នកជំនាញខាងសេដ្ឋកិច្ចមក ធ្វើការវិភាគអំពីការពាក់ព័ន្ធនានា ជាមួយនឹងសម្បត្តិបេតិកភណ្ឌវប្បធម៌ ដែលយើងបានបញ្ចូលប្រាសាទសំបូរព្រៃគុក តើឥទ្ធិពលរបស់វាចំពោះសេដ្ឋកិច្ច និងសង្គមយ៉ាងណា?

យកថ្ងៃទី ១០ ខែ កក្កដា ជាទិវាចងចាំការបញ្ចូលប្រាសាទសំបូរព្រៃគុក​ជាសម្បត្តិបេតិកភណ្ឌពិភពលោក  

ខ្ញុំក៏សូមយឱកាសនេះ ដើម្បីថ្លែងនូវការកោតសរសើរ ចំពោះគណៈប្រតិភូដ៏មានសមត្ថភាពរបស់យើង ដែលដឹកនាំដោយ លោកជំទាវ ភឿង សកុណា បន្តពី សម្តេចវិបុលបញ្ញា សុខ អាន។ គណៈប្រតិភូពោពេញដោយសមត្ថភាពរបស់យើង ទោះបីជាគ្នាតិច ក៏ប៉ុន្តែ យើងមានលទ្ធភាព នឹងធ្វើអោយស្ថាប័នអន្តរជាតិមួយនេះ ទទួលយកតាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា។ ថ្ងៃនេះ យើងពិតជា(មាន)មោទនភាពខ្លាំងណាស់ ដែលបានកើតជាជនជាតិខ្មែរ ជាកេរ្តិ៍ដែលដូនតាបានបន្សល់ទុកនូវមរតកយ៉ាងច្រើន។ សង្ឃឹមថា ជាមួយនឹងវត្តមាន នៃមនុស្សចាស់នៅទីនេះ ក្មួយៗយុវជនទាំងឡាយ និងបន្តនូវស្មារតីស្រឡាញ់នូវវប្បធម៌ជាតិ។ អនុញ្ញាតអោយខ្ញុំយកឱកាសនេះ ដើម្បីប្រកាសថា យើងនឹងយក ថ្ងៃទី ១០ ខែ កក្កដា ជារៀងរាល់ឆ្នាំ ដើម្បីធ្វើជាទិវា នៃការចងចាំក្នុងការដាក់តំបន់សំបូរព្រៃគុក ទៅជាសម្បត្តិបេតិកភណ្ឌពិភពលោក។

ហេតុអ្វី​បានជាយើងត្រូវធ្វើយ៉ាងដូច្នេះ? យើងត្រូវរំលឹកពីករណីមុនៗ ដូចជា ប្រាសាទព្រះវិហារ បានដាក់ចូលនូវបញ្ជីបេតិកភណ្ឌពិភពលោកនៅថ្ងៃទី ៧ ខែ កក្កដា ឆ្នាំ ២០០៨។ បន្ទាប់ពីប្រាសាទអង្គរ ដែលបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅឆ្នាំ ១៩៩២។ នៅថ្ងៃទី ៨ ខែ កក្កដា ខ្ញុំសុំរំលឹកចំណុចព្រឹតិ្តការណ៍នេះបន្តិច ដើម្បីយើងទាំងអស់គ្នាធ្វើការចងចាំ។​ ថ្ងៃទី ៧ ខែ កក្កដា ឆ្នាំ ២០០៨ ប្រាសាទព្រះវិហារ ត្រូវបានដាក់បញ្ចូលជាបេតិកភណ្ឌពិភពលោក ហើយត្រូវបានអបអរសាទរ ចេញសារអបអរសាទរនៅថ្ងៃទី ៨ ខែ កក្កដា និងការអបអរសាទរនៅទីក្រុងភ្នំពេញគោះជួងនៅទូទាំងព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី ៩ ខែ កក្កដា​ ដោយនៅទីនេះ មានការធ្វើពិធី ដឹកនាំគណៈប្រតិភូដោយសម្ដេចវិបុលបញ្ញា សុខ អាន មកធ្វើពិធីស្វាគមន៍យ៉ាងសប្បាយរីករាយ។

ឯចំពោះ​តំបន់ប្រាសាទសំបូរព្រៃគុក ត្រូវដាក់បញ្ចូលជាបេតិកភណ្ឌពិភពលោកនៅថ្ងៃទី ៨ ខែ កក្កដា ហើយសាររបស់ខ្ញុំត្រូវបានចេញនៅថ្ងៃទី ៩ ខែ កក្កដា ហើយកំណត់យកម៉ោង ១០ ថ្ងៃទី ១០ ខែ កក្កដា ធ្វើការអបអរសាទរតាមរយៈនៃសកម្មភាពរួមរបស់ប្រជាជាតិទាំងមូល។ ដូច្នេះ សកម្មភាពតំបន់ទាំងពីរនេះ ទាំងប្រាសាទព្រះវិហារ ទាំងប្រាសាទសំបូរព្រៃគុក គឺយើងធ្វើពិធីតែមួយ ដើម្បីបំផុសនូវចិត្តគំនិតរបស់ប្រជាពលរដ្ឋកម្ពុជារបស់យើង អំពី​ការស្រឡាញ់នូវវប្បធម៌ជាតិ។

គោរពវិញ្ញានក្ខន្ធ សម្តេចវិបុលបញ្ញា និងចូលរួមច្រៀងបទ ពង្សាវតារខ្មែរ

ក្នុងន័យនេះ ដើម្បីរំលឹកទៅដល់ការលះបង់ និងការដឹកនាំប្រកបដោយការឈ្លាសវៃទៅលើសមរភូមិវប្បធម៌ សម​រ​ភូមិនយោបាយការទូត ទម្រាំនឹងបញ្ចូលប្រាសាទព្រះវិហារបាន ទៅជាបេតិកភណ្ឌពិភពលោក ខ្ញុំសូមស្នើអង្គពិធីទាំងមូលងើបឈរឡើងរួមជាមួយខ្ញុំ ដើម្បីរំលឹកទៅដល់វិញ្ញាណក្ខន្ធចំពោះសម្ដេចវិបុលបញ្ញា សុខ អាន ដែលបានដឹកនាំនៅក្នុងយុទ្ធនាការដ៏មានសារសំខាន់នេះ។ នេះជាការចងចាំសម្រាប់យើងទាំងអស់គ្នា។ សូមស្មឹងស្មាធិ៍ ៥ វិនាទី!។ អរគុណ សូមអញ្ជើញអង្គុយចុះ។

ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាង កញ្ញា បងប្អូនជនរួមជាតិ ខ្ញុំសុំយកឱកាសនេះ ដើម្បីបញ្ជាក់ជូនចំពោះជនរួមជាតិថា តើហេតុអ្វីទៅបានជាយើងចាំបាច់ត្រូវធ្វើនូវកិច្ចការងារនេះ? ហើយតើមានកត្តាអ្វីខ្លះទៅ ដែលនាំយើងទៅរកជ័យជំនះបែបនេះ? … ថ្ងៃនេះ ខ្ញុំនឹងចូលរួមជាមួយសិល្បករ សិល្បការិនី ជាមួយឯកឧត្តម លោកជំទាវ ដើម្បីច្រៀងនូវចម្រៀង ពង្សាវតារខ្មែរ។ ខ្ញុំក៏នៅបន្តជាមួយឯកឧត្តម លោកជំទាវ ក៏ដូចជាក្មួយៗ ដើម្បីទស្សនានូវសិល្បៈហើយយប់នេះ នៅរាជធានីភ្នំពេញនឹងមានការបាញ់កាំជ្រួចរហូតចំនួនពីរដង ដើម្បី​អបអរសាទរនូវព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ។

ទាំងអស់គ្នាធ្វើជាកូនកតញ្ញូ ការពារសិល្បៈ វប្បធម៌ អក្សរសាស្រ្ត ទំនៀមទំលាប់ រូបី និងអរូបី

បញ្ហាដែលយើងត្រូវចោទសួរថា ហេតុអ្វីបានយើងត្រូវធ្វើកិច្ចការងារនេះ? ប្រសិនបើប្រទេសយើងពោរពេញទៅដោយវាលខ្សាច់ ប្រសិនបើប្រទេសយើងពោរពេញទៅដោយការកាប់សម្លាប់ និងជាទីលានពិឃាត ប្រ​ហែល​ជាគ្មានការចាំបាច់ណាមួយដើម្បីអោយយើងធ្វើកិច្ចការងារនេះទេ។ ប៉ុន្តែ យើងត្រូវដឹងថា ប្រទេសកម្ពុជា គឺជាប្រ​ទេស​ដែលសម្បូរទៅដោយប្រាង្គប្រាសាទដែលព្រះមហាក្សត្រ និងបុព្វបុរសរបស់យើងបានខិតខំកសាងឡើង។ យើងទាំងអស់គ្នាត្រូវតែការពារ បើសិនជាយើងជាកូនកតញ្ញូ។ មិនត្រឹមតែ(មិន)បំផ្លាញទេ ប៉ុន្តែត្រូវការពារ។ ​

ម្យ៉ាងទៀត សិល្បៈ វប្បធម៌ អក្សរសាស្រ្ត ទំនៀមទំលាប់ដ៏សម្បូរបែប ចាំបាច់តម្រូវអោយយើងត្រូវធ្វើកិច្ចការដ៏ច្រើន ដែលយើងបានដាក់រួចមកហើយនូវផ្ទាំងរូបីចំនួន ៣ និងអរូបីមួយចំនួនផ្សេងទៀត ដែលលោកជំទាវរដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ភឿង សកុណា បានលើកឡើងក្នុងរបាយការណ៍អម្បាញ់មិញ។ ចាប៉ីដងវែង របាំព្រះរាជទ្រព្យ។ល។ ខ្ញុំចាំមិនអស់ទេ សូមអភ័យទោស។ យើងស្នើសុំថា យើងហាក់ដូចជាមានក្រៅពីរូបីចំនួន ៣ យើងនៅមានអរូបីចំនួន ៤ និងការចងចាំមួយចំនួនផ្សេងទៀត ដូចជាសារមន្ទីរទួលស្លែង និងការទាញព្រ័ត្រ ដែលសុទ្ធតែជាបញ្ហាពាក់ព័ន្ធជាមួយនឹងវប្បធម៌ជាតិរបស់យើង …។ យើងមានកិច្ចការច្រើនដែលត្រូវធ្វើជាបន្ត។ រឿងនេះមិនចប់ត្រឹមថ្ងៃនេះទេ។ យើងនៅមានប្រាសាទកោះកេរ្តិ៍ យើងនៅមានប្រាសាទបន្ទាយ​ឆ្មារ យើងនៅមានភ្នំគូលែន និងនៅមានកន្លែងដទៃទៀត​ដែលយើងត្រូវធ្វើ។

នេះគឺជាតួនាទីនៃពលរដ្ឋកម្ពុជា នៃកូនខ្មែរដែលបានកើតលើដីនេះ។ អ្វីដែលយើងបានធ្វើនេះ គឺដោយ​សារដូន​តា​យើងបន្សល់ទុកអោយ។ ដូនតា និងព្រះរាជាគ្រប់ជំនាន់របស់យើងបានប្រឹង និងដឹកនាំកសាង ជាមួយនឹងបុព្វបុរសជាតិរបស់យើង។ យើងជាអ្នកជំនាន់ក្រោយ គ្រាន់តែការពារ គឺការពារមិនបាន គឺជាកូនអកតញ្ញូ។ យើង​ទាំងអស់គ្នាត្រូវធ្វើជាកូនកតញ្ញូ។

បេតិកភណ្ឌវប្បធម៌ មានអន្តរសកម្ម សេដ្ឋកិច្ចសង្គម

… យើងត្រូវមើលឃើញថា បញ្ហាវប្បធម៌បេតិកភណ្ឌ ឬសិល្បៈ មិនមែនជាបញ្ហាដាច់ដោយ​ឡែកនោះទេ។ វាជាប់ពាក់ព័ន្ធជាមួយនឹងបញ្ហាសេដ្ឋកិច្ចសង្គមផងដែរ។ យើងបានខិតខំបង្កើតឲ្យមានស្ថានភាពពីសូន្យទេសចរ មកដល់ជាង ៥ លានទេសចររួចស្រេចទៅហើយតាមរយៈការប្រើប្រាស់នូវសម្បត្តិដែលដូនតាបានបន្សល់ទុក។ រឿងទាំងឡាយដែលយើងបានធ្វើ គឺជាចំណងទាក់ទងជាចុងខ្សែច្រើននៃចំណងមួយ។ យើងធ្វើទាក់ទងជាមួយនឹងការការពារបេតិកភណ្ឌវប្បធម៌របស់យើង ក៏ប៉ុន្តែ វាមានអន្តរសកម្មចំពោះបញ្ហសេដ្ឋកិច្ច និងសង្គមផងដែរ។ កំណើនសេដ្ឋកិច្ចដ៏ធំធេង ក៏បានមួយភាគធំចេញមកពីទេសចរណ៍ ដែលចាក់បញ្ចូលទៅក្នុងសេដ្ឋកិច្ចជាតិ និងបង្កើតការងារ និងមុខរបរសម្រាប់ប្រជាពលរដ្ឋរបស់យើង។ អន្តរសកម្មនៅទីនេះ មិនត្រូវមើលស្រាលនោះទេ ប្រ​ទេស​ជាច្រើន បានយកវិស័យទេសចរណ៍ គឺជាគោលដៅនៃការធ្វើឲ្យមានកំណើនសេដ្ឋកិច្ច និងការងារធ្វើ​ ជូនប្រ​ជា​ជនរបស់គេ។

ប្រទេសរបស់យើងធ្វើកិច្ចការទាក់ទិននឹងវប្បធម៌ ក៏ប៉ុន្តែ​វាបានផ្តល់ផលមកវិញ មិនគ្រាន់តែកិច្ចការពារ និង​អភិរក្ស និងអភិវឌ្ឍនូវវប្បធម៌ប៉ុណ្ណោះទេ ក៏ប៉ុន្តែ វាបានផ្តល់ឲ្យយើងជាមួយនឹងកំណើនសេដ្ឋកិច្ច ក៏ដូចជាការងារធ្វើសម្រាប់ពលរដ្ឋ ក៏ដូចជាការរួមចំណែកកាត់បន្ថយភាពក្រីក្រសម្រាប់ប្រជាពលរដ្ឋរបស់យើង។ នេះហើយជាកិច្ចការដែលយើងត្រូវធ្វើ ហើយត្រូវចងចាំថាកូនចៅជំនាន់ក្រោយ ត្រូវតែខិតខំការពារ អភិរក្សផង អភិវឌ្ឍផងនៅក្នុង​​បញ្ហាវប្បធម៌របស់យើង។ ទិវា ៣ មីនា ជាទិវាវប្បធម៌ជាតិជារៀងរាល់ឆ្នាំ ដែលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ធ្វើឡើង មិនត្រូវមើលស្រាលនោះទេ។ យើងត្រូវយកចិត្តទុកដាក់ជម្រុញអន្តរសកម្មអោយបានធំជាមួយនឹងកិច្ចការពារ ក៏ដូចជាការអភិវឌ្ឍប្រទេសជាតិរបស់យើង។

ឥឡូវ យើងចោទចេញជាសំណួរមួយទៀតថា ហេតុអ្វីបានជាយើងទទួលបាននូវជោគជ័យទៅលើការងារ ដែលយើងបាន និងកំពុងរួមគ្នា ធ្វើពិធីអបអរសាទរនៅទីនេះ។ ប្រទេសមួយចំនួនបានដាក់នូវបញ្ជីស្នើសុំទៅអង្គការយូណេស្កូ ២០ ឆ្នាំ ឬជិត ៣០ ឆ្នាំ រួចមកហើយ តែមិនទាន់បានត្រូវអនុម័តទទួលយកដោយអង្គការយូណេស្កូនោះទេ។ ក៏ប៉ុន្តែ ព្រះរាជាណាចក្រកម្ពុជា ដាក់មួយបានមួយ ដាក់ពីរបានពីរ ដាក់បីបានបី។ ខ្ញុំ​សុំលើកនៅទីនេះ ដោយសង្កត់ធ្ងន់លើចង្កោមបញ្ហានៃទិដ្ឋភាពនយោបាយ សេដ្ឋកិច្ចសង្គម ផងដែរ។

កត្តាទី ១ សន្តិភាព គ្មានសង្គ្រាម នាំឲ្យជោគជ័យក្នុងការដាក់តំបន់ប្រាសាទសំបូរព្រៃគុក

ដំបូងបំផុត វត្តមាននៃសន្តិភាព និងការឯកភាពទឹកដី ជំនួសឲ្យសង្គ្រាម និងការបែកបាក់ពីអតីតកាល។ ចំណុចនេះ វាមានសារសំខាន់ខ្លាំងណាស់ ដែលជនរួមជាតិរបស់យើងត្រូវចងចាំ។ វត្តមាននៃសន្តិភាព ដែលបាននាំឲ្យយើងនូវការឯកភាពជាតិជាលើកដំបូងនៅក្នុងប្រវត្តិសាស្រ្តរាប់សិបឆ្នាំ ឬរាប់រយឆ្នាំ វាបានផ្តល់ឱកាសបែបនេះមក​ដល់យើង។ អតីតព្រះមហាក្សត្រ សម្តេចព្រះនរោត្តម សីហនុ ព្រះអង្គបានយកព្រះទ័យទុកដាក់យ៉ាងខ្លាំង។ តែគួរឲ្យសោកស្តាយ រដ្ឋប្រហារមួយបានមកដល់ទម្លាក់ព្រះអង្គចេញពីដំណែង ដើម្បីរបស់ដែលហៅថាការផ្លាស់​ប្តូរ។ តែការផ្លាស់ប្តូរនោះបាននាំមកនូវការឈឺចាប់រាប់មិនអស់ មិនថាតែការកាប់សម្លាប់ទៅលើប្រជាជនទេ ក៏ប៉ុន្តែ ប្រទេសរបស់យើងគ្មានឱកាសសម្រាប់ការអភិវឌ្ឍណាមួយទេ។ ក្រោមទម្ងន់គ្រាប់បែក គ្រាប់ផ្លោង និងការបំផ្លិចបំផ្លាញដទៃទៀត គឺធ្វើឲ្យឱកាសនៃការកសាងប្រទេសជាតិមិនអាចទៅមុខបានទេ។ តាមរយៈនៃការខិតខំរបស់យើងទាំងអស់គ្នា ក្នុងនោះ កិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលបានដើរតួនាទីមួយក្នុងចំណោមតួនាទីនៃដំណើរការសន្តិភាពរបស់កម្ពុជា។ បន្ទាប់មក នយោបាយឈ្នះឈ្នះ ដែលជានយោបាយនាំមកនូវការឯកភាពទឹកដីជាលើកដំបួង បានផ្តល់ឱកាសសម្រាប់ប្រជាជនកម្ពុជាធ្វើនូវកិច្ចការងារនេះ។ ដូច្នេះ ត្រូវចងចាំថា វត្តមាននៃសន្តិភាព ជំនួសឲ្យសង្គ្រាម និងការបែកបាក់ គឺជាកត្តាទីមួយដំបូងបំផុត ដែល(នាំឲ្យ)យើងសម្រេចបាននូវជោគជ័យកន្លងមក និងនៅថ្ងៃនេះ។

កត្តាទី ២ ការគាំទ្រ យកចិត្តទុកដាក់ពីព្រះមហាក្សត្រ និងព្រះវររាជមាតាជាតិ

ទី ២ ព្រះមហាក្សត្រព្រះអង្គតែងផ្តល់នូវការគាំទ្រ និងលើកទឹកចិត្តជាប្រចាំ តាំងពីអតីតព្រះមហាក្សត្រ សម្តេច​ព្រះវររាជបិតាជាតិ ព្រះបរមរតនកោដ្ឋ មកដល់ព្រះមហាក្សត្របច្ចុប្បន្ន។ ព្រះអង្គបានផ្តល់នូវការគាំទ្រពេញលេញ​នៅក្នុងដំណើរការរបស់យើង។ ព្រឹកមិញនេះ ខ្ញុំបានដឹកនាំគណៈប្រតិភូ ដែលបានធ្វើកិច្ចការដ៏លំបាកនៅឯប្រទេសប៉ូឡូញ ចូលថ្វាយបង្គំគាល់ ដើម្បីនឹងថ្វាយនូវរបាយការណ៍ចេញពីគណៈប្រតិភូតែម្តង។ ចំណុចនេះ ខ្ញុំសូមបញ្ជាក់ថា មុនពេលព្រះមហាក្សត្របច្ចុប្បន្នគ្រងរាជ្យ ព្រះអង្គគឺជាអគ្គរាជទូត​នៃព្រះរាជាណាចក្រកម្ពុជា នៅយូណេស្កូ។ ចំណុចនេះ គឺមានអត្ថន័យសំខាន់មួយទៀត ដែលជួយជម្រុញឲ្យយើងបង្កើតនូវការដាក់បញ្ចូលប្រាសាទព្រះវិហារ និងដាក់តំបន់សំបូរព្រៃគុក ទៅជាបេតិកភណ្ឌពិភពលោក។ និយាយយ៉ាងដូច្នេះ មិនមែនជាការទិញដូរទឹកចិត្តនោះទេ ក៏ប៉ុន្តែ ការស្គាល់នូវកម្ពុជាពិតប្រាកដ គឺជាបញ្ហាចាំបាច់ណាស់។ ទូលបង្គំយើងខ្ញុំ សូមយកឱកាស ចេញពីទីនេះ សូមអរព្រះគុណចំពោះព្រះមហាក្សត្រជាទីសក្ការៈ ក៏ដូចជាសម្តេចព្រះវររាជមាតាជាតិខ្មែរ ដែលព្រះអង្គតែងយកព្រះទ័យទុកដាក់ និងផ្តល់នូវការគាំទ្រចំពោះសកម្មភាពរបស់រាជរដ្ឋាភិបាល ទៅលើវប្បធម៌ជាតិ ហើយសូមថ្វាយព្រះពរចំពោះព្រះអង្គទាំងពីរ ចេញពីទីនេះ សូមមានព្រះរាជសុខភាពល្អ ព្រះជន្មាយុយ៉ឺនយូរ ដើម្បីគង់ជាម្លប់ដ៏ត្រជាក់សម្រាប់កូនចៅប្រជារាស្រ្តខ្មែរ។

កត្តាទី ៣ នយោបាយច្បាស់លាស់លើវិស័យវប្បធម៌ និងសិល្បៈរបស់បក្សកាន់អំណាច

កត្តាទី ៣ ដែលនាំឲ្យយើងមានថ្ងៃនេះ គឺបក្សដឹកនាំរាជរដ្ឋាភិបាល បាននយោបាយច្បាស់លាស់លើវិស័យវប្បធម៌ និងសិល្បៈ។ វាពិតណាស់ហើយ    ខ្ញុំគ្រាន់តែលើកជ្រុងមួយនៃវប្បធម៌និងសិល្បៈទេ ក៏ប៉ុន្តែ បក្សនយោ​បាយ​​ដែលដឹកនាំរដ្ឋត្រូវតែមាននយោបាយគ្របដណ្តប់ទាំងក្នុងប្រទេស ទាំងក្រៅប្រទេស។ ជ្រុងនៃនយោបាយវប្បធម៌ក៏ជាផ្នែកមួយ។ តាំងពីគំនរផេះផង់ បានធ្វើឲ្យប្រជាជាតិនេះរស់ឡើងវិញ ងើបឡើងស្មើមុខស្មើមាត់ជា​មួយ​គេឯង។ នេះជាភាពចាំបាច់មួយទៀត ដែលកូនខ្មែរត្រូវមើលឲ្យឃើញអំពីកត្តាដឹកនាំ។ តើបក្ស​នយោបាយណាទៅដែលមានសម្ថភាពគ្រប់គ្រាន់ក្នុងការធ្វើនូវកិច្ចការទាំងអស់នេះ? ពេលសន្តិភាពត្រូវបាត់បង់ អ្វីៗក៏ត្រូវបំផ្លាញ នយោបាយមើលស្រាលចំពោះវប្បធម៌ សូម្បីពាក្យមួយម៉ាត់ស្វាគមន៍នូវការបញ្ចូលតំបន់ប្រាសាទសំបូរ​ព្រៃគុក ក្លាយទៅជាបិតិភណ្ឌពិភពលោក ក៏មិនព្រមធ្វើផងនោះ តើវាស័ក្តសមទៅនឹងបក្សកាន់អំណាច ឬដឹកនាំប្រជារាស្រ្តខ្មែរនោះទេ?

ត្រូវចងចាំ មិនមែនត្រឹមពូកែនិយាយទេ តែត្រូវធ្វើសកម្មភាពជាក់ស្តែង។ មិនមែនខ្ញុំយកវេទិកានេះ ដើម្បីវាយប្រហារអ្នកណាទេ។ មានបក្សនយោបាយជាច្រើនដែលបានបញ្ជូនសារមក ប៉ុន្តែក៏អវត្តមានបក្សនយោបាយ ឬសង្គមស៊ីវិលខ្លះ ដែលគេមិនហ៊ាន(ទទួលសរសើរ)ទាំងអ្វីដែលជាសមទ្ធិផលរបស់ជាតិផង។ ក្នុងចំណុចនេះ ខ្ញុំសុំស្នើឲ្យមើលឲ្យច្បាស់នូវតួនាទីនៃបក្សដឹកនាំរដ្ឋ តើមានលទ្ធភាពធ្វើកិច្ចការបែបនេះ ឬទេ?

កត្តាទី ៤ យន្តការអនុវត្ត ស៊ីសង្វាក់គ្នា ទាំងក្នុងប្រទេស ទាំងក្រៅប្រទេស

កត្តាទី ៤ យើងមានយន្តការអនុវត្ត ដែលស៊ីសង្វាក់គ្នាទាំងការអនុវត្តក្នុងប្រទេស ទាំងការអនុវត្តក្រៅប្រទេស។ លទ្ធផលនេះ មិនធ្លាក់មកពីលើមេឃនោះទេ តែវាបានមកពីការខិតខំរបស់រាជរដ្ឋាភិបាល។ ខ្ញុំសូមកោតសរសើរសាជាថ្មីម្តងទៀតចំពោះលោកជំទាវ ភឿង សកុណា និងសមាជិកប្រតិភូដ៏មានសក្តានុពល។ សូមកោតសរសើរចំពោះក្រសួងវប្បធម៌ និងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរថ្នាក់ក្រោមជាតិ ជាពិសេសខេត្តកំពង់ធំ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានអនុវត្ត និងចូលរួមអនុវត្ត នូវគោលនយោបាយស្តីពីវប្បធម៌ និងសិល្បៈរបស់ជាតិ។

ខ្ញុំសូមលើកនៅទីនេះដើម្បី បង្ហាញឲ្យឃើញអំពីភាពស៊ីសង្វាក់រវាងការអនុវត្តទាំងក្នុងប្រទេស និងក្រៅប្រទេស យើងមិនអាចទៅបោកប្រាស UNESCO ឬជាពិសេសអង្គការ ICOMOS នោះបានទេ។ ត្រូវចងចាំថាភាពស៊ីសង្វាក់រវាងខាងក្នុង និងខាងក្រៅ គឺជាបញ្ហាសំខាន់ខ្លាំងណាស់ ដែលផ្តល់ឱកាសដល់យើងសម្រាប់ការចូលជាបេតិភណ្ឌពិភពលោក មិនមែនដោយសារតែយើងពូកែ lobby ទើបគេបញ្ចូលនោះទេ។ ក៏ប៉ុន្តែ នេះគឺបានមកដោយសារការខិតខំនៅខាងក្នុង បំពេញលក្ខខណ្ឌរបស់អង្គការផ្នែកមួយនៃអង្គការបេតិភណ្ឌពិភពលោក របស់ UNESCO បើយើងធ្វើលក្ខខណ្ឌតម្រូវនេះមិនបានទេ យើងគ្មានលទ្ធភាពដើម្បីចូលទេ។

ប្រទេសមួយចំនួនត្រូវបានចូលហើយ ត្រូវបានគេបណ្តេញចេញ។ ប្រទេសមួយចំនួនគេកំពុងព្រមាន រាប់ទាំងប្រទេសកំពុងអភិវឌ្ឍផង អំពីការបាត់បង់លក្ខណៈសម្បត្តិ ដែលវាមិនអាចជាសម្បត្តិសកលបានតទៅទៀត។ ដូច្នេះ ភាពស៊ីចង្វាក់គ្នានេះ មានសារសំខាន់ខ្លាំងណាស់ចំពោះការចូលទៅក្នុងបេតិភណ្ឌពិភពលោក ចំ​ណង​ទាក់ទងរវាងខាងក្នុង និងខាងក្រៅ។ ខាងក្នុងជាកត្តាកំណត់ និងខាងក្រៅជាផ្នែកដែលទ្រទ្រង់។ ត្រូវឃើញអោយ​ច្បាស់ មិនមែនអ្វីៗសុទ្ធតែអាចពឹងពាក់បរទេសបានទេ បើសិនជាខាងក្នុងមិនបំពេញបាននូវលក្ខខណ្ឌ។

កត្តាទី ៥ ការគាំទ្រ និងទុកចិត្តរបស់ប្រជាជនចំពោះបក្សកាន់អំណាច

កត្តាទី ៥ យើងមានការគាំទ្ររបស់ប្រជាជនតាមរយៈការបោះឆ្នោត ជូនគណបក្សប្រជាជនឲ្យធ្វើការដឹកនាំប្រទេសរៀងរហូតមក ដូច្នេះ បន្ទាប់ពីចូលអាណត្តិទី ៤ បញ្ចូលប្រាសាទព្រះវិហារជាសម្បត្តិរប្បធម៌ពិភពលោកនៅក្នុងដំណាក់កាលនៃការឃោសនាបោះឆ្នោតឆ្នាំ ២០០៨ អាណត្តិទី ៥ យើងទទួលជោគជ័យសារជាថ្មីម្ត​ង​ ទៀត ទៅលើការដាក់តំបន់សំបូរព្រៃគុកទៅជាសម្បត្តិបេតិភណ្ឌរប្បធម៌ពិភពលោក។ នេះគឺជាការគាំទ្ររបស់ប្រ​ជា​ជនចំពោះបក្សកាន់អំណាច ចំពោះគណបក្សប្រជាជនដែលកំពុងដឹកនាំរាជរដ្ឋាភិបាល ហើយសូមអរគុណចំពោះប្រជាពលរដ្ឋនៅគ្រប់ទិសទី ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនជារៀងរហូតមក។ យើងក៏មានការចូលរួមពីគ្រប់តួអង្គពាក់ព័ន្ធផងដែរ។ មិនមែនគ្រាន់តែក្រសួងវប្បធម៌ និងវិចិត្រសិល្បៈមួយគ្រប់គ្រាន់នោះទេ។ ប៉ុន្តែ ផ្នែកពាក់ព័ន្ធទាំងអស់សុទ្ធ តែមានចំណែកដែលសមហេតុសមផល និងទទួលយកនូវមោទនភាពជាប្រជាជន និងជាស្ថាប័ន ដែលនៅក្នុងក្របខណ្ឌជាតិ ហើយសក្តិសមជាស្ថាប័ន និងជាពលរដ្ឋ នៃព្រះរាជាណាចក្រវប្បធម៌។

កត្តាទី ៦ នយោបាយការបរទេសត្រឹមត្រូវ ដែលទាក់ទាញការគាំទ្រប្រទេសជាមិត្ត

ទី ៦ យើងមាននយោបាយការបរទេសត្រឹមត្រូវ ដែលទាក់ទាញការគាំទ្រពីប្រទេសជាមិត្ត និងអង្គការអន្តរជាតិ ពិសេសគឺ UNESCO ទាំងការដាក់បញ្ចូលនូវសម្បត្តិបេតិភណ្ឌវប្បធម៌ បេតិភណ្ឌពិភពលោក ទាំងការជួយជំនួយហិរញ្ញវត្ថុបច្ចេកទេស ដើម្បីការជួសជុល និងអភិរក្សក៏ដូចជាការបណ្តុះបណ្តាលធនធានមនុស្ស។ នៅក្នុងឱកាសនេះ ខ្ញុំសូមសំដែងនូវអំណរគុណចំពោះ លោកជំទាវ Bokova អគ្គនាយក UNESCO ដែលពីរលើកមកហើយ លោកជំទាវបានផ្តល់នូវការគាំទ្រសម្រាប់ការចូលបេតិភណ្ឌពិភពលោក។ មិនមែនយើងទិញទឹកចិត្តលោកជំទាវ Bokava បានទេ។ ដោយសារការខិតខំរបស់យើង។ ប៉ុន្តែ បើមិត្តភក្តិមិនផ្តល់នូវការគាំទ្រសម្រាប់យើង ក៏យើងមានការលំបាក។

អម្បាញ់មិញ លោកជំទាវ ភឿង សកុណា ក៏បានធ្វើនូវរបាយការណ៍ ពាក់ព័ន្ធទៅនឹងតួអង្គដែលបានគាំទ្រយើងនៅឯប្រទេសប៉ូឡូញកន្លងទៅនេះ នៅក្នុងក្របខណ្ឌអាស៊ានមាន ប្រទេសឥណ្ឌូនេស៊ី ហ្វីលីពីន និង វៀតណាម ដែលស្ថិតនៅក្នុងគណកម្មាធិការពិនិត្យនោះឯង។ ដូច្នេះ នយោបាយការបរទេសត្រឹមត្រូវនេះ នាំមកនូវការចូលរួមចំណែកពីសំណាក់តួអង្គ។ មិនមែនគ្រាន់តែជាការបញ្ចូលទេ ក៏ប៉ុន្តែរយៈពេលកន្លងទៅ ប្រទេសមួយចំនួនបានជួយជួសជុលប្រាសាទរបស់យើង និងជួយអភិរក្សគំនូរ ឬផ្នែកសិល្បៈណាមួយរបស់យើង ក្នុងហ្នឹងគ្រាន់តែក្រឡេកមើលនៅ ICC អង្គរ គេអាចឃើញជប៉ុន និងបារាំង ជាសហប្រធាននៅទីនេះ ហើយបើយើងពិនិត្យទៅលើ ICC ព្រះវិហារ គេបានឃើញប្រទេសធំ ២ គឺចិន និងឥណ្ឌា ជាសហប្រធាន។ យើងអាចទាក់ទាញនឹងប្រទេសធំ ២ ដែលមានប្រជាជន ៣ ពាន់លាននាក់ ធ្វើជាសហប្រធាន ដើម្បីគាំទ្រនូវការអភិរក្សខាងប្រា​សាទ​ព្រះវិហារ។ ចំណុចទាំងនេះក៏បង្ហាញឲ្យឃើញនូវនយោបាយការបរទេសរបស់រាជរដ្ឋាភិបាលត្រឹមត្រូវទាំងអស់។​

គួរបង្កើត ICC តំបន់សំបូរព្រៃគុកមួយទៀតដែរឬទេ?

ខ្ញុំពិតជាអរគុណចំពោះប្រិយមិត្តបរទេស ដែលបានផ្តល់នូវការគាំទ្រចំពោះព្រះរាជាណាចក្រកម្ពុជាទៅលើការអភិ​រក្សនៅទីនេះ។ ខ្ញុំក៏សូមយកឱកាសនេះ ដើម្បីនិយាយទៅកាន់អគ្គរដ្ឋទូតដែលមានការពាក់ព័ន្ធ។ ព្រឹកមិញ ប៉ុន្មានថ្ងៃរួចមកហើយ រវាងខ្ញុំជាមួយ លោកជំទាវ ភឿង សកុណា ដែលមានទំនាក់ទំនងពីទីក្រុងភ្នំពេញទៅកាន់ប្រទេសបារាំង បន្ទាប់ពីការចាកចេញរបស់គាត់ពីប្រទេសប៉ូឡូញ ថាតើយើងគួរបង្កើត ICC មួយទៀតឬទេ​ សម្រាប់តំបន់សំបូរព្រៃគុក? ចំលើយនៅត្រង់ថា បើសិនយើងបង្កើតយន្តការច្រើនពេក គឺវាលំបាក។ ដូច្នេះ ព្រឹកមិញនេះ យើងក៏បានរាយការណ៍ថ្វាយព្រះមហាក្សត្រថា យើងមានគោលបំណង ដើម្បីពង្រីកវិសាលភាព និង ICC អង្គរ ដែលមានជប៉ុន និងបារាំង ជាសហប្រធាន ជួយដល់សំបូរព្រៃគុកផងដែរ។

យើង(នឹង)បន្តការពិភាក្សាគ្នាបន្តទៅទៀត ជាមួយនឹងយូណេស្កូ ជាមួយនឹងបារាំង ក៏ដូចជាជប៉ុនដែលជាសហប្រធានផងដែរ។ នៅថ្ងៃខាងមុខនេះ ខ្ញុំនឹងជួបអគ្គរដ្ឋទូតបារាំង ដែលបន្ទាប់ពីការជូនសារតាំង និងជួបជាមួយអគ្គរដ្ឋទូតជប៉ុន ដើម្បីពិភាក្សាអំពីដំណើរទស្សនកិច្ចផ្លូវការរបស់ខ្ញុំទៅកាន់ប្រទេសជប៉ុននៅថ្ងៃទី ៦ រហូតដល់ថ្ងៃទី ៩ ខែសីហា ខាងមុខនេះ ខ្ញុំអាចនឹងលើកជាមួយនឹងនាយករដ្ឋមន្ត្រី អាបេ ដើម្បីស្នើសុំឲ្យពង្រីកវិសាលភាពនៃ ICC អង្គរ ទៅកាន់សំបូរព្រៃគុកផងដែរ។ ចំណុចនេះ មិនមែនជាចំណុចធម្មតាពេកនោះទេ។ សង្ឃឹមថា មិត្តភក្តិបរទេសនឹងបន្តតទៅទៀត។ ខ្ញុំគិតថាអ្នកសិល្បៈត្រៀមចេញសំដែង តែខ្ញុំមិនទាន់អស់ពាក្យទេ។ សុំសួរយោ​បល់ តើគួរឲ្យខ្ញុំបន្ថែមដើម្បីឲ្យដល់ទីបញ្ចប់នៃសង្កថាគន្លឹះរបស់ខ្ញុំបានទេ? បើទះដៃច្រើន ចាត់ទុកថាអាហ្នឹងមានកូសង់ស៊ីស។

អំពាវនាវទី ១ ចូលរួមការពារសន្តិភាពដែលយើងរកបានទាំងអស់គ្នា

ខ្ញុំសូមអំពាវនាវទៅកាន់ប្រជាពលរដ្ឋរបស់យើង ដែលថ្ងៃនេះទី ១ សូមចូលរួមការពារសន្តិភាពដែលយើងរកបាន សន្តិភាពដើម្បីទាំងអស់គ្នា ហើយទាំងអស់គ្នាក៏ត្រូវការសន្តិភាពផងដែរ។ វាមានចំណងទាក់ទងរបស់វា មានសន្តិភាព ទើបមានការអភិវឌ្ឍ។ សូមសង្កេតមើលនូវប្រវត្តិដ៏ឈឺចាប់របស់យើង ​ដែលយើងបាត់បង់នូវសន្តិភាព យើងមានការបាត់បង់ច្រើនណាស់ មិនគ្រាន់តែប្រាង្គប្រាសាទទេ មនុស្សរាប់លាននាក់ក៏ត្រូវទទួលរងគ្រោះដោយសារសង្គ្រាមដែរ។ សូមទាំងអស់គ្នាកុំមើលស្រាលលើបញ្ហានេះ។ សូមយល់ឲ្យច្បាស់ថា យើងមិនអាចនឹងសុំនូវការអត់អោនពីគ្រាប់បែក គ្រាប់កាំភ្លើង ដែលធ្លាប់តែទំលាក់ ធ្លាប់តែបាញ់មកលើយើងពីអតីតកាលនោះបានទេ។ មិនអាចសុំ(ការអត់អោន)ពីសំណាក់អ្នកដែលបាញ់មកលើយើងបានទេ។ ច្បាស់ណាស់ យើងមិនអាចសុំការយោគយល់ពីពួកពេជ្ឈឃាដប៉ុល ពត កុំឲ្យសម្លាប់យើង កុំឲ្យបំផ្លាញទ្រព្យសម្បត្តិយើងបានទេ។ នេះជាប្រវត្តិដ៏ឈឺចាប់របស់យើង។ នៅពេលនេះ និងពេលខាងមុខ យើងក៏មិនអាចសុំការយោគយល់ពីពួកអ្នកដែលត្រៀមបំរុងលេបត្របាក់យើង តាមរយៈនៃបដិវត្តន៍ពណ៌បានដែរ។ ដូច្នេះ ជាការឆ្លើយតបរបស់យើង គឺយើងទាំងអស់គ្នាត្រូវរឹងប៉ឹង ដើម្បីជំនះលើឧបសគ្គទាំងឡាយ ក្នុងដំណើរឈានទៅមុខ ជាមួយនឹងការរក្សាសន្តិភាព ដើម្បីធានាដល់ការអភិវឌ្ឍ។

អំពាវនាវទី ២ ចូលរួមក្នុងចលនាការពារវប្បធម៌ជាតិ ទាំងរូបី និងអរូបី

ការអំពាវនាវទី ២ របស់ខ្ញុំ សូមចូលរួមក្នុងចលនាការពារវប្បធម៌ជាតិ ទាំងរូបី និងអរូបី។ សូមកុំសម្លាប់មេមាន់ ដើម្បីឆ្ងាញ់មួយពេល សូមរក្សាមេមាន់ ចិញ្ចឹមយកកូន ឬយកស៊ុត ទើបមានប្រយោជន៍។ ចំណុចនេះ ទាំងអស់គ្នាត្រូវចូលរួមការពារនូវសម្បតិ្តវប្បធម៌របស់យើង ប្រៀបដូចជាប្រាង្គប្រាសាទ និងតំបន់ ដែលចាត់ទុកដូចជា តំបន់ការពារទាំងឡាយ ប្រៀបបីដូចជាមេមាន់ ដែលយើងមិនគប្បីសម្លាប់ ដើម្បីការឆ្ងាញ់មួយពេលទេ ក៏ប៉ុន្តែយើងគួរតែត្រូវបានជំនួសមកវិញនូវការថែទាំមេមាន់ឲ្យបានល្អ ដើម្បីចិញ្ចឹមគ្នាយកកូន​ និងបន្តឲ្យបែកមែកសា​ខា​តទៅទៀត ឬក៏យកស៊ុត។ ដូច្នេះត្រូវចងចាំថា យើងទាំងអស់គ្នាការពារនូវបេតិកភណ្ឌវប្បធម៌ ចូលរួមទាំងអស់គ្នា នេះជាពាក្យដែលបានដាក់ថា បេតិកភណ្ឌដូនតារបស់យើងដែលត្រូវការពារ គ្រាន់តែថាអ្នកធ្វើគឺលំបាកណាស់ទៅហើយ តែយើងទាំងអស់គ្នាគឺជាកូនកតញ្ញូដែលចាំបាច់ត្រូវចាំ។

កត្តាទី ៧ ជម្រុញការអភិវឌ្ឍ និងអភិរក្ស

ចំណុច ទី ៧ ជម្រុញការអភិវឌ្ឍ និងអភិរក្ស តាមផែនការមេ ដែលជាអនុសាសន៍ ឬជាក្របខណ្ឌដែលយើងបានព្រមព្រៀងជាមួយដៃគូរ នោះគឺអនុសាសន៍ដែលយូណេស្កូបានផ្តល់ឲ្យយើង។ ត្រូវខិតខំដើម្បីធ្វើយ៉ាងម៉េចធានាថា អ្វីដែលយើងបានស្នើសុំទៅ មិនត្រូវបានទាត់ចេញពីសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោកវិញទេ។ ប្រទេស​មួយ​ចំ​នួន​បានបាត់បង់រួចទៅហើយ។ គេបញ្ចេញ។ មិនចាំបាច់លើកឈ្មោះប្រទេសណានោះទេ។ ក៏ប៉ុន្តែអាចចូលទៅក្នុងវេបសាយត៍របស់យូណេស្កូ ឬក៏ផ្នែកពាក់ព័ន្ធអាចមើលបាន។ ខ្ញុំសង្ឃឹមថា យើងទាំងអស់គ្នាត្រូវការបំពេញលក្ខខណ្ឌដែលតម្រូវ។ វាមិនមែនជាផលប្រយោជន៍ដល់បរទេសទេ។ វាជាផលប្រយោជន៍ផ្ទាល់របស់ប្រជាជនកម្ពុជារបស់យើង ដែលតម្រូវឲ្យយើងត្រូវធ្វើបែបនេះ។

កត្តាទី ៨ ពង្រឹងហេដ្ឋារចនាសម្ព័ន្ធ ពិសេសលើប្រព័ន្ធផ្លូវ និងសេវា

ចំណុចទី ៨ ត្រូវពង្រឹងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីអភិវឌ្ឍទេសចរណ៍នៅក្នុងតំបន់ សំខាន់លើប្រព័ន្ធផ្លូវ និងសេវាផ្សេងទៀត ដែលមានពាក់ព័ន្ធនៅទីនេះ។ ថ្ងៃនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អូន ព័ន្ធមុនីរ័ត្ន រួមជាមួយក្រសួងវប្បធម៌ វិចិត្រសិល្បៈ អាជ្ញាធរសំបូរព្រៃគុក ពិនិត្យមើលអំពីតំបន់ផ្លូវមួយចំនួនដែលយើងត្រូវធ្វើផ្លូវវាង ចៀសវាងនូវការបើករថយន្តបុក បំពាន ធ្វើឲ្យខ្ទេចខ្ទាំនៅទីនោះ។ តំបន់មួយចំនួននៅទីនោះ ក៏មានផ្លូវមិនទាន់សមស្រប ឆ្លើយតបទៅនឹងតម្រូវការនៃវិស័យទេសចរណ៍ខាងមុខនេះ នឹងមានកើតឡើងយ៉ាងគំហុកនៅក្នុងតំបន់សំបូរព្រៃគុក។ ចំណុចទាំងអស់នេះ គឺសុទ្ធតែជាចំណុចដែលយើងត្រូវធ្វើទាំងអស់គ្នា។

ចំណុចចុងក្រោយ គឺសូមអំពាវនាវចំពោះយូណេស្កូ និងមិត្តភក្តិបរទេស បន្តការគាំទ្រចំពោះព្រះរាជាណាចក្រកម្ពុជាបន្តទៅទៀត។ ខ្ញុំចង់និយាយថា ​ទង្វើអចេតនាណាមួយដែលកើតឡើង វាមិនខុសពីក្មេងលើកកែវផឹក ហើយធ្លាក់កែវបែក។ យើងមិនត្រូវវាយសម្លាប់ក្មេងនោះទេ យើងត្រូវផ្តល់នូវយោបល់។ ខ្ញុំគិតថា ចំណុចនេះយើងក៏ធ្លាប់ទទួលរួចមកហើយនូវអនុសាសន៍របស់មិត្តភក្តិ។ សង្ឃឹមថា មិនមែនត្រឹមតែសំបូរព្រៃគុកមួយនោះទេ ប៉ុន្តែនៅមានប្រាសាទព្រះវិហារ​ ប្រាសាទអង្គរ ក៏ត្រូវតែខិតខំ និងសំបូរព្រៃគុកក៏ត្រូវតែខិតខំ ទៅអនុវត្តនូវវិធានការដែលទាក់ទងនឹងលក្ខណៈវិនិច្ឆ័យសម្រាប់ការអនុវត្ត។ ពិតមែនតែយើងត្រូវបំពេញជាជំហានៗ ក៏ប៉ុន្តែកន្លែងណាដែលយើងធ្វើបាន តាមរយៈថវិកាជាតិ ឬតាមរយៈជំនួយលើហេដ្ឋារចនាសម្ព័ន្ធ ដើម្បីបញ្ចៀស ហើយដើម្បីធ្វើយ៉ាងណាធានា មិនឲ្យបាត់បង់នូវលក្ខណៈសម្បត្តិ។ សង្ឃឹមថាប្រិយមិត្តបរទេសទាំងឡាយនឹងផ្តល់ការគាំទ្របន្តទៀត ទាំងជំនួយបច្ចេកទេស ទាំងថវិកាសម្រាប់ការជួសជុលនិងអភិរក្ស ក៏ដូចជាការបណ្តុះបណ្តាលធន​ធាន​មនុស្សរបស់យើង។

… ខ្ញុំមិនបន្តទៀតទេ ខ្ញុំក៏ចង់សប្បាយជាមួយនឹងក្មួយៗ ជាមួយនឹងអ្នកចូលរួមទាំងអស់នៅទីនេះ។ ខ្ញុំបានដឹងថា សិល្បករ សិល្បការិនី ទាំងបុរាណ ទាំងសម័យរបស់យើងជួបជុំគ្នាច្រើនណាស់ ហើយខ្ញុំក៏ចង់រួមសប្បាយ … ពិតមែនតែខ្ញុំមិនអាចឡើងច្រៀងបានទេ តែចម្រៀងមួយបទដែលខ្ញុំអាចច្រៀងបាន គឺពង្សាវតារខ្មែរ ដែលបន្តិចទៀតខ្ញុំនឹងច្រៀង ហើយសូមកុំចាត់ទុកថាខ្ញុំកាន់ទូរស័ព្ទ ខ្ញុំលេងហ្វេសប៊ុកឲ្យសោះ នេះជាខួរក្បាលរបស់ខ្ញុំនៅទីនេះ។ ហើយក៏ជាខួរក្បាលដែលកំពុងកាច់ចង្កូតនានានៃប្រទេសនេះ។ សូមអភ័យទោសពីអ្នកព្រៀងសុន្ទរកថាឲ្យខ្ញុំ ដែលខ្ញុំមិនបានប្រើប្រាស់សុន្ទរកថានោះ ប៉ុន្តែវាអាចផ្តល់នូវគំនិតឲ្យខ្ញុំ ជាជំនួយស្មារតីផងដែរ។

ចុងបញ្ចប់ ជាមួយនឹងពិធីអបអរសាទរ ការដាក់តំបន់សំបូរព្រៃគុក ទៅជាតំបន់ប្រាសាទសំបូរព្រៃគុក ទៅជាបេ​តិក​ភណ្ឌពិភពលោក ខ្ញុំសូមប្រសិទ្ធពរជូនចំពោះឯកឧត្តមលោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា សូម​ប្រកបដោយពុទ្ធពរទាំង ៥ ប្រការ គឺអាយុ វណ្ណ

ៈ សុខៈ ពលៈ  និងបដិភានៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ