សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជា​អធិបតី​បើក​មហា​សន្និបាត មិត្តកាយ​ឫទ្ធិ​នារី​តំបន់​អាស៊ីប៉ាស៊ីហ្វិក

នៅព្រឹកថ្ងៃអាទិត្យ ៧រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែ​វិច្ឆិកា ឆ្នាំ២០២៣ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ​ជាអធិប​តីភាពបើកមហាសន្និបាត​មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក។

មហាសន្និបាតលើកទី៧ មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលរៀបចំឡើង​លើទឹកដី​សៀមរាបអង្គរ​ពី​ថ្ងៃទី៥ ដល់ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ បានប្រព្រឹត្តទៅ​ក្រោម​​ប្រធានបទ «ស្រមៃមើលឱកាស៖ ផ្តល់អំណាចដល់ កុមារី និងយុវតី»។

លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា បានមានប្រសាសន៍អោយដឹងថា មហាសន្និបាតមិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក លើកទី៧ នាពេលនេះ គឺជាព្រឹត្តិការណ៍មួយដ៏មានសារៈសំខាន់ទាំងសម្រាប់សមាគមកាយឫទ្ធិនារីពិភពលោក និងជាពិសេសសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិកផ្ទាល់ ដែលមានលក្ខណៈជាការជួបប្រជុំថ្នាក់តំបន់មួយដ៏ធំ ដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធដើម្បីរួមគ្នាពិនិត្យវឌ្ឍនភាព និងទទួលដឹងលឺពីសមិទ្ធផលដែលសមាគមមិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក សម្រេចបានកន្លងមកលើកិច្ចការងារជួយ កុមារី យុវតី ស្រ្តីវ័យក្មេង នៅទូទាំងពិភពលោកឱ្យទទួលបានចំណេះដឹងបទពិសោធន៍ និងលទ្ធភាពមួយសមរម្យអាចកសាងអនាគតរបស់ពួកគេទៅថ្ងៃខាងមុខបានកាន់ប្រសើរឡើង។

លោកជំទាវបានបន្តទៀតថា ការជ្រើសរើសកម្ពុជាឱ្យធ្វើជាម្ចាស់ផ្ទះមហាសន្និបាតលើកទី៧ មិត្ត កាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក គឺមិនមែនជារឿងដែលកើតឡើងដោយចៃដន្យទេ តែផ្ទុយទៅវិញ គឺជាការសម្រេចប្រកបដោយសុភវិនិច្ឆ័យរបស់លោកស្រីបណ្ឌិត Dato’ Dr Juseon Byun ដែលជាស្ថាបនិក មិត្តកាយ ឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក និងលោកស្រី Chempaka Emalin Pahamin ប្រធានកាយឫទ្ធិនារីតំបន់អាស៊ី ប៉ាស៊ី-ហ៊្វិក លោកស្រី Ching Ching Wee-Ong ប្រធានមិត្តកាយឫទ្ធិនារីប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយ សង្កេតឃើញពីការរីកចម្រើន និងការកើនឡើងសមាជិក មិត្តកាយឫទ្ធិនារីប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៅកម្ពុជា ផ្ទាល់។ លោកជំទាវសូមសម្តែងនូវក្តីរំភើប និងមានមោទនភាពជាទីបំផុត ចំពោះកិច្ចខិតខំប្រឹង ប្រែង និងលទ្ធផលដែលមិត្តកាយឫទ្ធិនារីប្រចាំកម្ពុជាសម្រេចបានរហូតមានឱកាសធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតនាពេលនេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការរៀបចំមហាសន្និបាតលើកទី៧ មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិកនេះ មិនត្រឹមតែជាព្រឹត្តិការណ៍ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកប៉ុណ្ណោះទេ តែក៏ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ និងដ៏មានអត្ថន័យសម្រាប់សមាគមកាយឫទ្ធិនារីកម្ពុជា ដែលត្រូវបានផ្ដល់ទំនុកចិត្តឱ្យធ្វើជាម្ចាស់ផ្ទះ រៀបចំមហាសន្និបាតនេះ និងបង្ហាញជូនសមាជិកទាំងអស់នូវការរីកចម្រើនរបស់សមាគម នៅក្រោមម្លប់នៃសុខសន្តិភាព, ស្ថិរភាព និងឯកភាពជាតិ នៅកម្ពុជា ។សម្តេចធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសមាគមកាយឫទ្ធិនារីកម្ពុជា ដែលបានចំណាយទាំងកម្លាំងកាយចិត្ត រៀបចំមហាសន្និបាតនេះឡើងយ៉ាងអធិកអធម និងសូមអរគុណ រដ្ឋបាលខេត្តសៀមរាប, កងកម្លាំងប្រដាប់អាវុធ, និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួម សហការគ្នាយ៉ាងល្អក្នុងការរៀបចំសណ្តាប់ធ្នាប់ ការពារសន្តិសុខ និងសុវត្ថិភាព ធ្វើឱ្យមហាសន្និបាតលើក ទី៧នេះ អាចប្រព្រឹត្តទៅដោយរលូន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងកោតសសើរ និងវាយតម្លៃខ្ពស់ ចំពោះបេសកកម្មដ៏ថ្លៃថ្លារបស់មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងការលើកកម្ពស់ចលនាកាយឫទ្ធិនារីក្នុងតំបន់ ក៏ដូចជា ការចូលរួមជាមួយសមាគមកាយឫទ្ធិនារីពិភពលោក ក្នុងការអប់រំ និងបណ្ដុះបណ្តាលដល់កុមារី យុវតី និង ស្រ្តីវ័យក្មេង ឱ្យក្លាយជាអ្នកដឹកនាំដែលប្រកបដោយសមត្ថភាព និងទំនុកចិត្ត។សម្តេចធិបតីបានថ្លែងកត់សម្គាល់នូវគុណតម្លៃ នៃចក្ខុវិស័យរបស់អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុង «ការចង់ឃើញកុមារី យុវតី និង ស្ត្រីវ័យក្មេងកម្ពុជា រស់នៅក្នុងសីលធម៌, សេរីភាព, សមភាព, សេចក្តីថ្លៃថ្នូរ និងមានមោទនភាព ចំពោះវប្បធម៌ និងអត្តសញ្ញាណរបស់ខ្លួន។ សម្តេចធិបតី បាន ប្រកាសគាំទ្រចំពោះមាគ៌ាដ៏ត្រឹមត្រូវរបស់សមាគមកាយឫទ្ធិនារី កម្ពុជា ដែលសមស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សមភាពយេនឌ័រ, តម្លៃស្ត្រី និងការអភិវឌ្ឍសមត្ថភាពយុវជន ដែលជាសសរទ្រូងរបស់ប្រទេសជាតិ។

សម្តេចធិបតីបានថ្លែងថា សម្តេចជឿជាក់ថា រដ្ឋាភិបាលនៃបណ្ដាប្រទេសទាំងអស់ ក៏សាទរ និងគាំទ្រចំពោះចក្ខុវិស័យ និង គុណតម្លៃរបស់សមាគមកាយឫទ្ធិនារីទាំងអស់ដូចគ្នាដែរ។ ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា, សម្តេចសូមអំពាវនាវដល់គ្រប់រដ្ឋាភិបាល និងបណ្តាភាគីពាក់ព័ន្ធទាំងអស់ គាំទ្រ និងចូលរួមជាមួយចលនានៃសមាគមកាយឫទ្ធិនារី ដើម្បីជំរុញឱ្យបេសកកម្មដ៏ថ្លៃថ្លាទាំងនេះ សម្រេចបានដោយជោគជ័យ។

សម្តេចបន្តថា ពិភពលោកនឹងកាន់តែសុវត្ថិភាព, ស្រស់បំព្រង, និងកក់ក្តៅជាងមុន ប្រសិនបើមានស្រ្តីក្លាយជាអ្នកដឹកនាំកាន់តែច្រើន។ ជាមួយនឹងការគាបសង្កត់ពីកត្តាផ្សេងៗ ដូចជា កត្តាប្រពៃណី, កត្តាសេដ្ឋកិច្ច និងកត្តានៃកង្វះការយល់ដឹង, ស្រ្តីរាប់លាននាក់លើពិភពលោក ត្រូវបានរារាំងមិនឱ្យ ទទួលបាននូវឱកាសក្នុងការអភិវឌ្ឍខ្លួនឯង និងចូលរួមក្នុងសកម្មភាពសង្គម-សេដ្ឋកិច្ច ឱ្យបានពេញសក្តានុពលរបស់ខ្លួន។ នេះគឺជាការខាតបង់ដ៏គួរឱ្យសោកស្តាយនៃមូលធនមនុស្ស ដែលជាកម្លាំងចលករដ៏រឹងមាំ ប្រកបដោយចីរភាព សម្រាប់សង្គមជាតិ ប្រសិនពួកគាត់ទទួលបានឱកាសពេញលេញ ។

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រីនៅគ្រប់វិស័យ ជាអាទិភាពនៅក្នុងរបៀបវារៈគោលនយោបាយរបស់ខ្លួន។ តាមរយៈយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១, យើងនឹងពង្រឹងភាពជាពលរដ្ឋក្នុងសង្គម ដែលមាន អារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌, សមធម៌ និងបរិយាបន្ន, ដែលក្នុងនោះ ស្ត្រីគឺជាស្នូល។ រាល់សកម្មភាពដែលសមាគមកាយឫទ្ធិនារីពិភពលោក ក៏ដូចជា មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក បាន និងកំពុងធ្វើ ដូចបានគូសបញ្ជាក់ដោយលោក ស្រីបណ្ឌិត ចូសិន បាយអុន (Juseon Byun) ព្រមទាំងសកម្មភាពដែលសមាគមកាយឫទ្ធិនារីកម្ពុជាបាន និងកំពុងអនុវត្ត និងសម្រេចបាន ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ ដល់ការអនុវត្តគោលនយោបាយ ថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា៕

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ