ផ្សាយបន្តផ្ទាល់៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុបការងារ ក្រសួងសុខាភិបាល

(ភ្នំពេញ)៖ នៅល្ងាចថ្ងៃអង្គារ ទី០៧ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ក្រសួងសុខាភិបាល។ ពិធីនេះរៀបចំធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។

ក្រសួងសុខាភិបាល បានបើកសន្និបាតបូកសរុបសមិទ្ធផលសុខាភិបាលរយៈពេល៥ឆ្នាំ (២០១៨-២០២២) និងទិសដៅឆ្នាំ២០២៣ និងឆ្នាំបន្ត កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣។ សន្និបាតនេះ មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងសុខាភិបាល អភិបាលអភិបាលរងរាជធានី-ខេត្តទាំង២៥ មន្ត្រីរាជការសុខាភិបាល អង្គភាពថ្នាក់កណ្តាល សាលាមធ្យមសិក្សាសុខាភិបាលភូមិភាគ មន្ទីរសុខាភិ-បាលនៃរដ្ឋបាលរាជធានី-ខេត្ត ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាពតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ កាកបាទក្រហមកម្ពុជា តំណាងគណៈវិជ្ជាជីវៈសុខាភិបាល តំណាងក្រុមប្រឹក្សាឃុំ/សង្កាត់ តំណាងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) តំណាងផ្នែកសុខាភិបាលឯកជន ដៃគូអភិវឌ្ឍជាតិ និងអន្តរជាតិសរុបចំនួន ៤៩៥រូប។
លោកសាស្តចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានឱ្យដឹងថា អង្គសន្និបាតបានកត់សម្គាល់នូវវឌ្ឍនភាពក្នុងការពង្រឹងសមត្ថភាពប្រព័ន្ធសន្តិសុខសុខភាព និងភាពធន់នៃប្រព័ន្ធសុខាភិបាល នៅក្នុងបរិបទនៃការរាតត្បាតជំងឺកូវីដ១៩ ក្នុងនោះ រួមមាន៖ ការប្រតិបត្តិរបស់ប្រជាពលរដ្ឋនូវច្បាប់ និងបទដ្ឋាន ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរ, កិច្ចដំណើរការយ៉ាងសកម្មប្រកបដោយប្រសិទ្ធភាពខ្ពស់ នៃយន្តការស្ថាប័ន និងយន្តការពាក់ព័ន្ធនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សម្រាប់ការប្រយុទ្ធនឹងជំងឺកូវីដ១៩ ការចំណាយនិងការវិនិយោគលើការបង្កើនសមត្ថភាពមន្ទីរពិសោធន៍ សមត្ថភាពក្នុងការអង្កេតតាមដាន ស្វែងរកករណីឆ្លង ឬករណីសង្ស័យ សមត្ថភាពផ្តល់ការព្យាបាល ថែទាំ ការធ្វើចត្តាឡីស័កការជួយសម្រួលឱ្យប្រជាជនអាចរកទិញឱសថព្យាបាលជំងឺកូវីដ១៩ និងឧបករណ៍តេស្តរហ័សក្នុងតម្លៃសមស្រប ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយឥតគិតថ្លៃជូនប្រជាជនទូទៅ រួមទាំងជនបរទសរស់នៅក្នុងប្រទេសកម្ពុជា។ យុទ្ធនាការជាតិចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ បានចាប់ផ្តើមនៅថ្ងៃទី១០ ខែកុម្ភៈឆ្នាំ២០២១ រហូតមកដល់ថ្ងៃ៣១ ខែធ្នូ ឆ្នាំ២០២២ សម្រេចបានអត្រាគ្របដណ្តប់លើប្រជាជនគោលដៅអាយុពី ៣ឆ្នាំឡើង ជាង ៩៥% នៃប្រជាជនសរុប ១៦លាននាក់។
លោករដ្ឋមន្ត្រី បានឱ្យដឹងផងដែរថា អង្គសន្និបាតបានកត់សម្គាល់ឃើញថា កម្រិតប្រើប្រាស់ទូទៅនៃសេវាថែទាំសុខភាពបានចាប់ផ្តើមងើបឡើងវិញ ទាំងសេវាពិនិត្យជំងឺក្រៅ និងសេវាសម្រាកព្យាបាលនៅក្នុងឆ្នាំ២០២២ បន្ទាប់ពីបានធ្លាក់ចុះនៅក្នុងឆ្នាំ២០២០ ជាពិសេសក្នុងឆ្នាំ២០២១។ ទោះបីការរាតត្បាតជំងឺកូវីដ-១៩ បានធ្វើឱ្យយឺតយ៉ាវដល់វឌ្ឍនភាពនៃអន្តរាគមន៍សុខភាពខ្លះៗក្តី ជារួមស្ថានភាពសុខភាពប្រជាជនកម្ពុជា ត្រូវបានកែលម្អឱ្យប្រសើរឡើងជាលំដាប់ដែលត្រូវបានបញ្ជាក់ដោយវឌ្ឍនភាព នៃសូចនាករសុខភាពចម្បងៗ ដូចតទៅ៖
* អាយុកាលរំពឹងទុករបស់បុរសម្តី គិតជាមធ្យមបានកើនឡើងពី ៦៤,៤ឆ្នាំ ដល់ ៧៥,៦ឆ្នាំ ដោយឡែកស្ត្រីបានកើនឡើងដល់ ៧៦,៨ឆ្នាំ។
* អត្រាប្រើប្រាស់មធ្យោបាយពន្យារកំណើត ទំនើបក្នុងចំណោមស្ត្រីរៀបការបានកើនឡើងពី ៣៥ ភាគរយ នៅឆ្នាំ២០១០ ទៅ ៤៥ភាគរយ នៅឆ្នាំ២០២១-២០២២។
* ពីឆ្នាំ២០១៤ ដល់ឆ្នាំ ២០២១-២០២២ អត្រាមរណភាពមាតាបានបន្តធ្លាក់ចុះពី ១៧០នាក់ មកនៅ ១៥៤នាក់ ក្នុងទារកកើតរស់ ១០០,០០០នាក់។ រីឯមរណភាពទារកបានធ្លាក់ចុះពី ១៨នាក់ មកនៅ ៨នាក់ ក្នុងទារកកើតរស់ ១,០០០នាក់ និងមរណភាពកុមារអាយុក្រោម ៥ឆ្នាំ បានធ្លាក់ចុះពី ៣៦នាក់ មកនៅ ១២នាក់ ក្នុងទារកកើតរស់ ១,០០០នាក់។
* ករណីឆ្លងថ្មីនៃមេរោគអេដស៍ បានថយចុះពី ០,០៨ ក្នុងចំណោមប្រជាជន ១,០០០នាក់ (ដែលមិនផ្ទុកមេរោគអេដស៍) នៅឆ្នាំ២០១៨ មក ០,០៧ នៅឆ្នាំ២០២២។
* កម្ពុជាបានចាកចេញពីបញ្ជីសកលនៃប្រទេស២២ ដែលមានបន្ទុកជំងឺរបេងខ្ពស់របស់អង្គការសុខភាពពិភពលោក សម្រាប់ឆ្នាំ២០១៦-២០២០។ រីឯអត្រាស្លាប់នៃជំងឺរបេង បានធ្លាក់ចុះពី ១៨នាក់ ក្នុងប្រជាជន ១០០.០០០នាក់ មកនៅ ១៧នាក់ នៅឆ្នាំ២០១៩។
* កម្ពុជាកំពុងបន្តវឌ្ឍនភាពឆ្ពោះទៅសម្រេចគោលដៅជាតិលុបបំបាត់ជំងឺគ្រុនចាញ់ឆ្នាំ២០២៥។ អត្រាជំងឺគ្រុនចាញ់បានថយចុះពី ៤ករណី ក្នុងប្រជាជន ១.០០០នាក់ មក ០,២៤ករណី។ រីឯករណីស្លាប់ដោយជំងឺគ្រុនចាញ់បានធ្លាក់ដល់ ០ករណី តាំងពីនៅឆ្នាំ២០១៨ រហូតមកដល់ឆ្នាំ២០២២។
* សេវាបង្ការ និងព្យាបាលជំងឺមិនឆ្លងត្រូវបានពង្រីកជាបន្តបន្ទាប់ ដូចជា សេវាជំងឺទឹកនោមផ្អែមឡើងសម្ពាធឈាម ការស្រាវជ្រាវករណីសង្ស័យជំងឺមហារីកមាត់ស្បូនជាដើម។
* កម្មវិធីមូលនិធិសមធម៌សម្រាប់គ្រួសារក្រីក្រ និងកម្មករក្រៅប្រព័ន្ធ ត្រូវបានពង្រីកការគ្របដណ្ដប់លើប្រជាជនគោលដៅផ្សេងទៀត រួមទាំងការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់សម្រាប់ស្ត្រីមានគភ៌ និងកុមារអាយុក្រោមពីរឆ្នាំ។
អង្គសន្និបាតបានកត់សម្គាល់ផងដែរ ពីវឌ្ឍនភាពនៃការពង្រឹងសមត្ថភាព និងភាពធន់នៃប្រព័ន្ធសុខាភិបាល ក្នុងនោះ រួមមាន៖
* ការឆ្លើយតបនឹងជំងឺកូវីដ១៩ បានក្លាយជាកាលានុវត្តភាព ក្នុងការពង្រឹងប្រព័ន្ធសុខាភិបាល។
* សមត្ថភាពផ្តល់សេវាថែទាំសុខភាពត្រូវបានពង្រីក ដែលបានបង្កលក្ខណៈងាយស្រួលកាន់តែច្រើនដល់ប្រជាជនក្នុងការទទួលបានសេវាថែទាំសុខភាព។ រវាងឆ្នាំ២០១៨-២០២២ ចំនួនមណ្ឌលសុខភាពបានកើនឡើងពី ១២០៥កន្លែង ដល់ ១,២៨៨កន្លែង និងចំនួនមន្ទីរពេទ្យបានកើនពី ១២៣កន្លែង ដល់ ១៣២កន្លែង។ ក្រសួងសុខាភិបាល និងប្រជាជនកម្ពុជា ក៏មានមោទនភាពដែលមានមន្ទីរពេទ្យជាតិ តេជោសន្តិភាពចំណុះ ១ម៉ឺនគ្រែ និងមន្ទីរពេទ្យហ្លួងម៉ែ សម្រាប់ព្យាបាលជំងឺមហារីក ដែលជាគំនិតផ្ដួចផ្តើមដ៏ថ្លៃថ្លារបស់សម្ដេចតេជោ។
* គុណភាពការងារគ្រប់គ្រងនិងគុណភាពសេវាសុខភាព ត្រូវបានកែលម្អឱ្យប្រសើរឡើងជាលំដាប់តាមរយៈយន្តការតាមដាននិងវាយតម្លៃគុណភាពទៀងទាត់ប្រចាំត្រីមាស ដែលផ្តោតលើគុណភាពរចនាសម្ព័ន្ធ គុណភាពបច្ចេកទេស និងលទ្ធផលសុខភាព។ ទោះជាដូច្នេះក្តី គុណភាពផ្នែកគ្លីនិកចាំបាច់ត្រូវកែលម្អឱ្យប្រសើរឡើងថែមទៀត ដើម្បីឆ្លើយតបនឹងការរំពឹងទុករបស់ប្រជាជន។ ក្រសួងបានបង្កើត ១០២ស្ដង់ដារ សម្រាប់មណ្ឌលសុខភាព និង ៣៦៥ស្ដង់ដារ សម្រាប់មន្ទីរពេទ្យដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ និងដាក់ឱ្យដំណើរការប្រព័ន្ធទទួលស្គាល់គុណភាពសេវាសុខាភិបាល នៅក្នុងឆ្នាំខាងមុខ។
* ចំនួនមន្ត្រីរាជការសុខាភិបាលទូទាំងប្រទេស បានកើនឡើងពី ២៥,៤៣៨ នាក់ (ស្រី ១៣,៣៩៣នាក់)នៅឆ្នាំ២០១៨ ដល់ ៣២,២៤០នាក់ (ស្រី ១៧,០៧៩នាក់) នៅឆ្នាំ២០២២ ក្នុងនោះ មន្ត្រីរាជការសុខាភិបាលនៅថ្នាក់រាជធានី-ខេត្ត បានកើនឡើងពី ១៩,៧១០នាក់ នៅឆ្នាំ២០១៨ ដល់ ២៥,១៧៥នាក់ នៅឆ្នាំ២០២២។
* រវាងឆ្នាំ២០១៨-២០២២ ថវិកាជាតិវិភាជន៍សម្រាប់វិស័យសុខាភិបាលមានកំណើន ៥.១%។ ការចំណាយថវិកា ទាំងនៅថ្នាក់ជាតិ និងថ្នាក់រាជធានី-ខេត្ត បានតម្រង់ឆ្ពោះទៅគាំទ្រដល់ដំណើរការផ្តល់សេវាសុខភាព ការអភិវឌ្ឍ និងការពង្រីកសេវាសុខាភិបាល និងការកែលម្អគុណភាព។ ការចំណាយលើឱសថបរិក្ខារ វ៉ាក់សាំង ប្រតិករ ឧបករណ៍ពេទ្យ បច្ចេកវិទ្យាបានកើនឡើងគួរឱ្យកត់សម្គាល់ ជាពិសេសក្នុងឆ្នាំ២០២១ ក្នុងដំណាក់កាលប្រយុទ្ធនឹងជំងឺកូវីដ-១៩។
* ប្រព័ន្ធទិន្នន័យព័ត៌មានសុខាភិបាល ប្រព័ន្ធតាមដានជំងឺ និងប្រព័ន្ធរាយការណ៍ជំងឺ ប្រព័ន្ធចុះបញ្ជី អ្នកជំងឺ ប្រព័ន្ធគ្រប់គ្រងធនធានមនុស្ស មន្ទីរពិសោធន៍ ភស្តុភារ និងហិរញ្ញវត្ថុ ដំណើរការកាន់តែល្អប្រសើរ ក្រសួងបានបញ្ចប់ការកសាងយុទ្ធសាស្ត្រសុខាភិបាលឌីជីថល ២០២២-២០៣៣និងបានបង្កើតគណៈកម្មការដឹកនាំការអភិវឌ្ឍប្រព័ន្ធសុខាភិបាលឌីជីថល នៅក្រសួងសុខាភិបាលកាលពីចុងឆ្នាំ២០២២។
* រវាងឆ្នាំ២០១៨-២០២២ គ្រឹះស្ថានអាហរ័ណនីហរ័ណឱសថ គ្រឹះស្ថានអាហរ័ណនីហរ័ណផលិតផលគ្រឿងសម្អាង អគារលក់ឱសថបុរាណ និងឱសថស្ថានដែលមិនបានគោរពតាមច្បាប់ស្តីពីការគ្រប់គ្រងឱសថត្រូវបានពិន័យអន្តរការណ៍ ៥៤០ករណី និងបានបិទទីតាំងសេវាឯកជនដែលបានល្មើសច្បាប់ ចំនួន ៣៤៧កន្លែង ក្នុងនោះមានករណីខ្លះត្រូវបន្តតាមនីតិវិធីតុលាការ។
* យោងតាមអនុក្រឹត្យលេខ ១៩៣ អនក្រ.បក ចុះថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ ក្រសួងសុខាភិបាលបានផ្ទេរមុខងារគ្រប់គ្រង និងផ្តល់សេវាសុខាភិបាល ទៅឱ្យរដ្ឋបាលរាជធានី-ខេត្តទាំង២៥ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០។ ក្រសួងក៏បានធ្វើប្រតិភូកម្មមុខងារនិយតកម្ម ក្នុងការផ្ដល់អាជ្ញាបណ្ណអាជីវកម្មដល់សេវាសុខាភិបាលឯកជនដល់ច្រកចេញ-ចូលតែមួយ នៅថ្នាក់រាជធានី-ខេត្ត និងក្រុង-ស្រុក-ខណ្ឌ ជាច្រើនឆ្នាំមកហើយ។
អង្គសន្និបាតបានកត់សម្គាល់ថា កត្តាគន្លឹះនៃសមិទ្ធផល និងវឌ្ឍនភាព ក្នុងការលើកស្ទួយសុខភាពប្រជាជននិងការពង្រឹងភាពធន់ប្រព័ន្ធសុខាភិបាល គឺការរក្សាសន្តិភាពពេញលេញ ស្ថិរភាពនយោបាយការគ្រប់គ្រងបានជំងឺកូវីដ-១៩ ឆន្ទៈនយោបាយនិងការគាំទ្រដ៏រឹងមាំ របស់រាជរដ្ឋាភិបាលក្នុងការសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចិរភាពឆ្នាំ២០៣០ ក្នុងនោះមានទាំងគោលដៅនៃការគ្រប ដណ្តប់សុខភាពជាសកល។ ក្រៅពីនេះ កត្តាផ្សេងទៀត រួមមាន កំណើនចំណាយនិងការវិនិយោគលើការពង្រឹងសមត្ថភាពប្រព័ន្ធសុខាភិបាល ការបង្កើនចំនួនគ្រូពេទ្យ-បុគ្គលិក និងការអភិវឌ្ឍសមត្ថភាព ការកែលម្អហេដ្ឋារចនាសម្ព័នរូបវន្ត ការផ្គត់ផ្គង់ឱសថ សម្ភារៈបរិក្ខារ ការបំពាក់ឧបករណ៍ពេទ្យ និងបច្ចេកវិទ្យា ការចំណាយលើកម្មវិធីគាំពារសង្គម ព្រមទាំងវឌ្ឍនភាពនៃវិស័យពាក់ព័ន្ធនានា ដែលកត្តាទាំងអស់នេះ ជាកម្លាំងចលករដល់ការរីកចម្រើននៃវិស័យសុខាភិបាល។
អង្គសន្និបាតបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការពហុវិស័យ និងការចូលរួមយ៉ាងសកម្មពីសំណាក់ក្រសួង-ស្ថាប័នពាក់ព័ន្ធ រួមទាំងក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ការបំពេញការងារក្នុងស្មារតីទទួលខុសត្រូវរបស់រដ្ឋបាលរាជធានី-ខេត្ត រដ្ឋបាលមូលដ្ឋានគ្រប់លំដាប់ថ្នាក់ភាពជាដៃគូជាមួយផ្នែកឯកជន ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) អ្នកស្ម័គ្រចិត្តការងារសុខភាពសហគមន៍ ការគាំទ្រថវិកា និង បច្ចេកទេសពីដៃគូអភិវឌ្ឍជាតិ-អន្តរជាតិ ជាពិសេសការចូលរួមរបស់ប្រជាជន។
បើតាមលោករដ្ឋមន្ត្រីសុខាភិបាល បានឱ្យដឹងថា អង្គសន្និបាតបានកំណត់ទិសដៅការងារឆ្នាំ២០២៣ និងឆ្នាំបន្ត សំដៅធានាឱ្យប្រជាជនគ្រប់រូបរស់នៅប្រកបដោយសុវត្ថិភាព សុខភាព និងសុខុមាលភាពល្អ ផ្តោតលើអាទិភាព៖ ទី១. កែលម្អស្ថានភាពសុខភាពប្រជាជនឱ្យកាន់តែប្រសើរឡើង តាមរយៈការបន្តកាត់បន្ថយអត្រាឈឺនិងស្លាប់ដោយសារជំងឺមិនឆ្លង សុខភាពផ្លូវចិត្តនិងការបំពានគ្រឿងញៀន ជំងឺឆ្លងចម្បងៗ និងបញ្ហាសុខភាពសាធារណៈដទៃទៀត ដូចជាគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងកែលម្អសុខភាពបន្តពូជ សុខភាពមាតា ទារក កុមារនិងក្រុមវ័យជំទង់ និងកង្វះអាហារូបត្ថម្ភលើកុមារ ទី២. ពង្រឹងភាពធន់ និងទំនើបភាវូបនីយកម្មប្រព័ន្ធសុខាភិបាល ជាពិសេសប្រព័ន្ធសន្តិសុខសុខភាព និងប្រព័ន្ធផ្តល់សេវាសុខភាពផ្អែកលើការថែទាំសុខភាពបឋម រួមទាំងចាក់ថ្នាំបង្ការជំងឺដែលអាចការពារបាន ដោយផ្តោតលើសុវត្ថិភាព និងគុណភាពសវា និងការពង្រីកការគាំពារសុខភាពសង្គម ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការគ្របដណ្ដប់សុខភាពជាសកលពង្រឹងគុណភាពបណ្តុះបណ្តាល និងការគ្រប់គ្រងធនធានមនុស្ស លើកកម្ពស់ប្រព័ន្ធផ្គត់ផ្គង់ឱសថសម្ភារៈ បរិក្ខារពេទ្យ ឧបករណ៍ពេទ្យ និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងទី៣. ពង្រឹងយន្តការអភិបាលកិច្ចល្អ និងការងារនិយ័តកម្ម ការតាមដាននិងវាយតម្លៃសមិទ្ធផលប្រព័ន្ធសុខាភិបាល និងលើកកម្ពស់ការសិក្សាស្រាវជ្រាវ៕

 

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន
beylikdüzü escort escort beylikdüzü beylikdüzü escort