សំណួរសំណេះសំណាល
សុខសប្បាយទេ? អម្បាញ់មិញនេះឡើងធូរខ្សែក្រវាត់អស់មួយកាំ … មុនចាប់ផ្ដើម ចង់សួរសំណួរខ្លះ ទី១ ចង់សួរថា កាលពីឆ្នាំ២០១៨ យើងជួបគ្នានៅទីនេះ ក្នុងចំណោម ១៨ ០០០ នាក់ជាងនេះមានប៉ុន្មាននាក់ដែលធ្លាប់ជួបនៅពេលនោះ ពេលនេះបានមកជួបសាជាថ្មី លើកដៃមើលមានប៉ុន្មាននាក់?(ច្រើនតើ)។ តើពូក្នុងឆ្នាំ២០១៨ មកដល់ឥឡូវ ចាស់ឬក្មេងជាងមុន?(សើច)។ អ្នករៀបការក្រោយឆ្នាំ២០១៨ មានប៉ុន្មាននាក់? អញ្ចឹងបានសេចក្ដីថាកម្មករ/ការិនីរបស់យើងបានរៀបការតាំងមុនឆ្នាំ២០១៨ មានចំនួនច្រើនជាង។ តើទទួលទាននំប៉័ង និងទឹកក្រូចមានប៉ុន្មានទៅលើកដៃបន្ដិចមើល! បើលេងក្រោកតាំងពីម៉ោងប៉ុន្មាននោះមក( ម៉ោង ១ ២ ៣)អ្នកមកពីភ្នំពេញប្រហែលប៉ុណ្ណឹងដែរមើលទៅ។ ខ្ញុំក្រោកក្រោយបន្ដិច តែយើងបានមកតាមខាងលើ … ចង់សួរសំណួរបន្ដិច … អ្នកដែលមានទូរស័ព្ទប្រើក្នុងចំណោមអ្នកចូលរួមរបស់យើងមានប៉ុន្មានទៅ សូមលើកដៃ? អ្នកអត់មានទូរស័ព្ទប្រើមានប៉ុន្មាន? ឥឡូវចង់សួរថាហេតុអ្វីមិនមានទូរស័ព្ទប្រើនឹងគេ? មិនចង់ប្រើ? អូ! អញ្ចឹងមានតើ គ្រាន់តែមួយស្មាតហ្វូន មួយទូរស័ព្ទធម្មតា …។
(១) ៥ឆ្នាំកន្លង ដោះស្រាយការងារនិងរក្សាសន្តិសុខ សុវត្ថិភាព សិទ្ធការងារ ប្រាក់ឈ្នួល
ខ្ញុំបានវិលមកខេត្តកំពង់ចាមសាជាថ្មីម្ដងទៀត ចំទីកន្លែងដែលយើងបានជួបគ្នាកាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨។ បើគិតមកដល់ពេលនេះគឺមានរយៈពេលជាង៥ ឆ្នាំហើយ។ ខ្ញុំមានការរីករាយដែលឃើញថា អ្វីដែលយើងខិតខំកសាងក្នុងរយៈពេលកន្លងទៅនៃរោងចក្រ/សហគ្រាសសម្រាប់ផលិតកម្មក្នុងប្រទេស ជាមួយនឹងការដោះស្រាយការងារធ្វើសម្រាប់ប្រជាជននៅទីជនបទ រក្សាទុកដោយគ្មានការប្រែប្រួល បន្ថែមទៅដោយស្ថានភាពកាន់តែល្អប្រសើរឡើងនៅក្នុងការដោះស្រាយបញ្ហាសន្ដិសុខ សុវត្ថិភាព សិទ្ធិការងារ ក៏ដូចជាប្រាក់ឈ្នួលរបស់កម្មករ/ការិនីរបស់យើង។ យើងបានឃើញហើយថា៥ ឆ្នាំ កន្លងទៅ ជារយៈពេលដ៏លំបាកលំបិនមួយសម្រាប់យើង។ ជំងឺកូវីដ-១៩ បានយាយី ធ្វើអោយមានកង្វល់យ៉ាងធំ ជាពិសេសគឺកម្មករ/ការិនី នៅក្នុងរោងចក្រតែម្ដង។
(២) ស្រុកបាធាយ ជើងព្រៃ ព្រៃឈរ កំពង់សៀម ទទួលវ៉ាក់សាំងជោគជាំបន្ទាប់ពីភ្នំពេញនិងកណ្តាល
ខ្ញុំនៅចាំបានថា ឯកឧត្តម អ៊ុន ចាន់ដា បានស្នើសុំវ៉ាក់សាំងយកមកចាក់ ប៉ុន្ដែខ្ញុំបានប្រាប់មកវិញថា ត្រូវស្រោចនៅទីក្រុងភ្នំពេញនិងខេត្តកណ្ដាលឲ្យជោគជាំសិន។ បន្ទាប់ទៅយើងក៏មកស្រោចនៅស្រុកជើងព្រៃ ស្រុកបាធាយ ព្រៃឈរ កំពង់សៀម។ បួនស្រុកហ្នឹងគឺស្រោចឲ្យជោគ។ វិធីចាក់វ៉ាក់សាំងរបស់យើងខុសពីប្រទេសដទៃ។ ប្រទេសដទៃគេចែកវ៉ាក់សាំងទៅតាមសមាមាត្រប្រជាជន។ ឧទាហរណ៍ថាបានវ៉ាក់សាំង ស្មើនឹង ២០% អញ្ចឹងគេចែក ២០% ទៅតាមខេត្តដែលមានប្រជាជនដោយទទួលបាន ២០% ស្មើគ្នា។ សម្រាប់កម្ពុជា យើងត្រូវស្រោចកន្លែងមួយៗឲ្យស៊ាំសហគមន៍តែម្ដង។ ប្រសិនបើ១០០ នាក់ ចាក់បានតែ២០ នាក់ សួរថាតើភាពស៊ាំសហគមន៍បានមកពីណា? កម្មកររោងចក្ររបស់យើងក្នុង១០០ នាក់ ចាក់បានតែ២០ នាក់ តើ៨០ នាក់ទៀតយ៉ាងម៉េចដែរ? តើ ៨០ នាក់ខ្លាំងជាង ២០ ឬ ២០ នាក់ខ្លាំងជាង ៨០នាក់?
កម្មករ/ការិនី ប្រជាពលរដ្ឋ អនុវត្ដតាមវិធានការសុខាភិបាលនិងទទួលយកវ៉ាក់សាំងកូវីដ-១៩
យើងបានដោះស្រាយកង្វល់ទាំងនេះ។ ខ្ញុំសូមយកឱកាសនេះ ថ្លែងអំណរគុណចំពោះកម្មករ/ការិនី ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ ដែលបានទទួលយកនូវវិធានការរបស់រាជរដ្ឋាភិបាល របស់ក្រសួងសុខាភិបាល ទៅលើវិធានការសុខាភិបាលនានា ក៏ដូចជាទទួលការចាក់វ៉ាក់សាំង។ ការចាក់វ៉ាក់សាំងនេះហើយ ដែលអនុញ្ញាតឲ្យក្មួយៗទាំងអស់បានមកជួបជុំពូនៅថ្ងៃនេះ។ ប្រសិនបើពេលនោះ គ្រប់គ្រងការចាក់ស្រោចវ៉ាក់សាំងមិនទាន់ពេលសម្រាប់ប្រជាជនកម្ពុជា មិនប្រាកដថាអ្នកទាំង១៨ ០០០ នាក់ អាចមកជួបពូបានគ្រប់ទាំង១៨ ០០០ នាក់ទេ។ អាចមានខ្លះ ឬប្រហែលជាពូក៏អាចស្លាប់ទៅបានដែរ ព្រោះកូវីដ-១៩ វាមិនដឹងអ្នកតូចអ្នកធំទេ។ ពូក៏ធា្លប់ឆ្លងកូវីដ-១៩ ដែរ ប៉ុន្ដែឆ្លងអាធុនស្រាល មិនឆ្លងជំនាន់ឆ្លងអា Delta ដែលឆក់យកជីវិតប្រជាជនកម្ពុជាយើង៣ ០៥៦ នាក់ ក្នុងរយ
ៈពេលដ៏ខ្លី។ ខ្ញុំសូមយកឱកាសនេះអរគុណម្ចាស់រោងចក្រក៏ដូចជាកម្មករ/ការិនីក៏ដូចជាប្រជាពលរដ្ឋកម្ពុជាទាំងអស់ ដែលទទួលយកនូវវិធានការសុខាភិបាល ៣ កុំ ៣ ការពារ ជាមួយនឹងការទទួលការចាក់វ៉ាក់សាំង។
វ៉ាក់សាំងបង្កើតភាពស៊ាំសហគមន៍ អាចអោយយើងបើកប្រទេសឡើងវិញ
ឥឡូវនិយាយដល់បញ្ហាហ្នឹង សុំសួរថាអ្នកចាក់វ៉ាក់សាំងហើយមានប៉ុន្មានសូមលើកដៃ? អ្នកអត់ចាក់វ៉ាក់សាំងតើមានប៉ុន្មានទៅ?(អត់មានទេ)។ ហេតុអីបានលោក ហ៊ុន សែន សួរអ្នកអត់បានចាក់វ៉ាក់សាំង? បញ្ហាមិនស្ថិតនៅត្រង់ថាក្មួយៗ ឬប្រជាពលរដ្ឋរបស់យើងស្ម័គ្រចិត្ត ឬមិនស្ម័គ្រទេ។ ប្រជាពលរដ្ឋរបស់យើងចង់បានការចាក់វ៉ាក់សាំងប៉ុន្ដែករណីខ្លះគ្រូពេទ្យហាមចាក់។ គ្រូពេទ្យនៅក្នុងដំណាក់កាលនោះ ក៏នៅមានភាពមិនច្បាស់លាស់។ ដំណាក់កាលដំបូង នៅពេទ្យព្រះកេតុមាលាគឺពេទ្យយោធាផង យើងចាក់ឲ្យក្រុមយោធា កងទ័ព និងគ្រួសារកងទ័ព។ ប្រហែលជា៤០% ដែលអត់បានចាក់។ ដល់សួរបញ្ជាក់ទៅ គឺគ្រូពេទ្យមិនឲ្យចាក់ ព្រោះពេទ្យក៏មិនច្បាស់ អ្នកទទួលវ៉ាក់សាំងក៏មិនច្បាស់។ ក្រោយមកសម្តេចពិជ័យសេនា ទៀ បាញ់ បានសួរបញ្ជាក់។ គេថាជំងឺហឺតហាមចាក់វ៉ាក់សាំង។ ប៉ុន្តែមិនមែនបានសេចក្តីថា អ្នកដែលធ្លាប់កើតហឺត ត្រូវហាមទាំងស្រុងទេ។ គេហាមតែពេលកំពុងហឺតតែប៉ុណ្ណឹងទេ។ បន្ទាប់ពី(ហឺត)ហ្នឹងទៅ អាចចាក់វ៉ាក់សាំងបាន។ ការចាក់វ៉ាក់សាំង(បង្កើតភាពស៊ាំសហគមន៍) ធ្វើអោយយើងជោគជ័យក្នុងការគ្រប់គ្រងកូវីដ-១៩ និងអនុញ្ញាតឲ្យយើងបើកប្រទេសឡើងវិញ។ ពីមុន យើងប៉ះពាល់គ្នាអត់បានទេ។ អម្បាញ់ម៉ិញហ្នឹងមិនត្រឹមតែប៉ះទេ គឺថា selfie ប៉ះគ្នា អោប ហើយថើបទៀត។
មិនមែនជាមេដឹកនាំនិងប្រជាពលរដ្ឋ តែដូចជាឪពុកឬសាច់ញាតិក្នុងគ្រួសារ
ខ្ញុំធ្លាប់និយាយម្តងហើយនៅពោធិសែនជ័យ កាលពីទៅកងពល(តូចលេខ) ៧០ គេមានសារមន្ទីរមួយ។ មើលរូបថត។ គេដាក់រូប២។ រូបមួយ គឺពូចុះទៅជួបជាមួយកម្មករ។ កម្មករចាប់ថើប។ ឯរូបមួយទៀត គឺ ហ៊ុន ម៉ាណែត ដែលជាកូន។ យាយៗចាប់ថើប។ អញ្ចឹងទេ ចំណងជើងខាងលើគេដាក់ ថ្ពាល់ផ្អែមសន្តិភាព។ កូនមួយនោះឥឡូវដើរតែតាមវត្ត។ ប៉ុន្តែគេផ្តាំត្រឡប់មកវិញថា … update ឲ្យពុកផង គេបានទាំងកាកស្លា ហើយបានទាំងក្រែមទៀត។ ខ្ញុំសូមអរគុណជាមួយនឹងការស្រឡាញ់រាប់អានរបស់ក្មួយៗចំពោះពូ។ នេះមិនមែនជាទំនាក់ទំនងធម្មតារវាងមេដឹកនាំជាមួយនឹងប្រជាពលរដ្ឋនោះទេ។ ក្មួយៗបានចាត់ទុកពូដូចជាឪពុក ដូចជាសាច់ញាតិក្នុងគ្រួសារ ឬដូចជាតា។ ពូអរគុណ ឥឡូវពូឈប់ហៅអ៊ំ ហៅតា ខ្លាចចាស់ខ្លួនឯងដែរ ទៅដើរថ្ងៃមុនចេះតែនិយាយចៅៗ យី! ដូចជាចាស់ពេកហើយ មិនទាន់ទៅណាទេ ឥឡូវនិយាយត្រឹមពូបានហើយ។ ពូក្មួយៗអញ្ចឹងទៅរាងក្មេងតិច ព្រោះម្នាក់ៗថា ឃើញផ្ទាល់ដូចនៅក្មេង ឃើញតាមទូរទស្សន៍ឃើញចាស់។
ការរីកចម្រើនទាំងអស់មានការរួមចំណែកពីជីដូនជីតា ឪពុកម្តាយរបស់កម្មករ/ការិនី
អម្បាញ់មិញគ្រូពេទ្យប្រចាំការក្នុងអង្គពិធីបន្លំចូលថតបាន។ បន្តិចទៀតច្បាស់ជាអ្នកថតទូរទស្សន៍។ ពួកសិល្បៈក៏ទៅបន្លំថតជាមួយ។ មានអីថតបាន។ អត់មានបញ្ហាទេ។ ប៉ុន្តែអ្នកសិល្បៈអាណិតសុំកុំថើប ប្រយ័ត្នតែគេរករឿង។ ពួកនេះពួកចង្រៃ ឲ្យតែឃើញអីរករឿងរហូត។ ក្មួយៗគឺផ្តល់នូវការស្រឡាញ់រាប់អាន ក្នុងឋានៈម្ខាងជាមេដឹកនាំ តែម្ខាងទៀតដូចជាសាច់ញាតិដែលយើងបានរួមរស់នៅជាមួយគ្នា។ ក្មួយៗខ្លះអាយុក្រោម ៤៤ ឆ្នាំ ឬក៏ឥឡូវហ្នឹងទើបនឹង២០ ឆ្នាំជាង។ ប៉ុន្តែជីដូនជីតារបស់ក្មួយៗ ឪពុកម្តាយរបស់ក្មួយៗបានរួមដំណើរជាមួយពូធ្វើសកម្មភាពរំដោះប្រទេស ស្តារប្រទេសឡើងវិញ និងការរស់រានមានជីវិតឡើងវិញ … ទោះបីពួកគាត់នៅមានជីវិតឬមរណកាលហើយក្តី ក្មួយៗត្រូវចាំថា អ្វីដែលកើតមាននៅលើទឹកដីកម្ពុជាបច្ចុប្បន្ន ការរីកចម្រើនទាំងអស់ មានការរួមចំណែករបស់ជីដូនជីតា ឪពុកម្តាយរបស់ក្មួយៗនោះឯង។
(២) កំពង់ចាមមានរោងចក្រ/សហគ្រាស៥១០ កម្មករ៣៦០០០ ប្រាក់ឈ្នួល១១១ លានដុល្លារអាមេរិក/ឆ្នាំ
ប្រសិនបើយើងមិនបានរួមគ្នានោះទេ សង្គ្រាមនៅបន្ត ខ្មែរក្រហមអាចនៅបន្តកាប់សម្លាប់ប្រជាពលរដ្ឋ ហើយការអភិវឌ្ឍក៏មិនបានមកដល់ពេលនេះដែរ។ ស្ថានភាពនោះ មិនមែន(កើតឡើងដោយសារតែ)ទំនាក់ទំនងរវាងមេដឹកនាំជាមួយនឹងក្មួយៗទាំងអស់គ្នានៅទីនេះទេ ក៏ប៉ុន្តែដោយសារទំនាក់ទំនងជាគ្រួសារ ទំនាក់ទំនងដែលយើងធ្វើការរួមគ្នារំដោះប្រទេស ពន្លត់ភ្លើងសង្គ្រាម នាំមកនូវសន្តិភាពនិងការអភិវឌ្ឍ។ ឯកឧត្តម អ៊ិត សំហេង បានធ្វើរបាយការណ៍ហើយ ពាក់ព័ន្ធនឹងវឌ្ឍនភាពនៅក្នុងខេត្តកំពង់ចាម ដែលក្នុងនេះក៏បានកត់ត្រាអំពីសហគ្រាសនានា និងប្រាក់ចំណូលសម្រាប់ប្រជាជននៅក្នុងខេត្ត។ នៅទូទាំងខេត្តកំពង់ចាម មានរោងចក្រ/សហគ្រាសចំនួន៥១០ រោងចក្រ/សហគ្រាស មានកម្មករ៣៦ ០០០ នាក់ ប្រាក់ឈ្នួលសរុបមួយឆ្នាំ ១១១ លានដុល្លារអាមេរិក ក្នុងនោះវិស័យកាត់ដេរមានរោងចក្រចំនួន២១ កម្មករ និយោជិតជាង២៥ ០០០ នាក់ មានប្រាក់ឈ្នួលប្រមាណជា៧៩ លានដុល្លារ។
១៩៩៩/២៤ឆ្នាំមុន អនុវត្តគោលនយោបាយពង្រាយរោងចក្រតាមខេត្ត ចៀសវាងចំនាកស្រុករកការងារ
ការដោះស្រាយការងារធ្វើសម្រាប់ក្មួយៗនៅទីជនបទ បើយើងគិតតាំងពីឆ្នាំ១៩៩៩ មកដល់ឥឡូវ វាជាការចង្អុលទិសមក២៤ ឆ្នាំហើយ។ ពូនៅចាំបានថា វេទិការាជរដ្ឋាភិបាលនិងវិស័យឯកជន ប្រជុំនៅសណ្ឋាគារ Intercontinental ចំនួន២ លើក បន្ទាប់ទៅបានទៅប្រជុំនៅវត្តភ្នំ។ យើងបានចង្អុលទិសថា មិនគ្រាន់តែទាក់ទាញវិនិយោគសម្រាប់ទីក្រុងភ្នំពេញទេ ក៏ប៉ុន្តែត្រូវមានការរៀបចំពង្រាយរោងចក្រទៅបណ្តាខេត្តដើម្បីចៀសវាងនូវការធ្វើចំណាកស្រុកចេញពីខេត្តទៅកាន់រាជធានីភ្នំពេញ ឬចេញពីខេត្តមួយទៅកាន់ខេត្តមួយរកការងារធ្វើ។ តាំងពីពេលនោះមក អ្នកវិនិយោគក៏មានវត្តមានជាបន្តបន្ទាប់នៅតាមបណ្តាខេត្ត។ កំពង់ចាមបានចាប់ផ្តើមពីរោងចក្រតម្បាញមុនគេ ដោយក្រុមហ៊ុន Manhattan។
២០០៣ កំពង់ចាមផ្គត់ផ្គង់សម្លៀកបំពាក់ពេទ្យប្រឆាំងជំងឺ SARS
ពេលដែលជំងឺសារស៍(SARS)ផ្ទុះឡើងនៅឆ្នាំ២០០៣ កម្ពុជាជាអ្នកផ្គត់ផ្គង់សម្លៀកបំពាក់សម្រាប់គ្រូពេទ្យការពារជំងឺសារស៍ធំជាងគេ។ យើងនាំចេញពីកំពង់ចាមទៅផ្គត់ផ្គង់។ មានទាំងរោងចក្រផលិតផលម៉ាក DuPont ផង។ ពេលដែលផ្ទុះកូវីដ-១៩ កម្ពុជាបាននាំចេញម៉ាស ពីកំពង់ចាមផង ពីស្វាយរៀងផង តាមខេត្តមួយចំនួនទៀតផ្គត់ផ្គង់ឲ្យទីផ្សារនៅក្រៅប្រទេស។ ខ្ញុំស្គាល់ម្ចាស់រោងចក្រច្បាស់។ ជួបគ្នានៅញូវយ៉កក៏អញ្ជើញគាត់មកវិនិយោគនៅស្រុកខ្មែរ។ គាត់មានរោងចក្រតំបន់សេដ្ឋកិច្ចពិសេសនៅឯកំពង់ចាមមួយកន្លែងនិងនៅបាវិតមួយកន្លែងទៀត ដែលផ្គត់ផ្គង់ម៉ាសទៅបណ្តាប្រទេសដែលត្រូវការម៉ាសការពារខ្លួន។
រហូតលើកលែងវិធានការណ៍សុខាភិបាល/ការធ្វើតេស្តមុន ទើបអាចជួបកម្មករ/ការិនីឡើងវិញ
ពូចង់មកជួបក្មួយៗតាំងពីឆ្នាំ២០២០ ដើម្បីពិនិត្យមើលវឌ្ឍនភាព(នៃកិច្ចការដែលយើងបានដាក់ចេញ) កាលពីពេលជួបសន្ទនាគ្នាឆ្នាំ២០១៨។ យើងមិនអាចធ្វើទៅបាន ដោយសារឆ្នាំ២០២០ ផ្ទុះកូវីដ-១៩។ ២០២១ វាកូវីដ-១៩ ទៀត។ ២០២២ កូវីដ-១៩ ទៀត។ ដល់២០២៣ វានៅបន្តកូវីដ-១៩។ ទោះបីវាថយ ក៏ប៉ុន្តែយើងនៅបន្តវិធានការសុខាភិបាល។ យើងមិនទាន់ដកចេញនូវវិធានការណ៍ធ្វើតេស្ត មុននឹងអនុញ្ញាតឲ្យមានការជួបគ្នាបែបនេះ។ បើពូមកជួបក្មួយៗ នៅក្នុងដំណាក់កាលកូវីដ-១៩ ដែលមិនទាន់លើកលែងនូវការតម្រូវឲ្យមានការធ្វើតេស្តជាមុន … យើងត្រូវប្រើគ្រូពេទ្យប៉ុន្មាន? ឧបករណ៍ធ្វើតេស្តប៉ុន្មាន? …។
ក្រោយបោះឆ្នោត មុនបង្កើតរដ្ឋាភិបាល បន្តជួបកម្មករ ៥ ទៅ ១០ កន្លែងទៀត
បើជ្រុលតែបានធ្វើហើយ តែខ្ញុំសូមស្នើឯកឧត្តម អ៊ិត សំហេង ថា យើងត្រូវបន្ត។ យើងមានពេល។ តាមការគិតគូររបស់ខ្ញុំ ក្នុងពេលយុទ្ធនាការបោះឆ្នោតយើងផ្អាកត្រឹមហ្នឹងសិន។ ពេលដែលបោះឆ្នោតហើយ យើងចាប់ផ្តើមឡើងវិញ។ បើសិនចុះទៅតាមរោងចក្រក្នុងពេលយុទ្ធនាការបោះឆ្នោត មានការផ្តល់លុយផ្ដល់កាក់សម្រាប់អ្នកមានផ្ទៃពោះ ឬក៏មានម្ហូបអាហារ នំបុ័ង ទឹកក្រូច គេប្តឹងយើង។ អញ្ចឹងយើងត្រូវគោរពច្បាប់បោះឆ្នោត។ កាលពីមុនយើងជួបដល់៧៧ លើក មានកម្មករប្រមាណ១ លាននាក់។ ខ្ញុំស្នើថា បន្ទាប់ពីការជួប១៨ លើកនេះ យើងនៅសល់ប៉ុន្មានកន្លែងទៀត យើងអាចរក(ពេល)ជួបកម្មករ(ទាំងនោះ) ក្នុងរវាងក្រោយការបោះឆ្នោតដល់ការបង្កើតរដ្ឋាភិបាលថ្មី។ អាចទៅ៥ កន្លែង ឬ១០ កន្លែងអីទៀត។
ជួបដើម្បីដឹងពីស្ថានភាពសុខទុក្ខកម្មករ/ការិនី
ខ្ញុំទៅបាន ទោះបីក្រោយបោះឆ្នោត។ យើងមិនធ្វើនៅក្នុងយុទ្ធនាការបោះឆ្នោត។ ក្រោយបោះឆ្នោត វាអត់មានទាក់ទងនឹងការរកសម្លេងឆ្នោតទេ។ អ្វីដែលខ្ញុំចង់ដឹងគឺតើស្ថានភាពរបស់កម្មករ/ការិនីរបស់យើងយ៉ាងម៉េច? ខ្ញុំចង់ជួបជាមួយអ្នកទាំងអស់គ្នាដើម្បីដឹងសុខទុក្ខ។ ខ្ញុំមានការរីករាយពេលដែលខ្ញុំបានទៅ(ជួបពួកគេពី)កន្លែងមួយទៅកន្លែងមួយ បូករួមជាមួយនឹងការធ្វើសម្ភាសន៍ ដែលសុទ្ធតែមាននៅក្នុងការផ្សាយរបស់ទូរទស្សន៍ BTV តាមរយៈប្រព័ន្ធ Telegram និងតាមរយៈការផ្សព្វផ្សាយ(នានា)។ អ្នកខ្លះបានមើល(ការផ្សាយ)មួយចំនួនតាមប្រព័ន្ធ Digital ព្រោះគាត់អត់មានពេលដើម្បីនឹងមើលទូរទស្សន៍។ យើងមានពេលដើម្បីទាញយកបទសម្ភាសន៍ជាមួយនឹងកម្មករ/ការិនីដែលបានផ្សាយតាម Digital ជាប្រព័ន្ធ Telegram ជាស្អីៗហ្នឹងមកមើល។
ម្ចាស់រោងចក្ររៀបចំកន្លែងទទួលទានអាហារអោយកម្មករ
មានរូបភាពមួយនោះគួរឲ្យសើច។ អ្នកផ្តល់សម្ភាសន៍និយាយថា “សម័យសម្តេចពុក គេឲ្យបាយមួយពេលយ៉ាងស្រួល”។ រោងចក្រខ្លះ គឺម្ចាស់រោងចក្ររៀបចំបាយថ្ងៃត្រង់ឲ្យ។ ចាំសាកល្បងសួរបន្តិចមើល នៅទីនេះ មានប៉ុន្មានរោងចក្រ ដែលម្ចាស់រោងចក្ររៀបចំបាយថ្ងៃត្រង់ឲ្យ? … តើមានទេនៅកន្លែងយើង? … អញ្ចឹង នៅទីនេះមិនទាន់ឈានទៅដល់ហ្នឹងទេ។ ទៅតាមស្ថានភាពរបស់រោងចក្រនីមួយៗ។ រោងចក្រខ្លះបាយពេលថ្ងៃគឺម្ចាស់រោងចក្ររៀបចំបាយឲ្យតែម្តង។ ប៉ុន្តែរោងចក្រភាគច្រើនគឺម្ចាស់រោងចក្ររៀបចំកន្លែងទទួលទានអាហារ។ យើងដាំយកបាយខ្លួនឯងមក។ ខ្ញុំធា្លប់ទៅទទួលទានប៉ុន្មានដង រួចហើយបើហូបរបស់អ្នកណាគឺឲ្យលុយទៅអ្នកហ្នឹង។ គាត់មានដឹងថាយើងទៅហូបបាយជាមួយគាត់ឯណា។ ទៅដល់ សុំស៊ីផង។ ដល់ស៊ីជាមួយគាត់ អ្នកណាអ្នកដាំបាយហ្នឹង? ថារបស់អ្នកនេះ អញ្ចឹងទេជូនលុយទៅគាត់ទៅ …។
ម្ចាស់រោងចក្រអោយអ្នកមានកូនខ្ចីចេញ១ម៉ោងមុន
កាលពីមុន យើងចាប់ផ្តើមប្រញិបប្រញាប់ណាស់ កម្មករពេលសម្រាកបាយថ្ងៃត្រង់ ទៅសម្រាក ទៅហូបបាយនៅតាមចិញ្ចើមផ្លូវ នៅក្រៅរបងរោងចក្រក៏មាន។ ស្ថានភាពបែបនេះបើសិនជានៅសេសសល់ ក៏នៅតិចតួច។ បើនៅសេសសល់តិចតួច ក៏យកចិត្តទុកដាក់ដោះស្រាយ ធ្វើម៉េចឲ្យមានកន្លែងទទួលទានអាហារ។ ជាទូទៅភាគច្រើនគឺមានកន្លែងហូបបាយ ហើយមានកន្លែងបំបៅកូនទៀត។ តាមបទសម្ភាសន៍ BTV ផ្សព្វផ្សាយ រោងចក្រខ្លះ គេឲ្យអ្នកដែលមានកូនខ្ចីចេញមុន១ ម៉ោង មិនមែនចេញមុនត្រឹមតែ១៥ នាទីទេ។ គេឲ្យស្រ្តីដែលមានកូនខ្ចីចេញមុន១ ម៉ោង ដើម្បីទៅបំបៅកូន ទៅថែទាំកូន។ នេះជាការយល់គ្នារវាងម្ចាស់រោងចក្រជាមួយនឹងកម្មករ/ការិនី។ ជាការបង្កលក្ខណៈងាយស្រួល។ ដោយសារនៅទីនេះ មានរោងចក្រ៦ មកចូលរួម។ ក្នុងចំណោម ៦រោងចក្រនេះ មានប៉ុន្មានរោងចក្រដែលមានកន្លែងសម្រាប់ទទួលទានអាហារថ្ងៃត្រង់? … ស្ទើរតែគ្របដណ្តប់ទាំងអស់។ ឥឡូវរោងចក្រដែលមានកន្លែងបំបៅកូនមានប៉ុន្មានទៅ? …។
លែងមានការដួលសន្លប់កម្មករ/ការិនី ដោយមានការកែសម្រួលបរិយាកាសក្នុងរោងចក្រ
កាលពីមុន យើងធ្លាប់បានឮបន្តិចៗកម្មករនៅត្រង់នេះដួលសន្លប់ បន្តិចៗកម្មករនៅត្រង់នោះដួលសន្លប់ក៏ប៉ុន្តែស្ថានភាពនេះវាមិនមានទៀតទេ។ យើងបានយកចិត្តទុកដាក់ធ្វើការជាមួយនឹងម្ចាស់រោងចក្រដើម្បីកែសម្រួល អំពីបរិយាកាស តាំងពីខ្យល់អាកាសចូលអោយបានគ្រប់គ្រាន់។ ពេលខ្លះវាមានអុកស៊ី(ហ្សែន) ក៏បង្កើតឲ្យស្ថានភាពហ្នឹង។ ថ្ងៃមុនបានសួរម៉ែអាភ្លោះឪអាភ្លោះនៅតាកែវ។ មុនពេលដែលមានផ្ទៃពោះ គេឲ្យធ្វើការនៅកន្លែងមួយដែលវាអាចជាការដេរស្បែកជើងធម្មតា។ ពេលមានផ្ទៃពោះ គេឲ្យទៅធ្វើការកន្លែងមួយដែលការងារស្រាលជាង។ នេះហើយជាចំណុចល្អ។ សូម្បីតែរថយន្តរបស់រោងចក្រដឹកកម្មករត្រឡប់ទៅផ្ទះក៏មានការយោគយល់ដោយអោយអ្នកមានកូនភ្លោះហ្នឹងទៅអង្គុយក្នុង Cabin។ នេះបង្ហាញថាថៅកែបានយកចិត្តទុកដាក់ចំពោះកម្មករ អ្នកគ្រប់គ្រងរោងចក្រចំពោះកម្មករ ឯកម្មករក៏យល់ដឹងអំពីឆ្នាំងបាយរបស់ខ្លួននៅកន្លែងណា។
គោលនយោបាយប្រាក់សោធននិវត្តសំរាប់កម្មករ/ការិនី មិនមែនឆក់កណ្តៀតឬសន្យាខ្យល់
ថៅកែ/ម្ចាស់រោងចក្រយកចិត្តទុកដាក់សុខទុក្ខកម្មករ ឯកម្មករក៏ត្រូវខិតខំធ្វើការងារដើម្បីឲ្យទិន្នផលកើនឡើង។ ពេលដែលទិន្នផលកើនឡើង វាច្បាស់ជាមានចំណែកសម្រាប់ចែកផលត្រឡប់ទៅវិញសម្រាប់កម្មករ/ការិនី។ ការដាក់ចេញនូវនយោបាយប្រាក់សោធននិវត្តសម្រាប់កម្មករ/ការិនី ក្រោមច្បាប់ការងារនេះ ដែលបានចាប់ផ្តើមអនុវត្តនេះ គឺថ្ងៃក្រោយ ក្មួយៗដែលជាកម្មករ/ការិនី នៅពេលដែលយើងចាស់ទៅ ឈប់ធ្វើការ ក្មួយៗ មានបៀវត្សរ៍ចិញ្ចឹមខ្លួន … នេះជាការគិតគូរ មិនមែនប្រថុយប្រថានកញ្ឆក់កណ្តៀតបែបសន្យាខ្យល់នោះទេ។ គណបក្សប្រជាជនដឹកនាំរដ្ឋាភិបាលមានគោលដៅជាក់លាក់ឆ្ពោះទៅមុខ។ ទោះបីជាជំហានយើងដើរយឺត ប៉ុន្តែវានៅតែទៅមុខ មិនដូចជំហានយក្សរបស់ ប៉ុល ពត ដែលច្បាស់ជាទៅមិនរួច។ យើងអត់ទៅតាមមហាលោតផ្លោះ មហាអស្ចារ្យហ្នឹងទេ។ សន្សឹមៗទៅតាមលទ្ធភាពដែលយើងអាចធ្វើទៅរួច ប៉ុន្តែបើយើងពិនិត្យថយក្រោយបន្តិចស្ថានភាពវាបានផ្លាស់ប្តូរច្រើនណាស់ក្មួយៗ។
(៣) ហេដ្ឋារចនាសម្ព័ន្ធ បង្កលក្ខណៈអោយកំពង់ចាមទាក់ទាញវិនិយោគដោះស្រាយការងារ
កាលពីឆ្នាំ២០១៨ ផ្លូវ២ ខ្សែនេះមិនទាន់បានសម្ពោធទេ … កំពុងសាងសង់នៅឡើយ។ ឥឡូវក្មួយៗពិនិត្យមើលផ្លូវជាតិលេខ៦ កំពុងតែធ្វើដំណើរ។ កម្មករ/ការិនីរបស់យើងមកពីស្រុកជើងព្រៃផង និងមកពីបាធាយផង បានធ្វើដំណើរលើផ្លូវដ៏ស្អាត។ ឥឡូវកំពុងសាងសង់ផ្លូវទៅខាងជើងព្រៃ … ខាងមុខយើងតែម្តង។ ឥឡូវយើងកំពុងតែចាប់ពីស្គន់ទៅ។ យើងត្រូវកសាងផ្លូវដូចផ្លូវនេះអញ្ចឹង ២ទៅ ២មក ហើយមានសួនច្បារដាំផ្កានៅកណ្តាល។ អញ្ចឹងទេ (យើងកំពុង)បង្កលទ្ធភាពនិងលក្ខណៈសម្បត្តិឲ្យខេត្តកំពង់ចាមទាក់ទាញវិនិយោគកាន់តែច្រើនថែមទៀតសម្រាប់ដោះស្រាយការងារនៅទីនេះ។ ការដឹកជញ្ជូនវាជាផ្នែកមួយដ៏សំខាន់សម្រាប់ផលិតកម្មទាក់ទាញវិនិយោគ។ នៅកំពង់ចាមនេះ មិនមែនគ្រាន់តែវិស័យកាត់ដេរទេ។
(៤) កំពង់ចាមនឹងមានរោងចក្រច្រើនប្រើប្រាស់វត្ថុធាតុដើមមានស្រាប់, តុល្យភាពពាណិជ្ជកម្ម
នៅអនាគតកំពង់ចាមនឹងមានរោងចក្រច្រើនទៀត ដែលអាចជារោងចក្រដែលប្រើប្រាស់វត្ថុធាតុដើមមានស្រាប់ក្នុងខេត្ត។ កៅស៊ូក៏មាននៅទីនេះ ស្វាយចន្ទីក៏មាននៅទីនេះ។ បើនិយាយពីចេកវិញគឺច្រើន។ បើសិនជាអ្នកវិនិយោគផ្នែកចេកបានធ្វើដំណាប់ចេក … ចេកអំបូងលឿងកំពង់ចាមបាននាំទៅចិន។ ហ្នឹងខាងបឹងកេត និងស្ទឹងត្រង់។ យើងមានផលិតកម្មសំរាប់នាំចេញ។ សូមជម្រាបក្មួយៗណា ប្រទេសតូចមួយដែលអាចនាំចេញបានក្នុងកម្រិតជិត៣០ ពាន់លាន ឬ២៩ ពាន់លានដុល្លារ មិនមែនជារឿងតូចទេ។ ពីមុននេះយើងគិតតែពីនាំចូល អត់មានអីនាំចេញទេ។ ឥឡូវនេះ យើងផ្ទេរពីប្រទេសមួយដែលពីការនាំចូលទៅជាការនាំចេញ។ ទំហំសរុបនៃពាណិជ្ជកម្មមាន៥២ ពាន់លានដុល្លារនៅឆ្នាំ២០២២។ ក្នុង ៥២ពាន់លាន យើងនាំចេញ២៩ ពាន់លាន។ បើគិតទៅវាមានអតិរេកប្រហែលជា ៤ពាន់លាន រវាងការនាំចេញនិងការនាំចូល …។
ទាក់ទាញវិនិយោគបង្កើតតម្លៃបន្ថែមដោយប្រើវត្ថុធាតុដើមក្នុងស្រុក
ប្រទេសយើងមានវត្ថុធាតុដើមជាអង្ករ ជាស្រូវ ជាផលិតផលកសិកម្ម។ យើងចង់ទាក់ទាញឧស្សាហកម្មមកកែឆ្នៃខាងកសិកម្ម ដែលហៅថាកសិឧស្សាហកម្ម។ យើងមិនឈានទៅត្រឹមប៉ុណ្ណឹងទេ។ កសិពាណិជ្ជកម្មតភ្ជាប់រវាងទីផ្សារនិងកសិឧស្សាហកម្ម។ លើវិស័យកាត់ដេរយើងធ្វើហើយ គេហៅថាឧស្សាហកម្មអតិពលកម្ម គឺឧស្សាហកម្មដែលប្រើពលកម្មច្រើន។ យើងនៅមិនទាន់ទាក់ទាញបានច្រើនការវិនិយោគដែលបង្កើតតម្លៃបន្ថែមដោយវត្ថុធាតុដើមក្នុងស្រុកទេ។ ថ្ងៃក្រោយ កម្ពុជាអាចក្លាយទៅជាអធិរាជស្វាយចន្ទី។ យើងមានស្វាយចន្ទីច្រើន។ ស្វាយចន្ទីជាការពេញនិយមនៃទីផ្សារសម្រាប់ទេសចរនិងមានការទទួលទានទូលំទូលាយនៅលើពិភពលោក។ វៀតណាមនិងប្រទេសឥណ្ឌាគឺជាអ្នកចែកចាយធំជាងគេ ប៉ុន្តែប្រទេសទាំង ២នេះដាំខ្លួនឯងតិចទេ។ នាំវត្ថុធាតុដើមពីខាងក្រៅមកច្រើន។
(៥) ដំណាំឧស្សាហកម្មផ្តល់ប្រយោជន៍សេដ្ឋកិច្ចនិងព្រៃឈើគ្របដណ្តប់, ប្រតិភូកម្មគំរោងវិនិយោគ
យើងមានការដាំដុះខ្លួនឯង។ គ្រាន់តែដើមឆ្នាំនេះ យើងផលិតបានដល់ទៅ ១ ១៨០ ០០០ តោន ក្នុងពេលដែល Côte d’Ivoire ជាប្រទេសផលិតបានច្រើនដែរ បានតែ ១លាន ១សែន តោនទេ។ យើងនៅសល់ដីច្រើនទៀត។ ឥឡូវស្វាយចន្ទីខ្លះវាទើបនឹងធំ វាទើបនឹងផ្លែ។ កសិករយើងមួយចំនួនអាចយកដីដែលធ្វើចម្ការបានផលតិចតួចទៅដាំជាស្វាយចន្ទី ឬដាំជាស្វាយ ឬដាំជាអ្វីដែលជាគេហៅថា ដំណាំឧស្សាហកម្ម ដំណាំផ្តល់នូវផលប្រយោជន៍សេដ្ឋកិច្ចខ្ពស់។ ស្ថានភាពនោះវាបានធ្វើឱ្យប្រទេសរបស់យើងគ្របដណ្តប់ទៅដោយព្រៃឈើថែមទៀត គឺជាប្រទេសដែលមានការអភិវឌ្ឍតាមបែបបៃតង ដែលជាការពេញនិយមសម្រាប់ពិភពលោកនៅពេលបច្ចុប្បន្ននេះ។ ដោយហេតុនេះ ខ្ញុំនៅតែសូមបណ្ដាខេត្ត ក្នុងនោះមានទាំងខេត្តកំពង់ចាម បន្តការទាក់ទាញវិនិយោគិនបរទេសមកបណ្តាក់ទុន។ យើងបានប្រតិភូកម្មផ្តល់អំណាចទៅឱ្យថ្នាក់មូលដ្ឋានមានសិទ្ធិ(សំរេចលើគំរោង)វិនិយោគ(ត្រឹម) ៥លានដុល្លារ។ អញ្ចឹងទេគឺទាក់ទាញអ្នកវិនិយោគ ហើយក៏មិនប្រាកដចាំតែអ្នកក្រៅស្រុកទេ អ្នកក្នុងស្រុក(ក៏បាន) ប៉ុន្តែអ្នកក្នុងស្រុករកទីផ្សារនៅខាងក្រៅសម្រាប់ការវិនិយោគបែបនេះ។
បើគ្មានការពង្រាយរោងចក្រតាមខេត្ត ឬមួយចំណាកស្រុករកការងារធ្វើ ឬមួយធ្វើស្រែចម្ការ
ក្មួយៗលើកមុនប្រហែលជាពូបាននិយាយដល់រឿងហ្នឹង ប្រសិនបើពុំមានវត្តមានរោងចក្រដែលក្មួយកំពុងធ្វើការនៅទីនេះទេ តើពេលនេះក្មួយៗកំពុងធ្វើអី? នេះជាបញ្ហាមិនតូចតាចទេក្មួយ រឿងនេះហើយដែលពូចង្អុលទិសតាំងពីឆ្នាំ១៩៩៩ គឺ ២៤ឆ្នាំមុន ថាកុំទាក់ទាញត្រឹមតែប្រមូលផ្តុំអ្នកវិនិយោគទៅកាន់ទីក្រុងភ្នំពេញ។ យើងត្រូវបង្វែរខិតខំរៀបចំហេដ្ឋារចនាសម័្ពន្ធទាក់ទាញការវិនិយោគទៅតាមបណ្តាខេត្ត។ រឿងនេះយើងបានសម្រេចគោលដៅរបស់យើងក្នុងកម្រិតមួយ នោះនៅត្រង់ថា បង្កើតបានរោងចក្រឆ្លើយតបជាមួយសំណួរដែលពូបានលើកឡើងអម្បាញ់មិញគឺត្រង់ថា បើគ្មានរោងចក្រនៅទីនេះទេ ចម្លើយរបស់ក្មួយមានតែ ២ទេ។ ទី១ ក្មួយកំពុងនៅខេត្តផ្សេង ឬនៅទីក្រុងភ្នំពេញ ដើម្បីធ្វើការងាររោងចក្រ សហគ្រាស នៅទីកន្លែងនោះ អញ្ចឹងក្មួយក្លាយទៅជាអ្នកចំណាកស្រុក។ ឯទី២ ពេលនេះម៉ោងនេះក្មួយកំពុងធ្វើស្រែចម្ការ ជាកសិកម្មសុទ្ធសាធ។ អញ្ចឹងទេវត្តមានរោងចក្រនៅតាមបណ្តាខេត្ត នៅភ្នំពេញក៏វាសំខាន់ នៅទីប្រជុំជនក៏វាសំខាន់ នៅជនបទក៏វាសំខាន់។
ប្រាក់ឈ្នួលមូលដ្ឋាន២០០ដុល្លរនៅទីក្រុងនិងនៅជនបទ, នាំចេញទំនិញស្តង់ដាខ្ពស់
តើមានកម្មករ/ការិនីប៉ុន្មាននាក់ដែលធ្វើការរោងចក្រពេលថ្ងៃ ពេលយប់ទៅសម្រាកនៅផ្ទះ? ច្រើនតើ។ ក្មួយៗប៉ុន្មាននាក់ទៅដែលជួលផ្ទះគេនៅ? នេះសុទ្ធតែមកពីខេត្តផ្សេង? ប៉ុន្តែភាគច្រើនក្មួយៗបានមកធ្វើការតាមរោងចក្រ រួចហើយវិលត្រឡប់ទៅសម្រាកនៅផ្ទះរបស់ខ្លួនវិញ មើលកូនមើលចៅ ថែទាំឪពុកម្តាយ រួចហើយឆ្លៀតដាំដំណាំថែមទៀត។ នេះវាជាការសម្រួលទេ? … ទីក្រុងក៏ទទួលប្រាក់ខែប៉ុណ្ណឹងជនបទក៏ទទួលប្រាក់ខែប៉ុណ្ណឹង កំណត់ថ្លៃពលកម្មគឺស្មើគ្នា ២០០ដុល្លារ តិចបំផុតគឺដូចគ្នាទាំងអស់ … ប្រទេសយើងផលិតទំនិញដែលគេហៅថា កម្រិតខ្ពស់/ស្តង់ដារខ្ពស់។ បើនិយាយពីសម្លៀកបំពាក់ផ្នែកកីឡាវិ ពួកជម្រើសជាតិផ្នែកបាល់ទាត់នៃប្រទេសមួយចំនួនស្លៀកពាក់ខោអាវដែលនាំចេញពីកម្ពុជា។ ពេល World Cup ម្តងៗ ប្រទេសមិនតិចទេ ជាពិសេសប្រទេសនៅអឺរ៉ុបស្លៀពាក់ខោអាវដេរចេញពីស្រុកខ្មែរ។ ខ្ញុំនេះទិញអាវកីឡាពីប្រទេសក្រៅ អត់បានពិនិត្យថាវាផលិតនៅឯណាទេ? គ្រាន់តែឃើញថាម៉ាកហ្នឹងល្អ។ មកដល់ផ្ទះឃើញថា Made in Cambodia …។
រាជរដ្ឋាភិបាលចេញថ្លៃបណ្តុះបណ្តាលវិជជាជីវៈប្រជាពលករក្រីក្រ ១,៥ លាននាក់
អញ្ចឹងទេ ទំនិញយើងចូលទៅកាន់ទីផ្សារអាមេរិក អឺរ៉ុប ជប៉ុន ចិន និងប្រទេសនានាដែលមានការលូតលាស់។ ស្នាដៃកូនខ្មែរក៏វាមិនអន់ទេ។ យើងត្រូវបណ្តុះបណ្តាលជំនាញឱ្យបានលើសពីនេះដើម្បីយើងទាញយកបច្ចេកវិទ្យាជាន់ខ្ពស់សម្រាប់បម្រើឱ្យការអភិវឌ្ឍប្រទេសជាតិរបស់យើង។ នៅប៉ុន្មានខែខាងមុខនេះ ការបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់ប្រជាពលរដ្ឋក្រីក្រ ១លាន ៥សែន នាក់ នឹងត្រូវចាប់ផ្តើម។ រាជរដ្ឋាភិបាលចេញប្រាក់ថ្លៃបណ្តុះបណ្តាលជំនាញសំដៅដោះស្រាយការងារធ្វើ។ បើនិយាយពីជប៉ុនវិញគាត់មកវិនិយោគនៅកម្ពុជាគាត់សួរតែពីរទេ។ ទី១ កម្លាំងពលកម្មយ៉ាងម៉េច? ទី២ តម្លៃអគ្គិសនី។ ឥឡូវ នៅប្រទេសជុំវិញយើងតម្លៃអគ្គិសនីប្រហាក់ប្រហែលយើងហើយ។ អញ្ចឹងតម្លៃអគ្គិសនីគឺជាការប្រកួតប្រជែងមួយ។ យើងមិនឡើងថ្លៃ។ តាមបណ្តារោងចក្រនានាមានជំនាញហើយ តែយើងត្រូវលើកកម្រិតជំនាញនេះឱ្យកាន់តែខ្ពស់ថែមទៀត។ មុននោះ មានការដេរមួយចំនួន(ធ្វើនៅ)នៅហុងកុង តែមកបង្ហើយនៅកម្ពុជា។ ទម្រង់ហ្នឹងគឺដូចជាបានបញ្ចប់ហើយ។ ពីមុនយើងវាអត់មានជំនាញ … កន្លែងដែលពិបាកៗគេធ្វើនៅហុងកុង។ ឥឡូវ ធ្វើនៅកម្ពុជាទាំងអស់។
រោងចក្រជាសហគមន៍សុខសាន្ត ម្ចាស់រោងចក្រនិងកម្មករជាដៃគូជីវិត
ដើម្បីអភិវឌ្ឍបន្ត តើវាត្រូវការអី? … ៥ឆ្នាំកន្លងផុតទៅ បើទោះបីកូវីដ-១៩ យាយីក៏ដោយ ក្មួយៗមានសេចក្តីសុខត្រង់ថាប្រទេសជាតិមានសន្តិភាព មានស្ថិរភាពនយោបាយគ្រប់គ្រាន់ ផ្តល់ឱកាសឱ្យអ្នកវិនិយោគគេមិនបិទទា្វរត់ចោលប្រទេសរបស់យើងទេ។ ទាំងអស់គ្នាត្រូវរួមគ្នាដើម្បីការពារសន្តិភាព។ សន្តិភាពនោះហើយជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍរយៈពេលវែង។ ពូក៏នៅតែនិយាយគ្រប់ទីកន្លែងអ្វីដែលជាសំណូមពរ ហើយវាមិនមែនជាសំណូមពរហួសហេតុទេ គឺចង់ឱ្យរោងចក្រមួយក្លាយទៅជាសហគមន៍សុខសាន្តមួយ។ មិនមែនជាការទាមទារដែលលើសពីសមត្ថភាពធ្វើរបស់រោងចក្រ របស់កម្មករ/ការិនីរបស់យើងទេ គ្រាន់តែថាធ្វើយ៉ាងម៉េចកុំឱ្យរោងចក្រមានការប្រើប្រាស់គ្រឿងញៀន កុំឱ្យមានការចែកចាយគ្រឿងញៀន កុំឱ្យមានបងតូចបងធំ កុំឱ្យមានជម្លោះ។ បើសិនជាមានជម្លោះណាមួយកើតឡើង ត្រូវតែរកវិធីដោះស្រាយភ្លាម ធ្វើម៉េចកុំឱ្យជម្លោះនេះក្លាយទៅជាគេហៅថា ខូចខាតនូវផលប្រយោជន៍របស់យើង។ ម្ចាស់រោងចក្រយកចិត្តទុកដាក់ចំពោះសុខទុក្ខកម្មករ កម្មករយកចិត្តទុកដាក់ធ្វើការងារ។
ផលប្រយោជន៍វាបានទាំងអស់គ្នា។ បើសិនជាអត់មានរោងចក្រ ក្មួយៗគ្មានឈ្មោះជាកម្មករទេ គឺមានឈ្មោះជាកសិករ ហើយតែឈ្មោះជាកសិករវាត្រូវកាន់ចប វាត្រូវកាន់បង្គី ត្រូវកាន់ប៉ែល វាត្រូវដកស្ទូង ត្រូវច្រូតកាត់កាន់កណ្តៀវ មិនមែនមកដេរប៉ាក់ មិនមែនមកផលិតដូចដែលក្មួយៗធ្វើរាល់ថ្ងៃនេះទេ។ ឯម្ចាស់រោងចក្រក៏ត្រូវតែមានការយល់ថា បើសិនជាមានតែរោងចក្រអត់មានកម្មករយើងមិនមែនជាថៅកែរោងចក្រទេ តែយើងគ្រាន់តែជាថៅកែឃ្លាំងតែប៉ុណ្ណោះ ព្រោះអត់មានកម្មករ។ អញ្ចឹងទេទាំងពីរនាក់គឺដៃគូជីវិត ហើយចាត់ទុកអាហ្នឹងជាឆ្នាំងបាយរួម។ ប៉ុន្តែអ្វីដែលក្មួយៗត្រូវយកចិត្តទុកដាក់បំផុតបើសិនរោងចក្រត្រូវបិទ អ្នកដែលខូចខាតមុនគេគឺកម្មករ បាត់បង់នូវប្រាក់ខែរបស់ខ្លួនទាបបំផុត ២០០ដុល្លារក្នុងមួយខែ គឺបាត់តែម្តង យើងគ្មានការងារធ្វើតទៅទៀតទេ។ ដូច្នេះកុំលុះទៅដោយការសន្យា ឬការញុះញង់របស់អ្នកណា។ ក្មួយៗបានឃើញរួចអស់ហើយពីផលប្រយោជន៍ជាក់ស្តែង។
ដំណើរឆ្លងកាត់ស្រុកជើងព្រៃ
ពីដើមកន្លែងនេះព្រៃកុងទេ។ អាចថាជាអកុសលរបស់ពូទៅចុះ។ ពូធ្វើដំណើរចុះឡើងៗ ពីដើមវាអត់មានផ្លូវទៅដល់ឆ្លងស្ពានជ្រោយចង្វារអញ្ចឹងទេ។ យើងឆ្លងសាឡាងព្រែកក្តាម។ ស្រុកបាធាយបង្កើតក្រោយទេ។ ស្រុកនេះគឺជាស្រុកជើងព្រៃទេ … ឆ្នាំណាដែលយើងបង្កើតស្រុកបាធាយ? មានម្តង ខ្ញុំគ្រោងថាដេកនៅស្គន់ ហើយព្រលឹមឡើងនឹងទៅជួបជាមួយប្រជាពលរដ្ឋនៅនឹងឃុំបាធាយ។ ពេលនោះព័ត៌មានបែកថា(ខ្មែរក្រហម)មានការប៉ុនប៉ងវាយចូលជើងព្រៃ/ស្គន់ តម្រូវឱ្យខ្ញុំចាកចេញនៅម៉ោង៣ល្ងាចបង្ហួសទៅភ្នំពេញ។ ព្រៃម្ដុំនេះ ព្រៃដែលយើងកាប់ទេតើ។ មិនថាផ្លូវលេខ៦ និងផ្លូវលេខ៧ ទេ ផ្លូវលេខ៤ក៏អញ្ចឹងដែរ ផ្លូវណាក៏អញ្ចឹង សុទ្ធតែកាប់ … កុំឱ្យ B40 បាញ់ដល់។ អញ្ចឹងអាចកាប់ដល់ទៅ ១៥០ ម៉ែត្រ ទៅ ២០០ម៉ែត្រ។ ពូឧស្សាហ៍ធ្វើដំណើរចុះឡើង។ សម័យថ្ងៃមួយ ឪពុកក្មេករបស់ពូត្រូវពួក ប៉ុល ពត ឡើងបាញ់សម្លាប់ដល់លើផ្ទះ។ ពេលនោះប្រពន្ធរបស់ពូធ្វើដំណើរជាមួយ។ គាត់ជិតគ្រប់ខែហើយ។ ដោយសារឪពុកស្លាប់នៅស្រុកកំណើតក៏ធ្វើដំណើរមក។ ប្រពន្ធរបស់ពូកាលពីមុនជិះអីក៏គាត់ពុល។ ជិះឡានក៏គាត់ពុល។ ពេលមកដល់ផ្លូវជាតិលេខ៦ ពេលឡានកំពុងតែលឿនដើម្បីឆ្លងផុតកន្លែងខ្មែរក្រហមឧស្សាហ៍បាញ់ស្ទាក់ហ្នឹង ប្រពន្ធពូក្អួតដាក់ក្បាលតៃកុងឡាន។ អ្នកបើកឡានឈ្មោះតា ស៊ាង ប្រហែលជាមិនទាន់ទៅណាទេ តែគាត់ចាស់មិនអាចបើកឡានបានទេ។ កូនរបស់គាត់ធ្វើអគ្គរដ្ឋទូត … អញ្ចឹងទេហៅឡានទាំងអស់នាំគ្នាឈប់ រួចហើយដាក់ការការពារសិនទៅ។ រឹតគាត់កុំឱ្យគាត់ពុលតទៅទៀត …។
សំរាក ៣ថ្ងៃ ទៅបោះឆ្នោត
(ដូចនេះ)សំណូមពរអ្វីដែលខ្ញុំបានស្នើ មិនមែនជារឿងហួសហេតុពេកទេ។ ដំបូងរួមគ្នាការពារសន្តិភាព បន្ទាប់ទៅត្រូវខិតខំធ្វើយ៉ាងម៉េចឱ្យរោងចក្រយើង «រោងចក្រមួយក្លាយទៅជាសហគមន៍សុខសាន្តមួយ» ដែលវាជាការរួមចំណែកដើម្បីអនុវត្តគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព។ កុំឱ្យរោងចក្រមានអំពើអបាយមុខនៅកន្លែងនោះ ហើយសំខាន់ជាងគេគឺការចែកចាយគ្រឿងញៀន ការសេពគ្រឿងញៀនរហូតទៅដល់ល្បែងស៊ីសង ឬអំពើណាផ្សេងៗដែលវាមិនគម្បីខុសច្បាប់ទម្លាប់។ ជាទូទៅ គ្រប់រោងចក្រសហគ្រាសនិងបណ្ដាក្រុមហ៊ុន មិនសូវមានរឿងហ្នឹងកើតឡើងទេ ព្រោះគេមានវិន័យការងាររបស់គេ។ ក្មួយៗទាំងអស់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ សូមនាំគ្នាទៅបោះឆ្នោត។ ក្មួយៗនឹងបានឈប់សម្រាកថ្ងៃ២២, ២៣, ២៤ បីថ្ងៃ។ បើក្មួយៗនៅទីនេះច្បាស់ណាស់ថា ថ្ងៃបោះឆ្នោតគឺជាថ្ងៃដែលក្មួយៗបានសម្រាក។
សម្រាក២ថ្ងៃទៀតគឺថ្ងៃសៅរ៍ ចំថ្ងៃក្មួយធ្វើការគឺបានសម្រាកថ្ងៃ២២, ថ្ងៃ២៤ ក៏ក្មួយៗបានសម្រាកហើយទទួលប្រាក់បៀវត្ស។ ក្មួយៗបោះឆ្នោតនៅនឹងកន្លែង។ ដូច្នេះអត់មានអីដែលពិបាកទេ។ ក្មួយៗខ្លះដែលមកពីកន្លែងផ្សេង ដែលមិនបានចុះឈ្មោះបោះឆ្នោតនៅកន្លែងនេះ តម្រូវឱ្យមានការធ្វើដំណើរ។ អ្នកដែលត្រូវធ្វើដំណើរក៏ធ្វើដំណើរបាន ដោយថ្ងៃ២២ សម្រាក, ២៣ បោះឆ្នោត, ២៤ ត្រឡប់មកវិញគឺជាថ្ងៃសម្រាកដែលមានប្រាក់បៀវត្ស។ តែអ្នកដែលមានភ័ព្វសំណាងគឺអ្នកដែលចុះឈ្មោះបោះឆ្នោតនៅនឹងកន្លែង ទាំងអ្នកនៅភ្នំពេញ និងអ្នកនៅមូលដ្ឋាននេះគឺបោះឆ្នោតនៅនឹងកន្លែងវាមិនលំបាក។ ទៅបោះឆ្នោតហើយមកវិញដេកមើលទូរទស្សន៍ ដេកមើលកុន ចាំស្ដាប់មើលលទ្ធផលនៃការបោះឆ្នោតតែប៉ុណ្ណឹង។
(៦) សេចក្ដីព្រៀងវិសោធនកម្មច្បាប់បោះឆ្នោតមានផាកពិន័យរហូតដាក់ទោសអ្នករំខាន/បំផ្លាញ/រារាំងការបោះឆ្នោត
សូមបញ្ជាក់ជូនដែរ សេចក្ដីព្រៀងច្បាប់ស្ដីពីវិសោធនកម្មច្បាប់បោះឆ្នោតបានទៅដល់សភាពីម្សិលមិញ។ ខ្ញុំកំពុងតែតាមមើលតើគេគិតគូរអីទៀត? សេចក្ដីព្រៀងច្បាប់បានបញ្ជូនទៅដល់រដ្ឋសភាហើយ។ អ្វីដែលយើងចង់បានគឺការបោះឆ្នោតមួយដែលមិនមានការរំខានដោយពួកណាក៏ដោយ។ ការបំផ្លាញខ្លះ(កើត)នៅក្នុងពេល បោះឆ្នោត ឬបំផ្លាញពេលរាប់សន្លឹកឆ្នោត។ អញ្ចឹងទេ (អ្នកប្រព្រឹត្តិកំហុសទាំងនេះ)ត្រូវមានទោស ទទួលផាកពិន័យ រហូតទៅដល់មានទោសបន្ថែម។ សូមផ្ដាំថាពួកអ្នកឯងទេ ដែលជំរុញយើងឱ្យដើរមកដល់កន្លែងនេះ។ ដំបូងឡើយយើងអត់គិតដល់ទេ។ ប៉ុន្តែពួកអ្នកឯងបានគិតមុន បំផ្លាញមុន និយាយមុន។ យើងក៏ត្រូវតែទប់ស្កាត់គោលដៅបំផ្លាញរបស់អ្នកឯង។ អ្នកឯងសាកល្បងមើល។ ពេលច្បាប់ចូលជាធរមាន អ្នកនៅខាងក្រៅអាចរួចខ្លួន។ (សូមអ្នកនៅខាងក្នុង)កុំស្ដាប់ការញុះញង់របស់ពួកនៅខាងក្រៅ ជាពិសេសអាក្បត់ជាតិ៣ជំនាន់ កុំឱ្យសោះ។ (ប្រយ័ត្ន)ជាប់គុកខ្លួនឯង ព្រោះ(តែ)ទៅរារាំងគេកុំឱ្យទៅបោះឆ្នោត … អ្នកខាងក្នុងត្រូវប្រយ័ត្នប្រយែង។ មានដាក់ផាកពិន័យនៅក្នុងនោះតែម្ដង។
(៧) បើមិនបានបោះឆ្នោតសកល២លើកជាប់គ្នា នឹងមិនមានសិទ្ធិឈរឈ្មោះ
(ពង្រៀងវិសោធនកម្ម)កំណត់ច្បាស់ថា “អ្នកឯងចង់ឈរឈ្មោះបោះឆ្នោតឆ្នាំ២០២៨ ទាល់តែអ្នកឯងបានបោះឆ្នោតសកល២លើក” បានឈរឈ្មោះបោះឆ្នោតបាន។ បោះឆ្នោតសកលថ្ងៃ២៣ ខែកក្កដា ឆ្នាំ២០២៣ និងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំ២០២៧ … (បោះឆ្នោត)សកលលើកទី១ គឺតំណាងរាស្ត្រ និង(បោះឆ្នោត)សកលលើកទី២ គឺរើស(ក្រុមប្រឹក្សា)ឃុំ/សង្កាត់។ បើមិនបានបោះឆ្នោតទាំង២ហ្នឹងទេ អ្នកឯងនឹងអត់មានសិទ្ធិឈរឈ្មោះ (ព្រោះ)អ្នកឯងបំពេញលក្ខខណ្ឌមិនគ្រប់គ្រាន់សម្រាប់ការបោះឆ្នោតឆ្នាំ២០២៨។ សួរថាអ្នកណាជាអ្នកខាត? ដោយសារតែអណ្ដាតអត់ឆ្អឹងនោះហើយ បានជាលោកឯងត្រូវរងគ្រោះ។ ឥឡូវបើមក ក៏វាហួសពេលទៅទៀត ព្រោះគេឱ្យមកចុះឈ្មោះបោះឆ្នោតតាំងពីខែ១០ ដើម្បីបានបោះ។ ឥឡូវអត់ចុះឈ្មោះមានសិទ្ធិមកពីណានឹងទៅបោះ? … ខ្លួនឯងកំពុងតែលក់គ្រឿងញៀន ទៅកេះប៉ូលីសឱ្យចាប់ …។
(៨)បោះឆ្នោតនៅឆ្នាំ២០២៧ និងបោះឆ្នោតនៅឆ្នាំ២០២៨ ដើម្បីគ្រប់លក្ខខណ្ឌឈរឈ្មោះនៅឆ្នាំ២០៣២
បើអ្នកបោះឆ្នោតឃុំ ដើម្បីមានសិទ្ធិឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នៅឆ្នាំ២០២៧ ទាល់តែអ្នកឯងបានបោះឆ្នោតសកលនៅពេលខាងមុខនេះ។ បើអ្នកឯងមិនបានបោះឆ្នោតនេះទេ បានន័យថាអ្នកឯងអត់មានសិទ្ធិដើម្បីនឹងទៅឈរឈ្មោះបានទេ។ អ្នកឯងទៅបោះឱ្យគេបាន។ សួរថាដើម្បីស្ដារនីតិសម្បទាឡើងវិញ អ្នកឯងត្រូវធ្វើម៉េច? ទី១ អ្នកឯងត្រូវមកចូលរួមបោះឆ្នោតឱ្យគេនៅឆ្នាំ២០២៧ បោះឆ្នោតឃុំនិងបន្ទាប់ទៅគឺត្រូវបោះឆ្នោតឱ្យគេនៅឆ្នាំ២០២៨ ដើម្បីគ្រប់លក្ខខណ្ឌឈរឈ្មោះនៅឆ្នាំ២០៣២។ សួរថាឆ្នាំ២០៣២ … លោកជំទាវដែលសក់សហើយនោះ អាចមកឈរឈ្មោះនៅឆ្នាំ២០៣២ បានឬអត់? … អ្នកដែលចង់ឈរឈ្មោះ អាចឈរឈ្មោះបាននៅឆ្នាំ២០៣២ ក៏ប៉ុន្តែត្រូវមកបំពេញលក្ខខណ្ឌ។ ឥឡូវ អ្នកទាំងនោះហួសពេលហើយ ប៉ុន្តែអ្នកខាងក្នុងអាចត្រូវពេល។ គេបោះឆ្នោតសកលនៅឆ្នាំ២០២៣ សម្រាប់ជ្រើសរើសតំណាងរាស្ត្រនិងបោះឆ្នោតសកលឆ្នាំ២០២៧ ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់។ គេគ្រប់លក្ខខណ្ឌឈរឈ្មោះឱ្យគេបោះឆ្នោតឆ្នាំ២០២៨។ ប៉ុន្តែពួកនៅខាងក្រៅចប់ហើយ (ព្រោះ)អាយុប៉ុណ្ណឹង(ទៅ)ហើយ។
ហ៊ុន ម៉ាណែត ក្នុងច្បាប់សំរាកពិសេសធ្វើការងារបក្ស
ឆ្នាំ២០៣២ ពេលនោះខ្ញុំអាយុ៨០ឆ្នាំ។ ខ្ញុំមិនធ្វើដល់អាយុ៨០ឆ្នាំទេ។ មានអាមួយនោះ គឺចុះឡើងៗនិយាយថា ហ៊ុន ម៉ាណែត ឡើងតាមជើងខោ … ជុន ចាន់បុត្រ សម្ភាសអាក្មេងពាលមួយ … គេថានឹងចូលមកតាមថៃ …គេនិយាយថា ហ៊ុន ម៉ាណែត ឡើងតាមជើងខោ។ តាមស្អីក៏ដោយឱ្យតែស្របច្បាប់។ ភាពស្របច្បាប់នៅទីនេះគឺឥឡូវ ហ៊ុន ម៉ាណែត មិនកាន់កងទ័ពទៀតទេ។ គេបានសុំច្បាប់សម្រាកពិសេស។ តិចទៅឃើញថា ហ៊ុន ម៉ាណែត អត់មាននៅកងពល ៧០ ថា ហ៊ុន ម៉ាណែត បាត់បង់តួនាទីកងទ័ព។ តម្រូវឱ្យមានការសុំច្បាប់ពិសេស។ អញ្ចឹង ហ៊ុន ម៉ាណែត ត្រូវដើរធ្វើការងារបក្ស ពាក់សញ្ញាគណបក្សរហូត អត់មានពាក់ឯកសណ្ឋានកងទ័ពទេ។
ដើម្បីជានាយករដ្ឋមន្រ្តី ទី១ គណបក្សជ្រើសរើស, ទី២ ជាតំណាងរាស្រ្ត, ទី៣ តែងតាំងដោយព្រះមហាក្សត្រ
ដើម្បីធ្វើនាយករដ្ឋមន្រ្តីនៅកម្ពុជាបាន លក្ខខណ្ឌដំបូងបំផុតគឺ ត្រូវតែបានគណបក្សជ្រើសរើសជាបេក្ខជន។ គណបក្សប្រជាជនមានមនុស្សច្រើនដែលអាចធ្វើជានាយករដ្ឋមន្រ្តីបាន។ បញ្ហាស្ថិតនៅត្រង់ថា ហ៊ុន ម៉ាណែត វាជាកូនរបស់ ហ៊ុន សែន តែប៉ុណ្ណឹងទេ។ បើទោះបីមិនមែនកូន ក៏យើងនៅតែរើស ហ៊ុន ម៉ាណែត ដែរ(ព្រោះ) មានគ្រប់លក្ខណៈសម្បត្តិ។ គណបក្សបានសម្រេច២ ឆ្នាំរួចទៅហើយអំពីបេក្ខភាពរូបនេះ។ បើគណបក្សមិនគាំទ្រ អ្នកឯងមិនអាចក្លាយទៅជាបេក្ខជន(នាយករដ្ឋមន្រ្តី)ទេ។ ទី២ អ្នកឯងត្រូវជាប់ឆ្នោតជាតំណាងរាស្រ្ត។ ឥឡូវ (ហ៊ុន ម៉ាណែត) ជាបេក្ខជនឈរឈ្មោះនៅមណ្ឌលភ្នំពេញ។ ការបោះឆ្នោតសមាមាត្រ វាមិនលំបាកទេ សម្រាប់ការជាប់ឆ្នោតនៅលេខរៀងទី១នោះ។ បន្ទាប់ទៅ ត្រូវទទួលបាននូវការតែងតាំងពីព្រះមហាក្សត្រឱ្យធ្វើជានាយករដ្ឋមន្រ្តី។ ប៉ុណ្ណឹងមិនគ្រប់គ្រាន់ទេ ព្រះមហាក្សត្រទ្រង់មានព្រះរាជក្រឹត្យតែងតាំងឱ្យធ្វើជានាយករដ្ឋមន្រ្តី ប៉ុន្តែដើម្បីឱ្យទៅជានាយករដ្ឋមន្រ្តីផ្លូវការបាន ត្រូវរៀបចំគណៈរដ្ឋមន្រ្តីមួយដែលត្រូវសុំការទុកចិត្តពីសភា។ សភាអនុម័តទទួលយកជាផ្លូវការនូវគណៈរដ្ឋមន្រ្តីទាំងមូល ទើបព្រះមហាក្សត្រចេញព្រះរាជក្រឹត្យតែងតាំងរាជរដ្ឋាភិបាល រួចហើយស្បថចូលកាន់តំណែង។
សេណារីយោ រង់ចាំការលាលែងពីនាយករដ្ឋមន្ត្រីក្នុងតំណែង
ប៉ុន្តែប្រសិនបើរឿងនេះមិនអាចកើតឡើងក្រោយការបោះឆ្នោតនេះទេ ហ៊ុន ម៉ាណែត ត្រូវតែបន្តធ្វើជាអ្នកតំណាងរាស្រ្ត ព្រោះបើមិនមែនជាអ្នកតំណាងរាស្រ្តមិនអាចធ្វើជានាយករដ្ឋមន្រ្តីបានទេ។ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី មិនមែនអ្នកតំណាងរាស្រ្តក៏ធ្វើបានដែរ ប៉ុន្តែតំណែងនាយករដ្ឋមន្រ្តី ត្រូវតែជាអ្នកតំណាងរាស្រ្ត។ នៅពេលណាមួយ គណៈរដ្ឋមន្រ្តីត្រូវបានរំលាយតាមរយៈការលាលែងពីតំណែងរបស់នាយករដ្ឋមន្រ្តីចាស់។ នាយករដ្ឋមន្រ្តីចាស់ទទួលធ្វើជានាយករដ្ឋមន្រ្តីចាំផ្ទះ រហូតដល់គណៈរដ្ឋមន្រ្តីថ្មីមួយត្រូវបានបង្កើត។ ពេលហ្នឹង ប្រធានគណបក្សនយោបាយដែលមានអាសនៈច្រើនជាងគេ ស្នើសុំព្រះមហាក្សត្រតែងតែនាយករដ្ឋមន្រ្តីថ្មី។ នាយករដ្ឋមន្រ្តីថ្មីនោះរៀបចំផ្គូផ្គងសមាជិករាជរដ្ឋាភិបាល រួចហើយយកទៅសុំការទុកចិត្តពីសភា។ សភាអនុម័តហើយ គឺព្រះមហាក្សត្រចេញព្រះរាជក្រឹត្យតែងតាំង។ ស្បថចូលកាន់តំណែង។ នាយករដ្ឋមន្រ្តីចាស់ គណៈរដ្ឋមន្រ្តីចាស់ ត្រូវរំសាយ។ រឿងមានតែប៉ុណ្ណឹង។
(៩) គណបក្សប្រជាជនកម្ពុជា មានយុវជនរាប់សិបមានលក្ខណសម្បត្តិធ្វើនាយរដ្ឋមន្ត្រី
(ដូចនេះហេតុអ្វី)ចាំបាច់និយាយថាមិនមានគុណសម្បត្តិអញ្ចេះអញ្ចុះ។ អ្នកដែល(ថា)ចង់មកធ្វើនាយករដ្ឋមន្រ្តី(ទាំងនោះ)មានគុណសម្បត្តិអី ក្រៅពីបំផ្លាញជាតិ? ចង់សួរបញ្ច្រាសអញ្ចេះទៅវិញ។ តើអ្នកប៉ុនប៉ង(ចង់បានតំណែង)នាយករដ្ឋមន្រ្តីនេះ មានអ្នកណាមួយដែលមានគុណសម្បត្តិមកធ្វើជានាយករដ្ឋមន្រ្តីស្រុកខ្មែរ? … ធម្មតា កូនមិនដែលក្បត់ជាមួយនឹងឪពុកវាទេ … ម្យ៉ាងទៀត បើទោះបីមិនមែនជាកូន ហ៊ុន សែន ក៏នៅតែជ្រើសរើសមនុស្សក្នុងគណបក្សប្រជាជនកម្ពុជា មិនមែនពួកអ្ហែងទេ។ ពួកឯងគ្មានភ័ព្វសំណាងធ្វើនាយករដ្ឋមន្រ្តីទេ។ ជាការកត់សម្គាល់ ពួកលោកឯងគ្មានយុវជនបន្តវេនដូចគណបក្សប្រជាជនកម្ពុជាទេ។ គណបក្សប្រជាជនកម្ពុជាមានមនុស្ស មានយុវជន រាប់សិបនាក់ ដែលមានលទ្ធភាពធ្វើនាយករដ្ឋមន្រ្តី។ បើនិយាយពីតួអង្គសំខាន់ៗ ពួកនេះអត់មានជើងល្អសម្រាប់ធ្វើជានាយករដ្ឋមន្រ្តីទេ។ គ្មានសមត្ថភាព។ ខ្លះមិនចេះខ្មែរផង ហើយជាជនជាតិបរទេសដែលរដ្ឋធម្មនុញ្ញហាមឃាត់មិនឱ្យធ្វើជានាយករដ្ឋមន្រ្តី។ ឯងថាម៉េចថាទៅ រឿងសំខាន់នៅទីនេះ។ ខ្លះគេថា ហ៊ុន សែន ភ័យ។ ថាម៉េចក៏បានដែរ ប៉ុន្តែពួកឯងនៅតែក្រៅប្រទេសហ្នឹងរហូតទៅ។ ហ៊ុន សែន ភ័យអញ្ចេះ ហ៊ុន សែន ភ័យអញ្ចុះ … បើអាមួយនោះថា ហ៊ុន សែន ចប់ហើយ។ ដូរ។ ដូរតាំងពីឆ្នាំ២០១៨ ធ្លាក់ឆ្នាំ២០២៣ នៅតែ ហ៊ុន សែន។
(១០) ទោះបីមិនកាន់តំនែងនាយករដ្ឋមន្ត្រី ក៏នៅតែជាប្រធានបក្សនិងគ្រប់គ្រងនយោបាយ
សូមផ្ដាំក្មួយៗឱ្យហើយ បើទោះបីជាពូមិនធ្វើជានាយករដ្ឋមន្រ្តីតទៅទៀត តែការគ្រប់គ្រងខាងនយោបាយគឺពូនៅតែជាប្រធានបក្សកាន់អំណាចដដែល។ គណបក្សប្រជាជន ពូនៅតែជាប្រធានគណបក្សកាន់អំណាច។ នេះក្នុងករណីដែលពូមិនធ្វើជានាយករដ្ឋមន្រ្តីតទៅទៀត។ មានមនុស្សច្រើនណាស់ ដែលអាចធ្វើជានាយករដ្ឋមន្រ្តីបាន ប៉ុន្តែត្រូវបានការអនុម័តដោយគណបក្ស។ សូម្បីតែនៅអាមេរិក គេមានការអនុម័តក្នុងបក្សគេ។ ឥឡូវហ្នឹង Donald Trump ថា គាត់នឹងធ្វើជាបេក្ខភាព(ប្រធានាធិបតី)។ ស្រាប់តែ Mike Pence អតីតអនុប្រធានាធិបតីរបស់គាត់ មកប្រជែងតំណែងក្នុងបក្សហ្នឹងដែរ។ ក្នុងពេលដែល Donald Trump គេហៅចូលតុលាការ។ ហេតុអ្វីបានហៅអតីតប្រធានាធិបតី ដែលកំពុងមានមហិច្ឆតាធ្វើជាបេក្ខជនប្រធានាធិបតីនៅឆ្នាំ២០២៤ ចូលតុលាការ? មានការចោទប្រកាន់ច្រើនរឿង រាប់ទាំងការលាក់ឯកសារសម្ងាត់។ តើនោះមិន(ដូចគេ)នាំគ្នាចោទអាមេរិកថាមានគោលដៅនយោបាយបំបាត់ Donald Trump? ដាក់ជាសំណួរបញ្ច្រាសត្រឡប់ទៅវិញ។ អ្នកឯងស្អីក៏ចោទថាជារឿងនយោបាយ …។
នៅកម្ពុជា អត់មានអ្នកទោសនយោបាយទេ មានតែអ្នកនយោបាយជាប់ទោសព្រហ្មទណ្ឌ។ អ្នកឯងធ្វើអ្នកនយោបាយក៏ដោយ បើអ្នកឯងធ្វើខុសច្បាប់ អ្នកឯងត្រូវជាប់ទោសព្រហ្មទណ្ឌ។ វាសុទ្ធតែឡើងតាមជើងខោ។ ខ្ញុំថា ឡើងយ៉ាងម៉េចក៏ដោយ ឱ្យតែបានធ្វើជានាយករដ្ឋមន្រ្តីទៅ។ ពួកអ្ហែងក៏គ្មានបានធ្វើអីដែរ។ និយាយតាមមួយបែបទៅ មិនបានស្មើកូនអញ។ ចំណេះវិជា្ជពួកអ្ហែង ក៏គ្មានលើសកូនអញដែរ។ ចំណុចដែលពួកអ្ហែងមិនអាចលើសបាននៅត្រង់ថាថ្នាក់បណ្ឌិតដូចគ្នា ប៉ុន្តែពួកអ្ហែងមិនចេះលោតឆ័ត្រយោងដូចកូនអញទេ។ បើអ្ហែងចង់ឱ្យបានស្មើកូនអញ អ្ហែងទៅរៀនលោតឆ័ត្រយោង អ្ហែងទៅរៀនបាញ់កាំភ្លើងអីឱ្យបានស្មើកូនអញទៅ។
មានអ្នកហៅកូនខ្ញុំថាអាកូនក្រៅខោទៀត។ អាហ្នឹងហើយដែលចោទប្រពន្ធខ្ញុំថាជាប្រពន្ធរបស់មេដឹកនាំវៀតណាម ចោទ ម៉ាណែត ថា ជាកូនរបស់មេដឹកនាំវៀតណាម។ អាមួយហ្នឹង មួយជាតិនេះដល់ជាតិក្រោយ ដល់ជាតិណា … (ក៏)អត់មានការអត់ឱនចំពោះអ្ហែងទេ។ អ្នកណាក៏ដោយ បើនៅតែភ្ជាប់ខ្លួនជាមួយនឹងអាមួយហ្នឹង អត់មានការលើកលែងទេ។ អ្នកណាចង់ទទួលបានការលើកលែង ប្រកាសផ្ដាច់ខ្លួនចេញពីអាមួយហ្នឹង។ អាមួយហ្នឹង គឺដឹងហើយ(ថាជានរណា)។ អានេះពូជក្បត់ជាតិ។ ក្បត់ទាំងជីតា ដល់ឪពុកវា ឥឡូវដល់ខ្លួនវា។ វាជេរព្រះមហាក្សត្រ វាទាមទារឱ្យព្រះមហាក្សត្រចុះចេញពីរាជបល្ល័ង្ក …។
(១១) បទបញ្ជាចំហ៖ ទប់ស្កាត់ការឆ្លងដែនខុសច្បាប់មកកម្ពុជា, សង្ស័យមេពួកឧទ្ទាមនៅក្នុងទឹកដីកម្ពុជា
ពូមានរឿងមួយដែលចង់ផ្ញើសារចេញពីទីនេះឱ្យមានការប្រុងប្រយ័ត្ន។ ប៉ុន្មានថ្ងៃរួចមកហើយ ចាប់តាំងពីថ្ងៃទី១១ មានការប្រយុទ្ធគ្នា(បង្កឡើង)ដោយពួកឧទ្ទាមមួយក្រុមនៅក្នុងប្រទេសវៀតណាម។ យើងបានធ្វើការស្ងាត់ស្ងៀមលើរឿងនេះ ក៏ប៉ុន្តែសារព័ត៌មានវៀតណាមក៏បានផ្សាយ។ សារព័ត៌មានយើងមួយចំនួនក៏បានផ្សាយ។ ក្រុមនេះបានបើកការវាយលុកលើសាលាឃុំ២ របស់វៀតណាមក្នុងពេលតែមួយ សម្លាប់មេឃុំ លេខាបក្សឃុំ សម្លាប់ប៉ូលីស និងសម្លាប់ប្រជាពលរដ្ឋ។ និយាយរួម វាយប្រហារដោយប្រើប្រាស់ប្រដាប់អាវុធ។ ឥឡូវ ក្រុមនេះកំពុងបាក់ទ័ព។ ខ្ញុំកំពុងតែបារម្ភថា ពួកនេះនឹងអាច(ជ្រាត)ចូលទឹកដីកម្ពុជា។ សូមចេញបទបញ្ជាជាចំហសម្រាប់កងកម្លាំងប្រដាប់អាវុធ ជាកងទ័ពក្ដីជានគរបាលក្ដី នៅទិសយោធភូមិភាគទី១ នៅខេត្តរតនគិរី និងមណ្ឌលគិរី អាចរួមទាំងក្រចេះខ្លះផង បង្កើនការយកចិត្តទុកដាក់ សហការជាមួយនឹងភាគីវៀតណាមទប់ស្កាត់ការឆ្លងដែនខុសច្បាប់ចូលមកក្នុងកម្ពុជា។ ខ្ញុំកំពុងដាក់ការសង្ស័យថា មេរបស់វានៅក្នុងទឹកដីកម្ពុជា។ មេរបស់វាមិនអាចមកពីខាងទឹកដីចិន ឬនៅទឹកដីវៀតណាមទេ ហើយក៏មិនអាចនៅទឹកដីថៃដែរ។ នេះជាអង្គការមានការចាត់តាំងច្បាស់លាស់។ ផ្នែកសន្ដិសុខជាតិត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យឱ្យបានច្បាស់។ យើងធ្លាប់មានបទពិសោធន៍ហើយ។
កង្វល់ថា ពួកឧទ្ទាមជ្រកក្រោមផ្លាក HCR នៅកម្ពុជា
ពួកម៉ុងតាញ៉ានេះ បានធ្វើដំណើរចេញពីប្រទេសវៀតណាម តម្រង់ឆ្ពោះមក HCR នៅទីក្រុងភ្នំពេញ។ អញ្ចឹងផែនការរបស់គេ បើវាយបានគឺកាន់កាប់។ បើវាយមិនបានរត់ចូល(មកទឹកដី)កម្ពុជា ហើយមាន HCR ចូលរួមជួយ។ អញ្ចឹងបណ្ដាញពិតប្រាកដរបស់វាគឺនៅក្នុងទឹកដីកម្ពុជា។ មិនមែនគ្រាន់តែក្នុងទឹកដីរតនគិរី មណ្ឌលគិរីនោះទេ សូមឱ្យអ្នកក្រចេះ អ្នកត្បូងឃ្មុំ បង្កើនការយកចិត្តទុកដាក់(អំពី)អ្នកធ្វើដំណើរ។ ពួកនេះមានខ្សែរយៈ អាចមានទាំង Satellite ប្រើសម្រាប់ធ្វើការទាក់ទងផង។ ឥឡូវនេះជនជាតិម៉ុងតាញ៉ាមិនទាន់អស់ពីទីក្រុងភ្នំពេញទេ។ នៅសល់ប៉ុន្មាននាក់ទៀត។ ពីមុន អ្នកឯងរត់ឆ្លងដែនមកដល់ទីក្រុងភ្នំពេញ ចូលកន្លែង HCR។ យើងបានតម្រូវថាអ្នកឯងសម្ភាសន៍ បើមានប្រទេសទី៣ណាទទួល សូមឲ្យយកចេញទៅ។ បើគ្មានអ្នកទទួលទេសូមប្រគល់ឲ្យវៀតណាមវិញ។ កម្ពុជាគ្មានដីឲ្យនៅទេ។ ខ្ញុំកំពុងតែកង្វល់ថាពួកនេះនឹងអាចមកជ្រកក្រោមផ្លាក HCR នៅទីក្រុងភ្នំពេញ។
ក្រុមបះបោរឆ្លងដែនពីវៀតណាមមកកម្ពុជា នឹងត្រូវតែចាប់ប្រគល់ឲ្យវៀតណាមវិញ
ខ្ញុំសូមព្រមានទុកជាមុនចំពោះអង្គការអន្តរជាតិ ឬពួកអន្តរជាតិ ឬក៏ជនជាតិខ្មែរណាក៏ដោយដែលគប់គិតនាំមនុស្សនេះចូលមកទីក្រុងភ្នំពេញ យើងមិនអនុញ្ញាតដាច់ខាតអោយមានការជ្រកកោននៃពួកក្រុមបះបោរដែលរត់ឆ្លងដែនពីវៀតណាមមកកាន់កម្ពុជា។ ត្រូវតែចាប់ប្រគល់ឲ្យវៀតណាមវិញភ្លាមៗ។ បើទោះបីមកដល់កន្លែង HCR ហើយក៏ដោយ អត់មានសិទ្ធិធ្វើជាអ្នកជ្រកកោនខាងនយោបាយរង់ចាំទៅប្រទេសទី៣ទេ។ យើងបានកំណត់ជាមួយគ្នាដោយមានកិច្ចព្រមព្រៀងច្បាស់លាស់ជាមួយប្រទេសជិតខាង គឺមិនអនុញ្ញាតឲ្យប្រើប្រាស់ទឹកដីរបស់ខ្លួនប្រឆាំងនឹងប្រទេសមួយផ្សេងទៀត។ កម្ពុជាក៏មិនប្រើទឹកដីរបស់ខ្លួនប្រឆាំងជាមួយវៀតណាម ជាមួយថៃ ជាមួយឡាវ។ ឯវៀតណាមក៏មិនប្រើប្រាស់ទឹកដីរបស់ខ្លួនប្រឆាំងជាមួយកម្ពុជា ជាមួយឡាវ ជាមួយចិន ដែលគាត់មានប្រទេសជាប់ព្រំដែន។ ឯថៃក៏មានការព្រមព្រៀងមិនប្រើប្រាស់ទឹកដីរបស់ខ្លួន ប្រឆាំងជាមួយកម្ពុជា ជាមួយឡាវ ជាមួយមីយ៉ាន់ម៉ា និងជាមួយម៉ាឡេស៊ីដែរ។ ឯឡាវក៏មានកិច្ចព្រមព្រៀងមិនប្រើប្រាស់ទឹកដីរបស់ខ្លួនប្រឆាំងជាមួយកម្ពុជា ជាមួយវៀតណាម ជាមួយថៃ ប្រឆាំងមីយ៉ាន់ម៉ា ប្រឆាំងចិនដែរ។
ប្រភេទអំពើភេរវកម្ម ឬការបង្កអសន្តិសុខនិងមហន្តរាយដល់ជីវិតមនុស្សនិងទ្រព្យសម្បត្តិ
ទោះបីរាយកងទ័ពប៉ុន្មានក៏ដោយ វាមិនគ្រប់គ្រាន់ទេព្រោះរាប់រយគីឡូម៉ែត្រ។ អញ្ចឹងពេលយប់ វាលួចឆ្លងដែនចូលមករស់នៅតាមភូមិ។ សុំបញ្ជាឲ្យខេត្តរតនគិរី មណ្ឌលគិរី ត្រួតពិនិត្យតាមភូមិឲ្យជាក់លាក់ ប្រយ័ត្នមកដេកនៅស៊ីបានតាមភូមិ។ ខ្ញុំជឿថា បណ្ដាញរបស់វាគឺចេញពីកម្ពុជា ដែលផ្គត់ផ្គង់សេវាកម្មចូលទៅក្នុងប្រទេសវៀតណាម។ រឿងនេះវាធ្លាប់មានពីមុនមកហើយ។ ពួកនេះឡើងទៅនៅរតនគិរីនិងមណ្ឌលគិរីនោះ បង្កើតឲ្យមានជនភៀសខ្លួនឆ្នាំ២០០៣ ២០០៤ និង២០០៥ មួយរយៈកន្លងទៅ។ រឿងនេះមានស្ថានភាពធ្ងន់ធ្ងរ។ ខ្ញុំត្រូវតែបញ្ជាដាច់ខាត គឺអត់មានការលើកលែងទេ។ សូមអង្គការអន្តរជាតិទាំងអស់ រាប់ទាំងភ្នាក់ងារអង្គការសហប្រជាជាតិ(យល់ពីសភាពការណ៍នេះ)។ នេះមិនមែនជាការស្វែងរកសិទ្ធិជ្រកកោនខាងនយោបាយ ឬស្វែងរកជីវភាពសេដ្ឋកិច្ចខ្ពស់ជាងទេ។ នេះជាប្រភេទនៃអំពើភេរវកម្ម ឬក៏ប្រភេទគេហៅថាបង្កអសន្តិសុខ មហន្តរាយទៅដល់ជីវិតមនុស្ស និងទ្រព្យសម្បត្តិរបស់ជនជាតិវៀតណាម … ការខូចខាតលុយកាក់វាមិនធំ ប៉ុន្តែសន្តិសុខជាតិវៀតណាមត្រូវបាត់ (រួមទាំង)ជីវិតមនុស្ស។ សំណាងហើយដែលប្រជាជននៅទីនោះគេមិនចូលរួម។ គម្រោងរបស់ពួកនេះគឺវាយហើយកាន់កាប់តាមរយៈប្រជាជនចូលរួម … អញ្ចឹងសូមប្រយ័ត្នបណ្ដាញនេះទៅពីកម្ពុជា ហើយត្រឡប់មកវិញតាមច្រកដដែលមកកម្ពុជា។ ពួកនេះមានវិធីច្រើនក្នុងការចូលមកកម្ពុជា។ ត្រូវយកចិត្តទុកដាក់អាហ្នឹងឲ្យបានច្បាស់ អត់មានត្រាប្រណីទេ។
កុំនាំគ្រាប់បែកមកដាក់ក្នុងផ្ទះកម្ពុជា រឹតបន្តឹងការត្រួតពិនិត្យបង្កើតបណ្តាញស៊ើបការ
តិចថាអង្គការលើកលែងទោសអន្តរជាតិ … ចេញមក … ទាល់តែ(មានការ)បាញ់លោកឯង បានលោកឯងថា ពួកហ្នឹងជាឃាតករឬ? នេះបាញ់សម្លាប់នគរបាលវៀតណាម សេនាជនវៀតណាម មេឃុំវៀតណាម ប្រជាជនវៀតណាម។ ខ្ញុំមានការទទួលខុសត្រូវមួយ ដោយយល់ច្បាស់ថារឿងដែលកើតក្នុងទឹកដីវៀតណាមអាចមានបណ្ដាញចេញពីកម្ពុជា មានអង្គការចាត់តាំង។ លឺថាកម្លាំងប្រហែលជា៦០០(នាក់)។ បើកម្លាំង៦០០ (នាក់) មិនតូចតាចទេ។ អញ្ចឹងត្រូវសហការជាមួយភាគីវៀតណាម។ អ្វីដែលយើងធ្វើបានគឺធ្វើក្នុងទឹកដីរបស់យើង កុំនាំគ្រាប់បែកមកដាក់ក្នុងផ្ទះកម្ពុជា។ អញ្ចឹងខេត្តរតនគិរី មណ្ឌលគិរី ត្រូវតែពិនិត្យមើលតាមភូមិនានា ក្រែងលោពួកនេះកំពុងតែមកដេកក្នុងដីខ្មែរ។ គេកំពុងតាមរកក្នុងដីវៀតណាម។ វៀតណាមធ្វើម៉េចមករកក្នុងដីយើងទៅកើត? យើងមិនឲ្យមកទេតែយើងសហការ។ ក៏ប៉ុន្តែព្រំដែនវាវែងណាស់ ពួកនេះមានរបៀង។ ត្រូវតែរឹតបន្តឹងនៅខេត្តក្រចេះនិងខេត្តត្បូងឃ្មុំ។ បើពួកនេះចង់ចូលភ្នំពេញច្បាស់ជាឆ្លងកាត់ត្បូងឃ្មុំនិងព្រៃវែងទៀត។ កំពង់ចាមក៏ត្រូវរឹតបន្តឹងការត្រួតពិនិត្យ ប៉ុន្តែកុំផ្អែកលើបញ្ហាហ្នឹងនាំគ្នាបង្កើតកុងត្រូលជជុះ។ បង្កើតបណ្ដាញស៊ើបការ ទើបជាបញ្ហាសំខាន់។
អង្គការអន្តរជាតិធ្វើសកម្មភាពក្នុងទឹកដីកម្ពុជា សូមគេចចេញពីឧក្រិដ្ឋកម្មដែលពួកឧទ្ទាមបានធ្វើ
នេះជាប្រទេសខ្មែរ ហើយជាសមាជិកពេញសិទ្ធិរបស់អង្គការសហប្រជាជាតិ ដែលគេត្រូវគោរព។ វៀតណាមក៏ជាសមាជិកអង្គការសហប្រជាជាតិ ហើយវៀតណាមឆ្នាំនេះក៏កំពុងជាសមាជិកមិនអចិន្រ្តៃយ៍ក្រុមប្រឹក្សាសន្តិសុខផង។ វៀតណាមជាប់ឆ្នោតសាជាថ្មីម្ដងទៀតក្នុងការធ្វើសមាជិកមិនអចិន្រ្តៃយ៍ក្រុមប្រឹក្សាសន្តិសុខ។ នេះជាការចេញបញ្ជាដោយចំហ ដើម្បីយើងត្រួតត្រាសភាពការណ៍ក្នុងប្រទេស កុំឲ្យប្រទេសរបស់យើងក្លាយទៅជាកន្លែងឆ្លងកាត់និងមូលដ្ឋានផ្គត់ផ្គង់ភស្ដុភាទៅឲ្យកម្លាំងប្រដាប់អាវុធប្រឆាំងក្នុងប្រទេសវៀតណាម។ នេះជាការទទួលខុសត្រូវរបស់កម្ពុជា។ បើខ្ញុំមិននិយាយចំហទេ វាមិនកើតទេ។ វៀតណាមខ្លួនឯងក៏បានផ្សាយរឿងហ្នឹងរួចហើយដែរ ថាមានការបាញ់គ្នា មានការស្លាប់អី … ពីមុន(ខ្ញុំ)ចេញបញ្ជាជាសម្ងាត់ទេ … ប៉ុន្តែអ្វីដែលខ្ញុំបារម្ភគឺពួកនេះបន្លំទៅនៅក្នុងចំណោមប្រជាជន រួចហើយលួចធ្វើដំណើរដោយលួចលាក់ចូលមកដល់ទីក្រុងភ្នំពេញ ចូលស្នាក់ការនៅទីក្រុងភ្នំពេញ។ អញ្ចឹង ខ្ញុំសុំព្រមានចំពោះអង្គការអន្តរជាតិនានាដែលធ្វើសកម្មភាពក្នុងទឹកដីកម្ពុជា ត្រូវគេចចេញពីឧក្រិដ្ឋកម្មដែលពួកនេះបានធ្វើ។ បើសិនជាពួកឯងទទួល ស្មើនឹងការប្រព្រឹត្តឧក្រិដ្ឋកម្មលើប្រជាជនវៀតណាម។ ខ្ញុំសូមដាស់តឿន។ យើងអាចនឹងបិទនូវការិយាល័យទាំងអស់នៅទីក្រុងភ្នំពេញ បើសិនជាបំពានលើអ្វីដែលជាក្រឹត្យក្រមធម្មតានៃទំនាក់ទំនងរវាងរដ្ឋជាមួយអង្គការអន្តរជាតិនានា។
(១២) អនុវត្តកាតព្វកិច្ចរដ្ឋមានការទទួលខុសត្រូវក្នុងការសន្យាអន្តរជាតិមិនប្រើប្រាស់ទឹកដីប្រឆាំងប្រទេសដទៃ
កុំឃើញ(ការសំរេច)អញ្ចឹងថា កម្ពុជាធ្វើតម្រូវចិត្តវៀតណាម? វៀតណាមក៏ត្រូវតែ(ធ្វើដូចគ្នាចំពោះកម្ពុជា ព្រោះ)បាននិយាយគ្នាហើយ។ និយាយរួមប្រទេសទាំងអស់ គោលការណ៍មិនជ្រៀតជ្រែកគ្នា មិនប្រើទឹកដីរបស់ខ្លួនប្រឆាំងប្រទេសដទៃ គឺត្រូវតែធ្វើ។ បើទោះបីជាភេរវកម្មនៅប្រទេសថៃ រត់ចូលមកកម្ពុជា ក៏កម្ពុជាត្រូវតែចាប់ឲ្យថៃដែរ។ ធ្វើភេរវកម្មនៅឯឡាវ ក៏យើងត្រូវចាប់ឲ្យឡាវដែរ។ យើងចាប់ជនជាតិអាមេរិក ប្រគល់ឲ្យអាមេរិកទេតើ គ្រាន់តែយើងប្រគល់ឲ្យស្ងាត់ៗ ប្រគល់ឲ្យមួយគគោក។ អាមេរិកតាមចាប់មនុស្សមួយចំនួន មកចាប់បាននៅស្រុកខ្មែរ។ យើងប្រគល់ឲ្យយកទៅកាត់ទោសនៅអាមេរិកទៅ។ ឯណេះក៏ពិបាកចិញ្ចឹមបាយដែរ ខ្មែរស៊ីប្រហុក អានោះស៊ីប៊័រ រកឯណាឲ្យស៊ី? ហេតុអីមិននិយាយផង។ នេះអាមេរិកក៏មានទំនាក់ទំនងល្អជាមួយវៀតណាមដែរ អឺរ៉ុបក៏មានទំនាក់ទំនងល្អជាមួយវៀតណាមដែរ។ បើសិនជាកម្ពុជាធ្វើសកម្មភាព អ្នកឯងគួរតែគិតពីកម្ពុជា និងវៀតណាមផងដែរ។ ខ្ញុំសុំទូន្មាន សូមមើលកម្ពុជាអោយផុតពីកម្ពុជាទៅដល់ក្របខណ្ឌអាស៊ាន ឬហោចណាស់អ្នកឯងមានទំនាក់ទំនងល្អជាមួយវៀតណាមក៏ត្រូវគិតទៅដល់វៀតណាមដែរ។ ខ្ញុំធ្វើនេះគឺអនុវត្តកាតព្វកិច្ចជារដ្ឋដែលមានការទទួលខុសត្រូវ ក្នុងការសន្យាជាអន្តរជាតិទៅលើការមិនប្រើប្រាស់ទឹកដីរបស់ខ្លួនប្រឆាំងនឹងប្រទេសដទៃ។
នេះជាអ្វីដែលខ្ញុំលើកជាបទបញ្ជាជាក់លាក់។ ធ្វើសកម្មភាពស្រុះគ្នា។ កុំលេងតែស្បែក ប្រហោងខាងក្នុង។ យើងធ្លាប់ដឹងហើយតើ កាលពីឆ្នាំ២០០៣ ២០០៤ មកដេកតាមផ្ទះនៅក្នុងភូមិខ្លះនៅរតនគិរី។ មានករណីនេះកើតឡើង។ រួចហើយធ្វើដំណើរតាំងពីទល់ដែនវៀតណាមមកដល់ទីក្រុងភ្នំពេញ។ យើងអត់ដឹង។ ឥឡូវមានខ្លះជាប់នៅភ្នំពេញ។ សូមក្រសួងការបរទេសពិនិត្យមើល អ្នកដែលសម្ភាសន៍មិនជាប់ តើនៅតទៅទៀតឬអី? ត្រូវប្រគល់ទៅឲ្យវៀតណាម។ ពិនិត្យមើលពិភាក្សាជាមួយក្រសួងការបរទេសអំពីអ្នកដែលសម្ភាសន៍មិនជាប់នោះ។ អ្នកខ្លះសម្ភាសន៍ចុះឡើងៗ ទៅនៅប្រទេសហ្វីលីពីន ក្នុងពេលដែលសេដ្ឋកិច្ចវៀតណាមឥឡូវនេះខ្ពស់ជាងនិងលឿនជាងហ្វីលីពីនទៅទៀត។ ពួកនេះវាទាល់ច្រក វាទៅហ្វីលីពីន។ ហ្នឹងរឿងករណីទាក់ទិននឹងរឿងជាទិដ្ឋភាពនយោបាយ។ តែទិដ្ឋភាពនេះ សម្រាប់ខ្ញុំគឺហៅថា ភេរវកម្ម។ ត្រូវធ្វើកិច្ចការងារនេះឲ្យខាងតែបាន។
[សំណេះសំណាលជាមួយកម្មការិនីមានផ្ទៃពោះម្នាក់]
… សួរប៉ះចំ(អ្នកមានកូនភ្លោះបី) កូន ហ៊ុន សែន បណ្ដោយ។ ពេលឆ្លងទន្លេ ត្រូវបានរបបថ្មី បូកជាមួយប៉ុន្មានទៀតនោះ ហើយថែម ៥ លានរៀលរបស់ខ្ញុំទៀតនោះ ហើយបូកនឹង ១០ ដង (មុនៗរបបដូចគេកូនមួយ) … ត្រូវគិតគូរបន្ថែមទៀត ព្រោះពីរនិងមួយវាខុសគ្នា។ គ្រាន់តែបៅទឹកដោះគោក៏វាខុសគ្នាដែរ … ថាមិននិយាយច្រើនទេ តែនៅតែច្រើន ដោយសារថ្ងៃនេះមានបទបញ្ជាជាក់លាក់សម្រាប់អ្នកដែលទាក់ទិននឹងបញ្ហាសន្តិសុខជាតិរបស់យើងផង និងរបស់ប្រទេសជិតខាងផង។ ចុងក្រោយហើយ … បញ្ជាក់ឡើងវិញថា ម៉ុងតាញ៉ាចេញអស់ពីកម្ពុជាហើយ តែបើចេញអស់អាចាស់ កុំឲ្យមានពួកថ្មី។ អាថ្មីមកលើកក្រោយនេះ ចាប់បញ្ជូនឲ្យវៀតណាមភ្លាមៗ ព្រោះពួកនេះធ្វើសកម្មភាពសម្លាប់មនុស្សនៅវៀតណាមមិនឲ្យមានវត្តមានលើទឹកដីកម្ពុជាទេ។
អំណោយជូនអង្គពិធី ថ្ងៃនេះបាននាំមកសម្រាប់កម្មករ/ការិនី ១៨ ១៤៥ នាក់ ក្នុងម្នាក់ៗក្រៅពីនំប៉័ង បាន ២ម៉ឺនរៀល។ តិចតួចណាស់ក្មួយៗបើប្រៀបធៀបនឹងប្រាក់បៀវត្សដែលក្មួយៗទទួលបាន ៨០ ម៉ឺនរៀលឡើងលើ។ តែនេះជាជំនួប ដែលយើងស្វែងយល់គ្នា និងសួរសុខទុក្ខ។ ឯកម្មការិនីមានផ្ទៃពោះចំនួន ៧៧៣ នាក់ ក្នុងម្នាក់ៗជូន ២០០ ដុល្លារ។ ជូនក្រុមគ្រូពេទ្យប្រចាំការ ៣ លានរៀល និងតន្រី្តសម័យ ៥លានរៀល។ អរគុណដែរចំពោះម្ចាស់រោងចក្រទាំងអស់ ដែលមានវត្តមានថ្ងៃនេះនិងអនុញ្ញាតឲ្យកម្មករបានឈប់សម្រាករសៀលនេះ … សូមបន្តការងារនេះ យកចិត្តទុកដាក់សុខទុក្ខកម្មករតទៅទៀត … ជូនពរអ្នកចូលរួមជួបតែសេចក្ដីសុខ សេចក្ដីចម្រើន ជាមួយនឹងពុទ្ធពរនិងពរទាំង ៥ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ៕