សម្រង់ប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត, ក្នុងពិធីអបអរសាទរ ទិវាគ្រូបង្រៀន ០៥ តុលា ២០២៣ ក្រោមប្រធានបទ “គ្រូបង្រៀន ជាសសរស្តម្ភនៃសាលារៀន ឆ្ពោះទៅរកឧត្តមភាព”

CMF:

ឯកឧត្តម លោកជំទាវ សមាជិក សមាជិការដ្ឋសភា,
ឯកឧត្តម លោកជំទាវ សមាជិក សមាជិការាជរដ្ឋាភិបាល,
ឯកឧត្តម លោកជំទាវ លោក លោកស្រី គណៈធិបតី ភ្ញៀវកិត្តិយស,
ថ្នាក់ដឹកនាំ មន្រ្តីរាជការជាប្រតិភូអប់រំ យុវជននិងកីឡា រាជធានី ខេត្ត ក្រុង ស្រុកខណ្ឌ,
សមាជិក សមាជិកាក្នុងអង្គពិធីទាំងមូលនៅព្រឹកនេះ ជាទីស្រលាញ់រាប់អាន

[សេចក្តីអធិប្បាយ ១]

(១) សមត្ថភាពនិងការខិតខំ នៃកម្មវិធីកែទម្រង់ប្រព័ន្ធអប់រំ បែប “សាលាជំនាន់ថ្មី”

ថ្ងៃនេះ ខ្ញុំមានសេចក្ដីរីករាយដែលបានចូលរួមទិវាគ្រូបង្រៀន ០៥ តុលា ២០២៣ ក្រោមប្រធានបទ “គ្រូបង្រៀន​ជាសសរស្ដម្ភនៃការកែទម្រង់សាលារៀនឆ្ពោះទៅរកឧត្តមភាព” ដែលត្រូវបានរៀបចំដោយក្រសួងអប់រំ យុវជននិងកីឡា នៅវិទ្យាស្ថានបច្ចេកវិទ្យា នាឱកាសនេះ។ មុននេះ ខ្ញុំបានដើរទស្សនាលទ្ធផលនិងស្នាដៃសិស្សានុ​សិស្ស ក៏ដូចជាគ្រូរបស់យើងនៃសាលាជំនាន់ថ្មី។ ខ្ញុំសូមសរសើរសមត្ថភាពនិងការខិតខំប្រឹងប្រែងច្នៃប្រឌិត របស់ក្រសួងអប់រំក្នុងការដាក់ចេញនូវកម្មវិធីកែទម្រង់ប្រព័ន្ធអប់រំ។ ទោះបីយើងមិនទាន់បានអនុវត្តនៅគ្រប់សា​លាក៏ដោយ យ៉ាងហោចណាស់ លទ្ធផលនៃសាលាជំនាន់ថ្មីនេះ ក៏បានបញ្ជាក់ពីលទ្ធភាពនៃកំណែទម្រង់ ព្រោះ​អ្វីដែលបានសរសេរលើក្រដាសជារឿងមួយ ប៉ុន្តែអ្វីដែលសម្រេចលទ្ធផលជាក់ស្ដែងក្រោយពីយកផែនការគោលគំនិតនៅលើក្រដាសទៅអនុវត្តន៍ បានលទ្ធផលយ៉ាងម៉េច ប៉ុន្មានឆ្នាំក្រោយ (វាជារឿងមួយទៀត)។

(២) ការចងក្រងសៀវភៅ បង្កើតជាទំលាប់និងគំនិតសិក្សាស្រាវជ្រាវ

ខ្ញុំបានឃើញថាក្មួយៗ​បានសរសេរនិងចងក្រងជាសៀវភៅ។ ពួកគាត់បានសូមទោសខ្ញុំថា “លោកអ៊ំ! ដោយ​សារពួកខ្ញុំទើបរៀនថ្នាក់ទី ១១ អញ្ចឹងប្រហែលជាពួកខ្ញុំសរសេរទៅមានកំរិត។ មិនសូវពូកែ”។ ខ្ញុំបានប្រាប់ទៅវិញថា “ក្មួយ! ជំនាន់ក្មួយថ្នាក់ទី ១១ សរសេរបានប៉ុណ្ណឹង។ កាលអ៊ំរៀនថ្នាក់ទី ១១ មិនមានលទ្ធភាពសរសេរនិងចងក្រងសៀវភៅដូចនេះទេ”។ កាលនោះ (យើង)មិនទាំងមានសៀវភៅអានផង កុំថាឡើយទៅចងក្រងសៀវ​ភៅ។ ទឹកដៃ(របស់ក្មួយៗ ក្នុងការចងក្រងសៀវភៅ)ល្អ។ រឿងសៀវភៅនេះមួយហើយ ប៉ុន្តែសំខាន់ទឹកចិត្ត ការចាប់អារម្មណ៍និងការរួមគ្នាសរសេរជាឯកជនក្ដី ជាក្រុមក្ដី គឺជាការតម្រង់ទិស បង្កើតនូវផ្នត់គំនិតនៃការសិក្សាស្រាវជ្រាវ។ សៀវភៅជាលទ្ធផលមួយ (ដែលអាចប្រ់ជា)ជាឧបករណ៍សម្រាប់បណ្ដុះមនុស្ស។ អ្វីដែលយើងចង់អោយមាននិរន្តរភាព គឺទំលាប់និងការចេះគិតរបស់ពួកគាត់ ការចេះស្រាវជ្រាវបន្ថែម កុំយកអី្វដែលជារបស់គេមក(ទាំងស្រុង)។ ពីមុនមិនទាន់មានលទ្ធភាព យើង(ចម្លងពីគ្រូនិង)ទន្ទិញ​ តែនេះ(ក្មួយៗ)ចេះស្រាវ​ជ្រាវ (អ្វើអោយ)បែកគំនិតថ្មីៗ។ នេះគឺជាអ្វីដែលយើងចង់បាន។ នេះហើយជាការបណ្ដុះបណ្ដាល។

(៣) ៣០ឆ្នាំនៃការវិវត្តធនធានមនុស្ស … ពីគ្មានសៀវភៅ មកអាចបង្កើតកម្មវិធីកុំព្យូទ័របាន

ខ្ញុំសូមសរសើរ ដែលពួកគាត់អាចទាំងធ្វើយន្តហោះ តេឡេកាម៉ង់ ឡាន … កាលពីខ្ញុំរៀនក្រៅប្រទេស ខ្ញុំឃើញកូនៗ អាមេរិកជាដើម ក្នុងរយៈពេលតែប្រមាណ ១០ឆ្នាំជាង (មាន)ការវិវត្ត(យ៉ាងលឿន)។ ខ្ញុំចេញទៅនៅឆ្នាំ ១៩៩៣។ កាលនោះយើងមិនទាន់មានអីទេ។ សូម្បីតែសៀវភៅមេរៀននៅតាមសាលាមួយៗ ក៏មានមិនទាន់គ្រប់ផង។ យើងបានតែកត់ពីគ្រូ ហើយទន្ទិញ … ពីឆ្នាំ ១៩៩៣ មកដល់ឆ្នាំ ២០២៣ រយៈពេល ៣០ឆ្នាំ នៃការវិវត្តប្រែប្រួលធនធានមនុស្សរបស់យើង។ ទោះបីមិនមែនថ្នាក់ឧត្តមសិក្សាក្តី នៅត្រឹមថ្នាក់ទី ១១ ឬ ១២តែក្មួយៗ អាចបង្កើត program កុំព្យូទ័របាន អាចធ្វើបង្គុំ Robot បាន។ នេះជាការវិវត្តវិជ្ជមាននៃការអប់រំ។ ខ្ញុំសូមកោតសរសើរដល់ក្រសួងអប់រំ លោកគ្រូអ្នកគ្រូ គណៈគ្រប់គ្រងសាលា ដែលបានជម្រុញ(អោយកើតមានសមិទ្ធផលអស់ទាំងនេះ)។ សូមសរសើរដល់ក្មួយៗសិស្សានុសិស្ស និងឪពុកម្ដាយដែលបានចូលរួមគាំទ្រ ជម្រុញ លើកទឹកចិត្ត។ នេះគឺជាសមិទ្ធផលដ៏ធំ ដែលខ្ញុំចង់ឃើញ។

(៤) ធ្វើបុរេសកម្មបណ្តុះបណ្តាលជំនាញ ១០ ឬ ២០ឆ្នាំទុកមុន

ដោយផ្តោតទៅលើការកំណែទម្រង់កម្មវិធី(សិក្សានេះ) ទោះបីមិនទាន់បាន(បើក)ទូលំទូលាយក៏ដោយ (យោងតាមសមិទ្ធផលនេះ ក៏)បានន័យថា យើងដើរមុនសភាពការណ៍។ យើងបានព្យាករណ៍ទុកមុន។ យើងបានធ្វើបុរេសកម្ម​ ដោយដឹងច្បាស់ថា វិទ្យាសាស្រ្តជាអ្វីដែលនឹងគ្រង់គ្រងពិភពលោក ហើយនិងជាប្រកួតប្រជែងគ្នា។ ​ កុំចាំទាល់តែគេដើរផុត មានធនធានមនុស្ស ហើយពេលដែលត្រូវការអភិវឌ្ឍឧស្សាហកម្ម យើងទៅអញ្ជើញកម្មករជំនាញពីស្រុកគេមក។ យើងត្រូវបណ្ដុះបណ្ដាល ១០ឆ្នាំមុន ២០ឆ្នាំមុនត្រៀមទុក។ នេះហើយ គឺកិច្ចការដែលយើងត្រូវមានបុរេសកម្ម … ពិតណាស់ យើងមិនទាន់អាចការអនុវត្តទូលំទូលាយបាន ដោយសារលទ្ធភាពថវិកា តែយើងនឹងខិតខំច្នៃប្រឌិតតទៅទៀត។

(៥) គ្រូមួយថ្ងៃ គឺគ្រូមួយជីវិត

ទិវាគ្រូបង្រៀន​ជាឱកាសនៃការរំលឹកគុណគ្រូ ដែលបានខិតខំបង្ហាត់បង្រៀន និងផ្ទេរចំណេះដឹងនិងជំនាញ តាមគ្រប់រូបភាពដល់ក្មួយៗជាសិស្សានុសិស្ស និស្សិតនិងយុវជនគ្រប់រូប។ មិនមានអ្នកណាម្នាក់ ដែលអង្គុយនៅទីនេះ រួមទាំងលោកគ្រូអ្នកគ្រូខ្លួ​នឯងផង ដើរមកដល់ពេលនេះ ដោយមិនបានចាប់ផ្ដើមពីថ្នាក់បឋមនោះទេ។ ខ្ញុំឧស្សាហ៍និយាយថា “ខ្ញុំបានរៀនចប់បណ្ឌិត ខ្ញុំចេះសរសេរចេះអាន ខ្ញុំចាំគុណគ្រូនៅថ្នាក់ទី១ ដែលគាត់បង្រៀនខ្ញុំតាំងពីអក្សរ “ក” និងលេខ “១”។ បើខ្ញុំមិនឈានពីចេះអក្សរ ក ទេ ខ្ញុំមិនអាចមានមូលដ្ឋានរៀនរហូតដល់ភាសាបរទេសបានទេ។ បើមិនចេះសរសេរលេខ១ ខ្ញុំមិនអាចសរសេរដល់លេខ ១ ០០០ លានបានទេ។ បើយើងមិនបានរៀនមូលដ្ឋានថ្នាក់បឋម ថ្នាក់មត្តេយ្យ យើងក៏មិនអាចឈានមកដល់ពេលនេះដែរ។ ពាក្យខ្មែរ ថា “គ្រូមួយថ្ងៃស្មើនឹងគ្រូមួយជីវិត” ជាការពិត។ គ្រូជាឪពុកម្ដាយទី២។ ឪពុកម្ដាយទី១ បង្កើតយើងមក ឱ្យជីវិតយើង ចិញ្ចឹមយើង ផ្តល់ការអប់រំមួយចំនួន ប៉ុន្តែក្រៅពីនោះ គ្រូនៅសាលាបានបណ្ដុះបណ្ដាល និងបង្កើននូវបំ​ណិនជីវិត ក៏ដូចជាចំណេះដឹង ដើម្បីយើងមានសមត្ថភាពអាចចូលរួមជាធនធានជាតិបាន។

(៦) ទិវាគ្រូបង្រៀន ០៥តុលា បំផុសវប្បធម៌និងប្រពៃណីរំលឹកដល់ការបូជាកម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតីរបស់លោកគ្រូអ្នកគ្រូគ្រប់រូប

ក្នុងស្មារតីនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្ដួចផ្ដើមគំនិតបង្កើតទិវាគ្រូបង្រៀននៅកម្ពុជា ដោយកំណត់យកថ្ងៃទី ០៥ខែតុលា ជារៀងរាល់ឆ្នាំ ដើម្បីបំផុសវប្បធម៌ និងប្រពៃណីដល់សិស្ស និស្សិត និងយុវជនឱ្យរំលឹកគុណូបការៈដ៏ថ្លៃថ្លា ការលះបង់ និងការបូជាកាយ ចិត្ត ប្រាជ្ញា ស្មារតីរបស់លោកគ្រូអ្នកគ្រូគ្រប់រូប ក្នុងការបង្ហាត់បង្រៀនដល់សិស្សានុសិស្ស និស្សិត ដើម្បីផលិតនិងបង្កើតធនធានមនុស្សបម្រើអោយការ កសាង និងអភិវឌ្ឍន៍មាតុភូមិកម្ពុជា។ ក្នុងនាមប្រមុខរាជរដ្ឋាភិបាល ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំ​ពោះក្រសួងអប់រំ យុវជន និងកីឡា ដែលបានអនុវត្តបេសកកម្មរបស់ខ្លួនដោយជោគជ័យ ក្នុងការលើកកម្ពស់គុណវុឌ្ឍិ និងគុណតម្លៃគ្រូបង្រៀននាពេលកន្លងទៅ។ ខ្ញុំក៏សូមថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ដល់ដៃគូអភិវឌ្ឍន៍ អង្គការអន្តរជាតិ អង្គការជាតិ និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមនិងសហការដល់ការគាំទ្រទាំងសម្ភារៈ ថវិកា និងបច្ចេកទេសដល់វិស័យអប់រំ យុវជន និងកីឡា នាពេលកន្លងមក។

[ខ្លឹមសារសុន្ទរកថា ១]

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមបញ្ជាក់អំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា ក្នុង​ការបន្តយកចិត្តទុកដាក់ទៅលើការអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា។ ជាក់ស្ដែង យុទ្ធសាស្រ្តបញ្ចកោណដំ​ណាក់កាលទី១ ផ្ដល់អាទិភាពលើការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្រ្តនិងបច្ចេកវិទ្យា និងការបន្តកែទម្រង់សាលារដ្ឋ ដោយផ្ដោតលើការពង្រឹងសមិទ្ធផលដែលមានស្រាប់ ការជម្រុញការបង្កើតសាលារៀន គំរូ ការពង្រឹងអភិបាលកិច្ចនិងប្រសិទ្ធភាពគ្រប់គ្រងនៅមន្ទីរអប់រំ​ យុវជន និងកីឡា ព្រមទាំងជម្រុញឱ្យមានការចូល​រួមយ៉ាងសកម្មពីមាតាបិតា សហគមន៍និងវិស័យឯកជន។

របាយការណ៍របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានបង្ហាញអំពីស្មារតីទទួលខុស​ត្រូវខ្ពស់ និងសមិទ្ធផលសម្រេចបាននៃការកែទម្រង់ ៤ដំណាក់កាល ជាមួយនឹងកិច្ចសហការយ៉ាងសកម្មរវាងថ្នាក់ដឹកនាំ បុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ លោកគ្រូអ្នកគ្រូ មាតាបិតា អាណាព្យាបាល សហគមន៍ និងអាជ្ញាធរដែនដី នៅក្នុងការអភិវឌ្ឍវិស័យអប់រំឱ្យបានរីកចម្រើនជាបន្តបន្ទាប់។ ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមគាំទ្រកម្មវិធីកំណែទម្រង់ និងវិធានការដែលដាក់ចេញសម្រាប់ឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៨ ជាមួយនឹងកាលានុវត្តភាពថ្មីៗ ដែលបានរៀបចំនូវរចនាសម្ព័ន្ធដឹកនាំ មានយន្តការអនុវត្តច្បាស់លាស់ និងធ្វើឱ្យមានឧត្តមភាពនៅកម្រិតសាលារៀន និងបង្កើតភាពជិតស្និតជាមួយនឹងប្រជាពលរដ្ឋ សហគមន៍ និងសិស្សានុសិស្ស។

[សេចក្តីអធិប្បាយ ២]

(៧) វិធានគន្លឹះលើវិស័យអប់រំគឺ គិតធំ ធ្វើតូច ឬ គិតជាក្របខណ្ឌរួម អនុវត្តក្របខន្ធគន្លឹះ/ទ្រទ្រង់

ក្នុងចំណុចនេះ ខ្ញុំសូមបញ្ជាក់បន្ដិចពីវិធានគន្លឹះដែលឧត្តមបណ្ឌិតសភាចារ្យបានលើកឡើង។ កំណែទម្រង់គ្រប់វិស័យនៅក្នុងយុទ្ធសាស្រ្តបញ្ចកោណ មានយន្តការគិតគូរអំពីការពង្រឹងវិស័យអប់រំ ដែលយើងបានធ្វើតពី(យុទ្ធសាស្ត្រ)ចតុកោណ។ ការកែទម្រង់មិនមែនធ្វើមួយឆ្នាំដូរនោះទេ។ យើង(ត្រូវធានាអោយមាន)មាននិរន្តរភាព។ ហេតុអ្វី(បានជាយើងមានការ)ចាំបាច់ដាក់វិធានគន្លឹះ? យើងមានវិធានគន្លឹះ ៥ ដែលពង្រឹងមុខងារសាធារណៈ អប់រំ សុខាភិបាល ប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន និងកំណែទម្រង់និងការអនុវត្តនៅក្នុងវិស័យតុលាការ។ សួរថា (ដោយកិច្ចការ)ទាំងអស់ហ្នឹង មាននៅក្នុងផែនការកំណែទម្រង់ហើយ តើចាំបាច់អី(ដែលយើងត្រូវ)ដាក់វិធានគន្លឹះក្នុងវិស័យអប់រំ។ ជាទ្រឹស្ដីរបស់ខ្ញុំ គឺ “គិតធំ ធ្វើតូច”។ ភាសាអង់គ្លេសគេថា “Think macro act micro” ឬគិតជាក្របខណ្ឌនយោបាយ(រួម/ធំ) ឱ្យគ្រប់ជ្រុងជ្រោយ ប៉ុន្តែដល់អនុវត្ត ត្រូវរើសគន្លឹះណាដែលជាមូលដ្ឋានសម្រាប់ទ្រទ្រង់។ អនុវត្តឱ្យចំគោលដៅជាជំហាន។ បើមិនដូចនោះទេ វានឹងទូលំទូលាយពេក …។

ប៉ុន្មានថ្ងៃនេះ (ជាមួយ)ក្រសួងទេសចរណ៍ ក្រសួងកសិកម្ម និងដូចជាក្រសួងពាណិជ្ជកម្ម ខ្ញុំ(បានណែនាំ)ថា “បើសិនជាយើងចង់នាំអង្ករចេញ (គួរ)កុំទៅសុំចរចាតែ(ក្នុងកម្រិត)ប្រទេសមួយ ក្រែងលោវាមិនបានផល។ យើងគប្បីទៅដល់ខេត្តមួយៗ របស់គេ (ដើម្បីសិក្សា)ថាគេចង់បានអ្វី។ យករបស់ហ្នឹងទៅ។ យើងមានអង្ករច្រើនប្រភេទ។ យើងសុំទៅចិនៗ ជូន(លទ្ធភាពទិញ)ប៉ុន្មានសែនតោន(ពីយើង)។ ចិនគាត់ហូបអង្ករដូចគ្នា? មើលនៅ សៀងហៃ តើគេត្រូវការអី? ជួនកាល(គេត្រូវការ)អង្ករផ្កាម្លិះ។ កន្លែងផ្សេង(ទៀត គេត្រូវការ)អង្ករអី? ដូចជាទេសចរណ៍ យើងចង់បានទេសចរទូទៅ តែយកកន្លែងណាដែលជាមូលដ្ឋានគ្រឹះ ហើយរុញ(សកម្មភាពទៅគោលដៅនោះ)​ជាមូលដ្ឋាន។ ឧទាហរណ៍ សៀមរាប ភ្នំពេញ កំពង់សោម រុញយុទ្ធសាស្រ្តកន្លែងហ្នឹង … វាស្រួលផ្ដោត(សកម្មភាព)។

(៨) ពង្រឹងការអប់រំពីមត្តេយ្យដល់ថ្នាក់ទី១២ កំណត់យកសមត្ថភាពចំណេះដឹងនិងឥរិយាបថជាលទ្ធផល

(ក្នុងវិស័យ)អប់រំ(ក៏)ដូចគ្នា។ ខ្ញុំសូមសរសើរចំពោះលទ្ធផលដែលយើងពង្រីកបាននៅក្នុងកំណែទម្រង់ជាបន្តបន្ទាប់នេះ។ ប៉ុន្តែខ្ញុំគិតថា នេះជាដំណាក់កាលដែលត្រូវ(កំណត់)យកសសរស្ដម្ភណាមួយ(ដើម្បី)ពង្រឹង។ ខ្ញុំបាននិយាយច្រើនហើយតាំងពីមុនបោះឆ្នោត … យើងត្រូវផ្ដោតទៅលើការពង្រឹងការអប់រំពីថ្នាក់មត្តេយ្យដល់ថ្នាក់ទី១២។ ពង្រឹងការអប់រំកម្រិតជាមូលដ្ឋានហ្នឹងបាន នោះវិស័យអប់រំយើងខ្លាំងហើយ។ និយាយអញ្ចឹង មិនមែនរាជរដ្ឋាភិបាលអត់គិតគូរពីការពង្រឹងឧត្តមសិក្សានោះទេ។ យើងបន្តពង្រឹងដូចគ្នា តាមផែនការរួម ប៉ុន្តែវិធានគន្លឹះដែលត្រូវការយកចិត្តទុកដាក់ជាពិសេស គឺពង្រឹងវិស័យអប់រំថ្នាក់មត្តេយ្យដល់ថ្នាក់ទី ១២។ តើយើងចង់បានលទ្ធផលអី្វពីការអប់រំ? (យើងចង់បាន)សមត្ថភាពចំណេះដឹង និងឥរិយាបថ។ ទាំង២នេះ ត្រូវដើរជា​មួយគ្នា។ ឥរិយាបថ យើងហៅថា soft skill …។

(៩) ពិចារណាការតម្រង់ទិសបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីឆ្លើយតបទៅតម្រូវការរបស់ប្រទេស

គ្រាន់តែ(ជួយអោយកូនៗ ក្មួយៗ សិស្សានុសិស្សចេះសិក្សា)ស្រាវជ្រាវ ជាការប្ដូរឥរិយាបថទៅហើយ។ ពីមុនយើងចាំតែយករបស់គេមកអាន។ ឥឡូវយើងចេះបង្កើតខ្លួនឯង។ ឥរិយាបថរបស់យើងបានដូរផ្លាស់ … កាលខ្ញុំនៅរៀន យកតែសៀវភៅខេមរយានកម្មមករៀនដោះស្រាយទេ។ ឥឡូវ ក្មួយៗ ថ្នាក់ទី១០ ទី១១ គាត់ចេះបង្កើតសមីកាខ្លួនឯងដើម្បីធ្វើស្រាវជ្រាវបន្ថែម។ ហ្នឹងហើយហៅថាឥរិយាបថ(ដែលមាន)ទាំងផ្នត់គំនិត។ គាត់ចេះបង្កើតនវានុវត្តន៍។ បើសិនជាសិស្សមិនមានផ្នត់គំនិតទេ តើយើងដាក់ពាក្យនវានុវត្តន៍បានប្រយោជន៍អី។ បើសិស្សយើងចាំតែយកពីគេ អត់មានគំនិត យើងដាក់ពាក្យនវានុវត្តន៍ តែអនុវត្តយ៉ាងម៉េច … កន្លែងហ្នឹង វាមិនអាស្រ័យទៅលើការសរសេរនោះទេ។ វាអាស្រ័យទៅលើ(ការជាក់ស្តែងថា)ដាក់មកហើយធ្វើបានអត់ ឬបានលទ្ធផលកម្រិតណា។ ដូចនេះ យើងត្រូវពង្រឹងឥរិយាបថ រួមទាំងអត្តចរិក។

ខ្ញុំបានមើលសាលាគម្រូខ្លះ។ ខ្ញុំ(និយាយពីការ)ពង្រឹង(កិច្ចការនេះក្នុងចំណោម)សាលារដ្ឋទេ តែខ្ញុំលើកទឹកចិត្តសាលាឯកជនចូលរួម។ ប៉ុន្តែទីនេះ គឺសាលារដ្ឋជាមូលដ្ឋាន។ ប្រជាពលរដ្ឋភាគច្រើន បញ្ជូន​កូនរៀននៅសាលារដ្ឋ។ បើចង់បាននិស្សិតល្អ (យើងត្រូវ)ពង្រឹង(ការសិក្សា)ពីមត្តេយ្យដល់ថ្នាក់ទី១២ … យើងផ្ដោតលើចំណេះដឹងទូទៅ តែទៅមុខទៀតគួរតែគិតពិចារណាពីការតម្រង់ទិសរវាងចំណេះដឹងទូទៅ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីឆ្លើយតប(ទៅតាមតម្រូវការរបស់ប្រទេស)។ គ្រប់ប្រទេសគេធ្វើ(ដូចនេះ)។ ពេលខ្លះ (កូនចៅយើង)មិនចាំបាច់ដល់រៀនចប់ថ្នាក់ទី១២ បានទៅរៀនបណ្ដុះបណ្ដាល(វិជ្ជាជីវៈទេ)។ ជួនកាលចាប់ពីទី៩ ឬទី១០​ យើងអាចតម្រង់ទិស(ការសិក្សាវិជ្ជាជីវៈ) ជាពិសេសកូនចៅប្រជាពលរដ្ឋនៅជនបទ ដែលការតម្រង់ទិស ៣ ឆ្នាំដូចគ្នានេះ (បន្ទាប់ពី)ចេញមានជំនាញខាងអី ឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍប្រទេស។ កិច្ចការនេះ ខ្ញុំបានប្រគល់ភារកិច្ចឱ្យឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារនិងឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំ។

(១០) ពង្រឹងអភិបាលកិច្ចមានកិច្ចការសំខាន់២៖ ប្រព័ន្ធការងារ និងមនុស្ស

យើងបានគិតតាំងពីមុនបោះឆ្នោត។ ជា Concept នៃប្រធានបទទី១ គឺការពង្រឹងថ្នាក់មត្តេយ្យដល់ថ្នាក់ទី១២។ ពង្រឹងលើអី? អម្បាញ់មិញឯកឧត្តម (ហង់ជួន ណារ៉ុន) និយាយ៤ចំណុចហើយ។ ខ្ញុំសូមបញ្ជាក់បន្ថែម៤ចំ​ណុចនេះ។ ទី១៖ ពង្រឹងអភិបាលកិច្ច បានន័យថាដឹកនាំគ្រប់គ្រងសាលា … ក្នុងនោះមានកិច្ចការ២ ដែល ទី១ គឺប្រព័ន្ធការងារ និងទី២គឺមនុស្ស។ ក្នុងចំណោមកិច្ចការ២នេះ មនុស្សគឺជាកត្តាសំខាន់។ យើងត្រូវយកចិត្តទុក​ដាក់លើកទឹកចិត្ត និងជួយគាត់ដើម្បីសម្រេចភារកិច្ច។ មនុស្សមាន២ តួអង្គធំ គឺនាយកសាលានិងលោកគ្រូ អ្នក​គ្រូ។ នាយកសាលាគឺជាអ្នកទទួលខុសត្រូវដឹកនាំគ្រប់គ្រងផ្ទាល់ ជាគម្រូនៅក្នុងសាលាសម្រាប់គ្រូនិង សិស្ស។

បើនាយកសាលាគ្រប់គ្រងល្អ មានវិន័យខ្លួនឯង ជាគម្រូ គ្រូក៏ទៅតាមហ្នឹង។ គ្រូជាគម្រូរបស់សិស្ស។ គម្រូតាមគ្នា។ មិនថាតែសាលាទេ គ្រប់ស្ថាប័នទាំងអស់ ប្រធានស្ថាប័នគឺជាគម្រូ។ គាត់គឺជាមជ្ឈមណ្ឌលនៃការសាមគ្គីផ្ទៃក្នុង។ នាយកសាលាដូចជាឪពុកស្ថាប័នអញ្ចឹង។ កូនទាំងអស់នៅជុំគ្នាដោយសារឪ-ម៉ែ។ សាលាបែកបាក់មួយផ្នែកតូចក៏ប្រហែលជាអាចមានធាតុផ្សំនៃប្រភេទដឹកនាំឬសមត្ថភាពដឹកនាំរបស់នាយកដែរ។ គាត់ជាអ្នកកំណត់គោលការណ៍ដែលជះឥទ្ធិពលដល់បរិស្ថានក្នុងសាលា ដែលវាកំណត់ថាលោក/អ្នកគ្រូ សប្បាយ​ចិត្តទៅបង្រៀនកូនសិស្ស។

ថ្ងៃមុនខ្ញុំសួរថា នៅសាលាហ្នឹង កត្តាស្អីខ្លះដែលលោក/អ្នកគ្រូចង់នៅកើត? កត្តាជីវភាពវារឿងមួយ តែកន្លែងខ្លះជួនកាលបរិស្ថាន។ កន្លែងខ្លះ គ្រូថ្មីអត់សូវមានគេយកចិត្តទុកដាក់។ (គាត់មានអារម្មណ៍)ដូចញែក … បើសិនជា​សាលាទាំងថ្មី/ចាស់រួមគ្នាអភិវឌ្ឍ(បង្កើតបាន)ជាបរិស្ថានគ្រួសារ (វាជាកត្តាកំណត់)សំខាន់ណាស់។ (បើ)បរិស្ថានសាលាដឹកនាំទៅ(បានរលូន)ភ្លឹង ឪពុក–ម្ដាយ សហគមន៍ក៏គាំទ្រដែរ។ (ដូចនេះ)នាយកសាលាជាអ្នកកំណត់។ ទោះ​បីជាលោក/អ្នកគ្រូ មានគំនិតល្អ សហគមន៍(មានសំណូមពរ)យ៉ាងម៉េច តែ(វាអាស្រ័យលើ)ប្រ​ធានស្ថាប័ន ព្រោះគាត់មានសិទ្ធសម្រេច។ នេះហើយ(ដែលថា)ការជ្រើសរើសនាយកសាលាសំខាន់ណាស់។

(១១) អនុវត្តវិមជ្ឈការក្នុងការរើសនាយកសាលា ពង្រឹងការផ្តល់សេវាអប់រំនៅមូលដ្ឋាន

ថ្ងៃមុន ខ្ញុំបានឱ្យឯកឧត្តម ស សុខា (ឧបនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីមហាផ្ទៃ) ភិភាក្សាជាមួយឯកឧត្តម ហង់ជួន ណារ៉ុន រឿងវិមជ្ឈការនៃការរើសនាយកសាលា។ យើងចង់បញ្ជាក់ពីសិទ្ធក្នុងការជ្រើសរើស(នាយកសាលា)ដល់(អភិបាល)ស្រុក។ យើងមិនដកសិទ្ធពីគាត់ទេ ប៉ុន្តែត្រូវមានយន្តការសម្រាប់គ្រប់គ្រង ព្រោះនាយកសាលានីមួយៗ ត្រូវអនុវត្តផែនការ​ពីថ្នាក់ជាតិលើកិច្ចការអប់រំនិងសុខាភិបាល។ នេះជាស្ដង់ដារនៃការអនុវត្ត។ បើសិនជាគាត់អាងឯករាជ្យក្នុងការស្វយ័តតែងតាំង គាត់(នាយកសាលា)ស្ដាប់តែចៅហ្វាយស្រុក។ ហើយចៅហ្វាយស្រុក២ អាណត្តិគាត់ប្ដូរម្ដង។ គាត់មិនមែនជំនាញខាងគ្រូ។ វាធ្វើអោយមានការពិបាក។ ថ្ងៃនេះមានអភិបាលខេត្តចូលរួមដែរ។ ត្រូវយកចិត្តទុកដាក់(អំពីការតែងតាំង)ប្រធានមណ្ឌលសុខភាពនិងនាយកសាលា ពិសេសនាយកសាលាថ្នាក់មត្តេយ្យនិងថ្នាក់មធ្យមសិក្សា។

អាណត្តិនេះគឺដំណាក់កាលពង្រឹង ជាជាងពង្រីក។ ពង្រឹងអ្វីដែលមានស្រាប់ ជាពិសេសផ្ដោតលើស្ថាប័នរដ្ឋ។ ពង្រឹងសេវាផ្ដោតទៅលើមូលដ្ឋាន។ នៅភ្នំពេញយើងមានហើយ។ អម្បាញ់មិញ ខ្ញុំបានឃើញលទ្ធផល។ ប៉ុន្តែត្រូវពង្រឹងទៅដល់មូលដ្ឋាន ទៅដល់ស្រុកឃុំ … ត្រូវគិតគូរ(អោយបានហ្មត់ចត់ពី)ការរើសនាយកសាលា ហើយលើកយោបល់ឱ្យខ្ញុំថាត្រូវធ្វើម៉េច។ បើយើងរើសមិនស្រួល យើងនឹងពិបាក។ យើងមានមនោសញ្ចេតនាជាមួយមនុស្សម្នាក់ ប៉ុន្តែយើងធ្វើខុសអំពីអនាគតមួយស្រុក។ តើយើងទទួលខុសត្រូវទេ? បើយើងរើសបាននាយកសាលាដែលល្អ គាត់បញ្ជាដឹកនាំ​សាមគ្គី ត្រូវតាមជំនាញ កូនចៅយើងរួមទាំងកូនចៅហ្វាយស្រុកដែលទៅរៀនគឺ(នឹងបានផល)ល្អ។ ត្រូវទេ។ នៅស្រុកគេ ម៉ែ-ឪសុខចិត្តបោះបង់ការងារចោលនៅកន្លែងល្អៗ ដើម្បីទៅនៅកន្លែងណាឃុំណា ដែលមានសាលាល្អ។ ពេលធ្វើម៉ែ-ឪ រឿងប្រយោជន៍ខ្លួនឯងមួយ តែរឿងគិតពីកូនគឺរឿងមួយ។ កូនត្រូវគិតពីមូលដ្ឋានរៀនសូត្រ។ បើសាលាហ្នឹងល្អ គេវេចបង្វិចពីស្រុកខេត្តផ្សេង មកសុំចុះឈ្មោះ(កូនៗអោយ)ចូលរៀន។ មែនទេលោកគ្រូ អ្នកគ្រូ? នេះហើយដែលយើងចង់បាន។

(១២) ពង្រឹង(គុណភាព)សាលា បណ្ដុះសមត្ថភាព ឥរិយាបទ គុណធម៌ សីលធម៌ វិន័យ និងសណ្ដាប់ធ្នាប់

ក្នុងមួយទៅពីរអាណត្តិនេះ មហិច្ចតារបស់ខ្ញុំគឺសាលារដ្ឋទាំងអស់ … (តាំងពី)ថ្នាក់បឋម ក្លាយទៅជាសាលាល្អ (ដែលមានគុណភាព)ទទួលបាននៅមូលដ្ឋាន។ យើងពង្រឹងអ្វីដែលមានស្រាប់ជាជាងពង្រីក យោងតាមលទ្ធភាពជាក់ស្ដែង។ ខ្ញុំសួរឪពុក-ម្ដាយ នៅតាមខេត្ត “បើមានសាលាមួយនៅជាប់ផ្ទះអ៊ំ តែអត់សូវម៉ោងរៀនគ្រប់គ្រាន់ដោយសារខ្វះគ្រូ ហើយមានសាលាមួយទៀតដែលបង្រៀនល្អក្នុងចំងាយ ១០គីឡូ អ៊ំត្រូវដឹកទៅរៀន តើអ៊ំយកមួយណា? គាត់ថាសុខចិត្តដឹកកូនទៅរៀន។ គាត់សុខចិត្តវិនិយោគដើម្បីឱ្យកូនគាត់រៀន។ យើងត្រូវពង្រឹង(គុណភាព)គ្រប់សាលាទាំងអស់ ជាពិសេសសាលារដ្ឋឱ្យខ្លាំងឱ្យរឹងមាំ ដើម្បីជាមូលដ្ឋានសម្រាប់បណ្ដុះទាំងសមត្ថភាព ឥរិយាបទ គុណធម៌ សីលធម៌ វិន័យ និងសណ្ដាប់ធ្នាប់។

ករណីសាលា២ (ដែល)សាលាមួយ ចូលទៅរៀនចេះគោរព ចេះសំពះឪពុក-ម្ដាយ និងសាលាមួយទៀតអត់ទាន់បានធ្វើ។ រឿងបន្ដិចៗនេះ។ សាលាមួយកូនព្រឹករៀន ល្ងាចគាត់សល់ពេល(មិនទៅសាលា)។ ឪពុក-ម្ដាយលំបាក។ អម្បាញ់មិញខ្ញុំសួរក្មួយៗ … សាលានឹងរៀនច្រើនជាងគេ។ ក្មួយៗអត់ធុញទេឬ?។ ពួកម៉ាករៀនតែមួយព្រឹក សល់ពេលដើរលេង។ ក្មួយចង់បានទេ? (គាត់ថា)អត់ទេ។ ចង់រៀនបានច្រើនព្រោះគាត់សប្បាយ អាចយកចំណេះពីការរៀនទៅធ្វើជាក់ស្ដែង … ហើយចំណេះនេះជាទិសដៅដែលយើង(កំពុងតែប្រឹងប្រែង)ធ្វើ (គ្រាន់)តែក្នុងកាលៈទេសៈ(នេះ)ថវិកាមានកំណត់ …។

(១៣) អភិវឌ្ឍរបៀបអ្នកក្រ ប្រើឲ្យអស់លទ្ធភាព ដែលយើងមានជាជាងធ្វើអីបន្ដិចទៅរកមកទិញ

កុំចាំទាល់តែយើងមានលទ្ធភាពទៅបង្កើតសាលាជំនាន់ថ្មីទូទាំងប្រទេស។ មិនដឹងពេលណាទេ។ ទាមទារការ​វិនិយោគធ្ងន់។ អ្វីដែលមានស្រាប់ច្នៃប្រឌិតធ្វើ។ មុនបោះឆ្នោត ខ្ញុំបានឲ្យចុះសិក្សា ៥៥ សាលាទូទាំង​ប្រ​ទេស។ សាលាខ្លះលោកគ្រូច្នៃប្រឌិតដោយមិនចាំបាច់ប្រើថវិកាមួយរៀល ដោយមានការចូលរួមពីគ្រួសារសិស្ស​​ទៀត។ អភិវឌ្ឍរបៀបអ្នកក្រ។ ប្រើឲ្យអស់លទ្ធភាពដែលយើងមាន ជាជាងធ្វើអីបន្ដិចទៅរកទិញ។​ ដូច្នឹង (ដើម្បីបាន)​នាយកសា​លា(ល្អ)​ ត្រូវយកចិត្តទុកដាក់ក្នុងការរើស ការបណ្ដុះបណ្ដាល ការតម្រង់ទិស។ ជួនកាល បេក្ខជននាយកសាលាមានលក្ខណៈសម្បត្ដិគ្រប់គ្រាន់ ប៉ុន្ដែគាត់ធ្លាប់ធ្វើតែជាគ្រូ មិនធា្លប់ធ្វើជានាយក។ នាយក​ត្រូវធ្វើការគ្រប់គ្រងជាងបង្រៀនបច្ចេកទេស។ អញ្ចឹងត្រូវមានការប្រកួតប្រជែង។​ កន្លងទៅក្នុងយន្ដការថ្មី គណៈកម្មាការថ្មីដែលរៀបចំនេះ ខ្ញុំបានរៀបចំក្រុមបច្ចេកទេសមួយ ដែលយកអតីតនាយកសាលាធ្លាប់ដឹកនាំសាលាល្អៗ មកធ្វើ Coaching Team … យើងនឹងអនុវត្ដនៅសាលាមួយចំនួន …​។

(១៤) គំលាតខួរក្បាលងាយនឹងបន្ថយជាងគំលាតហេដ្ឋារចនាសម្ព័ន្ធ … គិតពីពានរង្វាន់ជាក្រុម

នៅខាងក្រោម ខ្ញុំសួរក្មេងៗ យើងធ្វើប៉ាណូអេឡិចត្រូនិច ធ្វើអីបាន។ ចាប់ផ្ដើមដំបូងគឺយើង​ខ្ចី​គ្រូពីអង់គ្លេសពីអីមកបង្រៀនយើង។ ក្នុងពេលជាមួយគ្នាគាត់បង្រៀន Trainer យើងចេះ។ យើងយកមកអនុវត្តខ្លួនឯង​(បន្ដ)។ សម័យនេះ កុំចាំបាច់រៀនជិះកង់ បើដើរហើយរៀនជិះម៉ូតូតែម្ដង ព្រោះគេធ្វើម៉ូតូឲ្យហើយ។ យើងលោតទៅ។ (បន្ថយ)គំលាតខួរក្បាល ងាយស្រួលជាងគំលាតហេដ្ឋារចនាសម្ព័ន្ធ … កូនខ្មែរដែលកើតនៅចុងកាត់មាត់ញក នៅរតនគិរីមិនប្រាកដថាចាញ់កូនខ្មែរដែលកើតនៅរាជធានីភ្នំពេញទេ (ប្រសិន)បើឲ្យឱកាសដូចគ្នា ដាក់នៅថ្នាក់ជាមួយគ្នា។ មិន​ប្រាកដថាកូនខ្មែរចាញ់កូនអាមេរិកកាំង កូនសិង្ហបុរីទេ។ យើងចេញទៅប្រកួតបានមេ​ដាយមាស ឲ្យតែមានលទ្ធភាពនិងឱកាស។

ភារកិច្ចរបស់រាជរដ្ឋាភិបាលត្រូវបង្កើតឱកាសនិងធ្វើការតម្រង់ទិសឲ្យចំ។ សិស្សក៏អញ្ចឹង គ្រូក៏អញ្ចឹង។ ដើម្បីឲ្យគាត់ចេះដឹកនាំសាលា យើងយកបទពិសោធន៍សាលាជោគជ័យមកចែករំលែក ហើយមាន​ក្រុមគ្រូដែលបង្រៀនគាត់។ គាត់មានឆន្ទៈចង់ធ្វើ ប៉ុន្ដែជួនកាលការចែករំលែក(មិនមាន)។ យើងយករូបមន្ដ​ហ្នឹងជួយគាត់។ ខ្ញុំស្នើសុំបន្ដពង្រីកការគិតគូរពីការលើកទឹកចិត្តដល់នាយកសាលា ដឹកនាំការប្រកួតប្រជែង ប្រលងប្រណាំង … យើងគិតពី Team Award។ រឿងអំណោយ រង្វាន់ជារឿងមួយ ប៉ុន្ដែអ្វី(ដែលសំខាន់បំផុត)គឺការទទួលស្គាល់ការខិតខំប្រឹងប្រែង។ ហ្នឹងជាតំលៃធំជាងទំហំថវិកា​។ រឿងមេដាយមិនចាំបាច់ទាល់តែ​ជាតូបការ ទើបមានតំលៃទេ។ មេដាយអ្វីក៏ដោយដែលកើតពីការខិតខំប្រឹងប្រែង យើងត្រូវទទួលស្គាល់។ កម្រិតខុសគ្នា ប៉ុន្ដែតំលៃនៃការទទួលស្គាល់នូវការខិតខំប្រឹងប្រែងមានសារៈសំខាន់ណាស់ ដើម្បី​លើកទឹក​ចិត្តដល់អ្នកដែលបានខិតខំ​ហើយបន្ដជំរុញបន្ដទៅទៀត …. ខ្ញុំនិយាយពីលោកគ្រូអ្នកគ្រូ នាយកសាលា ខ្ញុំនិយាយពីគណៈគ្រប់គ្រប់សាលាទាំងមូលមានគណៈនាយក និងនាយករងមានអី ខ្ញុំនិយាយអញ្ចឹងចុះ ប៉ុន្ដែតួអង្គសំខាន់គឺនាយកសាលា ដែលជាអ្នកកំណត់។

(១៥) លោកគ្រូ អ្នកគ្រូ ជាកត្ដាទី២ ឬជាសសរស្ដម្ភក្នុងការកែទំរង់សាលាឆ្ពោះទៅរកឧត្តមភាព

ទី២ លោកគ្រូអ្នកគ្រូ ដែលប្រធានបទថ្ងៃនេះដាក់ថាគ្រូបង្រៀនជាសសរស្ដម្ភនៃការកែទំរង់សាលាឆ្ពោះទៅរកឧត្តមភាព។ លោកគ្រូអ្នកគ្រូជាតួអង្គសំខាន់ដែលជាអ្នកអនុវត្ដផ្ទាល់ក្នុងការអប់រំ និងកំណត់គុណភាពអប់រំដល់សិស្ស។​ គុណភាព គុណវុឌ្ឍ សមត្ថភាព របស់លោកគ្រូ អ្នកគ្រូ គឺយើងធានាឲ្យបានទាំងចំណេះដឹង គុណធម៌ សីលធម៌ ជាគំរូដល់សិស្ស។ ខ្ញុំថាលោកគ្រូអ្នកគ្រូដែលចាប់អាជីពជាលោកគ្រូ អ្នកគ្រូជាគ្រូបង្រៀន … ចង់បានផលមួយដែលអ្នកផ្សេងគេធ្វើមិនបាន នោះគឺការកសាងអនាគតមនុស្ស។ ខាងវិនិយោគ អាជីវករ ពង្រីកជាមូលធន បង្កើតការងារ ប៉ុន្ដែលោកគ្រូអ្នកគ្រូ ចូលរួមបណ្ដុះបណ្ដាលក្មេងតូចៗ ឲ្យធំឡើងបានជោគជ័យ។ លោកគ្រូអ្នកគ្រូ មិនដែលទាមទារ(ថា) សិស្សតែ​រៀនពូកែត្រូវចុះកុងត្រា ថ្ងៃក្រោយក្លាយជាអ្វី ឲ្យគ្រូប៉ុន្មានឯណា …។

តម្លៃដែលលោកគ្រូ អ្នកគ្រូ ផ្ដល់ឲ្យ ជាគំរូដល់សិស្ស។ អញ្ចឹងទាមទារនូវការធានាទាំងចំណេះដឹង គុណធម៌ សីលធម៌ ដែលជាគំរូ ទី១ តាមរយៈការជ្រើសរើសឲ្យបានហ្មត់ចត់ ឲ្យមានការប្រលងជ្រើសរើស។ ទី ២ ការបណ្ដុះបណ្ដាល។ គ្រូខុសពី​បមមន្ដ្រីនៅក្រសួងស្ថាប័នផ្សេង។ គ្រូយើងប្រលងជាប់ អត់ចូលទៅជាកម្មសិក្សាការីទេ អត់ទាន់ជាមន្ដ្រីមួយឆ្នាំហើយតាំងស៊ប់ទេ។ គាត់ត្រូវរៀនសិន។ ឯកឧត្តម ហង្ស ជួនណារ៉ុន បានបញ្ជាក់​ហើយ តាំងពី ៥បូកប៉ុន្មាន តាំងពីដំណាក់កាលនៃការអត់មាន។ យើងចេះតែច្នៃ។ ពីដំបូងឡើយអ្នកចេះបង្រៀនអ្នកអត់ចេះ។ សល់ពី ប៉ុលពត សល់អី។ ខ្ញុំឧស្សាហ៍លើកពីរឿងអនក្ខរកម្ម។ ប្រពន្ធទៅស៊ីញ៉ូប្តីពេលរៀន។ គ្រូសរសេរធ្មេញ ទៅចេញស្ញេញ។ ពីមុនអត់មានឱកាសរៀន ហើយពេលក្រោយយើងចាប់ផ្តើម តែ កាលនេះ មនុស្សចាស់អត់បានរៀនតាំងពីតូច … យើងរុញសាលាទៅដល់ភូមិឃុំ ព្រោះយ៉ាងហោចណាស់ក៏បានរៀនច្រើនដែរ តែយើងនៅមានមួយចំនួនដែលយើងត្រូវបន្តរុញបន្តទៀត។

អញ្ចឹងការបណ្តុះបណ្តាលគ្រូវែងជាងគេ … ថ្ងៃនេះមានលោកគ្រូគរុសិស្សមកទេ? អត់មានទេ … ឥឡូវបើយើងគិតពីគោលការណ៍ឧបត្ថម្ភជីវភាពរស់នៅ ពេលដែលយើងប្រឡងជាប់ចូលមកជាគរុសិស្ស។ អញ្ចឹងយើងអត់គិតពីប្រាក់បៀវត្សរ៍ទេ។ ជាមន្ត្រីរាជការ ពីមុនយើងបានប៉ុន្មានភាគរយ។ ឥឡូវចូលក្នុងដំណាក់កាលកម្មសិក្សាការីបាន ១០០%។ ចប់តាំងស៊ប់អញ្ចឹងទៅ។ សម្រាប់គ្រូគរុសិស្សនេះ ពីគាត់ ១២ បូក ២ និង ១២ បូក​ប៉ុន្មាន កាលមុនយើងមានប្រាក់ឧបត្ថម្ភដូច ៤ ម៉ឺនរៀល។ ក្រោយមកឡើង ៨ ម៉ឺនរៀល។ រាជរដ្ឋាភិបាលកាលសម្តេចតេជោ បានកែសម្រួលជាប្រចាំ … អញ្ចឹងដល់ឆ្នាំ ២០២៣ យើងយកបៀវត្សរ៍មូលដ្ឋានរបស់មន្ត្រីរាជការតាមកាំ គុណនឹង ៧០%។ ខ្ញុំឲ្យឆែកល្ងាចមិញ។ និស្សិត គរុនិស្សិតដែលរៀនវិទ្យាស្ថានកម្រិតឧត្តម យើងបាន ៧០% នៃបៀវត្សរ៍មូលដ្ឋានស្មើនឹង ៨៦ ម៉ឺនជាង គុណទៅបាន ៦០ ម៉ឺនជាង អនុវត្តពីឆ្នាំទៅ។ គ្រូមត្តេយ្យ គ្រូបឋម យកបៀវត្សរ៍មន្ត្រីរាជការ ៦៦ ម៉ឺន គុណនឹង ៨០% បាន ៥៣ ម៉ឺន។ អញ្ចឹងយើងកើនពី ៤ ម៉ឺន ទៅ ៨ ម៉ឺន ទៅ ៥០ ម៉ឺន ហើយខ្ញុំគិតថាការពង្រឹងនេះ ត្រូវគិតគូរពីការវិនិយោគទៅលើមនុស្ស។

ល្ងាចមិញ គិតជាមួយខាងហិរញ្ញវត្ថុទៅ សម្រាប់លោកគ្រូអ្នកគ្រូ ដែលប្រឡងជាប់ជាគរុសិស្ស យើងមិនយកបៀវត្សរ៍មូលដ្ឋាន(មកគិតទៀតទេ)។ យើងយកបៀវត្សរ៍សរុបគុណនឹង ៧០% តែម្តង។ អញ្ចឹង កាលមុនថា បាន​តែ ៤ម៉ឺន ឬ ៨ម៉ឺន ឥឡូវគរុសិស្សកាំ “ក” ដែលកាលពីឆ្នាំ ២០២៣ បាន ៦០៣ ០០០ រៀល … ឥឡូវនឹងឡើងទៅ ១លាន ១សែន ៧ម៉ឺនជាង។ គរុសិស្សកាំ “ខ” ដែលចេញពីគរុកោសល្យភូមិភាគ ក្លាយជាគ្រូបង្រៀនមូលដ្ឋាននោះ បាន ៥៦២,០០០ រៀល​កាលពីឆ្នាំទៅ ឥឡូវបាន ១លាន ១សែនជាង។ គ្រូកម្រិត “គ” កាលមុនបាន ៦៦ម៉ឺន … បាន ៥៣ម៉ឺនក្នុងមួយខែ ឥឡូវបាន ៩៨ម៉ឺន ជិត ១លានដែរ។ ហ្នឹងមិនមែនជាបៀវត្សរ៍ទេ ជាអាហារូបករណ៍។ យើងវិនិយោគទៅលើមនុស្ស ដោយចាប់ផ្តើមពីគ្រូដែលត្រូវប្រឡងចូលតែម្តង …។

យើងនឹងបន្ត(កែសម្រួលទៅ)តាមកម្រិតថវិកាដែលយើងមាន។ ទោះបីយើងលំបាក តែយើងត្រូវតែគិតគូរទៅលើរឿងនេះ។ យើងគិតគូរតាំងពីមុនគាត់ចូល(ទៅបម្រើការ)។ មន្ត្រីរាជការយើង ពីមុនពេលដែលចូលឆ្នាំជាកម្មសិក្សាការីអត់បាន ១០០%ទេ។ ឥឡូវរាជរដ្ឋាភិបាលបានកែកាលពីអាណត្តិមុននេះបាន ១០០% តែម្តង។ អញ្ចឹងពេលដែលជាប់ចូលទៅមួយឆ្នាំដំបូង មុននឹងទៅតាំងស៊ប់ គឺគាត់បាន ១០០% អត្ថប្រយោជន៍ ប.ស.ស ពេញតែម្តង។ អញ្ចឹងគឺជាការវិវត្តន៍ជាជំហានសម្រាប់យើងទាំងអស់គ្នា … អញ្ចឹងសម្រាប់លោកគ្រូ អ្នកគ្រូ ដែលនៅបណ្តុះបណ្តាលជាគរុសិស្សនោះ យើងបានតម្លើងប៉ុណ្ណឹង។

(១៦) អភិវឌ្ឍសមត្ថភាពគ្រូជាប្រចាំ … កុំខ្លាចវិនិយោគលើមនុស្ស

(ទី៣) ត្រូវមានការអភិវឌ្ឍសមត្ថភាពគ្រូជាប្រចាំ។ សិស្សធ្វើការស្រាវជ្រាវហើយ តែគ្រូត្រូវធ្វើការស្រាវជ្រាវដែរ … ហើយ ត្រូវគិតគូរដល់ម៉ោងស្រាវជ្រាវ ម៉ោងសរសេរចងក្រងជូនគាត់ដើម្បីជួយគ្នាបន្ថែម។ កុំខ្លាចវិនិយោគទៅលើការ​ងារបង្កើតលទ្ធផលបែបនេះ។ កុំខ្លាចវិនិយោគលើមនុស្សដើម្បីបង្កើតលទ្ធផលការងារសម្រាប់ប្រទេសជាតិ។ ខ្ញុំសប្បាយចិត្ត ដែលអម្បាញ់មិញថាមួយឆ្នាំនេះស្រាវជ្រាវ ចងក្រងសៀវភៅបានជាង ១ពាន់។ កាលខ្ញុំរៀននៅក្រៅប្រទេស ពេលដែលចង់សរសេរពីស្រុកខ្មែរ ទៅមើលមួយបណ្ណាល័យហ្នឹងទៅមើល សុទ្ធតែសៀវភៅស្រាវ​ជ្រាវដោយអ្នកស្រាវជ្រាវបរទេស។ អត់មានសៀវភៅខ្មែរទេ។ កាលនោះ យើងសង្គ្រាមផងអីផង … ខ្មែររៀនប្រ​វត្តិសាស្ត្រខ្មែរពីជនបរទេស ខ្មែរទៅរៀនស្ថានភាពស្រុកទេសខ្មែរពីអ្នកផ្សេងដែលនៅរាប់ពាន់គីឡូ …

ថ្ងៃមុនឯកឧត្តម វង់ សណ្តាប់ បានរៀបចំរឿងស្រាវជ្រាវ(ផ្ញើមក តែខ្ញុំ)មិនទាន់បានជួបលោកគ្រូផង។ គាត់សរសេរមកពីការ​ពង្រឹងរឿងស្រាវជ្រាវវប្បធម៌។ ហ្នឹងសំខាន់។ ប្រវត្តិសាស្ត្ររបស់យើងចងក្រងឲ្យច្បាស់។ ប្រវត្តិសាស្ត្រ វាអាស្រ័យទៅលើឯកសារ។ មែនទេ? ពីដើម ជំនាន់ចិន គេថា អ្នកឈ្នះសរសេរប្រវត្តិសាស្ត្រ។ រជ្ជ​កាលមួយឡើង ដុតឯកសារពីរជ្ជកាលមួយចោល។ ប្រវត្តិសាស្ត្រខ្មែរយើងតាំងពីសតវត្សរ៍ទី១ ត្រូវចងក្រងទុកឲ្យ​កូនសិស្ស ព្រោះអ្នកផ្សេងគេសរសេរប្រវត្តិសាស្ត្រគេ អាចពាក់ព័ន្ធជាមួយយើង។ ប៉ុន្តែយើងត្រូវសរសេរឲ្យច្បាស់។ ក្រៅពីនោះ ការស្រាវជ្រាវថ្មី ចងក្រងថ្មី វិទ្យាសាស្ត្រ ចងក្រងគ្រប់មុខទាំងអស់ ជាចំណែកដែលយើងចង់បាន។ បង្កើតវប្បធម៌អាន។ យើងមានក្មេងៗច្រើនណាស់។ កាលមុន ជំនាន់ខ្ញុំអត់សៀវភៅ។ យើងទន្ទេញមេរៀន យើងកត់ពីគ្រូ។ ឥឡូវមានហើយ វប្បធម៌អាន សរសេរ ចងក្រង។ ខ្ញុំសូមអរគុណណាស់ ហើយការស្រាវ​ជ្រាវបន្ថែមរបស់លោកគ្រូ អ្នកគ្រូ ត្រូវមានការលើកទឹកចិត្ត។

(១៧) គោលនយោបាយលើកទឹកចិត្តនិងធានាជីវភាពរស់នៅ ដើម្បីពង្រាយគ្រូធានាគុណភាពអប់រំ

ទី៤ ការពង្រាយគ្រូជាកិច្ចការសំខាន់សម្រាប់ការធានានូវគុណភាពអប់រំ។ ការពង្រាយនេះ យើងត្រូវគិតអំពីគោលនយោបាយលើកទឹកចិត្ត ដើម្បីធានាជីវភាពរស់នៅ និងការជំរុញលើកទឹកចិត្តគ្រូ … ជួនកាលមិនគិតតែរឿងបៀវត្សរ៍ទេ ត្រូវគិតពីកិច្ចការផ្សេងៗ ដូចគន្លងអាជីពអីផ្សេងៗ … តើយើងខ្វះគ្រូឬមួយយើងមានគ្រូ? នៅដំ​ណាក់​កាល ២០២៤-២០២៥ នេះ ខ្ញុំបានឲ្យគោលការណ៍ទៅមុខងារសាធារណៈហើយ។ វាយតម្លៃឲ្យខ្ញុំឡើងវិញ កុំយកការរើសមន្ត្រីផ្អែកលើផែនការឆ្នាំចាស់។ ដល់ពេលដែលយើងផ្អាកបន្តិច វាយតម្លៃឡើងវិញ ពង្រឹងស្ថាប័ន មើលតួនាទី រចនាសម្ព័ន្ធ ហើយពិនិត្យមើលក្របខណ្ឌ តើមានខ្វះឬលើស ចាំគិតពីការសុំមន្ត្រីថែម។ សន្សំថវិកា ជាជាងរើសមន្ត្រីថ្មី។ យកថវិកានេះ មកបង្កើតការលើកទឹកចិត្តអ្នកដែលមានស្រាប់។

បើលោកគ្រូម្នាក់គាត់ចូលតាំងស៊ប់ ត្រូវចំណាយប្រាក់បៀវត្សរ៍ ១លាន ៦សែន ហើយគ្រូយើងនៅមាន តើយើងយកថវិកាហ្នឹង កម្រិតណាមួយឲ្យសមរម្យដើម្បីពង្រាយគ្រូដែលមានស្រាប់ … ដែលគាត់អាចធានានូវលំនឹងជីវិត មិនបាច់បង្រៀនគួរបន្ថែម … បន្ថែមម៉ោងឲ្យគាត់ ដើម្បីបង្កើន(កម្រៃ)។ ខ្ញុំនឹងនិយាយពីរឿងក្រៅម៉ោង។

យើងធ្វើការពង្រឹងមន្ត្រីដូចគ្នា។ ក្នុងកំណែទម្រង់មន្ត្រី ទី១ ការយកចូល (ត្រូវឆ្លង)ការប្រឡងឱ្យសុក្រឹត្យ។ ទី២ មើលផ្ទៃក្នុង … ប្រើឱ្យអស់លទ្ធភាពអ្វីដែលយើងមានស្រាប់ ហើយលុយដែលយើងសន្សំយកបង្កើន ចំណុច ទី៣ គឺការលើកទឹកចិត្តឱ្យចំគោលដៅដើម្បីបង្កើនជីវភាពអ្នកដែលមានស្រាប់នៅក្នុងដៃរបស់យើង។ បង្កើនទៅលើការចំណាយទៅលើកម្មវិធីអីដែលចាំបាច់ដើម្បីបង្កើនគោលដៅរបស់យើងនេះដំណាក់កាលពង្រឹង។

រឿងមុខងារសាធារណៈចាំខ្ញុំនិយាយក្រោយ។ តែដូចគ្នាទេ។ គ្រូក៏ស្រដៀងគ្នាដែរ។ សូមឱ្យក្រសួងអប់រំធ្វើការវិភាគ តើមានគ្រូគ្រប់ឬនៅ? ឧទាហរណ៍៖ មុខវិជ្ជាគណិតវិទ្យាមានគ្រូច្រើនឬនៅ? យើងរកវិធីលើកទឹកចិត្តគាត់យ៉ាងម៉េច? … ជួនកាលគ្រូច្រើន ម៉ោងបង្រៀនតិច។ បើគ្រូច្រើនអញ្ចឹង ដើម្បីឱ្យបានរៀន ចែកគ្នាម្នាក់បន្តិច ព្រោះ​សិស្សមានតែប៉ុណ្ណឹង។ តែបើគ្រូមានចំនួនល្មមគាត់អាចរៀនច្រើន។ គាត់ធ្វើ Research ដូចតែគ្នាដែរ។ គ្រូអាចបង្រៀនមួយអាទិត្យចូលថា ២០ម៉ោង ថា ១០ម៉ោងចុះ។ ឥឡូវគាត់បង្រៀនបានតែ ៥ម៉ោង ដោយសារគ្រូច្រើន … យើងនឹងរៀបចំគោលនយោបាយ និងការលើកទឹកចិត្តបែបណាដើម្បីយើងផ្តល់អាទិភាព … មិនគួរគិតត្រឹមតែរឿងកញ្ចប់ថវិកាទេ។

ត្រូវគិតតាំងពីការរស់នៅ នៅទីកន្លែងដែលគាត់ទៅ … តើអាចបូកក្រេដីឌគាត់សម្រាប់ថ្ងៃក្រោយ ក្នុងការចាត់តាំងតែងតាំងយ៉ាងណា? … ខ្ញុំសុំឱ្យគិតគូរឿងហ្នឹងឡើង។ បើមិនអញ្ចឹងទេស្ថានភាពលើសនិងខ្វះគឺនៅដដែល។ មូលដ្ឋានគ្រឹះគឺដោះឱ្យចំបញ្ហា។ ឧទាហរណ៍៖ ប្រាក់តំបន់។ ពីមុនវាងាយស្រួលក្នុងការអនុវត្តដោយសារកន្លែងជនបទដាច់ស្រយាល ហើយក្រុងវាដាច់គ្នា អត់ផ្លូវ។ ឥឡូវសុទ្ធតែផ្លូវកៅស៊ូ។ យើងត្រូវគិតក្របខណ្ឌឡើងវិញ ដើម្បីឱ្យមានយុត្តិធម៌ … ជួនកាលស្រុកជិតគ្នាសួរថា ម៉េចបានកន្លែងនេះបាន? ពីដើមយើងផ្សេង ឥឡូវយើងវាយតម្លៃឡើងវិញ។ មិនចាំបាច់ថាដោយសារឆ្នាំទៅយើងអញ្ចឹង រឿងមន្ត្រីខ្ញុំបានប្រាប់មុខងារសាធារណៈ កុំឱ្យថាឆ្នាំទៅរើស ៣០០០នាក់ ឆ្នាំហ្នឹងត្រូវតែតាមផែនការ។

(១៨) ពិនិត្យមើលក្របខ័ណ្ឌអាទិភាព យកជំនួយមកឱ្យចំតម្រូវការ ជាជាងអោយអីយកហ្នឹង

រឿងនេះ ថ្ងៃមុន នៅក្រសួងការពារជាតិ ខ្ញុំបានប្រាប់ទៅ ឯកឧត្តម ទៀ សីហា (ឧបនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីការពារជាតិ) ឯកឧត្តមអគ្គបញ្ជាការ ដែលរាល់ថ្ងៃយើងមាននាយទាហានច្រើនជាងពលទាហាន ដោយសារ សង្គ្រាម យើងចេះតែកើនទៅ … ផែនការបណ្តុះបណ្តាលប្រចាំឆ្នាំ យើងបណ្តុះបណ្តាលនាយទាហានទាំងអស់ អត់មានផែនការពលទាហានទេ។ អញ្ចឹងចង់ ៣០ឆ្នាំទៀត ក៏អត់មាន។ ត្រូវគិតឡើងវិញ ហើយកន្លែងខ្លះថា មកពីប្រទេសមិត្តឱ្យអាហារូបករណ៍មក ៩០នាក់ ១០០នាក់។ យើងខ្លាចបាត់(អាហារូបករណ៍)។ អត់ទេ។ ត្រូវគិតឡើងវិញថា បើសិននាយទាហានខ្ពស់ជាងពលទាហានហើយ ត្រូវហ៊ានអាកាត់ … ឆ្នាំនេះកាត់ចំនួននាយទាហាន យកថវិកាទៅរើសពលទាហានវិញ ឱ្យវាស៊ីសង្វាក់តាមស្ថានភាពជាក់ស្តែង។

កុំខ្លាចភាគីមិត្តគេកាត់ជំនួយ។ បើគេឱ្យអាហារូបករណ៍តែ ៤ឆ្នាំ តែយើងយកមកបន្ទុក ៤០ឆ្នាំ យើងយកមកធ្វើអី? នាយទាហានរៀនមកទៅណា? បើមានគាត់ច្រើនពេកយើងតែងតាំងអត់កើត ព្រោះទាហានគឺតាមស័ក្តិ។ វាមានប្រអប់។ បើសុទ្ធតែនាយទាហានចេញមកស័ក្តិ ១ … ស័ក្តិ ១ ត្រូវកាន់ទ័ពប៉ុន្មាន? … ពីមុនយើងធ្វើតាមផែនការ តែដល់ពេលមួយយើងត្រូវអង្គុយមួយភ្លែតសិន។ ផែនការឆ្នាំចាស់ ផែនការមនុស្សសរសេរទេ។ បើថាភាគីមិត្តឱ្យមក យើងក៏មានសិទ្ធប្រាប់ទៅវិញថា ឥឡូវខ្ញុំអរគុណភាគីមិត្ត តែឥឡូវសុំឱ្យមិត្តជួយបង្វែរមកបណ្តុះបណ្តាលពលទាហាន។ ជំនួយក៏ដូចគ្នាដែរ។ តាមក្រសួងស្ថាប័ន ខ្ញុំឱ្យរដ្ឋមន្ត្រីទាំងអស់គិតគូមើលក្របខ័ណ្ឌអា​ទិភាពរបស់យើង ចាំយកជំនួយមកដាក់ឱ្យចំ ជាជាងគេជួយអីយកហ្នឹង។ យូរៗយើងអត់សហការគ្នា។ ឧទាហរណ៍ថាគេជួយប្រឡាយទឹក។ គេចង់ដាក់នៅខេត្តមួយ តែខេត្តហ្នឹងយើងអត់(ត្រូវការ)។ យើងចង់រុញទៅខេត្តមួយទៀត ដែលវាស៊ីជាមួយ Master plan របស់យើង។ យើងរុញទៅនោះ។ ចរចាគ្នាទៅ …។

ខ្ញុំធ្លាប់ធ្វើការនៅធនាគារពិភពលោក … ៨ខែ។ ធនាគារពិភពលោកលើកគម្រោងផ្អែកលើ Consultants មួយពីរ។ ខ្ញុំសួរ ប៉ុន្មានឆ្នាំចុះមកម្តង។ មួយឆ្នាំគាត់ចុះមក ៣ដង។ គាត់មើលក្រដាសហើយវិនិច្ឆ័យ។ មិនមែនថាគេអត់មានមនុស្សនៅលើដីទេ ប៉ុន្តែគេមានផែនការ។ ជួនកាលដោយសារយើងអត់ម្ចាស់ការ យើងអត់ហ៊ាននិ​យាយបានគេចេះតែរុញមក។ ត្រូវមានការតវ៉ា … ពេលខ្លះ គ្រប់ក្រសួងស្ថាប័នទាំងអស់ត្រូវធ្វើ Review ឡើងវិញ ត្រូវពិនិត្យគម្រោងទាំងអស់ ទាំងរើសមន្ត្រីទាំងអី ដើម្បីឱ្យស្រប។ វាអត់ពិបាកទេ នៅពេលដែលយើងដើរទៅមុខរហូត ឈប់ប្រហែលជាកន្លះម៉ោងដើម្បីមើលខ្លួន Check សុខភាពខ្លួនឯង មុននឹងដើរទៅទៀត …។

(១៩) បន្ថយល្បឿនវិនិយោគលើហេដ្ឋារចនាសម័្ពន្ធ ងាកមកវិនិយោគលើមនុស្សក្នុងវិស័យអប់រំ

ត្រឡប់មកវិស័យអប់រំវិញក៏ដូចគ្នា។ ការពង្រាយគ្រូឆ្នាំនេះយើងរើស ៣០០០នាក់។ ផែនការរើសមន្ត្រីឆ្នាំ ២០២៣ ខ្ញុំអត់លុបទេ គ្រាន់តែពន្យឺតបន្តិច … សម្រាប់ក្រសួងស្ថាប័នមួយចំនួន យើងដាក់យន្តការថ្មី។ ឥឡូវឱ្យរើសមន្ត្រីកសិកម្មប្រឡងអីហើយ។ ក្រសួងមុខងារសាធារណៈអ្នកចេញ ក្រសួងអប់រំថ្ងៃមុនចេញមក … ខ្ញុំចេញគោលការណ៍នោះទៅ ចំពេលប្រឡងមួយក៏ឱ្យប្រឡងទៅចុះ។ ក្រសួងអប់រំបានដឹកនាំធ្វើការល្អ ហើយយើងនៅមានប្រឡងថែមទៀត។ អញ្ចឹងទៅលើការរើសមន្ត្រី ការឧបត្ថម្ភមន្ត្រី លោកគ្រូ អ្នកគ្រូ យើងត្រូវលើកទឹកចិត្ត … យើងត្រូវដាក់លោកគ្រូ អ្នកគ្រូ អោយចំគោលដៅ យើងពឹងគាត់ដើម្បីជួយបណ្តុះបណ្តាលធនធានមនុស្ស។ ខ្ញុំគិតថាការវិនិយោគលើលោកគ្រូ អ្នកគ្រូ(ជាការមានអត្ថប្រយោជន៍)។

ពេលខ្លះមានលុយតែប៉ុណ្ណឹង ហើយលោកគ្រូចង់បានអគារ ៣ជាន់។ ខ្ញុំសុំថា លោកគ្រូកុំអាលយក ៣ជាន់អី ដោះស្រាយមួយជាន់សិន។ លុយដែលសន្សំនេះយកទៅវិនិយោគទៅលើការបង្កើនម៉ោងបង្រៀន ឧបត្ថម្ភគ្រូ សុំលោកគ្រូយោគយល់ផង … ខ្ញុំចង់ឱ្យវិនិយោគទៅលើមនុស្សច្រើនជាង។ សាលារៀនមានអគារ ៣ជាន់ តែអត់មានម៉ោង អត់មានគ្រូល្អ យើងពិបាកអប់រំ។ តែបើមានគ្រូល្អ មានកម្មវិធីដែលយើងអាចលើកទឹកចិត្តគាត់គ្រប់គ្រាន់ យើងបង្រៀននៅក្នុងកន្លែងណាមួយក៏ទៅរួចដែរ។ ពីដើម ខ្ញុំចាំកាលពីឆ្នាំ ១៩៧៩ ឆ្នាំ ១៩៨០ រៀននៅក្រោមដើមឈើក៏ទៅរួចដែរ សរសេរតែធ្យូងក៏ទៅរួចដែរ។ តែសម័យនេះយើងមិនឈានទៅដល់រៀនក្រោមដើមឈើទេ … អញ្ចឹងបានថាទៅមុខ មានការកាត់បន្ថយមួយចំនួន។ បើសិនជាពន្យឺតមួយចំនួនទៅលើហេដ្ឋារចនាសម្ព័ន្ធ មិនមែនតែក្នុងវិស័យអប់រំទេ កន្លែងក៏យពិនិត្យមើលឡើងវិញផងនៅក្នុងកម្មវិធីមួយចំនួនរបស់ក្រ​សួងអប់រំ និងគ្រប់ក្រសួងទាំងអស់ ព្រោះកម្មវិធីខ្លះវាលែងត្រូវស្ថានភាពហើយ។

កម្មវិធីខ្លះយើងដាក់ចេញតាំង ២០ឆ្នាំមុន។ ដល់ម៉ោងនេះវាខុសហើយ។ កុំភ័យព្រួយ។ កាត់ទៅ។ លុយហ្នឹងមិនយកចេញពីក្រសួងអប់រំទេ។ បង្វែរលុយហ្នឹងទៅកន្លែងណាដែរជាអាទិភាពរបស់ក្រសួងវិញ។ ត្រូវហ៊ានធ្វើអញ្ចឹង។ បើមិនអញ្ចឹងយើងនៅពាំត្រណោតដោយសារឆ្នាំទៅយើងមានផែនការ … ដល់ម៉ោងត្រូវកែសម្រួលតាម​ទិសដៅតែមួយគឺពង្រឹងគុណភាពអប់រំ។ អាទិភាពអាចប្រែប្រួល វិធីសាស្ត្រអាចប្រែប្រួលត្រូវធ្វើបែបនេះ ហើយគ្រប់ក្រសួងស្ថាប័នទាំងអស់ត្រូវធ្វើអញ្ចឹង។

គម្រោងខ្លះមិនចាំបាច់ លុបវាទៅ។ យកលុយហ្នឹងទៅបង្វែរទៅអ្វីដែលសំខាន់។ ប្រើឱ្យអស់លទ្ធភាពនូវអ្វីដែលយើងមាន។ ថ្ងៃមុនគ្រាន់តែខ្ញុំឱ្យកែសម្រួល ព្យួរការចំណាយទៅលើកិច្ចការមិនសំខាន់មួយចំនួន ខ្ញុំសន្សំបាន ២០០លានដុល្លារជាង សម្រាប់ឆ្នាំ ២០២៣នេះ។ ហើយ ២០០លានដុល្លារ យកទៅណា? ថវិកាដែលយើងបង្កើនការគាំពារសង្គម ទឹកជំនន់ប្រជាពលរដ្ឋមកនេះ … ហើយថវិកានេះ អត់មានប៉ះពាល់ដល់មន្ត្រីអីទេ គ្រាន់គម្រោងសិក្សាអីមួយចំនួនដែលវាមិនទាន់ចាំបាច់ ព្យួរវាសិនទៅ។ យើងយកលុយហ្នឹងទៅជួយប្រជាពលរដ្ឋដាក់ឱ្យចំគោលដៅនៃកំណែទម្រង់នេះល្អជាង។ កុំថាធ្វើទៅប៉ះអ្នកនេះ ប៉ះអ្នកកាន់គម្រោង សតិអារម្មណ៍។ ខ្ញុំថាត្រូវហ៊ានលះបង់ទាំងអស់គ្នាទៅដើម្បីផលប្រយោជន៍រួម។

ការឧបត្ថម្ភគាំទ្រលើវិស័យអប់រំដល់អ្នកគ្រូលោកគ្រូនេះ ខ្ញុំសង្ឃឹមថាបើសិនជាមានការប៉ះប៉ូវជូនលោកគ្រូ អ្នកគ្រូច្រើនជាងមន្ត្រីធម្មតា សុំមន្ត្រីធម្មតាស្ថាប័នផ្សេងកុំច្រណែនជាមួយលោកគ្រូអ្នកគ្រូអី។ គាត់បង្រៀនកូនចៅយើងៗ ត្រូវវិនិយោគ។ អញ្ចឹងគម្រោងដែលមិនទាន់ចាំបាច់ សូមកាត់ យកមកដាក់នូវគម្រោងដែលចំគោលដៅ។ ប្រសិនជាសសរ​ដែលរឹងមាំហ្នឹងវាកាន់តែរឹងមាំ វិស័យអប់រំយើងរឹងហើយ​​។ ចង់បាននិស្សិតមានគុណភាពនៅរៀនតាមសាកលវិទ្យាល័យ? ពង្រឹងថ្នាក់បឋមនិងថ្នាក់ទី១២ទៅ តែគាត់មានមូលដ្ឋានរឹងមាំ (យើងនឹងមាន)គុណភាពឯកឯងដល់មហាវិទ្យាល័យនោះ។ យើងធ្វើបានច្រើនហើយ។ យើងមិនមែនអត់ធ្វើទេ តែយើងត្រូវពង្រឹងឲ្យចំ​។

​ហេតុអីបាននាយករដ្ឋមន្រ្តីត្រូវការដាក់វិធានគន្លឹះអីទៀត បើក្រសួងអប់រំគេធ្វើហើយ? ខ្ញុំមិនដណ្ដើមការងារក្រ​សួងអប់​រំទេ ប៉ុន្តែនៅក្នុងសកម្មភាពសំខាន់មួយចំនួន ខ្ញុំត្រូវដឹកនាំ ព្រោះវាត្រូវដាក់អនុវត្តឲ្យចំគោលគំនិតរបស់ខ្ញុំ។ ខ្ញុំជាអ្នកទទួលខុសត្រូវ ហើយម្យ៉ាងត្រូវការទម្ងន់ដើម្បីជួយរដ្ឋមន្រ្តីក្រសួងអប់រំក្នុងការអនុវត្ត ព្រោះវាពាក់ព័ន្ធនឹងរឿងថវិកាជាតិទាល់តែនាយករដ្ឋមន្រ្តីទើបមានសិទ្ធិក្នុងការអារកាត់បើមិនអញ្ចឹងគាត់ឯកឧត្តម ហង់ជួន ណារ៉ុន ធ្វើអីព្រោះខ្ញុំដាក់បញ្ជា … ហើយម្យ៉ាងទៀត ​ខ្ញុំជាអ្នកទទួលខុសត្រូវផ្ទាល់។ បើគម្រោងនេះបរាជ័យ មិនឲ្យឯកឧត្ដម ហង់ជួន ណារ៉ុន ជួបបញ្ហាម្នាក់ឯងទេ។ ខ្ញុំជាអ្នកទទួលខុសត្រូវព្រោះខ្ញុំជាអ្នកដាក់ចេញគោលដៅនេះ។

(២០) ជួយគ្រូបង្រៀនកូនសិស្ស និងគ្រូពេទ្យបម្រើសុខភាពប្រជាជននៅមូលដ្ឋាន

ម្សិលមិញ (ខ្ញុំបាន)ឲ្យកែទម្រង់រៀបចំអាជ្ញាធរជាតិដោះស្រាយកិច្ចការក្រៅប្រព័ន្ធតុលាការ ដើម្បីការជួយដល់ប្រជាពលរដ្ឋ។ ​ខ្ញុំកែសម្រួលអាជ្ញាធរជាតិប្រឆាំងនឹងគ្រឿងញៀន ពីការដឹកនាំដោយទេសរដ្ឋមន្រ្តី ទៅឧបនា​យក​រដ្ឋមន្រ្តី ឲ្យឧបនាយករដ្ឋមន្រ្តីប៉ុន្មាននាក់ចូលរួមក្នុងហ្នឹង។ វិស័យសុខាភិបាលក៏ខ្ញុំដឹកនាំ ព្រោះត្រូវពង្រឹង ពេទ្យមូលដ្ឋាន។ អញ្ចឹងចង់កែហេដ្ឋារចនាសម្ព័ន្ធ​ ត្រូវការថវិកា។ បើនាយករដ្ឋមន្រ្តីមិននៅអារកាត់ផ្ទាល់ វាអាចស្ទះ។ បើវាស្ទះ តើវាប៉ះពាល់អ្នកណា? ប៉ះពាល់ប្រជាពលរដ្ឋយើងមែនទេ? បើមណ្ឌលសុខភាពខំប្រឹង តែមិនទាន់មានលទ្ធភាព អ្នកណាទទួលផល? គឺប្រជាពលរដ្ឋយើង។ បើយើងកែបានភ្លាម ប្រជាពលរដ្ឋយើងឆាប់បានផល (ជាការ)ល្អ។ វិធានការអាទិភាព ៦ចំណុច ដែលពង្រឹងការគាំពារសង្គម ជួយប្រជាពលរដ្ឋក្រីក្រ គាំ​ពារសុខភាព ជាមួយនឹងគោលនយោបាយដែលយើងមានស្រាប់ គឺអាស្រ័យទៅលើសមត្ថភាពរបស់ពេទ្យមូលដ្ឋានក្នុងការផ្ដល់សេវាឲ្យប្រជាពលរដ្ឋ។ នៅភ្នំពេញមិនលំបាកទេ មានគ្លីនីកឯកជនច្រើន តែយើងត្រូវគិតប្រជាពលរដ្ឋនៅខេត្ត។ បើយើងមិនជួយគ្រូពេទ្យដែលនៅមូលដ្ឋាន តើយើងជួយអ្នកណាទៅធ្វើការបម្រើសុខភាពប្រ​ជា​ពលរដ្ឋ? បើយើងមិនជួយគ្រូបង្រៀន តើយើងទៅជួយអ្នកណាគេដែលបង្រៀនកូនសិស្សយើង? … ថ្ងៃនេះ ខ្ញុំមិននិយាយទៅវិស័យផ្សេងទេ។ អាទិត្យក្រោយខ្ញុំនឹងទៅសម្ពោធពេទ្យតេជោសន្តិភាពនោះ ក៏ខ្ញុំនឹងនិយាយ។ វិស័យឯកជន វិស័យក្រៅប្រព័ន្ធ ខ្ញុំនឹងទៅប្រកាសកម្មវិធី។ ខ្ញុំនឹងបញ្ជាក់នៅនោះទៀត។ តែខ្ញុំនិ​យាយទាំងអស់ហ្នឹង ពិបាកដាច់បាយលោក/អ្នកគ្រូ។ (អម្បាញ់មិញ)យើងនិយាយអំពីបញ្ហាគ្រូ។

(២១) រៀបចំ/កែសម្រួលកម្មវិធីសិក្សា សកម្មភាពក្រៅម៉ោងសិក្សា បណ្ដុះក្មេងពីការងារសង្គម

ឥឡូវយើងនិយាយមួយទៀតអំពីកម្មវិធីទី២ គឺការកែសម្រួលនិងរៀបចំកម្មវិធីសិក្សា សកម្មភាពក្រៅម៉ោងសិក្សា​ ឲ្យស្របតាមតម្រូវការចំណេះដឹង វិន័យសីលធម៌ ឥរិយាបថរបស់សិស្ស។ ខ្ញុំឃើញអម្បាញ់មិញល្អ តែល្អនេះដោយសារអី? ដោយសារការវិនិយោគ។ គាត់រៀនទាំងព្រឹក ទាំងល្ងាច គាត់មានម៉ោងរៀនទ្រឹស្ដី និងមានម៉ោងអនុវត្ត​។ តែលទ្ធភាពយើងធ្វើមិនទាន់បានគ្របដណ្ដប់ទេ។ ក្រសួងអប់រំក៏មានចេញសាលាគំរូដែរ ជាទ្រឹស្ដី ខ្ញុំថាកុំចាំទាល់តែយើងមានលុយបានច្នៃប្រឌិត។ មានប៉ុណ្ណាច្នៃធ្វើប៉ុណ្ណឹងទៅ ឲ្យបានលទ្ធផល … មុននឹង​ចងក្រងជាវិធាននេះ ខ្ញុំបានឲ្យចុះស្រាវជ្រាវ។

ខ្ញុំមើលលោកគ្រូនាយកសាលាច្រើនណាស់ដែលជានាយកសាលាគំរូ។ គាត់ច្នៃប្រឌិតពីសាលាមួយដែលមិនសូវមានគេចង់បញ្ជូនកូនទៅរៀន ទៅជាសាលាមួយដែលគេដឹកកូនទៅរៀន ដោយគាត់មិនប្រើលុយមួយរៀល។ គាត់ប្រើតែការពន្យល់ អប់រំ ណែនាំ លើកទឹកចិត្ត និងការកៀរគរលោក/អ្នកគ្រូចូលរួម។ ពេលលោក/អ្នកគ្រូចូលរួមហើយ ឪពុកម្ដាយឃើញល្អ គាត់នឹងចូលរួមសហគមន៍គាត់ផ្ទាល់។ រឿងបែបនេះខ្ញុំឃើញរូបមន្តល្អដាច់ដោយដុំ។ សាលាច្រើនណាស់នៅក្នុងប្រទេសដែលគាត់អនុវត្តដាច់​ដោយដុំ។ អ្វីដែលខ្ញុំចង់បានគឺយកបទពិសោធន៍ទាំងអស់នេះចែករំលែកនិងអនុវត្តនៅតាមសាលាទូទៅ ដើម្បីយើងបង្កើតយន្តការថ្នាក់ជាតិគាំទ្រទាំងការគិតទាំងផែនការទាំងថវិកា អនុវត្តឱយមានសង្គតិភាព ចែករំលែកបទពិសោធន៍ពង្រាយឲ្យបានច្រើន។

មិនអាចធ្វើតែផែនការ ដាក់សូចនាករ ហើយឲ្យលោក/អ្នកគ្រូយកទៅអនុវត្តមិនកើតទេ។ ត្រូវមានយន្តការដើម្បីជួយគាត់ក្នុងការធ្វើ។ ការពង្រឹងនេះ ទី១ គឺបញ្ហាប្រឈមរបស់សិស្ស។ ក្រៅពីសាលាគំរូ យើងខ្វះអគារ ខ្វះម៉ោង។ អញ្ចឹងសល់ម៉ោងទំនេរច្រើន … សិស្សរៀនតែព្រឹក។ ល្ងាចគាត់អត់ធ្វើអី។ អញ្ចឹងកន្លែងខ្លះគឺគាត់មិនមានអីធ្វើ … ដើរលេងអីអញ្ចឹងទៅ … ឪពុកម្ដាយក៏អត់នៅ គ្រូក៏លំបាក។ គ្រូខ្លះគាត់បានបង្រៀន២វេន គាត់គ្រាន់បើទៅ គ្រូខ្លះនៅជនបទមិនបានបង្រៀនទេ … អ្វីដែលយើងចង់ធ្វើគឺកែប្រែពេលវេលាទំនេរទៅជាពេលដែលមានផលប្រយោជន៍សម្រាប់បង្កើនសមត្ថភាព ឥរិយាបថរបស់សិស្ស និងអត្ថប្រយោជន៍សម្រាប់គ្រូបន្ថែមទៀត។ ខ្ញុំជឿថា ឪពុកម្ដាយទាំងអស់គិតកូន …។

គ្រូខ្លះគាត់ជំនាញ។ គាត់មានរៀនគួរទៅ។ ដល់អត់ជំនាញ អត់មានបង្រៀនគួរ។ មិនដឹងថាប្រវត្តិវិទ្យា គេមានបង្រៀនគួរឬទេឥឡូវ? កាលជំនាន់ខ្ញុំអត់មានទេ។ គ្រូដែល(សម្បូរគួរ)ជាងគេគឺរូបវិទ្យា គីមីវិទ្យា និងគណិតវិទ្យា ភាសាខ្មែរ។ តែជំនាញច្រើនផ្សេងទៀត គ្រូអត់បង្រៀន(គួរ)ទេ។ អញ្ចឹងពេលខ្លះគាត់ទៅប្រកបរបរផ្សេងដើម្បីរកចំណូលបន្ថែម។ បើសិនជាបានចំណូល ហើយពាក់ព័ន្ធជំនាញ ខ្ញុំជឿថាអាហ្នឹងក៏ល្អសម្រាប់គ្រូដែរ។ ខ្ញុំឲ្យគិតគូរ​ពីការរៀបចំកម្មវិធីក្រៅម៉ោងសិក្សា … មិនមែនចេះតែដាក់ឲ្យតែបាន អត់ទេ ត្រូវគិតពីគោលដៅផង។ ក្រៅម៉ោងសិក្សា អម្បាញ់មិញខ្ញុំឃើញមានក្លិប(សិក្សា) … កន្លែងខ្លះឃើញអនុវត្តកម្មវិធីតាមដាន។ ឧទាហរណ៍ សិស្សគាត់រៀនពីព្រឹក ពេលល្ងាចគាត់មកក្លិបជុំគ្នា។ លោកគ្រូតាមជួយរំលឹកជួយអី បើសិនជាសិស្សរៀនមិនទាន់អី គាត់ជួយណែនាំ ចំពោះលោក/អ្នកគ្រូណាដែលអាចបង្រៀនបានកន្លែងដែលមាន។​

ក្រៅពីរៀន យើងអាចរៀបចំកម្មវិធីសង្គមបណ្ដុះមនុស្សបណ្ដុះក្មេងឲ្យចេះជួយការងារសង្គម។ យកមួយថ្ងៃ ឬពីរថ្ងៃក្នុងមួយសប្ដាហ៍ សម្រាប់គាត់ស្ម័គ្រចិត្តជា Project។ អម្បាញ់មិញ ខាង science គាត់ឲ្យជា Project បង្កើតជាទឹកសាប៊ូ។ គាត់ចង់បង្កើតជា robot ជាអី។ ចុះបើយើងអត់ទាន់មានលទ្ធភាពទៅបង្កើត Lab ហ្នឹង … យើងឲ្យគាត់រើសទៅ។ អ្នកណាទៅជួយធ្វើអនាម័យនៅផ្សារ អ្នកណាទៅជួយចាស់ជរា អ្នកណាទៅជួយដាំដើមឈើ បង្កើតផ្នត់គំនិតបង្កើតទម្លាប់។ សួរថា តើយើងលើកទឹកចិត្តគាត់តាមណា? ពិន្ទុរៀនកុំឲ្យតែពិន្ទុ(ពីការ)ប្រឡង ត្រូវឲ្យពិន្ទុវិន័យនិងឥរិយាបថផង​។ យើងនិយាយពីលោក/អ្នកគ្រូ ពីបុគ្គលិក ពីការលើកទឹកចិត្ត តែសិស្សក៏យើងលើកទឹកចិត្តដែរ។ ពិន្ទុនេះមិនមែនជាការសូកប៉ាន់ទេ ជាការបង្កើតទម្លាប់ ជាការលើកទឹកចិត្ត …។

ពេលដែលខ្ញុំវាយតម្លៃរើសមេយោធា មេអង្គភាពទ័ព ជម្រើសទីមួយយើងតែងតែយកសញ្ញាបត្រ គាត់ឆ្លងកាត់សាលា។ តែសញ្ញាបត្រហើយខ្ញុំត្រូវការមើលទៀត។ បានន័យថាតើគាត់មានភាពជាអ្នកដឹកនាំ​អត់? មានតែសញ្ញាបត្រ តែមិនដែលទៅធ្វើការ មានតែសញ្ញាបត្រតែដឹកនាំបែកបាក់ មិនឲ្យឡើងទេ ត្រូវមើលសមត្ថភាព។ យើងបណ្តុះបណ្តាលមនុស្សអញ្ចឹង។ កុំឲ្យថាមានតែសញ្ញាបត្រស្រាប់តែមកច្រងេងច្រងាង។ ដល់សញ្ញាបត្រខ្ពស់ពេក ការងារល្មម អត់ចុះប្រឡូកជាមួយ។ យើងត្រូវរើសឥរិយាបទ។ អញ្ចឹងយើងបណ្តុះពីក្មេងទៅ។ បណ្តុះពីក្មេងនេះបានន័យថាម៉េច? ការឲ្យពិន្ទុនេះបានន័យថាតម្រង់ទិសគាត់ឲ្យគិតពីជ្រុងហ្នឹងផង កុំឲ្យគាត់គិតថាខ្ញុំត្រូវតែខំរៀនប្រឡងឲ្យជាប់បានពិន្ទុ … កន្លងទៅយើងមានកីឡាយើងមានអី ប៉ុន្តែនេះបង្កើតគំនិតឲ្យគាត់ចូល​រួម ឲ្យរបៀបរបបគាត់ ហើយទាំងអស់នេះខ្ញុំថាមិនចាយលុយទេ។

ខ្ញុំចាំលោកគ្រូម្នាក់នៅពោធិ៍សាត់ … កាលគាត់ទៅធ្វើជានាយក សាលាហ្នឹងអត់មានអ្នកណាទៅ សិស្សបោះបង់ការសិក្សាច្រើន … ចុងក្រោយឪពុកម្តាយអត់ចូល។ អញ្ចឹងគាត់ធ្វើអី? អត់អស់លុយទៀត។ ទី១ គាត់យករូបមន្តសាលាឯកជន។ ព្រឹកឡើងគាត់ចាត់លោកគ្រូ អ្នកគ្រូ ៦នាក់ ទទួលបដិសណ្ឋារកិច្ចសិស្ស ហើយយើងសំពះសិស្ស ពេលដែលគ្រូសំពះសិស្ស សិស្សក៏ចាប់ផ្តើមសំពះវិញ … មួយទៀត អនាម័យគាត់ថាពីមុនសំរាមពេញ។ ដល់ពេលឥឡូវ សិស្សចេញពីរៀនប្រមូលស្បោងទៅផ្ទះ។ ទៅដល់ផ្ទះម៉ែ ឪ រាយការណ៍មកថា កូនខ្ញុំចេះទុកដាក់ដោយសារធ្វើបានល្អ។ មួយអាទិត្យគាត់ឲ្យពិន្ទុប៉ុន្មានអញ្ចឹងទៅក្នុងការចូលរួមថែសម្អាត។ នេះគ្រាន់តែជាឧទាហរណ៍ ខ្ញុំមិនមែនថាឲ្យធ្វើតាមទេ។ នេះហើយជាការបត់នូវឥរិយាបទ។ សាលាខ្លះគាត់យកម៉ោងដាក់វប្បធម៌ កន្លែងខ្លះមានរហូតទៅដល់អញ្ជើញលោកទេសនាដើម្បីផ្សព្វផ្សាយ។ សាលាខ្លះដូចនៅបាក់ទូកយកពេលប្រជុំផ្សព្វផ្សាយមូលដ្ឋានមួយចំនួន។

ខ្ញុំថាឲ្យច្នៃទៅ។ អញ្ចឹងយើងកាត់បន្ថយម៉ោងសិស្សដែលគាត់ទំនេរ … លើកទឹកចិត្តនៅក្នុងការបង្កើតជាក្លឹបស្រាវជ្រាវបន្ថែម។ លោកគ្រូអ្នកគ្រូម៉ោងគាត់ស្រាវជ្រាវបន្ថែមចងក្រង ក៏សូមគិតថវិកាជូនគាត់ដើម្បីយើងលើកទឹកចិត្តទាំងអស់គ្នា ផលិតនូវផលិតផល ដើម្បីដោះស្រាយជីវភាព។ លើកទឹកចិត្តមិនមែនថាទាល់តែយកថវិ​កាទៅសូកបានឲ្យគាត់ធ្វើនោះទេ។ រឿងលើកទឹកចិត្តតាមពិន្ទុតាមអីជាមធ្យាបាយ តែអ្វីដែលយើងចង់បង្កើតគឺទម្លាប់។ ទម្លាប់គឺអ្វីដែលកំណត់ផ្នត់គំនិត បើយើងចាំតែអានសៀវភៅគេ យើងអត់មានគំនិតក្នុងការស្រាវ​ជ្រាវទេ ហើយយើងក៏មិនហ៊ានស្រាវជ្រាវព្រោះយើងមិនធ្លាប់ធ្វើ។ តែបើយើងធ្លាប់ស្រាវជ្រាវយើងនឹងមានស្មារតីនេះទៅធ្វើ … នេះជារឿងក្រៅម៉ោងដែលយើងត្រូវគិត។

យើងនឹងអាចអនុវត្តតាមសាលាយកជា Pilot ទេ ជាគំរូសិន។ យើងមិនអាចអនុវត្តទូទាំងប្រទេសទេ … សំ​ខាន់បំផុតគឺការចូលរួម។ យើងឃើញថា ពេលខ្លះ លោកគ្រូ អ្នកគ្រូ គ្រប់សាលាទាំងអស់ ក្រសួងអប់រំក៏យើងចង់ ឲ្យគ្រូបានបង្រៀនទាំងព្រឹកទាំងល្ងាចដែរ តែលទ្ធភាពយើងមិនអាចទៅបាន ដោយសារទាំងសាលា ទាំងអគារ កន្លែងខ្លះខ្វះគ្រូ។ តែយើងកុំចាំដល់យើងមានអគារគ្រប់បានអនុវត្ត។ ច្នៃប្រឌិតនូវអ្វីដែលយើងមាន។ បង្កើតជាក្លឹបដោយមិនចាំបាច់យកថ្នាក់រៀន ទុកថ្នាក់រៀនឲ្យគេវេនល្ងាចចុះ … យើងដាក់ទិសដៅថាយើងចង់ពង្រឹងយ៉ាងម៉េច។ អញ្ចឹងបើសិនជាមានម៉ោងបំប៉នបន្ថែម ហើយជាកម្មវិធីរួម សមត្ថភាពគាត់ក៏កើន ឥរិយាបថគាត់ក៏បាន ដោយសារយើងផ្តល់ម៉ោងក្រៅពីម៉ោងដែលគាត់សល់ …។

ពិន្ទុការវាយតម្លៃសិស្សគឺគិតតាមហ្នឹងទៅទៀត។ ថ្ងៃមុនមានការជជែកគ្នាជាមួយខ្ញុំថា ប្រឡងឥឡូវយើងចាំឲ្យ​ពិន្ទុនៅបាកឌូប្លិ៍ ឬមួយគួរតែដកបាក់ឌូប្លិ៍ចេញឬអី។ ប្រទេសខ្លះអត់មានបាក់ឌូប្លិនេះទេ។ ប្រទេសខ្លះនៅមាន។ ជាការវាស់ស្ទង់។ ការឲ្យពិន្ទុ។ ឥឡូវដូចនៅសាលាជំនាន់ថ្មីខ្លះ យើងឲ្យតាម GRE អីនោះ យើងគិតពីមធ្យមភាគ។ ប៉ុន្តែកុំគិតតែធ្វើនៅលើក្រដាស។ កុំឲ្យពិន្ទុទៅលើសញ្ញាបត្រ គិតសញ្ញាឃើញផង។ បានន័យថាលទ្ធផលការងារនៅលើដីតាមទង្វើសកម្មភាព ព្រោះបណ្តុះបណ្តាលមនុស្សមួយឲ្យទៅជាមនុស្ស ដែលជាធនធានមនុស្សមិនមែនចេះតែបញ្ញាទេ។ អញ្ចឹងបានថាពេលដែលខ្ញុំវាយតម្លៃ ជ្រើសរើសនាយទាហានកាន់មេអង្គភាព គឺមិនមែនយកតែសញ្ញាបត្រទេ ត្រូវសួរដេញដោលឆែកមើល ស្រាវជ្រាវថាអ្នកហ្នឹងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់អាចធ្វើមេគេបានអត់? និស្សិត សិស្សរបស់យើងល្អណាស់។ វប្បធម៌ អរិយធម៌របស់យើងល្អ។ ពេលវេលា(សិក្សា)យើងកើន។ ទំនើបកម្មយើងមាន។ ជីវភាពបានធូរ។ កាលពីជំនាន់ខ្ញុំមានតែកង់ mickey មួយហ្នឹង ស្មើនឹងឡាន …។

យកពេលវេលាដែលទំនេរតាមលទ្ធភាពដែលយើងមានកែច្នៃទៅពេលវេលាដែលបានផលប្រយោជន៍សម្រាប់ទាំងគ្រូ ទាំងសិស្ស សម្រាប់សង្គមជាតិយើង។ នេះគឺយើងត្រូវធ្វើ ហើយច្នៃប្រឌិតធ្វើ។ ពេលវេលាមានតម្លៃណាស់។ មួយថ្ងៃមានតែ ២៤ ម៉ោង ៣៦៥ ថ្ងៃ។ យើងកើនអាយុមួយឆ្នាំ។ អញ្ចឹងត្រូវធ្វើម៉េច? មុននឹងគាត់ចប់ថ្នាក់ទី១២ ពេលហ្នឹងគាត់ឯករាជ្យហើយ។ យើងលែងបានជួយហើយ។ យើងជួយបានតែនៅក្នុងសាលា(បថមនិងមធ្យមសិក្សាទេ)។ អញ្ចឹងយើងជួយគាត់តម្រង់ទិសទៅ ហើយនេះជាកិច្ចការអាទិភាពទី ២ ។

អាទិភាពទី ៣ ការយកចិត្តទុកដាក់ទៅលើសុខភាពសិស្សតាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារសុខភាព ចំណេះដឹងសំខាន់។ អញ្ចឹងបានយើងវិនិយោគច្រើនណាស់ទៅលើអប់រំ និងសុខាភិបាល ថវិកាដល់ក្រសួង ពីរនេះធំណាស់។ ពីរនេះជាអាទិភាពពីរដែលខ្ញុំយកកាន់ផ្ទាល់ដើម្បីជួយជំរុញជាសសរស្តម្ភ។ មនុស្ស សុខភាព និងសមត្ថភាព មនុស្សជាអ្នកតាក់តែងរបៀបរបបការងារ និងជាអ្នកកសាងនូវហេដ្ឋារចនាសម្ព័ន្ធ។ យើងមានមនុស្សរឹងមាំ យើងមានអ្វីៗទាំងអស់ ហើយមានចីរភាព និងកាន់តែសើរថែមទៀត។ ថ្ងៃនេះក្មួយចេះធ្វើ Robot ត្រឹមផលិតបាន តែថ្ងៃក្រោយសមត្ថភាពកម្ពុជាប្រើប្រាស់ធនធានមនុស្សកម្ពុជាអាចមានក្រុមហ៊ុនតូចតាចធ្វើបាន។ ឥឡូវប្រទេសជិតខាងមួយចំនួន កាលមុនគេនាំចូល។ ឥឡូវគេផលិតទូរទស្សន៍ កន្លែងខ្លះគេផលិត​ឡាន យើងឈានទៅដល់នោះទៀត។

កាលកូវីដ-១៩ យើងអត់ពឹង software ពីខាងក្រៅទេ។ យើងពឹង software សមត្ថភាពកូនចៅរបស់យើងធ្វើ contact tracing អីភាគច្រើន។ បើទិញពី Singapore រាប់សែនដុល្លារ។ មានលុយឯណា។ ខ្មែរយើងធ្វើ។ អម្បាញ់មិញខ្ញុំទៅ គ្រាន់តែដើរបន្តិច ដៃគេដាក់បិទភ្លើងរលត់។ ផ្ទះឆ្លាតជាងយើង។ យើងចង់ពង្រីកលទ្ធភាពទោះបីជាមិនដល់សាលាទាំងអស់ ឈានទៅដល់បច្ចេកវិទ្យាហើយ។ ការរៀននេះគឺត្រូវ កន្លែងខ្លះគឺយើងវិនិយោគទៅលើសម្ភារៈមួយចំនួន ព្រោះមានកម្មវិធីសិក្សា​ គ្រូ និងសម្ភារៈ។ សម្ភារៈនៅតាមខេត្តមិនបាច់ចាំរកអា Lab ទេ … ជួនកាលមិនចាំបាច់ទិញពីចិនទេ ជួលក្មេងៗយើងនេះឲ្យគ្នាធ្វើទៅ នៅសាលា techno ធ្វើបានតើ ចង់បង្ហាញពីរូបវិទ្យា magnetic អីហ្នឹង។ កាលខ្ញុំរៀនបានតែសៀវភៅទេ គូសទៅស្រមៃថាវារត់។ ឥឡូវក្មួយៗ ធ្វើខ្លួនឯងបាន។ ឲ្យក្មេងៗយើងរៀនធ្វើដើម្បីផ្គត់ផ្គង់ទៅតាមសាលា។ កាលខ្ញុំនៅមេអង្គភាពប្រឆាំងភេរវកម្ម ឧប​ករណ៍ទម្លុះទ្វារ យើងទិញពីក្រៅមួយឈុត ២០០០ ដុល្លារ មានញញួរមានអី។ ខ្ញុំថាយើងអត់លុយទិញទេ​ ឲ្យជាងដែកឆ្នៃមួយឈុតអស់តែ ២០០ ទំនើបដូចតែគេដែរ។

យើងលើកទឹកចិត្តផ្ដល់អត្ថប្រយោជន៍ឲ្យបងប្អូនយើងក្នុងស្រុកទៀត កុំស្អីក៏ពឹងគេរស់នោះ។ រៀនរស់ខ្លួនឯង ផ្ដល់ឱកាសឲ្យយើងខ្លួនឯង។ យើងអាចធ្វើបាន។ រួមគ្នាធ្វើ។ ច្នៃប្រឌិតតាមទៅ។ លើកទឹកចិត្តឲ្យគាត់ធ្វើទៅ។ សាលាគំរូ សាលាទំនើប សាលាជំនាន់ថ្មី សិស្សអាចធ្វើអាហ្នឹងបាន។ យកដាក់តាមសាលាផ្សេង។ អត់អស់ច្រើនទេ។ ទិញពីក្រៅ ២ទៅ ៣ម៉ឺន ធ្វើនៅក្នុងជួនកាលតែ ១ពាន់ហ្នឹងឯង ព្រោះបង្គុំយើងទិញទេតើ ដូចកុំព្យូទ័រ បើទិញស្រាប់វាថ្លៃ។ គេយកមក​ clone ទិញ chip អីមកផ្គុំ។ ដូចតែគ្នា។ ថោកដោះស្រាយបាន …។

ចំណុចទី៣ គឺរឿងសុខភាព យើងបានអនុវត្តគម្រោងអាហារូបត្ថម្ភជូនទៅដល់សាលា យើងអនុវត្តពី ២០១០ មក ឥឡូវយើងគ្របដណ្ដប់បាន ៤២៧ សាលា​ ត្រូវជាជាង ១១ម៉ឺនសិស្ស នៅតាម១០ខេត្តដែលបាន។ យើងអត់ទាន់មានលទ្ធភាពច្រើន តែយើងពង្រាយបានខ្លះ យើងអាចពិនិត្យលទ្ធភាពពង្រីកថែមទៀត ទៅតាមលទ្ធភាពជាក់ស្ដែង។ តែសំខាន់ សុខភាពនេះ ខ្ញុំសូមអំពាវនាវផងដែរ ដល់បងប្អូនដែលលក់ដូរនៅតាមសាលា គួរគិតមើលផងដែរ ព្រោះសាលាមួយៗ ខ្ញុំមិនឲ្យក្រសួងអប់រំទៅពិន័យស្អីៗទេ តែសុំលើកទឹកចិត្តឲ្យគិត កុំលក់អាហារឧទាហរណ៍សម្បូរខ្លាញ់អីហ្នឹង។ យើងលក់ដូចតែគ្នារវាងចេកអាំង និងចេកចៀន។ អាចៀនវាឆ្ងាញ់ជាងហើយ តែពេលខ្លះលើកទឹកចិត្តលក់អាំងច្រើនបន្តិចទៅ។ ថ្ងៃមុន ខ្ញុំទៅពេទ្យ។ មិត្តភក្ដិនៅពេទ្យសិង្ហបុរីនិយាយ ហេតុអីបានជានៅប្រទេសអភិវឌ្ឍមនុស្សអាយុ ៣០ ឆ្នាំទឹកនោមផ្អែមច្រើនម៉្លេះ? មិនមែនដោយសារអាយុ ៣០ ឆ្នាំនាំគ្នាផឹកស្រានោះទេ។ តាំងពីក្មេង ម្ដាយចេះតែទិញទឹកដោះគោផ្អែមឲ្យផឹក។ គិតថាអាហ្នឹងវាឆ្ងាញ់។ កូនចូលចិត្ត។ អាងតែមានទឹកដោះគោវាប៉ូវឆ្អឹង ប៉ុន្តែវាបង្កជាតិស្ករក្នុងខ្លួនតាំងពីក្មេង។ ដល់អាយុ ៣០ជាង វាចាប់មានហើយ។ ជាបន្ទុកបន្ថែម។ អញ្ចឹងការគិតគូរនេះ ពិតណាស់វាប៉ះពាល់ ច្នៃប្រឌិតអ្នកលក់ដូរ …។

ចំពោះអាជីវករដែលលក់ ខ្ញុំសូមអំពាវនាវឲ្យគិតគូរ ប៉ុន្តែមិនមែនឲ្យក្រសួងអប់រំទៅចាប់នោះទេ។ យើងត្រូវធ្វើការ​ស្ម័គ្រចិត្ត … នាយកសាលាមួយៗ គណៈគ្រប់គ្រងសាលា គិតគូររឿងហ្នឹង។ នៅក្នុងកម្មវិធីអាហារូបត្ថម្ភដែលរដ្ឋចេញលុយ គឺត្រូវគិតរឿងនេះជាធំ។ ជួនកាលស្ករតិចៗ ផ្អែមស្រួលហូប តែវាធ្វើឲ្យ ៣០ឆ្នាំក្រោយ ទៅជាសម្បូរស្ករលើស។ ថ្ងៃមុន ខ្ញុំទៅសម្ពោធរោងចក្រស្ករស។ ឃើញអ៊ំៗប៉ុន្មាននាក់ដើរចេញមកវិញ ខ្ញុំថាពូមិនចូលមើលទេ? គាត់ថា ក្មួយអើយ! ពូស្ករមិនខ្វះទេក្នុងខ្លួននោះ។ ហ្នឹងវាទៅជាជំងឺរ៉ាំរ៉ៃ លើសឈាម។ អាទិត្យក្រោយ ខ្ញុំទៅខាងសុខាភិបាលនឹងឲ្យពិនិត្យលើរឿងហ្នឹងទៀត។ អញ្ចឹងបានគេថា ពីជំនាន់អាពត គេមិនឲ្យហូបអី តែឥឡូវពេទ្យមិនឲ្យហូបអី(វិញ) ដោយសារសុខភាពវាបញ្ហា។ មិនមែនបន្ទោសពេទ្យទេ គាត់គិតសុខភាព។ ដោយសារយើងសម្បូរបែបច្រើនអាហារ។ រឿងសុវត្ថិភាពចំណីអាហារនេះ ក៏ជាអ្វីដែលខ្ញុំត្រូវលើកឲ្យគិតយន្តការហ្នឹង …។

ទី៤ គឺការជំរុញលើកទឹកចិត្តឲ្យការចូលរួមរបស់មាតាបិតា អាណាព្យាបាល និងសហគមន៍ក្នុងការអប់រំ ស្របតាមពាក្យស្លោក «ភាពជាដៃគូរដ្ឋ សហគមន៍ ដើម្បីការអប់រំ» ហើយនេះគឺយើងត្រូវជំរុញ។ ឪពុកម្ដាយសំខាន់ណាស់ តួអង្គជាមួយគ្រូ។ ឪពុកម្ដាយពីរ គឺគ្រូនិងឪពុកម្ដាយបង្កើតផ្គុំគ្នា បង្កើតមនុស្សចេញជារូបរាង បំពាក់បំប៉នសមត្ថភាព ឧត្ដមគតិ ក៏ដូចជាសីលធម៌ ឥរិយាបថ មានទាំងមូល។ គ្រូ និងឪពុកម្ដាយ ហើយនិងសហគមន៍។ ព្រោះគ្រូ និងឪពុកម្ដាយត្រូវទុកចិត្តគ្នា … ជំនាន់ខ្ញុំ បើសិនជាខ្ញុំទៅប្ដឹងពុកថាលោកគ្រូវាយ គាត់វាយខ្ញុំថែម។ គាត់ទុកចិត្តថាគ្រូមិនដែលអនុវត្តវិន័យទៅលើកូនដោយគ្មានខុសទេ … កន្លែងខ្លះការស្រលាញ់កូន ឈានដល់កន្លែងខ្លះឪពុក-ម្ដាយ អត់ដឹងរឿងផងឡើង Facebook ជេរគ្រូបាត់ហើយ … កន្លែងខ្លះគាត់នៅរៀន ក្រឡុកពេញថ្នាក់។ ​ដល់លោកគ្រូវិន័យ គាត់ទៅប្រាប់ឪពុក-ម្ដាយ … ខ្ញុំជឿថាឪពុក​-ម្ដាយ ស្រលាញ់កូនរហូតទៅថាអោយកូនធ្វើអាក្រក់នោះទេ។

ភាពជិតស្និទ្ធរវាងគ្រូនិងឪពុក–ម្ដាយត្រូវមាន។ ត្រូវបង្កើតវិធី ខ្ញុំឃើញសាលាដែលជោគជ័យប៉ុន្មានដែលខ្ញុំឱ្យចុះសិក្សា ទាំងនៅខេត្ត គឺមានម៉ោងដែលហៅឪពុក–ម្ដាយមកជួប ដើម្បីណែនាំប្រាប់ឪពុក–ម្ដាយថាកូន អញ្ចេះៗ… បើកូនអវត្តមាន គាត់មានក្រុមឪពុក-ម្ដាយជាមួយសិស្សទៀត។ កូនបាត់ពីរៀន គ្រូប្រាប់ភ្លាមរួមគ្នា។ ខ្ញុំជឿថាឪពុក-ម្ដាយ ទាំងអស់បញ្ជូនកូនទៅសាលា មិនមែនចង់បញ្ជូនកូនទៅជាកូនទំនើងទេ។ ចង់ឱ្យលោកគ្រូអប់រំ ត្រូវការបង្កើតភាពស្និទ្ធប្រព័ន្ធការងារ និងការទំនាក់ទំនងឪពុក-ម្ដាយ ត្រូវចូលរួមផ្ទាល់នៅក្នុងការអប់រំ ពេលដែលឪពុក-ម្ដាយចូលរួមហើយ ខ្ញុំគិតថាសហគមន៍ចូលជាមួយហើយ។

(២២) អប់រំមាន៣តួអង្គ ទី១ សាលា ទី២ ផ្ទះ ទី៣ បរិស្ថានជុំវិញ

នៅអាមេរិក កន្លែងខ្លះការងាររាប់ម៉ឺនរាប់សែន ឪពុក-ម្ដាយសុខចិត្តដូរការងារទៅកន្លែងភូមិមួយដែលមានសា​លា​ល្អ … បើនៅទីនេះចំណេញ តែកូនអត់បានសាលាល្អ គាត់ទៅ … អប់រំមានតែ ៣ តួអង្គ។ ទី១ សាលា ទី២ ផ្ទះ ទី៣ បរិស្ថានជុំវិញ។ បើកំណត់ថាបរិស្ថានជុំវិញមិនអំណោយផល បើយើងបង្កើតម៉ោងឱ្យគាត់រវល់នៅសាលា គាត់សល់ពេលតិចដើម្បីបរិស្ថានជុំវិញ ដើរលេងផ្ដេសផ្ដាស់។ បើយើងបង្កើតបាន ទៅដល់ផ្ទះក៏ជួយសហការអប់រំបង្រៀន ចេញពីនោះមកវិញសហការជាមួយឪពុក-ម្ដាយ និងគ្រូដូចបងប្អូន។ នឹងហើយគឺជាអ្វី ដែលខ្ញុំហៅថា ភាពជាដៃគូរដ្ឋនិងសហគមន៍ ដែលក្នុងនោះមានទាំងឪពុក-ម្ដាយជាស្នូល។ ក្រៅពីនោះមានសហគមន៍ ដែលមានអាជ្ញាធរមូលដ្ឋាន … យើងក្រកុំចាំទាល់តែរដ្ឋដាក់លុយទ បានបង្កើតកម្មវិធី …។

សម្រាប់អប់រំ បើយើងធ្វើបានដូចហ្នឹង ក្នុង១០ឆ្នាំទៀតសាលារដ្ឋយើងគឺជាសាលាដែលទំនើបកម្ម ប៉ុន្តែមនុស្សមិនទំនើបកម្មរហូតទៅដល់បាត់បង់នូវសីលធម៍តម្លៃនិងឥរិយាបទនោះទេ។ មានទាំង​តម្លៃ​និងឥរិយាបថ … វិន័យសណ្ដាប់ធ្នាប់កាន់តែរឹងមាំ។ នេះជាអ្វីដែលជាវិធានការគន្លឹះទី២ ដែលខ្ញុំដាក់ពង្រឹងវិស័យអប់រំពីមត្តេយ្យដល់ថ្នាក់ទី១២ ដែលខ្ញុំដាក់ចេញជាគោលការណ៍ … យន្តការនេះ ក៏មិនមែនគណៈកម្មាធិការនេះទៅធ្វើការងារជំនួសក្រសួងអប់រំដែរ។ យើងនឹងប្រើប្រាស់យន្តការដែលមានស្រាប់។ យន្តការថ្នាក់ជាតិនេះ គ្រាន់តែជាយន្តការជំនួយ ដូចគេហៅថាជំនួយបច្ចេកទេស។ តែមកដល់ពេលអនុវត្តគឺយន្តការរបស់ក្រសួងអប់រំ។ យើងត្រូវពង្រឹងមន្ទីរ ត្រូវពង្រឹងការិយាល័យអប់រំឱ្យដើរតួនាទី … គេសួរខ្ញុំថា បងឯងកសាងអីមួយជោគជ័យ នៅពេលណា? ខ្ញុំថាកសាងអង្គភាពមួយជោគជ័យនៅពេលដែលវាបន្តដើរ និងអភិវឌ្ឍនៅពេលដែលខ្ញុំលែងនៅ … បានន័យថាវាមានចីរភាព និរន្តរភាពរបស់វាទៅមុខ។ អញ្ចឹងគណៈកម្មការនេះបណ្តោះអាសន្នទេ។ ចប់គឺត្រូវតែក្រសួងអប់រំដឹកនាំធ្វើនូវនិរន្តរភាពទៅ … យើងគ្រាន់តែពង្រឹងបន្ថែម …។

ចំណុចទី៣ ចំណុចចុងក្រោយ ក្រៅពី ៤ចំណុច ខ្ញុំនិយាយ Tracking សុំឱ្យក្រសួងការងារ និងក្រសួងអប់រំត្រូវពិនិត្យមើល។ ជួនកាល អត់ចាំបាច់(ធ្វើការសិក្សា) ១២ឆ្នាំ ថាអប់រំនេះទាល់តែអប់រំក្នុងសាលាយកបាក់ឌុប្លិ៍ទេ។ ឧទាហរណ៍ យើង Tracking ដល់ថ្នាក់ទី៩ ទី១០ ត្រូវមានជម្រើសឱ្យ ក្មួយៗខ្លះចង់មានជំនាញខាងបច្ចេកទេស Robot មិនបាច់ចាំទៅរៀនបាក់ឌូប្លិ៍។ គាត់រៀនមុខវិជ្ជាហ្នឹងទៅ។ ពេលចប់គាត់មានសញ្ញាបត្រមួយដែលអាចទទួលស្គាល់បាន។ ថ្ងៃក្រោយគាត់ចង់ត្រឡប់មករៀនបរិញ្ញាបត្រ រៀនអីគាត់អាចបាន។ គិតវិធីហ្នឹងដើម្បីយើងបើកច្រក កុំឱ្យគាត់មកតែតាមទិសមួយ ចប់ពីហ្នឹងទៅមហាវិទ្យាល័យ … ព្រោះមិនមែនទាំងអស់គ្នារៀន Management ទេ។ ទាំងអស់គ្នាមានចំណង់ចំណូលចិត្តខុសៗគ្នា។ ធនធានមនុស្សរបស់យើងសម្រាប់ទ្រទ្រង់សេដ្ឋកិច្ច។ សេដ្ឋកិច្ចរបស់យើងក៏មិនមែនតែមួយវិស័យដែរ …។

ក្នុងវិធានគោលនយោបាយអាទិភាព៦ចំណុចនេះ ១លាន ៥សែននាក់ ដែលសម្ដេចតេជោគាត់បានរៀបចំហើយ និងបន្តទៀតគឺផ្ដោតអាទិភាពទៅលើរឿងនេះ។ តែយើងគួរមានកម្មវិធីបុរេសកម្មតម្រង់ទិស ព្រោះជួន​កាលយើងបង្កើត ប៉ុន្តែការផ្សព្វផ្សាយនិងតម្រង់ទិសអត់មាន។ កុំចាំដល់ថ្នាក់ទី១២ឬថ្នាក់ទី១១ ថ្នាក់ទី៨អីហ្នឹងអោយគាត់យល់ដឹងទៅ។ ហៅឪពុកម្ដាយមកតែម្ដងទៅ តែកុំបង្ខំគាត់ឱ្យគាត់រើសវិញ។ មែនទេលោកគ្រូ អ្នកគ្រូ? បង្រៀនមិនចាំបាច់ទាល់តែយកសញ្ញាបត្រពីក្រសួងអប់រំទេ។ គាត់រៀន ១២ឆ្នាំចេញទៅមានជំនាញសញ្ញាបត្រខាងបច្ចេកវិទ្យា IT ឬមួយខាងវិស្វករ ថាសំណង់មិនបាច់ថាដល់កម្រិតខ្ពស់ក៏បានដែរមែនទេ? អគ្គិសនីត្រឹមកម្រិតបឋមគាត់ចេញទៅថ្នាក់ទី ១២ ក៏បានដែរ។

ថ្ងៃក្រោយគាត់មានសមត្ថភាពបើកច្រកមកវិញ។ ពេលដែលគាត់ឡើងទៅមុខ។ ឥឡូវយើងមានស្វ័យរិន តែទៅមុខយើងមើលកម្រិតណាមួយ។ អ្នកដែលរៀនបាក់ឌូប្លិ៍ខាងជំនាញទូទៅ ថ្ងៃក្រោយគាត់ទៅមហាវិទ្យាល័យគាត់អាចទៅយកបច្ចេកទេសបាន។ អ្នកដែលបច្ចេកទេសថ្ងៃក្រោយមកអាចឱ្យបានដែរ។ ទាមទារការសហការណ៍រវាងក្រសួងការងារ ក្រសួងអប់រំ មុខងារសាធារណៈ ក្រសួងហិរញ្ញវត្ថុ ព្រោះធ្វើអីក៏ត្រូវមានថវិកាដែរ។ មុខងារសាធារណៈរឿងអប់រំនេះមិនពាក់ព័ន្ធច្រើនទេ។ អប់រំជាមួយនឹងការងារ ព្រោះបណ្តុះបណ្តាលពីរ។ យើងមានក្រសួងផ្សេងទៀតដែលបណ្តុះបណ្តាលដែរ ក្រសួងសុខាភិបាលក៏ចេញសញ្ញាបត្រ ក្រសួងធម្មការក៏ចេញដែរ។ តែយើងមិនថាទៅផ្គូផ្គងថ្នាក់ទី ៩ ឱ្យទៅបួសទេ។ បើគាត់ចង់ទៅបួសរឿងរបស់គាត់ជាជម្រើស។ ហោចណាស់យើងផ្គូផ្គងរវាងចំណេះដឹងទូទៅ និងបណ្តុះបណ្តាលបច្ចេកទេស វិជ្ជាជីវៈ។ យើងជួយតម្រង់ទិសក្មួយៗ តាំងពីថ្នាក់តូចតែម្តង។ មិនមែនតម្រង់ទិស តែក្មួយៗអត់មានសិទ្ធសម្រេចនោះទេ។ អញ្ចឹងហើយបានការចូលរួមរបស់ឪពុកម្តាយជាមួយសាលាជាមួយអប់រំត្រូវការសំខាន់ណាស់។

ប្រទេសខ្លះគេដាក់លក្ខខណ្ឌ។ ដូចនៅ អាល្លឺម៉ង់ អ្នកប្រឡងថ្នាក់ទីប៉ុន្មានអញ្ចឹង បានកម្រិតខ្ពស់ប៉ុន្មានគេឱ្យទៅ Polytechnic។ គេមាន Quota ដូចនៅ សាំងហ្គាពួរ។ យើងមិនបាច់ដល់ហ្នឹងទេ។ ឈានទៅដល់ការតម្រង់ទិសឱ្យគាត់មានការស្ម័គ្រចិត្ត តែណែនាំបណ្តុះបណ្តាលគាត់ ហើយត្រៀមការបណ្តុះបណ្តាលនេះ។ ការតម្រង់ទិសនេះ ត្រូវគិតព្រោះគោលដៅយើងគឺត្រូវឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋយើង និងតម្រូវការការរីកលូតលាស់សេដ្ឋកិច្ច។ អញ្ចឹងការអប់រំយើងដែលខ្ញុំសុំលើកពាក់ព័ន្ធថ្ងៃនេះ អញ្ចឹងត្រឡប់ទៅវិញនៅ។

[បន្តអានសុន្ទរកថា ២]

ក្នុងឱកាសនេះ ខ្ញុំក៏សូមប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្តង់ដារសាលារៀនគំរូ និងពានរង្វាន់សាលាគំរូ សម្តេច មហាបវរធិបតី សម្រាប់សាលារៀន ដែលសម្រេចបានស្តង់ដារសាលារៀនគំរូ ចាប់ពីឆ្នាំសិក្សា ២០២៣​-​២០២៤ នេះតទៅ។ គោលដៅគឺដើម្បីឱ្យទី១ សាលារៀនមានគណនេយ្យភាពជាមួយនឹងសហគមន៍ និងសម្រេចបានស្តង់ដារសាលារៀនគំរូ ទី២ សាលារៀនមានស្វ័យភាព កែលម្អសាលារៀន ថ្នាក់រៀន ផ្ដល់​ការ​អភិ​វឌ្ឍវិជ្ជាជីវៈជាប្រចាំដល់គណៈគ្រប់គ្រងសាលារៀន និងគ្រូបង្រៀន។ ទី ៣ សិស្សមានសមត្ថភាព និងធ្វើតេស្ដស្ដង់ដារប្រកបដោយតម្លាភាព និងយុត្ដិធម៌។ ទី ៤ គ្រូបង្រៀនអាចប្រើប្រាស់លទ្ធភាពតេស្ដដើម្បីកែលំអរ​ការបង្រៀន និងអភិវឌ្ឍគុណវុឌ្ឍជាប្រចាំ ហើយថែមទាំងអាចជួយសិស្សរៀនយឺត និងអាចផ្ដល់ព័ត៌មាន​ត្រឡប់ទៅ​ មាតាបិតា អាណាព្យាបាល និងសហគមន៍វិញ បានទាន់ពេលវេលា។ ទី ៥ បង្កើនការបង្កើតសកម្ម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ភាពក្រៅម៉ោង​សិក្សាដើម្បីអប់រំគុណធម៌ សីលធម៌ សុជីវធម៌ ដល់សិស្សានុសិស្ស។ ទី ៦ យកចិត្តទុកដាក់លើបញ្ហាសុខភាពសិក្សា និង​អាហារូបត្ថម្ភរបស់សិស្សានុសិស្ស។ ទី ៧ មានការចូលរួមពីមាតា បិតា អាណាព្យាបាល និងសហគមន៍ ក្នុងការគាំទ្រ និងអភិវឌ្ឍសាលារៀនឲ្យមានប្រសិទ្ធភាព។

ដូច្នេះ សម្រាប់រយៈពេល ២ ឆ្នាំខាងមុខ ខ្ញុំសុំស្នើគ្រប់ភាគីពាក់ព័ន្ធទាំងអស់ចូលរួមអភិវឌ្ឍសាលារៀនចាប់ពីថ្នាក់​មត្តេយ្យ​ដល់មធ្យមសិក្សាតាមគ្រប់រូបភាព គ្រប់មធ្យោបាយ តាមស្ដង់ដារទាំង ៥ រួមមាន ទី១ លទ្ធផលសិក្សារបស់សិស្ស ត្រូវកំណត់យកលទ្ធផលសិក្សារបស់សិស្សជាគោល និងកំណត់យកមុខវិជ្ជា ភាសាខ្មែរ គណិតវិទ្យា និងវិទ្យា​សាស្ដ្រ ជាមុខវិជ្ជាអាទិភាព។ ទី២ ការបង្រៀន និងរៀន ត្រូវបង្កើតកម្មវិធីសិក្សាបន្ថែម ដូចជាការបង្រៀនភាសា​បរទេស កុំព្យូទ័រ បំនិនជីវិតមូលដ្ឋាន ហើយត្រូវរៀបចំកម្មវិធីក្រៅម៉ោងសិក្សា ដូចជាកម្មវិធីអភិវឌ្ឍយុវជន កម្មវិធីស្ម័គ្រចិត្តសហគមន៍​ កម្មវិធីបរិស្ថាន និងត្រូវពង្រឹងវិន័យ សីល​ធម៌ ចរិយាធម៌ សុជីវធម៌ គុណធម៌ និង ឥរិយាបថល្អរបស់បុគ្គលិកអប់រំ និងសិស្សានុសិស្ស។ ទី៣ ការចូលរួមរបស់សហគមន៍ និង មាតាបិតា ខ្ញុំសូមអំពាវនាវដល់មាតាបិតា អាណាព្យាបាល និងសហគមន៍ សូមជួយជំរុញការសិក្សារបស់សិស្ស និងទប់ស្កាត់ការបោះបង់ការសិក្សាហើយត្រូវលើក​ទឹកចិត្តកូនឲ្យចូលរៀនសាលាឱ្យបានគ្រប់ៗគ្នា។ ទី៤ ដំណើរប្រតិបត្ដិការរបស់សាលា និងរដ្ឋបាលសាលារៀន ត្រូវធ្វើអធិការកិច្ចផ្ទៃក្នុង និងកិច្ចការប្រជុំបច្ចេកទេស ហើយគណៈគ្រប់គ្រងនិងគ្រូបង្រៀន ត្រូវបានទទួលការអភិវឌ្ឍសមត្ថភាពជាប្រចាំ។ ទី៥ គណនេយ្យភាពរបស់សាលារៀន គ្រូបង្រៀនគឺត្រូវគោរពតាមក្រមសីលធម៌វិជ្ជាជីវៈ ត្រូវបង្រៀនឲ្យបានគ្រប់ម៉ោងតាមកម្មវិធីសិក្សាដែលបានកំណត់ អង្គភាពថ្នាក់ជាតិ និងក្រោមជាតិ ត្រូវចុះពិនិត្យសាលារៀនជួយគាំទ្រ និងផ្តល់ការហ្វឹកហាត់ ប្រកបដោយប្រសិទ្ធភាពគឺគាំទ្រលោកគ្រូអ្នកគ្រូ។

ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមស្នើ មាតា បិតា និងអាណាព្យាបាលទាំងអស់ សូមចូលរួមឲ្យកាន់តែសកម្មក្នុងការ​ជួយសអប់រំកូនចៅ ឲ្យមានចរិយាសម្បត្ដិស័ក្តិសមជាកុលបុត្រខ្មែរ ដែលមានអារ្យធម៌ខ្ពង់ខ្ពស់ មានគុណធម៌ សីលធម៌និងសុជីវធម៌ ព្រមទាំងដឹង​នូវគុណូបការៈចំពោះលោកគ្រូអ្នកគ្រូ ដែលបានបង្ហាត់បង្រៀនកូនខ្មែរឲ្យមានចំណេះដឹង ជំនាញ សមត្ថភាព និងទេពកោសល្យ។ មុននឹងបញ្ចប់ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាថ្មីម្ដងទៀត ជូនចំពោះលោកគ្រូ អ្នកគ្រូ នៅទូទាំងប្រទេស ដែលបានខិតខំលះបង់កំលាំងកាយចិត្ត ប្រាជ្ញាស្មារតី​ បង្ហាត់បង្រៀនសិស្សឲ្យទទួលចំណេះដឹង ជំនាញ សីលធម៌ ចរិយាធម៌ និងកាយសម្បទារឹងមាំ ដើម្បីក្លាយជាពលរដ្ឋល្អ ជាសសរទ្រូងដ៏រឹងមាំក្នុងការអភិវឌ្ឍប្រទេសជាតិឲ្យ​សំបូររុងរឿងទាំងបច្ចុបប្បន្ន និងទៅអនាគត។

ជាទីបញ្ចប់ ជាមួយនឹងការប្រារព្ធទិវាគ្រូបង្រៀនដ៏អធិកអធមនេះ ខ្ញុំសូមជូនពរសម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្ដរជាតិ បងប្អូនជនរួមជាតិ លោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្ស និស្សិតទាំងអស់ សូមប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភានៈកុំបីឃ្លៀងឃ្លាតឡើយ។ សូមអរគុណ។ ក្នុងឱកាសនេះផងដែរ សំរាប់គណៈកម្មាការរៀបចំអង្គពិធីអបអរសាទរទិវាបុណ្យគ្រូ ៥ តុលា ២០២៣ ចំនួន ២០ លានរៀល។ ជូនវិទ្យាស្ថានបច្ចេកវិទ្យា ថវិកា ១០ លានរៀល។ ជូនក្រុមគ្រូពេទ្យប្រចាំអង្គពិធី ថវិកា ៣ លានរៀល៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...