ព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតា បានយាងមកដល់មាតុភូមិកម្ពុជាវិញហើយ

165

 

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃព្រះ​រា​ជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិ​ខ្មែរ​ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ បានយាងមកដល់ប្រទេសកម្ពុជាវិញហើយ បន្ទាប់ពីគង់​ប្រថាប់​​នៅរដ្ឋធានីប៉េកាំង ប្រទេសចិន អស់រយៈពេលប្រមាណជាមួយខែ។

ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង និងសម្តេចព្រះវររាជមាតាជាតិខ្មែរ បានសព្វព្រះរាជ​ហឫទ័យយាងទៅកាន់រដ្ឋធានីប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ ដើម្បីពិនិត្យព្រះរាជសុខភាពតាមការយាងរបស់ក្រុមគ្រូពេទ្យចិន។

ព្រះរាជដំណើរយាងនិវត្តន៍ដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចព្រះវររាជមាតាជាតិខ្មែរ ទទួលបានការថ្វាយព្រះរាជវឌ្ឍនកិច្ច​ទទួលព្រះរាជដំណើរពីសំណាក់ដឹកនាំជាន់ខ្ពស់នៃស្ថាប័នជាតិ មានដូចជា សម្តេចវិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា, សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ព្រមទាំងព្រះញាតិវង្ស និងមន្ត្រីរាជការជាច្រើនអង្គ/នាក់ទៀត។

សូមបញ្ជាក់ថា ក្នុងកំលុងពេលគង់ប្រថាប់នៅប្រទេសចិននេះ ព្រះករុណាជាអម្ចាស់ជីវិត​លើត្បូង និងសម្តេចព្រះវររាជមាតាជាតិ សព្វព្រះរាជហឫទ័យ ទទួលជួបសវនាការជាមួយ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងភរិយាគឺ លោកស្រី Peng Liyuan ផងដែរ នៅថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣។

ក្នុងពេលចូលគាល់ និងជួបសាវនាការនោះ លោកប្រធានាធិបតី ស៊ី ជីនពីង បាលើកឡើងថា ចាប់តាំងពីបង្កើតទំនាក់ទំនងការទូតរវាងចិន និងកម្ពុជា ជាង៦៥ឆ្នាំមកនេះ ទោះជាស្ថានភាពអន្តរជាតិមានការវិវឌ្ឍន៍យ៉ាងណាក្តី ក៏មិត្តភាពរវាងចិន និងកម្ពុជាគង់នៅស្ថិតស្ថេរជារៀងរហូត និងបានបញ្ចេញនូវភាពរឹងមាំថ្មី ហើយទំនាក់ទំនងទ្វេភាគីបានក្លាយជាគំរូអន្តរជាតិ។

លោក ស៊ី ជីនពីង បានលើកឡើងទៀតថា នេះគឺដោយសារតែចំណងមិត្តភាព​ដ៏ជ្រាលជ្រៅ​រវាង​មេដឹកនាំជំនាន់មុនរបស់ចិន និងអតីតព្រះមហាក្សត្រ នរោត្តម ស៊ីហនុ។ លោក ស៊ី ជីនពីង ក៏បានរំលឹកផងដែរថា ការផ្តល់មេដាយមិត្តភាពនៃសាធារណរដ្ឋប្រជាមានិតចិន ថ្វាយសម្តេចម៉ែ ក្នុងឆ្នាំ២០២០ គឺដើម្បីថ្លែងអំណរព្រះគុណដល់ទ្រង់ ចំពោះការរួមចំណែកដ៏ពិសេសរបស់ទ្រង់ចំពោះទំនាក់ទំនងមិត្តភាពរវាងចិន និងកម្ពុជា។

លោក ស៊ី ជីនពីង បានលើកឡើងយ៉ាងដូច្នេះថា «យើងចង់ដឹកនាំទំនាក់ទំនង​មិត្តភាព​រវាង​ចិន និងកម្ពុជា ដើម្បីអនុញ្ញាតឱ្យមិត្តភាពរវាងប្រទេសទាំងពីរ​បានឆ្លងកាត់ពីមួយជំនាន់​ទៅ​មួយ​ជំនាន់ ហើយសរសេរជំពូកថ្មីមួយក្នុងការកសាងសហគមន៍​ចិន-កម្ពុជា​ នៃអនាគត​រួមគ្នា»។

លោកប្រធានាធិបតី ក៏បានសង្កត់ធ្ងន់ផងដែរថា ប្រទេសចិនបានត្រៀមខ្លួនរួច​ជាស្រេច​ក្នុង​ការ​ធ្វើការជាមួយកម្ពុជា ដើម្បីកសាងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការលើវិស័យ​សំខាន់ៗចំនួនប្រាំមួយ និងគាំទ្រកម្ពុជាក្នុងការកសាង «ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម» និង «ច្រករបៀងត្រី និងស្រូវ» ដោយបន្ថែមថា ប្រទេសរបស់លោកក៏ត្រៀមខ្លួនជាស្រេច ក្នុងការពន្លឿនការសាងសហគមន៍ចិន-កម្ពុជានៃអនាគតរួមគ្នា។

ក្នុងឱកាសនោះ ព្រះមហាក្សត្រខ្មែរ បានសម្តែងទឹកព្រះទ័យសោមនស្សរីករាយយ៉ាង​ក្រៃ​លែងចំពោះទំនាក់ទំនងជាប្រពៃណីដ៏រឹងមាំរវាងកម្ពុជា និងចិន៕ (Fresh News)