ប្រធានាធិបតីបារាំង ម៉ាក្រុង ផ្ញើលិខិតអញ្ជើញសម្តេចធិបតី ហ៊ុន ម៉ាណែត បំពេញទស្សនកិច្ចនៅប្រទេសបារាំង នៅថ្ងៃទី១៨-១៩​ ខែមករា​ ២០២៤

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសបារាំង ចាប់ពីថ្ងៃ១៨-១៩ ខែមករា ឆ្នាំ២០២៤ខាងមុខនេះ តបតាមការអញ្ជើញរបស់លោកប្រធានាធិបតី​បារាំង អេម៉ានុយអែល ម៉ាក្រុង​។

លិខិតផ្លូវការជាភាសាបារាំងរបស់ប្រធានាធិបតី ម៉ាក្រុង មានខ្លឹមសារទាំងស្រុងយ៉ាងដូច្នេះថា៖

ឯកឧត្តមនាយករដ្ឋមន្ត្រីជាទីស្រឡាញ់, មិត្តជាទីស្រឡាញ់

ខណៈដែលព្រះរាជទស្សនកិច្ចរបស់ព្រះមហាក្សត្រនៅប៉ារីសកាលពីខែមុនបានរំឭកឡើងវិញនូវថាមពលនៃមិត្តភាពរវាងប្រទេសយើងទាំងពីរនិងរវាងប្រជាជនយើង ខ្ញុំមានកិត្តិយសអញ្ជើញ ឯកឧត្តម មកបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសបារាំង នៅថ្ងៃ១៨-១៩ មករា ខាងមុខ។

ទស្សនកិច្ចជាលើកទីមួយនេះនៅប្រទេសបារាំង តាំងពីឯកឧត្តមឡើងកាន់តំណែងនាយករដ្ឋមន្ត្រីនឹងអនុញ្ញាតឱ្យជំរុញទៅមុខ យ៉ាងជាក់ស្តែង នូវវិស័យសំខាន់ៗជាច្រើនដែលជាគ្រឹះនៃទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ ជាអាទិ៍ វិស័យសេដ្ឋកិច្ច អភិវឌ្ឍន៍ យោធា បេតិកភ័ណ្ឌ និងហ្រ្វង់កូហ្វូនី។

ខ្ញុំប្រាថ្នាចង់ឱ្យទស្សនកិច្ចនេះបើកលទ្ធភាពធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរកាន់តែស៊ីជម្រៅនិងកាន់តែមានលក្ខណៈសម្បូរបែប ដើម្បីរួមគ្នាដោះស្រាយបញ្ហាសកលដែលយើងកំពុងប្រឈមមុខ ជាអាទិ៍ ក្នុងវិស័យអន្តរកាលថាមពល។ ទស្សនកិច្ចនេះនឹងអនុញ្ញាតឱ្យយើងពិនិត្យមើលមធ្យោបាយនានាដែលយើងអាចប្រើប្រាស់រួមគ្នា ដើម្បីពង្រឹងសណ្តាប់ធ្នាប់ពិភពលោកផ្អែកលើច្បាប់ ក្នុងគោលដៅធានាអធិបតេយ្យ និងឯករាជ្យពេញលេញនៃបណ្តារដ្ឋទាំងអស់។

សូម ឯកឧត្តម នាយករដ្ឋមន្ត្រី ទទួលនូវក្តីគោរពពីខ្ញុំ។

«សូមមេត្តាពាំនាំនូវក្តីគោរពនឹករលឹករបស់ខ្ញុំជូនចំពោះលោកឪពុករបស់ឯកឧត្តម, មិត្តសំឡាញ់របស់ខ្ញុំ»

អេម៉ានុយអែល ម៉ាក្រុង

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កន្លែងស្នាក់នៅ ក្រោមកិច្ចស្វាគមន៍ពីសំណា...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញមកដល់កន្លែងស្នាក់នៅ ក្រោមកិច្ចស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់