សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យបន្តថែរក្សាវប្បធម៌ខ្មែរ ដែលដូនតាជំនាន់មុនបន្សល់ទុក

FN- (ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ បានថ្លែងជំរុញឱ្យបន្តថែរក្សាវប្បធម៌ខ្មែរ ដែលដូនតាជំនាន់មុន បានបន្សល់ទុកមក។

សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញបែបនេះ​ ពេលអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ «រមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានដាក់បញ្ចូល ជាសម្បត្តិបេតិកភណ្ឌពិភពលោក» នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

ក្នុងឱកាសនោះ សម្តេចធិបតី ក៏បានកោតសរសើរក្រសួងវប្បធម៌ និងភាគីពាក់ព័ន្ធ ដែលបានខិតខំរហូតធ្វើឱ្យប្រាសាទកោះកេរ ក្លាយជាសម្បត្តិបេតិកភណ្ឌពិភពលោក ផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «(សូម) រក្សាការពារឲ្យបានគង់វង្សជារៀងរហូតក្រោមម្លប់នៃសន្តិភាព ដែលជាប្រជាជាតិ និងប្រជាជនខ្មែរគ្រប់ស្រទាប់ ត្រូវសាមគ្គីគ្នាថែរក្សា ទប់ស្កាត់រាល់សកម្មភាព ដែលបង្កើតភាពវឹកវរបង្កើតសង្គ្រាម ដើម្បីភាពរីកចម្រើនរុងរឿងប្រទេសជាតិយើង ទាំងបច្ចុប្បន្ន និងអនាគត»។

សម្តេចធិបតី ក៏បានអរគុណ និងកោតសរសើរ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះបងប្អូនជនរួមជាតិទាំងអស់ ទាំងព្រះសង្ឃ ទាំងគ្រហស្ថ សិស្សនិស្សិត​ ក៏ដូចជាបណ្តាបក្សនយោបាយ សង្គមស៊ីវិល ដែលបានចូលរួមអបអរយ៉ាងសកម្ម ទូទាំងប្រទេស ពីព្រឹកមិញ តាមគ្រឹះស្ថានសិក្សា ស្ថាប័នរដ្ឋ និង​ឯកជន បានរួមគ្នាវាយគង ទូងស្គរ ទាំងប៉ោង និងរគាំង ដើម្បីអបអរសាទរ រមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក។

សម្តេច ថែមទាំងបានកោតសរសើរ បណ្តាញព័ត៌មានទាំងអស់ ដែលបានយកចិត្តទុកដាក់ និងបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ នូវព្រឹត្តិការណ៍ប្រកបដោយមោទនភាពជាតិ ជាមួយនឹងសាមគ្គីភាពដ៏រឹងមាំ ស្រលាញ់ និងអភិរក្សវប្បធម៌ ដែលជាអត្តសញ្ញាណជាតិ ស្ថិតក្នុងដួងចិត្តកុលបុត្រកូនខ្មែរគ្រប់រូប ជាអមតៈ។

សូមជម្រាបថា នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ គណៈកម្មការបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ ក្នុងសម័យប្រជុំលើកទី៤៥ ប្រព្រឹត្តទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត បានសម្រេចបញ្ចូល រមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក។

កន្លងមក ប្រាសាទកម្ពុជា ដែលត្រូវបានចុះជាសម្បត្តិបេតិកភណ្ឌពិភពលោក រួមមាន តំបន់អង្គរ (Angkor Zone) ត្រូវបានចុះបញ្ជីនៅឆ្នាំ១៩៩២, ប្រាសាទព្រះវិហារ (Temple of Preah Vihear) ចុះបញ្ជីឆ្នាំ២០០៨ និងតំបន់ប្រាសាទសំបូរព្រៃគុក (Temple Zone of Sambor Prei Kuk) ចុះបញ្ជីនៅឆ្នាំ២០១៧៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ព្រះមហាក្សត្រ ស្តេចយាងពន្លត់ភ្លើងជ័យ ខួបលើកទី៧១ ទិវាបុណ្យឯករាជ្យជាតិ ០៩ វិច្ឆិកា...

ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅរសៀល ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ព្រះអង្គទ្រង់ស្តេចយាងពន្លត់ភ្លើងជ័យ