សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះជួបកម្មករ កម្មការិនី ជិត២ម៉ឺននាក់ជាបន្តទៀត នៅភ្នំពេញ

 

នៅព្រឹកថ្ងៃសៅរ៍ ៧កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ចំនួន១៩,០០៤នាក់ មកពីរោងចក្រសហគ្រាចំនួន១៣ នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល  ដែលជំនួបសំណេះ​សំណាល​​បានធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ។

រោងចក្រ សហគ្រាទាំង១៣ ដែលអនុញ្ញាតឱ្យកម្មករ និយោជិតចូល​រួម​ក្នុងពិធីសំណេះសំណាលនេះ មកពីស្រុកមុខកំពូល ខេត្តកណ្តាលចំនួន៣ និងរាជធានីភ្នំពេញចំនួន១០ (ខណ្ឌឫស្សីកែវចំនួន៨, ខណ្ឌជ្រោយចង្វារ​ចំនួន​១ និងខណ្ឌពោធិ៍សែនជ័យចំនួន១)។

សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានមកជួបក្មួយៗកម្មករ កម្មការិនីរោងចក្រដែលមកពីខេត្តកណ្តាល និងភ្នំពេញនាថ្ងៃនេះ។ សម្តេចតេជោបានមានប្រសាសន៍ថា គោលនយោបាយគាំពារកម្មករ កម្មការិនី រួមទាំងកម្រិតប្រាក់បៀវត្សរ៍ គឺជាការគិតគូរយ៉ាងដិតដល់បំផុតរបស់រាជរដ្ឋាភិបាល កម្ពុជាដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ហើយក៏មិនមែនជារឿងចៃដន្យនោះដែរ។សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បន្តទៀតថា នៅឆ្នាំ២០២១-២០២៣ ក្នុងពេលដែលយើងជួបនូវវិបត្តិកូវីដ-១៩ធ្ងន់ធ្ងរនោះ រាជរដ្ឋាភិបាលកម្ពុជាមិនបានដំឡើងប្រាក់បៀវត្សរ៍ដល់មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធឡើយ ដោយសាររដ្ឋត្រូវយកចំណែកទាំងនោះ ទៅទប់ទល់នឹងហានិភ័យ​សង្គមបណ្តាលមកពីកូវីដ-១៩ តែរដ្ឋាភិបាលបានប្រឹងប្រែងមិនឱ្យ​ឡើងថ្លៃនូវ​មុខទំនិញនានា និងសេវាចាំបាច់របស់ប្រជាពលរដ្ឋដូចជា បញ្ហាទឹក និងភ្លើងជាដើម។

សម្ដេចតេជោបានបន្តទៀតថា ការចុះជួបជាមួយបងប្អូនកម្មករនិយោជិតនេះ គឺដើម្បីស្វែងយល់ពីកិច្ចការដែលរាជរដ្ឋាភិបាលបានដាក់ចេញ ដើម្បីគាំពារកម្មករនិយោជិតថាតើសម្រេចបានដល់កម្រិតណាខ្លះហើយ។សម្តេចតេជោបានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជាបានបង្ក​លក្ខណៈងាយស្រួល​យ៉ាងខ្លាំងដល់ថៅកែរោងចក្រនានា  តាមរយៈការប្រើប្រាស់រូបីយប័ណ្ណអន្តរជាតិ ដើម្បីបើកប្រាក់ខែជូនបងប្អូនកម្មករបាន ដែលនេះជាផ្នែកមូយដ៏សំខាន់ក្នុងការជួយសម្រួលការងារ និងនិរន្តរភាព នៃអត្រាប្តូរប្រាក់ផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ទៀតថា មានជនមួយក្រុម ដែលកំពុងមាន​ទោសក្បត់ជាតិនៅកម្ពុជាផងនោះ បានដើរអំពាវនាវដល់អន្តរជាតិ កុំមកបណ្តាក់​ទុនរកស៊ីនៅកម្ពុជា, កុំទិញទំនិញពីកម្ពុជា និងត្រូវដាក់ទណ្ឌកម្មកម្ពុជាជាដើម ដែលនៅលើពិភពលោកនេះ គ្មានក្រុមប្រឆាំងណា ដូចក្រុមប្រឆាំងនៅកម្ពុជាឡើយ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបាន មានប្រសាសន៍ទៀតថា កត្តាសុខសន្តិភាព គឺជាការចាប់ផ្តើមដំបូង បំផុតនៃការអភិវឌ្ឍ និងសកម្មភាពផ្សេងៗទៀត នៃវឌ្ឍនភាព រួមទាំងកំណើនការងារសម្រាប់កម្មករ កម្មការិនីផងដែរ។បើគ្មានសុខសន្តិភាពទេ កុំនិយាយ ឬគិតអ្វីទាំងអស់ គិតត្រឹមតែធ្វើយ៉ាងម៉េចរត់ចូលត្រង់សេឱ្យបានតែប៉ុណ្ណោះឯង។ សម្តេចតេជោបានរំលឹកជាថ្មីទៀតថា បើកម្ពុជាមានសង្រ្គាម គ្មានបរទេសណាមកធ្វើការវិនិយោគជាមួយកម្ពុជានោះទេ ដូច្នេះហើយបងប្អូនជនរួមជាតិទាំងអស់ត្រូវថែរក្សានូវសុខសន្តិភាពនេះឲ្យខាងតែបាន។

សម្តេចតេជោ ហ៊ុន សែន បានបន្តអំពាវនាវដល់ម្ចាស់រោចក្រ និងកម្មករនិយោជិត ត្រូវរួមគ្នាធ្វើយ៉ាងណាឱ្យរោងចក្រ​មួយក្លាយទៅជាសហគមន៍សុខសាន្តមួយ។ ដូច្នេះទាំងកម្មករនិយោជិត និងម្ចាស់រោងចក្រ ត្រូវធ្វើបែបណា កុំឱ្យមានគ្រឿងញៀន កុំឱ្យមានបងតូច បងធំ កុំឱ្យមានជម្លោះរវាងកម្មករនិយោជិត និងថៅកែរោងចក្រ និងកុំឱ្យក្លាយជាកន្លែងឆ្លងរីករាលដាលជំងឺអេដស៍។ ពាក់ព័ន្ធនឹងជំងឺអេដស៍នេះ ផងដែរ នៅថ្ងៃនេះ សម្តេចតេជោបានមានប្រសាសន៍ថា និន្មាការ នៃការចម្លងមេរោគអេដស៍មានការកើនឡើងនៅឆ្នាំ២០២៣នេះ ខណៈដែលក្រុមគោល ដែលមានការចម្លងច្រើនជាងគេ គឺក្រុមដែលមាននិន្នាការស្រលាញ់ភេទដូចគ្នា ក្នុងនោះគឺ ក្រុមបុរសស្រលាញ់បុរសដូចគ្នា។ដូច្នេះ សម្តេចេរតេជោបានអំពាវនាវកុំឱ្យភ្លើតភ្លើនភ្លេចខ្លួន​ និងត្រូវមានវិធានការការពារពីជំងឺអេដស៍នេះអោយបានគ្រប់ៗគ្នា។

មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន ក៏បានជូនពរដល់បងប្អូនកូនក្មួយ កម្មករ កម្មការិនីទាំងអស់ ជួបតែសេចក្តីសុខ សេចក្តីចម្រើន ជាពិសេសកម្មការិនីដែលមានផ្ទៃពោះសូមឲ្យទទួលបាននូវសុខភាពល្អ ទាំងម្ដាយ និងកូននៅពេលសម្រាលហើយក៏បានផ្ដល់ជាថវិកា សម្រាប់ស្ត្រីមានផ្ទៃពោះចំនួន​៦៤១​នាក់ ក្នុងម្នាក់ៗ  ២០០ដុល្លារ ក្នុងនោះមានស្ត្រីមានកូនភ្លោះ២ ចំនួន៤នាក់ ក្នុងម្នាក់ៗ ចំនួន​៤០០​ដុល្លារផងដែរ៕

 

 

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ