សម្រង់ប្រសាសន៍ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីសំណេះសំណាលជាមួយកម្មករ-និយោជិត តាមរោងចក្រ-សហគ្រាស នៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល

សម្រង់ប្រសាសន៍សំខាន់ៗរបស់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីសំណេះសំណាលជាមួយកម្មករ-និយោជិត តាមរោងចក្រ-សហគ្រាសចំនួន ១៨,២៨៩នាក់ នៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល,
នាព្រឹកថ្ងៃសុក្រ ទី១ ខែកញ្ញា ឆ្នាំ២០២៣


CMF:

ឯកឧត្ដម លោកជំទាវ គណៈកម្មាធិការទី៨ព្រឹទ្ធសភា

ឯកឧត្ដមសមាជិករដ្ឋសភានិងជាអ្នកតំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ

ឯកឧត្ដម លោកជំទាវ សមាជិក/ជិការាជរដ្ឋាភិបាល គណៈអធិបតី ភ្ញៀវកិត្តិយស

និងបងប្អូន កម្មករ និយោជិតទាំងអស់ ជាទីស្រឡាញ់រាប់អាន!

(១) សមាជិករាជរដ្ឋាភិបាលមានការងារត្រូវធ្វើបន្ទាន់ សូមចាត់អ្នកតំណាងមកជំនួស

ថ្ងៃនេះ ខ្ញុំមានកិត្តិយសដែលបានមកចូលរួមណាត់ជួបជាមួយប្រជាពលរដ្ឋ ជាពិសេសកម្មករ/ការិនីនៅក្រុងតាខ្មៅពេលនេះ។ សូមអរគុណផងដែរជូនដល់ឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា ជាពិសេសសមាជិករាជរដ្ឋាភិបាល ដែលបានចូលរួមក្នុងថ្ងៃនេះច្រើនកុះករ។ កម្មវិធីទី១ ក៏បានច្រើន។ ខ្ញុំអរគុណណាស់ដែលបានឆ្លៀតឱកាសនេះ ក៏ប៉ុន្តែគិតថាម៉ោងនេះម៉ោងវិលជុំ ត្រូវធ្វើការងារជាប្រចាំដើម្បីដោះស្រាយ ឯកឧត្ដមខ្លះត្រូវលើកពេលប្រជុំកិច្ចការសំខាន់ដើម្បីមកចូលរួមនេះ ខ្ញុំគិតថា ទន្ទឹមនឹងការអរគុណដើម្បីឆ្លៀតពេលនេះ ខ្ញុំក៏សុំផ្ដល់គោលការណ៍ថា … បើសិនជាមានកិច្ចការត្រូវប្រជុំអី គឺមិនចាំបាច់(មក)ចូលរួមទេ ហើយសូមពិធីការចាត់ចែងតាមហ្នឹង ដើម្បីទុកឲ្យឯកឧត្ដម លោកជំទាវ ជាពិសេសសមាជិករាជរដ្ឋាភិបាលត្រូវការដឹកនាំដោះស្រាយ(កិច្ចការនៅក្រសួង)។ ប៉ុន្តែ គ្រាន់ថាក្នុងករណីឯកឧត្ដម លោកជំទាវ ជារដ្ឋមន្រ្តីមិនបានចូលរួម សូមចាត់រដ្ឋលេខាធិការប្រចាំការ ឬថ្នាក់ដឹកនាំរដ្ឋលេខាធិការណាមួយ ចូលរួមដើម្បីបានក្ដាប់នូវការងារ ហើយក្រែងលោខ្ញុំមានសំណួរចាំឆ្លើយផង។

(២) យកប្រជាជនជាធំ ជាប្រពៃណីនិងទិសដៅសំខាន់បំផុតរបស់គណបក្សប្រជាជន

​ អរគុណសាជាថ្មី ការចូលរួមរបស់អស់ឯកឧត្ដម លោកជំទាវ គឺបង្ហាញអំពីទីមួយសាមគ្គីភាពរបស់ជួរថ្នាក់ដឹក​នាំរបស់យើងនៅក្នុងការ​ផ្ដល់នូវការយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋ ជួបប្រជាពលរដ្ឋ ជួបកម្មករ/ការិនី គឺជាកិច្ចការសំខាន់ដែលយើងត្រូវធ្វើ … ការយកចិត្តទុកដាក់គ្រប់ស្ថាប័នថ្នាក់ជាតិនិងក្រោមជាតិរបស់រាជរដ្ឋាភិបាល ជាពិសេសនៅក្នុង៤០ឆ្នាំនេះ ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គឺយើងផ្ដល់អាទិភាពទៅលើការបម្រើប្រជាពលរដ្ឋជាធំ។ រដ្ឋាភិបាលអាណត្តិទី៧នេះ កើតចេញពីការបោះឆ្នោត បង្កើតបានជារដ្ឋាភិបាលដែលដឹកនាំបន្តរបស់គណបក្សប្រជាជនកម្ពុជាក៏មិនចោលនូវប្រពៃណី និងទិសដៅសំខាន់បំផុត គឺយកប្រជាជនជាធំក្នុងការបំពេញភារកិច្ចរបស់ខ្លួន ដែលជាគោលការណ៍សំខាន់។

អរគុណណាស់ ជាពិសេស ចំពោះក្រុមការងាររៀបចំរបស់ក្រសួងការងារ របស់អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចគ្រប់ជំនាញពាក់ព័ន្ធ ក្នុងការរៀបចំពិធីនេះ។ អរគុណណាស់ចំពោះម្ចាស់ក្រុមហ៊ុន ដែលបានអនុញ្ញាតឲ្យបងប្អូនកម្មករ/ការិនី បានចូលរួមនៅក្នុងកម្មវិធីនេះ ហើយចប់ពីនេះក៏បានសម្រាកម្ង៉ៃដោយមិនកាត់(ប្រាក់ខែ)។ ធម្មតា ការជួបជុំកម្មករ/ការិនី យើងត្រូវរៀបចំថ្ងៃអាទិត្យជាថ្ងៃសម្រាក។ ប៉ុន្តែថ្ងៃនេះមិនមែនជាថ្ងៃអាទិត្យ អញ្ចឹងទាល់តែមានការយោគយល់។ ខ្ញុំសូមអរគុណណាស់ជាមួយការចូលរួមរបស់ថ្នាក់ដឹកនាំ និយោជក ដែលបានចូលរួមនៅក្នុងការពង្រឹងស្ថាប័ន/ក្រុមហ៊ុនរបស់ខ្លួន ដើម្បីធានានូវកិច្ចការងារនិងភាពជោគជ័យនៃកិច្ចការងាររបស់យើង។ ជាពិសេស អរគុណបងប្អូនដែលជាកម្មករ/ការិនីដែលអញ្ជើញមកតាំងពី ដែលអ្នកខ្លះងើបតាំងពីម៉ោង១នោះ ហើយមកដល់នេះម៉ោង៣ ម៉ោង៤ អ្នកខ្លះអត់បានសម្រាកផងនោះ ខ្ជិលគង់តែចាំហើយ ចាំដាក់មួយល្ងាចតែម្ដងស្រង់ដើម។

(៣) អ្នកចំណូលថ្មីនៅក្រុងតាខ្មៅ

ឥឡូវខ្ញុំក៏អ្នកតាខ្មៅដែរ។ អ្នកចំណូលថ្មី។ ប៉ុន្មានខែមុន អ្នកទួលគោក អ្នកបឹងកក់​ ឥឡូវមកចំណូលថ្មីនៅតាខ្មៅ។ អញ្ចឹងជាអ្នកភូមិផងរបងជាមួយបងប្អូនយើងទេ។ ថ្ងៃនេះសប្បាយរីករាយណាស់ ដែលបានជួបជុំគ្នាក្នុងបរិយាកាសមួយដែល(ល្អ)។ ទោះបីជាយើងត្រូវរៀបចំ ហើយត្រូវចូលរួមពីព្រឹកពិតមែន តែសន្ទស្សន៍នៃការរីករាយរបស់បងប្អូន ខ្ញុំ(ឃើញហើយ)សប្បាយចិត្ត។ អរគុណណាស់ចំពោះការរាប់អាន ហើយមកមិញគឺថាបានប៉ុន្មានខ្សឺតទៀត គឺឡើង(ដូចបានផឹក)បាកាស ២ពាន់កេសទៀត … អត់មានអ្នកអត់បានគេងល្ងាចមិញ ហើយយល់សប្តិ? ថ្ងៃមុន ទៅកន្លែងនោះ មានអ្នកអត់បានគេង តែយល់សប្តិ។ អរគុណណាស់ ថ្ងៃនេះ យើងមានប្អូនស្រីដែលនឹងក្លាយទៅជាមាតារបស់គេ មានភ្លោះម្នាក់ ស្រីទាំងពីរ។ ឥឡូវភ្លោះភាគច្រើនអត់ឆ្លាស់ ភាគច្រើនស្រី-ស្រី ឬប្រុស-ប្រុស។ ខ្ញុំបើបានភ្លោះអញ្ចឹង ខ្ញុំមិនពិបាកសុំប្រពន្ធខ្ញុំកូនទី៤ទេ។ សង្ឃឹមថា និយាយទៅ ប្រពន្ធខ្ញុំគាត់បានមើល គាត់នឹងមានក្ដីអាណិត ពិចារណា … កាលមុនគេចង់បានតែ២ទេ អត់ចង់បានទី៣ទេ។ ខ្ញុំសុំអត់បាន ទាល់តែថា កូនខ្ញុំពីរនាក់នេះគេសុំប្អូនបានៗ។ ដល់គេធំ ដល់អាយុមួយទៅ គេចង់បានប្អូន ព្រោះឥឡូវគេនៅតូច គេមិនចង់អ្នកណាពៅក្រៅពីគេទេ …។

(៤) រាជរដ្ឋាភិបាលគិតគូរពីធនធានមនុស្សតាំងពីចាប់កំណើត ក្រោយពេលកើត និងពេលធំធាត់

នេះក៏ជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលដែរ។ យើងគិតគូរ ជាពិសេសធនធានមនុស្សរបស់យើងតាំងពីតូចតាំងពីមុនកើត តាំងពីចាប់កំណើត គោលនយោបាយរបស់រាជរដ្ឋាភិបាល ដូចដែលឯកឧត្ដម ហេង សួ បានលើក គឺយើងគិតទាំងអស់។ គោលនយោបាយដែលបន្ត ត្រូវគិតបន្ថែមទៀតបន្តពីអ្វីដែលយើងធ្វើ។ អញ្ចឹងបានគេសួរថា គណបក្សប្រជាជនគោលនយោបាយដដែលៗ។ អត់ដដែលទេ លទ្ធផលវាប្រែប្រួល និងវិវត្ត​រហូត។ គោលនយោបាយគេមិនកាច់ចង្កូតលិចកើតទេ។ ធ្លាក់គ្រលុកឥឡូវហើយ។ គេទៅមានបន្ទាត់នយោបាយវែងឆ្ងាយ។ ថ្ងៃមុន ខ្ញុំបានលើកម្ដងហើយ ខ្ញុំមិនចាំបាច់លើកច្រើនទៀតទេ។ ជាគោលការណ៍សំខាន់ គឺផលប្រយោជន៍ជូនប្រជាជនឲ្យរស់រវើក ឲ្យកាន់តែល្អប្រសើរ។ ឥឡូវយើងទំនើបកម្ម ប្រទេសយើងទំនើប យើងសមាហរណកម្មនៅក្នុងពិភពលោក យើងប្រកួតប្រជែងជាមួយប្រទេសផ្សេងៗក្នុងពិភពលោក។ អញ្ចឹងយើងត្រូវធានានូវសមត្ថភាពក្នុងការប្រកួតប្រជែង ហើយសមត្ថភាពក្នុងការប្រកួតប្រជែងវាអាស្រ័យទៅលើអី? វាអាស្រ័យទៅលើប្រជាពលរដ្ឋដែលមានសមត្ថភាពប្រកួតប្រជែង។

យើងត្រូវគិតតាំងពីសុខភាព សមត្ថភាព ចំណេះដឹង ការរៀនសូត្រគាត់តាំងពីក្មេង។ យើងគិតគាត់តាំងពីមិនទាន់កើត តាំងពីចាប់កំណើតក្នុងផ្ទៃ យើងគិតពីគោលនយោបាយផ្សេងៗសម្រាប់គាត់។ រាជរដ្ឋាភិបាលដាក់ចេញនូវកញ្ចប់ថវិកាឧបត្ថម្ភស្រ្ដីមានផ្ទៃពោះ គិតតាំងពីកូនទើបចាប់កំណើត រហូតដល់កើតហើយក៏នៅបន្តជួយ ចូលទៅដល់មតេ្តយ្យ មតេ្តយ្យហើយត្រូវធ្វើម៉េច? ចប់ពីមត្តេយ្យ ត្រូវបឋម បឋមចប់ ត្រូវមធ្យម អញ្ចឹងទៅ។ រៀនហើយយកទៅណា? រកការងារ ខំបង្កើតការងារឲ្យ។ រៀនហ្នឹងមិនចាំបាច់ថាទាល់តែរៀនទៅដល់ថ្នាក់មហាវិទ្យាល័យនោះទេ រៀនហ្នឹងមានទាំងបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលក្រសួងការងារដើរតួនាទីសំខាន់។

(៥) លទ្ធផលបោះឆ្នោត២០២៣ សារសម្លេងបេះដូង បង្ហាញការទុកចិត្តលើគណបក្សប្រជាជន

បងប្អូនជឿចុះ ដរាបណាបងប្អូននៅបន្តជឿទុកចិត្តជូនគណបក្សប្រជាជនឲ្យនៅដឹកនាំបម្រើ​ប្រជាពលរដ្ឋ គោលនយោបាយបម្រើប្រជាពលរដ្ឋ បង្កើតការងារ និងបង្កើននូវគុណភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នឹងត្រូវបន្តជានិច្ច។ ជាការប្ដេជ្ញាចិត្ត ហើយជាការដែលយើងបានធ្វើមកហើយ ហើយនឹងបន្តធ្វើទៅទៀត។ ថ្ងៃនេះ ខ្ញុំក៏សូមអរគុណណាស់ចំពោះបងប្អូនកម្មករ/ការិនី ដូចជាក្រុមគ្រួសារ ក៏ដូចជាប្រជាពលរដ្ឋនៅក្រុងតាខ្មៅ និងទូទាំងខេត្តកណ្ដាល ដែលបាននៅឆ្នាំ២០២២ និង២០២៣ នេះ បានបញ្ចេញសារសម្លេងបេះដូងថា ខ្ញុំទុកចិត្តគណបក្សប្រជាជនកម្ពុជាដែលដឹកនាំដោយសម្ដេចតេជោនៅក្នុងការកសាងប្រទេសកន្លងទៅ ហើយនឹងផ្ដល់ឱកាសឲ្យគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំប្រទេសតទៅទៀត ជាពិសេសលទ្ធផលបោះឆ្នោតឆ្នាំ២០២៣នេះតែម្ដង។

(៦) កូវីដ-១៩ ប៉ះពាល់ដំណើរការសេដ្ឋកិច្ចនិងការអភិវឌ្ឍប្រទេស

ថ្ងៃនេះ ខ្ញុំក៏សូមអរគុណ និងសូមផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ។ តាមពិតលោកត្រូវចុះ១០កម្មវិធីក្រោយបោះឆ្នោត ព្រោះមុនហ្នឹងបោះឆ្នោត លោកបានដាក់កម្មវិធីចុះជួបកម្មករ/ការិនី។ តាមពិត លោកជួបឆ្នាំ២០១៨បើកឆាកជុំទី១ បន្ទាប់ទៅជុំទី២ តែជាការសោកស្ដាយដោយសារកូវីដ-១៩ យើងលំបាក។ ថ្ងៃមុន ពេលចប់ ពេលសភាបោះឆ្នោតជាកញ្ចប់ចប់ ថ្ងៃទី២២ សម្ដេចធ្វើសន្និសីទសារព័ត៌មានមួយ ពេលនោះមានអ្នកសារព័ត៌មានមួយបានសួរសម្ដេចថា សម្ដេចស្ដាយអី? សម្ដេចស្ដាយ(ការបាត់បង់)ឱកាស ដែលកូវីដ-១៩ ប៉ះពាល់ទៅដល់ជីវភាពរបស់ប្រជាពលរដ្ឋ ប៉ះពាល់ដំណើរការនៃការអភិវឌ្ឍប្រទេស ដែលយើងមានកំណើន ៧% ក្នុងមួយឆ្នាំ ជាងពីរទសវត្សរ៍។ យើងស្ដាយ។ បើសិនជាមិនមានកូវីដ-១៩ ពេលនោះ ទីមួយសេដ្ឋកិច្ចយើងនឹងដំណើរការ(ប្រសើរ) ទីពីរលោកប្រហែលជាមានឱកាសចូលជុំទី៣ ជុំទី៤ ជួបជាមួយបងប្អូនកម្មករ/ការិនី ប្រជាពលរដ្ឋច្រើនទៀត។ តែទោះបីជាកូវីដ-១៩ក៏ដោយ ក៏លោកមិនទៅណាចោលប្រជាពលរដ្ឋដែរ។ អត់បិទទ្វារចោលទេ។ នៅដឹកនាំ។ បញ្ជាការងារប្រចាំថ្ងៃដើម្បីជួយសង្រ្គោះជីវិតប្រជាពលរដ្ឋ។ គ្រាន់តែយើងស្ដាយថា ទីមួយវាប៉ះពាល់សេដ្ឋកិច្ច ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋយើង។ ទីពីរ ថវិកាដែលយើងសន្សំសម្រាប់ទៅធ្វើវិនិយោគទៅលើអីច្រើនមួយចំនួនត្រូវផ្អាក ដើម្បីជួយសង្រ្គោះជីវិតប្រជាជនជាធំ រួមទាំងកម្មករ/ការិនី និងគ្រួសាររបស់យើងផង។

ត្រូវវិនិយោគនៅក្នុងការធានាការថែទាំសុខភាពប្រជាពលរដ្ឋ អនុវត្តវិធានទប់ស្កាត់ បិទខ្ទប់ពេលខ្លះចាំបាច់ តែត្រូវធានាស្បៀងអាហារជូនប្រជាពលរដ្ឋ ត្រូវចេញកម្មវិធី ប្រជាពលរដ្ឋលំបាកបាត់បង់ការងារ ត្រូវជួយជាបដិភាគដើម្បីបង់ថ្លៃជីវភាពគាត់ ត្រូវរកវ៉ាក់សាំងមកចាក់ឲ្យទាន់ពេលវេលា ត្រូវការធ្វើម៉េចជួយ។ សម្ដេចនៅជាមួយប្រជាពលរដ្ឋគ្រប់ពេលវេលា គ្រាន់តែយើងស្ដាយឱកាសមិនបានផ្ទាល់ តែយើងធ្វើនេះ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ខ្ញុំមិនមែនឡើងមកនេះអង្គុយយំអំពីអ្វីដែលកើតឡើងទេ។ គ្រាន់តែមានការសោកស្ដាយដោយមានការបង្អាក់បន្ទុច។ ជាភ័ព្វសំណាង យើងបានធានានូវភាពសុខសាន្តរបស់ប្រជាពលរដ្ឋយើង ទោះបីជាក្នុងការលំបាកក៏ដោយ។ នៅក្នុងការលំបាកនៃពេលវេលាដ៏ខ្មៅ ដែលជីវិតប្រជាពលរដ្ឋរបស់យើងកំ​ពុងប្រឈមនឹងការលំបាក។ បងប្អូនអាចចាំហើយ ពីរឆ្នាំជាងមុន បើសិនជាស្ថានភាពកូវីដ-១៩ អត់មានមកថើបខ្ញុំអញ្ចេះទេ ហើយម៉ាស់មិនងាយដោះផង … យើងមិនជួបគ្នាបានផង … ឆ្នាំនេះយើងគ្រោងរៀបចំបុណ្យអុំទូកទៀត។ ខេត្តកណ្ដាលដូចមានរៀប​ចំដាច់ដោយឡែកមួយ ហើយសមជើងឲ្យហើយទៅ … ជំនាន់កូវីដ-១៩ យើងផ្អាកទាំងការប្រារព្ធពិធីប្រពៃណីអីទៀត តែឥឡូវយើងអាចរៀបចំដើម្បីបងប្អូនសប្បាយ។

(៧) ប្រជាពលរដ្ឋខំកសាងអនាគត ធ្វើការងារសុច្ចរិត បង្កើនសមត្ថភាពនិងចំណូល គឺស្នេហាជាតិ

អ្នកខ្លះគេថា ប្រជាជន​ខ្មែរគិតតែពីសប្បាយ មិនគិតពីរឿងជាតិ។ អ្នកខ្លះគេគិតថា រឿងជាតិទាល់តែទៅធ្វើបាតុ​កម្ម ធ្វើអី។ អត់ទេ ការគិតគូរធំបំផុតរឿងជាតិ គឺរឿងប្រជាពលរដ្ឋ ហើយប្រជាពលរដ្ឋម្នាក់ៗដែលខំកសាងអនាគតខ្លួនឯង ខិតខំប្រឹងប្រែងធ្វើការងារដោយសុច្ចរិត បង្កើនសមត្ថភាពនិងចំណូល រួមចំណែកនៅក្នុងការជួយអភិវឌ្ឍសេដ្ឋកិច្ចជាតិ កសាងភូមឃុំរបស់យើងនោះហើយការជួយប្រទេសជាតិ … អញ្ចឹងបើយើងខំប្រឹងធ្វើការ កសាងអនាគតរបស់យើង គ្រួសារយើង ភូមិឃុំយើង ប្រទេស​យើង គឺស្នេហាជាតិហើយ​ យើងគួរតែមានឱកាសសប្បាយរីករាយឈប់សម្រាកហ្នឹងហើយ ហើយកុំប្រកាន់។ រឿងស្រឡាញ់ជាតិ អ្នកណាក៏ស្រឡាញ់ដែរ ១៨ ០០០នាក់នៅទីនេះ កើតឡើងដោយការស្រឡាញ់ជាតិដោយថ្នាក់ដឹកនាំយើង ដែលខំទៅធ្វើការចរចារកការងារមក ខំថែរក្សាសុខសន្តិភាព ស្ថិរភាព កែទម្រង់ប្រព័ន្ធសេដ្ឋកិច្ចឱ្យយើងដើរកសាងហេដ្ឋារចនាសម្ព័ន្ធសាលារៀន មណ្ឌលសុខភាព ដើម្បីបងប្អូនបានសុខភាពរឹងមាំ ជីវភាព(ល្អ) ហ្នឹងហើយ​ជាការស្នេហាជាតិ។

ការដឹកនាំពង្រឹងប្រទេសជាតិ គឺដឹកនាំពង្រឹងប្រជាជន។ អញ្ចឹងការចូលរួម​លើក​កម្ពស់នូវស្មារតីសេ្នហាជាតិបែបវិជ្ជមាននេះ ជាកិច្ចការសំខាន់។ រឿងដែលយើងត្រូវរួមគ្នាការពារប្រទេសជាតិ​យើង គឺធ្វើឲ្យជាតិយើងខ្លាំង តាមរយៈការធ្វើឲ្យប្រជាពលរដ្ឋយើងខ្លាំង។ ហេតុនេះហើយបានជាអ្វីដែលយើងត្រូវ​ធ្វើ​បន្ដទៅទៀត គឺជួយពង្រឹងសេដ្ឋកិច្ចជាតិ តាមរយៈការជម្រុញកំណើនសេដ្ឋកិច្ច។ ការជួយប្រជាជនយើង​ឲ្យ​មានជីវភាព(ល្អ) តាមរយៈការបង្កើតការងារឲ្យបានច្រើន។ ការជំរុញការរៀបចំប្រព័ន្ធដឹកនាំឲ្យកាន់តែមានប្រសិទ្ធភាពនៅគ្រប់វិស័យ។ ការធានានូវសមធម៌ បានន័យថា ផលលាភដែលបានមក ត្រូវចែកដល់ដៃប្រជាពលរដ្ឋ​គ្រប់​កន្លែងទាំងអស់ បើអ្នកមិនទាន់ជោគជ័យរដ្ឋត្រូវជួយ ហ្នឹងហើយសមធម៌។ សមធម៌នេះ ក៏ត្រូវភ្ជាប់ជាមួយនឹងយុត្ដិធម៌សង្គមដែរ។ យុត្ដិធម៌សង្គមបានន័យថា ផលលាភ មិននៅប្រមូលផ្ដុំនៅលើអ្នកណាតែមួយ ប៉ុន្ដែចែកដល់​ដៃប្រជាជនទាំងអស់គ្នា ទាំងសិទ្ធិសេរីភាព ជីវភាពរស់នៅ និងឱកាសគ្រប់បែបយ៉ាងដើម្បីឲ្យប្រជាពលរដ្ឋ នេះហើយសមធម៌ និងយុត្ដិធម៌សង្គម។​ ចុងក្រោយ​ យើងត្រូវធ្វើទាំងអស់នេះដោយចីរភាព ធ្វើដោយនិរន្ដរភាព មិនអាច​មកសន្យាមួយថ្ងៃនេះ ហើយស្អែកឡើងរលាយរលត់ ធ្វើមិនបាន រត់ចោល អត់ទេ យើងត្រូវធ្វើអ្វីប្រយ័ត្នប្រយែង។

(៨) រក្សាលំនឹងក្នុងទីផ្សារការងារ បង្កើតសុខដុមរមនារវាងនិយោជិតនិងនិយោជក

អង្ករក្នុងឆ្នាំង យើងអាចបង្កើនបានទាល់តែពា​ងវានៅ(មាន) មែនទេ? បើបែកពាង យើងរកអីដាក់បាន។​ អញ្ចឹងការរៀបចំ​គោលនយោបាយដើម្បីជួយវិស័យការងារនេះ ត្រូវធ្វើយ៉ាងណារក្សាលំនឹងនៅក្នុងទីផ្សារការងាររបស់យើង បរិស្ថានការងាររបស់យើង ត្រូវយកចិត្តទុកដាក់ទាំងកម្មករ និយោជិត ទាំងនយោជក ដើម្បីធ្វើយ៉ាងណាបង្កើត​សុខដុមរមនា ព្រោះទាំងពីរនាក់នេះជាប្ដីប្រពន្ធក្នុងការបង្កើតការងារ។ និយោជក ខ្ញុំមិនគិតតែ​ថៅកែក្រុមហ៊ុនធំៗទេ សូម្បីតែបងប្អូនដែលមានអាជីកម្មតូច បើកហាងគុយទាវ មានបុគ្គលិកពីរបីនាក់ ក៏យើងត្រូវគិតទាំងអស់។ ហ្នឹងដែលយើងត្រូវយកចិត្តទុកដាក់លើសហគ្រាសធុនតូច និងមធ្យម ហើយមីក្រូ។ ឥឡូវយើងចេញគោលនយោបាយ ទាំងបងប្អូនដែលប្រកបរ​បរខ្លួនឯង។ ជួនកាលបងប្អូនដែលប្រកបរបរលក់ដូរខ្លួនឯង ដូចជាគាត់មានធុងលក់ទឹកអំពៅមួយ​​ អាហ្នឹងដាក់គាត់ជាថៅកែផង ជាបុគ្គលិកផង។ យើងគិតទាំងអស់​ មិនមែនថា ទាល់តែ​ក្រុមហ៊ុនធំទេ។ ហ្នឹងហើយជាគោលនយោបាយនៃរាជរដ្ឋាភិបាលអាណត្ដិទី ៧ ដែលដាក់ចេញនូវគោលនយោ​បាយ​បំរើប្រជាពលរដ្ឋ។ ធ្វើដើម្បីអ្នកណា? ដើម្បីបងប្អូនទាំងអស់គ្នានៅទីនេះដើម្បីគ្រួសា​រ​បងប្អូនទាំងអស់ ដើម្បីកូនចៅ​ជំ​នាន់ក្រោយរបស់បងប្អូន ដើម្បីប្រជាពលរដ្ឋនៅក្រុងតាខ្មៅ ដើម្បីប្រជាពលរដ្ឋនៅខេត្តកណ្ដាល ដើម្បីប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដើម្បីគាំពារបន្ថែមទៀត។ ប្រជាជនខ្មែរយើងដែលរស់នៅធ្វើការងារក្រៅប្រទេស​ក៏យើងត្រូវគាំពារដែរ នៅក្នុងរដ្ឋធម្មនុញ្ញឲ្យតែប្រជាជនសញ្ជាតិខ្មែរ យើងត្រូវតែការពារទាំងអស់។

(៩) បង្កើតការងារ ដោយយកចិត្តទុកដាក់ដល់បរិមាណនិងគុណភាព

ការបង្កើតការងារ ​គឺ​ជាកិច្ចការសំខាន់ ដែលយើងត្រូវគិតទាំងបរិមាណនិងគុណភាព។ បរិមាណត្រូវគិតពីចំនួន និងទីតាំង។ បរិមាណ​យើងត្រូវបង្កើនឲ្យកាន់តែច្រើន។ ពិតណាស់បងប្អូន​ ប្រជាពលរដ្ឋយើងមានច្រើន យើងទទួលស្គាល់ថា​ ប្រជាពលរដ្ឋយើងធ្វើការនៅក្រៅប្រទេស នៅថៃ កូរ៉េ ប៉ុន្ដែការជំរុញប្រជាពលរដ្ឋ គឺការគាំទ្រប្រ​ជា​ពលរដ្ឋធ្វើការ​ក្រៅ​ប្រទេសនេះ ប្រទេសណាក៏គេធ្វើដែរ។ កូរ៉េ ដែលមានពលកររបស់យើងកំពុងធ្វើការងារជាង ៦ម៉ឺននាក់​ ពលករកូរ៉េរាប់ពាន់ រាប់ម៉ឺននាក់ កំពុងធ្វើការនៅអាមេរិក​។ គេថា រដ្ឋាភិបាលកូរ៉េមានទាំងយន្ដការជួយរកការងារឲ្យប្រជាជន​កូរ៉េនៅក្រៅប្រទេសទៀត។ យើងមិនបានចោលប្រជាពលរដ្ឋទៅណាទេ ទន្ទឹមគ្នា គោលដៅអាទិភាព​ក្នុងការបង្កើតការងារក្នុងប្រទេស គឺជាកិច្ចការសំខាន់ដែលត្រូវខិតខំពង្រីកបន្ថែម។ យើងមិន​បិទ​សិទ្ធិ​សេរីភាព និងជំរុញប្រជាពលរដ្ឋយើង ឬមួយបើកឱកាស និងជំរើសជូនប្រជាពលរដ្ឋរបស់យើងទេ។

កន្លងទៅយើង​ចរចារនៅទីផ្សារជប៉ុន យើងធ្វើការនៅកូរ៉េ យើងធ្វើការជាមួយប្រទេសកាណាដា ជាមួយប្រទេសផ្សេងៗ ដើម្បីឲ្យប្អូនៗមាន​ឱកាស​ មិនមែនជាការបង្ខិតបង្ខំទេ។ បងប្អូនដែលធ្វើការនៅក្រៅប្រទេស យើងមានទូតរបស់យើង មានទីប្រឹក្សាពលករ ទីប្រឹក្សាការងារនៅតាមស្ថានទូត និងប្រទេសមួយចំនួនដែលមានពលករច្រើន យើងគិតបន្ថែមទៀតនៃទីប្រឹក្សា​ការងារ​ ដើម្បីគាត់អាចចុះជួប។ ឧទាហរណ៍ដូចជានៅព្រះរាជាណាចក្រថៃ យើងមានទីប្រឹក្សាពលករ ៣ រូប … ពលករយើងត្រូវការការជួយនៅថៃ នៅកូរ៉េ។ ឧទាហរណ៍ ដូចជានៅកូរ៉េអញ្ចឹង ពេលដែលយើងធ្វើការ ពេលខ្លះយើងត្រូវប្ដូរមុខរបរ។ អញ្ចឹងគេអត់ធានាទេ។ កន្លងទៅខ្ញុំធ្លាប់ទៅដឹកនាំ យើងធ្វើការជាមួយកន្លែងជំនួយពលករនៅកូរ៉េ ផ្លូវច្បាប់អី។ យើងបង្កើតផ្ទះសំរាប់គាត់ស្នាក់នៅ ជួយឧបត្ថម្ភអង្ករអីទៀត។ នៅថៃ ពេលដែលកើតកូវីដ-១៩ យើងមានមន្ដ្រីរបស់យើងចុះទៅជួយ។ នៅម៉ាឡេស៊ី យើងខិតខំជួយ។ នៅជប៉ុនគឺយើងបន្តទៀត។

គោលដៅរបស់យើងធ្វើយ៉ាងណាឲ្យការងារមានច្រើន ហើយរុញឲ្យដល់គោលដៅ ដូចឯកឧត្តម ហេង សួរ បាននិយាយអញ្ចឹង។ អត់នៅប្រមូលផ្ដុំតែនៅភ្នំពេញ ឬខេត្តកណ្ដាលទេ យើងរុញដល់ច្រើនខេត្តហើយច្រើនវិស័យថែមទៀត។ នេះជាអ្វីដែលយើងនៅតែបន្ដ​ធ្វើ​ជូនបងប្អូនប្រជាពលរដ្ឋ។ បង្កើតការងារហើយ យើងត្រូវគិតអី?​ មិនមែនតែបរិមាណទេ យើងត្រូវគិតទាំងគុណភាព។ គុណភាពនៃការងាររបស់បងប្អូន គឺការងារទី ១ គឺការងារដែលអនុវត្ដទៅតាមច្បាប់ យើងខិតខំពង្រឹងច្បាប់ដើម្បីការពារសិទ្ធិ​សេរីភាពកម្មករ។ យើងផ្ដល់ឱកាសឲ្យសហ​ជីព ប្រតិភូ worker ដើម្បីជួយជាតំណាងក្នុងការងារការពារសិទ្ធិបងប្អូន។ យើងបង្កើននូវយន្ដការអធិការកិច្ចដើម្បីជួយដោះស្រាយការងារក្រៅប្រព័ន្ធដើម្បីសម្របសម្រួល ជួយផ្ដល់ការលើកទឹកចិត្តផ្សេងៗ។ ការងារដែលមានគុណភាពត្រូវគិតអំពីសុខុមាលភាពប្រជាពលរដ្ឋ។ យើងដាក់និងជំរុញគោលការណ៍ដើម្បីធានាប្រព័ន្ធសុខាភិបាល ព្រមទាំងចំណីអាហារ ទាំងបរិស្ថានហូបចុកខាងក្នុង យើងបន្ដជំរុញបន្ថែមទៀត។

យើងគិតគូរតាំងពីជីវភាពប្រជាពលរដ្ឋ​ ប្រាក់បៀវត្ស ដូចឯកឧត្តម ហេង សួរ និយាយអញ្ចឹង ពី ៤០ ដុល្លារ ឆ្នាំ១៩៩០ មកអប្បបរមា ២០០ ដុល្លារ ឥឡូវ​កំពុងតែចរចាទៀត ព្រោះគោលការណ៍មួយរបស់រាជរដ្ឋាភិបាល និងការប្ដេជ្ញាចិត្ត នឹងបន្ដបង្កើន​នូវប្រាក់បៀវត្សអប្បបរមារបស់កម្មករ និយោជិត ក៏ដូចជាមន្ដ្រីរាជការទៅតាមលទ្ធភាពថវិកា ដែលយើងអាចធ្វើទៅបាន។ យើង​មិនអាចធានាដំឡើង(ដោយ)គុណមួយជាពីរទេ តែយើងនឹងអាចធានាសូម្បីតែជំនាន់កូវីដ-១៩ ក៏យើងត្រូវតែធានាដោះស្រាយទាំង​ការលំបាកបំផុត ដើម្បីធានានូវ​ថវិកានិងភាពប្រកួតប្រជែងរបស់ពួកយើង។ គុណភាពនៃការងារក៏ត្រូវគិតពីប្រភេទ​នៃការងារ ដែលយើងឥឡូវប្រែប្រួលត្រឹមតែកាត់ដេរសំលៀកបំពាក់កម្រិតទាប ឥឡូវយើងដេរសំលៀក​បំពាក់កម្រិតខ្ពស់ ធ្វើវ៉ាលី ផលិតគ្រឿងអគ្គិសនី ផលិតរថយន្ដ … ដើម្បីឲ្យបាន​ជំនាញយើងក៏ខ្ពស់ ហើយបៀវត្សយើងកាន់តែល្អប្រសើរជូនប្រជាពលរដ្ឋ។

(១០) មិនយកពន្ធលើបៀវត្សអប្បបរមា, រដ្ឋបង់ បសស, បន្ថយថ្លៃទឹក/ភ្លើង

មិនគិតតែជីវភាពរស់នៅទេ យើងមិនគិតតែបៀវត្ស​ទេ មិនគិតតែលុយចូលទេ យើងត្រូវគិតទាំងលុយត្រូវចំ​ណាយទៀត ព្រោះសំខាន់បំផុតគឺនៅលើអ្វីដែលនៅ​សល់​ក្នុងដៃដែលសំរាប់ចាយ។ បើចំណូលបានប៉ុណ្ណឹងតែចំណាយខ្ពស់ សល់ចាយក្នុងដៃវាតិច ហើយគោលនយោបាយច្រើនណាស់។ ខ្ញុំមិនរំលេចទេ ព្រោះ ឯកឧត្តម ហេង សួ បាននិយាយអម្បាញ់មិញពី ការ​មិនយកពន្ធប្រាក់អប្បបរមា ទុកថវិកាឲ្យបងប្អូនចុះ។ ​ការកាត់បន្ថ​យថ្លៃទឹក/ភ្លើង ដែលយើងជួយគ្រប់គ្រងមិនអោយឡើងតាមចិត្ត និងការយោគយល់ផ្សេងៗ។ ការមិនឲ្យបងប្អូនចាំបាច់បង់ចូល ប.ស.ស គឺទប់ចំណាយហើយ។ កាលពីចាប់ផ្ដើមដំបូងថាយើងបង់ ប៉ុន្ដែឥឡូវរដ្ឋថាមិនបាច់ទេ ទុកឲ្យនិយោជកទទួល(បង់ជំនួស)។ អញ្ចឹងទប់ចំណាយឲ្យយើងហើយ តិចឬច្រើន បើបូកទាំងអាហ្នឹងទៀត ព្រោះកម្មករ/ការិនី មន្ដ្រីនៅស្រុកគេ អាមេរិកអី ប្រាក់ខែត្រូវកាត់ចូលក្នុងប្រព័ន្ធធានារ៉ាប់រង។ យើងមិនទាន់ដល់​កម្រិតហ្នឹងទេ។ អ្នកដែលមានប្រាក់ខែខ្ពស់ យើងអាចកាត់ពន្ធខ្លះ។

(១១) ឧបត្ថម្ភស្រ្តីមានផ្ទៃពោះ, បង់ភាគទានសម្រាប់ក្រុមគ្រួសារមិនមែនសមាជិក បសស

យើងគិតគ្រប់​សព្វបែបយ៉ាង គិតទាំងកូនទើបចាប់កំណើត ​ត្រូវ​មានប្រាក់ឧបត្ថម្ភស្រ្តី(ជាម្ដាយ)។ ពេលកើតឥឡូវអ្នកកើតកូន១ ជួយ ៨០ ម៉ឺនរៀល ជួយសំរាលបន្ទុក ឥឡូវមាន ប.ស.ស … កូនពីរយើងបន្ថែមតាមហ្នឹង ១ លាន ២ សែន … អ្នកណាបានកូន ៤ គឺបំបែកឯកទគ្គកម្មតែម្ដង មានឬ? មានអ្នកកូនភ្លោះបួនប៉ុន្មានឆ្នាំហើយ? (បួនឆ្នាំជាង) ខ្ញុំ(ទទួល)ព័ត៌មានមិនទាន់សភាពការណ៍។ មានអ្នកបំបែកឯកទគ្គកម្មហើយអញ្ចឹង។ នៅតែប្រាំ។ ហ្នឹងដូច​ឯកទគ្គកម្មលើពិភពលោកដូចជាប៉ុន្មានដប់កូនជាង។ ប៉ុន្ដែ យើងមិនបាច់ដល់ភ្លោះដប់ជាងទេ។ (យើងបង្កើន)ការយកចិត្តទុកដាក់លើកូន ដែលពួកគាត់ជាអនាគតប្រទេសជាតិរបស់យើងនិងគ្រួសារ។ យើងមិនត្រឹមគិត​តែកូនទេ យើងគិតទៅរករូបភាពបន្ថែមទៀតដល់អ្នកក្នុងបន្ទុក អ្នកដែលមានប្ដីដែលមិនមែនជាសមាជិករបស់ ប.​ស.ស។ បើបង​ប្អូនទៅព្យាបាលគឺ​បងប្អូនមិនបង់លុយទេ។ តែបើប្ដីទៅ ប្ដីមិនមែនជាសមាជិក ប្ដីត្រូវបង់លុយ។ កូន​ក្នុងបន្ទុកក្រោម ១៨ ទៅក៏ត្រូវបង់លុយដែរ។ ទៅព្យាបាលម្ដងៗ កន្លងទៅ ដូចចំណាយអស់ ៦ម៉ឺន ទៅ ១០ម៉ឺន ខ្ញុំមើលតាមរបាយការណ៍។ ពេលខ្លះ​បើ​ឈឺច្រើនមិនហ៊ានទៅពេទ្យផង។

ឥឡូវយើងគិតដោះស្រាយទាំងហ្នឹងទៀត ប៉ុន្ដែដោយសារទំហំថវិកា យើងយករូបមន្ដច្នៃប្រឌិត។ បានន័យថាជាការស្ម័គ្រចិត្តយើងមិនបង្ខំទេ។ ប៉ុន្ដែឲ្យមានការស្ម័គ្រចិត្តបងប្អូនចូលរួមបង់​ភាគ​ទានតែ ១៥ ៦០០ រៀល បើគិតជាលុយដុល្លារត្រឹមតែ ៤ ដុល្លារ ប៉ុណ្ណឹង … សម្រាប់កូនម្នាក់ ឬប្ដី ឬប្រពន្ធម្នាក់។ អញ្ចឹងពេលគាត់ឈឺទៅប៉ុន្មានដងមួយខែហ្នឹង ក៏មិនបង់ទៀតដែរ។ ឥឡូវមានការចាប់អារម្មណ៍ឲ្យយើងធ្វើសាក។ យើងកំពុងពង្រីក​សាកល្បងទៅលើបងប្អូនក្រុមអាទិភាពមួយចំនួន ដូចជាបងប្អូនអាជីវកម្មខ្លួនឯងក្នុងវិស័យមួយចំនួន។ តើហេតុអ្វីយើងមិនធ្វើទាំងអស់ក្នុងពេលតែមួយ? យើងធ្វើអីត្រូវមានចីរភាព … យើងសាកល្បង ប្រសិនបើដើរល្អ យើងនឹងពង្រីក ព្រោះយើងមិនអាចធ្វើអីដូចអ្នកខ្លះមិនទទួលខុសត្រូវ​ទេ។ យើងជាគណបក្សកាន់អំណាច ជារាជរដ្ឋាភិបាល គោលនយោបាយគណបក្សប្រជាជនកម្ពុជាដែលបងប្អូនបោះឆ្នោតឲ្យនេះ ការដឹកនាំរបស់គណបក្ស​ប្រជាជនកម្ពុជាកន្លងទៅ គឺផ្អែកលើមូលដ្ឋានប្រាកដប្រជា មូលដ្ឋានវិទ្យាសាស្រ្តនិយម មិនមែនស៊ីអារម្មណ៍និយមទេ … ស៊ីអារ​ម្មណ៍និយាយអីឲ្យតែបងប្អូនរំភើបទៅ តែទីបំផុតធ្វើមិនបានទេ។ យើងធ្វើដោយប្រយ័ត្នប្រយែង ហើយធ្វើដោយមានចីរភាព អញ្ចឹងការពង្រីកនេះ យើងគិតគូរ។

(១២) បទបញ្ជាឲ្យអនុវត្តបន្ទាន់ ៦ ចំណុច និងគោលដៅបន្ត ៤ ចំណុច

ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ប្រធានគណៈកម្មាធិការគោលនយោបាយ ក៏បានដឹកនាំសិក្សាទៅលើកិច្ចការងារនេះ ហើយអនុវត្តជាមួយខាង ប.ស.ស ក្រសួងការងារ កិច្ចការមួយចំនួនដែលយើងបានគិតគូរ។ យើងធ្វើយ៉ាងណាឲ្យបងប្អូន(មានដំណោះស្រាយតាមភាព)ចាំបាច់ ហើយយើងនឹងបន្តធ្វើទៀត។ នេះគោលនយោបាយរបស់យើង។ គោលនយោបាយនៅក្នុងអាណត្តិទី៧ ដែលត្រូវបន្តធ្វើ ក្រសួងការងារ ខ្ញុំបានដាក់ចេញនូវ បទបញ្ជាឲ្យអនុវត្តជាបន្ទាន់ ៦ ចំណុច និងគោលដៅដែលត្រូវធ្វើបន្ត ៤ ចំណុចថែមទៀត ដែលក្នុងនោះមានការរៀបចំ និងសម្របសម្រួល ការអនុវត្តនូវបង្កើនការចរចាប្រាក់អប្បបរមា ធ្វើម៉េចឲ្យចប់មុនភ្ជុំបិណ្ឌដើម្បីបងប្អូនបានលទ្ធផលល្អទៅផ្ទះ។ ប៉ុន្មាននាក់ទៅផ្ទះ? ប៉ុន្មាននាក់មកពីខេត្តផ្សេងៗ សុំមើលបន្តិចមើល? ច្រើនដែរណា អញ្ចឹងបានយើងចល័តចុះឡើង។

ភាគច្រើនអ្នកកណ្តាលមួយចំនួនចង់ ៥០/៥០ ឥឡូវយើងធ្វើផ្លូវធ្វើស្ពាន យើងភ្ជាប់ទាំងអស់ កុំពិបាក។ ឯកឧត្តម ឃួង ស្រេង … សូមត្រៀមរថយន្តទៀត សម្រាប់ដឹកជូនបងប្អូនកម្មករ/ការិនី ទៅស្រុកពេលលេងភ្ជុំបិណ្ឌឲ្យសប្បាយ។ ឡានក្រុងឥឡូវសុទ្ធតែទំនើបម៉ាស៊ីនត្រជាក់ ថ្ងៃមុនពេលបោះឆ្នោតសុទ្ធតែអាឡានថ្មីប៉ុន្មានរយគ្រឿង … ។

(១៣) ការចំណាយជួយប្រជាពលរដ្ឋគឺអត់គិតថាច្រើនទេ

យើងគ្រាន់តែគិតចំណាយក្នុងមួយពេលៗ រដ្ឋដែលថាត្រូវធានាជួយបងប្អូនប្រជាពលរដ្ឋ ដូចចង់ ៦០ ម៉ឺនដុល្លារជាងក្នុងការដឹកទៅដឹកមកក្នុងមួយឆ្នាំ។ ការចំណាយគឺការចំណាយជួយប្រជាពលរដ្ឋគឺអត់គិតច្រើនទេ។ ចំណាយអីឲ្យតែដល់ដៃប្រជាពលរដ្ឋអត់គិតច្រើនតិចទេ ឲ្យតែចាំបាច់ដល់ដៃប្រជាពលរដ្ឋត្រូវតែបញ្ចេញជូនគាត់។ នេះគឺជាគោលនយោបាយដែលបានអនុវត្តកន្លងទៅដោយសម្តេចតេជោ។ គោលនយោបាយដឹកនាំថ្មីរបស់រាជរដ្ឋាភិបាលថ្មីនៅនឹងបន្ត។ មើលថវិកាយើងពេលកូវីដ-១៩ ដែលសន្សំទើបតែបាន ២ ពាន់លាន ឬ ៣ពាន់លាន ដែលយើងទុកសម្រាប់វិនិយោគលើផ្លូវ សាលារៀន  លើស្អីផ្សេងទៀត ពេលដែលមាន(ឧបសគ្គ) សម្តេចថា កុំពិបាក ផ្អាកសាលារៀន ផ្អាកផ្លូវ ផ្អាកស្អីសិន យកលុយមកដាក់(ក្នុងតម្រូវការ)ដើម្បីការពារជីវិតប្រជាជន ដោយមិនមានការសោកស្តាយ។ នេះគឺជាការគិតរបស់យើង។ ជីវិតប្រជាជនធំណាស់ ជីវិតគឺទឹកដី ដង្ហើមនៃប្រទេសជាតិរបស់យើង។ មានទឹកដី អត់ប្រជាជនក៏មិនកើត មានប្រជាជនអត់ទឹកដីក៏មិនកើត មានសេដ្ឋកិច្ច បើគ្មានប្រជាជនជាបង្គោល យើងទៅមិនរួច មិនខ្លាំងទេ អញ្ចឹងការយកចិត្តទុកដាក់របស់ប្រជាពលរដ្ឋគឺសំខាន់។

(១៤) ដាក់ឲ្យអនុវត្តជាបណ្តើរៗ ការរៀបចំទារកដ្ឋាននិងមតេ្តយ្យសហគមន៍ជិតតំបន់រោងចក្រ

ត្រូវរៀបចំយន្តការគិតគូរអំពីក្មួយៗកើតមក។ ម្តាយច្បាស់ជាអត់ឈប់(ដល់ទៅ)មួយឆ្នាំពីរឆ្នាំ ទម្រាំកូនធំទេមែនទេ? ភាគច្រើនគឺនៅបន្តដើម្បីយកចំណូលបន្ថែមទៀត។ អញ្ចឹងកូនទៅណា? បើនៅជាមួយម៉ែឪ (អាចផ្ញើកូន)នៅផ្ទះគាត់។  បើគាត់អត់បាននៅជាមួយម៉ែឪ គាត់ចេញពីស្រុកកំណើត គាត់អាចពឹងគេអ្នកជិតខាង ឬមួយក៏ជួលអ្នកមើល។ អញ្ចឹងយើងបានគិតគូរជាជំហានមកហើយ ហើយសុំបន្តជំរុញគិតគូរដាក់ឲ្យអនុវត្តជាបណ្ដើរ​ៗ នូវការរៀបចំនូវទារកដ្ឋាន និងមតេ្តយ្យសហគមន៍នៅជិតកន្លែងណាដែលមានតំបន់រោងចក្រ ដើម្បីជួយដល់បងប្អូនរបស់យើង។ កូនកើតមកហើយ ពេលទៅធ្វើការ យកទៅដាក់។ យើងគិតពីអាហារូបត្ថម្ភ គិតពីសុខភាពអីផ្សេងៗ។ ការគិតគូរពីការថែបំប៉នអាហារូបត្ថម្ភដល់ម្ដាយនៅក្នុងការធ្វើយ៉ាងម៉េចឲ្យបរិស្ថាននៅអាហារដ្ឋាននៅក្នុងកន្លែងធ្វើការបានល្អ សុខភាពល្អ គឺពាក់ព័ន្ធដល់កូនដែរ។ ​

(១៥) ការពង្រីកសេវាថែទាំសុខភាពឲ្យដល់ប្រជាជនចំនួន ៩ លាននាក់ គ្របដណ្តប់តាមយន្តការ​​២

នៅក្នុងគោលដៅនៃអាទិភាព ៦ ចំណុចរបស់រាជរដ្ឋាភិបាលដែលត្រូវធ្វើនៅក្នុងកិច្ចការងារជាបន្ទាន់ នៅក្នុងអាណត្តិទី ៧ នេះ ខ្ញុំនិយាយគឺការពង្រីកសេវាថែទាំសុខភាពឲ្យដល់ប្រជាជនចំនួន ៩ លាននាក់គ្របដណ្តប់តាមយន្តការ​​២ ទី១ មូលនិធិសមធម៌សុខាភិបាល និងទី២ គោលការណ៍ស្ម័គ្រចិត្ត ដូចខ្ញុំបាននិយាយ។ ចំពោះគោលការណ៍ស្ម័គ្រចិត្តនេះ កាលពីថ្ងៃ២៨ កន្លងទៅ ៤ ថ្ងៃមុន ខ្ញុំបានចេញនូវអនុក្រឹត្យមួយស្តីពីលក្ខខណ្ឌបែបបទនីតិវិធីនៃការអនុវត្តរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពតាមរបបភាគទានស្ម័គ្រចិត្ត។ អញ្ចឹងគោលការណ៍ដែលខ្ញុំនិយាយដើម្បីឲ្យចេញជារូបភាព យើងបានចេញអនុក្រឹត្យមួយហើយ។ សូមឲ្យឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ជាមួយនឹងឯកឧត្តម ហេង សួរ រៀបចំជាប្រកាសអន្តរក្រសួង រវាងក្រសួងទាំងពីរ ដើម្បីកំណត់នូវកាលបរិច្ឆេទដើម្បីចាប់ផ្តើមអនុវត្តនូវគោលការណ៍នេះឲ្យបានឆាប់រហ័ស ព្រោះគណបក្សប្រជាជនអត់ចេះតែនិយាយទេ។

យើងហ៊ាននិយាយ យើងហ៊ានចេញគោលការណ៍។ ទាល់តែយើងប្រាកដប្រជាច្បាស់។ យើងនិយាយហើយ យើងចេញគោលការណ៍ធ្វើតែម្តង។ អញ្ចឹងបន្តិចទៀត យើងនឹងបន្តបើក(ច្រកហ្នឹង) ព្រោះយើងបានសាកល្បងហើយ។ ឥឡូវយើងរៀបចំនីតិវិធីដើម្បីបើកច្រកហ្នឹងតែម្តង។ នឹងមានបងប្អូនចាប់អារម្មណ៍ជាបណ្តើរៗ។ នេះគឺថាផលប្រយោជន៍ … ចំណាយ ១៥ ៦០០ គាត់អាចរកបានការព្យាបាលបន្ថែមសំរាប់កូន សំរាប់ប្តី ក្នុងម្នាក់។ នៅក្នុងគោលការណ៍នេះ បើសិនជាគាត់សម្រាកបន្តជាប់គ្នាក្នុងពេលលើស ៨ ថ្ងៃ គឺមានប្រាក់ជួយគាត់ទៀត មិនត្រឹមតែអត់មានបង់ថ្លៃពេទ្យថ្លៃថ្នាំទេ។ បើលើសពី ៨ថ្ងៃ។ សង្ឃឹមថាបងប្អូនមិនត្រូវស្នាក់នៅពេទ្យយូរអញ្ចឹងទេ។ តែបើសិនជាបងប្អូនស្នាក់នៅ ប.ស.ស នឹងជួយឧបត្ថម្ភជាថវិកាបន្ថែមសម្រាប់បងប្អូន ព្រោះយើងគិតថា បើបងប្អូនអត់ទៅធ្វើការងារ គាត់បាត់ចំណូលមួយចំនួន។ អញ្ចឹងត្រូវប៉ះប៉ូវបន្ថែមវិញ។ មិនមែនថាទៅសម្រាកពេទ្យកាន់តែយូរបានលុយ នាំគ្នាទៅសម្រាកទេ។ ជូនពរបងប្អូនឲ្យមានសុខភាពល្អបរិបូរណ៍។ ប៉ុន្តែក្នុងករណីដែលមានជំងឺ ។​ ហ្នឹងជាធម្មជាតិរបស់មនុស្សទេ។ ពិបាកថាទោះបីជាមិនឈឺធ្ងន់ ក៏ពេលខ្លះផ្តាសាយអីដែរ … អញ្ចឹងយើងទៅព្យាបាល។ កាលមុន បើយើងអត់ទាន់បង់ អត់ទាន់មានឱកាស ម្តាយឈឺទៅពេទ្យ តែកូនទៅពេទ្យ អត់មានឱកាស ត្រូវបង់លុយ …។

(១៦) វគ្គបណ្តុះបណ្តាល មធ្យមវ័យដោយមិនគិតថ្លៃ

ទី២ គឺវគ្គបណ្តុះបណ្តាល មធ្យមវ័យដោយមិនគិតថ្លៃ ថែមទាំងផ្តល់ប្រាក់ឧបត្ថម្ភទៅរៀនទៀត។ យើងធ្លាប់តែទៅរៀនបង់លុយ ឥឡូវគេបង់លុយឲ្យទៅរៀនទៀត។ រដ្ឋាភិបាលចេញគោលនយោបាយ។ ឧទាហរណ៍ ពេលដែលបងប្អូនត្រូវបំប៉នជំនាញ យើងសំដៅទៅលើកូនចៅប្រជាពលរដ្ឋក្រីក្រ​ ឬគ្រួសារងាយរងគ្រោះមានហានិភ័យខ្ពស់។ អញ្ចឹងគាត់ខ្វះលទ្ធភាព គាត់មិនទាន់រឹងដៃរឹងជើងផង តើបានលុយឯណាជូនកូនទៅរៀន។ ​តែយើងត្រូវការឲ្យគាត់រៀន។ អញ្ចឹងត្រូវផ្តល់លទ្ធភាពឲ្យគាត់។ បើឲ្យគាត់ទៅរៀនអត់បង់លុយ គាត់មានលទ្ធភាពឯណាធានានូវការហូបចុក។ ជួនកាលគាត់អត់ទៅរៀន គាត់ទៅជួយគ្រួសារ។ អញ្ចឹងរដ្ឋយើងត្រូវគិតគូរតាំងពីការហូបចុក និងប្រាក់ឧបត្ថម្ភ ឲ្យគាត់ដើម្បីគាត់ទៅរៀន។ កូនចៅរបស់អ្នកណា? កូនចៅប្រជាពលរដ្ឋក្រីក្រ។ កូនចៅ​​ប្រជាពលរដ្ឋមានភាពលំបាកជាអ្នកណា? ជាជាតិខ្មែររបស់យើង ជាប្រជាពលរដ្ឋខ្មែររបស់យើងដែលយើងមានកាតព្វកិច្ចត្រូវតែជួយគាត់ឲ្យបានគ្រប់ៗគ្នា នេះគឺជាអ្វីដែលសំខាន់។

(១៧) អនុវត្តគោលនយោបាយដើម្បីបម្រើប្រជាពលរដ្ឋ ១៧ លាននាក់

ខ្ញុំសូមអរគុណណាស់ដល់ប្រជាពលរដ្ឋដែលបោះឆ្នោតភ្លូកទឹកភ្លូកដីជូន(គណបក្សប្រជាជន និង)រដ្ឋាភិបាលថ្មី នៅទីនេះ។ នៅខេត្តកណ្តាល ប្រជាពលរដ្ឋទៅបោះឆ្នោត ៨៩,១៧ ភាគរយ ហើយក្នុងនោះ ៨៣,៥៥ ភាគរយ នៃអ្នកទៅបោះឆ្នោត បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។ ខ្ញុំសូមអរគុណណាស់។ នៅក្រុងតាខ្មៅ អ្នកទៅបោះឆ្នោត ៨៨,២៦ ភាគរយ ក្នុងនោះ ៨២,១៧ ភាគរយ បានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។ ៤/៥​ មិនតិចទេ។ កុំភ្លេចណា ៨០ ភាគរយនេះ ប្រជាជនរាប់សែននាក់នៅទូទាំងប្រទេស។ ប្រជាពលរដ្ឋ ៨៤,៥ ភាគរយ (ឬ)៨លាន ២សែននាក់ ទៅបោះឆ្នោត។ ក្នុងនោះ ៦ លាន ៤សែននាក់ ក្បែរខ្ទង់ហ្នឹង បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា (ស្មើនឹង)៨២,៣ ភាគរយ។ ៦ លាន ២ សែននាក់ ឬ ៦ លាន ៤ សែននាក់ ជាចំនួនមួយមិនងាយស្រួលទេ។ យកបេះដូងមនុស្សម្នាក់លំបាកណាស់ កុំនិយាយរឿងយកបេះដូង ៦លាន ២សែននាក់ជាការស្រួល មិនមែនជប់ ឬមួយបង្ខំទេ … ឥឡូវ ៦លាន ២សែននាក់បោះឆ្នោតគាំទ្រ។ ៨លាន ២សែននាក់បានទៅបោះឆ្នោត ប៉ុន្តែយើងបានបោះឆ្នោតផ្តល់ឱកាសឲ្យគណបក្សប្រជាជនកម្ពុជាហើយ។ ឥឡូវយើងមានលទ្ធភាពអនុវត្តគោលនយោបាយហើយ។ យើងត្រូវចេញអនុវត្តគោលនយោបាយដើម្បីបម្រើប្រជាពលរដ្ឋ ១៧ លាននាក់ មិនមែនបម្រើតែ ៦,២ លាននាក់ទេ។

(១៨) គណបក្សប្រជាជនកម្ពុជាប្រគល់ការទុកចិត្តឲ្យក្រុមថ្មីមកកាន់ជាចង្កូតប្រទេស បម្រើប្រជាពលរដ្ឋ

ថ្ងៃនេះ ខ្ញុំដាក់គោលនយោបាយចង់បញ្ជាក់ប្រាប់បងប្អូនថា … គាំទ្រគណបក្សប្រជាជនកម្ពុជាហើយ ឥឡូវថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ជាពិសេសសម្តេចតេជោ ដែលជាប្រមុខរាជរដ្ឋាភិបាល ជាមួយថ្នាក់ដឹកនាំជាច្រើនទៀតរបស់គណបក្សប្រជាជនកម្ពុជាបានប្រគល់ការទុកចិត្តឲ្យក្រុមថ្មីនេះមកកាន់ចង្កូតប្រទេស បម្រើប្រជាពលរដ្ឋ បន្តនូវបុព្វហេតុរបស់ពួកគាត់ដែលបានបម្រើប្រជាពលរដ្ឋ ៤០ ឆ្នាំនេះ។ ប្រជាពលរដ្ឋស្គាល់សម្តេចតេជោ ស្គាល់សម្តេចក្រឡាហោម ស្គាល់សម្តេចពិជ័យ ស្គាល់សម្តេចសង្គហ ម៉ែន សំអន សម្តេច សាយ ឈុំ  ស្គាល់លោកជំទាវថ្នាក់ដឹកនាំច្រើនដែលដឹកនាំប្រទេសឲ្យមានស្ថេរភាព កសាងប្រទេសពីបាតដៃទទេបែកបាក់រហូតមកដល់នេះ ហើយគ្រប់កាលៈទេសៈនៅជាមួយប្រជាជន ឲ្យប្រជាជនមានការចាំបាច់ ឲ្យមានការទុកចិត្ត ឲ្យតែការងារពេលលំបាកនឹកឃើញថ្នាក់ដឹកនាំគណបក្សប្រជាជន។

(១៩) កើតទើបបានមួយអាទិត្យ រដ្ឋាភិបាលចេញនិងអនុវត្តគោលនយោ​បាយហើយ

ឥឡូវមើល ឯកឧត្តម ហ៊ុន​ ម៉ាណែត ក្រុមថ្នាក់ដឹកនាំរាជរដ្ឋាភិបាលអាណត្តិថ្មី ខ្ញុំចង់ស្តាប់មើលធ្វើអីខ្លះឲ្យខ្ញុំ? អង្កាល់ឃោសនានិយាយពិរោះណាស់គោលនយោបាយ តិចក្រោយឃោសនាអត់ធ្វើអី។ អត់ទេ! ធ្វើហើយ។ មានកន្លែងខ្លះគឺធ្វើបន្ទាន់ ត្រូវធ្វើឲ្យលឿនទៀត ធ្វើមិនឲ្យចាំឆ្នាំ២០២៤ទេ។ នៅប្រទេសខ្លះ គេហៅដំណាក់កាលនៃក្រេបទឹកឃ្មុំ ៣ ខែ។ រដ្ឋាភិបាលយក ៣ ខែហ្នឹង ដើម្បីគិតគូរក្របខណ្ឌគោលនយោបាយ។ គណបក្សប្រជាជនកម្ពុជាដែលឈ្នះ អត់មាន ៣ ខែទេ។ ថ្ងៃបន្ទាប់ គឺថ្ងៃទី១ តែម្តងនៅសភា មុននឹងសភាទុកចិត្ត (គណបក្សប្រជាជន)ចេញគោលនយោបាយ ឲ្យអង្គសភាបានឮ និងជូនប្រជាពលរដ្ឋ។ ពីរថ្ងៃក្រោយមកដាក់គោលការណ៍ក្នុងការប្រជុំចេញអាទិភាព។ មកដល់ពេលនេះរដ្ឋាភិបាលកើតទើបនឹងបានមួយអាទិត្យ។ បានមួយអាទិត្យតែគោលនយោ​បាយ និងការអនុវត្តយើងបានចេញហើយ។ បងប្អូនជឿទុកចិត្តចុះ។​ រាជរដ្ឋាភិបាលដែលទទួលការទុកចិត្តពីប្រជាពលរដ្ឋ និងការទុកចិត្តពីថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ឲ្យមកបន្តនូវបុព្វហេតុបម្រើប្រជាជន អត់នៅដេកអេះពោះឲ្យប្រជាពលរដ្ឋលំបាករង់ចាំទេ។ មកជួបហើយផ្ដល់ផ្ទាល់ជូនប្រជាពលរដ្ឋតែម្ដង។

(២០) ជួយប្រជាពលរដ្ឋក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឲ្យបានផលប្រយោជន៍ផ្សេងៗ

​ឥឡូវសេដ្ឋកិច្ចក្រៅប្រព័ន្ធក៏យើងជួយដែរ។ ខ្ញុំនិយាយភាគច្រើន។ ស្អីទៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ? អ្នកដែលធ្វើការនៅក្នុងសហគ្រាស ឬមួយក៏ខ្លួនឯង កម្មករសំណង់ដែលមិនចុះបញ្ជី បើគាត់លក់ទឹកអំពៅឬគាត់លក់លតឆា រត់ម៉ូតូឌុប រត់កង់បី  យើងគិតថាគាត់ជាក្រៅប្រព័ន្ធ។ មានច្រើនទៀត។ និយមន័យច្រើនណាស់។ មើលបញ្ជីមានច្រើនណាស់។  ជារួម យើងគិតប្រជាពលរដ្ឋយើងទាំងអស់ នៅក្នុងនោះការជួយឱ្យសេដ្ឋកិច្ចក្រៅប្រព័ន្ធដើម្បីឱ្យគាត់ចូលក្នុងប្រព័ន្ធ បានទទួលអត្ថប្រយោជន៍ផ្សេងៗ។ បើគាត់នៅក្រៅប្រព័ន្ធ យើងពិបាកដឹងថាអ្នកណាជាអ្នកណា។ យើងពិបាកដឹងទិន្នន័យ។ បើបងប្អូនអត់ចុះបញ្ជី យើងអត់ដឹងថាបងប្អូនណាខ្លះដែលត្រូវការជួយ ព្រោះយើងអត់ដឹង។ លុយយើងវាតិច បើជួយៗឱ្យចំគោលដៅ។ (ជួយចំគោលដៅ)ទាល់តែមានព័ត៌មាន(ត្រឹមត្រូវ)។ ត្រូវគិតបងប្អូននៅក្នុងប្រព័ន្ធនៅក្នុងរោងចក្រ យើងរៀបចំរួចអស់ហើយ។ មន្ត្រីរាជការយើងគិតគូរហើយ។ ក្រៅប្រព័ន្ធយើងបើកលទ្ធភាពឱ្យគាត់ចូលមក តាមរយៈការដាក់ចេញនូវគោលការណ៍មួយចំនួន ដើម្បីយើងធានានៅក្នុងការថែទាំសុខភាព និងអត្ថប្រយោជន៍ផ្សេងៗដែលពង្រីកបាន។

ខ្ញុំសូមឱ្យស្ថាប័នពាក់ព័ន្ធ(ធ្វើការ)ពិចារណា។ ឱ្យគាត់ចូលមកទាល់តែឱ្យគាត់បានផលបានគាត់ចូល។ ឱ្យខ្ញុំចូលយ៉ាងម៉េច បើគ្រាន់តែចុះឈ្មោះថ្លៃទៅហើយ។ ឱ្យខ្ញុំចូលយ៉ាងម៉េច តិចចូលទៅជាប់ពិន័យ។ ឱ្យចូលយ៉ាងម៉េច តិចខ្ញុំចូលទៅជាប់ ច្រើនជាងបានផល។ យើងមិនបង្ខំបងប្អូនទេ។ ដូចរឿងគោលការណ៍ស្ម័គ្រចិត្តរឿង(របប)ភាគទាន ដើម្បីឱ្យបងប្អូនបានឃើញអត្ថប្រយោជន៍ជាក់ស្ដែង ស្ម័គ្រចិត្តអត់បង្ខំទេ។ រឿងក្រៅប្រព័ន្ធដូចគ្នា។ ដើម្បីឱ្យចូលប្រព័ន្ធ ត្រូវជួយសម្រួលគាត់យកចិត្តទុកដាក់។ ទីមួយពេលចូលកុំឱ្យវាលំបាកចូល។ ចូលហើយកុំឱ្យជាប់អីធ្ងន់ពេក ​គាត់រត់ចេញវិញទៅ។ ត្រូវឱ្យគាត់មានលំនឹងនិងត្រូវគិតគូរ។​

(២១)​សំរួលនីតិវិធីចុះបញ្ជី លើកលែងការផាកពិន័យ/បំណុល និងលើកទឹកចិត្តផ្នែកពន្ធដារ

ក្នុងនេះខ្ញុំសុំឱ្យឯកឧត្តម លោកជំទាវ ជាពិសេសឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ប្រធានគណៈកម្មាធិការគោលនយោបាយដែលមានស្ថាប័នពាក់ព័ន្ធនៅចំណុះ គិតគូរកិច្ចការមួយចំនួន៖

ទី១ គោលការណ៍ខ្លះអំពីការសម្រួលការកាត់បន្ថយនីតិវិធីក្នុងការចុះបញ្ជី និងការបំពេញបែបបទនិងការកាត់បន្ថយការបង់សេវាផ្សេងៗ ដើម្បីឱ្យគាត់ងាយស្រួលក្នុងការចុះបញ្ជី។

ទី២ សុំពិនិត្យមើលការលើកលែងការផាកពិន័យនិងបំណុលទាំងអស់ ក្នុងដំណាក់កាលណាមួយ ឧទាហរណ៍ ឱ្យគាត់ចុះ។ កុំឱ្យគាត់ចូលមកជាប់ពិន័យ ដោយសារគ្មានអនុលោមភាព។ មិនបានអនុវត្តអត់ទៅ បើគាត់ចូលមកដល់ហើយ …  សូមអនុគ្រោះឱ្យគាត់ចូលមកដើម្បីយើងជួយគាត់។ ភារកិច្ចរបស់យើងមិនមែនយកប្រជាជនមកដើម្បីច្របាច់កគាត់ទេ។ យកមកដើម្បីជួយ។ យើងជួយប្រជាជន ប្រជាជនជួយយើងវិញតាមរយៈការធ្វើឱ្យប្រទេសជាតិ សេដ្ឋកិច្ចរឹងមាំ ហើយជឿទុកចិត្តលើយើង។

ទី៣ សូមពិនិត្យនូវក្នុងការលើកទឹកចិត្ត​ផ្នែកពន្ធដារនូវការចុះបញ្ជីដោយការស្ម័គ្រចិត្ត។ បើគាត់ស្ម័គ្រចិត្តចូល នៅក្នុងរយៈពេលណាមួយ គិតជាក្របខណ្ឌវែងបន្តិចទៅថា ៥ឆ្នាំ មួយអាណត្តិនេះដើម្បីឱ្យគាត់ចូលបណ្ដើរៗនៅក្នុងការកាត់បន្ថយការលើកលែង។ លើកពិន័យនិងលើកទោសទណ្ឌផ្សេងៗ ឬបំណុលពន្ធទៅតាមលទ្ធដែលយើងអាចធ្វើបាន។

ថ្ងៃនេះ(យើងជួបជាមួយ)បងប្អូនក្នុងប្រព័ន្ធ ប៉ុន្តែអ្នកមើលប្រហែលជាមានក្រៅប្រព័ន្ធ(ដែរ)។ បងប្អូនខ្លះមានគ្រួសារធ្វើការងារក្រៅប្រព័ន្ធ រកស៊ីលក់ដូរនៅផ្សារតូចតាចមួយចំនួនដើម្បី​ឱ្យចូលមកជួយ ដើម្បីបានសុំពិនិត្យមើលនៅក្នុងការចុះបញ្ជី។ ការអនុគ្រោះនេះ អាចគិតថាពីមួយឆ្នាំទៅមួយឆ្នាំចូលមក យើងលើកពិន័យឱ្យគាត់​។ បើក្នុង៥ឆ្នាំ គាត់ស្ម័គ្រចិត្តចូលពេលណា គឺចាប់ផ្ដើមពីពេលដែលគាត់ចូលមក។ គិតឱ្យគាត់តែ២ឆ្នាំអីទៅ មិនបាច់គិតពន្ធ អោយគាត់ចូលឱ្យគាត់នៅមានភាពរឹងដៃជើងសិន។

(២២) វិស័យទេសចរណ៍ប្រកួតប្រជែងរកអតិថិជន, វិស័យកាត់ដេរប្រកួតប្រជែងឥវ៉ាន់នាំចេញ

កិច្ចការនេះ ខ្ញុំសូមឱ្យឯកឧត្តមរដ្ឋមន្ត្រីទេសចរណ៍ សុខ សូកេន (សិក្សានិងអនុវត្ត)។ កាលពីពេលមុន ខ្ញុំបានជួបជាមួយបងប្អូនសហគមន៍ទេសចរណ៍ ជាពិសេស ខាង Travel Agent  ភ្នាក់ងារទេសចរណ៍។ គាត់និ​យាយប្រាប់ខ្ញុំនៅក្នុងកម្មវិធីមួយ។ ខ្ញុំចាំថា បាន(គ្រោង)ជួបគាត់មុនបោះឆ្នោត។ ប៉ុន្តែអត់បានជួប។ យើងមិនចោលទេ។ វិស័យទេសចរណ៍ជាវិស័យអាទិភាពមួយសំខាន់ ហើយជាវិស័យប្រកួតប្រជែងធំណាស់។ កាត់ដេរយើងប្រកួតប្រជែងនាំឥវ៉ាន់យើងចេញក្រៅទៅរកអតិថិជន តែទេសចរណ៍យើងប្រកួតប្រជែងរកអតិថិជនមកប្រ​ទេសយើង នៅពេលដែលប្រទេសវៀតណាម ប្រទេសឡាវ ប្រទេសថៃ នៅជិតយើង ប្រទេសក្នុងអាស៊ានគេនាំគ្នាទាញដែរ​។ យើងត្រូវធ្វើយ៉ាងណាជាកម្លាំងសរុបរបស់យើង បងប្អូននៅក្នុងសមាគមកន្លែងខ្លះគាត់បានលើកដែរថាចង់ចូលប្រព័ន្ធ ប៉ុន្តែកន្លែងខ្លះគាត់អត់ហ៊ានចូលប្រព័ន្ធ វាអាចជាប់អីផ្សេងៗ។ ពិនិត្យមើល​ អាចធ្វើការប្រជុំដើម្បីស្ដាប់ពីគាត់

(២៣) ខែ១១ ត្រៀមជួបវិស័យឯកជន

ខ្ញុំសង្ឃឹមថានៅខែ ១១ ខ្ញុំរៀបចំវេទិការាជរដ្ឋាភិបាលជួបជាមួយវិស័យឯកជន​។ នៅគ្រប់វិស័យ​ទាំងអស់នឹងមានការចូលមតិយោបល់និងសំណូមពរ ដើម្បីយើងអាចពិនិត្យនិងដោះស្រាយ។ ខ្ញុំប្រាប់បងប្អូនខាងវិស័យឯកជន រដ្ឋាភិបាលយើងមានមន្ត្រីរាជការដែលមានសញ្ញាបត្រសេដ្ឋកិច្ច និងយល់ដឹងពីគោលនយោបាយសេដ្ឋកិច្ច ប៉ុន្តែបើសិនជាចង់ដឹងពីរឿងអាជីវកម្ម ទាល់តែសួរអាជីវករដែលអ្នកប្រតិបត្តិធ្វើផ្ទាល់។ ហ្នឹងហើយបានជាយើង(ត្រូវពិភាក្សាជាមួយ)វិស័យឯកជន។ សូមចូលរួម សូមគិតគូរ។ យើងគិតគូរ ថាតើយើង​ធ្វើអីខ្លះដើម្បីជួយគាត់ ឱ្យគាត់ចូលមកក្នុងប្រព័ន្ធ។ ពេលដែលគាត់ចូលមកក្នុងប្រព័ន្ធ យើងអាចរួមគ្នាជាផ្លូវការតែម្ដង សហការគ្នាបង្កើតជាសហគមន៍មួយជាដៃគូរវាងរាជរដ្ឋាភិបាលជាមួយវិស័យឯកជន ក្នុងវិស័យណាដើម្បីជួយពង្រឹង។ ការជួយសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះភាគច្រើនតូច មធ្យម និងមីក្រូ យើងជួយ។

(២៤) ដាក់ចេញកញ្ចប់១០០លានដុល្លារក្នុងវិស័យកសិកម្ម

ការដាក់ចេញនូវកញ្ចប់ថវិកាជួយនៅក្នុងវិស័យកសិកម្ម ១០០លានដុល្លារ ដើម្បីជួយធានាតម្លៃនិងអន្តរាគមន៍វិស័យអាទិភាព ផលិតផល ផលិតកម្មអាទិភាពមួយចំនួនរួមជាមួយនឹងការរៀបចំនូវសហគមន៍កសិករឱ្យដើរ។ ឯកឧត្តម ឌិត ទីណា មកទេ? ដៃគូដើរ មិនមែនតែរដ្ឋដាក់ទៅគោលការណ៍ទេ គឺត្រូវឱ្យកសិករខ្លួនឯងដើម្បីចូលរួម។ ការរៀបចំជាសហគមន៍នេះសំខាន់ណាស់។ ខិតខំឱ្យប្រព័ន្ធសហគមន៍នេះដើរ។ ឧទាហរណ៍ថាខាងក្រុមហ៊ុន ឬមួយក៏ប្រទេសណាចង់ឱ្យយើងនាំស្វាយ១លានតោនទៅ។ យើងមានទីផ្សារហើយ មានក្រុមហ៊ុនប្រមូលទិញទៅមែន តែលទ្ធផលផលិតនិងការប្រមូលឱ្យតាមគុណភាពស្ដង់ដារ។ បើយើងអត់គិតពីការផលិតគ្រប់គ្រាន់អត់កើតទេ។ ដំណាក់កាលនេះ យើងមិនអាចឈានទៅរកកសិឧស្សាហកម្មកម្រិតដែលឱ្យដីសម្បទានរាប់ម៉ឺនហិកតាយកទៅធ្វើនោះទេ។

យើងអត់មានដីរាប់ម៉ឺនហិកតាឱ្យទៀតទេ។ ឱ្យទៅដាំស្វាយចន្ទី១ម៉ឺនហិកតា ទៅរកដីថ្មី១ម៉ឺនហិកតាឱ្យអត់មានទេ។ ប៉ុន្តែកុំពិបាក នៅក្នុងកងទ័ពរូបមន្តនេះដែលខ្ញុំឱ្យធ្វើ។ ពេលដែលខ្ញុំកាន់កងទ័ពជើងគោក ការអភិវឌ្ឍកងទ័ពជើងគោកកន្លងទៅ យើងធ្លាប់សុំដីសម្បទានពីរដ្ឋ យកទៅអនុវត្ត។ ដល់ពេលក្រោយមក ខ្ញុំថាមិនបាច់គិតទេ។ គ្រួសារទ័ពមួយដែលបានដីសម្បទានសង្គមកិច្ចពីសម្ដេចតេជោ បូកចូលគ្នារាប់ពាន់រាប់ម៉ឺនហិកតា។ ធ្វើអាហ្នឹងបង្កើតគាត់ទៅជាសហគមន៍កសិករ។ បង្កើតរបរឱ្យគាត់ រកទីផ្សារឱ្យគាត់ផលិតរួមគ្នា។ បានយើងឱ្យគិតរូបមន្ត គិតជាមាត្រដ្ឋានឱ្យធំ គឺធ្វើយ៉ាងណាឱ្យសហគមន៍កសិករនេះដើរ

(២៥) សហគមន៍កសិករជំនាន់ថ្មី” និងការពង្រាយមន្ត្រីបច្ចេកទេសកសិកម្ម អនុវត្តជាបណ្តើៗ ពីឆ្នាំនេះ

ឃើញមានរៀបចំជាគោលគំនិតមួយចំនួន អនុវត្ត«សហគមន៍កសិករជំនាន់ថ្មី»។ ដាក់ឈ្មោះយ៉ាងម៉េចដាក់ទៅ។ ធ្វើម៉េចឱ្យដើរ។ យើងមានហើយសហគមន៍កសិករនៅទូទាំងប្រទេស។ យើងពិនិត្យមើលសហគមន៍យ៉ាងម៉េចដើម្បីជួយជម្រុញគាត់ឱ្យដើរដើម្បីជាដៃគូ។ ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្ម ខ្ញុំមិននិយាយទៀតទេ។ យើងរៀបចំហើយ។ យើងអាចចាប់ផ្ដើមមួយចំនួននៅក្នុងឆ្នាំនេះតែម្ដង។ មិនចាំបាច់ចាំ។ ម្សិលមិញ ឯកភាព(បញ្ជូន) ២៥០ នាក់។ កន្លងទៅ យើងមានចរចាក្នុងគោលនយោបាយដាក់ ២០២៤ ហើយ ២០២៥ បានអនុវត្ត។ ខ្ញុំជម្រាបទៅឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ ហើយជជែកជាមួយឯកឧត្តម ឌិត ទីណា ថាកុំចាំ។ ប្រជាពលរដ្ឋយើងត្រូវការបន្ទាន់។ រៀបចំទៅ។ យើងអាចចាត់ចែងតែម្ដង។ ចាប់ផ្ដើមពីឆ្នាំ២០២៣ នេះទៅតែម្ដង​។ បានតិចបានច្រើនយើងលើកជាជំហាន …។

អំពីគោលដៅអាទិភាពនេះ (ដែលខ្ញុំនិយាយជាថ្មី ថ្វីបើ)អ្នកបានស្ដាប់ពីថ្ងៃមុនឬមួយស្ដាប់ថ្ងៃនេះ ជាចំណុចរំលេចដែលយើងត្រូវធ្វើជាការប្ដេជ្ញាចិត្តរបស់យើង។ ធ្វើរឿងហ្នឹង ទៅនិយាយផ្សេងអត់កើត។ យើងត្រូវនិយាយរឿងហ្នឹងឱ្យបងប្អូនបានស្ដាប់ត ព្រោះអ្នកខ្លះអត់ទាន់បានស្ដាប់។ គ្រាន់តែបញ្ជាក់ប្រាប់បងប្អូនថា ៦ចំណុចនេះជាអាទិភាពដែលធ្វើបន្ទាន់។ សម្រាប់បញ្ចកោណដំណាក់កាលទី១ មិនមែនមានតែ៦ចំណុចទេ មានវិស័យអាទិភាព(ច្រើនទៀត)។ គ្រប់ក្រសួងស្ថាប័នសុទ្ធតែមានវិស័យអាទិភាពទាំងអស់។ បើឱ្យខ្ញុំឧទ្ទេសនាម យុទ្ធសាស្ត្របញ្ចកោណធ្វើអីខ្លះ ប្រហែលជាបងប្អូនគ្មានបានទៅផ្ទះទេ … តែយើងនឹងធ្វើការឧទ្ទេសនាមនៅវេទិកាផ្សេងៗនៅថ្ងៃណាដែលចាំបាច់ជាក់ស្ដែង។

(២៦) បទបញ្ជា ៦ ចំណុច គោលការណ៍ ៤ ចំណុច សំរាប់ក្រសួងការងារអនុវត្តឆ្នាំ ២០២៣

នេះហើយគឺជាអ្វីដែលបងប្អូននឹងទទួលបាន ការប្ដេជ្ញាចិត្តរបស់យើង រួមជាមួយការដាក់បទបញ្ជាផ្ទាល់ ទៅក្រសួងការងារ ៦ចំណុច និងការអនុវត្តគោលការណ៍ដែលត្រូវឆ្នាំ២០២៣នេះ បូកជាមួយនឹង៤ចំណុចដែលត្រូវរៀបចំជាបន្ទាន់។ ដូចរឿងទារកដ្ឋាន ការចរចានូវបរិស្ថានអាហារផ្សេងៗ ក៏ដូចជាការជម្រុញនូវការបង្កើតឱ្យមានភាពសុខដុមនីយកម្មនៅក្នុងស្ថាប័ន ដើម្បីធ្វើ។ បងប្អូនអ្នកចូលនៅទីនេះ អាចបានស្ដាប់ផ្ទាល់នូវចំណុចទាំងនេះ ជាពិសេសខ្ញុំ។ ថ្ងៃមុនភ្លេចខ្លួន ២ម៉ោងកន្លះ … ចង់ជម្រាបបងប្អូនដោយផ្ទាល់ទេ។ មួយបានមកអរគុណផ្ទាល់ មកជួបផ្ទាល់ … ខ្ញុំបើករង្វង់ក្រចកបន្តិចទេ ទៅលើប្រធានបទមួយ។

(២៧) ជំហានពិនិត្យការរៀបចំនៃក្បាលម៉ាស៊ីនដឹកនាំ

រាជរដ្ឋាភិបាលថ្មីកើតចេញពីការបោះឆ្នោត។ ទោះបីជាតួអង្គនៃការដឹកនាំរាជរដ្ឋាភិបាលនៅក្រសួងស្ថាប័នមួយចំនួនថ្មីក៏ដោយ ប៉ុន្តែភាពនឹងនរ លំនឹងនិងចក្ខុវិស័យទិសដៅមិនផ្លាស់ប្ដូរទេ។ ការរៀបចំដាក់ចេញនូវគោលនយោបាយមិនផ្លាស់ប្ដូរ។ ដើម្បីធានាប្រសិទ្ធភាព យើងត្រូវពិនិត្យនៅក្នុងការរៀបចំនៃក្បាលម៉ាស៊ីនដឹកនាំ។ ដំ​ណាក់កាលដំបូងក្នុងមួយសប្ដាហ៍នេះ មានមតិចាប់អារម្មណ៍ច្រើនពីការរៀបចំក្បាលម៉ាស៊ីនដឹកនាំរបស់រាជរដ្ឋាភិបាល ពីការតែងតាំងរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តែងតាំងទីប្រឹក្សា ជំនួយការ តាមបណ្ដាក្រសួង​ក៏ដូចជាទីប្រឹក្សានាយករដ្ឋមន្ត្រី។ មានទស្សនៈនិងការចាប់អារម្មណ៍ផ្សេងៗដែលខ្ញុំសូមបញ្ជាក់បន្តិច។

ទី១៖ ដើម្បីធានាការអនុវត្តគោលនយោបាយបានប្រសិទ្ធភាព ត្រូវមានតួអង្គដឹកនាំប្រតិបត្តិករនៅក្នុងការប្រតិ​បត្តិដោយប្រសិទ្ធភាព គឺតាមរយៈការរៀបចំក្បាលម៉ាស៊ីនដឹកនាំនេះឯង។ នៅតាមបណ្ដាក្រសួងស្ថាប័ន យើងមានបណ្ដាក្រសួងស្ថាប័នដែលមានមន្ត្រីរាជការ (យើង)ដូរតែក្បាលម៉ាស៊ីន។ ក្រសួងខ្លះ(ដូរ)តែរដ្ឋមន្ត្រីហើយនិងរដ្ឋលេខាធិការមួយចំនួន ភាគច្រើនគឺរដ្ឋលេខាធិការ ប៉ុន្តែក្រៅពីហ្នឹងយើងរក្សា។ ដើម្បីធានានូវស្ថិរភាព។ ទីប្រឹក្សា ជំនួយការភាគច្រើន គឺនៅដដែល។ យើងតែងតាំងថ្មីមួយចំនួន។ អាចមានការប្រែសម្រួលមួយចំនួនខ្លះ។ មានអ្នកខ្លះចាប់ផ្តើមផូស្តវាយប្រហារ … ពស់អត់ក្បាល អត់ទៅមុខទេ។ តែបើពស់មានក្បាល តែក្បាលហ្នឹងអត់កម្លាំង ក៏ពិបាករុលដែរ។

(២៨) ថែរក្សាកម្លាំង ភាពចាំបាច់ លើកទឹកចិត្ត ជាគុណធម៌ក្នុងការរៀបចំមន្ត្រី

អញ្ចឹងត្រូវការរៀបចំ(យ៉ាងណាដែល)ថែរក្សាកម្លាំងដើម្បីរៀបចំនៅក្នុងក្បាលម៉ាស៊ីនដឹកនាំស្ថាប័នឲ្យបាន។ ការរៀបចំជាមន្ត្រី ជាទីប្រឹក្សា ជាជំនួយការកន្លងទៅ យើងធ្វើរាប់អាណត្តិមកហើយ។ មូលដ្ឋាននៃការរៀបចំនេះគឺផ្អែកទៅលើតម្រូវការចាំបាច់​។ ពេលខ្លះយើងត្រូវការទីប្រឹក្សាជំនាញផ្សេងៗ ដើម្បីឲ្យមកធ្វើការ ដែលមិនមែនជាមន្ត្រីរបស់យើង។ ពេលខ្លះត្រូវការធានាប្រសិទ្ធភាពការងារ។ ពេលខ្លះដើម្បីឲ្យគាត់មានលទ្ធភាពដឹកនាំយន្តការមួយហ្នឹង ត្រូវតម្លើងគាត់ជាទីប្រឹក្សាជាពិសេស។ យន្តការមួយទៀតគឺត្រូវការលើកទឹកចិត្ត ឧទាហរណ៍ថា មន្ត្រីចូលនិវត្តម្នាក់ គាត់នៅមានជំនាញអាចបន្តជួយក្រសួងបាន។ យើងរៀបចំជាជំនួយការទីប្រឹក្សាក្រសួងដើម្បីឲ្យមកជួយការ​ងារ​ហ្នឹងបន្ត ហើយដើម្បីផ្តល់ជាកិត្តិយសជូនគាត់។ យើងផ្តល់ឋានៈគាត់ជារដ្ឋមន្ត្រី ជារដ្ឋលេខាធិការ ដើម្បីធ្វើការងារដឹកនាំស្ថាប័ន។ (នេះ)ជាគុណធម៌នៅក្នុងការរៀបចំមន្ត្រី។ ពាក្យគុណធម៌នេះសំខាន់ណាស់។ ខ្មែរយើងមនោសញ្ចេតនាសំខាន់ណាស់។ ប៉ុន្តែយើងក៏គិតអំពីប្រសិទ្ធភាពការងារដែរ។

(២៩) ការតែងតាំងមន្ត្រីគិតពីប្រសិទ្ធភាពនិងតម្រូវការ

ខ្ញុំសូមបញ្ជាក់ ការរៀបចំតែងតាំងមន្ត្រីដែលឃើញ(មាន)ចំនួន(ច្រើន) ភាគច្រើនគឺមន្ត្រីដែលបាននៅជាមួយយើង ធ្វើការជាមួយក្រសួងស្ថាប័នជាច្រើន ដែលនៅជាមួយគ្នាជាយូរឆ្នាំហើយ បង្ហាញថាយើងមិនចោលអ្នកដែលបានរួមរស់ជាមួយយើងនៅធ្វើការជួយយើងក្នុងរូបភាពណានោះទេ។ នេះគេហៅថា គុណធម៌នៅក្នុងការរៀបចំ។ គុណធម៌នៅក្នុងការដឹកនាំ។ កន្លែងខ្លះ វាត្រូវការចាំបាច់។ កន្លែងខ្លះមើលទៅឃើញហាក់ដូចជាច្រើន ប៉ុន្តែការរៀបចំមិន(អាច)ចោល(បាន)។ ពីមុនមកក៏បានធ្វើ(ដូចគ្នានេះ)។ ឥឡូវយើងធ្វើបន្តទៅទៀត (យោង)ទៅលើកត្តាចាំបាច់។ យើងក៏គិតពីប្រសិទ្ធភាពដែរ តែក៏យើងគិតពីតម្រូវការ។ មិនមែនតែគ្រាន់តែការលើកទឹកចិត្តមួយមុខទេ កន្លែងខ្លះវាពាក់ព័ន្ធទៅនឹងប្រសិទ្ធភាពការងារ … សំខាន់សម្រាប់មន្ត្រី និងបុគ្គលដែលមានសក្តានុពល ដែលបានជួយការងារសំខាន់ៗ។

(៣០) ការរៀបចំមន្ត្រីត្រូវធ្វើក្នុងគោលដៅពង្រឹងប្រសិទ្ធភាពស្ថាប័ន រក្សាការឯកភាព និងសាមគ្គីផ្ទៃក្នុង

ការដឹកនាំរបស់យើង ៤០ឆ្នាំនេះ ជាពិសេសការដឹកនាំយើងច្រើនអាណត្តិមកនេះ គណបក្សប្រជាជនកម្ពុជាក៏ដូចជារាជរដ្ឋាភិបាល ដឹកនាំ​មិនមានទម្លាប់ឆ្លងស្ពានឬឡើងលើទូកហើយ ដុតស្ពានចោលទេ។ យើងធ្វើការកែ​សម្រួល។ ប៉ុន្តែការផ្តល់នូវគុណធម៌ និងការថែរក្សាចំពោះអ្នកដែលនៅជាមួយ បានបន្តខំប្រឹងខិតខំបំពេញភារកិច្ចចូលជួយមកហើយ។ យើងជួយគាត់ត្រឹមរូបភាពណា។ កន្លងទៅ ការផ្តល់ជាកិត្តិយសជូនមន្ត្រីដែលចូលនិវត្ត ឬមន្ត្រីដែលមានស្នាដៃ យើងបានធ្វើហើយ។ ខ្ញុំក៏សូមយកឱកាសនេះ ដាស់តឿនក្រើនរំលឹកដល់រដ្ឋមន្ត្រីតាមក្រសួងស្ថាប័ន ជាពិសេសនិយាយឲ្យចំគឺក្រសួងស្ថាប័នថ្មី​ នៅក្នុងការរៀបចំមន្ត្រីឡើងវិញ ត្រូវធ្វើនៅក្នុងគោលបំណង គោលដៅនៃការពង្រឹងប្រសិទ្ធភាពស្ថាប័ន រួមជាមួយនឹងការរក្សាការឯកភាព និងសាមគ្គីផ្ទៃក្នុង ទើបយើងរស់។ ភាពជោគជ័យគឺអាស្រ័យទៅលើសមត្ថភាព ប្រសិទ្ធភាពក្នុងការសម្រេចភារកិច្ច ហើយរក្សាសាមគ្គីផ្ទៃក្នុង។ ត្រូវចងចាំ(ធាតុផ្សំទាំងនេះ) ក្នុងការរៀបចំគោលការណ៍(រៀបចំមន្ត្រី)

(៣១) ការតែងតាំង/ចាត់តាំងផ្អែកលើគុណាធិបតេយ្យ គុណសម្បត្តិ សមត្ថភាព និងអតីតភាព

ថ្នាក់ដឹកនាំរបស់យើងបានទទួលជោគជ័យបញ្ចប់សង្គ្រាមគឺដោយសារស្មារតីនៃការយោគយល់គ្នា និងការគិតគូរក្របខណ្ឌជាតិដែរ។ ខ្មែរក្រហមធ្លាប់វាយគ្នា យើងក៏យកចូលមកសមាហរណកម្មដើម្បីការថែរក្សានិងគិតគូររៀបចំ។ គោលនយោបាយនេះ សម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមឧត្តមប្រឹក្សាជាន់ខ្ពស់ព្រះមហាក្សត្រ លោកក៏បានដាក់សារថ្ងៃមុនរំលឹកអំពីគុណធម៌នៃការតែងតាំង។ ការប្រគល់ភារកិច្ច ការបែងចែកខាងក្នុង ត្រូវគិតគូរ ត្រូវធ្វើយ៉ាងណា ខ្ញុំមិនទៅលូកដៃនៅក្នុងការតែងតាំងក្រសួងទេ ខ្ញុំទុកឆន្ទានុសិទ្ធិជូនឯកឧត្តម លោកជំទាវ។ ឯកឧត្តម លោកជំទាវ អនុវត្តចុះ ស្នើមកព្រះរាជក្រឹត្យ អនុក្រឹត្យ ខ្ញុំសុំឲ្យពិចារណា និងគិតគូរឲ្យបានច្បាស់លាស់។ ការតែងតាំង ចាត់តាំងផ្អែកទៅលើគុណាធិបតេយ្យ គុណសម្បត្តិ សមត្ថភាព និងអតីតភាពនៃការចូលរួម។ ការខិតខំផ្សាំគ្នានិងស៊ីគ្នា រវាងមន្ត្រីចាស់និងមន្ត្រីថ្មី។ ប្រធានស្ថាប័នគឺជាមជ្ឈ​មណ្ឌលនៃការឯកភាពផ្ទៃក្នុង។ ត្រូវស៊ីគ្នា។

(៣២) ការគោរពគ្នាតាមឋានានុក្រម ធ្វើអោយមានសុខដុមនីយកម្ម

ឈាមចាស់ ឈាមថ្មី គឺជាឈាមតែមួយទេដើម្បីយើងរួមគ្នា។ គេថា ក្មេងមានកម្លាំង​ចាស់ស្គាល់ផ្លូវ។ គុណធម៌នៃការចាត់តាំង តែងតាំង គឺវាត្រូវគិតគូរអំពីការប្រើប្រាស់កម្លាំងទាំងអស់ដោយមិនគិតថា អ្នកនេះចាស់អ្នកនេះថ្មី គឺធ្វើយ៉ាងណាឲ្យអ្នកចាស់អ្នកថ្មី មិនប្រកាន់គ្នា មានការឯកភាពគ្នា គោរពគ្នា។ ការគោរពគ្នា មិនគិតពីអាយុ ប៉ុន្តែតាមឋានានុក្រម (ធ្វើ)ឲ្យមានសុខដុមនីយកម្ម។ គុណធម៌ដែលយើងរៀបចំរាជរដ្ឋាភិបាលមានច្រើន(ដូច)នេះ … មានការធ្វើនិងបង្ហោះអត្ថាធិប្បាយវាយប្រហារ(អំពី)ការតែងតាំងឡើងវិញច្រើន។ យើងផ្អែកទៅលើសមត្ថភាព គុណភាព និងគុណធម៌ រួមគ្នាជាមួយប្រសិទ្ធភាពដែលយើងបានធ្វើ។ ការថែរក្សានូវកម្លាំងបងប្អូនដែលបានចូលរួមហើយ។ យើងមានការកែសម្រួលមួយចំនួន។ ឯកឧត្តម លោកជំទាវ អ៊ំ ពូ មីងខ្លះដែលសុខភាពមិនល្អ ក៏បានឈប់ ក៏បានសម្រាក។ ការរៀបចំថ្មីក៏ផ្អែកទៅលើកិច្ចការនេះដែរ។

(៣៣) តុល្យភាពរវាងបច្ចេកទេសនិងមនោសញ្ចេតនា ការយោគយល់ត្រូវធានាប្រសិទ្ធភាពនិងប្រយោជន៍រួម

ដោយមានការផ្សាយផ្ទាល់ ហើយមានបងប្អូនដ៏ច្រើនដែលចង់ដឹងចង់លឺ ខ្ញុំសូមយកឱកាសនេះ … វេទិកានេះ (ជំរាបជូន) … ពីការរៀបចំទីប្រឹក្សា ជំនួយការឡើងវិញ (ដែលមានអ្នករិះគន់ខ្លះ)ចេញមុខថា រាជរដ្ឋាភិបាលថ្មី ប៉ុន្តែអ្នកនៅក្រសួងដដែលៗ។ ចុះឲ្យយើងយកគាត់ទៅណា? បើគាត់មានបទពិសោធន៍ ហើយចូលរួមនៅក្នុងដំណើរតាំងពីលំបាកជាមួយយើងមក។ យើងត្រូវផ្តល់ឱកាសឲ្យគាត់បន្តទៀតជាទីប្រឹក្សា ជំនួយការ ដែលនេះគេហៅថាគុណធម៌នៃការតែងតាំង … (យើងត្រូវ)រៀបចំពង្រឹងស្ថាប័ន រក្សាសាមគ្គីផ្ទៃក្នុង។ គ្មានអីក្រៅពីសាមគ្គី​ផ្ទៃក្នុងទេ (ដែល)ឲ្យយើងរឹងមាំ។ យើងត្រូវគិតពីបច្ចេកទេស ប៉ុន្តែយើងក៏ត្រូវគិតអំពីមនោសញ្ចេតនា ដោយធានាអោយបានតុល្យភាពរវាងបច្ចេកទេសនិងមនោសញ្ចេតនា។ ការយោគយល់គ្នា ត្រូវងធ្វើដោយមានគោលការណ៍ច្បាស់លាស់ ធ្វើយ៉ាងណាកុំឲ្យប៉ះពាល់ជាមួយប្រសិទ្ធភាពនិងផលប្រយោជន៍រួម។ ទន្ទឹមនឹងការផ្តល់រៀបចំម​ន្ត្រីឡើងវិញ យើងក៏បានពិនិត្យមើលវាយតម្លៃ។ ថ្នាក់ដឹកនាំគណបក្សក៏មានការឯកភាព មិនមែនយើងធ្វើអត្តនោម័តិនោះទេ។ ធ្វើការងារអ្វី គណបក្សប្រជាជនយើងមានការឯកភាព សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ។ រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សណា ដឹកនាំអនុវត្តគោលនយោបាយបក្សនោះ។

(៣៤) ការតែងតាំងលើកទឹកចិត្ត តែកុំអោយប៉ះពាល់ផលប្រយោជន៍រួមក្នុងស្ថាប័ន

កន្លងទៅការរៀបចំតំណែងទីប្រឹក្សា ជំនួយការ តំណែងនយោ​បាយ យើងធ្វើដើម្បីផ្តល់ការទុកចិត្តនិងការលើកកិត្តិយសជូនមន្ត្រី។ យើងបានធ្វើល្អហើយការលើកទឹកចិត្ត។ ប៉ុន្តែកន្លងទៅ យើងធ្វើការវាយតម្លៃក៏(ឃើញ)មានប៉ះពាល់​​ជ្រុងខ្លះដែរ។ ជ្រុងមួយគឺឋានានុក្រមនៃការដឹកនាំស្ថាប័ន។ និយាយត្រង់ទៅ យើងមានអភិបាលរងខណ្ឌឋានៈស្មើរដ្ឋមន្ត្រី។ យើងមានអនុការិយាល័យឋានៈស្មើអនុរដ្ឋលេខាធិការ។ ដល់ប្រជុំធ្វើម៉េច? តាមគោលការណ៍ គឺយើងមិនឲ្យមានការប៉ះពាល់ ប៉ុន្តែអនុវត្តជាក់ស្តែងវាប៉ះពាល់អារម្មណ៍និងការដឹកនាំបញ្ជា … មានអ្នកឧកញ៉ា លោកឧកញ៉ា ឋានៈស្មើរដ្ឋមន្ត្រី។​ យើងមានមេធាវីដែលប្រកបរបរជាប្រធានការិយាល័យមេ​ធាវីទៅដោះស្រាយជម្លោះជាមួយគេឋានៈស្មើរដ្ឋលេខាធិការ … មានការត្រួតត្រា។ អញ្ចឹងវាធ្វើឲ្យប៉ះពាល់ទៅដល់ការដឹកនាំយើងកន្លែងខ្លះក៏បន្តិចកន្លែងខ្លះក៏ច្រើន។ អញ្ចឹងយើងត្រូវសម្រេចធ្វើការវះកាត់ដើម្បីធានាលើកទឹកចិត្តនៅបន្តធ្វើ ប៉ុន្តែកុំឲ្យប៉ះពាល់ផលប្រយោជន៍រួមនៅក្នុងស្ថាប័ន។ ខ្ញុំសូមការយោគយល់ពីបណ្តាឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ដែលអាចត្រូវប៉ះពាល់ តែយើងធ្វើនេះ គឺជ្រើសយកអភិក្រមមួយដើម្បីយើងធ្វើការកែសម្រួលការតែងតាំងនេះ

(៣៥) លុបការតែងតាំងមានឋានៈស្មើ ចំពោះមន្ត្រីរាជការស៊ីវិល នគរបាលជាតិនិងយោធិននៅក្នុងក្របខណ្ឌ

ចំពោះ(១)រាជការស៊ីវិល មន្ត្រីនគរបាលជាតិយោធិន ដែលកំពុងនៅក្នុងក្របខណ្ឌ ដែលកន្លងទៅអាចទទួលជាទីប្រឹក្សា ឬជំនួយការ ឋានៈស្មើនេះ ស្មើនោះ យើងសុំលុប។ ដំបូងឡើងយើងមានជម្រើស២។ ជម្រើសមួយ តើយើងត្រូវរក្សាទុកដដែលឬទេ? មិនបាច់ធ្វើអ្វីទេ។ សប្បាយហើយ។ សុខដុមរមនាហើយ។ សប្បាយចិត្តផ្តល់ ប៉ុន្តែវាពាក់ព័ន្ធទៅដល់ប្រសិទ្ធភាពដឹកនាំស្ថាប័ន។ ជម្រើសមួយទៀតគឺអារកាត់ថា មិនឲ្យតែងតាំងមន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ ជាទីប្រឹក្សា ឬជំនួយការទេ។ ជម្រើសនេះ គឺយើងដាច់ភឹងមួយ។ ប៉ុន្តែខ្ញុំសម្រេចយកជម្រើសទី៣ គឺជម្រើសឈ្នះឈ្នះ។ ការតែងតាំងជាទីប្រឹក្សានិងជំនួយការរបស់នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី ឬគ្រប់ស្ថាប័ន អាចនៅបន្តធ្វើចំពោះមន្ត្រីរាជការស៊ីវិលកងកម្លាំងប្រដាប់អាវុធ ប៉ុន្តែគាត់មានជម្រើស២។ បើគាត់ចង់បានងារជារដ្ឋលេខាធិការជាឋានៈស្មើ គាត់ត្រូវដាក់អោយនៅក្រៅក្របខណ្ឌការ​ងារ​របស់គាត់។ បានន័យថាគាត់លែងជាប្រធាននាយកដ្ឋានអីទៀតហើយ។ គាត់ត្រូវឡើងមកធ្វើទីប្រឹក្សាឋានៈស្មើរដ្ឋមន្ត្រី ឬរដ្ឋលេខាធិការ។ តែបើគាត់ចង់រក្សាប្រអប់គាត់ សុំឲ្យគាត់យកតែទីប្រឹក្សាបានហើយ ដោយមិនមានឋានៈស្មើ។

អញ្ចឹងនៅតែផ្តល់ឱកាស លើកទឹកចិត្តឲ្យគាត់អាចជាទីប្រឹក្សាក្រសួង ប៉ុន្តែសុំអត់មានឋានៈស្មើទៀតទេ។ យើងអត់មាននាយទាហានម្នាក់ វរសេនីយ៍ទោឋានៈស្មើអគ្គនាយកទេ ឬមួយវរសេនីយ៍ទោ ឋានៈស្មើអនុរដ្ឋលេខាធិការទេ (ដែលវានឹងធ្វើអោយការ)ដឹកនាំស្ថាប័នពិបាក។ អញ្ចឹងយើងសុំឱ្យគាត់រើសមួយ។ ចំពោះមន្រ្តី​ក្របខណ្ឌនយោបាយដែលគាត់នៅក្នុងក្របខណ្ឌរាជការ ក្នុងស្ថាប័នកងកម្លាំងប្រដាប់អាវុធដាក់ក្រៅក្របខណ្ឌ គាត់​មិននៅក្នុងតួនាទីស្ថាប័ននេះ/នោះទេ ឬគាត់ក៏មានតួនាទីនយោបាយនៅក្នុងក្រសួងសា្ថប័នហើយ ដូចជារដ្ឋលេខា​ធិការ អនុរដ្ឋលេខាធិការ គាត់អាចទទួលជាទីប្រឹក្សា ថ្នាក់ដឹកនាំឬអ្វីបន្ថែម ហើយអាចឱ្យឋានៈស្មើបាន​។

យើងយកការ(សំរេច)កាត់នេះ បានន័យថាម៉េច? អ្នកដែលធ្លាប់បាន ២ ឥឡូវត្រូវរើស(១)។ អ្នកដែលធ្លាប់បាន ៣ ត្រូវរើស ២។ ពីមុនគាត់ជាប្រធាននាយកដ្ឋាន គាត់ជាទីប្រឹក្សានាយករដ្ឋមន្ត្រី គាត់ឋានៈស្មើនឹងរដ្ឋមន្ត្រីទៀត អញ្ចឹងគាត់បាន ៣។ ឥឡូវឱ្យរើសយក ២។ តើគាត់យករើសជាប្រធាននាយកដ្ឋាន ឬគាត់រើសយកឋានៈស្មើរដ្ឋមន្ត្រី។ ទីប្រឹក្សានៅឱ្យដដែល ជំនួយការឱ្យដដែល។ ធ្វើយ៉ាងនេះដើម្បីយើងធានាផ្តល់នូវអាទិភាព ផ្តល់នូវ យុត្តិធម៌ និងការលើកទឹកចិត្តក្នុងកម្រិតណាមួយសម្រាប់មន្ត្រីដែលកំពុងការនៅក្នុងក្របខណ្ឌ។ ចំពោះអ្នកក្រៅក្របខណ្ឌ គាត់អាចទទួលបានដូចពីមុន តែងតាំងជាទីប្រឹក្សា ជាជំនួយការឋានៈស្មើ(នឹងអ្វីមួយ)។ អត់អីទេ។​ អត់ប៉ះពាល់ …។

(៣៦) សមាជិកក្រុមប្រឹក្សា អ្នកគ្រប់គ្រងក្រុមហ៊ុនឯកជន ឧកញ៉ា កុំយកងារបន្ថែមពេលទទួលមុខងារទីប្រឹក្សា

ទី២៖ ចំពោះបុគ្គលជាសមាជិកជាក្នុងក្រុមប្រឹក្សា ឬគ្រប់គ្រងក្រុមហ៊ុនឯកជន ឬបុគ្គលដែលទទួលបានគោរម​ងារឧកញ៉ា (ក៏ដូច)គ្នា(ដែរ) គាត់នៅតែអាចទទួលបានជាទីប្រឹក្សានាយករដ្ឋមន្រ្តី ជាទីប្រឹក្សាក្រសួងការបរ​ទេស ក្រសួងមហាផ្ទៃ ទីប្រឹក្សាទេសរដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ប៉ុន្តែសុំឱ្យគាត់មិនយកងារជារដ្ឋមន្ត្រី ឬជាអីទេ ព្រោះគាត់មានគោរមងារ ឧកញ៉ា ហើយ។ សម្តេចធ្លាប់ចេញគោលការណ៍នេះសម្រាប់ឧត្តមសេនីយ៍ប៉ូលីស ទាហាន ម្តងហើយ។ បើមានពាក់សក្តិជាឧត្តមសេនីយ៍ហើយ យើងកុំយកជា ឧកញ៉ា បើយើងយកជា ឧកញ៉ា យើងកុំយកជាឧត្តមសេនីយ៍នៅក្នុងស្ថាប័ន។ នេះស្រដៀងគ្នា។ តែឈប់ពាក់ជាឧត្តមសេនីយ៍ គាត់យកជាឧកញ៉ា គាត់លែងទៅធ្វើការនៅក្នុងស្ថាប័នហ្នឹងហើយ។ នេះនៅក្នុងប្រធានបទដូចគ្នា។ (ធ្វើដូចនេះ)ដើម្បីយើងធានាសង្គតិភាព។ សុំទោស ឯកឧត្តម អ្នកឧកញ៉ា លោកឧកញ៉ា អាចប៉ះអារម្មណ៍ ប៉ុន្តែយើងធ្វើទាំងអស់គ្នា …។

(៣៧) ការអនុវ​ត្តស្តីពីការតែងតាំងមុខងារនយោបាយចំពោះមេធាវីនិងអ្នកមានវិជ្ជាជីវៈសេរី

ប្រទេសភាគច្រើនណាស់អត់ដែលមាន Advisor to Prime Minister ឋានៈស្មើអីទេ។ ជាងារកិត្តិយស។ យើងចេញទៅក្រៅ​ប្រទេសប្រាប់គេថាខ្ញុំជា Advisor ទៅនាយករដ្ឋមន្ត្រី។ មិនមែនខ្ញុំឋានៈស្មើនេះនោះទេ។ អ្នកនៅក្នុងវិស័យឯកជនដូចគ្នា។ អ្នកជាមេធាវី ឬជាអ្នកវិជ្ជាជីវៈសេរីផ្សេងទៀត ព្រោះវិជ្ជាជីវៈសេរីមានច្រើន … មិនអាចគាត់ថាទេ គាត់មានការិយាល័យក្រុមហ៊ុនវិស្វកម្មរបស់គាត់ ហើយគាត់ជាទីប្រឹក្សាឋានៈស្មើរដ្ឋមន្ត្រីទៀតទេ។ ទៅធ្វើការចរចាយ៉ាងម៉េចបាន? ដូចគ្នាដែរ វិជ្ជាជីវៈសេរីនេះគឺមានជម្រើស២។ គាត់ប្រកប ឬមិនប្រកប ដូចមន្ត្រីបានន័យថានៅក្នុងក្របខណ្ឌ ឬក្រៅក្របខណ្ឌ បើគាត់ប្រកបបានន័យថាមេធាវីនៅដើរទទួលករណី(រឿងក្តី)គេ ហើយនិងដោះស្រាយបញ្ហាក្នុងរូបភាពក្រុមហ៊ុនមេធាវីទេគឺសុំមិនឱ្យមាន។ គេថាងារជារដ្ឋមន្ត្រី ជាអគ្គនាយក ជាអីទៅជាមួយមិនបាច់ទេ។

គាត់ជាមេធាវីអាចជាទីប្រឹក្សាក្រសួងយុត្តិធម៌ ទីប្រឹក្សា ឬជំនួយការក្រសួង … តែបើគាត់ឈប់ប្រកប(ការងារជាមេធាវី) គាត់ចេញមក។ អញ្ចឹងគាត់អាចទទួលបាន។ កន្លងទៅយើងតែងតាំងខ្លះជាទីប្រឹក្សា ក្រុមប្រឹក្សាអ្នកច្បាប់អីផ្សេងៗ។ អ្នកមិនប្រកប យើងឱ្យតួនាទីបាន។ អញ្ចឹងអត់ប៉ះពាល់ទេ។ យើងចែកគ្នា។ បានន័យថាចែកកិត្តិយស ប៉ុន្តែការលើកទឹកចិត្តយើងត្រូវចែកគ្នា។ បើអ្នកមានក្របខណ្ឌរដ្ឋ ឬមួយប្រកបក្នុងអាជីពមានគោរម​ងារក្នុងវិស័យឯកជនគឺយកទីប្រឹក្សា តែសុំកុំឱ្យមានឋានៈនៅក្នុងនយោបាយទៀត។ តែបើអត់មានប្រកបនៅក្រៅនោះ អាចយកឋានៈក្នុងនយោបាយជាការលើកទឹកចិត្ត សុំចិត្តយើងរៀបចំអញ្ចឹងតែម្តង។

(៣៨)មន្ត្រីដែលតែងតាំងហើយមានពេល ៦ ខែ សម្រេចចិត្តរើសយកមុខតំណែងមួយណា

អត់សុំទេ។ គ្រាន់តែជូនដំណឹងទេ។ ឥឡូវនេះខ្ញុំអត់ចុះស្ទង់មតិទេ។ យើងបានប្រជុំធ្វើការងារសមូហភាព ក្នុងការឯកភាពគ្នាផ្ទៃក្នុងរបស់ជួរដឹកនាំរដ្ឋាភិបាលថ្មី និងឯកភាពផ្ទៃក្នុងជូនថ្នាក់ដឹកគណបក្សហើយ។ ឆ្លងហើយយើងធ្វើ។ ចំពោះការអនុវត្ត ចុះអ្នកដែលតែងតាំងហើយនោះយ៉ាងម៉េចទៅ? អ្នកដែលតែងតាំងកន្លងហើយ យើងទុករយៈពេល ៦ខែជូន ព្រោះ(ត្រូវការពេលសំរាប់)ទាំងការរៀបចំក្របខណ្ឌ និងដើម្បីឱ្យមន្ត្រីធ្វើការសម្រេចចិត្តផង ហើយក៏ដូចជារដ្ឋមន្រ្តីថ្មីដើម្បីធ្វើការវាយតម្លៃនិងសម្រេចចិត្តជូនយោបល់។ ក្រោយពីចេញព្រះរាជក្រឹត្យនេះ រាល់ការតែងតាំងទីប្រឹក្សា ជំនួយការ គឺត្រូវអនុវត្តតាមក្របខណ្ឌនេះ។ បើមន្ត្រីមានក្របខណ្ឌនៅក្នុងមន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ គឺអាចឱ្យទីប្រឹក្សា ជំនួយការ តែមិនមែនឋានៈស្មើបន្ថែមលើមុខងារបច្ចុប្បន្នទៀតទេ។ បើសិនជាចង់បានងារគឺត្រូវបោះឋានៈគឺត្រូវបោះបង់ចោល។ ការតែងតាំងនេះមាន ២កម្រិត​។ បើជាព្រះរាជក្រឹត្យអ្នកដែលត្រូវបានតែងតាំង អាចមានងារជា ឯកឧត្តម លោកជំទាវ អត់បញ្ហា។ នេះនីតិវិធីហ្នឹងចេញមកបន្តទៀត។ ដើម្បីជាការលើកទឹកចិត្តផ្តល់ជូន … បើបងប្អូនគិតថាចង់បាន អត់ត្រូវការនៅក្រ​សួងទៀតទេ ខ្ញុំគ្រាន់តែចង់ថាក្រសួងផ្តល់ជាយោបល់មតិ ឬកម្រិតណាមួយ ខ្ញុំអត់យកជាមន្ត្រីរាជការ ឬមួយក៏ខ្ញុំព្យួរសក្តិរបស់ខ្ញុំចេញ ខ្ញុំសុខចិត្តយកតួនាទី យកឋានៈស្មើ នោះខ្ញុំជូន។ រាជរដ្ឋាភិបាលនឹងជូន។

សុំឱ្យក្រសួងស្ថាប័ននីមួយៗអនុវត្តឱ្យបានម៉ត់ចត់រាល់បញ្ជីសំណើមក ត្រូវត្រួតពិនិត្យឡើងវិញចាប់ពីពេលដែលព្រះរាជក្រឹត្យចេញទៅ។ ចំពោះអ្នកដែលបានតែងតាំងហើយគឺយើងទុករយៈពេល៦ខែ ដើម្បីជូននៅក្នុងការសម្រេចចិត្ត ព្រោះវាត្រូវប្រើពេលវេលាដើម្បីពិនិត្យវិនិច្ឆ័យនិងកែសម្រួលនិងក្របខណ្ឌទាំងប្រាក់បៀវត្ស ទាំងប្រាក់បំណាច់មុខងារ។ ខ្ញុំប្រាប់បងប្អូនហើយ វាពាក់ព័ន្ធទៅនឹងស្ថាប័នដឹកនាំរបស់អង្គភាពរដ្ឋ ដែលជាអ្នកមានជាសេនាធិការឱ្យរដ្ឋាភិបាលក្នុងការបម្រើឱ្យប្រជាពលរដ្ឋ។ យើងកែសម្រួល។ យើងមិនធ្វើបដិវត្តន៍ទេ តែយើងធ្វើកែទម្រង់ខ្លះនៅខាងក្នុង។ យើងយកអភិក្រមនិងការថែរក្សាយុត្តិធម៌សម្រាប់បុគ្គលតុល្យភាពជាមួយប្រសិទ្ធភាពនៃការដឹកនាំស្ថាប័ន។ យើងមិនកាត់គាត់ចោលទេ។ បើយកជម្រើសទី២ គឺកាត់គាត់ចោលទាំងអស់​។ បិទច្រកគាត់មិនឱ្យសុំធ្វើទេ។ តែយើងបើកច្រកជូនគាត់ តែសុំឱ្យមានការសម្បទានមកវិញដើម្បីយើងរួមគ្នាធ្វើការធានា។

នេះហើយអភិក្រមនៅក្នុងការធ្វើការងាររបស់យើង។ អ្វីដែលតែងតាំង/ចាត់តាំងមកហើយពីមុន គឺមានហេតុផលដែលខ្ញុំនិយាយតាមតម្រូវការដើម្បីប្រសិទ្ធភាពការលើកទឹកចិត្ត អត់មានអីខុសទេ ហើយយើងបន្តនៅធ្វើ គោលការណ៍នេះមួយចំនួន គ្រាន់តែកែសម្រួលមួយចំនួនឱ្យមុតស្រួច។ យើងវាយតម្លៃថាអ្វីដែលមិនទាន់ដើរស្រួលយើងកែសម្រួលប៉ុណ្ណឹង។ ប៉ុន្តែជាយន្តការលើកទឹកចិត្តបន្តទៅទៀត ដើម្បីពង្រឹងសាមគ្គីផ្ទៃក្នុង និងបន្តអនុវត្ត។ នេះជ្រុលជាខ្ញុំលើកព្រោះប៉ុន្មានថ្ងៃនេះឃើញកាសែតលើកតែរឿងអីតែងតាំងមន្ត្រី ទីប្រឹក្សា ឥឡូវជ្រុលជានិយាយជម្រាបអញ្ចឹងតែម្តង។

(៣៩) រាជរដ្ឋាភិបាលថ្មីមិនធ្វើបដិវត្តន៍ តែធ្វើការអភិវឌ្ឍផ្អែកលើមូលដ្ឋានមានស្រាប់ កំណែទម្រង់ ដើម្បី ប្រសិទ្ធភាព

រាជរដ្ឋាភិបាលថ្មីនៃគណបក្សប្រជាជនកម្ពុជាដឹកនាំប្រទេសមិនធ្វើបដិវត្តន៍ទេ យើងធ្វើការអភិវឌ្ឍផ្អែកទៅលើមូលដ្ឋានដែលមានស្រាប់ ធ្វើការកំណែទម្រង់ និងធ្វើការកែសម្រួលមួយចំនួនដើម្បីកាន់តែមានប្រសិទ្ធភាព។ ការរៀបចំតែងតាំងកម្រិតថ្នាក់ជាតិ ក៏ដូចតាមបណ្តាក្រសួងស្ថាប័ន ហើយថ្ងៃក្រោយក្រោមជាតិក៏ត្រូវគិតគូរដូចគ្នា ព្រោះពាក់ព័ន្ធនេះពាក់ព័ន្ធថ្នាក់ក្រោមជាតិដែរ។ កន្លងទៅក៏មានឯកឧត្តម អភិបាល អភិបាលរង មានរហូតទៅដល់អភិបាលរងស្រុកឯណោះដែលជាទីប្រឹក្សាឋានៈស្មើរដ្ឋមន្ត្រី ឬមួយរដ្ឋលេខាធិការឋានៈស្មើអគ្គនាយក​។ អភិបាលខណ្ឌ អភិបាលរងខណ្ឌ ក៏មានដែរ។ អញ្ចឹងទៅប្រជុំឧទាហរណ៍៖ ថាអភិបាលរងខណ្ឌមួយឋានៈស្មើធំជាង បង ឃួង ស្រេង ទៀត។ អញ្ចឹងត្រូវតែបង ស្រេង រត់ទៅរកឋានៈទីប្រឹក្សាដើម្បីឋានៈខ្ពស់ជាង។ យូរ​ៗទៅប្រកួតប្រជែងរឿងឋានៈស្មើខ្ពស់ជាងគ្នា។

… អ្វីដែលមានប្រសិទ្ធភាពដើរមកហើយ វាមិនមែនមិនដើរទេ ដែលយើងបានកំណើន ៧% ជាង ២ទសវត្សរ៍ទប់កូវីដ-១៩ បាន ទប់លំនឹងសេដ្ឋកិច្ចបាន។ នេះដោយសារ(បរិធានរដ្ឋ)យើងដើរ។ តែយើងត្រូវកែសម្រួលវាមួយចំនួនដែលនៅមិនទាន់ដើរស្រួលដើម្បីឱ្យកាន់តែដើរប្រសើរទៀត ដើម្បីបម្រើប្រជាពលរដ្ឋ (ដោយ)ចាប់ផ្តើមពីការរៀបចំផ្ទះខ្លួនឯងឱ្យរៀបរយគឺក្រសួងស្ថាប័ននីមួយៗនេះតែម្តង។ ខ្ញុំសូមរំលឹកនិងដាស់តឿនជូនទៅដល់រដ្ឋមន្ត្រី ឯកឧត្តម លោកជំទាវ រដ្ឋមន្ត្រី ជាពិសេសរដ្ឋមន្ត្រីថ្មីដែលចូលទៅរៀបចំ យើងមានសមាសភាពថ្មី និងសមាសភាពចាស់ ដើម្បីរៀបចំថ្មី ប្រសិទ្ធភាពរួម និងការលើកទឹកចិត្ត … ត្រូវគិតគូរនៅក្នុងក្របខណ្ឌនេះ។ ប្រ​សិទ្ធភាពនិងការយោគយល់ដើម្បីការសាមគ្គីគ្នា ការឯកភាពគ្នាព្រោះ ខ្លាំងដូចម៉េចក៏ដោយ ពូកែដូចម៉េចក៏ដោយ បើយើងអត់មានយន្តការសម្របសម្រួលគ្នា ពិបាកធ្វើការហើយ ….។

(៤០) កែសម្រួលទៅតាមពេលវេលាតាមជំហានយ៉ាងម៉េច ដើម្បីរក្សាប្រសិទ្ធភាព និងសាមគ្គីផ្ទៃក្នុង

នេះជាចំណុចដែលគណបក្សប្រជាជនកម្ពុជាឈ្នះលើខ្មែរក្រហម ៤៤ឆ្នាំមុន។ កសាងប្រទេសនៅពេលការលំ​បាកគេវាយបំបាក់ពីខាងក្រៅ ដាក់ទណ្ឌកម្មផងអីផង តែមិនអាចវាយយើងបាន។ ឆ្លងកាត់ការបោះឆ្នោតច្រើនជំនាន់ យើងយកឈ្នះដោយសារការសាមគ្គីផ្ទៃក្នុងនិងការយោគយល់គ្នានេះឯង។ ការបញ្ចប់សង្គ្រាមគឺដោយ​សារការយោគយល់ និងការសាមគ្គីក្នុងស្មារតីជាតិយើងនេះឯង។ អាណត្តិទី១ ក្នុងក្រសួងសា្ថប័នយើងឡើងប៉ោង ទាហានយើងចូលពីប៉ុន្មានភាគីផ្គុំគ្នា។ គេថានៅស្រុកខ្មែរ ឧត្តមសេនីយ៍ច្រើនម៉េស។ ស្ថានភាពស្រុកណាដែលមានសង្គ្រាមបែកបាក់ផ្ទៃក្នុង ប្រល័យពូជសាសន៍ ដូចស្រុកយើង។ អត់មានទេ។ ប្រទេសណាដែលអាចបញ្ចប់សង្គ្រាម ហើយមានចីរភាពដូចនយោបាយឈ្នះឈ្នះ? មានតែស្រុកខ្មែរ។ យើងអនុវត្តគោលនយោបាយពិសេស។ បច្ចេកទេសយើងត្រូវធ្វើការកែសម្រួលទៅតាមពេលវេលាតាមជំហានយ៉ាងម៉េចដើម្បីរក្សាប្រសិទ្ធភាពនិងសាមគ្គីផ្ទៃក្នុង។

(៤១)រាជរដ្ឋាភិបាលថ្មី មានគោលការណ៍គុណធម៌រៀបចំចាត់តាំងធានានូវប្រសិទ្ធភាព សាមគ្គីភាព ឯកភាព បម្រើប្រជាពលរដ្ឋនិងការដឹកនាំស្ថាប័នរដ្ឋ

ខ្ញុំសុំ ៥នាទីទៀតចុះ។ ពេលដែលខ្ញុំកាន់ជើងគោក គេនាំគ្នាគិតថា ពេលដែលឱ្យឯកឧត្តម ហ៊ុន ម៉ាណែត ចូលនឹងដកនាយទាហានចាស់ៗ ចោលទាំងអស់ ដាក់អេគីប គាត់។ គេនាំគ្នាភ្នាល់។ ដល់ខ្ញុំចូលថ្ងៃទី១ ខ្ញុំប្រាប់តែម្តង ខ្ញុំថា “ចេះដឹង” ពាក្យ ២ម៉ាត់ហ្នឹង គឺជាប្រភពនៃការរុញកងទ័ពយើងទៅមុខ។ ខ្ញុំដឹងតែពូៗជាអ្នកចេះ។ ខ្ញុំដឹងថាទិសដៅត្រូវដើរផ្លូវណា។ ខ្ញុំដឹងថាកន្លែងណាដែលគួរព្រោះខ្ញុំមានចក្ខុវិស័យរបស់ខ្ញុំត្រូវការកំណែទម្រង់លើអី បុគ្គលិក ឬមួយអី។ ប៉ុន្តែធ្វើយ៉ាងម៉េចខ្ញុំត្រូវការជំនាញមន្ត្រីរបស់យើង។ នាយទាហានថ្មីៗក៏យើងផ្សំ ដែលការតែងតាំងថ្នាក់ក្រោម មេបញ្ជាការ យើងរៀបចំ។ បើរៀបចំនាយសេនាធិការក្មេង មេបញ្ជាការចាស់ បើមេបញ្ជា​ការក្មេង នាយសេនាធិការចាស់ ដើម្បីរួមគ្នាធ្វើការ។ អភិក្រមនៃការយោគយល់រក្សាកម្លាំងនេះ បានឱ្យយើងជោគជ័យ មានប្រសិទ្ធភាពការងារនិងថែរក្សានូវគុណធម៌។ គេសួរថា ហេតុអីបានជារាជរដ្ឋាភិបាលថ្មីដូររដ្ឋមន្ត្រី តែឃើញតែមុខដដែល។ ដោយសារគោលការណ៍គុណធម៌នៃការរៀបចំចាត់តាំងដូចជាការធានានូវប្រសិទ្ធភាព សាមគ្គីភាព ឯកភាពគ្នា ក្នុងការបម្រើប្រជាពលរដ្ឋ និងការដឹកនាំស្ថាប័នរដ្ឋ នេះជាចម្លើយ

ខ្ញុំសុំបើកវង់ក្រចកប៉ុណ្ណឹង ហើយបិទវិញហើយ។ បិទហើយខ្ញុំថាបងប្អូនខ្លះមកតាំងពីម៉ោង ៣ ឥឡូវខ្ញុំនិយាយប៉ុណ្ណឹងបងប្អូនចាំអ៊ុតមើលលទ្ធផលជាក់ស្តែង។ បើប្រាក់ឈ្នួលមិនបានហើយមុនភ្ជុំទេ ទៅផ្ទះខ្ញុំទៅ។ ពេលភ្ជុំបិណ្ឌ ឯកឧត្តម ឃួង ស្រេង អត់បញ្ចេញឡាន បញ្ចេញតៃកុង បញ្ចេញប្រេង ត្រូវបញ្ចេញទាំងអស់ តិចថា ឡានអត់ប្រេង ឱ្យគាត់ប្រមូលលុយគ្នាចាក់ ក៏អត់ដែរ។ ដឹកប្រជាពលរដ្ឋទៅផ្ទះ ហើយត្រឡប់មកវិញ ទាំងទៅ ទាំងមក ហើយថែមទឹកសុទ្ធទៀត ជូនគាត់ផង។ គណបក្សប្រជាជន​ គឺអភិវឌ្ឍន៍ទៅមុខ មិនមែនដើរថយក្រោយទេ យើងរក្សាលំនឹង។ អញ្ចឹងមួយឆ្នាំមុន ជូនឡាន ជូនទឹកសុទ្ធ​ កុំឱ្យថយជាងទឹកសុទ្ធទៀត។ មានឡាន មានទឹកសុទ្ធ បើមានអីបន្ថែម កាន់តែល្អ កុំឱ្យថយ មើលលទ្ធផលជាក់ស្ដែង។​

(៤២) មិនបំផ្លាញបេះដូងប្រជាពលរដ្ឋកម្ពុជាទាំងក្នុងនិងក្រៅប្រទេស

បើគោលការណ៍រៀបចំនេះ មិនអាចទៅ(មុខ) ខ្ញុំមិនហ៊ានមកឈរនិយាយនៅនេះទេ។ ខ្ញុំក៏មិននិយាយដែរ បើខ្ញុំមិនធ្វើ។​ យើងមានការគិតគូរ។ មិនបំផ្លាញបេះដូងប្រជាពលរដ្ឋ ទំនុកទុកចិត្តរបស់ប្រជាពលរដ្ឋទេ។ ៦ ៤០០ ០០០ នាក់ ទុកចិត្ត ត្រូវតែធ្វើ។ មិនមែនធ្វើត្រឹមតែសម្រាប់ ៦ ៤០០ ០០០នាក់ទេ គឺធ្វើទាំង ១៧ លាននាក់ជាង នៅក្នុងប្រទេសកម្ពុជា។ មិនត្រឹមប៉ុណ្ណឹងទៀត​ យើងរាប់ ១៧ លាននាក់នេះ តែប្រជាពលរដ្ឋខ្មែរដែលកើតនៅក្នុងស្រុកខ្មែរ អ្នកខ្លះទៅធ្វើការនៅក្រៅ។ កន្លងទៅ យើងក៏ធ្វើសម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរយើង ដែលរស់នៅក្រៅប្រទេស ដូចជា ខ្មែរអាមេរិកាំង ខ្មែរបារាំងអី យើងធ្វើយន្តការជួយជានិច្ច។ និយាយរួម តាមរដ្ឋធម្មនុញ្ញ ឱ្យតែខ្មែរ យើងជួយទាំងអស់ តាមលទ្ធភាពដែលយើងអាចធ្វើទៅបាន។ ថ្ងៃទី២០ ខែកញ្ញា ខ្ញុំចេញទៅក្រៅប្រទេសជួបជាមួយបងប្អូននៅទីនោះ។ រំពឹងជួបគ្នាហើយ។ ខ្ញុំខានទៅអាមេរិកយូរ។ ក៏មានបងប្អូនខ្លះ គេកំពុងតែប្រមូលគ្នា(ធ្វើបាតុកម្ម)ស្រែកជេរ។ ទៅចុះ ខ្ញុំមិនថាអីទេ។

(៤៣) មិនចង់ឃើញខ្មែរឈ្លោះគ្នា ដែលវានាំអោយជាតិខ្មែរទាំងមូលខ្មាសគេ

ខ្ញុំនិយាយអញ្ចឹង “កុំទៅធ្វើអីខុសច្បាប់ ប្រយ័ត្នអាមេរិកចាប់”។ អ្នករៀបចំប្រមូលគេមកធ្វើបាតុកម្មហ្នឹង ទទួលខុសត្រូវផង កុំមានអី រត់ចោល។ ភាគច្រើន អ្នកដែលចេញឈ្មោះប្រមូលគេធ្វើបាតុកម្ម អត់ដែលមានមុខទេ … លើកនេះ ខ្ញុំថាខ្ញុំធ្លាប់ទៅហើយ។ តែចេញទៅក្រៅដូចម៉េចទេ កន្លែងខ្លះបើពួកគាត់អត់លើកគ្នាមកជេរ ដូចចង់ភ័យខ្លួន … បងប្អូនខ្លះសួរថា បើគេបាតុកម្មអញ្ចឹង យើងមានគ្នាដែរតើហេតុអ្វីយើងមិនធ្វើបាតុកម្មតបត? ពេលដែលខ្ញុំធ្វើពិធីនៅខាងក្រៅគេស្រែកនៅខាងក្រៅជេរទាំងបងប្អូនចូលរួម។ នៅក្រៅ ១០០នាក់ ជេរអ្នកក្នុង ៤០០ នាក់ នៅក្នុងសាល។ គេសួរថា ហេតុអ្វីមិនឱ្យបងប្អូនចេញទៅជេរ(វិញ)? (ខ្ញុំថា)កុំ! វាគ្មានចំណេញអីទេ។ បងប្អូនបញ្ចេញមតិ ជាសិទ្ធិរបស់គាត់ បងប្អូនចូលរួមស្ដាប់ជារឿងរបស់យើង។ កុំឱ្យខ្មាសគេ។ ខ្ញុំឃើញល្ងាចមិញ កាសែត Cambodia Daily និង អាស៊ីសេរី ដាក់ថា “លោក ហ៊ុន ម៉ាណែត ទៅក្រៅប្រទេសខ្លាចខ្មាសគេ”។ ខ្ញុំថា “មិនចង់ឱ្យខ្មែរយើងមានជម្លោះនៅក្រៅ, ខ្មាសគេ”។ មិនមែនខ្មាសតែខ្ញុំទេ ជាតិខ្មែរទាំងមូលខ្មាសគេ ព្រោះយើងសំដែងមតិទៅជាប៉ះគ្នា។ យើងរួបរួមគ្នាទៅ។ ទៅណាក៏យើងមិនផ្ដល់គោលការណ៍ឱ្យបងប្អូនទៅប្រមូលគ្នាធ្វើបាតុកម្មប្រឆាំង(ដែរ) ឱ្យគេធ្វើអីធ្វើទៅ។ សម្រាប់គេ បក្សប្រឆាំងប្រមូលគ្នាមកធ្វើបាតុកម្ម ប៉ុន្តែយើងគឺការរួមគ្នាសប្បាយរីករាយជាមួយគ្នានៅទីនេះ។​

(៤៤)ខ្មែរនៅក្រៅប្រទេសមានប្រមាណជិត១លាននាក់ ក៏ជាបន្ទុកកាតព្វកិច្ចរាជរដ្ឋាភិបាល

ខ្ញុំចេញទៅ ជួបជាមួយនឹងបងប្អូនក្រៅប្រទេស។ កន្លងទៅ​ ខ្ញុំចេញទៅ​ ខ្ញុំស្ដាប់នូវការលំបាករបស់គាត់ ការព្រួយបារម្ភរបស់គាត់។ នៅក្រៅ ភាគច្រើនរឿងដូចជានីតិវិធីធ្វើ Visa ធ្វើអី យើងជួយសម្រួលច្រើន នៅកន្លែងខ្លះ។ យើងពិនិត្យមើលស្អីដែលយើងអាចជួយបានទៀត។ អញ្ចឹងបានថា ខ្មែរបើបូកទៅ មិនមែនតែ ១៧ លាននាក់ នៅក្នុងទិន្នន័យដែល(ក្រសួង)ផែនការរាប់មកទេ គិតខ្មែរទាំងក្រៅប្រទេសបូកទៅប្រហែលជិត ១ លាននាក់ទៀត ដែល(មាន) ខ្មែរជនជាតិអាមេរិកាំង ខ្មែរជនជាតិអូស្រ្ដាលី ខ្មែរជនជាតិអឺរ៉ុប ឱ្យតែខ្មែរ ជាបន្ទុកកាតព្វកិច្ចរបស់រដ្ឋាភិបាលខ្មែរ ត្រូវតែយកចិត្តទុកដាក់ជូនប្រជាពលរដ្ឋ។ ទោះបីជាគាត់បាតុកម្មប្រឆាំងយើងក៏ដោយ កុំឱ្យតែធ្វើអីខុសច្បាប់ហួសព្រំដែន ចូលទៅក្នុងលក្ខណៈខុសច្បាប់យើង។ គាត់មកដល់ប្រទេស យើងជួយសម្រួល Visa (គាត់បាតុកម្មប្រឆាំង) ជារឿងរបស់គាត់។ យើងមិនដែលទៅថា អ្នកហ្នឹងជេរ មកដល់ស្រុកខ្មែរ គេចាប់គាត់ទេ។ កាលខ្ញុំទៅ Boston មានបងប្អូនម្នាក់គាត់ធ្វើបាតុកម្មប្រឆាំង ហើយម្ដាយរបស់គាត់ឈឺនៅខេត្តពោធិ៍សាត់។ គាត់មក(ស្រុកខ្មែរ) ហើយយើងអត់ទាំងដឹងផង។ គាត់ទៅវិញ គេចោទគាត់ថា អាមួយហ្នឹង (ត្រូវបាន) ហ៊ុន ម៉ាណែត ទិញក្បាលតែម្ដង ព្រោះទៅដល់ គេមិនចាប់។ ខ្ញុំថា អត់ដឹងផង មិនគាត់មកពីកាល យើងមិនចាប់អារម្មណ៍ផង។ ព្រោះសិទ្ធិរបស់គាត់ គាត់អត់មានធ្វើអី(ខុសច្បាប់)ទេ។

សុំជឿចុះបងប្អូន ខ្ញុំគ្មានគោលគំនិតអី(បង្កទំនាស់)ទេ។ សូមកុំឱ្យបងប្អូនទៅធ្វើខុសច្បាប់អាមេរិក។ អាហ្នឹងទូតអាមេរិក(នឹងមានវិធានការច្បាប់) ហើយកុំធ្វើអីប៉ះពាល់ដល់ប្រជាពលរដ្ឋខ្មែរ ដែលចូលរួមស្ដាប់ តែប៉ុណ្ណឹងបានហើយ មិនគួរជេរប្រទេចផ្ដាសាគាត់ទេ។ មានសិទ្ធិដូចគ្នាតើ។ បងប្អូនសំដែងមតិ គាត់មិនបានជិះឡានទៅក្បែរ ហើយមុនចូលជេរបងប្អូនថា ប្រេតនរកទេ។ សូមគោរពគ្នាផង។ ភាគច្រើនសុទ្ធតែនៅក្បែរគ្នា។ មួយមកស្ដាប់ មួយទៅបាតុកម្ម។ សិទ្ធិរៀងៗខ្លួន។ ទៅវិញ ចាប់ដៃគ្នាធម្មតាទៅ។ យើងបង្កើតវប្បធម៌ហ្នឹងទៅ កុំឱ្យបង្កើតវប្បធម៌ គ្រាន់តែការខ្វែងគំនិតគ្នា មិនស្របគ្នា នាំឱ្យចាប់ផ្ដើមធ្វើហិង្សា ឬមួយធ្វើអីខុសច្បាប់។ កុំធ្វើអីខុសច្បាប់ កុំធ្វើហួសព្រំដែននៃសិទ្ធិប៉ះពាល់ដល់ប្រយោជន៍សន្ដិសុខជាតិនិងស្មារតីរួមគ្នា។ ខ្ញុំជួបជាមួយនឹងអ្នកនយោបាយនៅក្នុងបក្សភ្លើងទៀន ក៏ខ្ញុំធ្លាប់ជួបនឹងជាមួយបក្សផ្សេងៗ ដែលគេថា វប្បធម៌នៃការប្រឆាំងទៅថ្ងៃមុខ យើងត្រូវរកប្រឆាំង កុំឱ្យថាជំទាស់ខ្ទាស់មតិ រិះគន់ស្ថាបនា ឬមួយលើកចំណុច ប្រធានបទ សមិទ្ធផល ជាជាងបំផូសមនុស្សឱ្យទៅធ្វើអីផ្សេងៗប្រឆាំង។ ខ្ញុំសុំមិនយកវេទិកានេះ(បកស្រាយ)ទេ ប៉ុន្តែនេះវាពាក់ព័ន្ធទៅនឹងការបំផុសប្រជាពលរដ្ឋរបស់យើង។ ស្មារតីសាមគ្គីភាពរបស់យើង។ គេធ្វើអីធ្វើទៅ ខ្ញុំមិនតទេ។ បើទះដៃម្ខាងមិនឮទេ ឱ្យគេទះចុះ តែបើទះសងខាង(នឹងឮ)។

(៤៥) ធ្វើដោយមិនរើសអើងនិន្នាការនយោបាយ

នៅនេះក៏មានក្រុមការងារមួយចំនួនដែលត្រូវតែរៀបចំការជួបជុំ ចូលរួមសម្របសម្រួលបងប្អូនដែលមកពីកាណា​ដា អាមេរិក​ មកពីឆ្ងាយៗ ដើម្បីចូលរួមស្ដាប់ ធ្វើយ៉ាងណាឱ្យការសំដែងមតិមានការគោរពគ្នាទៅវិញទៅមក គោរពគ្នាក្នុងនាមជាខ្មែរ។ ខុសត្រូវអីយ៉ាងម៉េច​ដើម្បីសុខដុមរមនា។ យើងនៅទីនេះបានសុខដុមរមនាហើយ​។ បក្សខុសគ្នា បោះឆ្នោតឱ្យបក្សនៅនេះ ៦ ៤០០ ០០០ នាក់ បោះឆ្នោតឱ្យគណបក្សប្រជាជន។ បានន័យថា សល់ជាង ១លាននាក់ទៀត បោះឆ្នោតឱ្យបក្សផ្សេង អត់មានរើសអើងទេ យើងនៅជាមួយគ្នា។ ឯកឧត្តម អ៊ី ឈាន នៅទីនេះ ជាទេសរដ្ឋមន្រ្តីទៀត (ជាអតីត)មេខ្មែរក្រហម។ ពីមុន មិនស្រួលធ្លាប់ធ្វើផែនការផ្លោង(គ្រាប់​បែក)ដាក់សម្ដេច ពេលគាត់ទៅព្រំដែនទៀត។ តែយើងរួមគ្នា យើងអត់ប្រកាន់(អតីតកាល)ទេ។ ហ្នឹងហើយ ស្មារតីនៃការដឹកនាំរបស់គណបក្សប្រជាជន ក៏ដូចជារាជរដ្ឋាភិបាល …។

ខ្ញុំសូមអរគុណ ខ្ញុំសូមបញ្ចប់មែនទែនហើយ។ បងប្អូនចាំមើលលទ្ធផល។ យើងនឹងបន្តធ្វើ ហើយជាថ្មីម្តងទៀត ដូចបានជំរាបអញ្ចឹង។ ឯកឧត្តម លោកជំទាវ ដែលបានអញ្ជើញចូលរួម ជាពិសេសសមាជិករាជរដ្ឋាភិបាល ដែលបានចូលរួមទាំងពីរកម្មនេះ អរគុណណាស់ ប៉ុន្តែសុំមិនចាំបាច់ (បើមាន)ការងារអាទិភាព គឺនៅក្រសួងស្ថាប័នដើម្បីបម្រើកិច្ចការងារ ធ្វើយ៉ាងណាកុំឲ្យស្ទះការងារ។ ប្រសិនជាមិនជាប់ ក៏អាចអញ្ជើញចូលរួម មិនថា ទេ អញ្ចឹងដេញឲ្យឈប់មក។ មិនមែនអញ្ចឹងទេ។ ប៉ុន្តែបើមានកិច្ចប្រជុំ ឬដឹកនាំការងារអី គឺសុំកុំលើក។ ដូច ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន គ្រាន់តែមករួមមិនដឹងលើកប្រជុំប៉ុន្មាន។ បើឯកឧត្តម ហង់ ជួនណារ៉ុន ថ្ងៃនេះក៏ត្រូវលើកការប្រជុំដែរ។ បើឯកឧត្តម ស សុខា គឺចុះជាប់ជាប្រចាំ។

(៤៦) រដ្ឋមន្រ្តីគួររៀបចំវេទិកាសាធារណៈតូចមួយនៅក្នុងក្រសួង

គ្រប់ក្រសួង ស្ថាប័ន រៀបចំថ្មី រដ្ឋមន្ត្រីមកដល់ម៉ោងនេះ គួរប្រជុំខ្លះផង។ ខ្ញុំឮថាក្រសួងខ្លះមិនទាន់បានប្រជុំ ជួបមន្ត្រីផង។ ជួបប្រជុំអោយស្គាល់គ្នា។ គាត់ក៏ចង់ដឹងថារដ្ឋមន្ត្រីខ្ញុំទៅថ្មីហ្នឹងមុខយ៉ាងម៉េច ឃើញតែតាមហ្វេសប៊ុក គោលការណ៍ម៉េច។ ខ្ញុំមានសំណួរ ខ្ញុំមានការចូលរួមមតិយោបល់។ អោយខ្ញុំប្រាប់តាមអ្នកណា? ថ្ងៃមុនខ្ញុំបានអោយគោលការណ៍ថ្ងៃប្រជុំក្នុងរយៈពេល១ សប្តាហ៍ ២សប្តាហ៍នេះ ធ្វើអោយហើយៗ ចុះជួបមន្ត្រីយើង ព្រោះយើងមើលពីក្រៅផ្សេង។ ខ្ញុំក៏មិនហាមឃាត់ ឯកឧត្តម លោកជំទាវរដ្ឋមន្ត្រីអាណត្តីទី៦ ក្នុងការជួប ព្រោះឯកឧត្តម លោកជំទាវ ស្គាល់ច្រើន តែពេលខ្លះយើងអាចមានវេទិកាសាធារណៈតូចមួយនៅក្នុងក្រសួងរបស់យើង។ នៅជើងគោក ខ្ញុំចុះរហូតទៅដល់ទ័ពជើងក្រោម ហើយចុះទៅខ្ញុំអត់និយាយទេ ខ្ញុំស្តាប់។ យើងយកមកធ្វើជាធាតុផ្សំក្នុងការរៀបចំ។ សតិអារម្មណ៍មន្ត្រី ក៏ជាកម្លាំងរបស់យើងក្នុងការអនុវត្ត ដែលត្រូវគិតគាត់ផង ប្រយ័ត្នអត់គិតអ្នកក្រោមក្លៀក គិតអ្នកផ្សេង។ គាត់ក៏មានជីវិតជីវភាពគ្រួសារ ហើយសុទ្ធតែមានមតិយោបល់ (ដោយអ្នកទាំងនោះ)សុទ្ធបញ្ញវន្តច្រើនណាស់តាមក្រសួងស្តាប់មតិគាត់ផង។ បើកទូលាយ បើកចំហ

(៤៧)ប្រធានស្ថាប័នជាមជ្ឈមណ្ឌលនៃការឯកភាពផ្ទៃក្នុង

ប្រធានស្ថាប័នគឺជាមជ្ឈមណ្ឌលនៃការឯកភាពផ្ទៃក្នុង។ សូមចាំពាក្យនេះអោយមែនទែន។ បើប្រធានស្ថាប័ន មិនឈរជាមជ្ឈមណ្ឌលនៃការឯកភាពផ្ទៃក្នុងទេ ស្ថាប័ននោះគឺចប់ហើយ។ ត្រូវផ្តល់ការយកចិត្តទុកដាក់បន្ស៊ីគ្នាគ្រប់មន្ត្រីទាំងអស់ តែងតាំងតាមជំនាញ ផ្តល់លទ្ធភាពតាមឋានានុក្រម។ កុំអោយមានមន្ត្រីថា ជំនួយការពហុវិស័យ។ ប្រយ័ត្នរដ្ឋលេខា ឬមួយស្អី ស្រាប់តែ(ត្រូវ)រាយការណ៍តាមជំនួយការ ធ្វើអញ្ចឹងអត់កើតទេ។ កាលមុននៅក្នុងកងទ័ពក៏មានដែរ។ ជួនកាលនៅអង្គភាពខ្លះ គឺមានជំនួយការមេបញ្ជាការជាសេនាធិការគ្រប់           វិស័យ។ នាយសេនាធិការក៏អត់(មានសិទ្ធិ)អីចំពោះរដ្ឋមន្ត្រីក្នុងការដឹកនាំ។ ខ្ញុំមិនថាកើតមានទេ ប៉ុន្តែខ្ញុំសុំ     អោយចាប់រំលឹក។ ជួនកាលយើងផ្តោតទៅលើបច្ចេកទេស ហើយយើងថ្មីផង។ ត្រូវងាកមកក្រោយបន្តិចធ្វើ ហើយមកដល់ជួនកាលអង្គុយនៅពីលើមើលមកវិញ។ នៅពេលដែលយើងចូលក្នុងព្រៃយើងអត់ដឹងទិសខាងណាទេ យើងត្រូវឡើងមកខាងលើ ទើបយើងដើរត្រូវទិសហ្នឹង។

ថ្ងៃនេះខ្ញុំនិយាយរឿងហ្នឹងបន្តិច។ ខ្ញុំអោយគោលការណ៍ហើយ។ កម្មវិធីក្រោយៗទៀត គឺមិនចាំបាច់។ អញ្ចឹងថ្ងៃជុំគ្នានៅស្តាប់ផ្ទាល់តែម្តង ហើយជាពិសេសដំណាក់កាលដំបូងនេះត្រូវធ្វើ។ ចាប់ផ្តើមពីដើមទីហ្នឹងហើយ។ អញ្ចឹងការប្រជុំផ្ទៃក្នុងនិងការៀបចំ ជាពិសេសនៅតាមស្ថាប័នមួយចំនួន តែឃើញស្ថាប័នមួយចំនួនចុះជួបស្ថាប័នច្រើនហើយ។ ចុះផ្ទាល់ដាច់ដោយឡែក។ ប៉ុន្តែក្រសួងខ្លះ ខ្ញុំសួររដ្ឋមន្ត្រីមិនទាន់បានជួបទេ ជាពិសេសអ្នកដែលធ្លាប់កាន់តួនាទីពីមុន។ គាត់អត់ដឹងថាគាត់ធ្វើអីផងឥឡូវនេះ។ ក្រសួងខ្លះបានប្រកាសបែងចែកតួនាទីភារកិច្ចរួចអស់ហើយ។ គេដឹងថាធ្វើអីៗ។ កន្លែងខ្លះមិនទាន់ផង។ កុំយូរ។ រៀបចំផ្ទះយើងអោយរៀបរយសិន បានយើងធ្វើអីៗកើត។ តែរៀបរយចេញដេប៉ាអោយត្រូវគឺសាមគ្គីភាពផ្ទៃក្នុង ឯកភាព ប្រសិទ្ធភាព ទើបអាចធ្វើកិច្ចការងារនេះកើត។ ខ្ញុំសូមប៉ុណ្ណឹងទៅចុះ ដែលជាការផ្តាំផ្ញើ។

(៤៨) កត្តា ៤ នាំជោគជ័យដល់ការកែទំរង់

ចុងក្រោយ  សូមជួនពរឯកឧត្តម លោកជំទាវ ជារដ្ឋមន្ត្រី ជាប្រធានស្ថាប័ន ហើយសូមជូនដំណឹងតាមរយៈនេះ ជូនដល់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា ដែលអាចប៉ះពាល់ បាត់មួយនៅក្នុងកំណែទម្រង់នេះ គឺសូមមេត្តាយោគយល់។ កំណែទម្រង់មិនមែនងាយស្រួលទេ តែកំណែទម្រង់ជោគជ័យវាត្រូវការងារ ៤។ ទី១ ចក្ខុវិស័យច្បាស់លាស់ មិនធ្វើតាមអារម្មណ៍។ យើងគិតគូរច្បាស់លាស់ ដើម្បីប្រសិទ្ធភាពការងារ និងរក្សាឈ្មោះ។ ទី២ ត្រូវមានការប្តេជ្ញាចិត្តខ្ពស់។ ប្រសិនជាយើងខ្លាច មិនហ៊ានធ្វើ នៅពាំត្រណោត។ ទី៣ ត្រូវមានការចូលរួមទាំងអស់គ្នាអ្នកដែលពាក់ព័ន្ធ និងទី៤ ត្រូវមានការលះបង់ខ្លះដើម្បីបានផលប្រយោជន៍រួម។ ៤ កត្តានេះ ខ្ញុំសុំអោយរួមគ្នាធ្វើ ដើម្បីយើងយល់គ្នា យើងរួមគ្នាដើម្បីពង្រឹងរាជរដ្ឋាភិបាលរបស់យើង បម្រើប្រជាពលរដ្ឋយើងអោយបានច្រើន។ ចុងក្រោយមែនទែនហើយ សូមអរគុណសាជាថ្មី ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី គណៈអធិបតីទាំងអស់ និងបងប្អូនកម្មករ កម្មការិនី និយោជក និយោជិត និងអ្នករៀបចំកម្មវិធីទាំងអស់ដែលបានចូលរួមនៅថ្ងៃនេះ។ ក្នុងថ្ងៃនេះក៏មានសម្រាប់កម្មករ និយោជិត បុគ្គលិកចូលរួមក្នុងអង្គពិធីចំនួន     ១៨ ២៨៩ នាក់ ក្នុងម្នាក់ៗទទួលបានអាហារសម្រន់ រួមជាមួយថវិកា ២ ម៉ឺនរៀល។ បន្ថែមជូនកម្មការិនីមានផ្ទៃពោះចំនួន ៦២៦ នាក់ ក្នុងម្នាក់ៗថវិកា ២០០ ដុល្លារសហរដ្ឋអាមេរិក។ ជូនក្រុមគ្រូពេទ្យប្រចាំការនូវថវិកា ៣ លានរៀល និងជូនក្រុមតន្ត្រីសម័យថវិកា ៥ លានរៀលផងដែរ។ សូមជូនពរ  ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី គណៈអធិបតីទាំងអស់ និងបងប្អូនកម្មករ កម្មការិនី និយោជក និយោជិត និងអ្នករៀបចំកម្មវិធីទាំងអស់ ទទួលបាននូវពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ