សម្រង់ប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត, អញ្ជើញជាអធិបតីរំលឹកខួបបញ្ជាការដ្ឋានទ័ពពិសេសឆ័ត្រយោង៩១១

CMF:

អរគុណសន្តិភាព!
អរគុណនយោបាយឈ្នះឈ្នះ!
ដឹងគុណមគ្គុទេសក៏ឯក និងប្រតិបត្តិករនយោបាយឈ្នះឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពពេញលេញ!
ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ សមាជិក/ជិកានៃព្រឹទ្ធសភា រដ្ឋសភា សមាជិក/ជិការាជរដ្ឋាភិបាល!
សេនានុព័ន្ធ អនុព័ន្ធនានា ប្រចាំកម្ពុជា គណៈអធិបតី ភ្ញៀវកិត្តិយស នាយទាហាន នាយទាហានរង ពលទាហាន បញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក និង
អង្គពិធីទាំងមូលជាទីមេត្រី!
ថ្ងៃនេះខ្ញុំមានកិត្តិយស និងក្តីសោមនស្ស ដែលបានចូលរួមជាអធិបតី ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ២៨ ឆ្នាំ ថ្ងៃបង្កើតបញ្ជាការដ្ឋានទ័ពពិសេសដ៏មានអត្ថន័យនេះ។ ខ្ញុំក៏សូមសម្ដែងនូវអំណរគុណយ៉ាងកក់ក្តៅជាមួយវត្តមានរបស់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ ភ្ញៀវអន្តរជាតិទាំងអស់ ដែលបានញ៉ាំងឲ្យពិធីថ្ងៃនេះកាន់តែឱឡារិក។ ខ្ញុំក៏សូមឆ្លៀតឱកាសនេះ នាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចំពោះមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោកទាំងអស់ ដែលមានវត្តមាននៅទីនេះ។

បន្ទាប់ពីបានស្តាប់នូវរបាយការណ៍របស់ ឯកឧត្តមឧត្តមសេនីយ៍ទោ ស៊ុំ សំណាង មេបញ្ជាការបញ្ជាការដ្ឋានទ័ពពិសេស ខ្ញុំពិតជាត្រេកអរចំពោះវឌ្ឍនភាពនៃការរីកចម្រើនរបស់អង្គភាព ហើយខ្ញុំសូមកោតសរសើរដោយស្មោះចំពោះសមត្ថភាពក្នុងការក្តាប់ជាប់នូវតួនាទី និងភារកិច្ច ដោយសម្រេចបាននូវស្នាដៃ និងសមិទ្ធផលធំៗជាច្រើន រាប់ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ១៩៩៥ ក្នុងកម្រិតជាកងវរសេនាធំ ហើយដែលក្រោយមកបានប្រែសម្រួលដំឡើងរចនាសម្ព័ន្ធចាត់តាំងជាបន្តបន្ទាប់ ដែលបានក្លាយជាកងពលតូចនៅឆ្នាំ១៩៩៩ ហើយចាប់តាំងពីឆ្នាំ២០២០ មក បានក្លាយជាបញ្ជាការដ្ឋានទ័ពពិសេស។ ជាពិសេស នៅក្នុងដំណាក់កាលនៃការបញ្ចប់សង្គ្រាមនៅកម្ពុជា យុទ្ធជន យុទ្ធនារីរបស់បញ្ជាការដ្ឋានទ័ពពិសេស ក៏បានចូលរួមចំណែកយ៉ាងសកម្មផងដែរ នៅក្នុងនាមជាប្រតិបត្តិករអនុវត្តនយោបាយឈ្នះឈ្នះ ដែលផ្តួចផ្តើមបង្កើតដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលនាំមកនូវសន្តិភាពពេញលេញ ឯកភាពជាតិ ឯកភាពទឹកដី ដូចបច្ចុប្បន្ន។

ខ្ញុំសូមធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះនាយទាហាន នាយទាហានរង ពលទាហាននៃបញ្ជាការដ្ឋានទ័ពពិសេស ចំពោះសមិទ្ធផលទាំងឡាយដែលបានសម្រេចនៅក្នុងរយៈពេល ២៨ ឆ្នាំនេះ។ ដែលអង្គភាពបានដើរតួសំខាន់នៅគ្រប់វិស័យ និងចូលរួមនៅគ្រប់បេសកកម្ម ទាំងបេសកកម្មការពារបូរណភាពទឹកដី បេសកកម្មនៅក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋនៅតាមគ្រោះមហន្តរាយ ប្រឆាំងភេរវកម្ម ក៏ដូចជាការចូលដោះមីន បោសសម្អាតមីនទាំងក្នុងទឹក និងលើដី ហើយជាពិសេស ការចូលរួមនៅក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋដែលមានគ្រោះថ្នាក់ផ្សេងៗកន្លងមក។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ១]

ខ្ញុំសូមយកឱកាសនេះ ធ្វើការវាយតម្លៃ និងកោតសរសើរ(នាយទាហាន នាយទាហានរង ពលទាហាននៃបញ្ជាការដ្ឋានទ័ពពិសេស)។ (១) យើងមិនអាចនិយាយបានពីវឌ្ឍនភាពនៃអង្គភាពនេះ ដោយកាត់ផ្តាច់ចេញពីតួអង្គសំ​ខាន់គឺឯកឧត្តម ចាប​ ភក្តី រដ្ឋលេខាធិការក្រសួងការពារជាតិនិងជាអតីតមេបញ្ជាការបញ្ជាការដ្ឋានទ័ពពិសេស ដែលបានដឹកនាំអង្គភាព ២៨ ឆ្នាំនេះ កសាងនិងសម្រេចបាននូវជោគជ័យ​ និងសមិទ្ធផលជាច្រើន។ ខ្ញុំក៏មានកិត្តិយសក្នុងនាមជាមេបញ្ជាការកងទ័ពជើងគោកកន្លងទៅនេះ បានធ្វើការនិងរួមចំណែកជាមួយឯកឧត្តមអតីតមេបញ្ជាការ បញ្ជាការដ្ឋានទ័ពពិសេស ក៏បានចូលរួមនៅក្នុងការកសាងនិងពង្រឹងសមិទ្ធផលនៅបញ្ជាការដ្ឋានទ័ពពិសេស។

ជាក់ស្តែង (២) ការដំឡើងងកម្រិតពីកងពលទ័ពពិសេសឆ័ត្រយោង៩១១ ទៅជាបញ្ជាការដ្ឋានទ័ពពិសេស ដើម្បីលើកតម្កើងជំនាញនិងវិសាលភាពដែលអង្គភាពបានដើរតួនាទីរួចទៅហើយនៅក្នុងការបណ្តុះបណ្តាល និងចូលរួម ជាពិសេស បណ្តុះបណ្តាលជំនាញទ័ពពិសេស មិនមែនតែសម្រាប់យោធិននៅក្នុងអង្គភាព ប៉ុន្តែសម្រាប់ទូទាំងកងទ័ពតែម្តង។ ការរៀបចំបង្កើតនូវសាលាទ័ពជំនាញតេជោ សែន ឱរ៉ាល់ ក៏ដូចជាសាលាមុជទឹក បានកើតឡើងពីការខិតខំពុះពារ ជាពិសេស ពីសំណាក់ឯកឧត្តមអតីតមេបញ្ជាការទ័ពពិសេសតែម្តង។

នៅទីនេះ យើងបានឃើញការលោតឆត្រយោងបានល្អ។ សូមសរសើរដល់យោធិនដែលបានលោតចំគោលដៅល្អ។ ទីនេះជាការចាប់ផ្តើមដំបូងនៃការហ្វឹកហ្វឺននិងការកសាងកម្លាំង ប៉ុន្ដែប្រសិនបើយើងនិយាយពីប្រវត្ដិនៃសាលាលោតឆត្រយោង គឺយើងរើកញ្ជើច្រើនដង។ ពីដំបូងឡើយ​ គ្រាដែលមិនទាន់មានទីបញ្ជាការបង្កើតឡើង នៅទីនេះគឺទីវាលមិនទាន់មាន(អី) ដូចឥឡូវចូលមកមានផ្លូវបេតុងនិងផ្ទះព័ទ្ធជុំវិញ។ យើងលោតនៅកន្លែងនេះ រហូតដល់ពេលមួយលោតមក​ទើលើផ្ទះអ្នកជិតខាង។ អញ្ចឹងយើងសម្រេចចិត្តរើទីតាំង​លោតហ្វឹកហ្វឺនទៅដល់ក្ដាន់រយ តែឥឡូវនៅទីនោះក៏ក្លាយទៅជាតំបន់ឧស្សាហកម្ម (ដែលធ្វើឲ្យយើងហ្វឹកហាត់)លោត(ឆត្រយោង)លែងកើត។

ទីបំផុត យើងត្រូវគិតគូរពីយុទ្ធសាស្ដ្រយូរអង្វែង។ មិនអាចឲ្យទ័ពពិសេសឆត្រ​យោងមិនមានកន្លែងលោតទេ ​… (ដោយមាន)ការគាំទ្ររបស់សម្ដេចអគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និងការពុះពារផ្ទាល់របស់ថ្នាក់ដឹកនាំ ការគាំទ្ររបស់ក្រសួងការពារជាតិ អគ្គបញ្ជាការកងទ័ពជើងគោក ជាពិសេស ការពុះពារផ្ទាល់របស់ថ្នាក់ដឹកនាំអង្គភាព និងតួអង្គសំខាន់គឺឯកឧត្តម ចាប ភក្ដី តែម្ដង (៣) យើងអាចសម្រេចកសាងបានសាលាហ្វឹកហ្វឺនមួយនៅឱរ៉ាល់ ដែលមានលក្ខណៈយូរអង្វែងសម្រាប់ជំនាញលោត​ឆត្រ ជំនាញប្រឆាំងភេរវកម្ម និងជំនាញទ័ពពិសេស ហើយក៏ដូចជានៅកោះតាគៀវដែលមានសមិទ្ធផលសាលានៅទីនោះ។

សមិទ្ធផលទាំងអស់ រួមជាមួយនឹងសមិទ្ធផលផ្សេងៗទៀតជាច្រើន មិនអាចកាត់ផ្ដាច់បាននូវការចូលរួមចំណែករបស់កងទ័ពនៃប្រទេសជាមិត្ត របស់ស្ថាប័នដៃគូសម័្ពន្ធមេត្រីភាព និងសប្បុរសជនជាច្រើន ដែលបានចូលរួមក្នុងការចែករំលែកក្នុងការកសាងកងទ័ព ជាពិសេស បញ្ជាការដ្ឋានទ័ពពិសេសនៅទីនេះ។ ខ្ញុំសូមយកឱកាសនេះ ដើម្បីថ្លែងនូវអំណរអរគុណ និងកោតសរសើរចំពោះតួអង្គសំខាន់ទាំងនេះ។

[បញ្ចប់សេចក្ដីអធិប្បាយ១]

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមស្នើអង្គពិធីយើង ឧទ្ទិសសមិទ្ធផលដែលយើងមានថ្ងៃនេះជូនដល់វីរជនគ្រប់ជំនាន់ទាំងក្នុងបញ្ជាការដ្ឋានទ័ពពិសេស ក៏ដូចជាកងយោធពលខេមរភូមិន្ទទាំងមូល ដែលបានលះបង់សាច់ស្រស់ឈាម​ស្រស់​នៅក្នុងបុព្វហេតុការពារជាតិមាតុភូមិ ក៏ដូចជាការស្វែងរកនូវសន្ដិភាព ការបង្រួបបង្រួមជាតិដូចសព្វថ្ងៃ។ ដូច្នេះ សន្ដិភាព និងការបង្រួបបង្រួមជាតិជាអ្វីដែលយើងរកបានដោយលំបាកបំផុត ដែលយើងជាអ្នកជំនាន់ក្រោយ​ត្រូវ​តែរែកពុន និងថែរក្សាឲ្យបានជាដាច់ខាត ទោះក្នុងកាលៈទេសៈណាក៏ដោយ។

ឆ្លៀតនៅក្នុងឱកាស ដែលយើងប្រារព្ធ​នូវខួបអនុស្សាវរីយ៍លើកទី ២៨ ថ្ងៃបង្កើតបញ្ជាការដ្ឋានទ័ពពិសេសនេះ ខ្ញុំសូមគូសបញ្ជាក់អំពីសារៈសំខាន់នៅបញ្ជាការដ្ឋានទ័ពពិសេស ក្នុងជួរកងយោធពលខេមរភូមិន្ទ ក៏ដូចជាសង្គមជាតិកម្ពុជាសព្វថ្ងៃ។ ពិតណាស់ ​ជាមួយសន្ដិភាពដែលយើងរកបានដោយលំបាក ហើយសង្ឃឹមថាយើងលែងប្រឈមនឹងការប្រយុទ្ធទ្រង់ទ្រាយធំដូចជំនាន់មុនៗទៀតហើយ។ ក៏ប៉ុន្ដែ ការគំរាមកំហែង បញ្ហាសន្តិសុខ នឹងនៅតែបន្ដប្រសិនបើយើងធ្វេសប្រហែស ស្រប​ពេលភាពតានតឹងនៅក្នុងតំបន់ និងសកលលោកនៅបន្ដកើតឡើង។

ជាក់ស្ដែង បញ្ហាទាក់ទងនឹងការប្រឆាំងភេរវកម្ម ការប្រយុទ្ធនឹងឧក្រិដ្ឋកម្មឆ្លងដែន និងការឆ្លើយតបនឹងគ្រោះមហន្ដរាយ នឹងក្លាយជាឧទាហរណ៍មួយចំនួននៃសមរភូមិបែបថ្មីក្នុងសតវត្សរ៍ទី ២១ នេះ។ ការកើនឡើងនៃបញ្ហាទាំងនេះ ជាសក្ខីភាពនៃភាពចំាបាច់នៃអង្គភាពទ័ពពិសេសមួយ ដែលមានសមត្ថភាពខ្ពស់ អាចឆ្លើយតបបានឆាប់រហ័ស និងទាន់ពេលវេលា។ នេះហើយជាបេសកកម្មស្នូល និងជាមូលហេតុដែលយើងបានបង្កើតបញ្ជាការដ្ឋានទ័ពពិសេស ខ្ញុំសង្ឃឹមថា អង្គភាពនេះនឹងបន្ដ​ដើរតួជាអង្គភាពដ៏ចាំបាច់សម្រាប់វិស័យការពារជាតិនាពេលអនាគត។

ខ្ញុំក៏សូមលើកឡើងនូវគោលនយោបាយការពារជាតិ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលដូចអាណត្តិមុនៗដែរ នឹងផ្ដោតសំខាន់បន្ដការពារឯករាជ្យអធិបតេយ្យជាតិ និងបូរណភាពទឹកដី ជាពិសេស ត្រូវការពារ​សន្ដិភាពដែលរកបានលំបាក។ យើងនឹងប្រើប្រាស់នូវយុទ្ធសាស្ត្រ «ការពារដើម្បីអភិវឌ្ឍ អភិវឌ្ឍដើម្បីការពារ»។

ដូច្នេះ ឈរលើយុទ្ធសាស្រ្ត ការពារដើម្បីអភិវឌ្ឍ អភិវឌ្ឍដើម្បីការពារ ​នោះបានន័យថា អ្វីៗទាំងអស់នឹងពឹងផ្អែកទៅលើសមត្ថភាពការពារជាតិរបស់យើង ហើយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នឹងផ្ដោតជាពិសេសបំផុត ទៅលើការធ្វើទំនើបកម្មសមត្ថភាពកងទ័ព ជាពិសេស សមត្ថភាពការឆ្លើយតប និងការពារខ្លួន ប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា។ ជាក់ស្តែង យើងនឹងកាន់តែពង្រឹងសមត្ថភាពទ័ពពិសេសរបស់យើង ឱ្យកាន់តែខ្លាំងក្លា និងរឹងមាំ។ យើងក៏នឹងផ្ដោតផងដែរទៅលើការពង្រឹងប្រព័ន្ធការពារជាតិរបស់យើង ជាពិសេស ប្រព័ន្ធការពាររបស់កងទ័ពជើងទឹក ដែលសព្វថ្ងៃកាន់តែសកម្ម។

ទន្ទឹមនេះ យើងក៏នឹងកាន់តែចូលរួមឱ្យកាន់តែសកម្មបន្ថែមទៀត នៅក្នុងបេសកកម្មថែរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិ ដែលជាផ្នែកមួយនៃការពង្រីកអំណាចទន់ (Soft Power) របស់កម្ពុជា ទៅលើឆាកអន្តរជាតិ។ ក្នុងនាមជាប្រទេសដែលមានបទពិសោធន៍ចំពោះបញ្ហាគ្រាប់មីន យើងក៏នឹងចែករំលែកបទពិសោធន៍នេះ ដល់គ្រប់បណ្ដាប្រទេសទាំងអស់ ដែលនេះជាសកម្មភាពមនុស្សធម៌សុទ្ធសាធ ដោយសារយើងមិនចង់ឃើញឱ្យសោកនាដកម្មដ៏ជូរចត់នេះ កើតឡើងទៅលើមនុស្សជាតិដទៃទៀតនោះទេ។

[ចាប់ផ្ដើមសេចក្តីអធិប្បាយ២]

នៅក្នុងការពង្រឹងសមត្ថភាពកងទ័ព ពិសេសពាក់ព័ន្ធនឹងការធ្វើទំនើបកម្មនេះ ខ្ញុំសូមចូលរួមចំណាប់អា​រម្មណ៍បន្ថែមបន្តិច។ (៤) ការធ្វើទំនើបកម្មកងទ័ព គឺយើងត្រូវផ្ដោតសំខាន់ទៅលើការងារសំខាន់បី គឺ ទី១ ទំនើបកម្មរចនាសម្ព័ន្ធ ទី២ ទំនើបកម្មការហ្វឹកហ្វឺន និងទី៣ ទំនើបកម្មគ្រឿងបំពាក់។

ទំនើបកម្មរចនាសម្ព័ន្ធ គឺយើងត្រូវពិនិត្យ វាយតម្លៃជាប់ជាប្រចាំ កែសម្រួល ឬពង្រឹងរចនាសម្ព័ន្ធដើម្បីឲ្យឆ្លើយតបទៅនឹងសំណូមពរភារកិច្ចពេលបច្ចុប្បន្ន និងទៅអនាគត។ ពិតណាស់ កងយោធពលខេមរភូមិន្ទ គឺយើងមានប្រវត្តិយូរ។ ម្សិលមិញក៏យើងប្រារព្ធខួបកំណើតនៃកងយោធពលខេមរភូមិន្ទ ប៉ុន្តែគ្រប់សម័យកាល ហានិភ័យនិងការប្រឈមគឺខុសគ្នាដែលយើងឆ្លងកាត់។ ជាក់ស្ដែង (៥) ការប្រឈមនឹងការគំរាមកំហែងនាពេលបច្ចុប្បន្នពីសង្រ្គាម​បែបប្រពៃណីគឺសង្រ្គាមបែបប្រើប្រាស់កម្លាំងធំទល់កម្លាំងធំ នៅកម្ពុជាគឺមានហានិភ័យតិចណាស់។ អ្វីដែលយើងត្រូវយកចិត្តទុកដាក់គឺការប្រឈមនឹងហានិភ័យសន្តិសុខបែបមិនប្រពៃណី គឺការប្រយុទ្ធប្រឆាំងជា​មួយនឹងអំពើភេរវកម្ម ឧក្រិដ្ឋកម្មផ្សេងៗ ការប្រឈមជាមួយនឹងគ្រោះមហន្តរាយគ្រប់ប្រភេទ និងហានិភ័យពីសន្តិសុខផ្នែកប្រព័ន្ធបច្ចេកវិទ្យា (Cyber Security)។ កិច្ចការទាំងអស់នេះទាមទារឲ្យគ្រប់ស្ថាប័នយើង ជាពិសេសកម្លាំងសន្តិសុខ ក្នុងនោះមានកងទ័ពផងដែរ បន្តយកចិត្តទុកដាក់នៅក្នុងការវាយតម្លៃ និងកែសម្រួលរចនាសម្ព័ន្ធដើម្បីឲ្យឆ្លើយតប។

ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ កងទ័ពយើងបានកែសម្រួលនូវរចនាសម្ព័ន្ធ ជាពិសេស ក្នុងកងទ័ពជើងគោក ជើងទឹក ជើងអាកាស។ បញ្ជាការដ្ឋានទ័ពពិសេសនៅទីនេះ ក៏យើងមានការរៀបចំ ចំពោះមុខការប្រឈមទៅនឹងគ្រោះមហន្តរាយ ដែលកើតមានញឹកញយ ហើយកម្លាំងកងទ័ពក៏ចូលរួមជាមួយកម្លាំងនគរបាលជាតិ ប្រភេទទ័ពផ្សេងៗ ដែលយើងចូលរួមនៅក្នុងការសង្រ្គោះ។ ការនេះទាមទារឲ្យត្រូវរៀបចំរចនាសម្ព័ន្ធនិងកម្លាំង ដើម្បីត្រៀមនិងបំពាក់សម្ភារហ្វឹកហ្វឺន។ កន្លងទៅ យើងបានបង្កើតនៅឆ្នាំ២០២០នេះ។ ប៉ុន្មានឆ្នាំនេះ យើង (៦) បង្កើតកងសង្រ្គោះគ្រោះមហន្តរាយបន្ថែម នៅតាមបណ្ដាយោធភូមិភាគកងពលធំនិងកងពលតូចមួយចំនួន ដែលនៅក្នុងរចនាសម្ព័ន្ធពីមុន យើងអត់មានទេ។ រចនាសម្ព័ន្ធយើងពីមុន គឺត្រៀមលក្ខណៈសម្រាប់សង្រ្គាមបែបប្រពៃណី ការប្រយុទ្ធការពារបូរណភាពទឹកដីឬសង្រ្គាមទ័ពនិងទ័ព។

ប៉ុន្តែតួនាទីនិងភារកិច្ចរបស់យើងត្រូវប្រែប្រួល។ ការពង្រឹងនូវសមត្ថភាពបែបនេះគឺជាកិច្ចការសំខាន់។ អម្បាញ់​មិញ ក្នុងព្យុហយាត្រាក៏មានឃើញកម្លាំងសង្រ្គោះគ្រោះមហន្តរាយ ដែលបំពាក់(ដោយឧបករណ៍ទប់ទល់) អគ្គីភ័យផ្សេងៗ។ បញ្ជាការដ្ឋានទ័ពពិសេសត្រូវបានបំពេញភារកិច្ចច្រើនណាស់ (តាំងពី)ការលិចលង់ គ្រោះមហន្តរាយ ឬបាក់អគារផ្សេងៗ គឺមានការចូលរួម អញ្ចឹងត្រូវការបំពាក់និងការរៀបចំកម្លាំងឲ្យរៀបរយ។

ទីពីរ គឺការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម … ជាកិច្ចការសំខាន់​​។ យើងសង្ឃឹមថាវាមិនកើត ប៉ុន្តែយើងក៏ត្រូវត្រៀមលក្ខណៈបើ​វាកើត។ អត់មាននរណាអាចទាយបានថាភេរវកម្មមិនអាចកើតនៅលើទឹកដីកម្ពុជានោះទេ។ យើងក៏ធ្លាប់មានករណីជាច្រើន ដែលយើងអាចទប់ស្កាត់និងអាចបង្ការបាន។ ភេរវករមានរៀបចំផែនការក្នុងការវាយប្រហារក្នុងទឹកដីរបស់យើង តែយើងបានធ្វើការ(ទប់ស្កាត់បានទាន់ពេលវេលា)។ អញ្ចឹងអ្វីដែលល្អបំផុត (គឺត្រូវ)តែត្រៀមលក្ខណៈជាប្រចាំដើម្បីឆ្លើយតបទៅនឹងសេណារីយោ ឬមួយហេតុការណ៍យថាហេតុអាក្រក់ដែលកើតឡើង។ អញ្ចឹងការរៀបចំកែសម្រួលរចនាសម្ព័ន្ធនៅក្នុងកងទ័ពជើងគោកកន្លងទៅ បានបង្កើត “គ” ប្រឆាំងភេរវកម្ម (និង)នៅ​តាមបណ្ដាយោធភូមិភាគកងពលធំ មួយ “ខ”​ ប្រឆាំងភេរវកម្ម។

កាលមុន យើងមានបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម បង្កើតនៅឆ្នាំ២០០៨ ហើយ ២០១០យើងពង្រឹង។ យើងមានកងកម្មង់ដូដែលមានជំនាញប្រឆាំងភេរវកម្មនៅ(ក្នុង)ទ័ពពិសេស ប៉ុន្តែ (៧)ការឆ្លើយតបទាមទារកម្លាំងនៅនឹងកន្លែង ជាពិសេសយោធភូមិភាគកងពលធំ យកចិត្តទុកដាក់ទៅលើតំបន់គោលដៅមួយចំនួន ដូចជាតំបន់នៅខេត្តព្រះសីហនុ ខេត្តសៀមរាប និងរាជធានីភ្នំពេញ ដែលមានវត្តមានទេសចរជាច្រើន ត្បិតការគំរាមកំហែងបែបមិនប្រពៃណីនេះឆ្លងព្រំដែន អត់មានព្រំដែនកំណត់ទេ។ ជនជាតិមួយដែលជាមុខសញ្ញា អាចរងការវាយប្រហារនៅក្នុងប្រទេសផ្សេង។ ស្ថានឯកអគ្គរាជទូត ឬមួយស្ថាប័នអង្គភាពរបស់ប្រទេសមួយ អាចរងការវាយប្រហារ ឬមួយជាគោលដៅវាយប្រហារភេរវកម្មតាមប្រទេសផ្សេងទៀត រួមទាំងកម្ពុជា។ ហេតុនេះហើយបានជាកម្ពុជាត្រូវត្រៀមលក្ខណៈគ្រប់ទីកន្លែងគ្រប់ពេលវេលា។

ពាក់ព័ន្ធនឹងកិច្ចការងារនេះដែរ ខ្ញុំសូមផ្ដល់យោបល់ដល់ស្ថាប័នពាក់ព័ន្ធ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងភេរវកម្ម អង្គភាពក្រសួងដែលពាក់ព័ន្ធទាំងអស់ (៨) ពិនិត្យឡើងវិញទៅលើការរៀបចំបទដ្ឋានគតិយុត្ត យន្តការ និងវិធីសាស្រ្ត។ យើងមានការរៀបចំជំនាញនិងកម្លាំងច្រើន ប៉ុន្តែការប្រឆាំងនឹងភេរវកម្មនេះគឺមានលក្ខណៈស្មុគស្មាញ និងពេលខ្លះគឺពាក់ព័ន្ធនឹងផ្លូវច្បាប់និងការទូត។ ពេលខ្លះគឺការវាយប្រហារមិនពាក់ព័ន្ធតែប្រជាពលរដ្ឋខ្មែរ ឬប្រទេសណាមួយទេ គឺវាអាចពាក់ព័ន្ធទៅនឹងមុខសញ្ញា ទាំងជនរងគ្រោះនិងគោលដៅត្រូវគេវាយប្រហារជាបរទេស ឬមួយក៏ប្រតិបត្តិករភេរវកម្មក៏ជាបរទេស។

អញ្ចឹងទាមទារនូវការសហការដែលយើងមាននៅក្នុងគណៈកម្មាធិការជាតិ ដែលមានគ្រប់ស្ថាប័ន រួមមានទាំងក្រសួងការបរទេស ការពារជាតិ និងមហាផ្ទៃ ពិនិត្យឡើងវិញ ជាពិសេសការប្រើប្រាស់កម្លាំង(អ្វី ក្នុង)ស្ថានភាពណា ដើម្បីយើងធានាបាន(ការប្រតិបត្តិដោយរលូន)។ មានហេតុផលកម្រិតណា អង្គភាពណាអាចចេញប្រតិ​បត្តិការដោយមិនស្ទើរស្ទាក់ ព្រោះយើង(ផ្អែកតាម)ច្បាប់/បទដ្ឋានច្បាស់លាស់ថានរណាធ្វើអី។ វាជាកិច្ចការសំ​ខាន់ ដែលទាមទារឲ្យយើង(ប្រុងប្រៀបឆ្លើយតបទៅនឹង)ប្រែប្រួលធម្មជាតិនៃហានិភ័យ ធម្មជាតិត្រូវទាមទារនូវការកែសម្រួលនូវវិធីសាស្រ្តរបស់យើង និងច្បាប់របស់យើងដើម្បីឆ្លើយតប។

(៩) ទី៣ សូមក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន បញ្ជាការដ្ឋានប្រភេទទ័ពទាំងអស់ យកចិត្តទុកដាក់លើការគំរាមកំហែងបច្ចុប្បន្ននិងទៅអនាគត គឺការគំរាមកំហែងពីសន្តិសុខសុវត្ថិភាពបច្ចេកវិទ្យា cyber។ យើងត្រូវចាំបាច់យកចិត្តទុកដាក់ ព្រោះកងទ័ពបានធ្វើទំនើបកម្មហើយ។ សូម្បីតែរថយន្តដែលប្រើសុទ្ធតែបំពាក់បច្ចេកវិទ្យាអេឡិកត្រូនិក។ រថយន្តដឹកជញ្ជូនអីនេះ រថយន្តខ្លះបើខូចទាល់តែចូលទៅក្នុងរោងជាងដែលមានកុំព្យូទ័រ។ បើសិនជាមិនអាចមានសមត្ថភាពក្នុងការគ្រប់គ្រងសុវត្ថិភាពទិន្នន័យ សុវត្ថិភាពប្រព័ន្ធទំនាក់ទំនង ជាពិសេសកងទ័ពដែលចាំបាច់ត្រូវមានការលាក់ការខ្ពស់​ (នោះ)យើង(នឹងជួបការ)ពិបាក។ ខ្ញុំសូមឯកឧត្ដម ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្រ្តីក្រសួងការពារជាតិ ឯកឧត្តម មេបញ្ជាការ ប្រភេទទ័ពទាំងអស់ពិនិត្យមើល ​និងពង្រឹងនូវស្ថាប័ន នីតិវិធី និងយន្តការសម្រាប់គ្រប់គ្រង និងបង្ការមុន។

(១០) បច្ចេកវិទ្យាគឺបច្ចុប្បន្ន និងអនាគត។ យើងមិនអាចបោះវាចោលទេ។ យើងត្រូវប្រើវាដើម្បីបង្កើនប្រសិទ្ធភាព តែបើជ្រុលជាប្រើ សូមកុំឱ្យវាជាមុខពីរ។ យើងត្រូវការពារផង។ នាយកដ្ឋានបញ្ជូនសារ ទីចាត់ការ បញ្ជាការដ្ឋានបញ្ជូនសារ សុំពិនិត្យមើលរចនាសម្ព័ន្ធ តើថាគ្រប់គ្រាន់ឬទេបច្ចុប្បន្ន? តើក្រុម IT ដែលយើងមាន ជំនាញ IT យើង មានត្រឹមតែរៀបចំ Internet នៅក្នុងអង្គភាព ឬមួយក៏ប្រទាក់ក្រឡាគ្នាដើម្បីការពារប្រព័ន្ធ Cyber នៅក្នុងទូទាំងកងទ័ពទាំងមូល។ ការងារនេះមិនមែនតែក្នុងក្រសួងការពារជាតិនោះទេ។ ក្រសួងមហាផ្ទៃក៏បានរៀបចំរចនាសម្ព័ន្ធ ក្រសួងស្ថាប័នពាក់ព័ន្ធជាច្រើននៅក្នុងរាជរដ្ឋាភិបាលបានជំរុញ e-government នោះជាការចាំបាច់។ សូមពិនិត្យមើលទៅលើការងារនេះ។ ធ្វើអ្វីក៏ដោយត្រូវការរៀបចំរចនាសម័្ពន្ធឱ្យបានត្រឹមត្រូវ បើអត់មានរចនាសម្ព័ន្ធ អត់មានតួនាទីភារកិច្ចទេ អត់គ្រប់ទេ។ យើងត្រឹមតែកញ្ឆក់កណ្ដៀត ហើយមិនមានការឯកភាពគ្នា។ ការរៀបចំដោយក្រៅផ្លូវការមិនមានជាប្រសិទ្ធភាពនោះទេ។

ទី២ គឺការទំនើបកម្មការហ្វឹកហ្វឺន គឺត្រូវផ្តោតទៅលើការងារ ៣៖ ការពង្រឹងនិងទំនើបកម្មសាលា ការពង្រឹងកម្មវិធីហ្វឹកហ្វឺននិងមេរៀន ក៏ដូចជាការពង្រឹងនិងទំនើបកម្មសម្ភារ មធ្យោបាយ រួមទាំងទីលានហ្វឹកហ្វឺន។ ក្នុងឋានៈជាមេបញ្ជាការកងទ័ពជើងគោកពីអាណត្តិមុន ខ្ញុំបានធ្វើការងារនេះមួយចំនួននៅក្នុងក្របខណ្ឌជើង​គោក ក៏មានការគាំទ្រអំពីឯកឧត្តមអគ្គបញ្ជាការ ក៏ដូចជាសម្តេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រ​សួងការពារជាតិ ដើម្បីយើងពិនិត្យមើលនៅក្នុងការពង្រឹង។ ការហ្វឹកហ្វឺនគឺជាកិច្ចការសំខាន់។ ធនធានមនុស្សបើគ្មានជំនាញពិតប្រាកដមិនធានានូវប្រសិទ្ធភាពប្រតិបត្តិការនិងឆ្លើយតបនោះទេ។ ការហ្វឹកហ្វឺនគឺជាគោលការណ៍សំខាន់ដែលត្រូវយកចិត្តទុកដាក់ និងបង្កើនការយកចិត្តទុកដាក់បន្ថែម។

(១១) យើងនិយាយពីការហ្វឹកហ្វឺនគឺត្រូវផ្តោតទៅលើការពង្រឹងសាលា។ សុំយកចិត្តទុកដាក់បន្តពង្រឹងសាលាដែលមានស្រាប់ រៀបចំនូវសាលាដែលមិនទាន់មានដើម្បីធានាម្ចាស់ការហ្វឹកហ្វឺនខ្លួនឯង។ កន្លងទៅយើងបានរៀបចំសាលាច្រើននៅចំណុះកងទ័ពជើងគោក ជើងទឹក ជើងអាកាស ពីថ្នាក់បឋម ថ្នាក់ពលទាហាន នាយទាហានរង និងនាយទាហានបឋម នាយទាហានជាន់ខ្ពស់។ សុំបន្តការពង្រឹងដោយយកចិត្តទុកដាក់ទៅលើគ្រូទៅលើកម្មវិធីសិក្សា។ ការរៀបចំបង្កើតថ្មីសុំបន្តជំរុញការបង្កើតសាលាទ័ពជំនាញ។ នៅជើងគោកនេះយើងកំពុងតែបានធ្វើការងារកន្លងទៅហើយ ទ័ពជំនាញការពារអាកាស កាំភ្លើងធំ រថក្រោះដែលយើងគិតថាជាស្នូលនៅក្នុងការធានាសមត្ថភាពហ្វឹកហ្វឺននាយទាហានបឋមរបស់យើង ដើម្បីដោះស្រាយបញ្ហាកង្វះខាតនាយទាហានជំនាញ។ ពេលជាមួយគ្នា ក៏ត្រូវពង្រឹងសាលាពលទាហានតាមយោធភូមិភាគ។ ដូចជាសិស្ស បើសិនជាថ្នាក់មតេ្តយ្យមិនពូកែទេ ថ្នាក់បឋមក៏លំបាក ហើយថ្នាក់មធ្យមក៏លំបាក។ បើថ្នាក់មធ្យមមានបញ្ហាទៅដល់មហាវិទ្យាល័យក៏លំបាក។ តែយើងពង្រឹងពីជើងក្រោម។

(១២) សាលាយោធភូមិភាគទាំង ៦ សាលា មជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោកសម្រាប់នាយទាហានរង ក៏ដូចជាសាលានាយទាហានគ្រប់ជាន់ថ្នាក់របស់យើង សូមពង្រឹងបន្ថែមដោយយកចិត្តទុកដាក់ទៅលើការបំពេញសមត្ថភាពគ្រូទាំងបរិមាណទាំងគុណភាពជាប់ជាប្រចាំ។ ការជ្រើសតាំង ការវាយតម្លៃនាយកសាលាគឺជាកិច្ចការសំខាន់ អ្វីក៏ដោយគឺអាស្រ័យទៅលើប្រធានស្ថាប័ន … ការកសាងពង្រឹងសាលាជំនាញ ក៏ដូចជាការរៀបចំនូវការបំពាក់មធ្យោបាយ សម្ភារ និងការរៀបចំមេរៀន ទំនើបកម្មមេរៀនឱ្យបានទាន់សភាពការណ៍​។

ខ្ញុំគិតថាគួរតែពិនិត្យមើល (១៣) រៀបចំយន្តការមួយសម្រាប់ធានានូវគុណភាព នៃឯកសារហ្វឹកហ្វឺនដែលយើងអាចធ្វើទំនើបកម្មជាប្រចាំ ស្រាវជ្រាវជាប់ជាប្រចាំ ផ្សព្វផ្សាយឱ្យបានគ្រប់អង្គភាពដើម្បីធានាសង្គតិភាពក្នុងការអនុវត្ត។ បន្ថែមទៅលើទីចាត់ការហ្វឹកហ្វឺន កន្លងទៅទីចាត់ការហ្វឹកហ្វឺនបានដើរតួនាទីសំខាន់ណាស់នៅក្នុងការធ្វើការងារនេះ។ ខ្ញុំក៏សូមអរគុណណាស់ចំពោះអគ្គបញ្ជាការដ្ឋាន ក្រសួងការពារជាតិ ក៏ដូចជាសាកលវិទ្យាល័យការពារជាតិ និងគ្រប់ស្ថាប័នសាលាទាំងអស់ដែលបាន​ខិតខំនៅក្នុងការធ្វើទំនើបកម្ម និងការកែសម្រួល។ ប៉ុន្តែយើងគួរតែមានស្ថាប័នមួយសម្រាប់ស្រាវជ្រាវយុទ្ធសាស្ត្រពីមេរៀន ពីបទពិសោធន៍ផ្សេងៗ ការវិវត្តនៃយុទ្ធវិធីដែលប្រើប្រាស់នៅលើពិភពលោក។ ឧទាហរណ៍ បច្ចុប្បន្នប្រទេសជាច្រើនបានយកបទពិសោធន៍ពីសង្គ្រាមនៅអ៊ុយក្រែននិងរុស្សី ស្តីពីការប្រើប្រាស់បច្ចេកវិទ្យាថ្មី ដូចជាការប្រើប្រាស់ Drone និងយុទ្ធវិធីមួយចំនួន … (ដូចនេះ)ទាមទារនូវការសិក្សាស្រាវជ្រាវដើម្បីសម្របសម្រួល។

យើងត្រូវធ្វើយ៉ាងណាឱ្យ(ការសិក្សាស្រាវជ្រាវ)ស្របទៅនឹង (១៤) តម្រូវការកងទ័ពទាំងពេលបច្ចុប្បន្ននិងទៅអនាគត ដោយផ្តើមចេញពីការឯកភាពគ្នាទៅលើការហ្វឹកហ្វឺន ផ្អែកចេញទៅលើការរៀបចំជាបទដ្ឋានការងារ មេរៀន កម្មវិធីហ្វឹកហ្វឺនឱ្យមានការឯកភាពគ្នាក្នុងកងទ័ពតែម្តង។ កងទ័ពត្រូវការធ្វើប្រតិបត្តិការជាក្រុម។ កងទ័ពតូចបំផុតគឺយ៉ាងហោចណាស់ត្រូវមាន ៣នាក់។ មួយពួក ៣នាក់ មួយក្រុម ៣ពួក ហើយយើង(តែង)តាំងតាមហ្នឹង។ អញ្ចឹងទាមទារការយល់ដឹងទាំងពលទាហាន ទាំងនាយទាហានរង ទាំងនាយទាហានឱ្យឯកភាពគ្នា មិនថាតែជំនាញយុទ្ធវិធីនៅក្នុងសមរភូមិទេ សូម្បីតែជំនាញតាមបណ្តាការិយាល័យ ហ្វឹកហ្វឺនជំនាញបច្ចេកទេស ជំនាញភស្តុភារ ជំនាញមួយចំនួនត្រូវមានស្តង់ដារមួយក៏ត្រូវតែធានា ដែលយើងនិយាយភាសាតែមួយទៅអង្គភាពណាក៏មានប្រើភាសានេះ។

ការរៀបចំនិងការកែសម្រួលទំនើបកម្ម កម្មវិធីសិក្សា មេរៀនជាកិច្ចការសំខាន់។ ចំពោះការបំពាក់ ខ្ញុំសូមឱ្យពិនិត្យកិច្ចការមួយ។ កិច្ចការនេះ ឯកឧត្តមអគ្គមេបញ្ជាការ និងក្រសួងការពារជាតិក៏បានធ្វើហើយគឺ (១៥)ការពង្រឹងសាលាបណ្តុះបណ្តាលនាយទាហានរបស់យើងជា ៣កម្រិត ឯករាជ្យ និងប្រទាក់ក្រឡា។ ឥឡូវយើងមានសាលានាយទាហានបឋម ដែលមានសាលានាយទាហានសកម្មត្មាតពង វិទ្យាស្ថានកងទ័ពជើងគោកនៅ​ ថ្លុកតាសេក។ យើងមានមហាវិទ្យាល័យបញ្ជាការសេនាធិការចំណុះឱ្យសាកលវិទ្យាល័យការពារជាតិ។ (១៦) សូមក្រ​សួងការពារជាតិ អគ្គបញ្ជាការពិនិត្យវាយតម្លៃរៀបចំបញ្ជាការសេនាធិការទៅជាស្ថាប័នឯករាជ្យមួយដើម្បីដំឡើងកម្រិតនិងប្រសិទ្ធភាព ក្នុងការបណ្តុះបណ្តាលនាយទាហានសំខាន់របស់យើង។

អ្នកកណ្តាលនេះសំខាន់ណាស់។ សាកលវិទ្យាល័យការពារជាតិគួរប្រមូលផ្តុំ និងពង្រឹងទៅលើកម្រិតយុទ្ធសាស្រ្តការពារជាតិ។ ពិតណាស់ យើងមានមហាវិទ្យាល័យជំនាញភាសា មហាវិទ្យាល័យ IT អីផ្សេងៗ ប៉ុន្តែ នៅគ្រប់ប្រទេសតែងតែមាន ៣ថ្នាក់ (នៅវៀតណាម នៅថៃ នៅតាមប្រទេសជាច្រើន នៅសហរដ្ឋអាមេរិកក៏ដូចគ្នា)។ ការងារនេះគឺមានការពិភាក្សាគ្នាហើយ។ ខ្ញុំថាគួរចាត់តាំងអនុវត្តតែម្តងដើម្បីធ្វើយ៉ាងណាឱ្យបញ្ជាការសេនាធិការទៅជាស្ថាប័នឯករាជ្យមួយ មានសមត្ថភាពម្ចាស់ការ សិទ្ធិសម្រេច សិទ្ធិចងក្រងស្រាវជ្រាវ និងចងសម្ព័ន្ធមេត្រីភាព និងភ្ជាប់ជាមួយបណ្តាស្ថាប័ន និងបណ្តាសាលាបញ្ជាការសេនាធិការរបស់គ្រប់ប្រទេសទាំងអស់។ គួរពិនិត្យនៅក្នុងការរៀបចំនេះ និងពាក់ព័ន្ធទៅនឹងការកែសម្រួលរចនាសម្ព័ន្ធហ្វឹកហ្វឺនរបស់យើងផងដែរ ដើម្បីធានានូវភាពម្ចាស់ការ …។

ចំពោះ (១៧) ការបំពាក់សម្ភារមធ្យោបាយសម្រាប់ការហ្វឹកហ្វឺននៅទីលានហ្វឹកហ្វឺន សូមយកចិត្តទុកដាក់ក្នុងការពង្រឹងថែរក្សាទីលានហ្វឹកហ្វឺនដែលយើងមាន។ ទី១ ថែរក្សាសិនអ្វីដែលមានស្រាប់កុំឱ្យវាបាត់បង់ និងកាន់តែរួញតូច។ ការដោះស្រាយបញ្ហា ជាពិសេសទីលានហ្វឹកហ្វឺន គឺលំបាកណាស់។

កាលពី ២០ឆ្នាំ ៣០ឆ្នាំមុន ងាយស្រួលណាស់ នៅក្នុងរៀបចំដីកងទ័ពហ្វឹកហ្វឺន។ ប៉ុន្តែឥឡូវ ដោយសារការអភិវឌ្ឍនិងការពង្រីកនៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ យើងពិបាក។ អញ្ចឹងចំពោះការហ្វឹកហ្វឺន​ សូមឱ្យរៀបចំទី១ ទីលានសមរម្យសម្រាប់បាញ់គ្រាប់ពិត។ បើចាំបាច់ គឺរៀបចំទីលានមួយសម្រាប់ពហុអង្គភាព ព្រោះឥឡូវ កន្លែងខ្លះ ឧទាហរណ៍នៅភូមិសាស្រ្តភូមិភាគ៤ យើងមិនអាចរកទីតាំងហ្វឹកហ្វឺនដាច់ដោយឡែករាប់ពាន់ រាប់ម៉ឺនហិកតា សម្រាប់ភូមិភាគ៤, មួយទៀតរាប់ពាន់ហិកតាសម្រាប់កងពលធំលេខ២, មួយទៀតសម្រាប់កងពលធំលេខ៣ ដាច់ដោយឡែកនោះទេ។ យើងត្រូវប្រមូលផ្ដុំរៀបចំមួយកន្លែង ដែលអាចធ្វើទៅបាន ដើម្បីបម្រើឱ្យការហ្វឹកហ្វឺននៅភូមិភាគនោះតែម្ដង។

វាចំណេញ ទី១ រឿងដី យើងមិនបាច់(រកមក)ច្រើន។ ការថែទាំ ការវិនិយោគទៅលើមួយកន្លែង។ នៅក្នុងទិសយោធភូមិភាគទី៣ យើងមានច្រើន។ យើងមាន ជុំគិរី សាលាហ្វឹកហ្វឺនរបស់​បញ្ជាការដ្ឋានទ័ពពិសេស របស់បញ្ជាការដ្ឋានអង្គរក្ស របស់មជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក។ សូមចូលរួមថែរក្សាឱ្យបាន​ ជាពិសេសដី ទីតាំងធំណាស់។ ការហ្វឹកហ្វឺនកងទ័ពមិនមែនការហ្វឹកហ្វឺនដូចវិស្វកម្ម​។ តែវិស្វកម្មកងទ័ព ក៏ខុសពីវិស្វកម្មស៊ីវិលដែរ។ វិស្វកម្មកងទ័ពធ្វើ។ ដាក់កម្ទេចក៏វិស្វកម្ម។ អញ្ចឹងទីលាន បើសិនជាយើងមិនមានទំហំធំ យើងមិនអាចហ្វឹកហ្វឺនបានទេ។ បើជិតនឹងប្រជាពលរដ្ឋ​ បង្កហានិភ័យ ត្រូវបាញ់កាំភ្លើងធំ មិនអាចដាក់ឱ្យប្រជាពល​រដ្ឋទៅក្បែរហ្នឹងទេ។ ត្រូវប្រើប្រាស់(ទីលាន)ហ្វឹកហ្វឺនរួមជាមួយនឹងប្រភេទទ័ព។ ទ័ពអាកាសទៅថ្ងៃមុខ ប្រើឧទ្ធម្ភាគចក្រ។ ថ្ងៃមុខបើមានសមត្ថភាពហួសពីហ្នឹងទៅទៀត។ ទាមទារនូវទីតាំងមួយ ដែលមិនអាចមានការពាក់ព័ន្ធជាមួយនឹងប្រជាពលរដ្ឋ ព្រោះសុវត្ថិភាពប្រជាពលរដ្ឋជាចម្បង។ អញ្ចឹងត្រូវធ្វើម៉េចថែរក្សាកិច្ចការនេះឱ្យបាន​។

ទី២ សូមបន្តពង្រឹងនៅមូលដ្ឋាននីមួយៗ … សូមធ្វើការកោតសរសើរចំពោះបណ្ដាអង្គភាព ក្នុងការខិតខំកសាង និងពង្រឹងនូវទីលាន និងសាលាហ្វឹកហ្វឺនរបស់ខ្លួន។ បញ្ជាការដ្ឋានទ័ពពិសេស ក្រោមការដឹកនាំដោយឯកឧត្តម ចាប ភក្ដី បានកសាងច្រើន ហើយច្នៃប្រឌិតច្រើន។ នាយទាហាន និងពលទាហាន នាយទាហានរងរបស់យើងនៅទីនេះ ក៏បានចូលរួមនៅក្នុងការកសាងសមិទ្ធផលទាំងអស់នោះ នៅឱរ៉ាល់ នៅកោះតាគៀវ នៅទីនេះ អង្គភាពផ្សេងទៀតជាច្រើនបានចូលរួមកសាង ប្រើប្រាស់សម្រាប់ផលប្រយោជន៍រួម មានបើកទទួលការហ្វឹកហ្វឺនជំនាញផ្សេងៗ ចែកចាយទូទាំងកងទ័ព។ អញ្ចឹងក៏សូមបន្តយកចិត្តទុកដាក់កន្លែងខ្លះ។

សូមឱ្យឯកឧត្តម លោកជំទាវ អភិបាលរាជធានី/ខេត្ត កន្លងទៅដែលមាននៅតាមបណ្ដាខេត្តមួយចំនួន ដែល បានដាក់សំណើសុំជំនួយហ្វឹកហ្វឺនកងទ័ព សូមជួយចាត់វិធានការឱ្យលឿនដើម្បីរៀបចំឱ្យបានឆាប់ ដើម្បីទុកកន្លែងផ្សេងឱ្យប្រជាពលរដ្ឋអភិវឌ្ឍ។ បើនៅពាំត្រណោត មិនដោះចេញ យូរទៅនឹងមានការលំបាក។ ខ្ញុំក៏សូមអរគុណណាស់ទៅដល់ឯកឧត្តម លោកជំទាវអភិបាលរាជធានី/ខេត្តជាច្រើន ច្រើនជំនាន់ ដែលបានចូលរួមជួយ គឺសូមធ្វើម៉េចជួយសម្របសម្រួល ដោះស្រាយបញ្ហាឱ្យចប់ ដើម្បីយើងរៀបចំ ព្រោះធានាប្រសិទ្ធភាព និងធានានិរន្តរភាព និងចីរភាព នៃសមត្ថភាពកងទ័ព បើគ្មានកន្លែងហ្វឹកហ្វឺន ចប់ហើយ។

បើសិនគ្រាន់តែហ្វឹកហ្វឺន ការបាញ់កាំភ្លើងធំ យើងត្រូវទៅសុំទីតាំងប្រទេសជាមិត្ត(ដើម្បី)ហ្វឹកហ្វឺនដែរ យើងចប់ហើយ។ បើសិនជាសមយុទ្ធកម្រិតវរសេនាតូច កងពលតូចយើងអត់កន្លែងយើងក៏ចប់ហើយ។ យើងមិនអាច ​ហ្វឹកហ្វឺននៅតាមកុំព្យូទ័រហ្គេមបានទេ។ ពិតណាស់ ឥឡូវវាមានបច្ចេកវិទ្យាអង្គុយនៅក្នុងបន្ទប់មួយ បញ្ជាបាន ប៉ុន្តែបើទ័ពយើងមិនមានទីលានជាក់ស្ដែងហ្វឹកហ្វឺន មិនអាចទៅរួចទេ។

ក្នុងន័យនេះ ខ្ញុំសុំស្ថាប័នពាក់ព័ន្ធ ដូចជាក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ កន្លងទៅបានផ្ដល់ការ​គាំទ្រនិងជួយច្រើន។ នៅសាលាឱរ៉ាល់នេះក៏បានជួយច្រើន ហើយនៅតាមសាលាមួយចំនួនទៀត សូម ជួយដោះស្រាយការងារនេះឱ្យបានជាមូលដ្ឋានសំខាន់។ ដោះបានហើយ ថែឱ្យបាន ពង្រឹងវា ដើម្បីអនាគតកងទ័ព ហើយប្រើប្រាស់រួមតែម្ដង។ កុំថា“កងពល៧០ អភិវឌ្ឍជុំគិរី មិនឱ្យអ្នកណាគេមកហ្វឹកហ្វឺន” អត់ទេ។ សូមចែកគ្នាប្រើ ធនធានរបស់កងទ័ពរបស់ជាតិយើងទាំងមូល។ នេះជាអ្វីដែលខ្ញុំលើកមកទាក់ទងទៅនឹងកិច្ចការគ្រោងបំពាក់មធ្យោបាយហ្វឹកហ្វឺន។ យើងនឹងខិតខំធ្វើយ៉ាងណា ដើម្បីឱ្យកាន់តែប្រសើរឡើង។

[បញ្ចប់សេចក្ដីអធិប្បាយ២]

អង្គពិធីទាំងមូលជាទីមេត្រី!
ស្របតាមបេសកកម្មការពារជាតិ កំណត់ដោយរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដូចដែលខ្ញុំបានលើកឡើងមុននេះ ខ្ញុំសង្ឃឹមថា បញ្ជាការដ្ឋានទ័ពពិសេស ក៏ដូចជាកងយោធពលខេមរភូមិន្ទ និងក្រសួងការពារជាតិទាំងមូល នឹងយកចិត្តទុកដាក់នៅក្នុងការអនុវត្តតាមឱ្យបានគត់មត់។ ក្នុងន័យនេះ ខ្ញុំសូមដាក់ចេញនូវអនុសាសន៍ ៥ ចំណុច ជូនបណ្ដាអង្គភាពនៃកងយោធពលខេមរភូមិន្ទទាំងអស់ អនុវត្តតាម ដូចខាងក្រោម៖

ទី១- កងទ័ពត្រូវតែជាកងទ័ពដ៏មានវិជ្ជាជីវៈខ្ពស់ ដែលដាច់ខាតស្មោះត្រង់ចំពោះជាតិមាតុភូមិ និងប្រជាជន និងយកអស់ស្មារតីគោរពឱ្យបានម៉ឺងម៉ាត់នូវរាល់បទប្បញ្ញត្តិ សារាចរណែនាំ លក្ខន្ដិកៈកងយោធនពលខេមរភូមិន្ទ បទដ្ឋានគតិយុទ្ធនានា ប្រកាន់ភ្ជាប់នូវប្រពៃណី សេចក្ដីថ្លៃថ្នូរ របស់កងយោធនពលខេមរភូមិន្ទ និងក្លាយជាកម្លាំងពិត ដើម្បីការពារជាតិមាតុភូមិនិងប្រជាជន។

ទី២- គ្រប់អង្គភាពទាំងអស់ ត្រូវយកចិត្តទុកដាក់បំផុតទៅលើការប្រើប្រាស់កម្លាំង ធនធាន និងទ្រព្យសម្បត្តិរបស់អង្គភាពឱ្យបានស្ថិតស្ថេរ និងមានប្រសិទ្ធភាព ពោលគឺសូមប្រើប្រាស់កម្លាំងឱ្យសមស្របទៅនឹងតម្រូវការ ជំនាញ និងសូមគ្រប់គ្រងថែរក្សាគ្រឿងសព្វាវុធ បរិក្ខារយោធាគ្រប់បែបយ៉ាង ព្រមទាំងស្បៀងអាហារជាដើម ឱ្យបានត្រឹមត្រូវ និងបានគង់វង្ស។

ទី៣- គ្រប់អង្គភាពទាំងអស់ ត្រូវពង្រឹងការហ្វឹកហ្វឺន រៀនសូត្រ និងការកសាងប្រភពធនធានមនុស្ស ទាំងបរិមាណ និងគុណភាព ដើម្បីបម្រើការការពារជាតិ ឱ្យមានប្រសិទ្ធភាព។ ជាពិសេស អង្គភាពទាំងអស់ត្រូវពង្រឹងការបង្កើនជំនាញដល់យោធិនឱ្យស្របទៅតាមភារកិច្ច។

ទី៤- សូមអង្គភាពទាំងអស់ យកចិត្តទុកដាក់ត្រៀមកម្លាំង មធ្យោបាយ សម្ភារគ្រប់បែបយ៉ាង ដើម្បីចូលរួមជួយសង្រ្គោះប្រជាពលរដ្ឋ នៅពេលមានគ្រោះភ័យជាយថាហេតុណាមួយ ដោយត្រូវមានស្មារតីបុរេសកម្ម​ ព្រមទាំងសហការឱ្យបានស្អិតរមួតជាមួយនឹងអាជ្ញាធរដែនដី និងក្រសួងស្ថាប័នពាក់ព័ន្ធ។

ទី៥- សូមអង្គភាពទាំងអស់ជំរុញការកសាងសេដ្ឋកិច្ចនៅនឹងកន្លែង ដូចជា ការបង្កបង្កើនផល និងការចិញ្ចឹមសត្វជាដើម ដើម្បីចូលរួមលើកកម្ពស់ជីវភាពរស់នៅរបស់កងទ័ព និងក្រុមគ្រួសារ ធានាផាសុកភាព សុខុមាលភាព និងផលិតភាពក្នុងការបំពេញបេសកកម្មរបស់ខ្លួន។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ៣]

មុននឹងបញ្ចប់ ថ្ងៃនេះ ក៏មានការប្រគល់រថយន្តដឹកជញ្ជូនប្រភេទ ៣តោនកន្លះ ចំនួន ១០០គ្រឿង ជូនទៅដល់ស្នងការនគរបាលនិងកងរាជអាវុធហត្ថ ២៥រាជធានី/ខេត្ត ដោយក្នុងមួយអង្គភាពបានទទួលរថយន្ត ២គ្រឿង​។ ចំនួននេះមិនច្រើនទេ ប៉ុន្តែក៏អាចជួយសម្រួលក្នុងការចល័តកម្លាំងមួយចំនួន។ ការធានាការចល័តកម្លាំង គឺជាកិច្ចការសំខាន់ដែលកន្លងទៅ សម្ដេចតេជោ លោកបានកៀរគរការចូលរួមពីសប្បុរសជននៅក្នុងការផ្ដល់រថយន្តជាច្រើនរយគ្រឿង ទៅដល់អង្គភាពចំណុះកងទ័ពជើងគោកមួយភាគធំ និងមួយចំនួនចំណុះអគ្គបញ្ជាការ។ ប៉ុន្តែតម្រូវការនេះនៅមានបន្ថែម។ ថ្ងៃនេះ យើងនឹងរៀបចំប្រគល់ជូនទៅដល់អង្គភាពកងទ័ពទាំង ២៥រាជធានី/ខេត្ត ដែលមួយ​ខេត្ត/អា​វុធ​ហត្ថ ២ គ្រឿង នគរបាលជាតិ ២ គ្រឿង គុណទៅ ១០០ គ្រឿងគត់តែម្ដង។

ខ្ញុំសូមអរគុណចំពោះក្រុមហ៊ុន ប៊ូយ៉ុង ជាពិសេស បណ្ឌិត Lee Joongkeun ស្ថាបនិកនៃក្រុមហ៊ុនចំពោះការជួយឧបត្ថមគាំទ្រមកដល់កងទ័ព។ ក្រុមហ៊ុនក៏បានជួយផ្ដល់រថយន្តដឹកជញ្ជូនពាន់គ្រឿងដល់រាជធានីខេត្តរបស់យើងដើម្បីជួយសម្រួលដល់ការដឹកជញ្ជូនប្រជាពលរដ្ឋផងដែរ ​…។

[ចប់សេចក្ដីអធិប្បាយ៣]

ជាថ្មីម្ដងទៀត ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់ និងការលះបង់នូវស្មារតី កម្លាំងកាយចិត្តរបស់មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានទ័ពពិសេសទាំងអស់ ដែលបានពុះពាររាល់ការលំបាក រហូតសម្រេចបានលទ្ធផលប្រកបដោយជោគជ័យនាពេលបច្ចុប្បន្ន។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមចូលរួមអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី២៨ ថ្ងៃបង្កើតបញ្ជាការដ្ឋានទ័ពពិសេស និងសូមជូនពរមេបញ្ជាការ មេបញ្ជាការរង នាយទាហាន និងនាយទាហានរង ពលទាហាន នៃបញ្ជាការដ្ឋានទ័ពពិសេសទាំងអស់ ក៏ដូចជាសមាជិក សមាជិកា នៃអង្គពិធីទាំងមូល សូមប្រកបដោយសុខភាពល្អបរិបូរណ៍ មានសុភមង្គលក្នុងក្រុមគ្រួសារ និងសម្រេចបានជោគជ័យគ្រប់ភារកិច្ច ក្រោមម្លប់ដ៏សែនត្រជាក់នៃសុខសន្តិភាព។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ៤]

ក្នុងឱកាសនេះផងដែរ មានថវិកា ២០លានរៀល ជូនដល់គណៈកម្មការរៀបចំពិធី ជូនបញ្ជាការដ្ឋានទ័ពពិសេសថវិកា ១០០លាន ជូនកងកិត្តិយសត្រែទ័ពថវិកា ៣លានរៀល និងជូនក្រុមគ្រូពេទ្យប្រចាំការក្នុងអង្គពិធីថវិកា ៣លានរៀល។ សូមអរគុណ៕

[ចប់សេចក្ដីអធិប្បាយ៤]

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ