សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូន លោក ស៊ី ជីនពីងដែលត្រូវបានជាប់ឆ្នោតសាជាថ្មីជាប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន សម្រាប់អាណត្តិទី៣

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារអបអរសាទរជូន លោក ស៊ី ជីនពីង ដែលត្រូវបានជាប់ឆ្នោតសាជាថ្មីជាប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន សម្រាប់អាណត្តិទី៣ ក្នុងសារលិខិតរបស់ សម្តេចតេជោ បានលើកឡើងដូច្នេះថា៖

«ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង សូមចូលរួមអបអរសាទរយ៉ាងស្មោះស្ម័គ្រចំពោះ ឯកឧត្តម ដែលត្រូវបានជាប់ឆ្នោតសាជាថ្មីជាប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន សម្រាប់អាណត្តិទី៣។

ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ ឯកឧត្តម ប្រទេសចិនសម្រេចបាននូវសមិទ្ធផលធំធេងជាច្រើន ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនចិន ព្រមទាំងសម្រេចបាននូវការអភិវឌ្ឍជាប្រវត្តិសាស្ត្រលើគ្រប់វិស័យ ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ។ ខ្ញុំជឿជាក់យ៉ាងមុតមាំថា ឯកឧត្តម នឹងបន្ត ជំរុញឱ្យប្រទេសចិនសម្រេចនូវសមិទ្ធផលដ៏វិសេសវិសាលកាន់តែច្រើនថែមទៀត និងបោះជំហានទៅ មុខប្រកបដោយទំនុកចិត្ត ឆ្ពោះទៅសម្រេចគោលដៅ១០០ឆ្នាំ ទី២ ដើម្បីក្លាយជាប្រទេសសង្គមនិយម ទំនើបដ៏អស្ចារ្យ នៅឆ្នាំ២០៤៩ ខណៈដែលដើរតួនាទីកាន់តែសំខាន់លើឆាកអន្តរជាតិដើម្បីសន្តិភាព និងវិបុលភាពពិភពលោក។

កម្ពុជា និងចិន បាន និងកំពុងទទួលបានការរីកចម្រើនគួរឱ្យកត់សម្គាល់នូវកិច្ចសហប្រតិបត្តិការលើ គ្រប់វិស័យ និងរក្សាបាន ការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ជាញឹកញាប់។ ការឯកភាពគ្នា ដែល សម្រេចបានក្នុងអំឡុងកិច្ចប្រជុំរបស់យើង បានបន្ថែមនូវកម្លាំងចលករថ្មីទៀត ដើម្បីលើកកម្ពស់កិច្ច សហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់យើង។ ក្នុងនាមជាមិត្តដែកថែប កម្ពុជា ត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយចិន ដើម្បីអភិវឌ្ឍ “ក្របខណ្ឌកិច្ចសហប្រតិបត្តិការ ត្បូងពេជ្រ” និងធ្វើឱ្យស៊ីជម្រៅនូវការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ដើម្បីប្រយោជន៍រួមរបស់ ប្រទេស និងប្រជាជនយើងទាំងពីរ ក៏ដូចជាដើម្បីស្ថិរភាព សន្តិភាព និងការអភិវឌ្ឍនៅក្នុងតំបន់ និង ពិភពលោក។

សូម ឯកឧត្តម ទទួលនូវការគោរពរាប់អានដ៏ខ្ពង់ខ្ពស់ពីខ្ញុំ និងសូមជូនពរ ឯកឧត្តម មានសុខភាពល្អ និង ជោគជ័យគ្រប់ភារកិច្ច»៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ