ផ្សាយបន្តផ្ទាល់៖ សម្តេចតេជោ អញ្ជើញប្រកាសដាក់ឱ្យអនុវត្តកម្មវិធី កែទម្រង់គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤

 

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី២០ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីប្រកាសដាក់ឱ្យអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ ឆ្នាំ២០២៣ ដល់ឆ្នាំ២០២៧។ ពិធីនេះ ធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។

សូមជម្រាបថា កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈត្រូវបានដាក់ឱ្យអនុវត្តលើកដំបូងពី២០០៤-២០០៨, ដំណាក់កាលទី២ ពីឆ្នាំ២០០៩-២០១៥, ដំណាក់កាលទី៣ ពីឆ្នាំ២០១៦-២០២២។

កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជាកម្មវិធីកែទម្រង់ស្នូលមួយ នៃកម្មវិធីកែទម្រង់សំខាន់ៗ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីឈានឆ្ពោះទៅពង្រឹងអភិបាលកិច្ច។ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព គឺជាមូលដ្ឋានគ្រឹះដ៏ចាំបាច់សម្រាប់ជំរុញការអភិវឌ្ឍប្រទេសជាតិ និងកែលម្អជីវភាពប្រចាំ ថ្ងៃរបស់ប្រជាជនកម្ពុជា។
កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ មានចក្ខុវិស័យប្រកបដោយមហិច្ឆិតា និងប្រាកដនិយម ពោលគឺកសាងប្រព័ន្ធហិរញ្ញវត្ថុសាធារណៈកម្ពុជា ឱ្យស្របតាមស្តង់ដា និងឧត្តមានុវត្តន៍អន្តរជាតិ ដែលមានគោលដៅផ្លាស់ប្តូរប្រព័ន្ធ ដែលផ្ដោតលើធាតុចូល និងមានលក្ខណៈមជ្ឈការ ឆ្ពោះទៅប្រព័ន្ធដែលផ្ដោតលើធាតុចេញ ឬលទ្ធផល និងវិមជ្ឈការ។
សមិទ្ធផលដ៏ត្រចះត្រចង់នៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ចាប់តាំងពីដំណាក់កាលទី១ (ឆ្នាំ២០០៥) រហូតមកដល់បច្ចុប្បន្ន បានអនុញ្ញាតឱ្យរាជរដ្ឋាភិបាលអាចសន្សំ និងបង្ហូរថវិកាកាន់តែច្រើន ទៅកាន់វិស័យអាទិភាព ក៏ដូចជាអាចបង្កើនយ៉ាងច្រើន នូវធនធានវិនិយោគសាធារណៈក្នុងស្រុក, ពិសេសលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ដោះស្រាយវិបត្តិកូវីដ១៩, ជួយដល់ប្រជាពលរដ្ឋក្រីក្រ ដែលរងផលប៉ះពាល់ដោយសារកូវីដ១៩ រងផលប៉ះពាល់ដោយអតិផរណា គ្រោះទឹកជំនន់ ជូនដល់កម្មករក្នុងវិស័យរងផលប៉ះពាល់ ជាមួយគ្នានេះថវិកាថ្នាក់ក្រោមជាតិក៏ត្រូវបានបង្កើនផងដែរ ដែលជាប្រការជួយលើកស្ទួយមួយកម្រិត ដល់ឯករាជ្យភាពផ្នែកថវិការបស់កម្ពុជា៕

#សន្តិភាព #ស្ថិរភាព #នយោបាយ
#ហ៊ុនសែន #HunSen
#កម្ពុជា #Cambodia

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ