សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យជាតិ​ តេជោសន្តិភាព» និងប្រកាសដាក់ឱ្យ​អនុវត្តជាផ្លូវការនូវកម្មវិធីទី១ នៃគោលនយោបាយជាអាទិភាពទាំង៦

នៅព្រឹកថ្ងៃអង្គារ ទី២៤​ ខែតុលា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យជាតិ​ តេជោសន្តិភាព» និងប្រកាសដាក់ឱ្យ​អនុវត្តជាផ្លូវការនូវកម្មវិធីទី១ នៃគោលនយោបាយជាអាទិភាពទាំង៦ គឺ «ការពង្រីក វិសាលភាពមូលនិធិសមធម៌ដល់គ្រួសារងាយរងហានិភ័យ»។

មន្ទីរពេទ្យ «តេជោសន្តិភាព» គឺជាមន្ទីពេទ្យដ៏ធំជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា ដែលបានចាប់ផ្តើមសាងសង់ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ ដោយក្រុមហ៊ុន ស៊ីជេអ៉ីស៊ី CJEC co,Ltd សហការ​ជាមួយ​សាលា​រាជធានី​ភ្នំពេញ នៅលើផ្ទៃដីប្រមាណ ៧.៥៨ហិកតា ជាប់វិថីឈ្នះឈ្នះ ស្ថិតក្នុងសង្កាត់គោករកា ខណ្ឌ​ព្រែកព្នៅ រាជធានីភ្នំពេញ។ មន្ទីរពេទ្យជាតិនេះ មានគ្រែសរុបទាំងអស់ចំនួន ៩,៤៩៦គ្រែ ក្នុងនោះគ្រែសម្រាកព្យាបាលសម្រាប់អ្នកជំងឺមានចំនួនសរុប ៩,២៤៤គ្រែ គ្រែសម្រាប់គ្រូពេទ្យប្រចាំការចំនួន ៤៦គ្រែ និងគ្រែសម្រាប់បុគ្គលិកស្នាក់នៅចំនួន២០៦គ្រែ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញនូវក្តីសង្ឃឹមថា«មន្ទីរពេទ្យជាតិ តេជោសន្តិភាព» នឹងទទួលបាននូវសេវាសុខាភិបាលប្រកបដោយគុណភាព ខណៈមន្ទីរពេទ្យដ៏ធំជាងគេនៅកម្ពុជា អាចដាក់គ្រែអ្នកជំងឺបានរហូតដល់ជិត១ម៉ឺនគ្រែ។សម្តេចធិបតីបានមានប្រសាសន៍បញ្ជាក់ថា ការដាក់ឲ្យប្រើប្រាស់នូវ«មន្ទីរពេទ្យជាតិ តេជោសន្តិភាព»នាពេលនេះ គឺជាការដោះស្រាយសេវាសុខាភិបាលជូនដល់បងប្អូនប្រជាពលរដ្ឋ គ្រប់ពហុព្យាបាល ហើយមន្ទីរពេទ្យនេះ ក៏ជាការជួយរែកពុនដល់មន្ទីរពេទ្យផ្សេងៗផងដែរ។សម្ដេចធិបតីបានបញ្ជាក់ទៀតថា ការរៀបចំ «មន្ទីរពេទ្យជាតិតេជោសន្តិភាព» នាពេលនេះ គឺជាយុទ្ធសាស្រ្ដយូរអង្វែងរបស់រាជរដ្ឋាភិបាល និងជាកន្លែងជួយរែកពុននូវការចាំបាច់ណាមួយដែលកម្ពុជាជួបប្រទះ ដូចជាករណីជំងឺកូវីដ-១៩ជាដើម ក្រោមចក្ខុវិស័យដ៏វែងឆ្ងាយរបស់សម្ដេចតេជោ ហ៊ុន សែន។

សម្តេចធិបតីនាយករដ្ឋមន្រ្តី បានមានប្រសាន៍បញ្ជាក់ថា ការសម្ពោធ«មន្ទីរពេទ្យជាតិ តេជោសន្តិភាព»នាពេលនេះ មិនមែនសម្រាប់តែបម្រើដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញប៉ុណ្ណោះទេ គឺនឹងបម្រើដល់ប្រជាពលរដ្ឋគ្រប់រូបទាំងអស់នៅទូទាំងប្រទេស រួមទាំងជនជាតិបរទេសដែលកំពុងរស់នៅកម្ពុជាផងដែរ។ការវិនិយោគទៅលើការអប់រំ និងសុខាភិបាលនូវតែជាវិស័យអាទិភាពដែលរាជរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់ ពីព្រោះប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនគឺអាស្រ័យលើធនធានមនុស្ស ហើយធនធានមនុស្សដែលមានគុណភាព មានផលិតភាព គឺជាធនធានមនុស្សដែលមានសុខភាពល្អ។

នៅថ្ងៃនេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ពលរដ្ឋដែលបានប្រើប្រាស់មូលនិធិសមធម៌កន្លងមក មានជាង១៤លានករណី ដែលបានប្រើប្រាស់បណ្ណសមធម៌ ឬបណ្ណក្រីក្រ ដើម្បីទទួលបានសេវាព្យាបាលនៅតាម គ្រឹះស្ថានសុខាភិបាលនានា ដោយមិនចាំបាច់បង់ប្រាក់។សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានជូនពរពលរដ្ឋកម្ពុជាទាំងអស់ សូមមានសុខភាពល្អគ្រប់ៗគ្នា តែបើមាន អាការមិនស្រួល ឬ មានជំងឺណាមួយ សូមរួសរាន់មកកាន់មន្ទីរពេទ្យដែលមានគ្រូពេទ្យជំនាញរង់ចាំពិនិត្យ និងព្យាបាលជំងឺ។

សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ទៀតថា  រាជរដ្ឋាភិបាលនៅអាណត្តិទី៧ នេះ នឹងពង្រឹងវិស័យសុខាភិបាលឱ្យកាន់ តែប្រសើរឡើងថែមទៀត តាមរយៈការពង្រឹងសមត្ថភាពគ្រូពេទ្យ ពង្រាយបុគ្គលិកពេទ្យដែលមានសមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈ ទៅដល់គ្រប់មូលដ្ឋានភូមិ ឃុំ។សម្ដេចបានស្នើដល់គ្រូពេទ្យនៅតាមតំបន់នានា ត្រូវបង្កើនសមត្ថភាពនៅក្នុងការព្យាបាលជំងឺជូនពលរដ្ឋ ដើម្បីកុំឱ្យពិបាកដឹកមកភ្នំពេញ ជាពិសេសករណីជំងឺធ្ងន់ធ្ងរដែលទាមទារការសង្គ្រោះបន្ទាន់។ សម្ដេចធិបតីក៏បានស្នើឱ្យបង្កើនការយកចិត្តទុកដាក់ទៅលើសុវត្ថិភាពអាហារចំណី និងឱសថសម្រាប់ព្យាបាលជំងឺ។

នៅថ្ងៃនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្តអំពាវនាវដល់អ្នកលក់ផលិតផលផ្សេងៗ ជាពិសេសផលិតផលពីក្រៅប្រទេស ត្រូវសហការជាមួយក្រសួងសុខាភិបាល ដើម្បីពិនិត្យលើផលិតផលទាំងនោះឱ្យបានច្បាស់លាស់ និងធានាដល់សុខសុវត្ថិភាពរបស់ប្រជាជនដែលជាអ្នកប្រើប្រាស់។ សម្ដេចធិបតីក៏បានស្នើគ្រប់គ្រូពេទ្យទាំងអស់ត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈ និងយកចិត្តទុកដាក់ព្យាបាលជំងឺជូនពលរដ្ឋនានា ឱ្យដូចការព្យាបាលជូនសមាជិកក្រុមគ្រួសារខ្លួនដែរ។

មុននឹងបញ្ចប់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានអញ្ជើញផ្ដល់កិត្តិយសបំពាក់គ្រឿងឥស្សរិយយស និងមេដាយជូនដល់មន្ត្រីសុខាភិបាលដែលមានស្នាដៃល្អមួយចំនួន។ បន្ទាប់មក សម្តេចនាយករដ្ឋមន្ត្រី និងលោកជំទាវ ក៏បានអញ្ជើញពិនិត្យមើលមន្ទីរពេទ្យថ្មី ទៅតាមបន្ទប់នីមួយៗ ក្នុងបរិយាកាសរីករាយបំផុត៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...