ដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែររបស់ព្រះអង្គ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ «ព្រះបរមរតនកោដ្ឋ» ទ្រង់បានលះបង់ព្រះកាយពល និង ព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុតធ្វើការតស៊ូក្នុងក្របខ័ណ្ឌនៃព្រះរាជបូជនីយកិច្ច ដើម្បីទាមទារឯករាជ្យនៅកម្ពុជាឱ្យរួចចាកផុតពីអាណានិគមនិយមបារាំង។
សូមធ្វើការចុះផ្សាយនូវប្រវត្តិសង្ខេបដូចខាងក្រោមនេះ៖
ទី១-តាមសន្ធិសញ្ញាចុះថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ១៩៤៩ បារាំងបានទទួល ស្គាល់តាមផ្លូវច្បាប់នូវឯករាជ្យរបស់ព្រះរាជាណាចក្រកម្ពុជា។
ទី២-ជាគោលការណ៍តាមផ្លូវច្បាប់ឯករាជ្យនេះ កម្ពុជាទទួលបានមែន ប៉ុន្តែចំពោះការអនុវត្តជាក់ស្តែងឯករាជ្យនេះនៅខ្វះវិស័យជាច្រើនទៀត ដូចជាអធិបតេយ្យខាងយុត្តិធម៌ ប៉ូលិស អំណាច បញ្ជាការ យោធា ការទូត ការប្តូរ និងការឱ្យចាយធនប័ត្រ ដើម្បីឱ្យមានឯករាជ្យទាំងស្រុង។
ទី៣-តាមសេចក្តីប្រកាសថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៥២ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ បានសន្យាយ៉ាងឱឡារិក ចំពោះប្រជារាស្ត្ររបស់ព្រះអង្គថា ព្រះអង្គនឹងដណ្តើមយកឯករាជ្យទាំងស្រុងនេះ ដើម្បីមាតុភូមិក្នុងរយៈពេល៣ឆ្នាំយ៉ាងយូរបំផុត។
ទី៤-នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ១៩៥៣ ព្រះកុរណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ វរ្ម័ន បានស្តេចយាងចាកចេញពីព្រះរាជាណាចក្រកម្ពុជាឆ្ពោះទៅកាន់ប្រទេសបារាំង ដើម្បីទាមទារឯករាជ្យរបស់កម្ពុជា ជាមួយប្រមុខរដ្ឋបារាំង។
ទី៥-នៅណាពូល ថ្ងៃទី០៥ ខែមីនា ឆ្នាំ១៩៥៣ ព្រះកុរណាព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ វរ្ម័ន បានផ្ញើព្រះរាជសារលិខិតមួយច្បាប់ ជូនចំពោះលោក វាំងសង់ អូរីយ៉ូល ប្រធានាធិបតីនៃសាធារណរដ្ឋ បារាំង ដើម្បីរៀបរាប់បង្ហាញឱ្យប្រធានាធិបតី នៃសាធារណរដ្ឋបារាំង ដឹងពីភាពចាំបាច់សំដៅធ្វើឱ្យបារាំងពង្រីកក្របខ័ណ្ឌឯករាជ្យខ្មែរ។ ភ្ជាប់នឹងព្រះរាជសារលិខិតនេះ មានការសិក្សាគ្រប់គ្រាន់ដោយទឡ្ហីករណ៍សម្អាងបញ្ជាក់អំពីការទាមទាររបស់ សម្តេច និងការផ្តល់យោបល់ពីបែបបទ នៃការផ្ទេរអំណាចជាយថាហេតុ។ នៅណា ពូល ថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៥៣ បន្ទាប់មកនៅហ្វុងតែន ណាប្លូ ថ្ងៃទី០៣ ខែមេសា ឆ្នាំ១៩៥៣ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ វរ្ម័ន បានសរសេរព្រះរាជសារលិខិតចំនួន០២ច្បាប់ បន្តទៀតផ្ញើជូន វាំងសង់ អូរីយ៉ូល និងរដ្ឋាភិបាលបារាំង ដើម្បីបំពេញបន្ថែមលើទស្សនៈរបស់ព្រះអង្គ ដែលទាក់ទងនឹងឯករាជ្យខ្មែរ និងដើម្បីស្នើឱ្យរដ្ឋាភិបាលបារាំងប្រញាប់ប្រញាល់ដោះស្រាយបញ្ហានេះ។
ទី៦-នៅចំពោះមុខការលាក់លៀមរបស់រដ្ឋាភិបាលបារាំង ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ វរ្ម័ន បានយាងចាកចេញពីប្រទេសបារាំងនៅថ្ងៃទី១១ ខែមេសា ឆ្នាំ១៩៥៣ ឆ្ពោះទៅកាន់ប្រទេសកាណាដា និងសហរដ្ឋអាមេរិក ដែលនៅទីនោះព្រះអង្គបានធ្វើយុទ្ធនាការឃោសនា ដើម្បីឯករាជ្យរបស់ប្រទេសព្រះអង្គ។ សេចក្តីថ្លែងការណ៍របស់ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ វរ្ម័ន ត្រូវបានចុះផ្សាយដោយកាសែតដ៏ធំញីវយ៉កថែម នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ១៩៥៣ លាន់ឮខ្ទរខ្ទារពេញពិភពលោកទាំងមូល ហើយបានបង្ខំឱ្យរដ្ឋាភិបាលបារាំងទទួលយល់ព្រមធ្វើការចរចាជាមួយតំណាងផ្ទាល់របស់ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ វរ្ម័ន។ តំណាងនេះគឺឯកឧត្តម ប៉ែន នុត ដោយមានការចូលរួមពី ឯកឧត្តម សម សារី ផង។
ទី៧-ការចរចានៅប៉ារីសបានឈានទៅដល់សំណើមួយ ដែលធ្វើឡើងដោយមានប្រទេសបារាំងយល់ព្រមផ្តល់សម្បទានដ៏សំខាន់ខ្លះដល់កម្ពុជា។ ថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៥៣ ឯកឧត្តម ប៉ែន នុត បានអញ្ជើញវិលត្រឡប់មកកាន់កម្ពុជាវិញ ដើម្បីទូលថ្វាយព្រះមហាក្សត្រអំពីលទ្ធ ផលដែលទទួលបាននៅប៉ារីស។ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ បានយាង មកកាន់រាជធានីភ្នំពេញវិញនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៥៣ ដើម្បីជួបជាមួយសហសេវិក និងនាយករដ្ឋមន្ត្រីរបស់ព្រះអង្គ។
ទី៨-ចំពោះប្រជារាស្ត្ររបស់ព្រះអង្គ ដែលបានថ្វាយព្រះកិត្តិយស ចំពោះព្រះអង្គជាអ្នកទទួលជ័យជម្នះ និងជាវីរបុរសនោះ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ទ្រង់បានសន្យាយ៉ាងមហោឡារិកនៅក្នុងព្រះសុន្ទរកថាមួយ ដែលទ្រង់បានថ្លែងនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ១៩៥៣ ពីព្រះទីនាំងចន្ទច្ឆាយាថា ព្រះអង្គនឹងបូជាជីវិត ដើម្បីដណ្តើមយកឯករាជ្យឱ្យបាន១០០ភាគរយ។
ទី៩-នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ១៩៥៣ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុវរ្ម័ន ទ្រង់បានភៀសព្រះកាយទៅប្រទេសថៃ ក្រោយពីមានសេចក្តីប្រកាសមួយដែលទាក់ទាញពិភពលោក ស្តីពីការមិនពេញចិត្តនឹងបំណងប្រាថ្នាស្របច្បាប់របស់ប្រជាជនខ្មែរ។ ការមិនពេញចិត្តនេះ អាចនាំមកនូវផលវិបាកយ៉ាងធ្ងន់ធ្ងរទាំងសម្រាប់ ប្រទេសកម្ពុជា និងពិភពលោកទាំងមូល។
ទី១០-ក្រោយពីបានដឹងថា គ្រប់ប្រជាជាតិមានការយោគយល់ចំ ពោះការទាមទារឯករាជ្យ និងចំពោះព្រឹត្តិការណ៍នៅប្រទេសកម្ពុជា ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ បានយាងត្រឡប់ មកមាតុភូមិរបស់ព្រះអង្គវិញ ហើយយាងទៅគង់នៅតំបន់ស្វយ័តមួយ ដែលរួមមានខេត្តសៀមរាប បាត់ដំបង និងខេត្តកំពង់ធំ។ ស្វយ័តភាពផ្នែក យោធានៃខេត្តទាំងនេះ ត្រូវបានប្រគល់ឱ្យប្រទេសកម្ពុជាដោយមាន ការទាមទារមួយរបស់ព្រះរាជា ដែលបានធ្វើឡើងនៅឆ្នាំ១៩៤៩ សម្រាប់ខេត្តសៀមរាប និងខេត្តកំពង់ធំ និងនៅឆ្នាំ១៩៥២ សម្រាប់ខេត្តបាត់ដំបង។ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ទ្រង់បានប្រកាសថា ព្រះអង្គនឹងយាងចូលរាជធានីភ្នំពេញវិញនៅពេលណា ដែលបារាំងព្រមផ្ទេរមកឱ្យប្រទេសកម្ពុជាវិញនូវកេតនភណ្ឌនៃឯករាជ្យរបស់ខ្លួន។ ដើម្បីគាំពារនូវព្រះរាជបូជនីយកិច្ចនេះ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ទ្រង់បានបង្កើត កងកម្លាំងជីវពល និងនារីក្លាហាន ដែលក្រោយមកមានតួនាទីយ៉ាងធំធេង។ ឯកឧត្តម ប៉ែន នុត នាយករដ្ឋមន្ត្រីទទួលបន្ទុករ៉ាប់រងការពារតំបន់ស្វយ័តរបស់ព្រះរាជា។
ទី១១-ការចរចាដែលប្រព្រឹត្តទៅនៅក្រុងភ្នំពេញ ដោយមានការណែនាំពីព្រះរាជា និងក្រោមការដឹកនាំរបស់ ឯកឧត្តម ប៉ែន នុត បានសម្រេចដោយជោគជ័យទាំងស្រុង។ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ១៩៥៣ មានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្ទេរអំណាចតុលាការ។ ថ្ងៃទី២៩ ខែសីហា ឆ្នាំ១៩៥៣ មានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្ទេរ សមត្ថកិច្ចរបស់ប៉ូលិស នៅចុងបញ្ចប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ១៩៥៣ មានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីអធិបតេយ្យខាងយោធារបស់ប្រជារាស្ត្រខ្មែរនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នា នេះអធិបតេយ្យទាំងមូលលើផ្នែកការទូតត្រូវបានធ្វើឡើង តាមរយៈការប្តូរលិខិតរវាងរដ្ឋាភិបាលបារាំង និងរាជរដ្ឋាភិបាល (ចម្លើយរបស់រដ្ឋាភិបាលបារាំងចំពោះកំណត់ហេតុមួយរបស់រាជរដ្ឋាភិបាលនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ១៩៥៣ ដែលប្រគល់ដោយអគ្គស្នងការរបស់សាធារណរដ្ឋបារាំងលេខ ៣៩៣ អ៊ែរ ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ១៩៥៣ លិខិតទទួល និងភាពត្រឹមត្រូវលើការអនុវត្តនៃកិច្ចព្រមព្រៀងមានចែងក្នុងកំណត់ហេតុមួយសម្រាប់រាជរដ្ឋាភិបាល ដែលប្រគល់ជួនអគ្គស្នងការនៃសាធារណរដ្ឋបារាំងនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ១៩៥៣ ក្រោម លេខ៦៧-ប៉េ សេ អឹម អែស អឺម )។
ទី១២-នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ស្តេចបានយាងចូលមកក្នុងរាជធានីភ្នំពេញវិញ។ លើចម្ងាយផ្លូវ៣០០គីឡូម៉ែត្រដែលព្រះអង្គធ្វើដំណើរ ប្រជារាស្ត្រខ្មែរក្នុងក្តីរំជួលចិត្តបានធ្វើឱ្យព្រះអង្គទទួលបាននូវជោគជ័យមួយ ដែលមិនធ្លាប់មានពីមុនមក។ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ គឺ៨ខែមុនសន្និសីទក្រុងហ្សឺណែវ មានធ្វើពិធីមួយនៅមុខព្រះបរមរាជវាំង ដែលឧទ្ទិសចំពោះការដកថយ នៃអំណាចរបស់បារាំងពីប្រទេសកម្ពុជា។ លោកឧត្តមសេនីយ៍ ឡង់ ក្លាត បានប្រគល់យ៉ាងមហោឡារិកនូវអំណាចបញ្ជាការរបស់ខ្លួន ថ្វាយព្រះរាជា។ កងទ័ព និងអគ្គសេនាធិការរបស់បារាំងបានដកថយ ពីព្រះរាជាណាចក្រកម្ពុជា។ ឯករាជ្យរបស់ខ្មែរបានក្លាយទៅជាឯករាជ្យ អចិន្ត្រៃយ៍ និងទាំងស្រុង។ វិបត្តិរវាងខ្មែរ និងបារាំងត្រូវបានបញ្ចប់។ ពពកខ្មៅចុងក្រោយ ដែលបិទបាំងមិត្តភាពខ្មែរ-បារាំងបាន រលាយសាបសូន្យទាំងស្រុងបន្ទាប់ ពីការទទួលស្គាល់ទាំងស្រុងពី ប្រទេសបារាំងនៅខែធ្នូ ឆ្នាំ១៩៥៤ លើអធិបតេយ្យទាំងមូលរបស់ កម្ពុជាលើវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ គណៈប្រតិភូខ្មែរ ដែលបញ្ជូនទៅក្រុងប៉ារីស ដោយព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ដើម្បីស្នើឱ្យរដ្ឋាភិបាល បារាំងទទួលស្គាល់ជាផ្លូវការគឺ ត្រូវដឹកនាំដោយឯកឧត្តម ចាន់ ណាក បន្ទាប់ពីឯកឧត្តមបានទទួល មរណភាពនៅទីក្រុងប៉ារីសនោះ គណៈប្រតិភូខ្មែរត្រូវដឹកនាំដោយឯកឧត្តម ញឹក ជូឡុង និងនៅចុងក្រោយបង្អស់ដឹកនាំដោយ ឯកឧត្តម អូ ឈីន ដែលនៅពេលនោះជាឧបនាយករដ្ឋមន្ត្រី និងចូលរួមដោយ ឯកឧត្តម សឺន សាន។
ទី១៣-នៅខែកក្កដា ឆ្នាំ១៩៥៤ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង នៅហ្សឺណែវបានប្រព្រឹត្តទៅដោយរួមបញ្ចូលគូបដិបក្សដែលមានវិវាទនៅឥណ្ឌូចិន។ នៅសន្និសីទក្រុងហ្សឺណែវ ព្រះមហាក្សត្របាន បញ្ជូនគណៈប្រតិភូមួយក្រុមដឹកនាំដោយឯកឧត្តម ទេព ផន នៅពេល នោះជារដ្ឋមន្ត្រីការបរទេស និងមានឯកឧត្តមញឹក ជូឡុង ឯកឧត្តម សម សារី ឯកឧត្តម នង គឹមនី ឯកឧត្តម សឺន សាន៘ ដែលក្រោមការណែនាំពីព្រះមហាក្សត្របានដឹងថា សន្និសីទប្រកាសដកទ័ពរបស់ប្រទេសជិតខាងមួយចេញពីព្រះរាជាណាចក្រកម្ពុជា។ ប្រទេសកម្ពុជាចេញពីសន្និសីទហ្សឺណែវនេះ«កក្កដា-១៩៥៤» ដោយគ្មានការខូចខាតអ្វីទាំងអស់។ ផ្ទុយពីប្រទេសឡាវ និងវៀតណាមព្រះរាជា ណាចក្រកម្ពុជាអាចចៀសវាងការបែងចែកទឹកដី។
ទី១៤-ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ វរ្ម័ន យ៉ាងតិច៣ឆ្នាំ ទើបអាចបំពេញនូវកិច្ចសន្យារបស់ព្រះអង្គចំពោះប្រជារាស្ត្រ។ ប្រជារាស្ត្រខ្មែរបានថ្វាយព្រះឋានៈចំពោះព្រះអង្គថាជា «ព្រះបិតាឯករាជ្យជាតិ» ហើយតាមសំណូមពររបស់តំណាងរាស្ត្រក្នុងក្របខ័ណ្ឌ ក្រុមប្រឹក្សាពិគ្រោះជាតិ រដ្ឋាភិបាលបានលើកព្រះអង្គជាវិរបុរសជាតិ ស្របតាមព្រះមហាកិត្តិយសដ៏ខ្ពង់ខ្ពស់ឧត្តុង្គឧត្តមរបស់ព្រះអង្គ៕