សម្រង់ប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត, ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ

CMF:

ឯកឧត្តម វ៉ាង យូបូ អភិបាលខេត្ត យូណាន នៃសាធារណរដ្ឋប្រជាមានិតចិន
ឯកឧត្តម វ៉ាង វិនធាន អគ្គរដ្ឋទូតចិនប្រចាំកម្ពុជា
គណៈធិបតី ភ្ញៀវកិត្តិយសក្នុងអង្គពិធី និងបងប្អូនជនរួមជាតិជាទីស្រឡាញ់រាប់អាន

ថ្ងៃនេះ, ខ្ញុំមានកិត្តិយស និងសេចក្តីសោមនស្សរីករាយដែលបានចូលរួមជាមួយ ឯកឧត្តម វ៉ាង យូបូ និង ឯកឧត្តម វ៉ាង វិនធាន រួមជាមួយឯកឧត្តម លោកជំទាវ លោក លោកស្រី លោកយាយ លោកតា និងប្រជាពលរដ្ឋទាំងអស់នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ « អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ» ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយនៅក្នុងវិស័យដឹកជញ្ជូនតាមផ្លូវអាកាស សម្រាប់ព្រះរាជាណាចក្រកម្ពុជា។

ឆ្លៀតនៅក្នុងឱកាសនេះ ក្នុងនាមរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ដែលតែងតែបានជួយជំរុញវិនិយោគិនចិនឱ្យចូលរួមមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ព្រមទាំងបានផ្តល់នូវជំនួយឥតសំណង និងកម្ចីសម្បទានឥតសំណងដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់ ការសាងសងហេដ្ឋរចនាសម្ព័ន្ធទាំងផ្នែកទន់ ទាំងផ្នែករឹងរបស់កម្ពុជានាពេលកន្លងមក ជាពិសេសការវិនិយោគលើធនធានមនុស្ស ផ្លូវ ទឹក ភ្លើង។

រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភាបានសម្រេចបន្តយក មនុស្សជាអាទិភាពគន្លឹះទី ១ ហើយផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជាអាទិភាពគន្លឹះបន្តបន្ទាប់សម្រាប់តាមលំដាប់ និងមានលក្ខណៈប្រទាក់ក្រឡាគ្នា ដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងទិសដៅនៃការអភិវឌ្ឍកម្ពុជាដំណាក់កាលថ្មីខាងមុខ។ ជាក់ស្តែង អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ជាផ្លែផ្កានៃការវិនិយោគរបស់ក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានអន្តរជាតិអង្គរ ដែលជាគម្រោងអាកាសយានដ្ឋានអន្តរជាតិលើកដំបូងបំផុត នៃការវិវត្តន៍គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ផ្លូវ និងជាអាកាសយានដ្ឋានអន្តរជាតិដែលត្រូវបានអនុវត្តដោយសហគ្រិនចិននៅក្រៅប្រទេស តាមរបៀបវិនិយោគសាងសង់ និងដំណើរការ។

ជាមួយគ្នានេះ ខ្ញុំក៏សូមកោតសរសើរ និងអរគុណក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានអន្តរជាតិអង្គរ កម្មករ និយោជិក និងបុគ្គលិកទាំងអស់ ដែលបានខិតខំប្រឹងប្រែងអនុវត្តគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិនេះ ដែលនាំឱ្យសម្រេចបាននូវជោគជ័យនូវគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធដ៏ស្កឹមស្កៃ និងថ្មីស្រឡាងនេះ។ ទោះបីជាការសាងសង់ធ្វើឡើងនៅក្នុងដំណាក់កាលវិបត្តិជំងឺកូវីដ១៩ យ៉ាងណាក្តី។ ទន្ទឹមនេះ ខ្ញុំក៏សូមវាយតម្លៃខ្ពស់ចំពោះរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល រដ្ឋបាលខេត្តសៀមរាប និងក្រសួងស្ថាប័នពាក់ព័ន្ធដែលបានខិតខំសហការយ៉ាងជិតស្និតនៅក្នុងការសម្របសម្រួល ដើម្បីឱ្យគម្រោងនេះសម្រេចបាននូវលទ្ធផលចេញជារូបរាងដោយរលូន និងតាមផែនការគ្រោងទុកប្រកបដោយស្មារតីបុរេសកម្ម និងការទទួលខុសត្រូវខ្ពស់ តាំងពីដើមពេលចាប់ផ្តើមអនុវត្តការកសាងនេះ។

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ គឺជាផ្លែផ្កាកើតចេញពីសុខសន្តិភាព និងជាសមិទ្ធផលលេចធ្លោថ្មីបន្ថែមទៀតនៃចំណងមិត្តភាពដែកថែប កម្ពុជា-ចិន បន្ទាប់ពីគម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ដែលជាផ្លូវល្បឿនលឿនដំបូងគេនៅកម្ពុជា ដែលត្រូវបានដាក់ឱ្យប្រើប្រាស់នៅកាលពីចុងឆ្នាំ ២០២២ កន្លងទៅនេះ។ ទំនាក់ទំនងជាប្រពៃណី កម្ពុជា-ចិន បានបដិសន្ធិតាមរយៈចំណងមិត្តភាពជាពិសេសរវាងសម្តេចព្រះបរមរតនកោដ្ឋ នរោត្តមសីហនុ និងឯកឧត្តម ជូ អេនឡាយ អតីតនាយករដ្ឋមន្ត្រីចិន នៅបានដុង ហើយត្រូវបានពូនជ្រុំដោយសកម្មដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំចិនជាច្រើនជំនាន់ រហូតក្លាយជាទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅឆ្នាំ ២០១០។ ឆ្នាំនេះ គឺជាខួបលើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន និងជាឆ្នាំមិត្តភាពកម្ពុជា-ចិន។ ប្រទេសយើងទាំង ២ បានរៀបចំកម្មវិធីសំខាន់ៗជាច្រើន​ ដើម្បីអបអរសាទរព្រឹត្តិការណ៍ប្រកដដោយអត្ថន័យនេះ។ ហើយថ្ងៃនេះ យើងមានពិធីសម្ពោធហេដ្ឋារចនាសម្ព័ន្ធដ៏វិសេសវិសាលមួយទៀតដែលជាសក្ខីភាពបន្ថែម នៃចំណងការទូតដ៏រឹងមាំ និងកិច្ចសហប្រតិបត្តិការដ៏ស៊ីជម្រៅរវាងប្រទេសទាំង ២។

ដូចដែលឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានបញ្ជាក់នៅក្នុងរបាយការណ៍មុននេះបន្តិច ការស្ថាបនាអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនេះ គឺធ្វើឡើងក្រោមគំនិតផ្តួចផ្តើមដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ហើយកិច្ចព្រមព្រៀងសម្បទានសម្រាប់អភិវឌ្ឍគម្រោងត្រូវបានចុះហត្ថលេខាក្នុងអំឡុងទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម ស៊ី ជីងពីង ប្រធានាធិបតីសាធារណរដ្ឋប្រជាមានិតចិន កាលពីឆ្នាំ ២០១៦។ ដំណើរការសាងសង់បានចាប់ផ្តើមឡើងកាលពីថ្ងៃទី ១៥ ខែ មីនា ឆ្នាំ ២០២០ ហើយយើងបានដាក់ឱ្យប្រើប្រាស់ហោះហើរពាណិជ្ជកម្មដំបូងនៅថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៣ គឺមួយខែមុននេះ។ អាកាសយានដ្ឋានដែលបានសាងសង់រួចនេះជាប្រភេទខ្នាតធំកម្រិត E ដែលមានសមត្ថភាពទទួលយន្តហោះខ្នាតធំ និងទទួលអ្នកដំណើរបានច្រើនលាននាក់នៅពេលខាងមុខ។

ខ្ញុំសូមជម្រាបឯកឧត្តម វ៉ាង វិនធាន និង​បងប្អូនទាំងអស់ជ្រាបថា មិនឆ្ងាយពីនេះប៉ុន្មាន​ គឺជាភូមិសាស្ត្រនៃសមរភូមិចុងក្រោយមុននឹងការបិទបញ្ចប់សង្គ្រាមទូទាំងប្រទេសនៅឆ្នាំ ១៩៩៨ ក្រោមនយោបាយឈ្នះឈ្នះរបស់ សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី។ ជាមួយគ្នានេះ យើងក៏មិនអាចបំភ្លេចបានដែលនូវការចូលរួមចំណែកខិតខំជ្រោមជ្រែងរបស់ដួងវិញ្ញាណក្ខន្ធ សម្តេច វិបុលបញ្ញា សុខ អាន ក្នុងការសិក្សាយ៉ាងលំអិតលំអន់ អំពីលក្ខខណ្ឌបច្ចេកទេសតាមការកំណត់របស់អង្គការ UNECO ពាក់ព័ន្ធនឹងរង្វង់ចម្ងាយសុវត្ថិភាព ដើម្បីបញ្ចៀសហានិភ័យ និងធានាដល់កិច្ចគាំពារ អភិរក្ស រមណីយដ្ឋានអង្គរ មុននឹងសម្រេចលើកយោបល់ជ្រើសរើសទីតាំងមួយនេះជូនប្រមុខរាជរដ្ឋាភិបាលធ្វើការសម្រេច។

[ចាប់ផ្តើមសេចក្តីអធិប្បាយ]

(១) ទីតាំងព្រលានយន្តហោះសៀមរាបថ្មី ផ្អែកលើចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ

ចំណុចនេះខ្ញុំសូមបញ្ជាក់បន្ថែមបន្តិច។ ការសម្ពោធសមិទ្ធផលជាប្រវត្តិសាស្ត្រថ្ងៃនេះ ព្រលានយន្តហោះដែលមានលក្ខណៈទំនើប អាចទទួលបានជើងយន្តហោះច្រើន ជាសមិទ្ធផលមួយ មិនមែនតែសម្រាប់ការឆ្លើយតបតម្រូវការបច្ចុប្បន្នកាល ប៉ុន្តែវាជាការត្រៀមលក្ខណៈសម្រាប់អនាគត។ ការសម្រេចចិត្តកសាងព្រលានយន្តហោះថ្មីនៅទីនេះ ប្តូរពីទីតាំងចាស់ដែលកន្លងទៅ ខ្ញុំឃើញមានបងប្អូនខ្លះមានការចាប់អារម្មណ៍ថា ហេតុអីបានជាយើងចាំបាច់លើកព្រលានយន្តហោះមួយដែលតែ ៥គីឡូពីអង្គរ មកដល់ ៥០គីឡូពីអង្គរ។ ដូចបានរៀបរាប់នៅក្នុងសន្ទរក​ថាអម្បាញ់មិញរបស់ខ្ញុំ ការជ្រើសរើសទីតាំងនៅទីនេះផ្អែកលើចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ។

(២) ព្រលានយន្តហោះថ្មីសៀមរាបជានិមិត្តនៃការជំរុញការអភិវឌ្ឍនិងអភិរក្ស

ទី១ ការរៀបចំអភិវឌ្ឍនៅទីនេះ ជានិមិត្តរូបនៃការរុញការងារ២ គឺ ទី១ ការអភិវឌ្ឍ និងទី២ ការអភិរក្ស ត្រូវដើរទន្ទឹមគ្នា។ ការអភិវឌ្ឍគឺការរៀបចំកសាងហេដ្ឋារចនាសម្ព័ន្ធ​ដែលព្រលានយន្តហោះនៅទីនេះ យើងចាត់ទុកថាជាព្រលានយន្តហោះកម្រិតទំនើប។ មិនត្រឹមតែអគារធំទេ ប៉ុន្តែការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងគ្រឿងបំពាក់គឺទំនើប និងត្រៀមទទួលនូវការហោះហើរច្រើន។ ពេលជាមួយគ្នា វាមានការចាំបាច់នៅក្នុងការថែរក្សានូវកេរ្តិ៍ដំ​ណែលរបស់ដូនតា … ដែលយើងហៅថា សៀមរាបអង្គរ ទឹកដីអង្គរ គឺពោរពេញទៅដោយសម្បត្តិវប្បធម៌ប្រវត្តិសាស្ត្រ ដែលកូនចៅជំនាន់ក្រោយត្រូវការថែរក្សា។

(៣) បង្កានិងការពារតំបន់ប្រាសាទពីរំញោចនិងផ្សែងបំពុលបរិស្ថាន

បើសិនជាមានហានិភ័យសូម្បីតែបន្តិចទៅដល់ការប៉ះពាល់ អវិជ្ជមានទៅដល់កេរ្តិ៍ដំណែលនោះ ក្នុងរយៈពេលវែងក៏ចាំបាច់យើងត្រូវចាត់វិធានការដើម្បីលុបបំបាត់នូវហានិភ័យ ដើម្បីរក្សា(កេរ្តិដំណែល)រាប់ពាន់ឆ្នាំបន្តទៅទៀតទុកឱ្យកូនចៅយើង។ ជាក់ស្តែង នៅទីនេះព្រលានយន្តហោះចាស់នៅកៀកនឹងប្រាសាទអង្គរវត្ត ហើយផ្លូវហោះហើរក៏វានៅចំត្រង់ពីលើ ៥គីឡូជាង ពីតំបន់អង្គរ។ ហានិភ័យដែលអ្នកបច្ចេកទេសបាន(សិក្សា)វាយតម្លៃរាប់ឆ្នាំគឺ ទី១ រំញោចដែលកើតពីយន្តហោះហោះ យន្តហោះតូចយន្តហោះធំ។ ទី២ ពាក់ព័ន្ធទៅនឹងផ្សែងយន្តហោះដែលអាចបំពុល(បរិ​ស្ថាន)ទៅនឹងតំបន់ប្រាសាទ។ អញ្ចឹង ការនេះទាមទារនូវការចល័ត ដែលជាបថមគឺការថែរក្សា និងអភិរក្សកេរ្តិ៍ដំណែលរបស់យើង។

(៤) ព្យាករណ៍និងឆ្លើយតបទៅតម្រូវការនៃចរាចរណ៍បច្ចុប្បន្ននិងទៅអនាគត

ទី២ ពាក់ព័ន្ធទៅនឹ​ង​ការរៀបចំ និងពង្រីកសមត្ថភាព និងលទ្ធភាព ដើម្បីព្យាករណ៍និងដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃចរាចរណ៍បច្ចុប្បន្ននិងទៅអនាគត។ ឯកឧត្តម ម៉ៅ ហាវណ្ណាល់ បានរាយការណ៍មុនវិបត្តិ កូវីដ-១៩ ព្រលានយន្តហោះសៀមរាបយើងទទួលបានភ្ញៀវជិត ៤លាននាក់រួចទៅហើយ/ឆ្នាំ។ មួយថ្ងៃជាង ១០០ជើង យន្តហោះ។ ហ្នឹងឆ្នាំ ២០១៩។ ជាអកុសល កូវីដ-​១៩ បានធ្វើឲ្យប៉ះពាល់ទៅដល់វិស័យទេសចរណ៍។ ខ្ញុំមានជំនឿ​មុតមាំថា ទៅថ្ងៃមុខកំណើននៃការបម្រើកាន់តែខ្ពស់ … ជាលក្ខណៈបច្ចេកទេស ព្រលានយន្តហោះចាស់ដែល ទី១ កៀកនឹងអង្គរ ការហោះហើរអាចធ្វើបាន​តែមួយទិសទេ។ មិនហោះឡើងបានពីរទិសតាមខ្យល់ទេ។ ភាគច្រើន យន្តហោះឡើងចុះបញ្រ្ចាស(ដំណើរ)ខ្យល់។ ឡើងក៏បញ្រ្ចាសចុះក៏បញ្ច្រាស ដើម្បីជួយជាបច្ចេកទេស។ នៅព្រលានចាស់ យើងហោះបានតែមួយជុំទេព្រោះម្ខាងទៀត(នឹងវង់)ទៅលើអង្គរ។ អញ្ចឹងហោះតែម្ខាង … អញ្ចឹងពេលខ្លះយន្តហោះធំមិនអាចចុះកើត។

ទី២ សមត្ថភាពនៅក្នុងការទទួលយន្តហោះ នៅទីនោះតាមបញ្ជាក់របស់ឯកឧត្តម ម៉ៅ ហាវណ្ណាល់ បានតែកម្រិត 4C ទេ។ យើងអាចទទួលបានតែយន្តហោះ airbus ល្មមៗ មិនធំទេ។ អាចទទួលបាន A៣២០ ដែលហោះមកពីសិង្ហបុរី។ អញ្ចឹងការដឹកជញ្ជូនមនុស្សមកក៏តិច។ ចំពោះព្រលានយន្តហោះនេះ ពិតណាស់យើងមិនទាន់ដល់កម្រិត 4F ដែលអាចទទួល airbus ៣៨០ នោះទេ ប៉ុន្តែយើងអាចទទួលយន្តហោះភាគច្រើនសឹងតែគ្រប់ប្រភេទ។​ គឺអាចទទួលបានទាំងសមត្ថភាពចុះចតយន្តហោះដឹកជញ្ជូនធំៗ ពីឆ្ងាយ។ បើយន្តហោះតូចៗ អាចពីក្នុងតំបន់។ តែយន្តហោះធំៗ អាចហោះ direct ពីអឺរ៉ុប ពីបណ្តាប្រទេសមួយចំនួនដែលជាគោលដៅនៅក្នុងការពង្រីកការហោះត្រង់របស់យើង។

សមត្ថភាពនៅក្នុងការថែទាំ នៅក្នុងការចតយន្តហោះក៏បានច្រើន។ វាទាក់ទងទៅនឹងលទ្ធភាពនៃការពង្រីកព្រលានយន្តហោះនេះថែមទាំងលក្ខណៈបច្ចេកទេសនិងភាពធានា និងប្រកួតប្រជែងរបស់ព្រលានយន្តហោះយើងទៅថ្ងៃអនាគត។ យើងចង់ជំរុញព្រលានយន្តហោះសៀមរាបនេះ ជាព្រលានយន្តហោះកម្រិតអន្តរជាតិមួយមានសកម្មភាពយ៉ាងមមាញឹក។ ទី៣ គឺពង្រីកហេដ្ឋារចនាសម្ព័ន្ធទំនើប ដែលព្រលានយន្តហោះថ្មីនេះគឺ មិនត្រឹមតែបំពាក់ ឬមួយក៏ធ្វើ Piste ចុះបានធំនោះទេ ប៉ុន្តែបំពាក់គ្រឿងឧបករណ៍ទំនើបដែលជួយសម្រួលនៅក្នុងការបម្រើសេវា។ យើងអាចពង្រីកព្រលានយន្តហោះចាស់ តែមានកម្រិត។ សម្រាប់ព្រលានថ្មីនេះ យើងអាចធ្វើបានច្រើននិងការរៀបចំហេដ្ឋារចនាសម្ព័ន្ធបំពាក់ដើម្បីបម្រើសេដ្ឋកិច្ច។

(៥) ការលើកព្រលានយន្តហោះមកនៅទីនេះ ក៏ជំរុញបង្កើននូវកំណើនសេដ្ឋកិច្ចនៅតំបន់នេះ

ចំណុចមួយទៀត ចក្ខុវិស័យនៃការរីកការហោះហើរនៅទៅថ្ងៃអនាគត។ ពិតណាស់ ព្រលានយន្តហោះបច្ចុប្បន្ន នៅរាងឆ្ងាយបន្តិចពីក្រុង ប៉ុន្តែខ្ញុំជឿថា នៅក្នុងរយៈពេល១០ ទៅ២០ ឆ្នាំទៀត ទីក្រុងសៀមរាបនឹងរីក(ទំហំទៅ)ទិសខាងថ្មពួក។ អញ្ចឹងព្រលានយន្តហោះនោះ ចង់មិនចង់នឹងនៅកណ្តាលក្រុងក្នុងពេលឆាប់ៗ ខាងមុខ …យើងឃើញហើយថា នៅប្រទេសខ្លះ ព្រលានយន្តហោះនៅកណ្តាលក្រុង គឺមានការលំបាក។ ពេលខ្លះការហោះហើរមិនអាចដំណើរការបាន ២៤ ម៉ោងទេ ដោយសារបង្កាពីការរំខានមនុស្សស្នាក់នៅ និងមួយទៀតវាលំ​បាកប៉ះពាល់ទាំងសម្លេងអីផ្សេងៗ។

(៦) ព្រលានយន្តហោះថ្មីសៀមរាបនិងគម្រោងអភិវឌ្ឍន៍ពហុបំណង នឹងជំរុញអោយមានកំណើនសេដ្ឋកិច្ច

អញ្ចឹងការចល័តព្រលានមកដល់នេះគឺព្យាករណ៍និងត្រៀមជួយសម្រួលដល់ការអភិវឌ្ឍ និងការរីក(ចំរើន)នៅក្នុងទីក្រុងសៀមរាបនៅថ្ងៃអនាគតផងដែរ។ ចំណុចសំខាន់មួយទៀត ការលើកព្រលានយន្តហោះមករៀបចំនៅទីនេះ ក៏វានឹងជួយបង្កើនកំណើនសេដ្ឋកិច្ចនៅតំបន់នេះ។ ឥឡូវយើងប្រមូលផ្តុំវិស័យទេសចរណ៍ច្រើននៅក្នុងទីរួមខេត្តសៀមរាបនិងតំបន់មួយចំនួន ដូចជានៅទន្លេសាបផ្សេងៗ។ ការរៀបចំនិងសាងសង់និងប្រតិបត្តិព្រលានយន្តហោះ បូកជាមួយនឹងគម្រោងអភិវឌ្ឍន៍ពហុបំណង ដែលក្រុម​ហ៊ុនបានរៀប​ចំ(នឹងជួយជំរុញអោយមានកំណើនសេដ្ឋកិច្ចក្នុងតំបន់នេះ)។ ឥឡូវ រៀបចំ ៧០០ហិកតាសម្រាប់ធ្វើព្រលានយន្តហោះ និងមានគម្រោងពង្រីកទៅទៀតថ្ងៃក្រោយ។ មាន ១០០០ ហិកតាទៀត គ្រោងអភិវឌ្ឍន៍ដើម្បីពង្រឹងតំបន់អភិវឌ្ឍន៍ពហុបំណង។ ប៉ុន្តែ មិនមែនអភិវឌ្ឍតែ ១៧០០ ហិកតារបស់ក្រុមហ៊ុននោះទេ។ ការរៀបចំសកម្មភាពសេដ្ឋកិច្ចនៅទីនេះនឹងជំរុញនូវការអភិវឌ្ឍបន្ថែមទៀតនៅក្នុងតំបន់នៅទីនេះតែម្ដង។ តំបន់ជីក្រែង តំបន់សូត្រនិគមនេះ បើតាមប្រវត្តិគឺជាកន្លែងដែលមានការវាយប្រហារគ្នារហូតដល់ឆ្នាំ១៩៩៨។ នៅទីនេះមានសកម្មភាពកម្លាំងខ្មែរក្រហម ដឹកនាំដោយឯកឧត្តម យឹម ពឹម ក្រោយមកជាមេកងពលលេខ៨។ ពេលនេះគាត់ទទួលមរណភាពហើយ។

(៧) ប្រែតំបន់អតីតសមរភូមិជាតំបន់អភិវឌ្ឍសេដ្ឋកិច្ចពហុបំណង បំ​ពេញបន្ថែមដល់ផ្នែកទេសចរណ៍នៅ សៀមរាប

ផ្លូវដែលយើងជិះពីទីរួមខេត្តមកដល់ទីនេះពោរពេញទៅដោយមីននិងការច្បាំងគ្នា ដែលធ្វើអោយមានការស្លាប់។ យើងបានប្រែក្លាយតំបន់អតីតសមរភូមិទៅជាតំបន់អភិវឌ្ឍន៍ ហើយជាតំបន់សេដ្ឋកិច្ចបន្ថែមទៀត។ សេដ្ឋកិច្ចឧស្សាហកម្មនិងពហុបំណង គឺជាអ្វីដែលនឹងជួយបំ​ពេញបន្ថែមដល់សេដ្ឋកិច្ចផ្នែកទេសចរណ៍នៅខេត្តសៀមរាប។ នេះហើយចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចតេជោ អតីតនាយករដ្ឋមន្ត្រី ក្នុងការជ្រើសរើសទីតាំងនេះ។ មកដល់ម៉ោងនេះ ការអភិវឌ្ឍតាំងពីចាប់ផ្ដើមរយៈពេល ៣ឆ្នាំបានផ្ដល់ផលច្រើនរួចទៅហើយដល់ប្រជាពលរដ្ឋដែលនៅជុំវិញនេះ ដល់ប្រជាពលរដ្ឋអ្នកខេត្តសៀមរាប មិនត្រឹមតែទទួលបានហេដ្ឋារចនាសម្ព័ន្ធទេ ប៉ុន្តែក៏មានការងារពីអ្នកវិនិយោ​គ និងប្រជាពលរដ្ឋដែលមានការងារនៅក្នុងវិស័យសំណង់។ ឥឡូវសកម្មភាពរីកចម្រើនចាប់ផ្ដើមដំណើរការ ក៏ត្រូវផ្ដល់ផលប្រយោជន៍ផ្សេងៗទៀត។

(៨) គោលដៅឱ្យព្រលានយន្តហោះសៀមរាប ក្លាយជាចលករលើកស្ទួយជីវភាពប្រជាពលរដ្ឋនិងសេដ្ឋកិច្ច

ព្រលានយន្តហោះធ្វើបានហើយ។ គោលបំណងមិនមែនត្រឹមតែធ្វើដើម្បីចេញជារូបភាព បានជាមោទនភាព ថាយើងមានអាគារព្រលានយន្តហោះមួយដែលល្អខ្នាតអន្តរជាតិនោះទេ។ ភារកិច្ចរបស់យើងត្រូវធ្វើឱ្យព្រលាននេះដំណើរការ សម្រេចបាននូវគោលដៅដែលព្រលាននេះក្លាយទៅជាចលករមួយជួយជំរុញលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជំរុញសេដ្ឋកិច្ចកម្ពុជា។ យើងវិនិយោគហេដ្ឋារចនាសម្ព័ន្ធ(នេះ) ទោះបីជាក្នុងរូបភាព BOT ប្រើប្រាស់ថវិកាវិនិយោគឯកជនក៏ដោយ ប៉ុន្តែជាសំណង់ដែលត្រូវបង្កើតសកម្មភាពសេដ្ឋកិច្ច ជួយជំរុញសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា។

(៩) គ្រប់គ្រងនិងផ្តល់សេវាគ្រប់ប្រភេទក្នុងព្រលានដោយរលូននិងគ្រប់​ជ្រុងជ្រោយ

ជាគោលការណ៍ ដើម្បីឱ្យដើរល្អ កិច្ចការដែលត្រូវយកចិត្តទុកដាក់បន្ថែម មាន ទី១ រៀបចំការគ្រប់គ្រងឱ្យបានល្អ ធានាការផ្ដល់សេវាគ្រប់ប្រភេទនៅក្នុងព្រលានមានដំណើរការរលូននិងគ្រប់​ជ្រុងជ្រោយ … ការងារទាំងអស់រួមទាំងការងារបដិសណ្ឋារកិច្ច កិច្ចការងារផ្ដល់សេវាផ្សេងៗ ទាំងសេវានៅខាងក្រៅ Airside នៅខាងក្នុងខាង Passenger side។ យើងធ្វើឱ្យក្លាយជាកន្លែងមួយដែលអ្នកដំណើរឆ្លងកាត់មានអនុស្សាវរីយល្អ ជាព្រលានយន្តហោះមួយដែលមានការទទួលនិងផ្ដល់សេវានិងភាពកក់ក្ដៅ។ ការរៀបចំយន្តការគ្រប់គ្រងនេះគឺសំខាន់ ទាំងផ្នែកឯកជនទាំងក្រុមហ៊ុនវិនិយោគ ទាំងស្ថាប័នរដ្ឋពាក់ព័ន្ធទាំងអស់ត្រូវធ្វើកន្លែងនេះទៅជាកន្លែងបដិសណ្ឋារកិច្ចដែលល្អ … ភាគច្រើននៅលើពិភពលោក ការប្រកួតប្រជែងក្នុងផ្នែកព្រលានយន្តហោះ លែងគ្រាន់តែជាព្រលានយន្តដែលបម្រើការឆ្លងកាត់នោះហើយ ប៉ុន្តែទៅជាកន្លែងមួយអាចថាសឹងតែជាផលិតផលទេសចរណ៍មួយខ្លួនឯងតែម្ដង។ នៅតាមប្រទេសជាច្រើន គេបានសម្រួលការរៀប​ចំផ្ទៃក្នុង ការរៀបចំផាសុខភាព ការលក់ដូរផ្សេងៗ …។

(១០) E-arrival មានទំរង់សាមញ្ញ តាមប្រព័ន្ធអេឡិចត្រូនិក និងអនុវត្តជាគំរោងគំរូនៅព្រលានសៀមរាប

ខ្ញុំក៏សូមផ្តល់និងជូនដំណឹងផងដែរ​ អគ្គនាយកដ្ឋានអន្តោប្រវេសន៍របស់កម្ពុជាបានរៀបចំនឹងអនុវត្តគម្រោងថ្មីមួយពាក់ព័ន្ធទៅនឹង E-arrival។ បានន័យថា ជួយសម្រួល ទី១ ធ្វើឲ្យភាពសាមញ្ញនៅក្នុងការបំពេញទម្រង់ពាក់ព័ន្ធទៅនឹង custom និងអន្តោប្រវេសន៍។ កាលមុនយើងមានគយ យើងមានចត្តាឡីស័ក យើងមាន ២ ៣ ទម្រង់។ ឥឡូវបង្រួមតែ១ ទេ។ ទី២ យើងកាត់បន្ថយការប្រើក្រដាសទៅជាការប្រើតាមប្រព័ន្ធបច្ចេកវិទ្យាអេឡិចត្រូនិច។ អញ្ចឹងរាល់ការបំពេញទាំងអស់ គឺភ្ញៀវដែលឆ្លងកាត់ទីនេះមិនចាំបាច់បំពេញ form ទេ គឺអាចឆ្លងកាត់ដើម្បីងាយស្រួល។ គម្រោងនេះនឹងត្រូវធ្វើឲ្យចប់ចុងឆ្នាំ ២០២៣ ហើយត្រូវអនុវត្តជាគម្រោងគំរូ នៅព្រលានយន្តហោះសៀមរាបមុនគេ នៅឆ្នាំ ២០២៤។

ទី២៖ ការពង្រឹងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ពីក្រុងសៀមរាបមកដល់ព្រលានយន្តហោះ។ កន្លងទៅមានការលើកឡើងថា ព្រលាននៅឆ្ងាយណាស់។ ពិតណាស់ នៅទីនេះ ៤០គីឡូពីអង្គរ និង ៥០គីឡូពីទីរួមខេត្ត។ ប៉ុន្តែយើងចង់បញ្ជាក់ថា ព្រលានយន្តហោះដែលនៅឆ្ងាយពីក្រុងទីប្រជុំជន នៅលើពិភពលោកមិនជាការចម្លែកទេ។ នៅកូរ៉េពី Incheon មក down town Seoul ហ្នឹងប្រហែល ៥០គីឡូដូចគ្នា។ សុវណ្ណភូមិថ្មី(នៅថៃ) មកដល់ down town ប្រហែលជាជាង ៣០គីឡូ … រឿងចំងាយវាជារឿងមួយ ប៉ុន្តែការតភ្ជាប់ពីព្រលានទៅក្រុង(ជាកិច្ចាករសំខាន់)។ នៅក្នុងន័យនេះ ខ្ញុំសូមអរគុណដល់ក្រុមហ៊ុនវិនិយោគដែលមិនត្រឹមតែវិនិយោគលើព្រលានទេ តែក៏វិនិយោគលើ highway ពីព្រលានរហូតដល់ផ្លូវជាតិលេខ៦។

(១១) រាជរដ្ឋាភិបាលមានផែនការ ១) ពង្រីកផ្លូវជាតិលេខ៦ និង២) រៀបចំរទេះភ្លើងកម្រិតស្រាល

យើងមានផែនការ២។ ទី១ យើងពង្រីកផ្លូវជាតិលេខ៦ របស់យើងពីចំណុចប្រសព្វអក្សរ T ផ្លូវ highway ពីព្រលានរហូតទៅដល់ទីរួមខេត្តជិត ២០គីឡូ។ យើងបានគ្រោងហើយថវិកាដូចជា ៦០លានដុល្លារ ហើយយើងបាននិងកំពុងចរចា។ ឆ្នាំក្រោយយើងអាចដំណើរការពង្រីកបាន។ យើងត្រូវការដោះស្រាយផលប៉ះពាល់។ យើងពង្រីកជា ៤គន្លង ហើយ ៦គន្លង។ ទី២ គឺយើងរៀបចំកំពុងចរចាធ្វើរទេះភ្លើងកម្រិតស្រាល monorail ពីព្រលានយន្តហោះនេះទៅក្រុងតែម្តង។ ជិះរថយន្តអាចស្ទះផ្លូវ តែជិះរទេះភ្លើងប្រហែលជាមិនស្ទះទេ។ អញ្ចឹងការពង្រីកព្រលានយន្តហោះ ជាការតភ្ជាប់ខេត្តសៀមរាបជាមួយនឹងពិភពលោក។ ឥឡូវភ្ជាប់ពីព្រ​លានសៀមរាបទៅដល់ទីក្រុងថ្មី។ យើងមិនអាចធ្វើទាំងអស់ក្នុងពេលតែមួយបានទេ ប៉ុន្តែយើងបានដាក់ផែនការជាក់លាក់នៅក្នុងការពង្រីក(ផ្លូវ)នេះ។ ការតភ្ជាប់នេះ គឺធ្វើយ៉ាងណាកាត់បន្ថយចំណាយ កាត់បន្ថយពេលវេលា រវាងការធ្វើដំណើរពីក្រុងមកដល់ទីនេះ។

កិច្ចការងារបន្តដែលយើងត្រូវយកចិត្តទុកដាក់ ហើយជាគោលគំនិតដើមរបស់សម្តេចតេជោ ក៏ដូចជារាជរដ្ឋាភិបាល គឺធ្វើឲ្យសមិទ្ធផលមួយនេះផ្តល់អត្ថប្រយោជន៍ទៅដល់ប្រជាពលរដ្ឋ ទៅដល់ខេត្ត ជាពិសេសប្រជាពល​រដ្ឋ​មូលដ្ឋាន។ ទាមទារឲ្យធ្វើការពិនិត្យ និងរៀបចំផែនការជំរុញការភ្ជាប់ ទាញអត្ថប្រយោជន៍ពីព្រលានថ្មីនេះ សម្រាប់ប្រជាពលរដ្ឋ ដោយផ្តល់អាទិភាពដល់អ្នកនៅមូលដ្ឋាន នៅក្នុងខេត្ត តាមរយៈការបង្កើតការងារផ្សេងៗ ដែលប្រជាពលរដ្ឋក្នុងតំបន់បានទទួលផលមួយចំនួនហើយ … ថ្ងៃមុន ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ក៏បានលើក​គំនិតគិតគូរពីប្រជាពលរដ្ឋដែលនៅ រុនតាឯក ដែលសុំ(តភ្ជាប់)ជាមួយនឹងទីនេះ ដូចជា ៤០គីឡូម៉ែត្រជាង។ យើងអាចភ្ជាប់ជាមួយអ្នកនៅជុំវិញទីនេះ។

ទី២ បង្កលក្ខណ

ៈអោយព្រលាននេះក្លាយជាចលករមួយសម្រាប់ជម្រុញការអភិវឌ្ឍផ្សេងៗ ទៀតនៅតំបន់នេះ មិនមែនតែក្នុងក្របខណ្ឌក្រុមហ៊ុនវិនិយោគព្រលានយន្តហោះនេះទេ ប៉ុន្តែលើកទឹកចិត្តឱ្យវិនិយោគទាំងក្នុងនិងក្រៅប្រទេស ភ្ជាប់ជាមួយកន្លែងនេះ អាចជាតំបន់ឧស្សាហកម្ម។ ព្រលាននៅហ្នឹងនឹងជម្រុញទៅដល់កសិឧស្សាហកម្ម និងទៅការអភិវឌ្ឍផ្សេងទៀត អាចទាំងសេវា។ ជួនកាលគ្រប់ព្រលានយន្តហោះទាំងអស់ (ត្រូវ)មានទាំងសណ្ឋាគារ មានទាំងអីនៅកន្លែងហ្នឹង ព្រោះ ៥០គីឡូម៉ែត្រ(ពីព្រលានទៅក្រុង) ជួនកាលគាត់ទៅក្រុង ចេញមកយន្តហោះហោះម៉ោង ៥ភ្លឺ គាត់មិនសម្រាកនៅហ្នឹង គាត់មកសម្រាកនៅទីនេះ។ អញ្ចឹងសេដ្ឋកិច្ច អាហារដ្ឋានផ្សេងៗ ទីផ្សារ តំបន់អភិវឌ្ឍន៍ផ្សេងៗទំព័រ ធ្វើយ៉ាងណា យើងរៀបចំផែនការនេះ ហើយសូមឱ្យគណៈអភិបាលខេត្តស្រុក យកចិត្តទុកដាក់ទៅលើការចាប់យកចំណុចខ្លាំងទាំងនេះ។

(១២) ជំរុញវិនិយោគនិងទេសចរពីខេត្តយូណាន និងពង្រីកសក្តានុពលទេសចរក្នុងក្របខណ្ឌជាតិ

(ទី៣) ខេត្តសៀមរាប ជាខេត្តសម្ព័ន្ធមេត្រីភាពជាមួយខេត្តយូណាន ហើយឯកឧត្តមអភិបាលខេត្តនៅទីនេះ ក៏សូមបន្តជួយជម្រុញការវិនិយោគ អ្នកវិនិយោគពីខេត្តយូណាន និងទេសចរឱ្យច្រើនពីខេត្តយូណាន មកខេត្តសៀមរាប និងមកកម្ពុជា ដើម្បីជម្រុញការប្រើប្រាស់ព្រលាននេះឱ្យអស់សុពលភាព ឱ្យសក្កានុពល និងដើម្បីយើងពង្រីកទៅមុខទៀត។ ជាពិសេស ភ្ជាប់ទំនាក់ទំនងកម្ពុជាចិន ប្រជាជននិងប្រជាជន ជាកិច្ចការសំខាន់។ ទី៤ … បើយើងនិយាយអំពីការដំណើរការព្រលានយន្តហោះអាចជោគជ័យបាន យើងមិនអាចនិយាយតែក្នុងក្របខណ្ដព្រលានយន្តហោះតែឯងទេ យើងត្រូវនិយាយពីក្របខណ្ឌម៉ាក្រូ ក្របខណ្ឌទេសចរណ៍ទាំងមូល នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងនៅក្នុងខេត្តសៀមរាបតែម្ដង។ នៅក្នុងន័យនេះ ឯកឧត្តមបានជ្រាបហើយ ខេត្តសៀមរាប គឺជាខេត្តមួយដែលមានសក្កានុពលខាងទេសចរណ៍។ មុនកូវីដ១៩ យើងមាន(អ្នកទេសចរ)ជិត ៤លាននាក់មកទីនេះ។ សក្កានុពលនៅមិនទាន់អស់ទេ។ យើងអាចពង្រីកបន្ថែមទៀត។ អាចភ្ជាប់ជាមួយសក្កានុពលពីខេត្តសៀមរាប អាចចែកទៅខេត្តព្រះវិហារ កំពង់ធំ និងនៅបន្តតំបន់ទាំងនេះ ចែកពីតំបន់ក្រុងសៀមរាប ដែលទេសចរមកលេង ចែកទៅក្នុងតំបន់ផ្សេងៗ តំបន់ទន្លេសាប តំបន់ផ្សេងៗនៅក្នុងខេត្ត ដើម្បីអភិវឌ្ឍផលិតផលទេសចរណ៍ ដើម្បីធ្វើយ៉ាងណាឱ្យខេត្ត និងប្រជាពលរដ្ឋបានទទួលផលច្រើន។

ក្នុងសម័យកូវីដ១៩ ខេត្តសៀមរាប ជាពិសេសបងប្អូនប្រជាពលរដ្ឋយើង ការវិនិយោគក៏ដូចជាអាជីវកម្មនៅក្នុងវិស័យ​ទេសចរណ៍គឺប៉ះពាល់ធ្ងន់។ ឥឡូវយើងកើន(អ្នកទេសចរ)ហើយ។ ទទួលបានយន្តហោះ ៣៤ ជើងក្នុងមួយថ្ងៃ (ស្មើនឹង) ៣២ភាគរយ។ តាមខ្ញុំឆែកនៅក្នុងប៉ុន្មានអាទិត្យនេះមានការកើនចំនួន(អ្នកទេសចរ)។ ជាការកត់សំគាល់ មើលតាមលិខិតទិញសំបុត្រចូលអង្គរកាលពី ៣-៤ សប្ដាហ៍មុន មាន ១០០០ នាក់ជាងក្នុងមួយថ្ងៃ។ ឥឡូវយើងកើនដល់ជាង ៣០០០នាក់។ មុននោះមួយថ្ងៃ(មានអ្នកទេសចរ)ខ្ទង់ ៨០០០-៩០០០ នាក់។ យើងយកសំបុត្រអង្គរនេះ គ្រាន់តែជារង្វាស់មួយ។ ពិតណាស់ មិនមែនទេសចរទាំងអស់ចូលអង្គររាល់ថ្ងៃទេ … អញ្ចឹងឃើញមានការកើនឡើង បើប្រៀបធៀបនៅឆ្នាំ ២០២២ ដែលយើងចាប់ផ្ដើមបើកប្រទេសឡើងវិញ … នៅទូទាំងប្រទេស យើងមានការធ្វើដំណើរទាំងទេសចរខ្មែរទាំងទេសចរបរទេសជាង ៤លាននាក់។ អញ្ចឹងកំណើនការធ្វើដំណើរតាមយន្តហោះ​នេះគឺកាន់តែកើនឡើង។

(១៣) ទស្សនាសៀមរាបឆ្នាំ២០២៤ និងទាក់ទាញទេសចរចិនក្នុងខួបទំនាក់ទំនងប្រជាជននិងប្រជាជន

រាជរដ្ឋាភិបាលបានដាក់ចេញគោលដៅជម្រុញវិស័យទេសចរណ៍ ជាពិសេសនៅខេត្តសៀមរាបនេះ។ កាលពីថ្ងៃទី ១៣(វិច្ឆិកា)កន្លងទៅ ក្នុងពេលជួបជាមួយវិស័យឯកជន ខ្ញុំបានដាក់ចេញនូវគោលការណ៍ … ថា“ទស្សនាខេត្តសៀមរាបឆ្នាំ២០២៤”បើជាភាសាអង់គ្លេស “Visit Siem Reap Year 2024” … ដោយឡែកជា​មួយរដ្ឋាភិបាលចិន កាលពីខែតុលានេះ ខ្ញុំក៏បានពិភាក្សាគ្នានិងបានឯកភាពជាមួយឯកឧត្តមប្រធានាធិបតីចិន Xi Jinping ក៏ដូចជាបានលើកជាមួយឯកឧត្តមនាយករដ្ឋមន្ដ្រីចិន Li Qiang ដែលបានឯកភាព​ថាឆ្នាំ ២០២៤ នេះ​ គឺជាឆ្នាំនៃទំនាក់ទំនងប្រជាជននិងប្រជាជនរបស់កម្ពុជាចិន ដែលមុខព្រួញមួយសំខាន់គឺការជំរុញទេសចរមកពីចិនឲ្យច្រើននៅឆ្នាំ ២០២៤ …។

គោលនយោបាយដែលយើងដាក់ចេញនោះ មាន ទី​១ រៀបចំនូវយន្ដការអនុវត្ដដែលរៀបចំឡើងវិញក្រុមប្រឹក្សាទេសចរណ៍មួយជាបន្ទាន់ដើម្បីជាតួអង្គរៀបចំផែនការសកម្មភាព និងដឹកនាំអនុវត្ដនៅក្នុងការជួយសម្រួល និង ដោះស្រាយ និងដាក់ចេញជាកញ្ចប់នូវវិធានការ ដើម្បីលើកទឹកចិត្តប្រតិបត្ដិករនៃវិស័យឯកជននៅក្នុងខេត្តសៀមរាប តាមរយៈយន្ដការនៅក្នុងការជួយពន្ធ និងការជួយក្នុងការលើកទឹកចិត្តកម្រិតណាផ្សេងៗ ការបន្ធូរបន្ថយ សម្រួល ដូចជាការ​អនុគ្រោះ និងលើកទឹកចិត្តនៅក្នុងផ្នែកពន្ធ។ ការផ្ដល់(និង)ត្រៀមហិរញ្ញប្ប​ទានដែលមានការប្រាក់សមរម្យ​មួយចំនួនសំរាប់ប្រតិបត្ដិករក្នុងវិស័យទេសចរណ៍។ ការជួយទៅដល់សណ្ឋា​គារ ភោជនីយដ្ឋាន មគ្គុទេសក៍ទេសចរណ៍ផ្សេងៗដែលពាក់ព័ន្ធក្នុងខេត្តសៀមរាបនេះតែម្ដង។

(១៤) រក្សាថ្លៃនិងបញ្ចុះថ្លៃអគ្គិសនី១៥% ក្នុងរដូវទេសចរច្រើន បន្ថែមលើកញ្ចប់ថវិកាអន្តរាគមន៍ ៥០លានដុល្លារ ដើម្បីជំរុញទេសចរណ៍

ក្រៅពីនោះ យើងក៏មានការគិតគូរផ្សេងៗ សូម្បីតែ​នៅក្នុងវិស័យថាមពល មានការជួយកាត់បន្ថយចំណាយ។ ក្រៅពីការជួយខាងពន្ធដារសារពើពន្ធនោះ យើងមានការជួយខាងអគ្គិសនីកម្ពុជា ដោយថ្ងៃ ១៣​ វិច្ឆិកា មុន ខ្ញុំមិនបានលើក ថ្ងៃនេះខ្ញុំសូមបញ្ជាក់។ (ទី១) ទោះបីវិបត្ដិថាមពលនៅលើពិភពលោក ដែលតម្រូវឲ្យប្រទេសជាច្រើនក្នុងតំបន់និងលើពិភពលោក ត្រូវដំឡើងថ្លៃអគ្គិសនីប្រើប្រាស់ដល់ប្រជាពលរដ្ឋ ដែលធ្វើឲ្យការលំបាកដល់ប្រជាពលរដ្ឋ ប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋនៅបណ្ដាប្រទេសជាច្រើននៅលើពិភពលោក កម្ពុជាឆ្នាំនេះ មានលទ្ធភាពថែរក្សាលំនឹងថ្លៃអគ្គិសនី។ ទោះបីជារដ្ឋត្រូវខាតបង់មួយចំនួនក៏ដោយ ក៏យើងបានខិតខំធ្វើយ៉ាងណារក្សាថ្លៃអគ្គិសនី …។

ទី២ នៅក្នុងរយៈពេល ៣ ខែ ជាពិសេសនៅក្នុង High Season នេះ អគ្គិសនីកម្ពុជាបានគិតគូរ​នៅក្នុងការលើកទឹកចិត្តតាមរយៈការបញ្ចុះតំលៃ ១៥% ចំពោះការប្រើប្រាស់អគ្គិសនីដែលលើសពី(កំរិត)មធ្យម ជួយទៅដល់ប្រតិបត្ដិករក្នុងវិស័យទេសចរណ៍ដូចជាសណ្ឋាគារ ផ្ទះសំណាក់ ផ្សារទំនើប ភោជនីយដ្ឋានធំៗ មិនមែនតែក្នុងខេត្តសៀមរាបទេ គឺក្នុងព្រះរាជាណាចចក្រកម្ពុជាទាំងមូល។​ ដូចម្តេចដែលហៅ​ថាលើស(កំរិត)មធ្យម? … ឧទាហរណ៍ថាខែ១ ខែ២ ខែ៣ ទេសចរណ៍មកច្រើន ត្រូវបើកភ្លើងច្រើនលើស(ពីមធ្យមភាគឆមាសទី២ ឆ្នាំ ២០២៣)ហ្នឹង (រដ្ឋ)នឹងកាត់បន្ថយពន្ធ(ការប្រើប្រាស់លើស)ឲ្យ។ ឧទាហរណ៍ថាក្នុង ៦ខែមុន សណ្ឋាគារមួយប្រើអស់ ៥០០ គីឡូវ៉ាត់ គិតដល់ខែធ្នូ … តែខែ១ ខែ២ ខែ៣ ដែលជា High Season ទេសចរមកច្រើន ការប្រ់ប្រាស់ឡើងដល់ ៨០០ គីឡូវ៉ាត់/ខែ។

អញ្ចឹង(ការប្រើប្រាស់លើសមធ្យមភាគ) ៣០០ គីឡូវ៉ាត់​បន្ថែមនេះ ត្រូវបានការបញ្ចុះតំលៃ ១៥%ដើម្បីជួយបន្ថូរបន្ថយដល់អាជីវកម្មធំៗ ក្នុងវិស័យទេសចរណ៍ … យើងទប់មិនឡើង(ថ្លៃ) ទី២ ផ្ដល់ការជួយបន្ថែម។ សង្ឃឹមថាការជួយបែបនេះ បន្ថែមលើការអន្ដរាគមន៍របស់រាជរដ្ឋាភិបាលជួយបន្ថូរបន្ថយលើកទឹកចិត្តផ្នែកសារពើពន្ធ​ ​ការត្រៀមកញ្ចប់ថវិកា ៥០លានដុល្លារ … ជួយប្រតិបត្តិករក្នុងវិស័យទេសចរណ៍ ការត្រៀម​ជួយផ្ដល់ការបណ្ដុះបណ្ដាលផ្សេងៗដល់មគ្គុទេសក៍​​ ការជួយសម្រាលទៅដល់មគ្គុទេសក៍ទេសចរ ក៏ដូចជាការជួយក្នុងថ្លៃភ្លើងបានតិចនិងច្រើន នឹងជួយអោយប្រតិបត្តិករទេសចរមានលទ្ធភាពជំរុញទេសចរក្នុងខេត្តសៀមរាប។ រដ្ឋាភិបាលបានចំណាយជាង ១៥០លានដុល្លាររួចហើយលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត។ អភិ​បាល​ខេត្តនៅទីនេះក៏ខិតខំកែច្នៃ និងធ្វើយ៉ាងណាដើម្បីរៀបចំបរិស្ថានក្នុងខេត្តរបស់យើង។ អាជ្ញាធរមានសមត្ថកិច្ចជួយធ្វើយ៉ាងណាឲ្យសុវត្ថិភាព សន្តិសុខក្នុងតំបន់ជុំវិញព្រលានថ្មីនេះ ក៏ដូចជាក្នុងខេត្ត មានដំណើរការបានល្អ ធានានូវសន្តិសុខ សុវត្ថិភាព ស្ថិរភាព ជូនទេសចររបស់យើងក្នុងខេត្ត …។

(១៥) ជំរុញការភ្ជាប់ជើងហោះហើរត្រង់ និងពង្រីកវិសាលភាពបណ្ណព្រំដែន

ជំរុញការភ្ជាប់ជើងហោះហើរត្រង់បន្ថែម។ ក្រសួងទេសចរណ៍កំពុងធ្វើការខិតខំភ្ជាប់ការហោះហើរបន្ថែម។ ក្នុង ជំនួបរបស់ខ្ញុំជាមួយថ្នាក់ដឹកនាំអាស៊ាន យើងបានចរចាគ្នា ហើយខិតខំភ្ជាប់គ្នារវាងតំបន់ទេសចរណ៍ពីបណ្ដាប្រទេសមួយចំនួនក្នុងអាស៊ាន ពីដាណាងរបស់វៀតណាម ពីឡាវ ពីសេប៊ូរបស់ហ្វីលីពីន ពីភូកេតរបស់ថៃ ខិត​ខំយ៉ាងណាបង្កើនការហោះហើរត្រង់មកទីនេះ។ សង្ឃឹមថានៅឆ្នាំ២០២៤នេះ យើងអាចឈានទៅដល់ការជំរុញទេសចរឲ្យមកច្រកនៅទីនេះ។

មួយទៀតការពង្រីកវិសាលភាពបណ្ណព្រំដែន ដែលក្រសួងការបរទេសនិងក្រសួងមហាផ្ទៃ កំពុងធ្វើការជាមួយប្រទេសថៃ ដើម្បីជួយសម្រួលទេសចរដែលមកពីថៃ ប្រជាពលរដ្ឋថៃមកទីនេះ។ កន្លងទៅ យើងមានកិច្ចព្រមព្រៀងខេត្តជាប់ព្រំដែន ដែលប្រជាពលរដ្ឋចូលទៅខេត្តជាប់ព្រំដែនរៀងៗ ខ្លួន មិនបាច់ប្រើ passport ទេ។ ប៉ុន្តែ យើងចង់ពង្រីកវិសាលភាពនេះឲ្យមកដល់ខេត្តសៀមរាប។ បានន័យថាទេសចរថៃដែលចូលមកដល់ខេត្តសៀម​​រាប មិនបាច់កាន់ passport ទេ គឺមាន(ត្រឹមតែ)បណ្ណធ្វើដំណើរចូលមកខេត្តសៀមរាបតែម្ដង។ ធ្វើយ៉ាងណារុញឲ្យបានមកច្រើនដើម្បីបង្កើនទេសចរនៅខេត្តសៀមរាប។

(១៦) រៀបចំព្រឹត្តិការណ៍ កិច្ចប្រជុំនានា និង Tour Package

ការរៀបចំព្រឹត្តិការណ៍ផ្សេងៗ ដែលបង្កើតនៅទីនេះ។ យើងគ្រោងរៀបចំម៉ារ៉ាតុងនៅខេត្តសៀមរាប ការរៀបចំប្រជុំឡើងវិញ កិច្ចប្រជុំកម្រិតអន្តរជាតិនៅទីនេះមានច្រើន … បន្តិចទៀតនឹងមានបុណ្យអុំទូក ខេត្តដូចជាមានត្រៀមរៀបចំនៅស្ទឹងសៀមរាប។ ពេលដែលយើងរៀបចំព្រឹត្តិការណ៍នេះ (យោងតាមសំណូមពរ)ពេលប្រជុំជា​មួយប្រតិបត្តិករវិស័យឯកជនខាងទេសចរណ៍ គឺថាជួយជូនដំណឹងឲ្យបានដឹងមុនយូរផង ៦ខែអីមុន។ ជាទូទៅ កម្មវិធីបែបនេះ យើងមានក្នុងប្រក្រតិទិនហើយ។ អង្គរសង្រ្កាន្តឬមួយអីនេះ ពិសេសដើម្បីជួយផ្សព្វផ្សាយនិងរៀប​ចំជា package tour ដើម្បីទាញមកចំពេលនេះតែម្ដង។ ឆ្នាំ ២០២៤នេះ ក្រុមប្រឹក្សាទេសចរណ៍ដែលត្រូវកើតឡើងនេះ ធ្វើការជាមួយនឹងវិស័យឯកជនទាំងក្នុងនិងក្រៅស្រុក … សង្ឃឹមថា វិស័យទេសចរណ៍នៅខេត្ត យូណាន ជាតួអង្គមួយក៏អាចចូលរួមក្នុងការរៀបចំជា tour ពិសេស សម្រាប់ទេសចរពីខេត្តមួយៗ តែម្ដង។

(១៧) គ្មានកម្មវិធី/ព្រឹត្តិការណ៍ទាក់ទាញទេសចរ មិនអាចប្រើប្រាស់ព្រលានអោយមានប្រយោជន៍

ទាំងអស់នេះគឺអ្វីដែលរាជរដ្ឋាភិបាលគ្រោងធ្វើ ពង្រឹងបន្ថែមនូវប្រព័ន្ធទំនាក់ទំនង ការធ្វើដំណើរ តភ្ជាប់ ការពង្រឹងសេវាកម្ម និងការរៀបចំជួយទេសចរណ៍នៅខេត្តសៀមរាប។ បើមានព្រលានហើយអត់មានសកម្មភាពកម្មវិធីជួយឲ្យទេសចរណ៍មកទេ ព្រលានក៏មិនអាចប្រើប្រាស់បាន(ជាប្រយោជន៍)ដែរ។ បើមានទេសចរមកច្រើន យើងខ្វះលទ្ធភាពហេដ្ឋារចនាសម្ព័ន្ធទទួល ការទទួលក៏លំបាក។ អញ្ចឹងយើងសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការនៅខែវិច្ឆិកាឆ្នាំ២០២៣ ជាមួយនឹងផែនការសកម្មភាពជម្រុញ​ទេសចរណ៍ ក្នុងកម្មវិធីទស្សនាសៀមរាបឆ្នាំ២០២៤ និងផែនការគោលរបស់រាជរដ្ឋាភិបាល ដែលសង្ឃឹមថាឆ្នាំ ២០២៤ ជាឆ្នាំនៃការចាប់ផ្ដើម រស់ឡើងវិញនូវវិស័យទេសចរណ៍នៅក្នុងខេត្តសៀមរាប ហើយជាមូលដ្ឋានសម្រាប់ជម្រុញការពង្រីកវិស័យទេសចរណ៍នៅទូទាំងប្រទេស ក៏ដូចជាជម្រុញការអភិវឌ្ឍវិស័យផ្សេងៗ ឧស្សាហកម្មនិងពហុវិស័យនៅក្នុងខេត្តសៀមរាប … ជាពិសេសតំបន់ទីនេះដែលជាតំបន់សង្រ្គាមពីមុន អោយក្លាយជាតំបន់ការអភិវឌ្ឍខ្ពស់ ស្របទៅហ្នឹងទស្សនទានចង់ឱ្យកម្ពុជាក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់ឆ្នាំ ២០៥០ ក្នុងនោះខេត្តសៀមរាបជាដែលប៉ូលសេដ្ឋកិច្ចមួយសំខាន់ ក្លាយជាខេត្តនាំមុខនិងប្រជាជនដែលរស់នៅទីនេះបានទទួលផលពីការអភិវឌ្ឍនេះផងដែរ …។

[បញ្ចប់សេចក្ដីអធិប្បាយ]

បច្ចុប្បន្ន, ស្ថានភាពសេដ្ឋកិច្ចសកលកំពុងមានភាពផុយស្រួយ ហើយភូមិសាស្រ្តនយោបាយកាន់តែមានភាពតានតឹងខ្លាំង ថែមទាំងមានបញ្ហាប្រឈមផ្សេងៗរួមមានជម្ងឺរាតត្បាត បម្រែបម្រួលអាកាសធាតុ ដែលសុទ្ធតែជាកត្តារារាំងដល់កិច្ចខិតខំប្រឹងប្រែងដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩ ហើយវាកាន់តែស្មុគស្មាញ និងលំបាកខ្លាំងសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ។ ក្នុងបរិបទនេះ ការកសាងបណ្ដាញតភ្ជាប់ពហុវិស័យខ្សែក្រវ៉ាត់ និងផ្លូវ ដែលត្រូវបានដាក់ចេញក្នុង «វេទិកាខ្សែក្រវ៉ាត់ និង ផ្លូវ លើកទី ៣ ដើម្បីកិច្ចសហប្រតិបត្តិការអន្តរជាតិ» ដោយ ឯកឧត្តមប្រធានាធិបតី ស៊ី ជិនពីង នៅរដ្ឋធានីប៉េកាំង កាលពីពេលថ្មីៗនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកពង្រឹងដល់សកលភាវូបនីយកម្ម ពិសេស សម្រួលដល់គោលនយោបាយសេរីភាវូបនីយកម្មពាណិជ្ជកម្ម ដែលនឹងជួយកាត់បន្ថយរបាំងពាណិជ្ជកម្ម និងផ្ដល់ការអនុគ្រោះដល់ប្រទេសកំពុងអភិវឌ្ឍន៍ សំដៅស្ដារការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមក្នុងតំបន់ និង ពិភពលោកឡើងវិញ ។ កម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីធ្វើការជាមួយនឹងមិត្តចិន ក្នុងការចូលរួមធ្វើឱ្យកម្លាំងចលករមួយនេះ បំពេញតួនាទីកាន់តែមានប្រសិទ្ធភាព ហើយរំពឹងថា ជាមួយនឹងក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងកម្ពុជា-ចិន យើងទាំងពីរនឹងរួមគ្នាសម្រេចបានសមិទ្ធផលជាផ្លែផ្កាថ្មីៗបន្ថែមទៀត ពិសេសលើវិស័យអាទិភាពទាំងឡាយដែលនឹងនាំមកនូវផលប្រយោជន៍រួមសម្រាប់ប្រជាជាតិយើង ។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំក៏សូមជម្រាបជូនថា ក្នុងវេទិកាខ្សែក្រវាត់ និង ផ្លូវ លើកទី ៣ នៅរដ្ឋធានីប៉េកាំង កាលពីខែមុន ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង និង ខ្ញុំ បានប្រកាសរួមគ្នា។ ដូចខ្ញុំបានបញ្ជាក់អម្បាញ់មិញ យកឆ្នាំ ២០២៤ ជាឆ្នាំនៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជនរវាងកម្ពុជា និង ចិន។ ក្នុងន័យនេះ ខ្ញុំសូមសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះភ្ញៀវទេសចរចិន ដែលជាមិត្ត និងបងប្អូនល្អរបស់យើង សូមអញ្ជើញមកទស្សនាកម្ពុជាឱ្យបានកាន់តែច្រើន ពិសេសគឺអាចអញ្ជើញធ្វើដំណើរមកកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរថ្មីនេះតែម្ដង ។

មុននឹងបញ្ចប់ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល និង ប្រជាជនចិន ដែលជានិច្ចកាលតែងផ្ដល់ការគាំទ្រយ៉ាងសស្រាក់សស្រាំដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ពិសេសការវិនិយោគលើអាកាសយានដ្ឋានអន្តរជាតិថ្មីនេះ ដែលនឹងក្លាយជាមរតកមនុស្សជាតិ ហើយផ្ដល់គុណប្រយោជន៍យ៉ាងធំធេងសម្រាប់កម្ពុជា ។ ជាទីបញ្ចប់, ខ្ញុំសូមជូនពរ ឯកឧត្ដម Wang Wentian, ឯកឧត្ដម Wang Yubo ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី និងប្រជាជននៃប្រទេសទាំងពីរ សូមសមប្រកបដោយសុខភាពល្អបរិបូរណ៌ និងសម្រេចបាននូវជោគជ័យគ្រប់ភារកិច្ច ព្រមទាំងសូមទទួលបាននូវពរនិង ពុទ្ធពរទាំង ៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ព្រះមហាក្សត្រ ស្តេចយាងពន្លត់ភ្លើងជ័យ ខួបលើកទី៧១ ទិវាបុណ្យឯករាជ្យជាតិ ០៩ វិច្ឆិកា...

ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅរសៀល ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ព្រះអង្គទ្រង់ស្តេចយាងពន្លត់ភ្លើងជ័យ