សម្តេចធិបតី មានសុទិដ្ឋិនិយមថា សហគ្រិនកម្ពុជា នឹងប្រើប្រាស់ ថ្នាលពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក Alibaba ដើម្បីទាញយកប្រយោជន៍ពីទីផ្សារអន្តរជាតិឱ្យបានជាអតិបរមា

នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកស្រី វិន ជែ (WEN Jia) ភាគហ៊ុនិករបស់ក្រុមហ៊ុន Alibaba និងជាប្រធានផ្នែកកិច្ចការសាធារណៈ Alibaba Group ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការចូលរួមក្នុង “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅរដ្ឋធានីប៉េកាំង ។

ជាកិច្ចចាប់ផ្តើម លោកស្រី វិន ជែ បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកផ្តល់កិត្តិយសចំពោះជំនួបនេះ និងចូលរួមជាអធិបតីក្នុងពិធីចុះហត្ថលេខាលើ “អនុស្សារណៈនៃការយោគយល់ (MOU) រវាងក្រសួងពាណិជ្ជកម្មកម្ពុជា ជាមួយនឹងក្រុមហ៊ុន Alibaba របស់ប្រទេសចិន” ដើម្បីដាក់លក់ដោយត្រង់នូវផលិតផលកម្ពុជាលើទីផ្សារចិន ក៏ដូចជាបណ្តាប្រទេសអាស៊ាន តាមរយៈ “ថ្នាលពាណិជ្ជកម្មសកលតាមប្រព័ន្ធអេឡិចត្រូនិក-Platform eWTP)” និងជំរុញការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ។ លោកស្រី បានបញ្ជាក់បន្ថែមទៀតថា គម្រោងនៃការចុះ MOU នេះ បានទទួលការគាំទ្រផងដែរពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ក្នុងរយៈកាលកន្លងមក ហើយសមិទ្ធផលនេះ ក៏មានលក្ខណៈស្របទៅនឹងកោណនៃសេដ្ឋកិច្ចឌីជីថល នៅក្នុងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា នៃអាណត្តិទី៧ ។ មួយវិញទៀត លោកស្រី ក៏បានជម្រាបជូន សម្តេចធិបតី អំពីការវិវឌ្ឍរីកចម្រើនរបស់ក្រុមហ៊ុន Alibaba ដោយបច្ចុប្បន្ននេះ មានអតិថិជនសរុបចំនួនប្រមាណ ១.៣០០ លាននាក់ នៅទូទាំងសកលលោក ហើយក្រុមហ៊ុនក៏បានដាក់លក់ផងដែរនូវផលិតផលកម្ពុជានៅលើថ្នាលពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិករបស់ខ្លួន ដូចជា អង្ករ និងផ្លែមាន ជាដើម ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនក៏មានថ្នាលតាមប្រព័ន្ធអេឡិចត្រូនិកសម្រាប់ប្រជាជនចិនប្រើប្រាស់ ក្នុងការស្នើសុំទិដ្ឋាការកម្ពុជា ផងដែរ ហើយសេវាកម្មនេះទទួលបាននូវចំណាប់អារម្មណ៍ខ្ពស់ និងមានចំនួនអ្នកស្នើសុំកើនទ្បើងគួរឱ្យកត់សម្គាល់ខ្លាំង ។

ជាការឆ្លើយតប សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសម្តែងនូវក្តីសប្បាយរីករាយ និងការស្វាគមន៍គាំទ្រដល់ក្រុមហ៊ុន Alibaba ដែលបានចូលរួមក្នុងកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន-សហគ្រាស ព្រមទាំងក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា តាមរយៈការនាំយកផលិតផល និងសេវាកម្មកម្ពុជា ទៅកាន់ទីផ្សារពិភពលោក ហើយ សម្តេចធិបតី ក៏មានសុទិដ្ឋិនិយមផងដែរថា សហគ្រិនកម្ពុជា នឹងប្រើប្រាស់ថ្នាល ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក Alibaba ដើម្បីទាញយកប្រយោជន៍ពីទីផ្សារអន្តរជាតិ ឱ្យបានជាអតិបរមា ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...