ប្រធានាធិបតីអាល្លឺម៉ង់ បានដឹកនាំគណៈប្រតិភូចាកចេញពីប្រទេសកម្ពុជាហើយ ក្រោយបំពេញទស្សនកិច្ចផ្លូវការរយៈពេល ៣ថ្ងៃ 

 

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ លោក ហ្វ្រាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ ( Frank-Walter Steinmeier) ប្រធានាធិបតីនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីប្រទេសកម្ពុជាហើយ បន្ទាប់ពីបំពេញទស្សនកិច្ចផ្លូវការរយៈពេល ៣ថ្ងៃ។

លោកប្រធានាធិបតី និងលោកជំទាវ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ មកដល់ប្រទេសកម្ពុជា កាលពីព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី។

ទស្សនកិច្ចនេះធ្វើឡើងតបតាមការអញ្ជើញរបស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី ហើយក៏ជាទស្សនកិច្ចរបស់ប្រធានាធិបតីអាល្លឺម៉ង់លើកដំបូង នៅក្នុងប្រទេសកម្ពុជាផងដែរ។

អំឡុងមានវត្តមាននៅកម្ពុជានេះ លោកបានទស្សនាប្រាសាទបុរាណខ្មែរនៅខេត្តសៀមរាប ជួបសន្ទនាជាមួយ ប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងជួបពិភាក្សាការងារជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាផងដែរ។

ដំណើរទស្សនកិច្ចជាប្រវត្តិសាស្រ្តរបស់ ប្រធានាធិបតីអាល្លឺម៉ង់មកកាន់កម្ពុជា ជាការបើកទំព័រមាសក្នុងប្រវត្តិសាស្រ្តនៃទំនាក់ទំនងជាប្រពៃណី ក៏ដូចជាមិត្តភាព ព្រមទាំងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរ និងពង្រឹងបន្ថែមទៀតនូវចំណងទាក់ទង និងកិច្ចសហប្រតិបត្តិការដ៏ល្អដែលមានស្រាប់ សម្រាប់ជាផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជននៃប្រទេសទាំងពីរ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ