(១) ការនឹករលឹកប្រៀបបីដូចជាឪពុកនិងកូន ជីតានិងចៅ
ទាំងអស់គ្នាសុខសប្បាយទេ? អម្បាញ់មិញមកពីខាងនោះ។ ខាងចុងកុំច្រណែន។ ការពិតគេហាមប៉ះពាល់គ្នា ប៉ុន្ដែអម្បាញ់មិញដូចជាពិបាកហាម ដូចជាការនឹករលឹកគ្នា រវាងឪពុកនិងកូន ឬជីតានិងចៅ។ សង្ឃឹមថាក្រសួងសុខាភិបាលនឹងមិនប្ដឹងយើងអំពីការរំលោភលើវិធានសុខាភិបាលទេ។ អម្បាញ់មិញនេះក្លាយទៅជាបុរសថ្ពាល់ផ្អែម។ នាងៗថើបប្រហែលជា ៣ ដង។ ងាកមកខាងនេះអម្បាញ់មិញដើរទៅហួស ខាងអ្នកមានផ្ទៃពោះ ៥៩៦ នាក់ ដែលបានមកចូលរួមថ្ងៃនេះ។ មានរឿងចម្លែកមួយ គួរនិយាយឲ្យហើយ។ អម្បាញ់មិញពរចៅម្នាក់ ហើយទើបបាន៣ ខែទេ ក៏បានសួរទៅម្ដាយ … បានដឹងរឿង (ខ្ញុំ)បានសួរបញ្ជាក់ កាលដែលឆ្លងទន្លេហ្នឹងគេបានប្រាក់ទៅឲ្យឬអត់? (ថាបាន) ប៉ុន្ដែមានរឿង១ ប្ដីទៅការប្រពន្ធ(ទៀត) នៅថ្ងៃទី១ ខាងមុខនេះ។ កូន៣ ទៅហើយ ប្ដីទៅការប្រពន្ធ។ អញ្ចឹងទេ លោកប្ដីអើយ! អត់ទាន់ការទេ វិលមករកកូនយើង។ វាអត់មានអីច្បាស់លាស់ជាងប្រពន្ធយើងដែលមានកូនបីហើយទេ។ អញ្ចឹងប្រសិនបើបានលឺពូនិយាយ ក្មួយត្រឡប់មកវិញមក …។
និទានរឿង ទាហានប្រពន្ធបី
ឥឡូវ និទានរឿងមួយសិនចុះ។ កាលពីមុននិយាយពីរឿងព្រះរាជាព្រះអង្គចង់ដឹងថា មន្ដ្រីរបស់ព្រះអង្គមានខ្លាចប្រពន្ធប៉ុន្មានអ្នក។អ្នកអត់ខ្លាចមានប៉ុន្មានអត់ខ្លាចមានប៉ុន្មាន។ ប៉ុន្ដែឥឡូវចង់និទានពីមេទាហានម្នាក់ដែលជាមេកងតូចទេ មានទាហានប្រហែល ៣០ នាក់ប៉ុណ្ណឹងទេ។ មេទាហានគេប្រជុំជួរ ដល់ប្រជុំជួរក៏បានសួរទៅពលទាហានថា អ្នកណានៅកម្លោះ ឲ្យទៅនៅម្ដុំ ពួកកម្លោះក៏ទៅម្ដុំទៅ ព្រោះធម្មតាទាហានមានខ្លះមានប្រពន្ធ ខ្លះអត់ប្រពន្ធ។ ហើយក៏ស្រែកសួរទៀតថា អ្នកណាមានប្រពន្ធមួយទៅម្ដុំ អ្នកមានប្រពន្ធមួយក៏ទៅម្ដុំទៅ។ រួចស្រែកសួរទៀតថា អ្នកណាមានប្រពន្ធពីរទៅម្ដុំទៀត។ ស្រាប់តែនៅសល់ទាហានមួយអត់ទៅណា កម្លោះក៏វាមិនទៅ ប្រពន្ធមួយក៏វាមិនទៅ ប្រពន្ធពីរក៏វាមិនទៅ។ សួរថាម៉េចលោកឯងអត់ទៅណា? ថាអត់ទេ ខ្ញុំប្រពន្ធបី អត់កន្លែងឈរ។ អញ្ចឹងមេកងថា អ្ហែងមកឈរពីក្រោយអញ អ្ហែងនៅក្រុមជាមូយអញ។ នេះជារឿងមួយគួរឲ្យចាប់ចិត្តដែរ ព្រោះអ្នកខ្លះមានប្រពន្ធបី មានបួននោះ គេលាក់។ មេកងខ្លួនឯងសួរគេត្រឹមតែកម្លោះ ប្រពន្ធមួយ និងប្រពន្ធពីរ ដល់អញ្ចឹងអ្នកប្រពន្ធបី វាអត់ទៅណាឈរនៅហ្នឹង។ ដល់សួរថាម៉េចមិនទៅ ខ្ញុំប្រពន្ធដល់ទៅបី អញ្ចឹងមកឈរក្រោយអញ …។
(២) ជាជុំទីពីរនៃការជួបជាមួយកម្មករ បន្ទាប់ពីផ្អាកអស់ ៣ ឆ្នាំដោយសារកូវីដ-១៩
សម្រាប់ការជួបជុំលើកនេះ ដូចដែលឯកឧត្តម អ៊ិត សំហេង បានធ្វើរបាយការណ៍ពាក់ព័ន្ធជាមួយនឹងតំបន់សេដ្ឋកិច្ចពិសេសនិងរោងចក្រ ម៉ាវែល ហ្កាមេន (Marvel Garment) ដែលមានកម្មករ/ការិនី និងបុគ្គលិកចំនួន ១៩ ០០០ នាក់ ចូលរួម ខ្ញុំគួរតែត្រូវបញ្ជាក់អំពីគោលបំណងនៃការជួប។ ការពិតទៅ នេះជាជុំទី២របស់ខ្ញុំ ក្នុងដំណើរនៃការជួបជាមួយកម្មករ/ការិនី។ ខ្ញុំមានបំណងជួបតាំងពីឆ្នាំ ២០២០ ប៉ុន្ដែឆ្នាំ២០២០ ក្មួយៗបានដឹងហើយថា កូវីដ-១៩ ចាប់ផ្ដើម។ យើងក៏ផ្អាក។ ២០២១ កូវីដ-១៩ ក៏នៅបន្ដ យើងក៏ផ្អាកទៀត។ ២០២២ វានៅសល់កូវីដ-១៩ និងសល់វិធានការមួយចំនួនទៀតដូចជាវិធានការធ្វើតេស្ដមុនជួប ហើយបើធ្វើតេស្ដ លេង ១៩ ០០០ នាក់ ស្លាប់ហើយ … ឥឡូវអម្បាញ់ម៉ិញ ក្មួយៗដែលអោបរឹតពូ ហើយចាប់ដៃគ្នា ប្រសិនបើកើតកូវីដ-១៩ យើងក៏មិនដឹងថាម៉េចដែរ។ ពូប្រថុយហើយ ព្រោះវាសក្ដិសមនឹងតម្លៃដែលយើងផ្ដល់នូវការជឿទុកចិត្តគ្នា។
កាលពីនាវា Westerdam គេខ្លាចគ្រប់គ្នាអត់ឲ្យនាវានេះចូលចតទេ។ ទេសចររាប់ពាន់នាក់ថែមទាំងនាវិកលើកប៉ាល់នោះ ត្រូវគេមិនឲ្យចូល ប៉ុន្ដែកម្ពុជាបានផ្ដល់ការអនុញ្ញាតឲ្យនាវា Westerdam បានចូលមកក្នុងប្រទេស។ គាប់ជួនអីថ្ងៃនោះចំថ្ងៃទិវាបុណ្យនៃក្ដីស្រឡាញ់ ១៤ កុម្ភៈ។ អញ្ចឹងទេ ចាប់ដៃជាមួយអ្នកនោះជាង ២០០ នាក់ តែទីចុងបំផុតយើងអត់មានបញ្ហាអីទេ។ ខ្ញុំសង្ឃឹមថា ក្មួយៗប្រសិនបើកើតកូវីដ-១៩ អាចទម្លាក់មកពូថាឆ្លងពីពូក៏បានដែរ។ ប្រសិនបើពូកើតកូវីដ-១៩ ក៏ពូមិនទម្លាក់ឲ្យក្មួយៗទេ។ ពូថាអាហ្នឹងពូកើតតាំងពីណាពីណីមក … ឥឡូវវាប៉ះពាល់គ្នាអញ្ចឹង។ ធ្វើម៉េចវាជាការផ្ដល់នូវការជឿជាក់ជាមួយគ្នាដែលធ្លាប់ធ្វើកន្លងទៅ។ អម្បាញ់មិញដើរកាត់ពីនោះមកប៉ុន្ដែមកដល់នេះ មើលទៅទ្រាំមិនបានទេចូលមក ហើយបានបន្ដមកដល់ណេះ។
(៣) កម្ពុជាផ្ដល់ជំនួយវ៉ាក់សាំងមីយ៉ាន់ម៉ា ១ លានដូស និងឧបករណ៍សុខាភិបាលមួយចំនួន
យើងបានដោះចេញនូវឧបសគ្គទាំងឡាយពាក់ព័ន្ធនឹងការធ្វើតេស្ដនិងបញ្ហាពាក់ម៉ាស់។ ពាក់ម៉ាស់ អ្នកណាចង់ពាក់ក៏ពាក់ទៅតាមការស្ម័គ្រចិត្ត អ្នកមិនពាក់ក៏មិនបញ្ហាអីដែរ។ នេះជាវិធានការដែលយើងប្រកាន់យកនៅក្នុងដំណាក់កាលនេះ។ ឥឡូវនេះ អង្គការសុខភាពពិភពលោកក៏បានកំណត់អំពីថា (កូវីដ-១៩)នេះជាជំងឺធម្មតាមួយ តែមិនមែនជាវិបត្ដិសុខភាពសាធារណៈទៀតទេ។ ថ្ងៃនេះ យន្ដហោះកំពុងធ្វើដំណើរពីកម្ពុជាឆ្ពោះទៅកាន់ប្រទេសមីយ៉ាន់ម៉ា។ យើងផ្ដល់ជំនួយវ៉ាក់សាំង ១ លានដូស ជាមួយនឹងឧបករណ៍ដទៃទៀតសម្រាប់បម្រើឲ្យការចាក់វ៉ាក់សាំងនៅប្រទេសមីយ៉ាន់ម៉ា។ លោកជំទាវ យក់ សម្បត្ដិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបាននាំវ៉ាក់សាំងនេះជូនប្រទេសមីយ៉ាន់ម៉ា។ នៅទីនោះខ្វះវ៉ាក់សាំង ឯយើងសល់វ៉ាក់សាំង។ អញ្ចឹងយើងត្រូវចែករំលែកជូនមិត្តភក្ដិរបស់យើង។
(៤) ជួបកម្មករ/ការិនីជុំទី២ ដើម្បីពិនិត្យវឌ្ឍនភាពអនុសាសន៍និងបទបញ្ជានិងត្រូវឆ្លើយតបអ្វីទៀត
ឥឡូវចង់សួរក្មួយៗបន្ដិច តើទាំងអស់គ្នាបានចាក់វ៉ាក់សាំងទេ? សូមលើកដៃបន្ដិចមើល។ ចាក់ទាំងអស់គ្នា។ អរគុណណាស់។ មើលអ្នកកើតកូវីដ-១៩ មានប៉ុន្មាននាក់? មើលម្នាក់នោះប្រុងលើកដៃ លើកទៅ ព្រោះពូកើតកូវីដ-១៩ ដែរតើ ទៅកើតនៅឥណ្ឌូនេស៊ី ចេញពីខ្មែរទៅអត់កើតអី ស្រាប់តែទៅដល់ឥណ្ឌូនេស៊ីគេរកឃើញ។ រួចប្រជុំជាមួយប្រធានាធិបតីប្រទេសនានា មកប្រជុំអាស៊ាននៅទីក្រុងភ្នំពេញអត់អី។ ស្រាប់តែចេញពីហ្នឹងទៅ មិនដឹងថាតើវាឆ្លងកូវីដ-១៩ នេះពីកន្លែងណាទៅទេ។ ឥឡូវនេះយើងត្រួតត្រាបានហើយ។ អញ្ចឹងពូគួរតែចាប់ផ្ដើមជុំទី២ នៃការជួបកម្មករ/ការិនីរបស់យើង ក្នុងគោលដៅនៃការពិនិត្យវឌ្ឍនភាពនៃអនុសាសន៍ និងបទបញ្ជាដែលបានដាក់ក្នុងរយៈពេលកន្លងទៅ តើបានដល់ណាហើយ ហើយមានអ្វីទៀតដើម្បីឆ្លើយតបជាមួយនឹងការចង់បានរបស់កម្មករ/ការិនី …។
(៥) សូមធ្វើការប្រៀបធៀបអត្ថប្រយោជន៍មុនជំនួបទី១ និងក្រោយជំនួបទី ១
ឯកឧត្តម អ៊ិត សំហេង បានធ្វើរបាយការណ៍អម្បាញ់មិញ។ ខ្ញុំគិតថា នៅពេលខាងមុខ ឯកឧត្តម អ៊ិត សំហេង គួរធ្វើការប្រៀបធៀប។ ឯកឧត្តមធ្វើជំនួយស្មារតីមកឲ្យខ្ញុំ គួរបញ្ជាក់(ផងថា) មុនជំនួបលើកទី១ តើកម្មករ/ការិនីទទួលបានអ្វីខ្លះ? ពេលដែលជំនួបហើយនឹងទទួលបានអ្វី? ឧទាហរណ៍ បញ្ហាស្ដ្រីមានផ្ទៃពោះ ឆ្លងទន្លេ។ កាលពីមុន បានឈប់តែបីខែ ជាមួយនឹងប្រាក់បៀវត្ស ៥០% ។ ក្រោយជំនួប គឺស្ដ្រីដែលឆ្លងទន្លេទទួលបានអត្ថប្រយោជន៍ពីរោងចក្រគឺឈប់រយៈពេល ៩០ ថ្ងៃ ជាមួយនឹងប្រាក់បៀវត្ស ១២០%។ ខ្ញុំចង់ឲ្យ ឯកឧត្តម អ៊ិត សំហេង កន្លែងរាយការណ៍ចំណុចហ្នឹងគ្រប់ទីកន្លែង ដើម្បីឆ្លុះបញ្ចាំង(ថាអ្វីដែលយើងបាននិងកំពុងអនុវត្ដ)។ ខ្ញុំមិនអាចយកមកប្រៀបធៀបអស់ទេ។ សូមឯកឧត្តមប្រៀបធៀបកន្លែងហ្នឹង ដើម្បីឲ្យកម្មករយើងថាជំនួបរវាងនាយករដ្ឋមន្ដ្រីជាមួយកម្មករ/ការិនី វាដោះស្រាយបានបញ្ហាអញ្ចឹង។ ខ្ញុំចង់ត្រួតពិនិត្យនិងពង្រឹងអ្វីដែលយើងមាន ហើយក៏ចង់ដោះស្រាយបញ្ហាបន្ថែមទៀតនូវអ្វីដែលយើងត្រូវការដោះស្រាយ។
(៦) បេក្ខភាពនាយករដ្ឋមន្រ្តីមមាញឹកនិងមិនអាចដោះស្រាយតម្រូវការចំពោះមុខភ្លាមៗបាន
អរគុណលោកឧកញ៉ា គិត ម៉េង ដែលជាម្ចាស់តំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់ភ្នំពេញ ហើយនិងរោងចក្រដែលបានផ្ដល់នូវលទ្ធភាពសម្រាប់ការជួបជុំគ្នាមួយនេះ។ ខ្ញុំនៅសល់យ៉ាងហោចណាស់គឺពីនេះទៅ ១៧ កន្លែងទៀត។ ស្អែកត្រូវមកត្រង់ហ្នឹងទៀត។ រោងដដែលហ្នឹងប៉ុន្ដែកម្មករនិងរោងចក្រផ្សេង។ ស្អែកហ្នឹងក៏កម្មករចំនួន ១៩ ០០០ នាក់ទៀត។ បើយើងយកមកបូកគ្នាវាឡើងដល់ ៣៨០០០ នាក់។ អញ្ចឹងស្ដាប់គ្នាអត់បានទេ។ មិនច្បាស់ថាអ្នកនៅខាងក្រោយស្ដាប់បានឬអត់ទេ។ ខ្ញុំបញ្ជាក់ថា គោលបំណងចង់ជួបកាលពីឆ្នាំ២០២០ ប៉ុន្ដែដោយសារបញ្ហាកូវីដ-១៩ យើងបានពន្យារ ២០២១ ២០២២ ឥឡូវចូលដល់ ២០២៣ ដោយសារតែការងារដ៏ច្រើន តែយើងនៅតែមានលទ្ធភាពដើម្បីនឹងធ្វើ។
មុននេះ ចង់ឲ្យកូនប្រុសដែលជាបេក្ខជននាយករដ្ឋមន្រ្តី និងដែលនឹងក្លាយទៅជានាយករដ្ឋមន្រ្តីនៅពេលអនាគតនោះជួយ។ ប៉ុន្តែ កូនមួយនេះអត់សូវបានដេកផ្ទះទេ។ គេស៊ីបាយនៅលើឡានទេ ចេញពីខេត្តមួយទៅខេត្តមួយៗ គេក៏រវល់។ បើអញ្ចឹងការងារ(ក៏ត្រូវធ្លាក់មក)ឪវាដដែល។ ប៉ុន្តែក៏មានចំណុចខុសគ្នាត្រង់អញ្ចេះ។ កូនហ្នឹងពិតមែនថាឲ្យមកតំណាង ប៉ុន្តែកូនហ្នឹងក៏អត់មានសិទ្ធិដោះស្រាយដែរ។ ឯពូនេះមកក្នុងនាមជាអ្នកដែលមានសិទ្ធិដោះស្រាយភ្លាមៗ នូវករណីដែលកើតឡើង។ ប៉ុន្តែមិនអាច ហៅប្តីរបស់ក្មួយអម្បាញ់មិញដែលទៅការប្រពន្ធនៅថ្ងៃទី១ ត្រឡប់មកវិញទេ។ គ្រាន់តែអំពាវនាវ។ ប៉ុន្តែបើសិនជាស្ថិតក្នុងដែនសមត្ថកិច្ចគឺយើងដោះស្រាយបានភ្លាម។ វាមិនមែនដែនសមត្ថកិច្ច … ព្រះអើយ កូន ៣ ហើយប្រញាប់ទៅត្រង់ណាទៀត។ បែបមានកម្លាំងមាំ?
(៧) ឆ្នាំ ២០២៣ មានរោងចក្រ ១៧០០០ កម្លាំងពលកម្មសរុប ១លាន៥សែននាក់
ខ្ញុំក៏គួរតែរំលឹកអំពីវឌ្ឍនភាពបន្តិច ដើម្បីយើងអាចធ្វើការថ្លឹងថ្លែង អ្វីដែលវាបានកើតនៅក្នុងប្រទេសរបស់យើង។ ពិតមែនហើយ យើងមិនអាចផ្លាស់ប្តូរអតីតកាលបានទេ។ ក៏ប៉ុន្តែ ការរំលឹកដល់អតីតកាលវាមានផលប្រយោជន៍ដើម្បីនឹងធ្វើការប្រៀបធៀបជាមួយនឹងបច្ចុប្បន្នកាល និងសម្រាប់តម្រង់ខ្លួនត្រៀមរៀបចំខ្លួនដើម្បីអនុវត្តទៅអនាគតកាល។ ត្រឹមឆ្នាំ១៩៩៧ ពេលនោះមួយប្រទេសកម្ពុជាមានរោងចក្រត្រឹមតែ ៦៤ ទេ។ កម្មករមានត្រឹមតែ ៨ ម៉ឺននាក់តែប៉ុណ្ណោះ។ ទំហំការនាំចេញកាលពីពេលនោះគឺមានត្រឹមតែ ២៧០ លានដុល្លារអាមេរិកទេ។ កម្មកររបស់យើងចំនួន ៨ ម៉ឺននាក់នេះ បានទទួលប្រាក់ខែត្រឹមតែ ៤០ ដុល្លារអាមេរិកទេ។ ឥឡូវនេះ សរុបទូទាំងប្រទេស ផ្នែកវិស័យកាត់ដេរ យើងមានរោងចក្រកើនទៅដល់ ១ ៣២៦ រោងចក្រ ជាមួយនឹងកម្មករ/ការិនី ប្រមាណ ៨៤ ម៉ឺននាក់។ សរុបនៅក្នុងឆ្នាំ២០២៣ នេះ រោងចក្រសហគ្រាសទាំងអស់មានចំនួន ១៧ ០០០ និងកម្លាំងពលកម្មសរុប ១ លាន ៥ សែននាក់។ ជាចំនួនកើនឡើងនៅក្នុងប្រទេសរបស់យើង។
(៨) សន្តិភាព ស្ថេរភាពនយោបាយ ទាញវិនិយោគក្នុងនិងក្រៅប្រទេសផលិត/នាំចេញកាន់តែច្រើន
ដោយសារកត្តាសន្តិភាព ស្ថេរភាពនយោបាយដែលយើងមាន ផ្តល់ឱកាសឲ្យយើងទាក់ទាញវិនិយោគទាំងក្នុងប្រទេសនិងក្រៅប្រទេសមកផលិតនៅក្នុងប្រទេសរបស់យើង បម្រើឲ្យការនាំចេញ។ ការនាំចេញរបស់យើងកាលពីមុននេះមានទំហំតូចតាចណាស់។ ឥឡូវនេះ ទំហំនៃការនាំចេញមានកាន់តែច្រើន មានកាន់តែធំ ហើយពីមួយឆ្នាំទៅមួយឆ្នាំ ការនាំចេញរបស់យើងកើនឡើង។ យើងមិនមែនពឹងពាក់លើផ្សារ១ ឬផ្សារ២ ទេ យើងពឹងពាក់លើផ្សារច្រើន។ បើទោះបីជាកន្លែងខ្លះមានហានិភ័យអំពីការធ្លាក់ចុះនៃសេដ្ឋកិច្ចរបស់ប្រទេសគេ ការនាំចេញប្រទេសយើងចំពោះប្រទេសនោះមានការថយ ប៉ុន្តែយើងបែរជាមានការកើននៅកន្លែងផ្សេងទៅវិញ។
(៩) អនុវត្តនយោបាយការបរទេសបែរមុខទៅខាងក្រៅដើម្បីបង្កើនទីផ្សារសំរាប់ការនាំចេញ
អញ្ចឹងហើយបានជាអត្រានៃការនាំចេញ ចំនួននៃការនាំចេញរបស់យើងមិនថមថយ។ ស្ថានភាពសេដ្ឋកិច្ចនៅលើពិភពលោកនេះ មានប្រទេសនេះឡើងប្រទេសនេះចុះ។ នៅពេលដែលមានសេដ្ឋកិច្ចយ៉ាប់យ៉ឺននៅក្នុងប្រទេសណាមួយ តម្រូវការរបស់អ្នកប្រើប្រាស់(ក្នុងប្រទេសនោះ) គឺមានការធ្លាក់ចុះ ដោយសារប្រាក់ចំណូលរបស់គេមិនគ្រប់គ្រាន់។ ពីដើមគេធ្លាប់ពាក់អាវ ៤ កំផ្លេ ឥឡូវគេនៅពាក់អាវមួយកំផ្លេ ឬ២ កំផ្លេ។ ទន្ទឹមនឹងប្រទេសមួយចំនួនដែលការបញ្ជាទិញពីកម្ពុជាធ្លាក់ចុះ ក៏នៅមានប្រទេសមួយចំនួនផ្សេងទៀត ដែលសេដ្ឋកិច្ចគេឡើងបញ្ជាទិញពីកម្ពុជា ធ្វើអោយមានស្ថានភាពចម្រុះក្នុងពេលដែលយើងអនុវត្តនយោបាយការបរទេសបែរមុខទៅខាងក្រៅ។ ទំនាក់ទំនងជាមួយខាងក្រៅច្រើន បង្កើតទីផ្សារនៅខាងក្រៅច្រើនគឺធ្វើឲ្យការនាំចេញកាន់តែច្រើន។ ជាមួយគ្នានេះ យើងក៏មិនចំណុះទៅនឹងប្រទេសណាមួយ។ គេមិនមានលទ្ធភាពសម្លាប់យើងដោយសារសេដ្ឋកិច្ចរបស់គេ ឬក៏ដោយសារនយោបាយរបស់គេបានដែរ។ ឧទាហរណ៍ អង្ករកម្ពុជា។ អង្ករកម្ពុជាបច្ចុប្បន្ននាំចេញទៅ ៧៣ ប្រទេស។ អញ្ចឹងបើប្រទេសមួយផ្អាកការនាំចេញ ឬក៏កាត់បន្ថយការនាំចេញ យើងអាចចរចាជាប្រទេសមួយចំនួនទៀតបង្កើនការនាំចេញ។
(១០) កសាងហេដ្ឋារចនាសម្ព័ន្ធទាញវិនិយោគទៅតាមខេត្ត
ទំហំនៃការនាំចេញរបស់ យើងវានៅតែមានចំនួនច្រើន។ យើងបានប្រឹងប្រែងទាក់ទាញវិនិយោគិនក្នុងតំបន់ សម្រាប់ប្រទេស យើងទាំងមូល មិនថាតែនៅទីក្រុងភ្នំពេញទេ។ នៅទីក្រុងភ្នំពេញ នៅតំបន់សេដ្ឋកិច្ចមានចំនួនរោងចក្រច្រើនជាងកន្លែងដទៃ។ រឿងនេះវាជាក្របខណ្ឌគោលនយោបាយ។ ខ្ញុំនៅចាំបាន ពេលដែលយើងបង្កើតវេទិការវាងរដ្ឋាភិបាល និងវិស័យឯកជនឆ្នាំ១៩៩៩ ខ្ញុំបានចង្អុលបង្ហាញថា គប្បីត្រូវកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ដើម្បីទាញវិនិយោគទៅតាមបណ្តាខេត្ត។ បើមិនដូច្នោះទេគឺអ្នកពីខេត្តសម្រុកចូលទីក្រុងភ្នំពេញគឺជួបការលំបាកក្នុងការរកការងារធ្វើ។ អញ្ចឹងបានជាឥឡូវហ្នឹង រោងចក្រមាននៅតាមបណ្តាខេត្ត មិនត្រឹមតែភ្នំពេញ និងខេត្តកណ្តាលទេ ក៏ប៉ុន្តែមានទៅដល់កំពង់ចាម មានដល់តាកែវ មានដល់កំពត មានទៅដល់ពោធិ៍សាត់ ក្រុងព្រះសីហនុ កោះកុង មានទៅស្វាយរៀង។ កម្មវិធីលើកនេះមានទៅតាមបណ្តាខេត្ត ដូចជាខេត្តតាកែវ ខេត្តកំពង់ចាម ខេត្តស្វាយរៀង ខេត្តកំពង់ឆ្នាំង រៀបចំដំណើរទៅ។
ការពិនិត្យវឌ្ឍនភាពនេះ វាជារឿងចាំបាច់ដើម្បីយើងកែសម្រួល ឬក៏លើកទឹកចិត្ត ជំរុញការអនុវត្ត។ ក្នុងហ្នឹង មានហើយដែលទាក់ទិនជាមួយនឹងការប្រៀបធៀបរយៈពេលមុន ដែលខ្ញុំសូមអរគុណចំពោះម្ចាស់រោងចក្រទាំងអស់នៅទូទាំងប្រទេស ដែលបានយកអនុសាសន៍ ឬក៏មានចរិតជាបទបញ្ជាយកទៅអនុវត្តបានយ៉ាងល្អ។ អរគុណ និងកោតសរសើរក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលបានយកទៅអនុវត្តបានយ៉ាងល្អ។ អរគុណជាមួយនឹងម្ចាស់រោងចក្រ ដែលបានខិតខំធ្វើកិច្ចការងារនេះ ស្របទៅតាមច្បាប់ការងារ និងការសម្របសម្រួលនានា រាប់ទាំងយន្តការត្រីភាគី ស្តីអំពីការដោះស្រាយបញ្ហាប្រាក់បៀវត្ស ឬបញ្ហាការវិវាទនានាដែលបានកើតឡើង។
(១១) ប្រាក់បៀវត្សអប្បបរមានៅកម្ពុជាមិនឱ្យទាបជាង ២០០ ដុល្លារ/ខែ
គួរតែបញ្ជាក់បន្តិច ដើម្បីយើងអាចយល់ច្បាស់ជាមួយគ្នា។ យប់មិញនេះ ខ្ញុំទាក់ទងមកឯកឧត្តម អ៊ិត សំហេង អំពីការប្រៀបធៀបប្រាក់បៀវត្សនៅកម្ពុជាជាមួយនឹងប្រទេសមួយចំនួនក្នុងតំបន់។ បច្ចុប្បន្ននេះ ប្រាក់បៀវត្សអប្បបរមានៃកម្មករកម្ពុជាមានចំនួន ២០០ ដុល្លារ។ ប៉ុន្តែឮថារោងចក្រនេះមាន(កំរិតបៀវត្ស)ខ្ពស់ជាង។ រោងចក្រនេះបានខ្ពស់ជាង គិតចូលនូវអត្ថប្រយោជន៍ដទៃ។ នៅទូទាំងប្រទេស ប្រាក់បៀវត្សមិនឲ្យទាបជាង ២០០ ដុល្លារនោះទេ។ ក្នុងពេលជាមួយគ្នា បានរកឃើញតួលេខនៅប្រទេសវៀតណាមដែលបែងចែកជា ២ តំបន់ … តំបន់មួយមាន ១៣៨ ដុល្លារ និងតំបន់មួយទៀត ១៩៨ ដុល្លារ (លោកឯងវាយឲ្យខ្ញុំតែ២ ខ្ញុំមិនថា២។ វាយឧស្សាហ៍ពិនិត្យណា។ វាយមកឲ្យនាយករដ្ឋមន្រ្តី ហើយរដ្ឋមន្រ្តីត្រូវមើលខ្លួនឯងផងមុនពេលបញ្ជូនមក។ ខ្ញុំមិនមែនខួរក្បាលកុំព្យូទ័រឯណា …)
(១២) អនុញ្ញាតអោយម្ចាស់រោងចក្របើកបៀវត្ស/អត្ថប្រយោជន៍ជាប្រាក់ដុល្លារ
ប៉ុន្តែខ្ញុំមានការសង្ស័យថា កម្មករនៅវៀតណាមមានប្រាក់បៀវត្សអាចលើសពីនេះ តែអ្វីដែលខុសប្លែកគ្នាគឺអត្រាប្តូរប្រាក់មិននឹងន។ កម្ពុជាផ្តល់ការអនុញ្ញាតឲ្យម្ចាស់រោងចក្រ(ទូទាត់ប្រាក់ខែជាដុល្លារ) ដើម្បីធានានូវផលប្រយោជន៍របស់ពួកគេ។ យើងគិតហើយអំពីអធិបតេយ្យទាក់ទងនឹងប្រាក់រៀល ប៉ុន្តែបើបញ្ចូលទៅក្នុងធនាគារ ហើយបញ្ចេញសាច់ប្រាក់រៀលត្រឡប់មកវិញ ជួនកាលវាខាតចំនួន។ អញ្ចឹងបានជាកន្លែងខ្លះ យើងផ្តល់ឱកាសអោយទទួលជាប្រាក់រៀលទៅ កន្លែងខ្លះទទួលជាប្រាក់ដុល្លារ ហើយភាគច្រើនបើកជាដុល្លារ។ មើលក្មួយៗ បើកជាដុល្លារឬបើកជាប្រាក់រៀល? ដុល្លារ។ ហើយមួយខែបើកប៉ុន្មានដង? មួយខែបើក ២ ដង។
សន្ទនាជាមួយកម្មការិនីអំពីការងារ ប្រាក់បៀវត្ស និងជីវភាពគ្រួសារ
ម្តងបានប៉ុន្មានទៅ សុំសួរបន្តិច? ឥឡូវសុំសួរប្រាក់ខែសរុបបានប៉ុន្មាន? (ប្រាក់ខែសរុបមួយខែបាន ៤០០ ជាង) រួចធ្វើអីទៅបានប្រាក់ខែច្រើនម្ល៉េះ? (ដេរថែមម៉ោង៦)។ សរុបទាំងអស់ក្នុងមួយខែយើងបានប៉ុន្មាន … (បាន ៤៣០ )។ ៤៣០ គេបើកឲ្យយើងមួយខែ ២ ដង … សុំសួរមួយទៀត មានគ្រួសារហើយនៅ? (មានហើយ) ហើយប្តីធ្វើការនៅណា? (ប្តីធ្វើការរោងចក្រដែរ) រោងចក្រហ្នឹងដែរ? (អត់ទេ រោងចក្រផ្សេង) ប៉ុន្តែប្តីបានប្រាក់ខែប៉ុន្មាន? (ប្រាក់ខែដូចតែខ្ញុំដែរ លើសតិចតួច)។ លើសទៀត។ អញ្ចឹងពីរនាក់ប្តីប្រពន្ធ មិនរកបានដល់ទៅជាងមួយពាន់ហើយ។ ប្តីលើសបានប៉ុន្មាន? (លើសតិចតួច ៤-១០ ដុល្លារហ្នឹង មិនលើសច្រើនទេ) ឥឡូវយើងថាបានប្រហែលជា ៨៧០ ដុល្លារ។ មានកូនប៉ុន្មាននាក់? (កូន ២) បង អាយុប៉ុន្មាន? (បង ១០ ឆ្នាំ ប្អូន ៤ ឆ្នាំជាង)។ ៤ ឆ្នាំហ្នឹងកើតទាន់របប ១០០ ដុល្លារទេ? (ទាន់) ឥឡូវអត់មានត្រៀមយកទៀតទេ? (នៅអត់ទាន់ត្រៀម) ប៉ុន្តែចង់បានកូនថែមទៀត? (ចង់យក ១ ទៀត) ឥឡូវកូន ២ ហ្នឹងគឺកូនប្រុសឬកូនស្រី? (បង ១០ ឆ្នាំ ប្រុស, ស្រី ៤ ឆ្នាំជាង) ហើយដល់ចង់បាន ១ ទៀត ចង់បានស្រីឬចង់បានប្រុស? (ស្រីក៏បាន ប្រុសក៏បាន) ឲ្យតែកូន។
មើល ប្តីដែលធ្វើបាបចិត្តយើងអត់? សួរត្រង់បន្តិច (អត់ទេ សម្តេច អត់ដែលផង) យើងដែលកាចដាក់ប្តីទេ? (អត់)។ ហ៊ឹម! ប្តីមកចូលក្នុងហ្នឹងដែរ? (អត់ទេ គាត់ទៅរោងចក្រផ្សេង) មិនមែននៅក្នុងតំបន់សេដ្ឋកិច្ចពិសេសទេ? (អត់ទេ នៅឆ្ងាយ)។ ប៉ុន្តែល្ងាចជួបជុំគ្នា (ចាស ល្ងាចជួបជុំហើយ)។កូនអ្នកណាមើល? (កូនម៉ែខ្ញុំមើល)។ អញ្ចឹងទេ មួយខែក្នុងគ្រួសារមួយ ធ្វើការទាំងប្តីប្រពន្ធ យើងក៏បានដល់ជាង ៨០០ ដុល្លារ។ (ប៉ុន្តែចាយអត់គ្រាន់ កូនខ្ញុំកើតមកឆែបមាត់។ ដល់ពេលអញ្ចឹង ទៅពេទ្យរហូត) កូនទីប៉ុន្មានឆែបមាត់ហ្នឹង? (កូនទី ១ ទៅពេទ្យវះកាត់ ៥ ដងហើយ ។ឆែបដល់ក្រអូម ដល់កន្លើតដាច់ជាពីរតែម្តង)។ប៉ុន្តែពេទ្យគេអត់ទាន់ថាម៉េចទេ។ មានទៅសួរពេទ្យទេ? (គេណាត់ទៅជួបរហូតនៅពេទ្យកុមារជាតិ) គេវះបានទេ? (គាត់វះ ៣-៤ ដងហើយ វះរហូត ចាក់ថ្នាំសន្លប់)។ ហ្នឹងយើងចាំរកវិធីដោះស្រាយក្រោយ។
ឥឡូវមើលសួរក្មួយឯងថា ឥឡូវបញ្ហាដែលលំបាកសម្រាប់កម្មករនៅពេលនេះអ្វី? កុំខ្លាច និយាយឲ្យការពិត តើអ្វីទៅជាការលំបាករបស់ក្មួយឯងសព្វថ្ងៃនេះ? (អត់មានអី) ឥឡូវទៅនៅកន្លែងណា? យើងនៅផ្ទះជួលឬផ្ទះខ្លួនឯង? (នៅផ្ទះជួល) ផ្ទះជួលហ្នឹងគឺកន្លងទៅគេឡើងថ្លៃច្រើនទេ? (នៅផ្ទះជួល ៥០ ដុល្លារ ហើយទឹកភ្លើងអីផ្សេង) តម្លើង ប៉ុន្តែតម្លើងតិច (ឡើង ៥ ដុល្លារ) ពេលមួយឆ្នាំ ឡើង ៥ ដុល្លារ? (អត់ទេ យូរហើយ គាត់ឡើង ៥ ដុល្លារយូរហើយ។ អត់ឡើងទៀតផង) អូ! គាត់អត់ឡើងទៀតទេ។ គាត់ក៏ត្រូវតែគិតដែរ។ សម័យកូវីដ-១៩ ក៏ល្មមដែរ។ ហ្នឹងគឺថាកាលពីមុនទេណា ឲ្យតែកម្មករឡើងបៀវត្សរ៍ ឡើងតែ ៥ ដុល្លារទេ នោះផ្ទះជួលឡើងដល់ ១០ ដុល្លារនោះ។ តាំងពីពេលយើងនិយាយមក ថ្លៃផ្ទះក៏មិនសូវតម្លើង ថ្លៃទឹក ថ្លៃភ្លើង មានស្ថេរភាព។
ទទួលបានភ្លើងថោកតាមគោលនយោបាយដែលបានដាក់ចេញទេ? ប្រើអស់ភ្លើងប៉ុន្មានទៅ មួយគ្រួសារយើង? (អស់ ៨ ម៉ឺន តាមយើងប្រើតិច ប្រើច្រើន) ទឹកមួយម៉ែត្រគូបប៉ុន្មាន? (អត់ដឹងមួយម៉ែត្រគូបប៉ុន្មាន ប៉ុន្តែដឹងតែមួយខែទឹក ១ ម៉ឺនជាង ២ ម៉ឺន។ ច្រើនតែភ្លើង ខែក្តៅចឹង យើងប្រើច្រើន)។ កាលចូលឆ្នាំទៅលេងណា? (ចូលឆ្នាំអត់ទៅណាផង នៅផ្ទះ) អត់មានដើរទៅរាំលេងអីគេ? (អត់) រាំតែជាមួយប្តីក្នុងបន្ទប់។ ស្រុកកំណើតនៅណា? (ខ្ញុំនៅមេមត់) ហាក! អ្នកមេមត់ទេ។ ឃុំអីមេមត់? (នៅម្តុំផ្សារមេមត់ ឃុំសំបូរ) រួចដែលស្គាល់ពូទេ អ្នកមេមត់ចឹង? (ស្គាល់ បើគាត់ឧស្សាហ៍ ពេលណាទៅកន្លែងវត្តមេមត់ ខ្ញុំឃើញឧស្សាហ៍ជួប) អ្នកស្រុកជាមួយគ្នាសោះ ធ្វើមិនស្គាល់គ្នា។ កាលហ្នឹងដូចជាមិនទាន់កើតទេ មើលឥឡូវអាយុប៉ុន្មាន? (ខ្ញុំ ៣២ ឆ្នាំ) ឪពុកអាយុប៉ុន្មាន? (ប៉ាខ្ញុំ ៥៣ ម៉ែខ្ញុំ ៥២)។ អញ្ចឹងពេលដែលពូនៅកន្លែងហ្នឹង ប៉ាក្មួយឯងអត់ទាន់កើតទេ ព្រោះពូនៅកន្លែងហ្នឹង ៥៣ ឆ្នាំហើយ។ ពេលហ្នឹង សូម្បីតែប៉ាក្មួយឯងក៏អត់ទាន់កើតដែរ។ អញ្ចឹងប្រហែលជាជីតា។
ជីតាជីដូនអាយុប៉ុន្មាន? (គាត់អាយុ ៧៨ តាខ្ញុំ) គាត់អាយុច្រើនជាងតាតែ ៧ ឆ្នាំតើ។ អញ្ចឹងគាត់អាចស្គាល់តាហើយ។ (គាត់ស្គាល់ហើយគាត់ថា មានកូនកំសត់នៅហ្នឹង ដែលថាស្លាប់ជំនាន់ប៉ុល ពត គាត់និយាយថាកូនសម្តេចមានស្លាប់មួយចឹង) ស្លាប់។ ផ្នូរនៅហ្នឹង នៅវិទ្យាល័យមេមត់ហ្នឹង ដាក់នៅហ្នឹង ហើយឥឡូវរឿងគេកំពុងតែបញ្ចាំង។ ប៉ុន្តែថ្ងៃសុក្រ ថ្ងៃសៅរ៍ ថ្ងៃអាទិត្យ គេអត់បញ្ចាំងទេ។ រឿងហ្នឹងទាក់ទងនឹងកន្លែងហ្នឹង។ មិនជឿថាខ្លួនឯងរស់ដល់ថ្ងៃនេះទេ។ វេទនាណាស់។ អរគុណណាចៅ ហើយផ្តាំសួរសុខទុក្ខទៅតាយាយ ឪពុកម្តាយផង។
(១៣) ២០២១និង២០២២ កម្មករបានឡើងបៀវត្សរ៍អប្បបរមា ទោះបីតិចដោយចុះ
ហ្នឹងជាវិធីដើម្បីស្វែងយល់ពីសម្លេងផ្ទាល់របស់កម្មករ/ការិនីរបស់យើង។ ខ្ញុំក៏គួរតែនិយាយទាក់ទិន នឹងរឿងប្រទេសស្រីលង្ការអំពីប្រាក់បៀវត្សរ៍។ នៅប្រទេសស្រីលង្ការមានប្រាក់បៀវត្សតែ ៣៦ ដុល្លារទេ។ បង់ក្លាដេសមាន ៧៦ ដុល្លារ។ ឡាវមាន ៧១ ដុល្លារ ប៉ុន្តែឡាវប្រហែលមានបញ្ហាអត្រាប្តូរប្រាក់ទេ។ គោលនយោបាយបៀវត្សរ៍របស់គាត់អាចនឹងខ្ពស់ជាង ក៏ប៉ុន្តែដោយសារតែអតិផរណា ការបាត់បង់តម្លៃប្រាក់គីប ធ្វើឲ្យកម្មករទទួលបានតិចជាង។ នៅមីយ៉ាន់ម៉ា ៦៩ ដុល្លារ ក្នុងពេលដែលយើងនៅទីនេះ ថ្វីបើមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ អត់បានឡើងប្រាក់ខែនៅឆ្នាំ២០២១ និង ២០២២ ប៉ុន្តែក្មួយៗបានឡើង។ ទោះបីបានឡើងតិចក៏ប្រសើរជាងអត់បានឡើង។ យើងបានដោះស្រាយបញ្ហានេះ ហើយសង្ឃឹមថានឹងបន្តដំណើរឲ្យមានការជឿនលឿនថែមទៀត។
(១៤) ពង្រីកវិសាលភាពអនុវត្តគោលនយោបាយគាំពារសង្គមចំពោះកម្មការិនីរោងចក្រ/សហគ្រាសមានផ្ទៃពោះ រហូតកូនមានអាយុ២ឆ្នាំ
សូមបញ្ជាក់ដើម្បីឲ្យច្បាស់ទាំងអស់គ្នាអំពីអ្វីដែលឯកឧត្តម អ៊ិត សំហេង បានលើក។ រឿងវាអញ្ចេះ។ នៅពេលដែលខ្ញុំបាននិយាយទាក់ទិននឹងបញ្ហាបង្កើនថវិកាសម្រាប់ស្ត្រីមានផ្ទៃពោះ រហូតទៅដល់កូនអាយុ ២ ឆ្នាំ គាត់បានសុំគោលការណ៍តាំងពីថ្ងៃទី ១៨ ខែមេសាម្ល៉េះ។ ប្រហែលជាមកពីខ្ញុំផង ការងារបន្តិចទៅនេះបន្តិចទៅនោះ អញ្ចឹងឯកសារហ្នឹងមកអត់ដល់។ ប៉ុន្តែដល់ទៅ ឯកឧត្តម អូនព័ន្ធមុនីរ័ត្ន បានបញ្ជូនតាមតេឡេក្រាមមក។ យើងក៏មានបញ្ចូលតាមប៊ិចឌីជីថល បញ្ចេញត្រឡប់ទៅវិញ កាលពីថ្ងៃទី ២៣ (ឧសភា)។ ថ្ងៃទី២២(ឧសភា) ខ្ញុំបាននិយាយរឿងហ្នឹង។
អញ្ចឹងប្រហែលជា មុនីរ័ត្ន ស្តាប់បានរឿងហ្នឹង ក៏បញ្ជូនមក។ ខ្ញុំបានសម្រេចនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ ២០២៣។ ឥឡូវហ្នឹងចង់បញ្ជាក់ជូនថា សូមក្មួយៗ ឲ្យពូសុំអធ្យាស្រ័យអំពីបញ្ហាវិសាលភាពនៃការផ្តល់សម្រាប់ការគាំពារសង្គម ទៅលើស្ត្រីមានផ្ទៃពោះ និងកូន រហូតដល់កូនអាយុ ២ ឆ្នាំ។ ខ្ញុំគិតស្មានថាបានគ្របដណ្តប់ទៅលើកម្មករទៅហើយ។ ទីចុងបំផុត សួរនៅខេត្តព្រះសីហនុគឺអត់ទាន់មាន។ អញ្ចឹងបានជាចាប់ផ្តើមឲ្យអនុវត្តទៅលើស្ត្រីមានផ្ទៃពោះទាំងអស់ជាកម្មការិនី … អញ្ចឹងវិសាលភាពនៃការអនុវត្ត កន្លងទៅ យើងអនុវត្តភាគច្រើនទៅលើសេដ្ឋកិច្ចក្រៅប្រព័ន្ធនិងអ្នកក្រីក្រ។ ចាប់ពីពេលនេះទៅ គឺយើងត្រូវអនុវត្តចំពោះកម្មការិនីនៅតាមរោងចក្រ សហគ្រាស ដែលនឹងទទួលបានផលប្រយោជន៍ពីការចាប់ផ្តើមមានផ្ទៃពោះរហូតទៅដល់កូនអាយុ ២ ឆ្នាំ។
(១៥) ពង្រីកមុខសញ្ញាស្ត្រីមានផ្ទៃពោះក្នុងចំណោមកម្មការិនីដែលត្រូវផ្តល់ការគាំពារសង្គម
នេះជាគោលនយោបាយចាស់និងពង្រីកសកម្មភាពថ្មី។ គោលនយោបាយចាស់មានហើយ កំពុងតែអនុវត្ត។ ក្នុងរយៈពេលកន្លងទៅ យើងបានប្រើប្រាស់ថវិកាអស់ដល់ទៅសិបលានដុល្លារដែរ។ យើងត្រូវពង្រីកមុខសញ្ញាដែលយើងត្រូវផ្តល់ ដែលក្នុងនោះកម្មកររបស់យើងដែលមានប្រមាណ ១ លាន ៥ សែននាក់ ក្នុងហ្នឹងក្នុងវិស័យកាត់ដេរប្រមាណជាង ៨៤ ម៉ឺននាក់ គឺត្រូវទទួលបាននូវអត្ថប្រយោជន៍នេះ ជាមួយនឹងប្រាក់ដែលក្មួយៗ ឆ្លងទន្លេនឹងទទួលបាន ១០០ ដុល្លារ ស្មើនឹង ៤០ ម៉ឺនរៀល។ ឥឡូវយើងបានតម្លើង ២ ដង។ និយាយរួមតម្លើង ១០០%។ ខ្ញុំគួរតែនិយាយ ហើយក៏ជាសារជូនគ្រប់ទីកន្លែងទាំងអស់ ដែលទទួលបានក្រោមរបបស្តីអំពីការគាំពារស្ត្រីមានផ្ទៃពោះនិងរហូតដល់កូនអាយុ ២ ឆ្នាំ។ ពីមុននេះ កម្មការិនីរបស់យើងអត់ទទួលបានទេ យើងទទួលបានត្រឹមតែប័ណ្ណពិនិត្យសុខភាព ប.ស.ស និងលុយដែលផ្តល់សម្រាប់ការឆ្លងទន្លេ កូនម្នាក់បាន ៤០ ម៉ឺន កូន ២ នាក់ បាន ៨០ ម៉ឺន កូនឡើង ៣ នាក់ បាន ១ លាន ២ សែន បូក ៥ លាន។ ប៉ុន្តែងាយណាទៅរកបានកូនភ្លោះ ៣។ មកពីក្មួយៗនៅកន្លែងទីភ្លឺ ដូច្នេះ ៣ នាក់ វាចូលអត់បាន។ អញ្ចឹងទេ បានកើតភ្លោះ ៣ ចំណាំមើលអ្នកដែលកើតភ្លោះ ៣ គឺច្រើនតែកើតនៅជនបទ ព្រោះជនបទវាងងឹត។ ដល់អញ្ចឹងទៅអ្នកចូលមកចាប់ជាតិហ្នឹង វាស្រួលចូល។ ដល់ទៅក្មួយៗមកនៅទីក្រុងនេះ នៅផ្ទះជួលអីនេះ សុទ្ធតែអគ្គិសនីព្រោងព្រាត ធ្វើម៉េចចូលចុះ? អញ្ចឹងបានតែមួយហ្នឹងយកហើយ យ៉ាងច្រើនភ្លោះ២។
(១៦) ចាប់ពីខែសីហា ស្ត្រី/កម្មការិនីមានផ្ទៃពោះ ទទួលអត្ថប្រយោជន៍កើនឡើងទ្វេដង
យើងសម្រេចបង្កើន ១០០% ទៅលើចំនួនដែលយើងបានអនុវត្ត។ មុននេះ ពេលទៅពិនិត្យម្តងគេផ្តល់ប្រាក់ត្រឹមតែចំនួន ៤ម៉ឺនរៀល។ ឥឡូវពេលដែលយើងទៅផ្តល់ប្រាក់ទៅពិនិត្យម្តងគឺ ៨ម៉ឺនរៀល។ មុនពេលឆ្លងទន្លេត្រូវទៅពិនិត្យ ៤ដង។ មុននោះយើងទៅពិនិត្យ ត្រឹមតែពិនិត្យឱ្យ។ ចាប់ពីពេលនេះទៅ គឺក្មួយៗពេលទៅពិនិត្យ គេឱ្យលុយយើងវិញ។ ប្រហែលជាមានប្រទេសមិនច្រើនទេដែលធ្វើរឿងហ្នឹង។ សុំបញ្ជាក់ ចាប់ពីខែសីហាទៅបានធ្វើ។ ឥឡូវនេះ ក្មួយៗអ្នកដែលកំពុងទទួលផលទាំងឡាយ នៅទទួល ៤ម៉ឺនរៀលសិន។ ត្រូវការអន្តរកាលមួយដើម្បីរៀបចំអនុវត្តបន្តយ៉ាងម៉េច? អ្នកថ្មី អ្នកចាស់ ត្រូវបន្តគ្នាយ៉ាងម៉េច? ប្តូរគ្នាយ៉ាងម៉េច? អនុវត្តចាប់ពីខែសីហា តទៅ។ សូមបញ្ជាក់ ពីមុនទៅពិនិត្យម្តងគេឱ្យ ៤ម៉ឺនរៀល។ ឥឡូវទៅពិនិត្យម្តងគឺឱ្យ ៨ម៉ឺនរៀល។ ពិនិត្យ ៤ដង ស្មើនឹង ៣២ម៉ឺនរៀល។ ដល់ទៅថ្ងៃឆ្លងទន្លេ ពីមុនជូនតែ ២០ម៉ឺនរៀលទេ។ ឥឡូវជូនដល់ ៤០ម៉ឺនរៀល។ ដល់បន្ទាប់ទៅពេលដែលកូនកើតហើយ ត្រូវទៅពិនិត្យ ១០ដងទៀត ពិនិត្យខ្លួនឯងផង ពិនិត្យកូនផង ពិនិត្យម្តងជូន ៨ម៉ឺនរៀល អញ្ចឹង ១០ដង វាឡើង ៨០ម៉ឺនរៀល។
(១៧) ពីឆ្លងទន្លេដល់កូនអាយុ២ឆ្នាំ រាជរដ្ឋាភិបាលជូន កម្មការិនី ពលរដ្ឋក្រីក្រ កសិករ កម្មករក្រៅនិងក្នុងប្រព័ន្ធ ម្នាក់ ១លាន ៥សែន ២ម៉ឺនរៀល ចាប់ពីខែសីហា ២០២៣
យប់មិញ គិតជាមួយ អ៊ិត សំហេង ថាវាយចំណុចទាំងហ្នឹងតាម PDF មក។ ថ្ងៃក្រោយផ្ញើឯកសារមកឱ្យខ្ញុំ យកល្អវាយតាម PDF ទាំងអស់ ព្រោះខ្ញុំត្រូវប្រើប៊ិច ឌីជីថល។ បើមិនអញ្ចឹងទេ វាព្រីនអត់ចេញ។ យើងប្រើប៊ិចឌីជីថលវាស្រួលនៅក្នុងការដាក់ចេញជាចំណារត្រឡប់ទៅវិញ។ គិតទៅក្នុងមនុស្សម្នាក់/ស្ត្រីម្នាក់ដែលចាប់ផ្តើមពីឆ្លងទន្លេរហូតដល់កូនអាយុ ២ឆ្នាំ ទទួលបានប្រាក់ ១លាន ៥សែន ២ម៉ឺនរៀល។ រាជរដ្ឋាភិបាលត្រូវចេញ។ ក្នុងហ្នឹងក្មួយៗជាកម្មការិនីត្រូវដឹង។ ប្រជាពលរដ្ឋក្រីក្រទាំងកសិករ ទាំងកម្មករក្រៅប្រព័ន្ធទាំងក្នុងប្រព័ន្ធ ត្រូវដឹងអំពីទឹកប្រាក់ដែលទទួលបាន។ ឥឡូវនេះអនុវត្តនូវគោលការណ៍ចាស់។ ចាប់ពីខែ៨ ទៅ គឺនឹងត្រូវអនុវត្តនូវគោលការណ៍ថ្មី ដែលបង្កើនទឹកប្រាក់មួយជាពីរ គឺកើន ១០០% ទាំងអស់ ទាំងការពិនិត្យផ្ទៃពោះ ទាំងពេលឆ្លងទន្លេ។
(១៨) ការឧបត្ថម្ភស្រ្តីមានផ្ទៃពោះនេះ នឹងរួមចំណែកលើបញ្ហាអាហារូបត្ថម្ភ និងកាត់បន្ថយអត្រាមរណៈមាតា និងទារក
វាជាចំនួនមួយមិនទាន់គ្រប់គ្រាន់ទេ ក៏ប៉ុន្តែវាជាចំណែកជួយផ្តល់អាហារូបត្ថម្ភសម្រាប់ស្ត្រីដែលមានផ្ទៃពោះឆ្លងទន្លេ និងបានាប្រយោជន៍អាហារូបត្ថម្ភទៅដល់កូន។ វាក៏ជាផ្នែកមួយនៃវិធានការដើម្បីកាត់បន្ថយនូវអត្រាមរណៈមាតានិងទារក ជាពិសេសគឺទារក។ យើងត្រូវខិតខំធ្វើយ៉ាងម៉េចឱ្យកុមារ ឱ្យស្ត្រី មានសុខភាពកាន់តែល្អ។ ក្នុងនេះ ការអនុវត្តចំនួនទី២ នេះ យើងត្រូវបង្កើនក្នុងមួយឆ្នាំប្រមាណជាជិត ១៣ លានដុល្លារបន្ថែមទៀត ពីលើចំនួនដែលធ្លាប់បានចាយរយៈពេលកន្លងទៅ។ ១៣លានដុល្លារ នេះវានឹងមិននាំឱ្យរាជរដ្ឋាភិបាលដួលរលំទេ។ យើងកំពុងតែវិនិយោគទៅលើមនុស្ស។ គោលនយោបាយរបស់យើងគឺផ្សារភ្ជាប់នឹងការដោះស្រាយបញ្ហាឱ្យមនុស្ស។ ខ្ញុំសុំយកឱកាសនេះថ្លែងនូវការកោតសរសើរចំពោះការខិតខំនៃបណ្តារោងចក្រ អោយមានទីកន្លែងសម្រាប់ទទួលទានអាហារ កន្លែងពិនិត្យព្យាបាលជាបឋម មានក្រុមគ្រូពេទ្យដើម្បីដោះស្រាយបញ្ហា មានកន្លែងបំបៅដោះកូន ដែលខ្ញុំកំពុងតាមមើលចំណុចទាំងនេះ …។
(១៩) គោលដៅនៃជុំទី២ នៃការជួបជុំកម្មករ គឺត្រួតពិនិត្យលើអនុសាសន៍ ១០ ចំណុច
អញ្ចឹងហើយបានជាគ្រប់ទីកន្លែង គោលដៅរបស់ខ្ញុំគឺជុំទី២ នៃការជួបជុំជាមួយកម្មករ/ការិនី គឺត្រួតពិនិត្យទៅលើអ្វីដែលជាអនុសាសន៍ ១០ចំណុចនោះ។ ខ្ញុំគ្រាន់តែរំលឹកអ្នកកាន់ឯកសាររបស់ខ្ញុំអើយ។ អនុសាសន៍ ១០ចំណុចហ្នឹង បើវាយកទៅយកទៅបាត់ទៅ។ ឥឡូវខ្ញុំចារនៅចុងឯកសារ។ ឯកសារនេះត្រូវឱ្យខ្ញុំវិញគ្រប់ពេល។ បើមិនអញ្ចឹងទេ យកទៅមិនដឹងយកទៅកិនចោលឯណា? ឯកសាមួយនេះទៀតក៏ចារទៀត។ អ្នកកាន់ឯកសារខ្ញុំមើលផង។ បើឃើញអញ្ចឹងហើយ បញ្ជូនត្រឡប់ឱ្យខ្ញុំវិញ។ តែមើលអីហើយ ខ្ញុំគូសក្រវេមក្រវាមក្នុងហ្នឹង។ បាត់អាក្រវេមក្រវាមក្នុងហ្នឹង បានយប់មិញគូសរួច បញ្ជូនតាម PDF មក ដើម្បីខ្ញុំដោះស្រាយតាមរបៀបរបស់ខ្ញុំ។ នៅក្នុងនេះក៏ខ្ញុំមានដើម្បីកុំឱ្យវាពិបាក ក្រែងលោវាបាត់ក្រដាស វាមាននៅក្នុងនេះរបស់ខ្ញុំ។ សម័យនេះហើយសម័យឌីជីថល ប៉ុន្តែបើមនុស្សអត់ឌីជីថល វាក៏នៅអត់ឌីជីថលដែរ។ សុំឯកសារស្អីៗហ្នឹង សុំបញ្ជូនឱ្យខ្ញុំ។
ជួនកាលរដ្ឋមន្ត្រីខ្លះគាត់ថតហើយ គាត់ផ្ញើទៅឱ្យខ្ញុំសុំការសម្រេច។ សម្រេចយ៉ាងម៉េច? បើព្រីនៗអត់ចេញ។ វាមិនមែន PDF វាព្រីនអត់ចេញ ទាល់តែយកទៅដាក់កុំព្យូទ័រឯណាឯណី។ សូមឱ្យរដ្ឋមន្ត្រីទាំងអស់ ចៅហ្វាយខេត្តទាំងអស់ បើចង់បានមតិយោបល់អី វាយ PDF ចូលមកខ្ញុំ។ ខ្ញុំបញ្ចូលទៅកន្លែង PDF រួចខ្ញុំចារនៅកន្លែងហ្នឹង ហើយបញ្ជូនត្រឡប់ទៅវិញទាន់ចិត្ត ខ្ញុំប្រើពេល ៥នាទី ឬ ១០នាទី ទៅធ្វើតាមទំហំឯកសារ និងចរិតឯកសារប៉ុណ្ណឹង។ យប់មិញ ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម វាយបញ្ជូនមកអំពីបញ្ហាទាក់ទិនជាមួយនឹងរឿងដែលត្រូវសុំយោបល់។ ក្នុងពេលដែលសុំយោបល់នោះបានបញ្ជូនត្រឡប់ទៅវិញតាំងពីល្ងាច ប៉ុន្តែប្រហែល ទីណា នៅឯខេត្តទេ។ អញ្ចឹងព្រឹកមិញទើបនឹងទទួល។ ទីណា ទទួលនៅម៉ោង ១២:៣៥នាទី។ ខ្ញុំចុះហត្ថលេខាយល់ព្រម បញ្ជូនទៅឱ្យគាត់នៅម៉ោង ១០:៤០នាទី។ ឥឡូវ លេងទៅតាមហ្នឹង ហើយបើរវល់តែបញ្ជូនឯកសារ ឯណាត្រូវបាញ់សម្លាប់មេរោគវាយូរ។
នឹងលុបចោលពីប្រព័ន្ធសារនូវអ្នកសួររឿងសិក្សាទប់ទន្លេសាប
ប៉ុន្តែនិយាយអញ្ចឹងកុំចេះតែបើកឱកាស។ មានមួយនោះ ខ្ញុំជិត Delete ចោលហើយ។ វាយពីអាមេរិកមក។ លេខហ្នឹងលេខអាមេរិក។ វាយមកសួរថា លោក តើរឿងសិក្សាទប់ទន្លេសាបដល់ណាហើយ? … ហ្នឹងមកពីអាមេរិក។ បន្តិចទៀតលុបចោលហើយ។ ខ្ញុំអត់មានផ្តល់ចម្លើយកើតទេ។ រឿងនេះរឿងធំណាស់។ ទប់ទន្លេសាបទៅវាកើតរឿងអី? នាំគ្នាទប់ទន្លេសាប។ យើងអាចត្រឹមតែមានលទ្ធភាពធ្វើយ៉ាងម៉េចឱ្យទឹកហូរចេញយឺតបន្តិច ប៉ុន្តែទប់ទន្លេសាបហ្នឹង ប្រហែលជា បើទោះបីព្រះបាទជ័យវរ្ម័នទី៧ ក៏ប្រហែលជាអត់មានលទ្ធភាពដែរ។ និយាយដល់ទប់ទន្លេសាប មិនមែនជារឿងលេងសើចទេ។ ខែវស្សាទឹកចូល ខែប្រាំងទឹកចេញ។ ស្រុកខ្មែរយើងកន្លែងខ្លះទឹកហូរមិនត្រឡប់ ប៉ុន្តែខ្មែរយើងមានអាទឹកហូរត្រឡប់ គឺទន្លេសាបខែវស្សាទឹកហូរចូល ខែប្រាំងទឹកហូរចេញ។ ពាក្យទឹកហូរមិនត្រឡប់អាចប្រើពាក្យហ្នឹងនៅកន្លែងមួយចំនួនបាន ប៉ុន្តែមិនអាចប្រើស្រុកខ្មែរបានទេ ព្រោះស្រុកខ្មែរមានទឹកហូរត្រឡប់។ ខ្ញុំបែកពីប្រពន្ធខ្ញុំ ប៉ុន្តែខ្ញុំបានត្រឡប់មកជួបប្រពន្ធខ្ញុំវិញដែរ បានចៅដល់ ២២នាក់។ ហ្នឹងគេហៅថា គូព្រេងមិនព្រាត់។ សង្ឃឹមថា ប្តីរបស់ក្មួយស្រីម្នាក់អម្បាញ់មិញនោះ គឺនឹងត្រឡប់មកវិញ។ កូនទើបនឹងអាយុ ៣ ខែ ទេ ក៏មិនទាន់ដាច់យ៉ៃអីដែរ ដល់ពេលវេលាអាចបានតើ វាមិនមែនតមឯណាដល់១ឆ្នាំឯណា? អាពៅអើយ! មកៗ គេថាឆ្នាំងចាស់បាយវាឆ្ងាញ់ជាង …។
(២០) មកជួបដើម្បីដោះស្រាយបញ្ហាជូនក្រុមគ្រួសារដែលពឹងផ្អែកលើប្រាក់ចំណូលពីកម្មករ/ការិនី
ខ្ញុំគិតថាមួយវេទិកាៗ ខ្ញុំមិននិយាយច្រើនពេកទេ។ អញ្ចឹងបានខ្ញុំឱ្យឯកឧត្តម អ៊ិត សំហេង នៅពេលដែលធ្វើរបាយការណ៍ គប្បីបញ្ជាក់ពីការប្រៀបធៀបពីគោលការណ៍មុនពេលដែលខ្ញុំមកចុះលើកទី១ បានអ្វី? ក្រោយការចុះបានអ្វី? ដើម្បីបញ្ជាក់ជូនអំពីវឌ្ឍនភាពដែលយើងសម្រេចបាននៅក្នុងដំណាក់កាលនៃការចុះទី១។ មិនមែន ហ៊ុន សែន ជាអ្នកជិះសេះមើលផ្កាទេ។ ចង់ដឹងអំពីសុខទុក្ខកម្មករនិងរបៀបដោះស្រាយបញ្ហាឱ្យកម្មកររបៀបម៉េច? នេះជាបញ្ហាសេដ្ឋកិច្ចជាតិ ជាបញ្ហាការងារធ្វើរបស់ពលរដ្ឋ ជាប្រាក់ចំណូលរបស់ពលរដ្ឋ ដែលយើងត្រូវតែរកវិធីដោះស្រាយ។ អ្នកខ្លះគេថា លោក ហ៊ុន សែន មកនេះច្បាស់ជាមករកសន្លឹកឆ្នោតហើយ គឺយកចំណេញខាងនយោបាយ។ សុំផ្តាំត្រឡប់ទៅវិញថា អាល្ងង់! បើគេធ្វើដើម្បីតែខាត គេមិនធ្វើទេ … ទោះលោកឯងធ្វើក៏ដើម្បីចំណេញដែរ។ ឯខ្ញុំបើធ្វើដើម្បីតែខាតផលប្រយោជន៍កម្មករ ឬផលប្រយោជន៍ប្រទេសជាតិ ខ្ញុំមិនធ្វើទេ។ អ្វីដែលខ្ញុំកំពុងធ្វើនេះគឺដើម្បីកូនៗ ចៅៗ ទាំងនេះ ដើម្បីក្រុមគ្រួសាររបស់អ្នកទាំងឡាយ ដែលសព្វថ្ងៃកំពុងតែពឹងផ្អែកទៅលើប្រាក់ចំណូលពីកូនៗ ចៅៗទាំងឡាយនៅទីនេះ …។
(២១) ទប់ស្កាត់អតិផរណា រក្សាកម្លាំងទិញនិងអត្រាប្ដូរប្រាក់, ម្ចាស់ផ្ទះរក្សាថ្លៃជួលឲ្យល្មម
សព្វថ្ងៃនេះ រាជរដ្ឋាភិបាលយកចិត្តទុកដាក់ទប់ស្កាត់អតិផរណា រក្សាកម្លាំងទិញនៃអ្វីដែលជារបស់ដែលក្មួយៗ កូនៗ ចៅៗទទួលបាន។ បើសិនជាបណ្ដោយឱ្យកើតមានអតិផរណា ហើយបើសិនអ្នកកន្លែងនោះគឺទទួលបៀវត្សរ៍ជាប្រាក់រៀល ក្នុងពេលដែលប្រាក់រៀលបាត់តម្លៃគឺកម្លាំងទិញក៏នឹងចុះខ្សោយដែរ។ សូម្បីតែយើងមានដុល្លារក៏ប៉ុន្តែទំនិញឡើងថ្លៃជ្រុល គឺក្មួយៗក៏មានបញ្ហាដែរ។ (ហេតុនេះហើយ)បានជាខ្ញុំនៅតែអង្វរករម្ចាស់ផ្ទះជួលទាំងឡាយ មេត្តាខិតខំធ្វើយ៉ាងម៉េចគឺរក្សាថ្លៃសមល្មមដើម្បីឱ្យកម្មករ/ការិនីរបស់យើងអាចនៅបាន។ បើប្រឹងធ្វើអ្នកមានពេក តាមរយៈនៃការដែលយើងខ្វះការយល់ចិត្តទុកដាក់ទៅលើកម្មករ/ការិនី គឺជារឿងដែលវាមិនសមរម្យ។
(២២) រោងចក្រ/សហគ្រាស ជាសហគមន៍សុខសាន្ត, ម្ចាស់រោងចក្រគិតគូរពីកម្មករ កម្មករសុខភាពល្អ ផលិតភាពខ្ពស់
ទន្ទឹមនិងការជួបដើម្បីដោះស្រាយ/ពិនិត្យមើលវឌ្ឍនភាព និងការអនុវត្តបន្ត ខ្ញុំនៅតែអំពាវនាវទាំងអស់គ្នាថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ ដើម្បីជាគន្លឹះដល់ការអភិវឌ្ឍន៍លើគ្រប់ផ្នែក។ រោងចក្រ សហគ្រាសទាំងអស់ត្រូវក្លាយទៅជាសហគមន៍សុខសាន្តមួយ ដែលនិយោជកនិងកម្មករត្រូវសាមគ្គី យោគយល់អធ្យាស្រ័យគ្នា ហើយយកច្បាប់និងបទដ្ឋានទាំងអស់ធ្វើជាគោល។ ខ្ញុំនៅតែអំពាវនាវចំពោះម្ចាស់រោងចក្រយោគយល់ចំពោះកម្មករ គិតគូរអំពីសុខទុក្ខកម្មករ នៅពេលដែលកម្មករមានសុខភាពល្អ កម្មករក៏ធ្វើការងារមានទិន្នផលខ្ពស់ជាង។ សូមឱ្យគ្រប់រោងចក្រយកចិត្តទុកដាក់ទៅលើការបណ្ដុះបណ្ដាលបន្ថែម សម្រាប់កម្មករ/ការនីរបស់យើង។ កាលពីមុនរោងចក្រយើងតិចហើយជនបរទេសមកធ្វើជំនាញការច្រើនទៀត ឥឡូវរោងចក្រយើងច្រើន ប៉ុន្តែមេការស្អីៗគឺប្រធានផ្នែក ប្រធានក្រុម ប្រធានកង គឺខ្មែរយើង តាមរយៈការបណ្ដុះបណ្ដាល។
ម្យ៉ាងទៀតនៅទីនេះឧកញ៉ា គិត ម៉េង មករាយការណ៍។ ខែកក្កដា រោងចក្រដំឡើងរថយន្ត TOYOTA គឺនឹងរួចរាល់ អាចនឹងចាប់ផ្ដើមផលិតរថយន្តនៅតំបន់សេដ្ឋកិច្ចពិសេសនេះ។ ក្រុមហ៊ុន CHANEL ក៏មកផលិតគ្រឿងអលង្ការ។ មានកន្លែងច្នៃពេជ្រ ជួនកាលពេជ្រដែលដាំនាឡិកាដៃ ពេជ្រចេញពីតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ … ពូទិញខោអាវកីឡា ទិញចុះឡើងយកមកដល់ផ្ទះ Made in Cambodia អ្នកដែលគេទិញកាដូឱ្យពូយកមកដល់ផ្ទះ ផលិតនៅកម្ពុជា គ្នាក៏អត់បានគិតដែរឃើញពណ៌ហ្នឹងវាស្អាត ទិញផ្ញើឱ្យយើង ប៉ុន្តែផលិតនៅក្នុងស្រុកយើង។ ហ្នឹងយើងមានមោទនភាពទៅវិញទេ។ បើនិយាយពីក្រុមបាល់ទាត់ឆ្នើមៗនៅអឺរ៉ុបពាក់ខោអាវផលិតនៅស្រុកខ្មែរទេតើ តាមរយៈ Adidas, Nike ផលិតនៅកម្ពុជា ស្នាដៃផលិតរបស់កូនខ្មែរយើងមិនចាញ់ប្រទេសដទៃទេ បានជាយើងត្រូវទទួលបន្ថែមជាមួយនឹងការបណ្ដុះបណ្ដាល។
(២៣) ករណីមានវិវាទ ដោះស្រាយឲ្យឆាប់ កុំចិញ្ចឹមទំនាស់, ករណីម្ចាស់រោងចក្ររត់ចោល រដ្ឋាភិបាលចេញខាតប៉ះប៉ូវជូនកម្មករ/ការិនី
បើសិនជាមានករណីវិវាទ ត្រូវដោះស្រាយឱ្យឆាប់ កុំទុកយូរកុំចិញ្ចឹមទំនាស់។ សហជីពជាមួយម្ចាស់រោងចក្រ តំណាងកម្មករ ខិតខំដោះស្រាយដោយមានការចូលរួមពីក្រសួងការងារ និងអាជ្ញាធរមូលដ្ឋាន។ ដោះស្រាយឱ្យស្រូត។ មានតែគោលការណ៍ឈ្នះឈ្នះទេដែលអាចដោះស្រាយបាន ជៀសវាងទៅតាមផ្លូវតុលាការរឿងហ្នឹង។ រាប់ទាំងបញ្ហាពាក់ព័ន្ធជាមួយនឹងកន្លែងខ្លះ គឺថៅកែរត់ចោលកម្មករ។ បើរវល់តែរង់ចាំថៅកែមកសងលុយ រង់ចាំនីតិវិធីលក់ឡាយឡុងដើម្បីយកលុយមកឱ្យក្មួយៗវាយឺត។ អញ្ចឹងទេបានជាខ្ញុំតែងតែបុរេប្រទានលុយទៅឱ្យក្រសួងការងារ ដោះស្រាយឱ្យកម្មករ/ការិនី។ ឯរឿងនីតិវិធីតុលាការតាមក្រោយ។ កន្លែងខ្លះយកមកដោះហើយលក់អាហ្នឹងវាមិនគ្រប់សង រដ្ឋាភិបាលមានតែប៉ូវចេញខាតដើម្បីជួស។ តែកម្មករមិនត្រូវបានបាត់បង់ផលប្រយោជន៍ទេ។ ម្ចាស់រត់ទៅបាត់ហើយ តើអ្នកណាសង។ យើងលក់ឡាយឡុងវាមិនគ្រប់ មានតែវិធីមួយប៉ះប៉ូវ។ ចាំដល់ពេលរួចជំពាក់ប៉ុន្មាន ដល់ពេលណាទូទាត់បញ្ជីគ្នាម្ដង … ហ្នឹងក្រសួងការងារជំពាក់រដ្ឋ។ ដល់ពេលណាមួយប្រាប់ថាសងអត់បានទេ។ បើសងអត់បានទេមានតែនីតិវិធីកាត់ចោលបំណុល។ កាត់ចោលបំណុលនេះគឺជាវិធានការសម្រាប់អ្នកដែលទទួលផលប្រយោជន៍គឺកម្មករ មិនមែនក្រសួងការងាទេ …។
(២៤) រួមគ្នាការពារសន្តិភាព និងស្ថិរភាពនយោបាយឲ្យបាន, ចូលរួមគាំទ្រប៉ារ៉ាហ្គេមឲ្យដូចស៊ីហ្គេមដែរ
ត្រង់នាយករដ្ឋមន្ត្រីប្រទេសគេគឺយ៉ាងម៉េច? គឺគេស្រួលណាស់។ ថ្ងៃមុនពូនិយាយមុខពួកអ្នកការទូតថា ប្រធានាធិបតី នាយករដ្ឋមន្ត្រីរបស់អ្នកឯងស្រួលណាស់ ព្រោះពេលឡើងមកគឺមានស្អីៗទាំងអស់។ ប៉ុន្តែពូធ្វើតាំងពីបាតដៃទទេ។ ក្មួយៗយើងទាំងអស់គ្នាត្រូវរួមគ្នាដើម្បីធ្វើយ៉ាងម៉េចឱ្យប្រទេសជាតិរបស់យើងមានសេចក្ដីសុខ មានស្ថិរភាព។ ក្មួយៗធ្លាប់បានជ្រកក្រោមម្លប់សន្តិភាពហើយ សប្បាយរីករាយប៉ុណ្ណា? សុំសួរអ្នកណាបានចូលមើលស៊ីហ្គេមផ្ទាល់? ប្រហែលជាមិនច្រើនទេ ហោចណាស់ក៏មានខ្លះដែរ។ ប៉ុន្មាននាក់បានចូលបើក/បិទស៊ីហ្គេម និងទៅមើលការប្រកួតតាមកន្លែងមួយចំនួនមានប៉ុន្មាននាក់? ឥឡូវសុំសួរអញ្ចេះវិញអ្នកបានមើលតាមទូរទស្សន៍ប៉ុន្មានទៅ? ឥឡូវនៅសល់តែ៨ថ្ងៃទៀតទេក្មួយៗ អាស៊ានប៉ារ៉ាហ្គេម គឺការប្រកួតកីឡាជនពិការនឹងមកដល់ ក្មួយៗទាំងឡាយត្រូវផ្ដល់ការគាំទ្រ លើកទឹកចិត្តឱ្យកីឡាពិការរបស់យើង មិនខុសពីកីឡាដែលមានកាយសម្បទាល្អនោះទេ។
ចំណុចនេះ ត្រូវរៀបចំលិខិត។ ជួនកាលឱ្យមកក្រសួងការងារខ្លះទៅដើម្បីចែកឱ្យកម្មករ។ យើងបើកនិងបិទអត់មានខុសជាមួយ(ស៊ីហ្គេម)ទេ បាញ់កាំជ្រួចដូចគ្នា។ យើងធ្វើជាម្ចាស់ផ្ទះ។ ល្ងាចនេះពូនឹងជួបជូនដំណើរកីឡាករ/ការិនីទៅប្រកួត ប៉ុន្តែជូនពីវិមានសន្តិភាពទៅកាន់ទីកន្លែងប្រកួត។ ពីមុនមក ធ្លាប់តែជូនដំណើរពីវិមានសន្តិភាពទៅប្រទេសនេះ/នោះ។ កាលពីស៊ីហ្គេម ជូនពីវិមានសន្តិភាពទៅកាន់ទីតាំងប្រកួត។ ល្ងាចនេះពូនឹងជួបកីឡាករ/ការិនីជាជនពិការ ទៅកាន់ទីតាំងប្រកួត ដែលនឹងត្រូវបើកនៅល្ងាចថ្ងៃទី៣ មិថុនា។ ក្មួយៗចាំមើលកាំជ្រួច។ បន្ថែមម៉ោងឲ្យបាញ់ ព្រោះដើម្បីលើកទឹកចិត្តស្វាគមន៍ចំពោះកីឡាករ/ការិនីដែលសុទ្ធតែជាជនពិការមកពី១១ប្រទេស បូកទាំងយើង។ ប្រទេសកម្ពុជាក៏ដូចជាថ្ងៃបុណ្យមួយដែរក្នុងរយៈកន្លងទៅនេះមួយពេលស៊ីហ្គេមនេះ។ យើងសប្បាយរីករាយទាំងអស់គ្នា។ ប្រធានបទ «កីឡារស់ក្នុងសន្តិភាព» គឺជាប្រធានបទដែលត្រូវបំផុត។ តែកាលណាមានសង្រ្គាម មានប្រយុទ្ធគ្នា កុំថាឡើយកីឡា សូម្បីតែក្មួយៗក៏រត់ជាន់ជើងគ្នា។ គេបិទរោងចក្រនាំគ្នារត់ទៅស្រុកអស់។ អញ្ចឹងបាននាំគ្នាការពារសន្តិភាព ការពារស្ថិរភាពនយោបាយឱ្យបាន។
(២៥) ត្រូវពង្រឹងការអនុវត្តអនុសាសន៍ដែលបានដាក់ចេញឱ្យខាងតែបាន
អនុសាសន៍ទាំងប៉ុន្មានដែលដាក់ចេញ ត្រូវពង្រឹងអនុវត្តឱ្យខាងតែបាននិងនៅមានស្អីទៀត រាប់ទាំងវិធានការ ដែលត្រូវប្រកាន់យកក្នុងការអនុវត្តដោយមានកិច្ចសហការរវាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ កាលណាចាប់ផ្ដើមមានផ្ទៃពោះ ឬប្រើមួយបែបថាឱ្យតែចាប់ផ្ដើមផើម ត្រូវតែទៅពិនិត្យសុខភាព។ ទៅពិនិត្យសុខភាពឥឡូវនេះទទួលបាន៤ម៉ឺនសិន។ ស្មើ១០ដុល្លារ។ ប៉ុន្តែចាប់ពីខែ៨ទៅ ពិនិត្យម្ដងទទួលបាន២០ដុល្លារ។ ឆ្លងទន្លេ ដល់ពេលហ្នឹង ក្មួយៗត្រូវបានឌុប។ មួយថវិកាដែលពូធ្លាប់ផ្ដល់៤០ម៉ឺនរៀល ឯមួយទៀតគឺថវិកានៃការអនុវត្តថ្មីនេះ។ យ៉ាងហោចណាស់វាបានជួយឱ្យយើងនៅក្នុងការបំប៉នសុខភាពមាតានិងទារក ក្នុងពេលវេលាដែលយើងបានឈប់៣ខែជាមួយនឹងប្រាក់បៀវត្ស ១២០%។ បើនាងនេះប្រាក់ខែជាង៤០០ដុល្លារ ១២០% វាមិនស្មើ៥០០ដុល្លារ? យកកូនមួយទៀតទៅនាង ច្បាស់ជាយកហើយ។
(២៦) រថយន្តក្រុងដំណើរការវិញបន្ទាប់ពីកូវីដ, កម្មករជិះដោយឥតគិតថ្លៃ
ឯកឧត្តម ឃួង ស្រេង តាំងពីពេលដែលយើងមានកូវីដ-១៩ យើងផ្អាករថយន្តក្រុង។ ឥឡូវរថយន្តក្រុងដំណើរការវិញឬនៅ? ដំណើរការវិញហើយ។ ក្នុងដំណើរការហ្នឹង មានមួយផ្នែកនៃកម្មកររបស់យើងគឺជិះរថយន្តក្រុងដោយអត់មានយកលុយ ជាវិធីមួយក្នុងចំណោមវិធីជួយទៅដល់កម្មករ ជួយដល់ប្រជាពលរដ្ឋក្រីក្រដែលជាមុខសញ្ញា ក្នុងហ្នឹងមុខសញ្ញាកម្មករ/ការនីរបស់យើង ក៏ទទួលបាននូវការជិះរថយន្តក្រុងដោយមិនគិតប្រាក់។ ខ្ញុំចេះតែបញ្ជាក់ថា ការដើរមកនេះមិនមែនជិះសេះមើលផ្កាទេ មកដើម្បីពិនិត្យមើលដោះស្រាយបញ្ហាឱ្យប្រជាពលរដ្ឋ ក្នុងហ្នឹងគឺកម្មករ/ការិនីរបស់យើងក៏ទទួលបានផលអំពីកន្លែងហ្នឹង។
(២៧) “គណបក្សនេះមិនចង់ចូលរួមបោះឆ្នោត ដោយដឹងថានឹងចាញ់”
សូមរំលឹកក្មួយៗថ្ងៃ ២៣ ខែកក្កដា ឆ្នាំ២០២៣ នេះកុំភ្លេចទៅបោះឆ្នោត ដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋក្នុងការប្រើប្រាស់សិទ្ធិរបស់ខ្លួនជ្រើសរើស បក្សនយោបាយដែលខ្លួនពេញចិត្ត។ ពិតហើយគណបក្សខ្លះត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងក្រុមប្រឹក្សាធម្មនុញ្ញទាត់ចោលមិនឲ្យចុះឈ្មោះ។ មានគណបក្ស ២ ក្នុងចំណោមគណបក្ស ២០។ សំបុត្រកំណើត១ សន្លឹក ខ្ញុំមិនជឿថាបាត់ទេ។ វានៅជាមួយអ្នកណាម្នាក់ដែលជាមេដឹកនាំ។ គោលដៅរបស់គេដែលខ្ញុំវិភាគនៅកន្លែងនេះ គេមិនចង់ឲ្យគណបក្សនេះចូលរួមបោះឆ្នោតទេ ដោយគេដឹងថាវានឹងចាញ់។ អ្វីដែលគេចង់បានគឺគេយកបរទេសមកគាបកម្ពុជា។ វាមិនមែនគ្រាន់តែបញ្ជីជាតិមួយសន្លឹក ហើយធ្វើឲ្យបាត់ទេ។ អ្នកខ្លះលើកឡើងថា ចុះកាលពីចុះ(បញ្ជីឈ្មោះបោះឆ្នោត)ឃុំបាន ម៉េចក៏ចុះថ្នាក់ជាតិមិនបាន? ឃុំវាមានជាង ១ ពាន់ឃុំឯណោះ។ អញ្ចឹងទេវាមានសំបុត្រដើមមកពីត្រង់ណាសម្រាប់ជាង ១ ពាន់ឃុំ? គេអាចផ្ដល់ច្បាប់ចម្លងដើម្បីនឹងចុះ។
(២៨) “មេដឹកនាំសំខាន់ៗ ចង់ឲ្យបរទេសខ្លះដែលស្រឡាញ់ពួកគេ ទិតៀនរដ្ឋាភិបាលកម្ពុជា”
បើសិនជាមានការខ្វះខាតណាមួយ កុំឲ្យការខ្វះខាតហ្នឹងវាកើតជាការខ្វះខាតលើកទី១ លើកទី២នៅតែខ្វះខាត លើកទី៣ក៏នៅតែខ្វះខាត ទី៤ក៏នៅតែខ្វះខាត។ ខ្ញុំយល់មិនដល់រឿងហ្នឹងទេ ព្រោះខ្ញុំមិនមែនគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ ខ្ញុំមិនមែនជាក្រុមប្រឹក្សាធម្មនុញ្ញ ប៉ុន្តែខ្ញុំគិតថាជាឧបាយកលអ្នកណាមួយដែលធ្វើឲ្យបាត់។ វាមិនដែលអ្នកណាបាត់បញ្ជីជាតិ។ វាមានតែគោលដៅរបស់មេដឹកនាំសំខាន់ៗហ្នឹងចង់ឲ្យមានការប្រឈមនឹងបរទេសខ្លះដែលស្រឡាញ់ពួកគេនោះគឺទិតៀនរដ្ឋាភិបាលកម្ពុជា។ អញ្ចឹងបើសិនជាអ្នកទាំងហ្នឹងនៅក្នុងស្រុក ខ្ញុំថាដាក់ប៉ូលីសឆែកទៅមើល។ បើមិនរកឃើញឥឡូវហ្នឹង។ វាគ្មានបាត់ទៅណាទេ ប៉ុន្តែវាលាក់។ វាមានគោលដៅនយោបាយថោកទាប។
(២៩) ដើម្បីសេចក្ដីសុខ ស្ថេរភាពរបស់ប្រទេស មិនអនុញ្ញាតអោយធ្វើបាតុកម្ម
មិនមែនអ្នកនៅទីក្រុងភ្នំពេញទេ ខ្ញុំសុំទោស។ អានេះចុះបញ្ជីតាំងពី ១៩៩៥, ១៩៩៦ តាំងពីជាតិខ្មែរស្អីៗ អីណាមកនោះ។ អ្នកនៅភ្នំពេញខ្លះគេចូលក្រោយទេតើ។ រួចហើយមកបង្កើតរឿង។ ថ្ងៃមុនមិនទាន់អីផង ចេញសេចក្ដីថ្លែងការណ៍ជួបជុំតស៊ូមតិ។ សេចក្ដីថ្លែងការណ៍ក៏ចេញ និយាយនៅមុខគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ អញ្ចឹងទាញទូរស័ព្ទមកដាក់ព្រឹបភ្លាម។ ប្រាប់ទៅអត់មានឲ្យធ្វើទេ ស៊ីហ្គេមកំពុងតែដំណើរការ។ ផ្ដាំទៅ បើសិនអ្នកឯងចេញគឺឲ្យយកមេដឹកនាំទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិដែលចេញមក។ ផ្ដាំទៅពន្ធនាគារទៀតរៀបចំទីកន្លែងរក្សាទុក។ កុំថា ហ៊ុន សែន គំរាម។ ដើម្បីសេចក្ដីសុខ ស្ថេរភាពរបស់ប្រទេស ត្រូវតែធ្វើចៀសវាងមិនបាន។ អ្នកឯងសាកល៎មើល។ ឥឡូវគេប្រជុំ ហើយប្រកាសថាគេមិនធ្វើអីទេ។ គេស្ងៀមស្ងាត់។ អញ្ចឹងអរគុណដែរ។
កុំស្អីឡើងទារបាតុកម្មៗ។ គុក ប៉ូលីស និងខ្នោះ គេទុកដាក់អ្នកណាវើយ? អាម្នាក់ហ្នឹងគឺថា វាក្រុមជាមួយអាមួយនៅក្រៅ។ អាងអីឡើងបាតុកម្មអានោះ។ ស្ដារនីតិសម្បទាមិនទាន់រួចផង ចង់ចូលទៀតឬអី? … ដូចជា អប្សរាក្បាលត្រងោលអី។ អាងឯងជាតិអាមេរិក ដុកទ័រច្បាប់ឯណា។ មីនាងមិនទាន់ដល់ពេលទេ។ មីនាងធ្វើជាអប្សរាក្បាលត្រងោល តែដល់ម៉ោងសាលក្រមចេញហើយ វាយខ្នោះគ្រឹប។ ព្រះវិហារឯណោះ។ ដល់ពេលប្រធានាធិបតីអាមេរិកមក គេធ្វើជាកូដកម្មអត់បាយ។ អត់បាយក៏អត់ទៅ វាមិនដែលយើងអ្នកឃ្លានជំនួសទេ។ ឥឡូវស៊ីវិញហើយឬ … បើអញ្ចឹងឲ្យវាអត់រហូតតែម្ដងទៅ។
ឆ្នាំ ២០០២ ក៏អញ្ចឹងដែរ ពេលយើងធ្វើប្រធានអាស៊ាន វានាំគ្នាធ្វើកូដកម្មអត់អាហារ អត់បាយ។ ដល់ទៅអ្នកកាសែតសួរថា សម្ដេច! ចុះឥឡូវមានមេបក្សឆាំងធ្វើកូដកម្មអត់បាយ។ ខ្ញុំថា វាអត់ស៊ីបាយ តែគុយទាវវាស៊ី វាអត់បាយ តែវាស៊ីបាននំប៉័ង រួចវាទៅដេកនៅវត្តឧណ្ណាលោម ផឹកទឹកដោះគោឆៅ … មិនចាំបាច់ដុះក្បាលពោះ។ ក្មួយៗ ចៅៗ កូនៗ ឃើញហើយ ដុះក្បាលពោះធំៗណាស់នេះ។ មិនដឹងយ៉ាងម៉េច ទោះបីចុះគីឡូ តែក្បាលពោះវានៅតែឡើង។ ខ្មែរយើងមិនដឹងយ៉ាងម៉េច គ្រាន់តែដុះក្បាលពោះ(ច្រើនគ្នា)។ ពួកអាស៊ីយើងតែម្ដង ទៅប្រជុំអាស៊ានមានតែមួយទេអត់ក្បាលពោះ ប្រធានាធិបតីឥណ្ឌូនេស៊ីអត់ក្បាលពោះ ក្រៅពីនោះដុះក្បាលពោះស្ពីងៗតែម្ដង។
(៣០) ជួបសំណេះសំណាលពេលព្រឹក សុំម្ចាស់រោងចក្រឲ្យបានសម្រាកមួយរសៀល
គិតថាប៉ុណ្ណឹងទៅចុះ … រោងចក្រគេឲ្យសម្រាកមួយថ្ងៃ? អរគុណម្ចាស់រោងចក្រ ក្មួយៗត្រឡប់ទៅវិញ មិនចាំបាច់ប្រញាប់ប្រញាល់ទៅណាទេ ព្រោះគេឲ្យសម្រាកមួយថ្ងៃ។ ពីមុន ពេលជួបគ្នា ជួបដំណាក់កាលទី១ ជួបហើយត្រូវទៅធ្វើការវិញ។ តែតាំងពីនោះមក យើងបានសុំមួយថ្ងៃ។ មកជួបពេលព្រឹក ទៅសម្រាកពេលល្ងាច ព្រោះស្អែកឡើងយើងធ្វើការទៀត។ កម្មករ/ការិនីធ្វើការថ្ងៃសៅរ៍ដែរ? ថ្ងៃអាទិត្យអត់ទេ សៅរ៍នៅធ្វើការ។ ស្អែកយើងមកនេះទៀត ហើយថ្ងៃអាទិត្យក៏ខ្ញុំទុកមួយថ្ងៃសិនដែរ។ ហត់ដែរមិនមែនមិនហត់ទេណា មិនមែនគ្រឿងយន្តឯណា។ ហត់ហ្នឹងវាហត់ហើយ ងងុយវាងងុយហើយ ប៉ុន្តែហ៊ានតែសម្រាកមុនម៉ោង ១២ វាភ្ញាក់ម៉ោង ៤ អីអញ្ចឹង វេទនាចង់ស្លាប់ហើយ។ អញ្ចឹងត្រូវមើលនេះមើលនោះ ឯណាការងារផង។ ចាំដល់ម៉ោង១ ឬក្រោយម៉ោង១ ចាំសម្រាក … ភ្ញាក់ម៉ោង ៦។ ព្រឹកមិញ ក្មេងចូលទៅដាស់លោកពូដល់ម៉ោងហើយ។ ក្រោកឡើងភ្លាមៗ ដោយសារតែនៅនេះតែជួបជុំគ្នារួចហើយ ប្រុចមកដល់បណ្ដោយ។ ឥឡូវគឺម៉ោង ៩ ជាងហើយ។
ថ្ងៃនេះ កម្មករ/ការិនី និងបុគ្គលិកចូលរួមក្នុងអង្គពិធីចំនួន ១ ម៉ឺន ៩ ពាន់នាក់ ក្នុងម្នាក់ៗ អូ! អត់បានសួរ មានតាំងពីនំប៉័ង ទឹកក្រូចអីណា មាននរណាកេះខ្លះឬនៅនំប៉័ងហ្នឹង? កេះហើយ អើ! កំដរមាត់ទៅ នាយករដ្ឋមន្រ្តីទេតើដែលស៊ីវាមិនកើត ឈរនិយាយ រវល់តែទំពារផងនិយាយផង ប៉ុន្តែអ្នកទាំងអស់គ្នាអង្គុយតើ ប៉ុន្តែអាណិតអ្នកដែលមានផ្ទៃពោះ អង្គុយយូរក៏ពិបាកដែរ។ ថ្ងៃមុន មួយនោះនៅខេត្តព្រះសីហនុ ផ្អៀងផ្អងៗ ដល់សួរទៅ កូនភ្លោះវាធាក់។ សុទ្ធតែប្រុសទៀត។ ក្នុងហ្នឹងក្រៅពីនំប៉័ង ទឹកក្រូច ក៏មានថវិកាតិចតួចទេ ជូនបានតែ ២ម៉ឺនរៀលទេ។ ប៉ុន្តែសម្រាប់ស្រ្តីមានផ្ទៃពោះមាន ៥៩៦ នាក់ ក្នុងម្នាក់ៗជូនក្មួយៗ ២០០ ដុល្លារ ត្រៀមឆ្លងទន្លេ បន្ថែមនឹងរបបដែលនឹងទទួលបាននៅពេលនេះ គឺខ្លះអាចកើតក្នុងខែ៨ នឹងបានអាធំ ប៉ុន្តែមុនខែ៨ មានមួយចំនួនកើត មានមួយចំនួននៅទទួលអាចាស់សិនទៅ ជាមួយនឹងអា ៤០ ម៉ឺនរៀលសម្រាប់កូនមួយ។ ជូនក្រុមគ្រូពេទ្យប្រចាំការក្នុងកម្មវិធី ៣ លានរៀល ជូនក្រុមតន្រ្តីសម័យថវិកា ៥ លានរៀល។ អរគុណណាស់ក្មួយៗ សម្រាប់ការរាប់អាន ដែលក្មួយៗមិនភ្លេចពូ ឬក៏មិនភ្លេចតា។ ឥឡូវសុំសួរត្រង់មើល ឥឡូវតាចាស់ខ្លាំង? ព្រោះចង់អៀន។ បង្ហោះរូបថត មិនដឹងបានរូបមកពីណា។ រួចហើយទៅនេះគេថាសង្ហាណាស់ ទៅនោះគេថាសង្ហាណាស់។ អៀនតែម្ដង។ គ្រាន់តែបង្ហោះរូបភាពវាយកូនហ្គោល គេថាសង្ហាណាស់។ អើ! ធ្វើម៉េចបើគេឲ្យកើតមកវាមុខអញ្ចឹង។ កម្ពស់ប៉ុណ្ណឹងអីប៉ុណ្ណឹង។ អានេះវាជារឿងធម្មជាតិដែលបង្កើតឲ្យយើងអញ្ចឹង។ តាមរយៈក្មួយៗ តាមរយៈអ្នកទាំងអស់គ្នា ឲ្យតា អ៊ំ ពុក ពូ ផ្ដាំផ្ញើតាមរយៈចៅ កូន ក្មួយ ទៅសួរសុខទុក្ខឪពុកម្ដាយ ក្រុមគ្រួសារ ហើយអរគុណពួកគាត់ថា តា អ៊ំ ពូ ពុក អរគុណពួកគាត់ដែលគាត់រួមចំណែកកសាងប្រទេសតាំងពីបាតដៃទទេ រហូតបង្កើតបានចៅៗ កូនៗ ក្មួយៗ ហើយបន្តរួមដំណើរជាមួយតា ជាមួយថ្នាក់ដឹកនាំគណបក្សប្រជាជនកសាងប្រទេសរហូតមកដល់ពេលនេះ។ សូមក្មួយៗនាំនូវការសួរសុខទុក្ខ និងជូនពរចំពោះពួកគាត់ទាំងអស់គ្នាឲ្យរស់បានយូរ និងសុខភាពល្អ។ ហើយចុងបញ្ចប់ ជូនពរចំពោះឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាពិសេស កម្មករ/ការិនីដែលបានចូលរួមនៅទីនេះទាំងអស់ សូមប្រកបនឹងពុទ្ធពរ និងពរទាំង ៥ ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕