សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរ លោក លី ឈាង ដែលត្រូវបានតែងតាំងជា នាយករដ្ឋមន្ត្រីចិន

 

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារអបអរសាទរ លោក លី ឈាង ដែលត្រូវបានតែងតាំងជា នាយករដ្ឋមន្តីនៃសាធារណរដ្ឋប្រជាមានិតចិន។

សម្តេចបានសម្តែងសេចក្តីសោមនស្សរីករាយ ដែលបានទទួលព័ត៌មានថា លោក លី ឈាង ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន។ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សម្តេចសូមចូលរួមសម្ដែងនូវ អំណរសាទរយ៉ាងកក់ក្តៅបំផុតជូន លោក លី ឈាង ក្នុងឱកាសដ៏នក្ខត្តឫក្សនេះ និងសូមជូនពរបវរមហាប្រសើរ ឱ្យទទួលបានជោគជ័យធំធេងថែមទៀតជូនចំពោះ ឯកឧត្តម រដ្ឋាភិបាល និងប្រជាជនចិន។

សម្តេចបានបន្ថែមថា «ការតែងតាំង ឯកឧត្តម ក្នុងតួនាទីដ៏ឧត្តុង្គឧត្តម និងមានសារសំខាន់នេះ គឺជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់ អំពីការជឿជាក់ និងទំនុកចិត្ត ដែលរដ្ឋាភិបាល និងប្រជាជនចិន មានចំពោះ ឯកឧត្តម។ ខ្ញុំជឿជាក់យ៉ាង មុតមាំថា តាមរយៈភាពជាអ្នកដឹកនាំ ប្រកបដោយសមត្ថភាព និងបទពិសោធន៍ច្រើនឆ្នាំរបស់ ឯកឧត្តម ប្រទេសចិននឹងសម្រេចបាននូវគោលដៅអភិវឌ្ឍន៍យូរអង្វែងរបស់ខ្លួន ជំរុញភាពរុងរឿងដ៏អស្ចារ្យ និង ដើរតួនាទីកាន់តែសំខាន់ថែមទៀត នៅលើឆាកអន្តរជាតិ»។

សម្តេចបានបន្តទៀតថា៖ ខណៈដែលប្រទេសទាំងពីរកំពុងប្រារព្ធខួបអនុស្សាវរីយ៍លើកទី ៦៥ នៃការបង្កើតទំនាក់ទនងការទូត ជា ប្រពៃណី យូរអង្វែង ដែលបាន និងកំពុងបន្តរីកចម្រើនកាន់តែរឹងមាំថែមទៀត ខ្ញុំសូមធានាជាថ្មីជូន ចំពោះ ឯកឧត្តម នូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយចិន សំដៅអភិវឌ្ឍកិច្ចសហប្រតិបត្តិការត្បូងពេជ្ររបស់យើង ពង្រឹងកិច្ចសហប្រតិបត្តិការភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងលើកកម្ពស់ការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ដើម្បីប្រយោជន៍ ទៅវិញទៅមករបស់ប្រទេស និងប្រជាជនយើងទាំងពីរ ក៏ដូចជាដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាព ក្នុងតំបន់ និងពិភពលោក៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ