សម្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន, សំណេះសំណាលជាមួយកម្មកររោងចក្រនៅក្បែរវត្តព្រៃស្ពឺ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ

CNV:

(១) ខួប៧២ឆ្នាំថ្ងៃកំណើតគណបក្សប្រជាជន ប្រវត្តិសាស្ត្រ៤៦ ឆ្នាំនៃការតស៊ូដើម្បីរំដោះជាតិ បង្រួបបង្រួមជាតិ ស្វែងរកសន្តិភាព ឯកភាពទឹកដី និងការអភិវឌ្ឍ

អរគុណសម្រាប់ការចូលរួមទាំងអស់គ្នានៅថ្ងៃនេះ។ ជំនួបរបស់យើងធ្វើនៅចំពេលខួបលើកទី៧២ ឆ្នាំនៃ​ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា។ ប៉ុន្តែឆ្នាំនេះ យើងមិនបានធ្វើពិធីបុណ្យនៅចំថ្ងៃខួបលើកទី៧២ ចំថ្ងៃទី២៨ ខែមិថុនានោះទេ ព្រោះយើងត្រូវគួបផ្សំជាមួយនឹងការបើកយុទ្ធនាការបោះឆ្នោតនៅថ្ងៃទី១ ខែកក្កដា ប៉ុន្មានថ្ងៃខាងមុខនេះ។ យ៉ាងណាក៏យើងមិនឲ្យចន្លោះប្រហោងទេ។ ថ្ងៃនេះគឺមានសាររបស់សមាជិក សមាជិកា គណបក្សប្រជាជនបានបង្ហោះព្រោងព្រាតស្តីអំពីខួបអនុស្សាវរីយ៍លើកទី៧២ ឆ្នាំ។ គណបក្សមានអាយុ ៧២ឆ្នាំ ឯប្រធានគណបក្សគឺមានអាយុ ៧១ឆ្នាំ។ អញ្ចឹងខ្ញុំកើតក្រោយ​។ រឿងរ៉ាវអតីតកាលនោះ យើងគ្រាន់តែបានដឹងទៅតាមប្រវត្តិសាស្រ្តតែប៉ុណ្ណោះ តែអ្វីដែលច្បាស់គឺរយៈពេល ៤៦ ឆ្នាំនេះ គឺជារយៈកាលដែលខ្ញុំច្បាស់នៅក្នុងប្រវត្តិនៃការដឹកនាំការតស៊ូដើម្បីរំដោះជាតិ ក៏ដូចជាការតស៊ូដើម្បីបង្រួបបង្រួមជាតិ ស្វែងរកសន្តិភាព ឯកភាពទឹកដី និងការអភិវឌ្ឍរហូតមកដល់ពេលនេះ។

ស្នាមថើបបង្ហាញពីទំនាក់ទំនងជិតស្និទ្ធប្រៀបដូចជាក្រុមគ្រួសារ

ថ្ងៃនេះ យើងជួបគ្នា។ ខ្ញុំងាកទៅអាណិតអ្នកដើរតាមវិញទេ។ អ្នកដើរតាមហ្នឹងវិលកង់រហូត។ ក្រោកពីយប់ៗទៀត … ក្មួយៗយប់មិញនេះប្រហែលជាអ្នកខ្លះក្រោកម៉ោង២។ សុំសួរបន្តិច តើក្រែមរបស់អ្នកណាទៅវើយ ថ្ងៃក្រោយកុំជូតចេញទុកក្រែមហ្នឹងឲ្យវាជាប់ថ្ពាល់ម្តងមើល។ ប៉ុន្តែក្រែមអ្នកស្រុកខ្មែរយើង មិនខ្លាំងដូចក្រែមអ្នកនៅអូស្រ្តាលីទេ។ ក្រែមនៅស្រុកខ្មែរយើងឆាប់រលប់វិញទេ។ អ្នកខ្លះគ្នា​​ក៏មិនលាបក្រែមមកដែរ។ នៅអូស្រ្តាលីស្រាប់តែលេងមួយខ្វាច់មកពីខាងណេះ ទាល់ចូលបន្ទប់កេះវាចេញបានរលប់។ មិនមែនថើបតែនៅក្នុងប្រទេសកម្ពុជាទេ ទៅអូស្រ្តាលីទៅហ្សឺណែវ និយាយរួមទៅគេចាប់ថើបនៅក្រៅប្រទេសដែរ។ រឿងនេះក៏បង្ហាញអំពីទំនាក់ទំនងជិតស្និទ្ធប្រៀបដូចជាឪពុកនឹងកូន ឪពុកមា ឪពុកធំជាមួយនឹងក្មួយ យ៉ាងដូច្នេះដែរ ឬខ្លះក៏ចាត់ទុកជាតា ប៉ុន្តែខ្ញុំសុំអង្វរកុំហៅតាអីចាស់ពេក។ យើងនិយាយត្រឹមពូ ហើយនិងក្មួយបានហើយ អ៊ំក៏មិនចាំបាច់និយាយដែរ ដើម្បីទម្លាក់អាយុរបស់យើងបន្តិច។

អ្នកដែលជួបលើកមុន មកចូលរួមលើកនេះច្រើនដែរ

បើយោងទៅលើប្រវត្តិដែលឯកឧត្តម អ៊ិត សំហេង បានលើកឡើង យើងបានជួបគ្នានៅទីនេះច្រើនដង។ ក្មួយកម្មការិនីថា លើកមុនក៏បានជួបលើកនេះក៏បានជួប។ ឥឡូវ ខ្ញុំក៏ចង់ដឹងថាអ្នកដែលធ្លាប់ជួបខ្ញុំកាលពីលើកមុននោះ ហើយមកជួបលើកនេះទៀត តើមានប៉ុន្មានទៅដែលចូលរួមនៅក្នុងជំនួបនៅថ្ងៃនេះ? សុំលើកដៃមើលអ្នកដែលធ្លាប់ជួបពីមុនមក។ ក្រែលដែរតើ។ ខាងណេះ ជួបតាំងពីអត់ទាន់មានប្តី តាំងពីនៅក្រមុំកាលហ្នឹង ដល់ឥឡូវមានកូនសុទ្ធតែភ្លោះទៀត ហើយភ្លោះចម្លែកណាស់។ ថ្ងៃមុន ៤ គូ ប្រុសទាំងអស់​។ ឥឡូវ ៤ គូ ដូចជាមានស្រីតែមួយគូទេ ឯ ៣ ខាងណេះគឺសុទ្ធតែប្រុស។ អញ្ចឹងបើកើតមកសុទ្ធតែប្រុសអញ្ចឹង ឥឡូវទៅរកប្រពន្ធនៅឯណា? ២៥ ឆ្នាំ ក្រោយ ប្រុសច្រើនជាងស្រី។ ឥឡូវហ្នឹង ស្រីច្រើនជាងប្រុស ដល់ពេល ២៥ឆ្នាំទៀតប្រុសច្រើនជាងស្រី។ អាហ្នឹងពិបាកហើយ (ចូលដល់រឿង)កាប់ចាក់គ្នាដណ្តើមប្រពន្ធ។

បើសិនជាមានការទាស់ទែងលែងលះគ្នា កុំជេរតាម Facebook

ឥឡូវនេះវាទៅជាកាប់ចាក់គ្នាដណ្តើមប្តីវិញម្តង។ ប៉ុន្តែរឿងហ្នឹងគួរតែបញ្ចប់ហើយ ហើយបើសិនជាមានការទាស់ទែងលែងលះគ្នាអី កុំជេរតាម Facebook អី។ ហ្នឹងបាននិយាយកាលពីប៉ុន្មានខែមុននោះ។ ឲ្យតែលែងលះគ្នា ចាប់ផ្តើមមិនដឹងស្អីបានជាទៅហែកកេរ្តិ៍ប្រពន្ធ ប្រពន្ធហែកកេរ្តិ៍ប្តី។ ចុះកិត្តិយសកូនវាយ៉ាងម៉េច? ហ្នឹងជាបញ្ហា។ ប៉ុន្តែតាំងពីការអំពាវនាវមកដូចជាស្ងប់ស្ងាត់បន្តិច។ ប៉ុន្តែ នៅវិទ្យុអាចារ្យអេមួយ។ យើងតែងកត់សម្គាល់។ មិនមែនវិទ្យុអាចារ្យអេ(ABC)ហ្នឹងគាត់ចង់ទេ ប៉ុន្តែខាងភាគីជម្លោះចេះតែចង់ទូរស័ព្ទទៅគាត់ រួចហើយខ្លះទំនាក់ទំនងទៅរកអ្នកនេះទៅរកអ្នកនោះ។ សួរឃុំស្អីណាទៅបែកម៉ាំនៅហ្នឹងហើយ។

ជួបដើម្បីសួរសុខទុក្ខផង ពិនិត្យវឌ្ឍនភាពនិងដោះស្រាយបញ្ហាផង

ខ្ញុំចង់បានដើរជំនួបជុំទី២ តាំងពីឆ្នាំ២០២០។ យើងជួបគ្នានៅឆ្នាំ ២០១៧ ២០១៨ ហើយយើងគួរតែត្រូវបានត្រួតពិនិត្យនូវវឌ្ឍនភាពនិងកិច្ចការដែលយើងដាក់ឲ្យអនុវត្តនោះវាបានដើរដល់ណា តាំងពីឆ្នាំ២០២០។ ប៉ុន្តែជាអកុសល ២០២០ យើងកើតកូវីដ-១៩ ២០២១ ​២០២២ ២០២៣ នេះ គឺបន្តកូវីដ-១៩ ទោះបី ២០២២ ក៏ថយចុះ ២០២៣ ក៏ថយចុះ ប៉ុន្តែវិធានការសុខាភិបាលតម្រូវឲ្យមានការធ្វើតេស្ត មុននឹងមានការជួបជុំគ្នាទ្រង់​ទ្រាយធំ មិនទាន់បានលើកលែងទេ។ ក្រោយពីវិធានការត្រូវបានលើកលែង ជំនួបក៏បានកើតឡើងវិញរវាងនាយករដ្ឋមន្រ្តីជាមួយនឹងកម្មករដែលចាត់ទុកថាជាវេទិកាសាធារណៈដើម្បីស្វែងយល់អំពីសុខទុក្ខរបស់កម្មករ/ការិនីរបស់យើងម្ខាង។ ម្ខាងទៀតក៏ពិនិត្យអំពីវឌ្ឍនភាព និងរកដំណោះស្រាយបញ្ហាផ្សេងៗដើម្បីជួយសម្រួលឲ្យការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ក៏ដូចជាផ្តល់ការងារកាន់តែប្រសើរជូនចំពោះកម្មករ/ការិនីរបស់យើង។

អរគុណម្ចាស់រោងចក្រលទ្ធភាពឲ្យកម្មករ/ការិនីបានសម្រាកពេលរសៀលក្រោយការជួបជុំ

ខ្ញុំមានការអរគុណជាមួយម្ចាស់រោងចក្រទាំងឡាយដែលផ្តល់លទ្ធភាពឲ្យកម្មករ/ការិនីបានមកជួបជុំនៅថ្ងៃនេះនៅពេលព្រឹក ហើយនឹងផ្តល់នូវការសម្រាកនៅពេលល្ងាច។ ក្មួយៗត្រូវបានទទួលការសម្រាកនៅថ្ងៃនេះ ដោយមានប្រាក់បៀវត្ស។ អញ្ចឹងទេ ក៏មិនចាំបាច់បង្ខំទៅណាដែរ វង់ភ្លេងនៅទីនេះស្រាប់ បើត្រូវការរាំលេង ក៏រាំលេងទៅ។ មើលសាកល្បងថ្ងៃហ្នឹងឲ្យវាអស់ចិត្តបន្តិចមើលដើម្បីយកឈ្នះអ្នកភ្លេងម្តង។ រាំទាល់តែអ្នកភ្លេងលេងទៅលែងរួច។ អ្នកច្រៀងអត់អីទេ អ្នកច្រៀងគេដូរគ្នាច្រៀងបាន ប៉ុន្តែអ្នកភ្លេងទេដែលគ្នាទន់ដៃ។ យ៉ាងណាក៏ដោយ ធាតុអាកាសរបស់យើងគឺវាក្ដៅ ហើយក្មួយៗបានភ្ញាក់តាំងពីយប់ ឯខ្ញុំក៏យប់ដែរ ហើយបើគិតទៅការសម្រាកប្រហែលជាខ្ញុំសម្រាកបានតិចទេ។ យប់មិញម៉ោងមួយ នៅស៊ីនំនៅឡើយ យប់មិញស៊ីពីរដងបានដេកលក់ ម្ដងស៊ីក្រូចតាំងពីម៉ោង ១១ យប់ មិនមែនថាមិនងងុយទេ ងងុយ ប៉ុន្ដែមានកិច្ចការដែលត្រូវដោះស្រាយអញ្ចឹងដល់ម៉ោងជាង ១។ គិតថាដេក តែទៅបើកចម្រៀងស្ដាប់ទៀត ទាញអានំប្រៃមកយប់មិញអស់ ១០ កញ្ចប់។

ទៅពោធិសាត់ ប្រើឧដ្ឋម្ភាគចក្រធំ រៀបចំអាហារព្រឹកលើឧដ្ឋម្ភាគចក្រ

អញ្ចឹងបានថាក្បាលពោះនេះវាចេះតែដុះ។ ដុះទៅណាដុះទៅអាយុប៉ុណ្ណេះហើយ។ ពូជហ្នឹងមិនដុះក្បាលពោះទេ ប៉ុន្ដែជីតាដុះក្បាលពោះ។ ឪពុកមិនដុះក្បាលពោះទេ បងប្អូនទាំង​ឡាយមិនដុះក្បាលពោះទេ ដុះតែឯងព្រោះ​ទទួលទានយប់។ មិនទទួលទាន វាឃ្លាន ដេកមិនលក់ ហើយត្រូវក្រោក(ពីព្រលឹម)។ យប់ម្សិល ត្រូវក្រោកម៉ោង ៥ កន្លះ ទៅកំពង់ស្ពឺទៅតាមឧទ្ធម្ភាគចក្រ។ តែ ១៥ នាទីទេ។ ដល់ទីនេះជិតជាងមែន តែត្រូវធ្វើ​ដំណើរ​កន្លះម៉ោង។ អញ្ចឹងត្រូវក្រោកម៉ោង ៥:១០ នាទី ព្រោះកុំឲ្យក្មួយៗចាំយូរ។ ឥឡូវនេះ កំពុងគិតរឿងពេលទៅ​ពោធិសាត់ ស្អែកនេះមិនអីទេអាចម៉ោង ៥ ភ្ញាក់ ហើយធ្វើដំណើរទៅអង្គស្នួលដែលឆ្ងាយជាងហ្នឹងបន្ដិច។ ពេល​ទៅពោធិសាត់ (ប្រើ)ឧទ្ធម្ភាគចក្រធំ ហើយគិតថាមិនស្រស់ស្រូបនៅផ្ទះទេ។ ថ្ងៃហ្នុងគឺថាទិញនំប៉័ងដាក់​លើ​យន្ដហោះតែម្ដង ស្រូតដើម្បីជួបកម្មករ។

ហត់តែមិនមានអ្នកដែលត្រូវថ្ងូរប្រាប់ព្រោះធំជាងគេក្នុងអំណាចប្រតិបត្តិ

(អាដន)ទទួលបន្ទុកខាងភស្ដុភា ព្រោះនៅលើឧទ្ធម្ភាគចក្រមានបន្ទប់ទឹកអីហើយស្រេច ទទួលទាននៅលើយន្ដហោះតែម្ដង។ បើមិនអញ្ចឹងគ្រាន់តែទៅបបរហ្នឹងអស់ម៉ោង​មិនតិចទេ។ អញ្ចឹងឡើងលើយន្ដហោះទៅតែម្ដងបានចេញឆាប់។ ហេតុអ្វីបានដើររាល់ថ្ងៃមិន​ចេះហត់? វាហត់ តែមិនដឹងទៅថ្ងូរដាក់អ្នកណាទៀតព្រោះឯងធំជាងគេ។ ទៅទារប្រាក់ខែពីអ្នកណាទៀត បើឯងធំ​ជាងគេ ហើយនៅក្នុងអំណាចនីតិប្រតិបត្ដិនេះ។ ពេលត្រឡប់ទៅវិញ មិនមែនទៅដល់រួចការងារឯណា ពេលខ្លះទៅដល់ជួនកាលក្នុងចន្លោះពី ១០ ទៅ​ ២០ ឯកសារត្រូវធ្វើ រហូតពេលខ្លះត្រូវធ្វើហួសម៉ោងបាយ។ ល្ងាច​ត្រូវជួបភ្ញៀវ ប៉ុន្ដែម្សិលមិញអត់ជួបភ្ញៀវទេ ប្ដូរផ្ដាច់ទៅវាយកូនគោល ហើយភ្លៀងត្រង់​ណាអត់ទេ ទៅភ្លៀងម្ដុំហ្នុង យកអាវ​ភ្ញៀងមកវាយទាំងកណ្ដាលភ្លៀងហ្នឹង ដាក់អ្ហែងមើល វាយទាល់តែរាំងភ្លៀង ដល់អញ្ចឹងចង់ផ្ដាសាយតែមិនជាបញ្ហាទេ។

កង្វល់មនុស្សគ្រប់គ្នា តើពេលចាស់ទៅ ត្រូវពឹងលើអ្នកណាចិញ្ចឹម?

ពិនិត្យពីអ្វីដែលយើងបានធ្វើកន្លងទៅ ឯកឧត្តម អ៊ិត សំហេង បានធ្វើរបាយការណ៍អម្បាញ់មិញគឺវាជា​វឌ្ឍភាពមួយដែលក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អាជ្ញាធរគ្រប់ថ្នាក់ ក៏ដូចជាម្ចាស់រោងចក្របានអនុវត្ដយ៉ាងល្អ ក្នុងនោះមានតាំងពីបញ្ហាតូចដល់ធំ។ អ្វីជាបញ្ហាតូច? និងអ្វីជាបញ្ហាធំ? ១០ចំណុចដែលបានលើក​ឡើងនោះគេអាចមើលឃើញហើយ។ បញ្ហាធំជាងគេ ខ្ញុំគិតថាក្មួយៗទះដៃអបអរសាទរអម្បាញ់មិញត្រង់ថាមនុស្សយើងនៅពេលមានអាយុ ៤០ ឬ ៥០ ឆ្នាំចាប់ផ្ដើមមានកង្វល់ថា ពេលដែលអញអស់ការ​ងារធ្វើ តើមានអ្នកណាចិញ្ចឹម? ជាបញ្ហាគ្រប់មនុស្សទាំងអស់ មិនមែនគ្រាន់តែកម្មករ/ការិនីទេ … មិនថាអ្នកអត់ទ្រព្យសម្បត្ដិទេ អ្នកមានទ្រព្យសម្បត្ដិក៏គិតដែរ ថាមានអ្នកណាចិញ្ចឹម? កូនណាចិត្តបាន ចៅណាចិត្តបានទទួលបន្ទុកចិញ្ចឹម។ តែមិនស្រួលយកដាក់នៅ(កន្លែង)ចាស់កំព្រា។ ដូចនៅអឺរ៉ុប ភាគច្រើនយកឪពុកម្ដាយទៅទុកនៅកន្លែងប្រមូលផ្ដុំមួយដែលថែទាំមនុស្សចាស់ មិនមែនដូចក្នុងប្រទេសកម្ពុជាដែលថែទាំមនុស្សចាស់តាមពុទ្ធឱវាទ ថាធ្វើបុណ្យជាមួយនឹងព្រះរស់ក្នុងផ្ទះ ជាមួយ​យាយតា ឪពុកម្ដាយក្នុងផ្ទះដែលចាត់ទុកថាជាព្រះកន្លោងនោះ។

(២) ពង្រឹងទំនៀមទម្លាប់ប្រពៃណីកម្ពុជាថែទាំមនុស្សចាស់ ពេលមានអ្នកវ័យចាស់ច្រើនជាងវ័យក្មេង

កាលពីមានការជួបជាមួយភ្នាក់ងារអង្គការសហប្រជាជាតិជាមួយរាជរដ្ឋាភិបាល ខាងមន្ដ្រីអង្គការសហប្រជាជាតិបានលើកពី​កង្វល់ទាក់ទិននឹងអនាគតកម្ពុជាដែលនឹងមានមនុស្សចាស់ច្រើន ក្មេងតិចជាងវិញ។ ឥឡូវ យើងក្មេងច្រើនជាងមនុស្ស​ចាស់ ប៉ុន្ដែប្រទេសនៅលើពិភពលោកនេះប្រទេសលូតលាស់ជាច្រើនចាប់ផ្ដើមមានក្មេងតិចមនុស្សចាស់ច្រើន។ អញ្ចឹងក្មេងត្រូវធ្វើការច្រើនដើម្បីចិញ្ចឹមមនុស្សចាស់។ ពេលនោះខ្ញុំបានឆ្លើយថា មានការចាំបាច់ត្រូវពង្រឹង​នូវទំនៀមទម្លាប់ប្រពៃណីរបស់កម្ពុជាឡើងវិញ ដើម្បីឆ្លើយតបទៅនឹងកង្វល់ស្ដីពី(ការកើន)មនុស្សចាស់នៅត្រង់​ថា ទំនៀមទម្លាប់របស់កម្ពុជាគឺ (កូន ចៅ) ត្រូវថែទាំឪពុកម្ដាយដែលជាអ្នកចាស់ទុំនៅក្នុងផ្ទះ ក៏ប៉ុន្ដែក៏មានកូន​ចៅខ្លះបោះបង់ចោលឪពុកម្ដាយដែរ។ មិនត្រឹមតែបោះបង់ទេ ប្ដឹងទៅតុលាការទារដីពីឪពុកម្ដាយក៏មានដែរ។ ដេញ​ឪពុកម្ដាយចេញ យកដី ឬផ្ទះឪពុកម្ដាយហ្នឹងក៏មានដែរ កើតរឿងកើតរ៉ាវដែលយើងបានឃើញជាហូរហែមក ដែល​យើងបានឃើញរវាងកូន និងឪពុកម្ដាយ។ គាត់តែងនៅម្នាក់ឯង ហើយកូនធ្វើបាបចិត្ត។ ជួនកាល​កូនប្រុសយកប្រពន្ធ ហើយប្រពន្ធនោះមានចិត្តមិនត្រង់ជាមួយម្ដាយក្មេក ឬឪពុកក្មេក បញ្ចេះប្ដីយកដី​ធ្លី​ឪពុកម្ដាយក៏មាន។ រឿងនេះវាមានតិចតួចណាស់ប្រៀបធៀបទៅនឹងអ្នកដែលដឹងគុណឪពុកម្ដាយ តាមឱវាទរបស់ព្រះពុទ្ធ ក៏ដូចជាទំនៀមទម្លាប់ប្រពៃណីរបស់យើងពីមុន។

កម្មករនឹងទទួលបានប្រាក់សោធននិវត្តន៍ ដូចមន្រ្តីរាជការនិងកងកម្លាំងប្រដាប់អាវុធ

អញ្ចឹងមនុស្សទាំងអស់សុទ្ធតែមានកង្វល់ដូចគ្នា ទាំងអ្នកមាន ទាំងអ្នកខ្សត់។ ឥឡូវវ ចំណុចនេះសំរាប់ក្មួយៗត្រូវបានដោះស្រាយហើយគឺនៅត្រង់ថា ពេលក្មួយៗចាស់ទៅគឺមានប្រាក់សោធនិវត្ដន៍ដូចមន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ។ បើយោងទៅលើអ្វីដែលឯកឧត្តម អ៊ិត សំហេង បានរាយការណ៍ ឥឡូវនេះអ្នកដែលស្ម័គ្រចិត្តចូលនិវត្ដន៍នៅឆ្នាំ២០២៤ មានជាង ៤ ពាន់ នាក់ហើយ។ អញ្ចឹងអ្នកទាំងនោះមានប្រាក់ចិញ្ចឹមខ្លួន ព្រោះធ្វើការដល់កំណត់ពេលមួយដែលត្រូវដល់ពេលចូលនិវត្ដន៍។ រឿងនេះវាអត់មានទេកាលពីពេលមុន ប៉ុន្ដែតាមរយៈការគិតគូររបស់រាជរដ្ឋាភិបាល ដែលមានក្រសួងការងារ និងបណ្ដុះបណ្ដាល​វិជ្ជាជីវៈជាសេនាធិការ យើងបានធ្វើច្បាប់នេះ ហើយយើងបានរៀបចំក្របខណ្ឌគតិយុត្ដិទាំងអស់ ដើម្បីដោះស្រាយកង្វល់ដ៏ធំមួយនេះ។

កម្មការិនីមានផ្ទៃពោះ និងកម្មករជាជនពិការ បានចេញពីធ្វើការមុនម៉ោង

បញ្ហាតូចក៏យើងដោះ បញ្ហាធំក៏យើងដោះ ដូចជាបញ្ហាតាំងពីស្ដ្រីមានផ្ទៃ​ពោះត្រូវចេញមុនក្នុងរយៈពេល ១៥ នាទីយ៉ាងតិច។ ឥឡូវយើងដោះស្រាយទៅដល់ខាងផ្នែកជនពិការ។ ថារឿងនេះ​វាតូច តែសម្រាប់ខ្ញុំរឿងនេះមិនតូចទេ ដោយសារតែវាមានហានិភ័យខ្ពស់ណាស់សម្រាប់ក្មួយៗជាស្ដ្រីមានផ្ទៃពោះ នៅពេលដែលដល់ម៉ោងចេញពីការងារ។ ទ្វារវាមានតែប៉ុណ្ណឹង អញ្ចឹងមនុស្សសំរុកចេញ ឬចូលក្នុងពេលជាមួយគ្នា​។ អញ្ចឹងសម្រាប់អ្នកអត់មានផ្ទៃពោះ អត់បញ្ហាទេ ប៉ុន្តែសម្រាប់អ្នកមានផ្ទៃពោះវាអាចមានហានិភ័យ។ ពូគិតថា ទោះបីថារឿងវាដូចជាតូចក៏ប៉ុន្តែសម្រាប់ពូដែលធ្លាប់ទទួលនូវការឈឺចាប់នៅក្នុងអតីតកាលស្តីអំពីការស្លាប់កូន ស្តីអំពីបញ្ហារលូតកូននៃភរិយារបស់ពូ គឺពូចាត់ទុកថា ជារឿងមិនតូចតាចទេ ជារឿងធំ។ អញ្ចឹងយើងបានដោះស្រាយបញ្ហានេះ ហើយខ្ញុំចង់ឲ្យទាំងអស់គ្នាពង្រឹងនូវស្ថានភាពនេះបន្តទៀត។

កាត់បន្ថយការដួលសន្លប់តាមរោងចក្របានច្រើន, ទទួលវ៉ាក់សាំង អនុវត្តវិធានការសុខាភិបាល

ក្មួយៗអាចនៅចាំបាន មួយចំនួនដែលជាកម្មករចាស់ កាលពីមុននៅក្នុងប្រទេសរបស់យើង មិនថានៅភ្នំពេញទេ នៅតាមខេត្តនានា រោងចក្រយើងធ្វើថ្មីថ្មោង ខ្វះអុកស៊ីសែន។ បន្តិចៗកម្មករដួលសន្លប់។ ប៉ុន្តែបន្ទាប់ពីការយកចិត្តទុកដាក់កែតម្រូវកម្មកររបស់យើងមានសុខភាពល្អប្រសើរ ការដួលសន្លប់ត្រូវបានកាត់បន្ថយ ជាមួយនឹងការយកចិត្តទុកដាក់បន្ថែមទៅលើសុខភាព។ បញ្ហាសុខភាពនេះទៀតសោត ពូអរគុណចំពោះក្មួយៗទាំងអស់ជាកម្មករ/ការិនី ដែលបានអនុវត្តយ៉ាងល្អនូវវិធានការ ៣ កុំ ៣ ការពារ និងទទួលយកវ៉ាក់សាំងក្នុងដំ​ណាក់កាលកូវីដ-១៩ ដ៏មានគ្រោះថ្នាក់។ ពូព្រួយជាងគេ ព្រួយខ្លាចផ្ទុះក្នុងរោងចក្រតែម្តង ដែលពិបាកទប់ទល់ ព្រោះមួយរោងចក្រៗ ១ពាន់ ២ពាន់ ៣ពាន់ ៤ពាន់ ៥ពាន់នាក់ អញ្ចឹងបើសិនផ្ទុះក្នុងរោងចក្រ គឺវាស្មើនឹងគ្រាប់មីន ដែលវាបង្កការផ្ទុះមួយដ៏ធំ ដែលយើងពិបាកគ្រប់គ្រង។ ប៉ុន្តែអរគុណចំពោះក្មួយដែលទទួលយកវិធានការសុខាភិបាលផង និងទទួលយកការចាក់វ៉ាក់សាំង។

អ្នកមិនបានចាកវ៉ាក់សាំងកូវីដ១៩ ដោយសារតែមានការយល់មិនត្រឹមត្រូវពីការណែនាំ

ឥឡូវក៏ចង់សួរក្មួយៗទាំងអស់នៅទីនេះ តើអ្នកដែលបានចាក់វ៉ាក់សាំងមានប៉ុន្មាននាក់ សុំលើកដៃមើល! ឥឡូវសុំសួរអ្នកដែលអត់បានចាក់ មានប៉ុន្មាន? … តើហេតុអ្វីបានមានសំណួរនេះចេញមក។ ខ្ញុំចង់យល់ ព្រោះកាលពីដំណាក់កាលដំបូង ទាំងគ្រូពេទ្យ និងទាំងអ្នកទៅទទួលវ៉ាក់សាំងសុទ្ធតែមិនយល់ដូចគ្នា។ គ្រូពេទ្យត្រូវធ្វើការសម្ភាសន៍ជាមួយអ្នកទៅទទួលវ៉ាក់សាំង ថាអ្នកឯងធ្លាប់មានជំងឺអី? ថាខ្ញុំធ្លាប់មានជំងឺហឺត អញ្ចឹងពេទ្យថា អត់ចាក់បានទេ។ ពេទ្យអ្នកបញ្ជាមិនឲ្យចាក់ គឺនៅត្រង់ហឺតគឺគេមិនឲ្យចាក់ ប៉ុន្តែក្រោយមកគេបានបញ្ជាក់ថា ទាល់តែអ្នកឯងកំពុងតែហឺត អាហ្នឹងបានមិនឲ្យចាក់ ប៉ុន្តែបើហឺតតាំងពី ៥ ឆ្នាំមុន ឬ ៣ ខែមុន គេចាក់បានតើ។ អញ្ចឹងបានជាខ្ញុំចេះតែតាមមើលឪពុកមារបស់ខ្ញុំ អាយុ ១០០ ឆ្នាំដែរ ហេតុអ្វីបានជានៅពេលដែលចាក់វ៉ាក់សាំងនេះ ឪពុកមារបស់ខ្ញុំនេះអត់មានឈ្មោះ។ អ្នកដែលមានអាយុលើ ១០០ឆ្នាំដែលមកចាក់វ៉ាក់សាំង យើងតែងតែផ្តល់ថវិកាជូនជាការលើកទឹកចិត្ត។ ដល់អញ្ចឹងទៅ គ្រូពេទ្យអត់ឲ្យចាក់។ ពេលដែលគាត់ខូច ទើបប៉ុន្មានខែមុននេះអាយុ ១០៣ ឆ្នាំ។ ពេលហ្នឹងគាត់ ១០០ហើយ ប៉ុន្តែគាត់អត់បានចាក់វ៉ាក់សាំងទេ ដោយសារតម្រូវគ្រូពេទ្យប្រាប់មិនឲ្យចាក់។ ហ្នឹងគឺជាការកត់សម្គាល់ … មនុស្សមួយចំនួនមិនទទួលបាននូវការចាក់វ៉ាក់សាំង មិនមែនបងប្អូនមិនចង់ចាក់ទេ តែគ្រូពេទ្យមិនឲ្យចាក់ដោយខ្លាចមានហានិភ័យដល់អាយុជីវិត។ ប៉ុន្តែនៅប្រទេសរបស់យើង គ្មានអ្នកណាមួយគ្រោះថ្នាក់ដោយសារការចាក់វ៉ាក់សាំងនោះទេ។ អរគុណណាស់ដែលបានទទួលយកនូវវិធានការនោះ។

កម្មការិនីឆ្លងទន្លេ ទទួលបានការសំរាកមាតុភាព ៣ខែ និងប្រាក់បៀវត្ស ១២០%

មុនពេលដែលយើងជួបគ្នាលើកទី១ ហើយក្រោយការជួបគ្នាមានការប្រែប្រួល ដូចដែលឯកឧត្តម អ៊ិត សំហេង ធ្វើរបាយការណ៍ ទាក់ទិនជាមួយនឹងបញ្ហានេះបញ្ហានោះ។ កម្មករស្ត្រីមានផ្ទៃពោះជាឧទាហរណ៍។ កាលពេលមុនជំនួបបានសម្រាក ៣ខែក្នុងពេលដែលឆ្លងទន្លេ ប៉ុន្តែពេលនោះបានបៀវត្សរ៍ត្រឹមតែ ៥០% ទេ។ ឧទា​ហរណ៍ថ្ងៃហ្នឹង ក្មួយៗមានប្រាក់បៀវត្សរ៍ ២០០ ដល់ទៅពេលឆ្លងទន្លេ បានសម្រាក ៣ ខែ ប៉ុន្តែបានប្រាក់ខែតែ ១០០ ទេ ព្រោះបានតែ ៥០%។ ដល់ទៅក្រោយការជួប គឺក្មួយៗសម្រាកបាន ៣ ខែ ជាមួយនឹងប្រាក់បៀវត្សរ៍ ១២០%។ អញ្ចឹងបានសេចក្តីថា ឡើងពី ១០០ ទៅ ២៤០។ ចំណុចអស់ទាំងនេះ បើសិនគ្មានការសន្ទនារវាងរាជរដ្ឋាភិបាលជាមួយម្ចាស់រោងចក្រ ដែលគិតគូរចំពោះ​ផលប្រយោជន៍របស់កម្មករ វាមិនអាចទៅរួចទេ។ អញ្ចឹងបានជាដំណើរចុះសួរសុខទុក្ខដើម្បីពិនិត្យស្ថានភាពរបស់កម្មករ មិនមែនជារឿងចៃដន្យ ហើយក៏មិនមែនជារឿងជិះសេះមើលផ្កាតាមរបៀបថាឲ្យតែបានជួប។ ជួបនោះមុខតែជួបហើយ ក៏ប៉ុន្តែត្រូវដោះស្រាយបញ្ហា។ ខ្ញុំសង្ឃឹមថា បញ្ហាទាំងឡាយនឹងបានបន្តដោះស្រាយតទៅទៀត។

ភ្នំពេញ រោងចក្រ/សហគ្រាស ៩ ៣១៤, រោងចក្រកាត់ដេរ ៧២៧, កម្មករ ៣៤ម៉ឺននាក់, តម្លៃពលកម្ម ១ពាន់លានដុល្លារ/ឆ្នាំ

សរុបទូទាំងប្រទេសមាន​ ១៧ ០០០ រោងចក្រ/សហគ្រាស។ នៅទីក្រុងភ្នំពេញនេះ មានរោងចក្រ/សហគ្រាស ច្រើនជាងគេបង្អស់ រហូតទៅដល់ ៩ ៣១៤ រោងចក្រ/សហគ្រាស។ ក្នុងវិស័យកាត់ដេរមាន ៧២៧ រោងចក្រ មានកម្មករជិត ៣៤ម៉ឺននាក់ ហើយតម្លៃពលកម្មដែលទទួលបានគឺជាង ១ពាន់លានដុល្លារ។ អញ្ចឹងបានទីផ្សារកម្ពុជាមិនខ្វះប្រាក់ដុល្លារទេ។ រាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យម្ចាស់រោងចក្រ ថៅកែរោងចក្រ មានលទ្ធភាពយកប្រាក់រូបិយបណ្ណបរទេសមកបើកឲ្យកម្មករ។ ចំណុចនេះហើយជួយធានាទាំងសងខាង។ ធានាម្ខាងគឺម្ចាស់រោងចក្រមិនមានការបាត់បង់ដោយអត្រាប្តូរប្រាក់ឡើងចុះ ប៉ុន្តែម្ខាងទៀត គឺធានាឲ្យកម្លាំងទិញរបស់កម្មករ/ការិនី របស់យើងមិនមានការថមថយទេតាមរយៈនៃអត្រាប្តូរប្រាក់។ ប្រទេសខ្លះគេនិយាយពីបញ្ហាឯករាជ្យភាពខាងរូបិយវត្ថុ ប៉ុន្តែនៅទីនេះ យើងជាមួយនឹងការពង្រឹងឯករាជ្យភាពនៃប្រាក់រៀល គេហៅថាពង្រឹងនៃការប្រើប្រាស់នៃប្រាក់រៀល យើងក៏មិនត្រូវងាប់ក្រឡា ដោយខ្លាចពាក្យមួយម៉ាត់ដែលថា មិនឯករាជ្យទេ ប្រសិនបើប្រើប្រាស់រូបិយបណ្ណ​បរទេស​។

(៣) វិបត្តិសេដ្ឋកិច្ច៣លើក៖ “លោតមិនទាន់ខ្ពស់ ធ្លាក់មកវិញមិនឈឺខ្លាំង”

ការប៉ះទង្គិចខាងសេដ្ឋកិច្ច តាមការចំណាំមើល ៣លើករួចមកហើយ ដូចជាវិបត្តិហិរញ្ញវត្ថុអាស៊ីនៅឆ្នាំ ១៩៩៧-១៩៩៨ ផលប៉ះពាល់មានតិចទេសម្រាប់កម្ពុជា។​ ដោយសារអ្វី? កម្ពុជាបានដាក់ឲ្យប្រើប្រាស់ទាំងប្រាក់រៀល និងប្រាក់រូបិយបណ្ណបរទេសនៅលើទីផ្សាររបស់ខ្លួន។ អញ្ចឹងផលប៉ះពាល់នៅកម្ពុជា គឺមានមិនធំទេ។ ពេលនោះខ្ញុំបាននិយាយថា “លោតមិនទាន់ខ្ពស់ធ្លាក់មកវិញក៏មិនឈឺខ្លាំងដែរ”។ ពេលនោះសេដ្ឋកិច្ចយើងនៅតូច។ ដល់វិបត្តិសេដ្ឋកិច្ចហិរញ្ញវត្ថុឆ្នាំ ២០០៨-២០០៩ ផលប៉ះពាល់ទាក់ទងទៅនឹងអតិផរណា ក៏មានមិនជាខ្ពស់ដែរ មិនធំទេ ដោយសារយើងប្រើការទូទាត់(ជារូបិយប័ណ្ណ)ចម្រុះ។ ដល់ឥឡូវវិបត្តិដំណាក់កាលកូវីដ-១៩ និងនិងដំ​ណាក់កាលសង្គ្រាមរុស្សី-អ៊ុយក្រែន បូកជាមួយនឹងទណ្ឌកម្មជាឯកតោភាគី ដែលធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចទូទាំងពិភពលោក។ អតិផរណានៅតាមប្រទេសនានា គឺឡើងកប់ពពក ប៉ុន្តែកម្ពុជាយើងនៅរក្សាកម្លាំងទិញរបស់កម្មករ ដោយយកវិធានការម្ខាងខិតខំដំឡើងបៀវត្សរ៍ តែម្ខាងទៀតក៏ខិតខំកម្រិតតម្លៃទំនិញឱ្យនៅទាបតាមស្ថានភាពដែលអាចធ្វើទៅបាន។

មិនឡើងថ្លៃទឹក ថ្លៃភ្លើង … អំពាវនាវចំពោះម្ចាស់ផ្ទះជួលកុំដំឡើងថ្លៃ

ថ្ងៃនេះ យើងគិតអំពីប្រេងសាំង ប្រេងកាត។ ម៉ោងនេះពេលនេះ ប្រេងមានតម្លៃ ៧២,៣៧ដុល្លារ អាចថាជាង ៧២ដុល្លារក្នុងមួយបារ៉ែល។ អញ្ចឹងទេស្ថានភាពនេះល្អ បើប្រៀបធៀបកាលពីយើងចូលឆ្នាំខ្មែរពេលនោះ ៨៦​ទៅ ៨៧ដុល្លារក្នុងមួយបារ៉ែល។ អញ្ចឹងទេបើទោះបីនេះជាសេដ្ឋកិច្ចទីផ្សារ ក៏ប៉ុន្តែក្រសួងពាណិជ្ជកម្មបានខិតខំកំណត់តម្លៃនៃប្រេង ដើម្បីកុំឱ្យវាប៉ះទង្គិចធ្ងន់ទៅលើអ្នកប្រើប្រាស់។ បន្ថែមលើនោះ ក៏សុំបញ្ជាក់ថា រាជរដ្ឋាភិបាលបានតាមដានជាប់ យើងសុខចិត្តឱ្យអគ្គិសនីកម្ពុជាគឺខិតខំរក្សាតម្លៃ។ ថ្លៃទឹក ថ្លៃភ្លើងអត់មានឡើងថ្លៃទេ … យើងតែងតែអំពាវនាវចំពោះម្ចាស់ផ្ទះជួលទាំងឡាយមេត្តាកុំដំឡើងថ្លៃ ហើយបើសិនជាដំឡើងគឺដំឡើងតិចបានហើយ។ ពីមុននោះ មុនពេលដែលពូចុះជួបលើកទី១ កម្មករឡើងប្រាក់ខែ ៥ដុល្លារ ម្ចាស់ផ្ទះឡើង ១០ដុល្លារបាត់។ ឯណេះមិនទាន់ឡើងផង ឯណោះប្រកាសឡើងថ្លៃបាត់។ ឥឡូវនេះ ម្ចាស់ផ្ទះឈ្នួលទាំងឡាយក៏បានធ្វើកិច្ចការដ៏ល្អជួយសម្រួល។ យើងយកតិចក៏ប៉ុន្តែយើងមានអតិថិជនប្រើប្រាស់។

ថៅកែក្រុមហ៊ុនបង់ថ្លៃបេឡាជាតិសន្តិសុខសង្គមជំនួស … សន្សំបាន ៣៦ដុល្លារ/ឆ្នាំ

ថ្លៃទឹកថ្លៃភ្លើង កាលពីពេលមុន គឺយើងឱ្យម្ចាស់ផ្ទះចេញ​ទទួលបន្ទុក។ ទឹកទៅត្រឹមតែមួយម៉ែត្រគូប​ថ្លៃប៉ុណ្ណេះ ប៉ុន្តែកម្មករត្រូវប្រើថ្លៃប៉ុណ្ណោះ។ អញ្ចឹងនៅពេលយើងបានចុះដោះស្រាយបញ្ហានេះ គឺយើងបានដោះស្រាយចំចំណុចដែលធ្វើឱ្យកម្មករ/ការិនីរបស់យើងអាចសន្សំប្រាក់បាន។ រាប់ទាំងឱ្យម្ចាស់រោងចក្រ ថៅកែក្រុមហ៊ុន ចេញជំនួស បង់ជំនួសនូវថ្លៃបេឡាជាតិសន្តិសុខសង្គម។ ក្មួយៗអាចសន្សំបានក្នុងមួយខែ ៣ដុល្លារដែរ អញ្ចឹង ១២ខែ វាបាន ៣៦ដុល្លារដែរ មួយឆ្នាំសន្សំបានជាប្រាក់ចំណូលរបស់យើងដោយថៅកែបង់ជួសសម្រាប់បេឡាជាតិសន្តិសុខសង្គម។

រោងចក្រជាសហគមន៍សុខសាន្ត ជាផ្នែកនៃការអនុវត្តនយោបាយភូមិឃុំមានសុវត្ថិភាព

អ្វីដែលពូចង់បាន មិនទៅលើសពីសមត្ថភាពដែលក្មួយៗអាចធ្វើទៅរួចទេ។ យើងចង់ឱ្យរោងចក្រមួយក្លាយទៅជាសហគមន៍សុខសាន្តមួយ។ វាជាផ្នែកមួយនៃការអនុវត្តនយោបាយភូមិ/ឃុំមានសុវត្ថិភាព ដែលធ្វើយ៉ាងម៉េចនៅតាមរោងចក្រ សហគ្រាស កុំឱ្យមានគេហៅថាអ្វីដែលវាខុសនឹងច្បាប់ ដូចជា ការប្រើប្រាស់គ្រឿងញៀន ការចែកចាយគ្រឿងញៀន មានបងតូចបងធំ មានជម្លោះ និងការរីករាលដាលនៃជំងឺអេដស៍ ដែលអាចចេញពីក្នុងក្របខណ្ឌរោងចក្រផងដែរ។ ជាកង្វល់បន្ថែមបន្ទាប់ពីជំងឺកូវីដ-១៩ ថយចុះ បែរជាជំងឺអេដស៍មានការកើនឡើងទៅវិញ។ ប្រហែលជាក្មួយៗក្តាប់បានសាររបស់ពូក្នុងរយៈពេល ៣ដងកន្លងទៅនេះ សហគមន៍សុខសាន្តមួយនៅតាមរោងចក្រ នឹងបង្កលទ្ធភាពងាយស្រួលសុវត្ថិភាពសម្រាប់រោងចក្ររបស់យើង។ ក្មួយៗត្រូវមើលថា ដំបូលរោងចក្រ កន្លែងដែលយើងធ្វើការនេះគឺជាឆ្នាំងបាយរបស់យើង។

ឧស្សាហកម្មរួមចំណែកក្នុងសេដ្ឋកិច្ច ៣៨% ក្នុង ផសស

ក្មួយៗសាកល្បងគិតមើល បើអត់មានវត្តមានរោងចក្រនៅទីនេះទេ តើពេលនេះក្មួយៗកំពុងធ្វើអី? ច្បាស់ណាស់ថា រោងចក្រសហគ្រាសនៅទូទាំងប្រទេសយើងមានកម្មករ ១លានកន្លះ បើសិនអត់មានរោងចក្រ តើកម្មករ/ការិនីរបស់យើងពេលនេះកំពុងធ្វើអី? ច្បាស់ណាស់ថាកំពុងអនុវត្តនូវសេដ្ឋកិច្ចប្រពៃណី ដែលដូនតាបន្សល់ទុកឱ្យគឺធ្វើស្រែ ធ្វើចម្ការ។ ស្រែចម្ការក៏ជាសេដ្ឋកិច្ចដែរ ក៏ប៉ុន្តែ ធ្វើតែកសិកម្មមួយមុខ ប្រទេសមិនលូតលាស់ទេ។ ឥឡូវឧស្សាហកម្មរបស់យើងគ្របដណ្តប់រហូតដល់ ៣៨% ក្នុងពេលដែលកសិកម្មមករួញស្ថិតនៅក្នុង ២១,៣% តែប៉ុណ្ណោះ ចំនួននូវចំណែកខាងវិស័យកសិកម្ម ចំពោះសេដ្ឋកិច្ចរបស់យើងដែលគ្របដណ្តប់។ ឃើញមានការវាយតម្លៃថ្មីមកក៏ ប៉ុន្តែដោយសារតែ ឯកឧត្តម វង្សី វិស្សុត គាត់វាយមួយដុំមក … សុំថាជំនួយការខ្ញុំទាំងឡាយវាយខ្លី ប្រាប់ថានេះចំណែកកសិកម្មមានប៉ុណ្ណេះ ឧស្សាហកម្មមានប៉ុណ្ណេះ ទើបបានខ្ញុំមានពេលមើល … សុំផ្តាំទៅ … វាយមកឱ្យខ្ញុំឱ្យខ្លី … ខ្ញុំនៅចាំច្បាស់ថា ចំណែកនៃឧស្សហកម្មបានឡើងទៅដល់ ៣៨% ដែលជាចំណែកមួយខ្ពស់ជាងវិស័យកសិកម្ម ហើយវាខ្ពស់ជាងវិស័យសេវា ក្នុងឆ្នាំ២០២២។

(៤) ឆ្នាំ ២០២២ ឧស្សាហកម្មរួមចំណែក ៣៨%, សេវា ៣៥%, កសិកម្ម​ ២១,៣% ក្នុង ផសស

នៅពេលខាងមុខនេះ នៅពេលដែលទេសចរមានការកើនឡើង វិស័យសេវាអាចនឹងរីកធំជាងនេះ។ តាមទម្លាប់ បណ្តាប្រទេសសេវាកម្មធំជាង បន្ទាប់ទៅគឺឧស្សាហកម្ម បន្ទាប់ទៅគឺកសិកម្មតូច។ ប៉ុន្តែ កសិកម្មតូចនេះ មិនមែនមានន័យថា យើងចិញ្ចឹមប្រជាជនមិនរស់ទេ។ ពីមុន ​កសិកម្មកម្ពុជាគ្របដណ្តប់ទៅដល់ប្រមាណ ៨០% នៃផលិតផលសរុបក្នុងស្រុក ក៏ប៉ុន្តែពេលនោះយើងចិញ្ចឹមប្រជាជនអត់រស់ទេ។ យើងខ្វះអង្ករ។ ឥឡូវកសិកម្មរបស់យើងនៅសល់ត្រឹមតែ ២១.៣% តែប៉ុណ្ណោះ ក៏ប៉ុន្តែយើងនៅមានសមត្ថភាពនាំចេញអង្ករជាង ៤លានតោនក្នុងមួយឆ្នាំ។ យើងនាំចេញស្វាយចន្ទី ១លានតោនជាង។ យើងនាំចេញដំឡូងមីចូលដល់រាប់សិបម៉ឺន ផ្លែស្វាយ មៀនប៉ៃលិន ក៏បាននាំចេញទៅផ្សារខាងក្រៅ។ យើងពង្រីកម្រេចខ្មែរ។ ស្វាយចន្ទី ក្រៅពីការនាំចេញមិនទាន់កែច្នៃ យើងក៏មានការកែច្នៃដើម្បីនាំចេញដែរ។ យើងមានត្រីនាំចេញ។ សេវាកម្មវាធ្លាក់ចុះនៅក្នុងពេលដែលកូវីដ-១៩ នៅក្នុងពេលដែលទេសចរមានការធ្លាក់ចុះ ចំណែកនៅក្នុងទីនេះ កសិកម្ម ២១,៣% ឧស្សាហកម្ម ៣៨% និងសេវាកម្ម ៣៥% នេះសម្រាប់ឆ្នាំ២០២២។

ជំនួយការនិងទីប្រឹក្សាត្រូវចេះសរុបឯកសារ

ថ្ងៃមុនឃើញ វង្សី វិស្សុត វាយចូលមក។ ដល់ឃើញវាធំពេក មិនបាច់មើលបណ្តោយ។ មិនដឹងយកមកយ៉ាងម៉េច? ឱ្យធ្វើជំនួយការ ឱ្យធ្វើទីប្រឹក្សាគឺចេះសរុប។ បើមិនសរុបបានទេ​​ ហ្នឹងខ្ញុំអត់ចេះមើលទេ។​ ឯកសារខ្ញុំវាវែងណាស់។ អញ្ចឹងសូម្បីតែក្នុងទូរស័ព្ទក៏ដោយ បើថាប្រើសំឡេងម្តងមើលទៅ ៤ឆ្នូតហើយ ហើយមួយឆ្នូតមើលទៅ ៤នាទី ទៅ ៥នាទី មិនបាច់ស្ដាប់តែម្ដង។ អ្នកខ្លះប្រើ​សម្លេងតាំងពីណាមក តិចឃើញថាលោតឆ្នូត២ ស្មានតែ ហ៊ុន សែន ស្ដាប់។ អត់បានស្ដាប់ទេ។ តែវាយ(មក)វែង ទុកក្រោយគេ។ តែទុកក្រោយគេ វាកប់ទៅខាងក្រោមបាត់ ជួនកាលមួយសប្ដាហ៍ក្រោយបានបើកមើលឃើញ។ ហួសពេលបាត់។ គ្រាន់តែបញ្ជាក់ជូន។ យើងត្រូវបន្តជាមួយនឹងកិច្ចការកសាងសេដ្ឋកិច្ចរបស់កម្ពុជាយើងបន្តទៅទៀត​។

លើកពេលសម្ពោធផ្លូវក្រវាត់ក្រុងទី៣ ទៅសងជួបកម្មករនៅពោធិសាត់

ត្រូវរកវិធីដោះស្រាយការងារធ្វើ ដោយមួយឆ្នាំត្រូវដោះស្រាយ៣០ម៉ឺនកន្លែង។ យើងខិតខំដើម្បីកសាងនូវហេដ្ឋារចនាសម្ព័ន្ធបម្រើឱ្យការទាក់ទាញវិនិយោគថ្មីបន្ថែមទៀតទាំងរឹងទាំងទន់។ នៅភ្នំពេញយើងនេះ កាលពីមុនបានទៅកំណត់គ្នានៅកៀនស្វាយថាសម្ពោធផ្លូវក្រវាត់ក្រុងទី៣ គឺនៅថ្ងៃទី ៣០(មិថុនា) ប៉ុន្តែដោយសារតែមានត្រូវទៅកំដរភរិយានៅឯសាំងហ្គាពួរ (ឥឡូវគាត់ត្រឡប់មកដល់ផ្ទះវិញហើយ ជាមួយនឹងសុខភាពល្អប្រសើរ) ត្រូវលើកពេលជំនួបកម្មករនៅខេត្តពោធិ៍សាត់ពីថ្ងៃទី២៣ ទៅថ្ងៃទី៣០(មិថុនា) ហើយលើកពេលសម្ពោធផ្លូវខ្សែក្រវាត់ក្រុង។ ផ្លូវហ្នឹងគេកំពុងប្រើទៅហើយ។ ទុកយូរក៏វាអត់ផ្អូមដែរ។ យកឱកាសជួបកម្មករមុន។ ក្រោយបោះឆ្នោតរួចថ្ងៃទី២៣(កក្កដា) ថ្ងៃ២៧(កក្កដា)ដើរជួបកម្មករ១០លើកទៀត …។

អ្នកណាក៏ដោយដែលមានអន្តរាគមន៍របស់បរទេស ត្រូវជាប់គុកឱ្យគ្រប់ថ្ងៃ អត់មានការបន្ធូរបន្ថយ

ខ្ញុំសុំស្នើឱ្យម្ចាស់រោងចក្រនិងកម្មករចាប់ដៃគ្នាជាដៃគូជីវិត ចាត់ទុកវាជាឆ្នាំងបាយរួម។ ម្ចាស់រោងចក្រត្រូវយកចិត្តទុកដាក់ចំពោះសុខទុក្ខកម្មករ។ ប្រសិនបើកម្មករសុខភាពមិនល្អទេ ជំនាញវិជ្ជាជីវៈមិនល្អទេ គឺប្រសិទ្ធភាពការងារនៅក្នុងរោងចក្រក៏មិនល្អដែរ។ អ្នកគ្រប់គ្រងរោងចក្រក៏ត្រូវយកចិត្តទុកដាក់ជាមួយនឹងកម្មករ​។ ឯកម្មករក៏ខិតខំធ្វើការចាត់ទុកថារោងចក្រគឺជាឆ្នាំងបាយរបស់យើង។ សូមកុំភ្លេចឱ្យសោះ បើរោងចក្រត្រូវបិទអ្នកដែលខូចខាតមុនគេគឺកម្មករ កុំលុះទៅតាមការញុះញង់។ ពិនិត្យ​មើលតើវាសមនឹងទទួលទោសក្បត់ជាតិទេ​ នៅពេលឆ្នាំ២០១៣ កម្មករគេមិនធ្វើបាតុកម្ម ឯងទៅទំលាយទ្វារកម្មករឱ្យមកចេញធ្វើបាតុកម្ម? រូបភាពនៅមាន។ អ្នកឯងមិនអាចមិនទទួលខុសត្រូវទៅលើរឿងរ៉ាវដែលបានកើតទេ រាប់ទាំងការស្លាប់នៅផ្លូវវេង​ស្រេង ធ្វើបាតុ​កម្ម​ម៉ោង៣ភ្លឺ។ សួរ ហូ វ៉ាន់ មើល។ សម្លេង ហូ វ៉ាន់ នៅទេតើ ទៅចែកនំប៉័ងពេលហ្នឹង នោះគឺជាដំណើរនៃការផ្ដួលរំលំ គឺមិនអាចអត់ឱនបានទេត្រូវតែជាប់គុក។ ឥឡូវម៉េចទៅហើយ?

(៥) មិនអាចលើកទោសបាន ដោយមិនទុកចិត្តចេតនាបរទេស

ខ្ញុំបានផ្ដាំហើយ មូលហេតុដែលមនុស្សហ្នឹងជាប់គុក ដោយសារអ្នកទាំងឡាយស្រលាញ់ពិរុទ្ធជនពេក។ គេកំពុងស្រាវជ្រាវមនុស្សហ្នឹងគប់គិតជាមួយបរទេសៗ នាំគ្នាទៅសួរសុខទុក្ខ រួចហើយនាំមនុស្សហ្នឹងចូលទៅតាមស្ថានទូត។ លោកឯងចាប់ដៃជាន់ជើងខ្ញុំ រឿងអីខ្ញុំទៅទុកចិត្តលោកឯង។ ខ្ញុំមិនលើកលែងទោសឱ្យមនុស្សហ្នឹងដោយសារអត់ទុកចិត្តបរទេសដែលមានបំណងបំផ្លាញខ្ញុំ … ចាប់ពីម៉ោងនេះទៅ ឱ្យសារទៅអ្នកឯង អ្នកណាក៏ដោយដែលមានអន្តរាគមន៍របស់បរទេស (ត្រូវ)ជាប់គុកឱ្យគ្រប់ថ្ងៃ។ ឱ្យតែមានបរទេសលូកដៃ អត់មានការបន្ធូរបន្ថយ ហើយកុំដាក់ចូលទៅក្នុងបញ្ជីការបន្ធូរបន្ថយនិងលើកលែងទោស។ (យើងធ្វើដូចនេះ)ដើម្បីទប់ស្កាត់ការជ្រៀតជ្រែកពីបរទេសចូលស្រុកខ្មែរ។ បើអ្នកហ្នឹងមានសញ្ជាតិ ២ ពេលដែលមកកម្ពុជាត្រូវអនុវត្តតាមច្បាប់របស់ខ្មែរមិនមែនតាមច្បាប់របស់បរទេសទេ។ ខ្ញុំគិតថាមិត្តបរទេសទាំងឡាយដកពិសោធន៍បានហើយ …

(៦) អប្សារាក្បាលត្រងោលជាខ្មែរ ទោះបីជាបរទេសធ្វើកំហុសនៅស្រុកខ្មែរ​ ក៏ខ្មែរមានសិទ្ធិកាត់ទោស

ជាក់ស្ដែង អប្សរាក្បាលត្រងោលយកទៅដាក់គុកនៅព្រះវិហារ។ ថ្ងៃមុន គេទៅសួរសុខទុក្ខ គេបញ្ជូនសារចេញមកចង់ធ្វើកូដកម្មទៀត។ ធ្វើកូដកម្មអត់អាហារ។ ចង់ងាប់ចង់អីតាមចិត្តខ្លួនឯងហ្នឹងទៅ។​ បញ្ជូនសារចេញមក យើងយកបានសារហ្នឹងតើ។ ខ្ញុំបានមើលសារហ្នឹងដែរ។ សារហ្នឹង ពួកអនុរក្សគ្នារក្សាទុក ដកហូតទុក។ គេចង់ធ្វើកូដកម្មទៀត។ បើវាចង់អត់បាយអត់ទៅ មិនមែនពោះរបស់យើងទេ។ មុននោះ វាមិនដែលអ្នកណាកោរត្រ​ងោល(ស្លៀក)ពាក់(ជា)អប្សរាដើរតាមផ្លូវ។ (អញ្ចឹងហើយ)បានខ្ញុំហៅអប្សរាក្បាលត្រងោល។ មិនទាន់ដល់ម៉ោងទេនាង ដល់ម៉ោងវាយខ្នោះគ្រឹប។ គ្មានបរទេសណាមកជួយនាងឯងកើតទេ។ កុំចាត់ទុកថា សំណុំរឿងរសើបវាប៉ះពាល់ជាមួយប្រទេសនេះ/នោះ។ អត់ទេជនជាតិខ្មែរទេតើ … ទោះបីបរទេសមកធ្វើកំហុសនៅស្រុកខ្មែរ​ ក៏ខ្មែរមានសិទ្ធិកាត់ទោសដាក់គុកស្រុកខ្មែរដែរ។

កុំឲ្យរោងចក្រមានគ្រឿងញៀន បងតូចបងធំ និងមានជម្លោះនានា, អាជ្ញាធរមូលដ្ឋានដោះស្រាយជម្លោះ

(អោយតែ)ថាគ្រឿងញៀនគឺបង្ក្រាប។ ប្រទេសរបស់យើងមិនមែនជាប្រទេសផលិតគ្រឿងញៀនទេ ក៏ប៉ុន្តែគ្រឿងញៀនរុលចូលក្នុងប្រទេសរបស់ខ្លាំងមែនទែន​។ បង្ក្រាបបានច្រើន។ មូលហេតុគឺមានច្រើនបានយើងបង្រ្កាបបានច្រើន។ កុំថាបង្រ្កាបបានច្រើនជាគុណសម្បត្តិ។ មិនមែនទេ។ បង្រ្កាបបានតិច ទើបឃើញថាសញ្ញានឹងវាអស់។ វាថយ។ ដល់បង្រ្កាបបានច្រើន សញ្ញាហ្នឹងវាឡើងទៅវិញ។ បើកើតនៅកន្លែងណា សូមកុំឱ្យកើតនៅកន្លែងរោងចក្រ កុំឱ្យមានបងតូចបងធំ។ ត្រូវរកវិធីដោះស្រាយជម្លោះនានាឱ្យបាន។ កុំចិញ្ចឹមទំនាស់។ អញ្ចឹងត្រូវយកចិត្តទុកដាក់ កន្លែងទីតាំងរោងចក្រនៅកន្លែងណា កន្លែងនោះត្រូវយកវិធានការទប់ស្កាត់ កុំឱ្យជម្លោះវារីករាលដាល។ កុំផ្អែកតែលើមន្ទីរការងារ កុំផ្អែកតែលើក្រសួងការងារ អាជ្ញាធរនៅគ្រប់ទីកន្លែងទាំងអស់ កម្រិតថ្នាក់ខណ្ឌ ថ្នាក់ខេត្ត ថា្នក់រាជធានី ដោះស្រាយឱ្យប្រញាប់ប្រញាល់កុំអូសបន្លាយ …។

(៧) ទំហំពាណិជ្ជកម្ម ៥២ពាន់លាន ក្នុងនោះនាំចេញ ២៩ពាន់លាន, កសាងហេដ្ឋារចនាសម្ព័ន្ធទាំងរឹងនិងទុន ទាក់ទាញវិនិយោគ

ដើម្បីរក្សាអ្វីដែលយើងបាននិងកំពុងទទួលបាន អ្វីដែលសំខាន់គឺរួមគ្នារក្សាសន្តិភាព។ ការរក្សាសន្តិភាពនោះហើយដែលយើងមានឱកាសទាក់ទាញវិនិយោគឱ្យចូលមកក្នុងប្រទេសកម្ពុជា។ មកដល់ពេលនេះទំហំនៃការនាំចេញទៅកាន់ក្រៅប្រទេសឆ្នាំ២០២២ មានរហូតដល់ ២៩ពាន់លាន(ដុល្លារ)។ បើគិតទាំងទ្វេទិស ទាំងនាំចេញនិងនាំចូលមាន ៥២ពាន់លាន(ដុល្លារ)។ យើងមានអតិរេកអំពីការនាំចេញ។ កម្ពុជានៅមានលទ្ធភាពច្រើនដើម្បីទាក់ទាញវិនិយោគ ជាមួយនឹងការខិតខំកសាងសមត្ថភាព កសាងហេដ្ឋារចនាសម្ព័ន្ធរឹងនិងទន់។ រឹងរួមមានផ្លូវ កំពង់ផែ ព្រលានយន្តហោះ អគ្គិសនី មានអ្វីៗផ្សេងទៀត ទឹកជាដើម ដើម្បីផ្គត់ផ្គង់សម្រាប់ការទាក់ទាញវិនិយោគ។ ទន់ (មាន)ផ្នែកច្បាប់ លិខិតបទដ្ឋានគតិយុត្តិ ជាមួយការបណ្ដុះបណ្ដាលធនធានមនុស្សសម្រាប់ជំនាញ។ ដូចជាជប៉ុនជាដើម គាត់មកស្រុកយើង គាត់មានតែ២ចំណុចទេសំខាន់។ គាត់សួរ ទី១ធនធានមនុស្ស។ តើមានលទ្ធភាពផ្គត់ផ្គង់ពលកម្មជំនាញឱ្យគាត់ឬអត់? ទី២ តម្លៃអគ្គិសនី។ ចាប់ពីខែ៨ទៅ យើងចាប់បណ្ដុះបណ្ដាលជំនាញ ១លាន ៥សែន នាក់ ក្នុងរយៈពេល ៥ឆ្នាំ ជាមួយនឹងការដោះស្រាយការងារប្រមាណ ៣០ម៉ឺនកន្លែង។

(៨) បើពិភពលោកកាត់បន្ថយការផលិតសព្វាវុធ មកផលិតទំនិញ/ថ្នាំពេទ្យលក់ថោកៗ ប្រសើរជាង

រឿងសេដ្ឋកិច្ច គឺរឿងធំជាងគេទាំងអស់នៅលើពិភពលោក។ បើសិនជាពិភពលោកបច្ចុប្បន្ននេះ ផ្ទេរពីការផលិតអាវុធដើម្បីសម្លាប់គ្នា ទៅជាការផលិតទំនិញ ជាពិសេសថ្នាំពេទ្យឱ្យថោកៗ គឺវាល្អជាងអីទៅទៀត។ កាត់បន្ថយការការចំណាយផលិតអាវុធសម្លាប់គ្នាត្រឹមតែ ៥០ភាគរយ មកផលិតមធ្យោបាយដឹកជញ្ជូនលក់(ក្នុងតម្លៃ)ថោក ជាពិសេសថ្នាំការពារសុខភាពកាន់តែថោក ឧបករណ៍សម្ភារពេទ្យកាន់តែថោក នឹងធ្វើឱ្យការការពារសុខភាពមនុស្សបានល្អជាងការសម្លាប់គ្នា។​ ប៉ុន្តែធ្វើម៉េច ពិភពលោកមាន អាលើក៏មាន អាក្រោមក៏មាន មានអាក្រោមសមុទ្រក៏មាន ដើម្បីរកវិធីកម្ទេចគ្នា។

(៩) ក្នុងសង្គ្រាមនុយក្លេអ៊ែរ បើមិនស្លាប់ដោយវិទ្យុសកម្ម ក៏រងគ្រោះពីបញ្ហាសេដ្ឋកិច្ច

បើយើងមានសង្រ្គាមនុយក្លេអ៊ែរផ្ទុះឡើង​ ប្រហែលជា(កម្ពុជា) មិនសូវប៉ះពាល់ ព្រោះដូចជាមិនមែនគោលដៅនៃការវាយប្រហារនុយក្លេអ៊ែរទេ។ គេវាយគ្នាតម្រង់ទៅរកប្រទេសដែលមាននុយក្លេអ៊ែរដូចគ្នា។ អញ្ចឹង ដំរីជល់គ្នា ប្រហែលជាមិនខ្ទេចស្មៅដូចយើងនេះទេ។ ស្មៅកន្លែងយើងនេះ គឺស្មៅវាតូចតាច វាមិនមែនជាគោលដៅទេ។​ ឧទាហរណ៍ ប្រទេសដែលមាននុយក្លេអ៊ែរវាយគ្នា គេវាយទៅរកនុយក្លេអ៊ែរចេញដំណើរ ឯយើងមិនមាននុយក្លេអ៊ែរអីនឹងគេ។ អញ្ចឹងទេប្រហែលជាអាចរួចខ្លួន។ ប៉ុន្តែបន់ស្រន់កុំឱ្យមានសង្រ្គាមនុយក្លេអ៊ែរវាកើត ព្រោះគ្មានអ្នកណាឈ្នះទេ។ បរាជ័យមួយលើពិភពលោកហ្នឹង​​។ បើទោះបីយើងមិនស្លាប់ដោយសារជាតិពុលនៃវិទ្យុសកម្មស្អីៗហ្នឹង ក៏វារងគ្រោះលើបញ្ហាសេដ្ឋកិច្ចដែរ។

(១០) ដាក់សំណាញ់មេឃអោយក្រាស់ទម្លាក់ដ្រូនរំលោភដែនអធិបតេយ្យកម្ពុជា

ម្សិលមិញ ខ្ញុំបានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់បញ្ជូនកម្លាំងទៅជួយឱ្យយោធភូមិភាគទី១ ដោះស្រាយបញ្ហា​​​​។ អម្បាញ់មិញ បញ្ជាឱ្យអគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ វង្ស ពិសេន ដំឡើងអាវុធគ្រប់ធុនទាំងអស់នៅភូមិភាគទី១។ យប់មិញនេះ មក៥គ្រឿងទៀត ក៏ប៉ុន្តែអស់លោកអត់ផ្ទុះអាវុធ។ អស់លោកធ្វើមេទ័ពស្លួតពេកហើយ។ គេហោះចូលដីយើងប៉ុន្មានថ្ងៃហើយ អស់លោកយកត្រឹម CKC(SKS)បាញ់។ កាំភ្លើងធំនោះទៅណាអស់? ឥឡូវឡើងទៅហើយ កាំជ្រួចសម្រាប់បាញ់យន្តហោះ ប៉ុន្តែវាមិនគ្រប់ទេ។ ដីវាធំ ជួនកាលវាហោះគេច។ អស់​លោកដំឡើងទៅកាំភ្លើងយន្ត ៣០មីលីម៉ែត្រ … ១២ក៏ដាក់ ២៣ក៏ដាក់ ប៉ុន្មានក៏ដាក់ … ចាប់ពីល្ងាចនេះទៅ បើលោកឯងមិនផ្ទុះអាវុធ មានរឿងជាមួយខ្ញុំ … អត់មានធ្វើស្លូតៗ(អញ្ចឹងទេ) … យប់មិញចូលមកទៀត ៥គ្រឿង។ ពួកហ្នឹងថតបាន យកមកបង្ហោះតាម Fresh News។ អត់មានអ្នកណាបាញ់។ ដោយសារតែអត់បាញ់ហ្នឹងហើយ បានវាចេះព្រហើនចូលនោះ។ ដាក់សំណាញ់មេឃទៅ។ ធ្វើតាមក្បួនរបស់ខ្ញុំ។ “ដាក់សំណាញ់មេឃ” បាញ់ពីក្រោមចំណាយ ១លាន ២លានគ្រាប់ចោលទៅគង់អីមិនត្រូវ។ លេងអ្ហែងឱ្យក្រាស់បន្ដិចមើល។ បញ្ជូនឡើងទៅ DCA យើងក៏មានច្រើន, ១២,៧ ក៏មានច្រើន, ១៤ ក៏មានច្រើន អញ្ចឹងរុញវាឡើងទៅ។

(១១) នឹងប្តឹងទៅសហប្រជាជាតិបើរកឃើញថាប្រទេសណាផ្តល់ទីតាំងអោយយន្តហោះគ្មានមនុស្សបើកធ្វើសកម្មភាព, អង្គភាពណាបាញ់ដ្រូនធ្លាក់មួយគ្រឿងជូន ២០ម៉ឺនដុល្លារ

ខ្ញុំសូមព្រមាន ប្រទេសណាក៏ដោយដែលឱ្យយន្តហោះគ្មានមនុស្សបើកធ្វើសកម្មភាពឈ្លានពានកម្ពុជា និងធ្វើភេរវកម្មលើទឹកដីកម្ពុជា បើយើងស៊ើបអង្កេត(ដឹងច្បាស់) យើងប្ដឹងទៅអង្គការសហប្រជាជាតិ។ ខ្ញុំសូមបញ្ជាក់ថាកម្លាំងអង្គភាពណាបាញ់ធ្លាក់ដ្រូន(drone) មួយគ្រឿង ខ្ញុំជូន ២០ម៉ឺនដុល្លារសហរដ្ឋអាមេរិក … ដើម្បីខ្ញុំចង់ដឹងថាដ្រូនហ្នឹងចេញពីណាឱ្យពិតបា្រកដ? … យប់មិញគួរតែត្រូវបានបាញ់ មិនមែនចាំអាលីលើស្មាបាញ់ ដែលវាហោះ(ដេញ​នោះទេ)។ អាវុធរបស់យើងបច្ចុប្បន្ននេះ គឺអាវុធប្រភេទដែលវារត់ដេញតាមយន្តហោះ។ ប៉ុន្តែក្រែងលោវាមិនមកចំកន្លែងហ្នឹង។ អញ្ចឹងពង្រាយវាទៅ។ មួយកន្លែងដាក់ ៥ដើមអីទៅផ្គុំគ្នា ហើយពង្រាយគ្នាបាញ់ឡើងទៅ។ មានប្រភេទកាំភ្លើងខ្លះបាញ់បានប៉ុន្មានគីឡូដែរ។

(១២) ជនក្បត់ជាតិ៣ជំនាន់ធ្លាប់ចុះហត្ថលេខាសន្យាផ្តល់ដីដល់ពួកបង្កើតរដ្ឋ Degar

សូមប្រជាពលរដ្ឋកុំព្រួយបារម្ភ។ សង្រ្គាមមិនផ្ទុះទេ។ (ដ្រូន)នោះវាមក(ហោះចូលទឹកដីកម្ពុជា)។ ខ្ញុំជឿថា កម្លាំងបាក់ទ័ពដែលរត់ពីវៀតណាមនៅក្នុងដីខ្មែរ។ (ដ្រូន)នេះមកធ្វើទំនាក់ទំនងជាមួយនឹងពួកបាក់ទ័ពហ្នឹង។ វាគ្មានហេតុផលបញ្ជូនអាហ្នឹងមកទេ។ ពួកនេះវាឱ្យសញ្ញា។ ថ្ងៃមុន មានករណីដែលយើងដេញតាម តែអាមួយវារត់ធ្លាក់ទូរស័ព្ទ។ ដល់រត់ធ្លាក់ទូរស័ព្ទ យើងក៏អត់ដឹងថាមានទូរស័ព្ទ(ធ្លាក់)ដែរ … ដល់មានទូរស័ព្ទមួយ(ខល)ចូលមក យើងក៏លើកស្ដាប់។ និយាយចេញពីប្រទេសវៀតណាម សម្លេងជនជាតិភាគតិច​។ សូមបញ្ជាក់ជូនបងប្អូនជនរួមជាតិ នេះហើយដែលមេក្បត់ជាតិ ៣ជំនាន់ចុះហត្ថលេខា ជាមួយកុកស។ នេះគឺពួក Degar ហ្នឹងឯង។ រដ្ឋ Degar ដែលចុះហត្ថលេខាជាមួយនឹងអាក្បត់ជាតិ ៣ជំនាន់ ដែលត្រូវតែកាត់ទោស។ កម្លាំងហ្នឹងគឺកម្លាំង FULRO ហ្នឹង។ រួចហើយខំមកនិយាយថាប្រគល់សិទ្ធិ​ជនជាតិដើមភាគតិច។ ឥឡូវជនជាតិដើមភាគតិចនៅកន្លែងណា? មើលពីក្រោយខ្នងកុកស ជាមួយនឹងអាក្បត់ជាតិ ៣ជំនាន់ មានទង់ជាតិអាមេរិកមួយ មានទង់ជាតិខ្មែរមួយនិងមានទង់ជាតិ Degar មួយ។ អញ្ចឹងអ្នកឯងកាត់ អ្នកឯងយល់ថាម៉េច​?

(១៣) កុក ស ងាប់ហើយ តែកិច្ចព្រមព្រៀងវាមិនងាប់ មិនត្រូវកាត់ដីខ្មែរអោយអ្នកណាទេ

កុំថានេះជារឿងនយោបាយឱ្យសោះ។ រឿងក្បត់ជាតិពេញទី។ ខ្ញុំសូមព្រមានម្ដងហើយម្ដងទៀត អ្នកដែលពាក់ព័ន្ធជាមួយនឹងជនក្បត់ជាតិនេះ (យើងចាំពាច់)ត្រូវមានវិធានការ។ ឥឡូវលើការជាក់ស្ដែង កុកស វាងាប់បាត់ហើយ ប៉ុន្តែកិច្ចព្រមព្រៀងវាងាប់អត់។ យ៉ាងណាក៏ដោយ អាសក៏ដោយអាខ្មៅក៏ដោយ វាយអ្ហែងទាំងអស់។ ដីនេះជាដីរបស់ខ្មែរ អត់មានត្រូវកាត់ឱ្យអ្នកណាទេ។ ជនជាតិដើមភាគតិចរបស់កម្ពុជាមានគ្រប់គ្រាន់ហើយ។ បងប្អូនជនជាតិភាគតិចរស់នៅតាមភូមិ តាមឃុំ នៅខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ក្រចេះ។ ព្រះវិហារក៏មានបងប្អូនជនជាតិភាគតិច … អាហ្នឹងជារដ្ឋ Degar វាបង្កើតរដ្ឋមួយ។ វាមានទង់ជាតិរបស់វា។ ហើយរឿងអី(ដែលត្រូវ)ទៅចុះហត្ថលេខា? ភស្ដុតាងមាន។ ដល់គេកាត់ទោស គេថាហ្នឹងរឿងនយោបាយ។ មិនទាន់បានកាន់អំណាចផង វាចុះហត្ថលេខាឱ្យដីគេ ៤ខេត្ត។ អញ្ចឹងអំពើក្បត់ជាតិ មិនអាចអត់ឱនឱ្យបានទេ។

សង្ស័យដ្រូននេះមានប្រភពពីប្រទេសណាមួយ ឬហោះចេញពីនាវា

ខ្ញុំយកការសន្និដ្ឋានថា ពេលដែលអានេះឆ្លងកាត់ទៅវាយទៅវៀតណាម មេរបស់​វាឆ្លងកាត់ទឹកដីកម្ពុជា។ ប៉ុន្តែវាសំណាង ដែលចេញផុតពីកម្ពុជា។ ខ្ញុំមិនចង្អុលថាប្រទេសណាទេ (តែអាចនៅ)ក្នុងប្រទេសមួយក្នុងតំបន់យើង។ ខ្ញុំសង្ស័យ ២ចំណុច។ ទី១ ចេញពីប្រទេសមួយដែលខ្ញុំមិនចង្អុលឈ្មោះ។ ឯទី២ អាច(ដ្រូន)ហោះចេញពីនាវា។ គ្រាន់ថាយោធភូមិភាគទី១ ហេតុអ្វីបានជា(មិនបាញ់)? កោះញែកវានៅក្នុងខេត្តមណ្ឌលគិរី ហេតុអ្វីបានជាមិនព្រមបាញ់? មើលសួរប្រធានភូមិភាគទី១មើល អ្ហែងចង់ធ្វើមេទ័ពទៀតអត់? សួរមេបញ្ជាការប្រតិបត្តិការសឹកដែលយន្តហោះចូលបាញ់ ២គ្រាប់ បាញ់ធ្វើអី? ដោយសារអញ្ចឹងហើយបានវាព្រហើន។ ពីល្ងាចនេះទៅគឺត្រូវតែបាញ់។ ចំណាយ ១លាន ២លាន ឬ ៤-៥លានគ្រាប់ទៅ។ បាញ់ទៅដាក់ឱ្យធ្លាក់មើល។ ខ្ញុំជូន ២០ម៉ឺនដុល្លារក្នុងមួយគ្រឿង។ អាលីលើស្មាកាំជ្រួចសំរាប់(ប្រដេញ)។ យើងមិនចាំបាច់ប្រើកាំជ្រួចធំដែលសមត្ថភាពបាញ់បានរហូត ៤៨គីឡូម៉ែត្រ។ មិនចាំបាច់យកកម្រិតហ្នឹងទៅទេ។ ហ្នឹងផ្នែកការពារអាកាស។ និយាយត្រង់អញ្ចឹងតែម្ដង។ បាញ់ឡើងលើបានប៉ុន្មាន បាញ់ទៅចំហៀងអញ្ចេះ ៤៨គីឡូ យើងអាចបាញ់។ យើងក៏មានសមត្ថភាពនៃអាវុធដែលយើងអាចបាញ់ជិត ៤០០គីឡូម៉ែត្រដែរ។

មេបញ្ជាការស្ដីទីទ័ពជើងគោកនិងអគ្គបញ្ជាការ ត្រូវដឹកនាំបញ្ជូនកងកាំភ្លើងធំ កងការពារអាកាស

វង្ស ពិសេន ត្រូវតែដាក់បទបញ្ជាម៉ឺងម៉ាត់។ ឆៃ ស៊ីណារិទ្ធ ត្រូវដាក់បញ្ជាទៅប៉ូលីស ប៉ុន្តែអាវុធធុនធ្ងន់គឺនៅនឹងពួកទ័ពទេ។ ពួកហ្នឹងក៏មានដែរ កាំភ្លើងយន្ត ១២,៧ … បាញ់ទៅ។ ខានបាញ់យូរហើយ។ បាញ់ទៅក្រែងលោគ្រាប់វាស្អុយ។ បាញ់ទៅវាមិនធ្វើឱ្យខ្មែរក្រទេ … យប់មិញ រវល់តែធ្វើការនៅឯណោះ មេទ័ពអត់រាយការណ៍ទេ ទៅជា Fresh News រាយការណ៍ទៅវិញ។ ឥឡូវភ្ជាប់ទូរស័ព្ទ។ អាឈាន មានតើជាមួយខ្ញុំហ្នឹង។ ប្រធានយោធភូមិភាគទី១ ចាំសួរ អាឈាន ផ្ទាល់ទៅមើល។ យ៉ាងម៉េចបានជាមិនបញ្ជាឲ្យបាញ់? ចាំពេលណាទៀត? ទាល់តែគេវាយដល់ផ្ទះបានវាបាញ់ម៉េច? ស្លូតពេកហើយ​។ ដល់អញ្ចឹងមិនចាំបាច់បញ្ជាអីម្នាក់ម្ដងទេ។

បញ្ជាម្ដង(តាមchannel Telegram) អ្នកចូលស្ដាប់ ៨៤ម៉ឺននាក់បណ្ដោយទៅ។ បញ្ជាចេញទៅអញ្ចឹងតែម្ដង។ ថ្ងៃនេះបញ្ជាឲ្យមនុស្សទាំង ១៧លាននាក់លឺតែម្ដងទៅ។ បាញ់យកតែម្ដង ហើយកុំចាំតែរ៉ុក្កែតរត់ដេញ កាំភ្លើងគ្រប់ធុន ១២មីល្លីម៉ែត្រ វាសម្បូរបែបណាស់ បញ្ជូនឡើងទៅ … សូមបញ្ជាក់បន្តិចចុះ … ខ្ញុំជាមេទ័ពម្នាក់។ តែនិយាយរឿងទ័ពអត់មានរញ៉េរញ៉ៃទេ ហើយសុំកុំឲ្យខ្ញុំបញ្ជាដល់ទៅប្រធានខេត្តនិងប្រធានយោធភូមិភាគ។ យកការទទួលខុសត្រូវ។ ឥឡូវ​មេបញ្ជាការស្ដីទីកងទ័ពជើងគោកធ្វើអី? មេជើងគោកវាសុំច្បាប់ឈប់ពិសេសដើម្បីធ្វើការងារទាក់ទងនឹងការឃោសនាបោះឆ្នោត។ វាអត់បញ្ជាទ័ពទេ​​។ ប៉ុន្តែមេបញ្ជាការស្ដីទីនោះនិងអគ្គបញ្ជាការ បញ្ជូនទៅកងកាំភ្លើងធំ កងការពារអាកាសរបស់យើង ក្រៅពីអង្គភាពអង្គរក្សដែលបានហ្វឹកហាត់ ពួកនេះគឺអាវុធរបស់វារុញឡើងទៅភ្លាមទៅ។ វាមានទៅពិបាកស្អី? ចល័តទៅ។ ទៅថែមមួយម៉ឺននាក់ទៀតក៏ថែមទៅ។

(១៣) រដ្ឋាភិបាលនៃប្រទេសផ្តល់មូលដ្ឋានប្រតិបត្តិការដ្រូនប្រឈមរងគ្រោះពីដ្រូនភេរវកម្ម

រឿងវាកើតនៅក្នុងប្រទេសវៀតណាមឯណោះទេ។ វាមានកម្លាំងនោះវាយឆ្មក់ចូលទៅឃុំ(មួយនៅវៀតណាម)។ ទិសដៅរបស់គេ បើវាយកាន់កាប់បានគឺកាន់កាប់ តែបើកាន់កាប់មិនបានទេគឺរត់ចូលមកទឹកដីខ្មែរ។ ច្បាស់ណាស់ថា ដ្រូនហ្នឹងមករកគោលដៅទំនាក់ទំនងនឹងអ្នកនៅខាងក្រោម។ ឲ្យថ្មើរជើងរុករកអាខាងក្រោមនេះ វាមិនលែងមានសល់កាកសំណល់ស្អីតាមហ្នឹង។ រកវានៅខាងក្រោម។ សូមដាក់បទបញ្ជាម៉ឺងម៉ាត់នៅក្នុងការវាយពួកនេះម្ដង។ ខ្ញុំចង់ដឹងណាស់ តើវាមកពីណាពិតប្រាកដ? បើតែរបៀបហ្នឹង ប្រទេសណាដែលផ្ដល់(ដ្រូននិងមូលដ្ឋានប្រតិបត្តិការដ្រូន)ហ្នឹង … ប្រទេសហ្នឹងបន្តិចទៀត(អាចនឹង)រងគ្រោះដោយភេរវកម្ម គឺដ្រូនវាយតែម្ដង។ ដ្រូនហ្នឹងវានៅក្នុងប្រទេសនោះ ហើយបើរដ្ឋាភិបាលគ្រប់គ្រងមិនបានទេ ដ្រូនហ្នឹងនឹងវាយរដ្ឋាភិបាលក្នុងប្រទេសនោះតែម្ដង។

(១៤) សន្តិសុខជាតិមិនមែនរឿងសាមញ្ញ មានសន្តិសុខល្អ មានអ្នកវិនិយោគ

លើកករណីរុស្សីជាក់ស្ដែង អនុញ្ញាតឲ្យមានកម្លាំងទាហានស៊ីឈ្នួល។ នេះគ្រាន់បើដែលទាហាននេះមិនរុលទៅមុខ។ រុលទៅមុខបន្តិចទៀតយក Kremlin បាត់។ មានអ្នកណាទប់? ទាហានរវល់ទៅខាងមុខអស់។ តែនោះចេះដកថយ។ ឥឡូវដូចទៅដល់ Belarus។ គ្រាន់តែឲ្យមានសន្តិសុខឯកជន កម្ពុជាក៏តាមពិនិត្យហ្មត់ចត់ដែរ អត់មានធ្វេសប្រហែសទេ។ រឿងសន្តិសុខជាតិមិនមែនរឿងសាមញ្ញទេ ហើយរក្សាសន្តិសុខជាតិរបស់យើងល្អហើយ ទើបមានអ្នកវិនិយោគមកវិនិយោគក្នុងប្រទេសរបស់យើង។ ប្រទេសណាដែលផ្ដល់ឱកាសឲ្យដ្រូន ឬយន្តហោះគ្មានមនុស្សបើក ហើយដែលផ្នែកណាមួយគប់គិតធ្វើរឿងហ្នឹង ហើយរដ្ឋាភិបាលមិនដឹង បន្តិចទៀត វានឹងបកក្បាលទៅវាយក្នុងប្រទេសនោះតែម្ដង។ យើងដកពិសោធន៍លើរឿងមួយនេះ តែប្រយ័ត្ននៅពេលរឿងក្រោយទៀត។

(១៥) មិនមែនដ្រូនវៀតណាម, ពួកបាក់ទ័ពចូលមកតំបន់ស្រែពក, បង្កើនកម្លាំងរុករក

ខ្ញុំអំពាវនាវប្រទេសនានាពិនិត្យមើល នេះជាការបំពានទាំងស្រុងទៅលើឯករាជ្យ អធិបតេយ្យភាពរបស់កម្ពុជា។ យើងសួរទៅវៀតណាមៗអត់ដឹង។ ហើយវៀតណាមគាត់មានផលប្រយោជន៍អី ដែលហោះដ្រូនមកដោយមិនជូនដំណឹងមកកម្ពុជា ហើយត្រូវចូលមកកម្ពុជា? កម្ពុជាមានសមត្ថភាពដើម្បីជួយពួកគាត់រុករក។ បើគាត់ហោះអីហោះក្នុងដីគាត់ទៅ។ តែខ្ញុំជឿថាមិនមែនរបស់វៀតណាមទេ។ វៀតណាមគេមានកម្លាំងរុករក គេមានកងពលពិសេសមួយនៅនោះ។ ក្រុមនោះប្រុងទៅបើកឃ្លាំងរបស់កងពលពិសេសនោះទៀត។ បើសិនវាយកអាវុធនៅកងពលពិសេសនោះបានគឺវៀតណាមមានរឿងកាន់តែធំ។ វៀតណាមចាប់ពួកនេះមិនទាន់អស់ទេ។ ដំណឹងដំបូងមកថាអាពួកបាក់ទ័ពមកនៅស្រែពកនេះ …​ ហើយចល័តក្បែរៗយើង ដោយសារតែយើងខ្វះការយកចិត្តទុកដាក់។ ឥឡូវបង្កើនកម្លាំងរុករក តែសំខាន់បំផុតចាប់ពីយប់នេះទៅគឺត្រូវតែបាញ់ ហើយត្រូវរាយការណ៍ឲ្យខ្ញុំ។ កុំបារម្ភថា យប់ហើយនាយករដ្ឋមន្រ្តីត្រូវដេក កុំបារម្ភឲ្យសោះ វាយមក វាយម៉ោងប៉ុន្មានក៏ដោយ រឿងទ័ព រឿងសន្តិសុខជាតិ គឺខ្ញុំមានការគិតគូរខ្ពស់ណាស់ទៅលើបញ្ហានេះដើម្បីធានាជីវិតប្រជាជន។ ថ្ងៃនេះ បាននាំមកសម្រាប់កម្មករ/ការិនី និងបុគ្គលិក ចំនួន ១៨ ៣១៣ នាក់ ក្នុងម្នាក់ៗថវិកា​ ២ម៉ឺនរៀល គ្រាន់នឹងថវិកាដាក់កាតទូរស័ព្ទទេក្មួយៗ … មកតាំងពីយប់ មានទាន់បានបបរឯណា និយាយមិនកេះយ៉ាងម៉េច តែអ្នកខ្លះក៏មិនទាន់កេះដែរ ព្រោះអត់ឃ្លាន … ម្សិលមិញនេះទៅពីហ្នឹងទៅវាយកូនគោល។ ក្បែរល្ងាចហើយហ្នឹង សល់តែមួយឡូទៀតសោះវាភ្លៀងនោះភ្លៀង អញ្ចឹងវាយតែ ៨ឡូ។ ភ្លៀងតាមរករឿង ៣ថ្ងៃជាប់គ្នា។ តែល្ងាចនេះមានជួបភ្ញៀវ។ ម្សិលម្ងៃជួបភ្ញៀវ ម្សិលមិញទំនេរ ល្ងាចនេះជួបភ្ញៀវ។ ស្អែកទំនេរ។ គិតរកកាត់សក់បន្តិច ត្រៀមបើកយុទ្ធនាការនិងខួបគណបក្ស ថ្ងៃទី១ ខែកក្កដា ខានស្អែកមួយ … ដែលត្រូវអានសារនយោបាយ។ ដាក់ចេញគោលនយោបាយ ហើយហែក្បួនយកតែម្ដង។ ចំពោះកម្មការិនីមានផ្ទៃពោះ ៥៨៣នាក់ ក្នុងម្នាក់ថវិកា ២០០ដុល្លារបន្ថែមទៀត។ ជូនក្រុមគ្រូពេទ្យប្រចាំការ ៣ លានរៀល ជូនក្រុមតន្រ្តីសម័យថវិកា ៥លានរៀល។ ក្មួយៗកម្មករ/ការិនីថែទាំសុខភាព ថែទាំផ្ទៃពោះ ពិនិត្យឲ្យល្អ ខែ៨នេះ ក្មួយៗនឹងទទួលបានអត្ថប្រយោជន៍បន្ថែម គឺនៅពេលក្មួយៗឆ្លងទន្លេហើយ ក៏គេតាមជួយចិញ្ចឹមរយៈពេល ២ឆ្នាំទៀត។ ក្មួយៗណាចាប់ផ្ដើមមានផ្ទៃពោះ គេជួយ៤ដង ដល់ទៅឆ្លងទន្លេគេជួយម្ដង ដល់ក្រោយឆ្លងទន្លេគេជួយ១០ដងទៀត ដើម្បីឲ្យកូនយើងឆ្លាត ជួយកាត់បន្ថយអត្រាមរណៈមាតានិងទារកម្ខាង ឯម្ខាងសំខាន់ឥឡូវនេះពាក់ព័ន្ធនឹងអាហារូបត្ថម្ភមាតា និងទារកនោះឯង ដែលយើងចង់ឲ្យក្មេងជំនាន់ក្រោយមានសុខភាពល្អ កុំបាក់ទឹកដោះ។ ជាមួយការបញ្ចប់ជូនពរចំពោះអ្នកចូលរួមទាំងអស់ ពិសេសកម្មករ/ការិនី សូមទទួលបានសេចក្ដីសុខ សេចក្ដីចម្រើន ជាមួយពុទ្ធពរ និងពរទាំង៥ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ