ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ជួបពិភាក្សាការងារជាមួយឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា

ភ្នំពេញ៖ ព្រឹកថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម វង្ស៊ី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានជួបពិភាក្សាការងារជាមួយឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លើបញ្ហាសំខាន់ៗមួយចំនួន ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការ និង ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។ នៅក្នុងជំនួបនេះ ភាគីទាំងពីរបានវាយតម្លៃ និងបង្ហាញឆន្ទៈខ្ពស់ក្នុងការពង្រឹង និងពង្រឹកកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរ និងខ្លាំងក្លាបន្ថែមទៀត។
ជាកិច្ចចាប់ផ្តើមនៃជំនួបដ៏កម្រនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត Patrick Murphy បានធ្វើការកោតសរសើរ និង អរគុណដល់ប្រទេសកម្ពុជា ដែលបានបោះឆ្នោតគាំទ្រការសម្រេចចិត្តរបស់អង្គការសហប្រជាជាតិ (UN) ចំពោះបញ្ហអ៊ុយក្រែន។ សហរដ្ឋអាមេរិក បានកត់សម្គាល់ឃើញថា កន្លងមក សហរដ្ឋអាមេរិក បានធ្វើកិច្ចសហប្រតិបត្តិការជាច្រើន ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដោយគោរពអធិបតេយ្យភាព និងឯករាជ្យភាពរបស់ប្រទេសកម្ពុជា។
ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានលើកឡើងថា អាមេរិកគឺជាទីផ្សារនាំចេញធំជាងគេរបស់កម្ពុជា លើ ផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ។ យ៉ាងណាមិញ អាមេរិកស្នើឱ្យកម្ពុជាបង្កើនការនាំចូលផលិតផលពីអាមេរិកមកកាន់ទីផ្សារកម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀតផងដែរ។ ពាក់ព័ន្ធទៅនឹងវិស័យទេសចរណ៍ ឯកឧត្តមឯកអគ្គរដ្ឋទូត បានមានប្រសាសន៍ថា អាមេរិកនឹងជួយជំរុញភ្ញៀវទេសចររបស់ខ្លួនឱ្យមកទស្សនានៅកម្ពុជាឱ្យមានកំណើនបន្ថែមទៀត និងបន្តរួមចំណែកជួយអភិវឌ្ឍ និង អភិរក្ស វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់របស់កម្ពុជា ជាពិសេសនឹងបន្តប្រគល់វត្ថុបុរាណដែលខ្លួនសម្របសម្រួល និងចាត់ចែងឱ្យមានប្រគល់ត្រលប់ជូនប្រទេសកម្ពុជា ជាម្ចាស់ដើមវិញ។ ឯកឧត្តមឯកអគ្គរដ្ឋទូតអាមេរិក ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានចូលរួមសហការក្នុងការស្វែងរកអដ្ឋិធាតុរបស់កងទ័ពរបស់អាមេរិកនៅកម្ពុជា។ ឯកឧត្តម ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាពជោគជ័យរបស់កម្ពុជាក្នុងការទប់ស្កាត់ និង ប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នាពេលកន្លងមក ក៏ដូចជារំលេចនូវផ្លែផ្កានៃជំនួយសហប្រតិបត្តិការផ្លូវការរបស់អាមេរិកនៅលើជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។
ជាការឆ្លើយតប ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការ គណៈរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាមេរិក ទោះបីពេលខ្លះក៏ធ្លាប់មានភាពប្រសើរឡើង ហើយពេលខ្លះទៀតក៏ធ្លាក់ចុះក្តី (ups and downs) តែអាមេរិកពិតជាមានសារៈសំខាន់ចំពោះកម្ពុជា ហើយកម្ពុជាពិតជាចង់ឃើញទំនាក់ទំនងរវាងកម្ពុជា-អាមេរិកកាន់តែប្រសើរឡើង ដើម្បីផលប្រយោជននៃប្រទេសទំាងពីរ។ ឯកឧត្តមបានបន្តថា កម្ពុជា និងអាមេរិកមានចំណុចជាច្រើន ដែលយើងអាចធ្វើការរួមគ្នា ដើម្បីផលប្រយោជន៍ទាំងសងខាង ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំ បានធ្វើគូសបញ្ជាក់ថា ប្រកាន់ខ្ជាប់ជានិច្ចនូវគោលនយោបាយការបរទេសដោយផ្អែកលើធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ហើយកម្ពុជាមិនគាំទ្ររាល់ទង្វើបំពានណាមួយរបស់ប្រទេសធំៗ មកលើប្រទេសទន់ខ្សោយ និងរំលោភច្បាប់អន្តរជាតិនោះទេ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំ វង្សី វិស្សុត ក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់សហរដ្ឋអាមេរិកក្នុងការជួយអភិរក្ស និងអភិវឌ្ឍន៍វប្បធម៌ និងបេតិកភណ្ឌជាតិ ដូចជាការ ជួយជុលប្រាសាទបាក់ខែង និងប្រាសាទព្រះវិហារ ជាដើម ជាពិសេសការចូលរួមសហការជួយបញ្ជូនវត្ថុបូរាណពីសហរដ្ឋអាមេរិកមកកាន់ប្រទេសកម្ពុជាវិញផងដែរ។ ទន្ទឹមនេះ ឯកឧត្តម វង្សី វិស្សុត បានវាយតម្លៃខ្ពស់ចំពោះការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរនាពេលកន្លងមក ហើយក្នុងនាមជាដៃគូពាណិជ្ជកម្មធំជាងរបស់កម្ពុជា សហរដ្ឋអាមេរិកបានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយអភិវឌ្ឍន៍សេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ។
ឯកឧត្តម វង្សី វិស្សុត បានស្នើសុំភាគីអាមេរិកជួយជំរុញភ្ញៀវទេសចរ និងវិនិយោគិនអាមេរិក ឱ្យមកដើរលេងកម្សាន្ត និងសម្លឹងឱកាសវិនិយោគនៅកម្ពុជាបន្ថែមទៀត។ ជាពិសេសឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកទឹកចិត្តឱ្យភ្ញៀវទេសចរអាមេរិកទស្សនាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្របេតិកភណ្ឌជាតិនៅខេត្តសៀមរាបអង្គរ ស្របពេលរាជរដ្ឋាភិបាលកំណត់យកឆ្នាំ២០២៤ គឺ ជា «ឆ្នាំទស្សនាខេត្តសៀមរាប»។
ក្នុងជំនួបនេះដែរ ភាគីទាំងពីរ ក៏បានពិភាក្សា និងផ្លាស់ប្តូរមតិយោបល់លើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ក៏ដូចជាក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការ ក្នុងក្របខណ្ឌតំបន់ ដើម្បីចូលរួមចំណែកជួយពង្រឹងវិបុលភាព ស្ថិរភាព និង សន្តិភាពក្នុងតំបន់ ក៏ដូចជាពិភពលោកផងដែរ។ ភាគីទាំងពីរក៏បានពិភាក្សាគ្នាលើការពង្រឹង និងពង្រីកកិច្ចសហការប្រតិបត្តិការលើ វិស័យសំខាន់ៗមួយចំនួន ដូចជាវិស័យអប់រំ សេដ្ឋកិច្ច កសិកម្ម និង បរិស្ថានជាដើម។ បន្ថែមពីលើនេះ ភាគីទាំងពីរ ក៏បានជជែកគ្នាលើបញ្ហាប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាពិសេសភាគីទាំងពីរបានផ្លាស់ប្តូរយោបល់គ្នាជុំវិញដំណើការលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស នៅក្នុងពិភពលោក ក៏ដូចនៅប្រទេសកម្ពុជាផងដែរ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្រង់ខ្លឹមសារប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងក្នុងសេចក្តីថ្លែងការណ៍រួមជាមួ...

នុងដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសម៉ាឡេស៊ីនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា