(ភ្នំពេញ)៖ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី នៅរសៀលថ្ងៃទីពុធ ទី៦ កញ្ញា ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-កាណាដា។
កិច្ចប្រជុំកំពូលអាស៊ាន-កាណាដា ដឹកនាំដោយលោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី និងជាប្រធានអាស៊ាន និងលោក ចាស់ស្ទីន ទ្រូដូ នាយករដ្ឋមន្ត្រីកាណាដា។
កិច្ចប្រជុំនេះ ក៏មានការយាង និងអញ្ជើញចូលរួមពីសំណាក់ព្រះចៅស៊ុលតង់ ហាជី ហាសិនណល់ ប៊ូលហ្កះ ព្រះមហាក្សត្រនៃប្រទេសប្រ៊ុយណេដារូសាឡឹម, លោក លី ស៊ានឡុង នាយករដ្ឋមន្ត្រីសិង្ហបុរី, លោក ផាម មីងជិញ នាយករដ្ឋមន្ត្រីវៀតណាម, លោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ, លោក ហ្វេដីណេន ម៉ាកូស ប្រធានាធិបតីហ្វីលីពិន និងលោក អាន់វ៉ា អ៉ីប្រាហ៉ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី។ រីឯប្រទេសអញ្ជើញជាតំណាងដោយមន្ត្រីជានខ់្ពស់ ខណៈមេដឹកនាំមីយ៉ាន់ម៉ា មិនត្រូវបានអនុញ្ញាតឱ្យចូលរួមនោះឡើយ។
កិច្ចប្រជុំនេះ លោក កៃ រ៉ាឡា ហ្សាណាណា ហ្គូសម៉ៅ (Kay RaLa Xanana Gusmao) នាយករដ្ឋមន្ត្រីទីម័រខាងកើត ត្រូវបានអនុញ្ញាតឱ្យចូលរួមផងដែរ ក្នុងឋានៈជាអ្នកសង្កេតការណ៍។ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ក៏បានអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំនេះផងដែរ។
ទំនាក់ទំនងកិច្ចសន្ទនាអាស៊ាន-កាណាដា ត្រូវបានបង្កើតឡើងក្នុងខែកុម្ភៈ ឆ្នាំ១៩៧៧ ក្រោយការកោះប្រជុំផ្លូវការលើកដំបូង រវាងរដ្ឋលេខាធិការកាណាដា សម្រាប់កិច្ចការបរទេស និងគណៈកម្មាធិការអចិន្ត្រៃយ៍អាស៊ាន។ នៅឆ្នាំ១៩៨១ កិច្ចព្រមព្រៀងសហប្រតិបត្តិការសេដ្ឋកិច្ច អាស៊ាន-កាណាដា (ACECA) ត្រូវបានចុះហត្ថលេខាដោយដាក់មូលដ្ឋាន សម្រាប់កិច្ចសហប្រតិបត្តិការឧស្សាហកម្ម ពាណិជ្ជកម្ម និងបច្ចេកទេសរវាងភាគីទាំងពីរ។
នៅឆ្នាំ២០២០ ការដោះដូរទំនិញទៅមក រវាងអាស៊ាន និងកាណាដា មានចំនួន ១៦,២ពាន់លានដុល្លារ និងការវិនិយោគផ្ទាល់ពីបរទេស (FDI) ពីកាណាដាមកអាស៊ានឈានដល់ ៥,១ពាន់លានដុល្លារ៕