សារសំឡេងពិសេសរបស់សម្តេចតេជោ ហ៊ុន សែន ពាក់ព័ន្ធនឹងនិស្សិតដែលកំពុងស្ថិតនៅអ៊ីស្រាអែល

ផ្ញើជូន បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់ ជាពិសេសចំពោះមាតាបិតា អាណាព្យាបាលនិស្សិតដែលកំពុង​រស់នៅ និងសិក្សានៅអ៊ីស្រាអែល មានជាង ៤០០ នាក់។ មុននេះបន្ដិចសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី​នៃព្រះរាជាណាចក្រកម្ពុជា បានចេញសារបន្ទាន់ ជម្រាបជូនជនរួមជាតិ និងវិធានការបន្ទាន់ ដែលត្រូវប្រកាន់យក​តាម​រយៈនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីការបរទេស រដ្ឋមន្ដ្រីកសិកម្ម និងអាជ្ញាធរពាក់ព័ន្ធ។

ខ្ញុំសូមយកឱកាសនេះអំពាវនាវដល់និស្សិត(កម្ពុជា)ដែលកំពុងរស់នៅអ៊ីស្រាអែល ខិតខំធ្វើយ៉ាងម៉េចការពារ សុវត្ថិភាពផ្ទាល់ខ្លួន ហើយស្ដាប់តាមការណែនាំរបស់អាជ្ញាធរអ៊ីស្រាអែល។ ការប្រយុទ្ធលើកនេះ ជាការប្រយុទ្ធ​ទ្រង់​ទ្រាយធំ ដែលពុំធ្លាប់មានពីមុនមក ដែលក្រុមហាម៉ាសបានវាយលុកលើកម្លាំងអ៊ីស្រាអែល ដែលតម្រូវឲ្យ​កម្លាំងអ៊ីស្រាអែលត្រូវធ្វើការវាយបក ដើម្បីការពារប្រជាជននៅតំបន់នោះ រាប់ទាំងនិស្សិតរបស់យើង​ផង​ដែរ។ដូច្នេះ ខ្ញុំសូមស្នើឲ្យនិស្សិតយើងទាំងអស់រក្សាឲ្យបាននូវសុវត្ថិភាពផ្ទាល់ខ្លួន ហើយស្ដាប់នូវបទបញ្ជារបស់អាជ្ញាធរ​អ៊ីស្រា​អែល សម្រាប់មាតាបិតា និងអាណាព្យាបាលនៅក្នុងប្រទេស សូមស្ងប់ស្ងៀមចិត្ត រាជរដ្ឋាភិបាលប្រាកដណាស់នឹងយកចិត្តទុកដាក់ដោះស្រាយនូវបញ្ហានេះ។ បើទោះបីពេលនេះ ខ្ញុំមិនមែនជានាយករដ្ឋមន្ដ្រីក៏ដោយ ក៏ប៉ុន្ដែក្នុង​ឋានៈជាប្រធានគណបក្សកាន់អំណាច ខ្ញុំត្រូវមានភារកិច្ចដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីដោះស្រាយ​កង្វល់​ទាំងឡាយរបស់និស្សិត ដែលរស់នៅអ៊ីស្រាអែលផង និងដោះស្រាយនូវការព្រួយបារម្ភរបស់​មាតាបិតា អាណាព្យាបាលដែលនៅក្នុងប្រទេសផង។ សូមជនរួមជាតិមេត្ដារក្សានូវភាពស្ងប់ស្ងៀម និងសូមជឿជាក់ទៅលើ​សមត្ថភាពដោះស្រាយបញ្ហារបស់អាជ្ញាធរអ៊ីស្រាអែល ដើម្បីប្រឆាំងនឹងកម្លាំងភេរវកម្មរបស់ពួកហាម៉ាស នៃក្រុម​ប៉ាឡេស្ទីន យើងនឹងខិតខំធ្វើដើម្បីការពារអាយុជីវិតប្រជាជនរបស់យើងនោះគឺនិស្សិតរបស់យើងដែលកំពុង​សិក្សាជាង ៤០០ នាក់ នៅអ៊ីស្រាអែល។

ខ្ញុំសូមអំពាវនាវសាជាថ្មីម្ដងទៀត ឲ្យបងប្អូនអាណាព្យាបាល មាតាបិតានិស្សិតទាំងអស់ស្ងប់ស្ងៀមចិត្ត​ ហើយណែនាំ(ប្រសិនបើ)អាចទាក់ទងបានជាមួយកូនចៅនៅអ៊ីស្រាអែល គឺឲ្យខិតខំរក្សានៅការតាំងចិត្តម៉ឺងម៉ាត់ ហើយគ្មានការភិតភ័យ ដែលនឹងបង្កទៅជាបញ្ហាមួយផ្សេងទៀត។

ខ្ញុំសូមអរគុណជាមួយនឹងការយកចិត្តទុកដាក់ស្ដាប់ជាមួយសារនេះ ហើយយប់នេះ ខ្ញុំនឹងបន្ដតាមដាននូវរឿងនេះ​ជាមួយនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីការបរទេស រដ្ឋមន្ដ្រីកសិកម្ម និងអាជ្ញាធរពាក់ព័ន្ធផ្សេងទៀត សូមអរព្រះគុណ  សូមអរគុណ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ