(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា ទទួលបានវត្ថុបុរាណខ្មែរចំនួន ៧៧គ្រឿង ពីគ្រួសារលោក ឌូគ្លីស ឡាតហ្វដ (Douglas Latchford) ជនជាតិអង់គ្លេស។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឲ្យដឹងថា អនុលោមតាមកិច្ចព្រមព្រៀងនាខែកញ្ញា ឆ្នាំ២០២០ រវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាតំណាងនៃរាជរដ្ឋាភិបាលកម្ពុជា និងគ្រួសារលោក ឌូគ្លាស ឡាតហ្វដ (Douglas Latchford) វត្ថុបុរាណខ្មែរទាំងអស់ដែលកាន់កាប់រក្សាទុកដោយគ្រួសារលោក ឡាតហ្វដ នឹងត្រូវប្រគល់ជូនមកកម្ពុជាវិញ។
បន្ទាប់ពីវត្ថុបុរាណខ្មែរធ្វើពីថ្ម និងសំរឹទ្ធមួយចំនួនដែលបានទទួលពីប្រទេសអង់គ្លេសនៅខែកញ្ញា ឆ្នាំ២០២១កន្លងមក នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រុមការងារកម្ពុជាដែលដឹកនាំដោយ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា ទទួលបន្ទុកវិស័យអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ ព្រមទាំងមន្ត្រីជំនាញកម្ពុជាបានអញ្ជើញទៅកាន់ប្រទេសអង់គ្លេស ដើម្បីនាំយកគ្រឿងអលង្ការបុរាណខ្មែរ សរុបចំនួន ៧៧គ្រឿងថែមទៀតពីក្រុមគ្រួសារលោក ឡាតហ្វដ។
ការប្រគល់-ទទួលរតនវត្ថុទាំងនេះបានប្រព្រឹត្តទៅ ដោយមានការចូលរួមពីសំណាក់គណៈប្រតិភូកម្ពុជា ដឹកនាំដោយលោក ហ៊ុន ម៉ានី តំណាងរាជរដ្ឋាភិបាលកម្ពុជា ឯកអគ្គរាជទូតកម្ពុជាប្រចាំចក្រភពអង់គ្លេស និងតំណាងនាយកដ្ឋានអាស៉ីអាគ្នេយ៍នៃក្រសួងការបរទេស និងខម្ម៉ន់វែលនៃចក្រភពអង់គ្លេស អង្គភាពសិល្បៈនិងបុរាណវត្ថុនៃស្នងការដ្នានគរបាលក្រុងឡុងដ៍ និងក្រុមប្រឹក្សាសិល្បៈអង់គ្លេស។
គ្រឿងអលង្ការបុរាណខ្មែរនេះ បានបញ្ជូនមកដល់កម្ពុជា នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ មានដូចជា ក្បាំងមកុដ ខ្សែក ខ្សែដៃ ខ្សែក្រវាត់ ក្រវិល បន្តោង ស្ថិតក្នុងសម័យមុនអង្គរ និងសម័យអង្គរ ជាគ្រឿងអលង្ការមាស និងលោហៈមានតម្លៃមួយចំនួនធ្លាប់បានផ្សព្វផ្សាយក្នុងសៀវភៅ Khmer Gold: Gifts of the Gods និពន្ធរួមដោយលោកស្រី Emma C. Bunker និងលោក Douglas A.J. Latchford នាឆ្នាំ២០០៨ ដែលវត្ថុភាគច្រើន សាធារណជនពុំធ្លាប់បានឃើញពីមុនមក។
«រាជរដ្ឋាភិបាលកម្ពុជាសូមសម្តែងការកោតសរសើរដល់រាជរដ្ឋាភិបាលចក្រភពអង់គ្លេស ដែលមានសុឆន្ទៈ ខ្នះខ្នែង និងសហការបានល្អប្រសើរជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្របសម្រួលប្រគល់វត្ថុបុរាណទាំងនេះជូនមករាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាវិញដែលសរបញ្ជាក់ពីយុទ្ធសាស្រ្តដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចសហការជិតស្និទ្ធជាមួយបណ្តាប្រទេសនានាក្នុងសកលលោក»។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន។
លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានលើកឡើងអំពី សារៈសំខាន់នៃសន្តិភាព និងស្ថិរភាពនយោបាយ តាមរយៈនយោបាយឈ្នះ-ឈ្នះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី បានផ្តល់ឱកាសឱ្យកម្ពុជាអាចនាំយកមកវិញនូវព្រលឹងដូនតាខ្មែរ និងរតនសម្បត្តិដ៏មានតម្លៃនានា ដែលបានរសាត់ចាកឆ្ងាយពីមាតុភូមិកំណើតអស់ជាច្រើនឆ្នាំក្នុងអំឡុងនៃសង្គ្រាមច្រើនទសវត្សរ៍កន្លងទៅនេះ។
លោកស្រីរដ្ឋមន្រ្តីក៏បានបញ្ជាក់ទៀតថា ការវិលត្រឡប់មកវិញនៃសម្បត្តិវប្បធម៌ជាតិទាំងនេះ បានបើកទំព័រថ្មីមួយទៀត ក្នុងការស្វែងយល់ និងសិក្សាស្រាវជ្រាវអំពីចក្រភពអង្គរ និងសារៈសំខាន់នៃបេតិកភណ្ឌទាំងនោះសម្រាប់ពិភពលោក។
លោកស្រីរដ្ឋមន្រ្តី ក៏សូមលើកទឹកចិត្តដល់បុគ្គលឯកជន ដល់សារមន្ទីរ ក៏ដូចជាស្ថាប័ននានាលើសកលលោក ដែលកំពុងតាំងបង្ហាញ និងរក្សាទុកវត្ថុបុរាណរបស់កម្ពុជា សូមសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ឬតាមរយៈស្ថានទូតកម្ពុជាប្រចាំការក្នុងប្រទេសនីមួយៗ ក្នុងការប្រគល់ត្រឡប់មកវិញនូវសម្បត្តិវប្បធម៌ខ្មែរ។
រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកកាយវិការនេះថា ជាទង្វើដ៏ថ្លៃថ្លាដ៏គួរឲ្យគោរពមួយ ដែលមិនត្រឹមតែបង្ហាញពីក្រមសីលធម៌ ក្នុងការចូលរួមលើកតម្លៃដល់វប្បធម៌នៃជាតិសាសន៍មួយប៉ុណ្ណោះទេ តែក៏បានចូលរួមចំណែកដ៏ឧត្តុង្គឧត្តមក្នុងការផ្សះផ្សា និងព្យាបាលរបួសផ្លូវចិត្តរបស់ប្រជាជនកម្ពុជា ដែលឆ្លងកាត់សង្គ្រាមស៊ីវិលរ៉ាំរ៉ៃ និងរងគ្រោះពីសោកនាដកម្ម និងទារុណកម្មនៃអំពើប្រល័យពូជសាសន៍ខ្មែរក្រហម។
លោក ហ៊ុន ម៉ានី បានបង្ហាញនូវមោទនភាព ដែលបានចូលរួមក្នុងការដង្ហែត្រឡប់មកមាតុប្រទេសវិញនូវសម្បត្តិវប្បធម៌ជាតិដ៏មានតម្លៃ មិនអាចកាត់ថ្លៃបាននាពេលនេះ។
លោក ហ៊ុន ម៉ានី ក៏បានយកឱកាសនោះថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងវប្បធម៌ និងវិចិត្រសិល្បៈក្រោមការដឹកនាំរបស់លោកស្រី ភឿង សកុណា និងដៃគូពាក់ព័ន្ធ ដែលបានយកចិត្តទុកដាក់ និងសហការគ្នា ឈានដល់ការសម្រេចបាននូវលទ្ធផលដ៏ត្រចះត្រចង់នៅពេលនេះ។
ទន្ទឹមនេះ លោកស្រីបណ្ឌិតសភាចារ្យក៏បានសម្តែងនូវការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងជាប់ជាប្រចាំនៃគណៈកម្មការទី៧នៃរដ្ឋសភា ដឹកនាំដោយលោក ហ៊ុន ម៉ានី និងក្រុមការងារក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រួមជាមួយលោក Bradley J.
Gordon និងលោក Steven Heimberg ទីប្រឹក្សាផ្នែកច្បាប់ ដែលបានចូលរួមយ៉ាងសកម្មជាមួយក្រសួង ក្នុងការបញ្ជូនវត្ថុដ៏មានតម្លៃនៃបេតិកភណ្ឌជាតិត្រឡប់មកកម្ពុជាវិញ។ ក្រសួងនឹងបន្តធ្វើការស្រាវជ្រាវ និងនាំយកសម្បត្តិវប្បធម៌ជាតិដែលបានបាត់បង់ត្រឡប់មកកម្ពុជាវិញ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រជាជនកម្ពុជា និងមនុស្សជាតិនានាលើពិភពលោក។
លោក ហ៊ុន ម៉ានី បានបង្ហោះសារលើបណ្តាញសង្គមដែរថា «បេសកកម្មត្រូវបានបញ្ចប់ ជាមួយនឹងភាពជោគជ័យគួរជាទីមោទនៈ។ សូមយាងត្រឡប់មកគង់នៅបានឲ្យត្រជាក់ត្រជុំជានិរន្តរ៍ និងសូមប្រទានពរឲ្យកម្ពុជាបន្តនៅក្នុងភាពក្សេមក្សាន្តតរៀងទៅ»៕