សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតកូរ៉េប្រចាំនៅកម្ពុជា ដែលទើបតែងតាំងថ្មី

 

នៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ ២០២៣នេះ បន្ទាប់ពីជួបជាមួយឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជារួចហើយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានបន្តជួបពិភាក្សាការងារជាបន្តទៀតជាមួយឯកឧត្តម Park Jung Wook ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំនៅកម្ពុជាដែលទើបត្រូវបានតែងតាំងថ្មី។

ក្នុងជំនួបនោះឯកឧត្តម Park Jung Wook គោរពពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីប្រធានាធិបតីកូរ៉េខាងត្បូង ជូនចំពោះសម្តេចតេជោ និងបានគោរពជម្រាបសម្តេចតេជោថា ឯកឧត្តមបានសិក្សាស្វែងយល់ពីសកម្មភាពរបស់សម្តេចតេជោ ក្នុងការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ក៏ដូចជាការរីកចម្រើនជាលំដាប់នៃទំនាក់ទំនងប្រទេសទាំងពីរ។

ក្នុងន័យនេះ ឯកឧត្តមបានសម្តែងនូវការគោរពដ៏ខ្ពង់ខ្ពស់បំផុតចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី។ ឯកឧត្តម Park Jung Wook បានបន្តថា ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងកូរ៉េខាងត្បូង មានការរីកចម្រើនជាលំដាប់ ទោះបីមានការរាតត្បាតនូវជំងឺកូវីដ១៩យ៉ាងណាក្តី។ ក្នុងនោះទំហំពាណិជ្ជកម្មរវាងកម្ពុជា និងកូរ៉េខាងត្បូង បានកើនឡើងដល់ ១ពាន់លានដុល្លារ កាលពីឆ្នាំ២០២២។ បន្ថែមពីលើនោះ កូរ៉េខាងត្បូង ជាប្រទេសឈរចំណាត់ថ្នាក់លេខ២ សម្រាប់ការវិនិយោគនៅកម្ពុជា។ ជាពិសេស ជាមួយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងកិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នាជាដើម នឹងជំរុញឱ្យអ្នកវិនិយោគកូរ៉េខាងត្បូង មកកាន់កម្ពុជាកាន់តែច្រើនថែមទៀត។

ឯកឧត្តម Park Jung Wook បានបន្ថែមថា រដ្ឋាភិបាលកូរ៉េខាងត្បូង បានបន្ថែមជំនួយសម្រាប់ការអភិវឌ្ឍ (ODA) ច្រើនជាងគេ ហើយជំនួយសម្រាប់សាងសង់ស្ពានឆ្លងកាត់ទន្លេសាប ឆ្ពោះទៅកាន់តំបន់ជ្រោយចង្វារ និងកាត់ទន្លេមេគង្គ ឆ្ពោះទៅអរិយក្សត្រ នឹងជួយកម្ពុជាក្នុងការធ្វើដំណើរ ក៏ដូចជាជំរុញសេដ្ឋកិច្ចកម្ពុជា។ ជាមួយគ្នានោះដែរ ឯកឧត្តមក៏បានគោរពជម្រាបសម្តេចតេជោ ដោយបង្ហាញក្តីបារម្ភជុំវិញការបាញ់កាំជ្រួចរបស់កូរ៉េខាងជើង ដែលជាការគំរាមកំហែងដល់សន្តិភាពនៅឧបទ្វីបកូរ៉េផង និងពិភពលោកផង។

ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវការស្វាគមន៍ និងអបអរសាទរជូនចំពោះឯកឧត្តម Park Jung Wook ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតនៅកម្ពុជា។ សម្តេចតេជោ ក៏បានថ្លែងអំណរគុណជូនចំពោះឯកឧត្តម ដែលបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខរបស់ប្រធានាធិបតីកូរ៉េខាងត្បូង ជូនសម្តេច ក៏ដូចជាការប្តេជ្ញាចិត្តពង្រឹងពង្រីកទំនាក់ទំនងរវាងកម្ពុជា និងកូរ៉េខាងត្បូង។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានជម្រាបឯកឧត្តមឯកអគ្គរដ្ឋទូតកូរ៉េអំពីដំណើរ និងសាវតារនៃការចាប់ផ្តើមទំនាក់ទំនងការទូតរវាងកម្ពុជា និងកូរ៉េខាងត្បូង។ សម្តេចតេជោ បានយល់ស្របចំពោះការវាយតម្លៃលើភាពរីកចម្រើននៃទំនាក់ទំនងរវាងប្រទេសទាំពីរ ពីសំណាក់លោកឯកអគ្គរដ្ឋទូត។

ក្នុងឱកាសនោះ សម្តេចតេជោ ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនកូរ៉េខាងត្បូង ដែលបានជួយកម្ពុជា ទោះបីកំពុងស្ថិតក្នុងការរាតត្បាតនៃជំងឺកូវីដ១៩យ៉ាងណាក៏ដោយ ក៏កូរ៉េខាងត្បូង មិនបិទការហោះហើរត្រង់មកកាន់កម្ពុជាឡើយ។ នេះជាការបង្ហាញឱ្យឃើញថា ទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ក៏កូរ៉េខាងត្បូង មិនប្តូរឥរិយាបថចំពោះកម្ពុជានោះឡើយ។ សម្តេចតេជោ ក៏បានថ្លែងអំណរគុណជូនចំពោះរដ្ឋាភិបាលកូរ៉េខាងត្បូង ដែលបានអនុញ្ញាតឱ្យពលករកម្ពុជា ធ្វើការនៅកូរ៉េ ទទួលបានប្រាក់ឈ្នួល និងជំនាញត្រឡប់មកកម្ពុជាវិញ ក៏ដូចជាការផ្តល់ជំនួយសម្រាប់សង់ស្ពានឆ្លងកាត់ទន្លេនៅក្នុងរាជធានីភ្នំពេញ។

ចំពោះបញ្ហាបាញ់កាំជ្រួចរបស់កូរ៉េខាងជើងវិញ សម្តេចតេជោ បានជម្រាបជូនឯកឧត្តម Park Jung Wook ថា កម្ពុជាបានថ្កោលទោសចំពោះកូរ៉េខាងជើង ដែលបានបាញ់មីស៊ីលម្តងហើយម្តងទៀត រួមទាំងការបាញ់មីស៊ីលព្រឹកមិញផងដែរ។ សម្តេចតេជោ បានគូសបញ្ជាក់ថា ការបាញ់មីស៊ីលនេះ គឺជារំលោភសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងបង្កើនភាពតានតឹង ព្រមទាំងបានគំរាមកំហែងសន្តិសុខ សន្តិភាពទាំងនៅឧបទ្វីបកូរ៉េ និងនៅលើពិភពលោកទាំងមូលផងដែរ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ