(ភ្នំពេញ)៖ ព្រះរាជាពិធីសុំព្រះអគ្គីអាទិទេពកីឡា សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា បានបញ្ចប់ដោយជោគជ័យ ដែលប្រារព្ធធ្វើឡើងក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅប្រាសាទរអង្គរវត្ត ក៏ដូចជាពិធីដង្ហែជុំវិញវង់តូចប្រសាទអង្គរវត្ត នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣។
ក្រោយព្រះរាជពិធីខាងលើ ព្រះអគ្គីអាទិទេពកីឡា នឹងត្រូវរក្សាក្នុងចង្កៀងពិសេសមួយ នៅវត្តរាជបូណ៌ ខេត្តសៀមរាប ដើម្បីរង់ចាំពិធីដង្ហែទៅកាន់បណ្ដាប្រទេសតំបន់អាស៊ាន និងទីម័រខាងកើត ចាប់ពីថ្ងៃទី២២ ខែមីនា ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ខាងមុខ ដោយនឹងត្រូវចេញពីខេត្តសៀមរាប នាល្ងាចថ្ងៃទី២២ ខែមីនា ឆ្ពោះទីក្រុងហាណូយ ប្រទេសវៀតណាម មុនគេ ហើយដង្ហែឆ្លងកាត់ប្រទេសជាបន្ដបន្ទាប់ រហូតដល់ប្រទេសឡាវក្រោយគេ មុនត្រឡប់ចូលមកកម្ពុជាវិញ។
កាលបរិច្ឆេទពិធីដង្ហែក្នុងប្រទេសនីមួយៗ៖
* ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ចេញដំណើរពីសៀមរាបទៅហាណូយ ប្រទេសវៀតណាម
* ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ រៀបចំត្រៀម
* ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ ពិធីដង្ហែនៅហាណូយ ប្រទេសវៀតណាម
* ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ ចេញដំណើរពីហាណូយ ទៅម៉ានីល (ហ្វីលីពីន)
• ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ រៀបចំត្រៀម (ថ្ងៃអាទិត្យ)
* ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ ពិធីដង្ហែនៅម៉ានីល ប្រទេសហ្វីលីពីន
* ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ចេញដំណើរពីម៉ានីល ទៅបានជាសិរីបេហ្គាវ៉ាន់ ប្រទេស ប៊្រុយណេ
* ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ រៀបចំត្រៀម
* ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ពិធីដង្ហែនៅបានដាសិរីបេហ្កាវ៉ាន់ ប្រទេសប៊្រុយណេ
• ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ចេញពីបានដាសិរីបេហ្កាវ៉ាន់ ទៅហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី
* ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ រៀបចំត្រៀម (ថ្ងៃសៅរ៍)
* ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣ រៀបចំត្រៀម (ថ្ងៃអាទិត្យ)
• ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ ពិធីដង្ហែនៅហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី
* ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ ចេញពីហ្សាកាតា ទៅឌីលី ប្រទេសទីម័រ ឡេស្ត
* ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ មកដល់ឌីលី ប្រទេសទីម័រ ឡេស្ត
* ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ រៀបចំត្រៀម
* ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ ពិធីដង្ហែនៅឌីលី ប្រទេសទីម័រឡេស្ត
* ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ ចេញពីឌីលី ទៅកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី
* ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៣ មកដល់កូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី
* ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ រៀបចំត្រៀម
* ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ ពិធីដង្ហែនៅកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី
* ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ ចេញពីកូឡាឡាំពួរ ទៅសិង្ហបុរី
* ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ រៀបចំត្រៀម
* ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ ពិធីដង្ហែនៅប្រទេសសិង្ហបុរី
* ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ ចេញពីសិង្ហបុរី ទៅបាងកក ប្រទេសថៃ
* ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ រៀបចំត្រៀម
* ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ ពិធីដង្ហែនៅបាងកក ប្រទេសថៃ
* ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ ចេញពីបាងកក ទៅយ៉ាងខ្លូន ប្រទេសមីយ៉ាន់ម៉ា
* ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ ធ្វើដំណើរទៅទីក្រុងណៃពិដោរ
* ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ រៀបចំត្រៀម
* ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ ពិធីដង្ហែនៅណៃពិដោរ ប្រទេសមីយ៉ាន់ម៉ា
* ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ ចេញពីណៃពិដោរ មកយ៉ាងខ្លូន ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ ចេញពីយ៉ាងខ្លូន ទៅវៀងចន្ទន៍ ប្រទេសឡាវ
* ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ រៀបចំត្រៀម
* ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ ពិធីដង្ហែនៅវៀងចន្ទន៍ ប្រទេសឡាវ។
បន្ទាប់ពីព្រះអគ្គីអាទិទេពកីឡា ចូលដល់ទឹកដីកម្ពុជា តំណាង CAMSOC និងរដ្ឋបាលខេត្តស្ទឹងត្រែង នឹងត្រូវទទួលព្រះអគ្គីកីឡា ហើយដង្ហែតាមរថយន្ដឆ្ពោះមកខេត្តស្ទឹងត្រែង ហើយសម្រាកនៅទីនោះមួយយប់ មុនបន្ដដំណើរមកកាន់រាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែមេសា ។ ដូច្នេះរាល់ការឈប់សម្រាកនៅប្រទេស ឬរាធានី-ខេត្តនីមួយៗ ចង្កៀងព្រះអគ្គីអាទិទេពកីឡា នឹងត្រូវរក្សានៅស្ថានទូត ឬទីវត្តអារាម យ៉ាងត្រឹមត្រូវបំផុត ។
ក្រោយបញ្ចប់ពិធីដង្ហែព្រះអគ្គីកីឡា នៅបណ្ដាប្រទេសតំបន់អាស៊ាន និងទីម័រខាងកើត គឺជាពេលវេលារៀបចំពិធីដង្ហែព្រះអគ្គីកីឡា តាមបណ្ដាខេត្តជាប់បឹងទន្លេសាបវិញម្ដង ដោយចេញដំណើរពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តកំពង់ឆ្នាំង ពោធិ៍សាច់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម ចាប់ពីថ្ងៃទី២៩ ខែមេសា រហូតដល់ល្ងាចថ្ងៃទី០៥ ខែឧសភា ខ្ទង់វេលាម៉ោង ៨៖៣០នាទីយប់ ពោលគឺចំពេលប្រារព្ធពិធីបើកការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជាជាផ្លូវការតែម្ដង។
កម្ពុជាមានមោទនភាព ក្នុងការធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលជាឱកាសដ៏វិសេសវិសាលមួយក្នុងការផ្ដួចផ្ដើមព្រះរាជពិធីបួងសួងសុំព្រះអគ្គីអាទិទេពកីឡា ពីព្រះអាទិត្យ នៅប្រាសាទអង្គរវត្តដ៏ល្បីល្បាញពាសពេញពិភពលោក ក៏ដូចជារៀបចំពិធីដង្ហែនៅក្នុងប្រទេស និងទៅកាន់បណ្ដាប្រទេសនានា ក្នុងតំបន់អាស៊ាន និងទីម័រខាងកើត ។
ពិធីដង្ហែព្រះអគ្គីអាទិទេពកីឡានេះ មិនត្រឹមតែជាពិធីមួយ ដែលជានិមិត្តរូបតំណាងឲ្យការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នោះទេ ប៉ុន្ដែក៏ជាការបង្ហាញពីភាពរឹងមាំ មោះមុត ការរីកចម្រើន និងការអភិវឌ្ឍលើគ្រប់វិស័យក្នុងប្រទេសកម្ពុជា ក្រោមដំបូងសន្ដិភាព ។ លើសពីនេះ ព្រះអគ្គីកីឡា ដែលដង្ហែគ្រប់បណ្ដាប្រទេសក្នុងតំបន់ គឺជាការពង្រឹងសាមគ្គីភាព ចំណងមិត្តភាព ភាពចុះសម្រុងគ្នា និងសុខដុមរមនាតាមរយៈការប្រកួតកីឡា ដែលជាប្រជាជាតិអាស៊ានតែមួយ មានទស្សនៈតែមួយ អត្តសញ្ញាណតែមួយ សហគមន៍តែមួយ រស់នៅក្នុង “សហគមន៍សន្ដិភាព និងវាសនាតែមួយ” ៕ Fresh News