សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា យើងមិនដឹងថា ទៅថ្ងៃអនាគត ពិភពលោកនឹងមានបញ្ហាអ្វីកើតឡើងទៀតនោះទេ ដូចនេះការដាក់ឱ្យដំណើរការប្រព័ន្ធគាំពារសង្គមជាការចាំបាច់ ដើម្បីធានាប្រសិទ្ធភាពនៃលំនឹងជីវភាពប្រជាពលរដ្ឋក្នុងរយៈពេលវែង។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «គោលការណ៍ណែនាំស្ដីពីក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និងគោលការណ៍ណែនាំស្ដីពីក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន» ដែលពិធីនេះប្រារព្ធឡើងនៅសណ្ឋាគារសុខាភ្នំពេញ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា យើងមិនអាចធានាបានថា ពិភពលោកនឹងមានអ្វីកើត ឡើងដែលអាចប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋ និងវិបត្តិសង្គមនានានោះទេ។ យើងសង្ឃឹមនូវអ្វីដែល ល្អនឹងកើតឡើង ប៉ុន្តែត្រូវត្រៀមលក្ខណៈចំពោះអ្វីដែលអាក្រក់ ដែលនឹងអាចកើតមានឡើងផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា ការដាក់ឱ្យដំណើរការប្រព័ន្ធគាំពារសង្គមជាការចាំបាច់ ដើម្បីធានាប្រសិទ្ធភាពនៃលំនឹងជីវភាពប្រជាពលរដ្ឋក្នុងរយៈពេលវែង។ ក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ គឺជាផែនទីបង្ហាញផ្លូវក្នុងការពង្រឹង និងពង្រីកប្រព័ន្ធគាំពារសង្គមនៅក្នុងប្រទេសកម្ពុជា៕