រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ បង្ហាញការប្តេជ្ញាចិត្តដ៏មុតមាំរបស់ចិនជាមួយកម្ពុជា ក្នុងការជំរុញកិច្ចសហប្រតិបត្តិការឱ្យទទួលបានផ្លែផ្កា និងជោគជ័យ ហើយជឿជាក់លើការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត

(ភ្នំពេញ)៖ លោក លីវ ជានឆាវ (LIU Jianchao) រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បង្ហាញការប្តេជ្ញាចិត្តដ៏មុតមាំរបស់ចិនជាមួយកម្ពុជា ជំរុញកិច្ចសហប្រតិបត្តិការឱ្យទទួលបានផ្លែផ្កា និងជោគជ័យ ហើយជឿជាក់លើការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
 
ការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់ចិននេះ ធ្វើឡើងក្នុងឱកាសចូលជួបសម្តែងការគួរសមជាមួយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣ នាវិមានសន្តិភាព។
 
ក្នុងជំនួបនេះ សម្ដេចមហាបវរធិបតី បានសម្តែងនូវការស្វាគមន៍យ៉ាងជ្រាលជ្រៅ ចំពោះដំណើរទស្សនកិច្ច របស់លោក លីវ ជានឆាវ ដែលឆ្លុះបញ្ចាំងអំពីកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងដ៏ជិតស្និទ្ធរវាងបក្ស និង រដ្ឋ នៃប្រទេសទាំងពីរ។
 
លោក លីវ ជានឆាវ ក៏បានលើកឡើងផងដែរ អំពីការយកចិត្តទុកដាក់ខ្ពស់ចំពោះកម្ពុជា ពីសំណាក់ថ្នាក់ដឹកនាំចិន ជាពិសេសពីសំណាក់ លោកប្រធានាធិបតី ស៊ី ជីនភីង និងសូមអបអរចំពោះជោគជ័យភ្លូកទឹកភ្លូកដី របស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតសកល កាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងកមនេះ។
 
ជាមួយនឹងការថ្លែងអំណរគុណ, សម្ដេចមហាបវរធិបតីបានបញ្ជាក់ថា លទ្ធផលដ៏ល្អនេះ បានបង្ហាញអំពីការវាស់ស្ទង់ពីរ គឺ (១). ការគាំទ្ររបស់ប្រជាជនកម្ពុជា ចំពោះសម្ដេចតេជោ ហ៊ុន សែន និង គោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និង (២). ការគាំទ្ររបស់ប្រជាជនកម្ពុជា ចំពោះអ្នកបន្តវេនរបស់កម្ពុជា។
 
សម្តេចមហាបវរធិបតី ក៏បានគូសបញ្ជាក់បន្ថែមផងដែរថា ការអភិវឌ្ឍលើគ្រប់វិស័យរបស់កម្ពុជា គឺមិនអាចកាត់ផ្តាច់ចេញបានឡើយ ពីការជួយឧបត្ថម្ភពីសំណាក់រដ្ឋាភិបាល និងប្រជាជនចិន ជាពិសេសការផ្តល់ជំនួយទាន់ពេលក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩ ប្រកបដោយជោគជ័យរបស់កម្ពុជា ។
 
លោក លីវ ជានឆាវ បានបង្ហាញនូវការប្តេជ្ញាចិត្តដ៏មុតមាំរបស់ចិន ជាមួយកម្ពុជា ក្នុងការជំរុញការអនុវត្តគំនិតផ្តួចផ្តើម និង កិច្ចសហប្រតិបត្តិការគ្រប់រូបភាព ឱ្យទទួលបានផ្លែផ្កា និងជោគជ័យ។ ក្នុងន័យនេះ លោកបានគូសបញ្ជាក់ថា រដ្ឋាភិបាលចិនបន្តគាំទ្រដល់រាជរដ្ឋាភិបាលនីតិកាលទី ៧នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ។
 
លោកក៏បានវាយតម្លៃខ្ពស់ផងដែរ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដ៏គ្រប់ជ្រុងជ្រោយ ប្រកបដោយ យុទ្ធសាស្ត្រ និងចក្ខុវិស័យច្បាស់លាស់ ក្នុងរយៈពេលមិនដល់១ខែ នៃការចូលកាន់តំណែងរបស់ សម្ដេចមហាបវរធិបតី។
 
សម្តេចមហាបវរធិបតីបានថ្លែងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា និង ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, គណបក្សប្រជាជនកម្ពុជានឹងបន្តគាំទ្រគោលនយោបាយចិនមួយ ហើយសម្ដេចមហាបវរធិបតី ប្តេជ្ញានឹងលើកកម្ពស់សហប្រតិបត្តិការរវាងយុវជននៃប្រទេសទាំងពីរ ឱ្យកាន់តែស្អិតរមួតបន្ថែមទៀត មានដូចជាការបណ្តុះបណ្តាលយុវជន, គម្រោងផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន, និង កិច្ចសហប្រតិបត្តិការដទៃទៀត ដែលគ្រោងនឹងចុះអនុស្សារណៈយោគយល់គ្នា (MOU) នាពេលខាងមុខនេះ ជាសក្ខីភាពស្រាប់ ។
 
លោក លីវ ជានឆាវ បានសម្ដែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការបន្តអនុវត្តការទូតមេត្រីភាពចំពោះចិន ។ នេះ គឺជាឆន្ទៈដ៏មុតមាំនៃការកសាងឱ្យបាននូវសហគមន៍ជោគវាសនារួមចិន-កម្ពុជា ក្នុងយុគសម័យថ្មី ឆ្នាំ២០២៤-២០២៨ ដែលប្រទេសទាំងពីរជាមិត្តភ័ក្តិដ៏ស្មោះត្រង់ និង ជាបងប្អូនបង្កើត ដែលរួមសុខរួមទុក្ខនឹងគ្នាជាដរាបរៀងមក។
 
លោក លីវ ជានឆាវ មានក្តីសង្ឃឹមយ៉ាងមុតមាំចំពោះការអភិវឌ្ឍរបស់កម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ដែលជាអ្នកនយោបាយវ័យក្មេង, ពោរពេញទៅដោយសមត្ថភាព, ចក្ខុវិស័យវែងឆ្ងាយ និងមានមនសិការនយោបាយដ៏គួរឱ្យគោរព។
 
លោកបានសម្តែងនូវការកោតសរសើរ ចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលជាអ្នកយុទ្ធសាស្រ្ត អ្នកបដិវត្ត អ្នកដឹកនាំ និងយោធាដ៏ពិតប្រាកដ និង ត្រូវបានចាត់ទុកជាគ្រូបង្រៀនវិស័យនយោបាយដ៏គួរឱ្យគោរពរបស់ថ្នាក់ដឹកនាំចិន ។
 
សម្ដេចមហាបវរធិបតី បានសម្តែងនូវការវាយតម្លៃខ្ពស់ ចំពោះប្រសាសន៍ដ៏មានអត្ថន័យនេះ និងបានជូនពរលោក លីវ ជានឆាវ ឱ្យទទួលបានជោគជ័យជាផ្លែផ្កា នៅក្នុងដំណើរទស្សនកិច្ចនេះ និងសូមធ្វើដំណើរមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្រង់ខ្លឹមសារប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងក្នុងសេចក្តីថ្លែងការណ៍រួមជាមួ...

នុងដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសម៉ាឡេស៊ីនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា