សម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយពលរដ្ឋដែលរងផលប៉ះពាល់នៃគម្រោងសាងសង់វារីអគ្គិសនី​ស្ទឹងពោធិ៍សាត់១

នៅព្រឹកថ្ងៃអង្គារ ទី១៤ ខែមីនា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញពិនិត្យវឌ្ឍនភាពសាងសង់វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារគម្រោង។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ការដោះស្រាយផលប៉ះពាល់ នៃការដ្ឋានសាងសង់ វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ បានធ្ចើឡើងស្តង់ដាតែមួយ ជាមួយប្រជាពលរដ្ឋនៅតំបន់ទំនប់វារីអគ្គិសនីសេសានក្រោម២ ដើម្បីភាពល្អប្រសើរ នៃការរស់របស់ប្រជាពលរដ្ឋ។
សម្តេចតេជោបានមានប្រសាសន៍ថា ការបង្កើតវារីអគ្គិសនីនៅតែជាជំរើសល្អមួយក្នុងចំណោមជម្រើសនានាដើម្បីទាញយកថាមពលអគ្គិសនី ខណៈដែលប្រទេសមួយចំនួននៅកំពុងប្រើប្រាស់ធ្យូងថ្ម ដើម្បីផលិតថាមពលអគ្គិសនីនៅឡើយ។ សម្ដេចតេជោបានមានប្រសាសន៍បញ្ជាក់ថា ឥឡូវនេះ នៅទូទាំងប្រទេសភូមិដែលបានភ្ជាប់ជាមួយបណ្ដាញអគ្គិសនីជាតិមានចំនួនទៅដល់៩៩ ភាគរយហើយ។សម័យនេះ គឺសម័យប្រើអគ្គិសនី មិនមែនសម័យប្រើចង្កៀង ឬចម្លុះទៀតនោះទេ ដូច្នេះរដ្ឋាភិបាលត្រូវស្វែងរកដំណោះស្រាយផ្ដល់អគ្គិសនីដល់ប្រជាពលរដ្ឋ ប៉ុន្ដែការដោះស្រាយនេះ គឺត្រូវដោះស្រាយផលប៉ះពាល់ផ្សេងៗជូនប្រជាពលរដ្ឋ។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ទៀតថា ការប្រើប្រាស់ថាមពលអគ្គិសនី គឺត្រូវគួបផ្សំផ្នែកវារីអគ្គិសនី បូករួមជាមួយផ្នែកដ៏ទៃទៀតដែលទទួលបានពីពន្លឺព្រះអាទិត្យ ដែលនេះជាផ្នែកមួយក្នុងការដោះស្រាយបញ្ហាអគ្គិសនី និងការផ្ដល់អគ្គិសនីដល់ប្រជាពលរដ្ឋ ដោយប្រើប្រាស់ថាមពលកកើតឡើងវិញ។ អគ្គិសនីមិនមែនត្រឹមតែជាតម្រូវការចាំបាច់ នៃការប្រើប្រាស់ប្រចាំថ្ងៃនោះទេ ក៏ប៉ុន្តែក៏ជាតម្រូវធំផ្នែកឧស្សាហកម្មជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាផងដែរ ក្នុងនោះក៏បូករួមវិស័យទេសចរណ៍ ព្រោះសម័យនេះមិនមែនជាសម័យទេសបក់ផ្លិតទៀតទេ ជាសម័យសម័យដេកសណ្ឋាគារ បើកម៉ាស៊ីនត្រជាក់។
សម្ដេចតេជោបានមានប្រសាសន៍ថា បច្ចុប្បន្ននៅមូលដ្ឋានរាជធានីភ្នំពេញមួយ មានតម្រូវការប្រើប្រាស់អគ្គិសនីជាង ១ ពាន់មេកាវ៉ាត់ ដែលកាលពីមុនមានតម្រូវការត្រឹម ៣០ មេកាវ៉ាត់។ កត្តាតម្រូវការអគ្គិសនីនេះ គឺតម្រូវឱ្យរាជរដ្ឋាភិបាលស្វែងរកដំណោះស្រាយ ដើម្បីផ្ដល់អគ្គិសនីដល់ប្រជាពលរដ្ឋប្រើប្រាស់ ស្របពេលការកើនឡើងនៃការប្រើប្រាស់អគ្គិសនីនេះ គឺបានបង្ហាញកំណើន ការអភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា នៅកម្ពុជាមានប្រភេទ ដំណាំឆ្លងកាត់ និងដំណាំយុទ្ធសា្រស្រ្ដ ដូច្នេះនៅកម្ពុជាសម្ដេចចង់ធ្វើឱ្យប្រទេសកម្ពុជា ក្លាយទៅជា «ប្រទេសអធិរាជស្វាយចន្ទី» តែម្ដង ខណៈបច្ចុប្បន្ននេះកម្ពុជាផលិតគ្រាប់ស្វាយចន្ទីបានមួយលានមួយសែនប្រាំបីម៉ឺនតោន ក្នុង១ឆ្នាំ។ នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍គាំទ្រការដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋតាមយន្តការក្រៅប្រព័ន្ធតុលាការ។
សម្តេចតេជោបានប្រគល់ភារកិច្ចជូនឯកឧត្តម កែវ រតនៈ ក្នុងការ ដោះស្រាយផលប៉ះពាល់របស់ប្រជាពលរដ្ឋប្រមាណ ៣គ្រួសារទៀត។
បន្ទាប់ពីពិធីសំណេះសំណាលរួច សម្ដេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញពិនិត្យមើលផ្ទះប្រជាពលរដ្ឋ ដែលទទួលបានសំណងពីប៉ះពាល់នៃគម្រោងសាងសង់វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ដែលស្ថិតនៅក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់នេះ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ