​សម្ដេច​តេជោ​ និង​ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ផ្ដល់​កិត្តិយស​អញ្ជើញ​ចូល​រួម​ពិធី​អបអរសាទរ ការ​ដាក់​បញ្ចូល​តំបន់​ប្រាសាទ​សំបូរ​ព្រៃ​គុក ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក

bayon  រាជរដ្ឋាភិបាលកម្ពុជា បានប្រារព្ធពិធីអបអរសាទរការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ យ៉ាងអធិកអធម ក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងវត្តមានឥស្សរជនសំខាន់ៗភ្ញៀវកិត្តិយសជាតិ អន្តរជាតិ មហាជន ប្រជាជន យ៉ាងច្រើនកុះករ។

ក្នុងពិធីអបអរដែលធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក ល្ងាចថ្ងៃទី១៧កក្កដា ឆ្នាំ២០១៧នេះ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថា៖ ថ្ងៃនេះ ជាទិវាដ៏នក្ខត្តឫក្ស និងការរីករាយទង់ជាតិមួយយ៉ាងសំខាន់ដែលយើងទាំងអស់គ្នាបានប្រារព្ធពិធីអបអរសាទរ តំបន់ប្រាសាទសំបូរព្រៃគុក ចូលជាបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូដែល បានអនុម័តនៅក្នុងសម័យប្រជុំលើកទី៤១ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោកប្រព្រឹត្តទៅកាលពីថ្ងៃទី២ដល់ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ នៅទីក្រុងក្រាកូវ(Krakow)ប្រទេសប៉ូឡូញ ។ គណៈកម្មាធិការបេតិកភណ្ឌពិភពលោក តែងបើកកិច្ចប្រជុំប្រចាំឆ្នាំដើម្បីពិនិត្យ និងវាយតម្លៃ លើសំណើររបស់ប្រទេសជារដ្ឋសមាជិកក្នុងការស្នើសុំបញ្ចូលសម្បត្តិវប្បធម៌របស់ប្រទេសនីមួយៗក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក។

លោកជំទាវបន្តថាកន្លងមកព្រះរាជាណាចក្រកម្ពុជាធ្លាប់មានកិត្តិយសបានធ្វើជាម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំរបស់ គណៈកម្មាធិការដ៏សំខាន់មួយនេះ នៅរាជធានីភ្នំពេញ គឺសម័យប្រជុំលើកទី៣៧ កាលពីឆ្នាំ២០១៣ ដែលមានសម្តេច វិបុលបញ្ញា សុខអាន ជាប្រធាន ដឹកនាំអង្គប្រជុំ។ដោយឡែកនៅក្នុងសម័យប្រជុំលើកទី៤១នៅទីក្រុងក្រាកូវប្រទេសប៉ូឡូញ មានតំណាងមកពី១៩៣ប្រទេស នៃ ទ្វីបទាំង៥ចូលរួម និងមានគណៈកម្មាធិការ២១ប្រទេស ដោយក្នុងនោះមានប្រទេសជាសមាជិកអាស៊ាន ចំនួន៣ គឺឥណ្ឌូណេស៊ី ហ្វីលីពីន និងវៀតណាម។

លោកជំទាវបន្តថាតាមរយៈលក្ខណៈវិនិច្ឆ័យជាច្រើនដែលបង្ហាញពីតម្លៃលេចជាសកលនៃតំបន់ប្រសាទសំបូរព្រៃគុក អង្គប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពពលោកលើកទី៤១បានសម្រេចជាឯកច្ឆន្ទគាំទ្រសំណើ របស់កម្ពុជាដោយអនុញ្ញាតឱ្យទទួលចុះតំបន់ប្រាសាទសំបូរព្រៃគុកក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅថ្ងៃទី៨ខែកក្កដា ឆ្នាំ២០១៧នៅទីក្រុងក្រាកូវប្រទេសប៉ូឡូញប្រកបដោយជោគជ័យ។ មុននឹងថ្លែងទៅកាន់អង្គពិធីដ៏មានសារៈសំខាន់នេះ សម្តេចតេជោ ហ៊ុន សែន បានសួរទៅកាន់មហាជនចូលរួម ជាពិសេសយុវជន យុវនារីដែលចូលរួមនៅថ្ងៃនេះថា តើនៅចំពោះមុខនាថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន ពិតប្រាកដ ឬទេ?មូលហេតុដែលសម្តេចបានសួរយ៉ាងដូច្នេះ ដោយសារតែប៉ុន្មានថ្ងៃនេះ  ក្រុមជ្រុលនិយមបក្សប្រឆាំង បានប្រឌិត នូវពាក្យចចាមអារ៉ាម ថាសម្ដេចមានជំងឺនិងកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យនៃប្រទេសបារាំង និងមន្ទីរពេទ្យប្រទេសសិង្ហបុរី គ្មានលទ្ធភាពព្យាបាល ហើយកំពុងស្ថិតនៅឯមន្ទីរពេទ្យហុងកុងនោះ។ទោះជាយ៉ាងណាក៏ដោយសម្ដេចមានប្រសាសន៍ថាសម្តេចមិនចង់ទះកំផ្លៀងអ្នកណាមួយទេប៉ុន្តែគឺចង់ធ្វើឱ្យកាន់តែច្បាស់ថាមិនមានការក្លែងបន្លំនិងភាពអគតិណាមួយកើតឡើងនៅក្នុងសង្គមរបស់យើងនោះឡើយ។

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលក៏បានយកឱកាសនេះសំដែងនូវសេចក្តីរីករាយនិងអំណរគុណដល់ការខិតខំ ទាំងឡាយរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏ដូចជាដៃគូរពាក់ព័ន្ធជាតិ អន្តរជាតិទាំងអស់ ដែលបានខិតខំ និងគាំទ្រឱ្យសម្រេចបាននូវការដាក់បញ្ចូលតំបន់ប្រសាទសំបូរព្រៃគុកក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកនៅថ្ងៃទី៨ខែកក្កដា ឆ្នាំ២០១៧  ដែលជាព្រឹត្តិការណ៍ថ្មីមួយទៀត នៃព្រះរាជាណាចក្រចកម្ពុជា។

ជាងនេះដែរសម្តេចក៏បានយកឱកាសនេះថ្លែងអំណរគុណនិងកោតសរសើរដល់ជនរួមជាតិទាំងព្រះសង្ឃ និងសិស្ស និស្សិត ក៏ដូចជាបណ្តាបក្សនយោបាយ សង្គមស៊ីវិលមួយចំនួន អង្គភាព ស្ថាប័ន និងទីកន្លែងនានាដែលបានចូលរួម អមអរសាទរ កាលពីថ្ងៃទី១០ខែកក្កដា ដោយបានវាយគង វាយជួង វាយរគាំង ទូងស្គរ ទះប៉ោត ដើម្បីអបអរសាទរ នូវពិធីបញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកដែលបង្ហាញឱ្យឃើញនូវភាពសក្តិសមជាពលរដ្ឋនៅក្នុងព្រះរាជាណាចក្រនៃវប្បធម៌ដោយសម្តេចមានប្រសាសន៍ថានេះពិតជាសម្បត្តិរួម,សប្បាយរួម ដែលជាមោទនភាពរបស់ជាតិយើងទាំងមូល គឺមិនមែនជារបស់ផ្តាច់មុខរបស់អ្នកណាមួយទេ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ សម្តេចបានរិះគន់ទៅកាន់បក្សនយោបាយខ្លះ និងសង្គមស៊ីវិលខ្លះដែលមិនហ៊ានចូលរួមសាទរ នូវជោគជ័យ ជាមួយរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋទូទាំងប្រទេស។ព្រមជាមួយនេះសម្តេចក៏បានយកឱកាសនេះថ្លែងសរសើរចំពោះស្ថានីយ៍ទូរទស្សន៍បាយ័ននិងស្ថាប័នផ្សព្វផ្សាយទាំងអស់ទាំងវិទ្យុ ទូរទស្សន៍ អនឡាញផ្សេងៗនិងហ្វេសប៊ុកនៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលបានផ្សាយផ្ទាល់និងផ្សាយបន្តផ្ទាល់ពីព្រឹត្តិការណ៍នេះ និងយកចិត្តទុកដាក់ទៅលើបេតិកភណ្ឌវប្បធម៌របស់យើង។

ការដាក់បញ្ជូលតំបន់ប្រាសាទសំបូរព្រៃគុកទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូនេះ ជាលើកទី៩ហើយបន្ទាប់ពីកម្ពុជាបានដាក់តំបន់អង្គរជាបេតិកភណ្ឌវប្បធម៌រូបីនៃពិភពលោកនៅថ្ងៃទី១៤ខែធ្នូឆ្នាំ១៩៩២ នាទីក្រុងសាន់តាហ្វេ សហរដ្ឋអាមេរិក , របាំព្រះរាជទ្រព្យ ឬ របាំក្បាច់បុរាណខ្មែរ នៅថ្ងៃទី៧ខែវិច្ឆិកា ឆ្នាំ២០០៣ជាបេតិកភណ្ឌអរូបីនៃមនុស្សជាតិ,ល្ខោនស្រមោលស្បែកធំនៅថ្ងៃទី២៥ខែវិច្ឆិកា ឆ្នាំ២០០៥ ជា       បេតិកភណ្ឌ អរូបីនៃមនុស្សជាតិ, ប្រាសាទព្រះវិហារ នៅថ្ងៃទី៧ខែកក្កដា ឆ្នាំ២០០៨ នៅទីក្រុងកេប៊ិច ប្រទេសកាណាដា,បណ្ណសារសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងត្រូវបានចុះបញ្ជីស្មារតីចងចាំនៃពិភពលោករបស់អង្គការយូណេស្កូ នៅថ្ងៃទី៣១ខែកក្កដា ឆ្នាំ២០០៩នៅទីក្រុងប្រិតថោន ប្រទេស បារបាដូស, រឿងរាមកេរ្តិ៍គ្រុឌ ត្រូវបានចុះបញ្ជីស្មារតីចងចាំ នៃពិភពលោករបស់អង្គការយូណេស្កូ,ល្បែងទាញព្រ័ត្រ ត្រូវបានចុះបញ្ជីជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ នៅថ្ងៃទី២ខែធ្នូឆ្នាំ២០១៥ នៅទីក្រុងរិនហុក ប្រទេសណាមីប៊ី,  និងចាប៉ីដងវែង ដែលត្រូវបានចុះជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ នៅថ្ងៃទី៣០ខែវិច្ឆិកា ឆ្នាំ ២០១៦, ហើយតំបន់ប្រាសាទសំបូរព្រៃគុកត្រូវបានចុះជាបេតិកភណ្ឌវប្បធម៌រូបីនៃពិភពលោកនៅទីក្រុងក្រាកូវប្រទេសប៉ូឡូញនាថ្ងៃទី៨ខែកក្កដា ឆ្នាំ២០១៧នេះ ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្ដេចមហាបវរធិបតី៖ កម្ពុជាមានសមត្ថភាពខ្ពស់ក្នុងការរៀបចំព្រឹត្តិការណ៍លំដាប់អន្តរជ...

នាព្រឹកថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានទទួលជំនួបសំណេះសំណាលជាមួយលោកអ្នកឧកញ៉ា